Hesperian Health Guides

ផ្លាស់ប្តូរឥរិយាបថអំពីផែនការគ្រួសារ

នៅក្នុងជំពូកនេះ ៖

ក្នុងករណីជាច្រើន ផែនការសកម្មភាពនឹងមានរួមបញ្ចូលនូវយុទ្ធសាស្ត្រសម្រាប់ផ្លាស់ប្តូរគំនិតអវិជ្ជមានចំពោះផែនការគ្រួសារ។ វាជាចំណុចសំខាន់ខ្លាំងណាស់នៅពេលដែលមានឧបសគ្គនយោបាយ ជំនឿមិនពិត និងមូលហេតុវប្បធម៌ឬសាសនា ដែលធ្វើឲ្យផែនការគ្រួសារមិនអាចប្រើបានចំពោះស្ត្រីគ្រប់រូប។

ជម្នះលើជំនឿមិនពិត

គំនិតអវិជ្ជមានជាច្រើនអំពីផែនការគ្រួសារ គឺចេញមកពីជំនឿមិនពិត។ ការផ្តល់ព័ត៌មានសុក្រិតអំពីមធ្យោបាយពន្យារកំណើតនានា អាចជួយប្រជាជនឲ្យចោទសួរទៅលើជំនឿរបស់ខ្លួនឡើងវិញ ហើយពិចារណាអំពីផលប្រយោជន៍ទាំងឡាយនៃផែនការគ្រួសារ។ ព័ត៌មាននៅក្នុងជំពូកនេះ អាចជួយបាន។

តើនរណាខ្លះមានអំណាចដើម្បីបង្កើតឥទ្ធិពល?

ឥរិយាបថនិងទស្សនៈនយោបាយខុសគ្នា អាចរំខានដល់សិទ្ធិរបស់ស្ត្រីក្នុងការរៀបចំគ្រួសាររបស់គាត់ និងបង្ការការមានផ្ទៃពោះមិនចង់បាន។ សកម្មភាពអំពីការសម្តែងតួខាងក្រោមនេះ អាចត្រូវបានប្រើប្រាស់ដើម្បីជាជំនួយក្នុងការស្វែងរកថាតើនរណាពិតជាមានអំណាចក្នុងការបង្កើតឥទ្ធិពលលើជម្រើសរបស់ស្ត្រី។ អ្នកក៏អាចប្រើប្រាស់សកម្មភាពនេះដើម្បីជំរុញឲ្យមានការជជែកវែកញែក ការលើកសំណួរអំពីឥរិយាបថខុសគ្នាអំពីផែនការគ្រួសារ និងពិភាក្សាពីរបៀបជម្នះលើឥរិយាបថអវិជ្ជមាន ឲ្យមានប្រសិទ្ធិភាពបំផុត។

សកម្មភាព ការសម្តែងអំពីក្រុមវាគ្មិនដែលពិភាក្សាពីប្រធានបទផែនការគ្រួសារ

  1. បង្កើតបញ្ជីនៃឧបសគ្គនយោបាយចំពោះផែនការគ្រួសារ និងបញ្ជីនៃឥរិយាបថនិងជំនឿដែលអាចមានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានទៅលើលទ្ធភាពទទួលបានផែនការគ្រួសាររបស់ស្ត្រី។ ជ្រើសរើសឧបសគ្គ ៣ ទៅ ៥ ពីបញ្ជីនេះ ដើម្បីប្រើប្រាស់ក្នុងការសម្តែងតួ។
  2. ស្នើសុំអ្នកចូលរួម ៣ ទៅ ៥នាក់ ឲ្យសម្តែងជាមនុស្សដែលមានទស្សនៈប្រឆាំង ឬស្រប ទៅនឹងផែនការគ្រួសារ។ ពន្យល់ប្រាប់តួសម្តែងថា តួនាទីរបស់ពួកគាត់គឺមិនមែនធ្វើត្រាប់តាមមនុស្សពិតណាម្នាក់នៅក្រៅរឿងទេ ប៉ុន្តែត្រូវសម្តែងជាមនុស្សទូទៅដែលស្ថិតនៅក្នុងក្រុមជាក់លាក់មួយដែលបានបង្ហាញទស្សនៈនោះ។ ឲ្យអ្នកចូលរួមទាំងនេះ អង្គុយនៅតុមួយ ឬឈរជាជួរ រួចសម្គាល់មនុស្សម្នាក់ៗដោយប្រើសម្ភារៈសម្តែង ឬសញ្ញាណាមួយ។
  3. ស្នើសុំមនុស្សពីរបីនាក់ឲ្យដើរតួជាអ្នកកាសែត ដែលគាត់នឹងធ្វើការសម្ភាសន៍ក្រុមវាគ្មិនអំពីផែនការគ្រួសារ។ ត្រៀមសំណួរមួយចំនួនជាមួយអ្នកកាសែត មុននឹងចាប់ផ្តើមការសម្តែង។
  4. ឲ្យអ្នកកាសែតចាប់ផ្តើមសកម្មភាពនេះ ដោយផ្លាស់វេណគ្នាសួរសំណួរដែលបានត្រៀមទុក។
    A question from a Journalist is answered by 3 people labeled as "factory boss," "school principal," and "religious leader."
    ហេតុអ្វីរដ្ឋាភិបាលគួរតែផ្តល់ប្រាក់ឧបត្ថម្ភដល់គ្លីនិកផែនការគ្រួសារនៅក្នុងប្រទេសយើង?
    យើងខាតបង់នៅរាល់ពេលដែលបុគ្គលិកធ្វើឲ្យការងារយឺតយាវដោយសារនាងមានផ្ទៃពោះ។ គាត់ឈប់សម្រាក ពេលនោះយើងត្រូវរកមនុស្សម្នាក់មកជំនួសដែលគាត់ត្រូវការពេលវេលាហ្វឹកហាត់ការងារ។
    ការអប់រំយុវជនអំពីចំណូលចិត្តផ្លូវភេទ និងផែនការគ្រួសារ ធ្វើឲ្យពួកគេកាន់តែទទួលខុសត្រូវ។ ខ្ញុំមិនចង់ឲ្យសិស្សឈប់រៀនដោយសារមានផ្ទៃពោះទេ។
    ទារកគឺជាអំណោយពីស្ថានសួគ៌! តាមយោបល់ខ្ញុំ រដ្ឋាភិបាលមិនគួរឧបត្ថម្ភដល់សេវាផែនការគ្រួសារនេះឡើយ។
  5. ផ្តល់ឱកាសឲ្យទស្សនិកជនសួរសំណួរ ឬផ្តល់យោបល់ទៅកាន់ក្រុមវាគ្មិន។
  6. បន្ទាប់ពីការសម្តែង ឲ្យតួសម្តែងដោះសម្ភារឬសញ្ញាតុបតែងខ្លួនចេញ រួចចូលរួមក្នុងក្រុមវិញ។ ប្រាប់ក្រុមឲ្យធ្វើការឆ្លុះបញ្ចាំងលើការសម្តែង។ នេះជាសំណួរខ្លះៗដែលអ្នកអាចសួរដើម្បីដឹកនាំការពិភាក្សា៖
    • តើគំនិតណាខ្លះដែលគាំទ្រដល់ផែនការគ្រួសារសម្រាប់តែស្ត្រីមួយចំនួន? តើស្ត្រីណាខ្លះដែលមិនត្រូវបានរាប់បញ្ចូល? ហេតុអ្វី?
    • តើឥរិយាបថបែបណាខ្លះដែលផ្តល់តម្រូវការរបស់ស្ត្រីខ្ពស់បំផុត? តើឥរិយាបថទាំងនេះ ប៉ះពាល់ដូចម្តេចខ្លះដល់លទ្ធភាពរបស់ស្ត្រីក្នុងការសម្រេចចិត្តដោយខ្លួនឯងអំពីការពន្យារកំណើត?
    • តើយើងអាចឆ្លើយតបយ៉ាងដូចម្តេចខ្លះ ចំពោះយោបល់ដែលប្រឆាំងនឹងផែនការគ្រួសារ?
    • ជាមួយនឹងគំនិតថ្មីៗទាំងនេះ តើយើងអាចចាត់វិធានការយ៉ាងដូចម្តេចខ្លះដើម្បីធ្វើឲ្យមានការកែប្រែ?

ស្វែងរកអ្នកដឹកនាំដែលអាចធ្វើជាសម្ពន្ធមិត្ត

ប្រើប្រាស់សកម្មភាពដូចជា “គូសផែនទីអំណាច" ដើម្បីជួយស្វែងរកអ្នកដែលមានអំណាច ដែលអាចដាក់ឥទ្ធិពលទៅលើឥរិយាបថនិងលទ្ធភាពទទួលបានផែនការគ្រួសារ, និងដើម្បីបង្កើតយុទ្ធសាស្ត្រក្នុងការកៀរគរការគាំទ្រ និងធ្វើការងារជាមួយសម្ពន្ធមិត្ត។ ទាំងនេះជាឧទាហរណ៍ខ្លះៗដែលក្រុមការងារបានធ្វើការងារយ៉ាងជោគជ័យជាមួយអ្នកដឹកនាំសហគមន៍ឬសាសនា ដើម្បីផ្តល់ជូនសេវាពន្យារកំណើតកាន់តែទូលំទូលាយ។

ធ្វើការជាមួយអ្នកដឹកនាំសាសនា។ មនុស្សខ្លះប្រើប្រាស់ទ្រឹស្តីសាសនាដើម្បីនិយាយថា ផែនការគ្រួសារ ជារឿងខុសឆ្គង។ ប៉ុន្តែសាសនាជាច្រើននៅទូទាំងពិភពលោក គាំទ្រការមានកូនឃ្លាតពីគ្នា ជាពិសេសដោយសារតែវាការពារសុខភាពនិងជីវិតរបស់ម្តាយនិងកូន។ នេះជាការពិតសម្រាប់អ្នកកាន់សាសនាជាច្រើន រួមទាំងមូស្លីម និងកាតូលិក។

ជាញឹកញាប់អ្នកអាចកៀរគរការគាំទ្រដល់ផែនការគ្រួសារ តាមរយៈការស្នើសុំដល់អ្នកដឹកនាំសាសនាដែលជឿលើគុណតម្លៃនៃផែនការគ្រួសារ ឲ្យនិយាយអំពីវានៅក្នុងសហគមន៍។ នៅពេលដែលប្រជាជនបានស្តាប់ដឹងថាផែនការគ្រួសារមិនខុសឆ្គងនឹងសាសនារបស់គាត់ទេ នោះពួកគាត់នឹងធូរចិត្តជាខ្លាំង។ ការស្វែងរកវិធីស្របជាមួយជំនឿសាសនារបស់ប្រជាជន ដើម្បីឲ្យពួកគេជឿជាក់លើផែនការគ្រួសារ គឺមានប្រយោជន៍ជាងព្យាយាមឲ្យពួកគេបោះបង់ឬផ្លាស់ប្តូរជំនឿរបស់ខ្លួន។

រួមបញ្ចូលផែនការគ្រួសារ ទៅក្នុងវប្បធម៌និងទំនៀមទម្លាប់របស់ជនជាតិដើម

សហគមន៍ជនជាតិដើម អាចនឹងមិនជឿជាក់លើសេវាផែនការគ្រួសារ ដោយសារមានកម្មវិធីខ្លះបានដាក់សម្ពាធលើពួកគេនិងស្ត្រីក្រីក្រ ឲ្យប្រើប្រាស់មធ្យោបាយជាក់លាក់មួយ ឬការវះចងដៃស្បូន។ ប៉ុន្តែអ្នកដឹកនាំជនជាតិដើម កំពុងតែរិះរកវិធីរួមបញ្ចូលផែនការគ្រួសារទៅក្នុងសេវាថែទាំសុខភាពក្នុងសហគមន៍ ក្នុងរបៀបមួយដែលលើកទឹកចិត្តដល់ស្ត្រីឲ្យជ្រើសរើសមធ្យោបាយពន្យារកំណើតដែលគាត់ពេញចិត្ត។

women and children waiting outside a door labeled "Jambi Huasi."


ឧទាហរណ៍មួយគឺគ្លីនិកនៅប្រទេសអេក្វាឌ័រ ឈ្មោះថា Jambi Huasi ដែលមានន័យថា “ផ្ទះសុខភាព”។ បុគ្គលិកសុខាភិបាលនៅក្នុងគ្លីនិកនេះ និយាយភាសាខិចឆ្វា ហើយពួកគេយល់និងគោរពដល់ជំនឿនិងពិធីសាសនារបស់ប្រជាជន។ គ្លីនិកនេះមានបុគ្គលិកម្នាក់ជាគ្រូបុរាណ ព្រមទាំងមានសួនដាំរុក្ខជាតិសម្រាប់ធ្វើឱសថទៀតផង។ ឱសថស្ថានមានលក់ទាំងឱសថបុរាន និងថ្នាំពេទ្យទំនើ។ គ្លីនិក “ផ្ទះសុខភាព” រួមបញ្ចូលផែនការគ្រួសារទៅក្នុងសេវាសុខភាពរបស់ពួកគេ ដែលមានផ្តល់ជូនសម្រាប់ស្ត្រី កុមារ និងក្រុមគ្រួសារ។ ប្រជាជនបានចាប់ផ្តើមពន្យារកំណើតកូន ដើម្បីមូលហេតុសុខភាព ហើយអត្រាស្លាប់របស់ស្ត្រីនិងកុមារ បានធ្លាក់ចុះយ៉ាងច្រើន។ ដោយសារមានការគោរពដល់ទំនៀមទម្លាប់របស់ពួកគេ ស្ត្រីកំពុងប្រើប្រាស់សេវាប្រកបដោយភាពជឿជាក់។

ការគោរពដល់អ្នកដឹកនាំសហគមន៍ នាំឲ្យមានការពិភាក្សាបើកចំហរអំពីផែនការគ្រួសារ

គម្រោងផែនការនិងសេវាសុខភាព នៅប្រទេសហ្កាណា មានបំណងធ្វើឲ្យសេវាថែទាំសុខភាពចម្បង ផ្តល់ជូនកាន់តែទូលំទូលាយនៅក្នុងក្រុងដាច់ស្រយាលមួយដែលមានឈ្មោះថា ណាវរុងហ្គោ (Navrongo)។ ដើម្បីធ្វើកិច្ចការនេះ ពួកគេសហការយ៉ាងជិតស្និទជាមួយអង្គការសង្គមបែបបុរាណជាច្រើន និងបាននាំគិលានុបដ្ឋាកពីមណ្ឌលសុខភាពខេត្តមករស់នៅនិងធ្វើការជាមួយសហគមន៍។ គម្រោងដឹកនាំរៀបចំការពិភាក្សាជាគូៗ រវាងបុរសវ័យក្មេង បុរសចំណាស់ ស្ត្រីវ័យក្មេង ស្ត្រីចំណាស់ និងអ្នកដឹកនាំសហគមន៍ ដែលពួកគេជជែកគ្នាយ៉ាងស្មោះត្រង់អំពីបញ្ហាសុខភាពដែលកើតឡើងជាញឹកញាប់។ ផែនការគ្រួសារជាប្រធានបទមួយក្នុងចំណោមប្រធានបទជាច្រើនដែលពួកគេពិភាក្សា។

HAW Ch7 Page 209-1.png

នៅពេលសួរថាតើអ្វីទៅដែលធ្វើឲ្យផែនការគ្រួសារកាន់តែប្រយោជន៍ ស្ត្រីឆ្លើយថាពួកគេចង់បានភាពឯកជនបន្ថែមទៀត និងចង់បានជំនួយក្នុងការបញ្ចុះបញ្ចូលបុរសឲ្យទទួលយកវា។ បុរសនិយាយអំពីភាពខ្ពង់ខ្ពស់នៃការមានកូនច្រើន, ការបាត់បង់ភាពជាអ្នកគ្រប់គ្រងនៅក្នុងផ្ទះនៅពេលប្រពន្ធនឹងប្រឹក្សាជាមួយគាត់អំពីការពន្យារកំណើត, ហើយភ័យខ្លាចថាស្ត្រីដែលប្រើប្រាស់ផែនការគ្រួសារ និងចាកចេញពីប្តីរបស់ខ្លួន។

អ្នកដឹកនាំរៀបចំបានស្វែងយល់ថា ប្រជាជននឹងកាន់តែមានឆន្ទៈប្រើប្រាស់ផែនការគ្រួសារ ប្រសិនបើវាជួយកាត់បន្ថយការស្លាប់របស់កុមារដោយសារជំងឺ។ នេះគឺជាគោលដៅចម្បងរបស់គម្រោងស្រេចទៅហើយ។ ហើយនៅពេលដែលគិលានុបដ្ឋាកព្យាបាលជំងឺឲ្យបុរស ពួកគេទទួលបានការជឿទុកចិត្តពីបុរស ហើយអាចពន្យល់ពីជម្រើសនានានៃការពន្យារកំណើត ព្រមទាំងបំភ្លឺចម្ងល់របស់បុរសផងដែរ។ គិលានុបដ្ឋាកបានបង្កើតភាពជិតស្និទជាមួយក្រុមគ្រួសារ ហើយក៏ជួយអន្តរាគមន៍ផងដែរនៅពេលដែលប្តីប្រពន្ធមានជម្លោះលើការប្រើប្រាស់ផែនការគ្រួសារ។

អ្នកដឹកនាំរៀបចំបានស្វែងយល់ថា ប្រជាជននឹងកាន់តែមានឆន្ទៈប្រើប្រាស់ផែនការគ្រួសារ ប្រសិនបើវាជួយកាត់បន្ថយការស្លាប់របស់កុមារដោយសារជំងឺ។ នេះគឺជាគោលដៅចម្បងរបស់គម្រោងស្រេចទៅហើយ។ ហើយនៅពេលដែលគិលានុបដ្ឋាកព្យាបាលជំងឺឲ្យបុរស ពួកគេទទួលបានការជឿទុកចិត្តពីបុរស ហើយអាចពន្យល់ពីជម្រើសនានានៃការពន្យារកំណើត ព្រមទាំងបំភ្លឺចម្ងល់របស់បុរសផងដែរ។ គិលានុបដ្ឋាកបានបង្កើតភាពជិតស្និទជាមួយក្រុមគ្រួសារ ហើយក៏ជួយអន្តរាគមន៍ផងដែរនៅពេលដែលប្តីប្រពន្ធមានជម្លោះលើការប្រើប្រាស់ផែនការគ្រួសារ។

គម្រោងបានជួយសម្របសម្រួលសហគមន៍ ឲ្យមានការពិភាក្សាជាច្រើនទៀតអំពីបញ្ហាសុខភាព។ គម្រោងក៏បានស្នើសុំដល់ថ្នាក់ដឹកនាំសហគមន៍ផងដែរ ឲ្យអញ្ជើញស្ត្រីចូលរួមក្នុងការប្រជុំដែលពីមុនមកមានតែបុរសជាអ្នកចូលរួម។ ដំបូង ស្ត្រីមានភាពស្ទាក់ស្ទើរ ប៉ុន្តែគម្រោងបានបង្កើនការចូលរួមរបស់ពួកគេ តាមរយៈការអញ្ជើញក្រុមស្ត្រី ដូចជាសមាគមទីផ្សារ និងបណ្តាញនយោបាយជាដើម។ បែបនេះក៏ជួយឲ្យស្ត្រីបានចូលរួមក្នុងការពិភាក្សាផ្សេងទៀតនៅក្នុងសហគមន៍ផងដែរ។

ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨