Hesperian Health Guides

សកម្មភាពទីមួយ ៖ ការជួបជាមួយបុគ្គលិកគ្លីនិក

នៅក្នុងជំពូកនេះ ៖

កស្រីលូស បានដឹងថាលោក ម៉ារីអូ មានទំនាក់ទំនងល្អជាមួយលោកវេជ្ជបណ្ឌិត ម៉ូរ៉ា ដូច្នេះគាត់បានសាកសួរលោក ម៉ារីអូ ថាតើលោកអាចជួយរៀបចំកិច្ចប្រជុំនោះបានដែរឬទេ។ លោកបានយល់ព្រម ហើយ២សប្តាហ៍ក្រោយមក គណៈកម្មាធិការដែលតំណាងឲ្យក្រុមសំឡេងស្ត្រីក្រុងវីលកាស បានជួបជាមួយលោកវេជ្ជបណ្ឌិត ម៉ូរ៉ា នៅការិយាល័យរបស់គាត់ក្នុងមណ្ឌលសុខភាព។ លោកវេជ្ជបណ្ឌិត ម៉ូរ៉ា ក៏បានអញ្ជើញគិលានុបដ្ឋាយិកាម្នាក់ឈ្មោះ ផ្លូរេ មកចូលរួមប្រជុំផងដែរ។ អ្នកស្រី ប៉ៅឡា បានចាប់ផ្តើមការបង្ហាញរបស់ពួកគេដោយស្នើឲ្យអ្នកស្រីលូស និយាយរឿងរ៉ាវរបស់គាត់ខ្លីៗទាក់ទងនឹងការព្យាយាមជួយសង្គ្រោះជីវិតនាងសូនីយ៉ា។ បន្ទាប់មក អ្នកស្រី ប៉ៅឡា បានពន្យល់ពីមូលហេតុនៃការបង្កើតក្រុមសំឡេងស្ត្រីក្រុងវីលកាស។ អាលីសា និង យេសេនី សុទ្ធតែបាននិយាយតាមការគ្រោងទុក រួចតូម៉ាសា បានអានឮៗនូវសំណើរបស់ក្រុមដែលស្នើសុំកែលម្អសេវាថែទាំសុខភាព។

Tomasa telling Doctor Mora the group's proposals.
ស្ត្រីដែលឈឺពោះសម្រាលកូនគួរត្រូវបានអនុញ្ញាតឲ្យស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់យើង និង មានអ្នកកំដរម្នាក់ដែលចេះនិយាយភាសាខិចឆ្វា នៅជិតខ្លួនជានិច្ច។ យើងគួរទទួលបានការអនុញ្ញាតឲ្យដើរ និងអង្គុយច្រហោងតាមការជ្រើសរើសរបស់យើង។


លោកវេជ្ជបណ្ឌិត ម៉ូរ៉ា និងគិលានុបដ្ឋាយិកា ផ្លូរេ ស្ទើរតែបាត់បង់ការអត់ធ្មត់ខណៈពេលដែលស្ត្រីទាំងនោះកំពុងនិយាយ។ នៅពេលអ្នកស្រី តូម៉ាសា និយាយចប់ លោកវេជ្ជបណ្ឌិត ម៉ូរ៉ា បាននិយាយថា លោកមានការសោកស្តាយដែលពួកគេមិនសប្បាយចិត្តជាមួយនឹងសេវាដែលផ្តល់ដោយមណ្ឌលសុខភាព ប៉ុន្តែគាត់មិនមានពេលពិភាក្សាអំពីកង្វល់ទាំងអស់របស់ពួកគេនោះទេ។ គិលានុបដ្ឋាយិកា ផ្លូរេ បាននិយាយថា បញ្ហាពិតប្រាកដគឺមកពីស្ត្រីទាំងនោះមិនគោរពតាមគោលការណ៍ ហើយគាត់បានរិះគន់អ្នកស្រីលូស និងឆ្មបដទៃទៀតដែលនាំស្ត្រីមានផ្ទៃពោះមកទទួលសេវាថែទាំនៅមណ្ឌលសុខភាពយឺតយ៉ាវ។

អ្នកស្រី ប៉ៅឡា ក្រោកឈរឡើងរួចនិយាយថា គោលការណ៍របស់មណ្ឌលសុខភាពបានបដិសេធមិនផ្តល់សិទ្ធិទទួលការថែទាំសុខភាពដល់ស្ត្រីទេ។ លោកវេជ្ជបណ្ឌិត ម៉ូរ៉ា បានឆ្លើយតបវិញទាំងកំហឹងថា បញ្ហាពិតប្រាកដគឺមិនមែនមកពីគោលការណ៍របស់មណ្ឌលសុខភាពទេ។ លោកបានប្រាប់ពួកគេថា បើគ្មានសម្ភារ និងការគាំទ្រពីសំណាក់រដ្ឋាភិបាលទេ នោះគាត់ពិបាកនឹងដំណើរការមណ្ឌលសុខភាពគ្រប់ពេលវេលាណាស់។ បន្ទាប់មក គាត់ក៏បិទកិច្ចប្រជុំនោះតែម្តង។

ការវាយតម្លៃសកម្មភាព

ក្រុមសំឡេងស្ត្រីក្រុងវីលកាស មានអារម្មណ៍ថាសកម្មភាពទីមួយរបស់ពួកគេទទួលបរាជ័យ។ ពួកគេធ្វើការងារបានយ៉ាងល្អក្នុងការប្រមែប្រមូលព័ត៌មាន និងស្វែងយល់ពីបញ្ហាដែលស្ត្រីជនជាតិដើមភាគតិចជួបប្រទះ។ ពួកគេមានអារម្មណ៍ថា ពួកគេមានករណីមួយដ៏រឹងមាំ ប៉ុន្តែកិច្ចប្រជុំនោះបានបិទបញ្ចប់ភ្លាមៗ ហើយពួកគេមើលមិនឃើញផ្លូវដើរទៅមុខទៀតទេ។ នៅក្នុងកិច្ចប្រជុំបន្ទាប់របស់ពួកគេ អ្នកស្រី តូម៉ាសា បានលើកទឹកចិត្តឲ្យក្រុមធ្វើការវាយតម្លៃសកម្មភាពរបស់ពួកគេតាមវិធីដូចគ្នានឹងពួកគេគិតអំពីជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងរបៀបដែលការផ្លាស់ប្តូរបានកើតឡើង។

2 women talking.
នៅពេលមានជម្លោះក្នុងគ្រួសារខ្ញុំ ខ្ញុំព្យាយាមផ្តោតសំខាន់លើអ្វីដែលយើងមានដូចគ្នា។ នៅឯកិច្ចប្រជុំនោះ ខ្ញុំមើលឃើញថា យើងមិនមែនជាភាគីតែម្ខាងដែលអន់ចិត្តនឹងកង្វះធនធានផ្តល់សេវាថែទាំសុខភាពនោះទេ។ លោកវេជ្ជបណ្ឌិត ម៉ូរ៉ា ក៏មិនសប្បាយចិត្តដែរ!
យើងអាចសហការគ្នាជាមួយបុគ្គលិកមណ្ឌលសុខភាពធ្វើការទាមទារឲ្យរដ្ឋាភិបាលគាំទ្រសិទ្ធិរបស់សហគមន៍យើងក្នុងការទទួលបានការថែទាំសុខភាព។


evaluating the action.
១. ដំណើរការ ៖ តើយើងធ្វើការជាមួយគ្នាជាក្រុមតាមវិធីណា?
២. គោលដៅ ៖ តើយើងចង់សម្រេចអ្វីខ្លះ? តើនរណាដែលយើងមានឥទ្ធិពលទៅលើ?
៣. លទ្ធផល ៖ តើការផ្លាស់ប្តូរអ្វីខ្លះដែលយើងសម្រេចបាន?
៤. តើយើងដឹងថា ការផ្លាស់ប្តូរបានកើតឡើងដោយរបៀបណា?
៥. តើអ្វីខ្លះមិនដំណើរការ? តើមានឧបសគ្គអ្វីខ្លះ? តើយើងអាចជួយជម្នះឧបសគ្គទាំងនេះដោយរបៀបណា?
៦. តើយើងអាចធ្វើអ្វីបានខ្លះដើម្បីកាន់តែទទួលជោគជ័យនៅពេលក្រោយ?

កែសម្រួលផែនការ

ក្រោយការវាយតម្លៃកិច្ចប្រជុំជាមួយលោកវេជ្ជបណ្ឌិត ម៉ូរ៉ា និងគិលានុបដ្ឋាយិកា ផ្លូរេ រួចមក ក្រុមបានដឹងថា ប្រហែលជាវាមិនមែនជាការបរាជ័យទាំងស្រុងនោះទេ។ ពួកគេបានសម្រេចចិត្តកែសម្រួលសំណើរបស់ពួកគេដើម្បីបញ្ចូលគំនិតរបស់លោកវេជ្ជបណ្ឌិត ម៉ូរ៉ា និងដើម្បីផ្តោតសំខាន់បន្ថែមលើសិទ្ធិទទួលបានការថែទាំសុខភាព។ ការពិភាក្សាពីគំនិតនេះបានជួយពួកគេក្នុងការធ្វើសេចក្តីសម្រេចចិត្តលើជំហានបន្ទាប់របស់ពួកគេគឺ ៖ បញ្ចុះបញ្ចូលលោកវេជ្ជបណ្ឌិត ម៉ូរ៉ា ឲ្យទទួលស្គាល់ថាការផ្លាស់ប្តូរដែលពួកគេបានស្នើឡើងក៏នឹងជួយឲ្យគាត់បំពេញកាតព្វកិច្ចរបស់មណ្ឌលសុខភាពចំពោះសហគមន៍ផងដែរ។ ក្រុមសំឡេងស្ត្រីក្រុងវីលកាស បំផុសគំនិតអំពីបញ្ហាប្រឈមដែលពួកគេនឹងជួបប្រទះក្នុងការធ្វើការងារនេះ និងបានសម្រេចចិត្តថា ពួកគេនឹងត្រូវការសម្ព័ន្ធមិត្តបន្ថែមទៀតដែលអាចជួយបញ្ចុះបញ្ចូលលោកវេជ្ជបណ្ឌិត ម៉ូរ៉ា ឲ្យជួបប្រជុំជាមួយពួកគេម្តងទៀត។

ការធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីទាក់ទាញការចូលរួមពីសហគមន៍

ប៉ុន្មានសប្តាហ៍ក្រោយមក ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានចែករំលែកគំនិតរបស់ពួកគេជាមួយនឹងសម្ព័ន្ធមិត្តដែលធ្លាប់បានជួយពួកគេកន្លងមក។

Luz speaking with Mario.
តើអ្នកអាចនិយាយជាមួយលោកវេជ្ជបណ្ឌិត ម៉ូរ៉ា និងស្វែងយល់បន្ថែមអំពីបញ្ហារបស់គាត់ក្នុងនាមជាប្រធានមណ្ឌលសុខភាពដែរឬទេ?
បាទ! ខ្ញុំអាចស្វែងរកព័ត៌មានបន្ថែមអំពីច្បាប់ស្តីពីសិទ្ធិទទួលបានសុខភាពល្អរបស់ប្រទេសប៉េរូ និងអំពីការផ្តល់មូលនិធិរបស់រដ្ឋាភិបាលទៅឲ្យមណ្ឌលសុខភាពសហគមន៍ និងកម្មវិធីសុខភាពស្ត្រី។
Grayplus.png
a woman speaking with a man.
លោកវេជ្ជបណ្ឌិត ម៉ូរ៉ា និយាយថា រដ្ឋាភិបាលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរក្សាដំណើរការមណ្ឌលសុខភាពនោះទេ។
ខ្ញុំស្គាល់អភិបាលក្រុង។ នៅពេលដែលគាត់បានដឹងពីក្រុមរបស់ប្អូន គាត់ប្រហែលជាគាំទ្រប្អូន។
Grayplus.png
a woman speaking with a man.
ជូលីយ៉ូ បងគឺជាប្រធានអង្គការកសិករ។ គ្រួសារកសិករទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ប្រសិនបើពួកគេចូលរួមជាមួយយើងក្នុងការទាមទារឲ្យមានការកែលម្អសេវាថែទាំសុខភាពស្ត្រីនៅមណ្ឌលសុខភាព។
ពួកគេបារម្ភអំពីស្ត្រីនិយាយស្តីជាសាធារណៈ ប៉ុន្តែពួកគេក៏ចង់បានការថែទាំសុខភាពល្អប្រសើរសម្រាប់ពួកគេផងដែរ។ បងនឹងនិយាយជាមួយពួកគេអំពីរឿងនេះ។
a man in a group speaking to Doctor Mora.
យើងគិតថា លោកគួរតែពិចារណាលើសំណើរបស់ក្រុមសំឡេងស្ត្រីក្រុងវីលកាស។ នេះគឺជាមូលហេតុ ...។
មិនមែនមនុស្សគ្រប់គ្នាដែលអ្នកស្នើសុំជំនួយសុទ្ធតែនឹងក្លាយជាសម្ព័ន្ធមិត្តរបស់អ្នកនោះទេ។ នេះគ្មានបញ្ហាចោទទេ ព្រោះអ្នកមិនចាំបាច់ត្រូវការគ្រប់គ្នាជាសម្ព័ន្ធមិត្តនោះទេ។ ចូរខិតខំបង្កើនចំនួនមនុស្សដែលនឹងគាំទ្រអ្នកបន្តិចម្តង។
Paula speaking with Doctor Mora in front of a large group in a meeting room.

ការរៀបចំកិច្ចសន្ទនាសហគមន៍

ដោយមានជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានចាប់ផ្តើមកិច្ចសន្ទនាសហគមន៍មួយអំពីសុខភាពស្ត្រី និងមណ្ឌលសុខភាពក្រុងវីលកាស។ ពួកគេបានអញ្ជើញបុគ្គលិកសុខាភិបាល ឆ្មប អ្នកផ្សព្វផ្សាយសុខភាព និងមេដឹកនាំសហគមន៍ពីទីក្រុងវីលកាស និងភូមិក្បែរខាងមកចូលរួមកិច្ចប្រជុំ។
លោកវេជ្ជបណ្ឌិត ម៉ូរ៉ា ពួកយើងខ្ញុំចង់បានអ្វីដូចដែលលោកចង់បានផងដែរ នោះគឺលើកកម្ពស់សុខភាពសហគមន៍របស់យើង។ លោកមានឱកាសបង្កើតការផ្លាស់ប្តូរដ៏ធំមួយ។ តើយើងខ្ញុំអាចគាំទ្រលោក និងធ្វើការជាមួយលោកដើម្បីឈានទៅសម្រេចគោលដៅរួមនេះតាមវិធីណា?
ខ្ញុំបានគិតអំពីកង្វល់របស់អ្នកទាំងអស់គ្នា ហើយខ្ញុំអាចមើលឃើញមូលហេតុដែលស្ត្រីមិនចង់មកមណ្ឌលសុខភាព។ ខ្ញុំចង់ធ្វើឲ្យប្រជាជនមានអារម្មណ៍កក់ក្តៅនៅទីនេះ ពីព្រោះមណ្ឌលសុខភាពជាកម្មសិទ្ធិរបស់សហគមន៍។ សូមយើងទាំងអស់គ្នារួមគ្នាស្វែងរកវិធីណាមួយដែលយើងអាចធ្វើការជាមួយគ្នាបាន។

អភិបាលក្រុងបាននិយាយថា គោលបំណងនៃកិច្ចប្រជុំ គឺមិនមែនដើម្បីស្តីបន្ទោសអ្នកណាម្នាក់ដោយសារកើតមានបញ្ហានោះទេ ប៉ុន្តែគឺដើម្បីស្វែងរកវិធីដែលអាចឲ្យមណ្ឌលសុខភាពបំពេញនូវតម្រូវការរបស់មនុស្សគ្រប់រូប រួមទាំងបុគ្គលិកសុខាភិបាលផង ឲ្យកាន់តែប្រសើរឡើង។ ទោះបីជាអភិបាលក្រុងខិតខំបង្រួបបង្រួមគ្រប់គ្នាក៏ដោយ ក៏នៅមានមនុស្សមួយចំនួនមិនឯកភាពគ្នាផងដែរ។ ដោយសារតែបទពិសោធន៍ពីអតីតកាល មនុស្សមួយចំនួនមិនជឿជាក់លើលោកអភិបាលក្រុង ឬលោកវេជ្ជបណ្ឌិត ម៉ូរ៉ា ទេ។ មនុស្សមួយចំនួនទៀតមិនធ្លាប់ឮស្ត្រីនិយាយបញ្ចេញមតិយោបល់នោះទេ។ អ្នកខ្លះមិនចង់ឲ្យស្ត្រី ជាពិសេសស្រី្តវ័យក្មេង ទទួលបាននូវជម្រើសយ៉ាងច្រើនទាក់ទងនឹងការមានផ្ទៃពោះនោះទេ។ ទោះជាយ៉ាងនេះក្តី ពួកគេឯកភាពគ្នាថា ការជួយសង្គ្រោះជីវិតស្ត្រីមានផ្ទៃពោះគួរតែជាចំណុចអាទិភាពមួយ។ អភិបាលក្រុងបានសន្យាថានឹងប្រើប្រាស់ថវិកាក្រុងបន្ថែមទៀតដើម្បីកែលម្អសេវាឲ្យប្រសើរឡើង។ អង្គការកសិករបាននិយាយថា អ្នកស្ម័គ្រចិត្តពីភូមិក្បែរខាងបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបង្កើត និងរក្សាដំណើរការគម្រោង។ គ្រូបង្រៀនស្ម័គ្រចិត្តជួយបង្កើតសម្ភារអប់រំសុខភាព។ មន្ត្រីម្នាក់ពីមូលដ្ឋានយោធាក្បែរនោះបានសន្យាជួយផ្តល់មធ្យោបាយធ្វើដំណើរសង្គ្រោះបន្ទាន់ និងបង្កើតការផ្គត់ផ្គង់ឈាមដែលមានសុវត្ថិភាព។

ការរៀបចំដើម្បីការផ្លាស់ប្តូរយូរអង្វែង

នៅក្នុងប៉ុន្មានសប្តាហ៍និងខែបន្ទាប់ លោកវេជ្ជបណ្ឌិត ម៉ូរ៉ា បានលើកកម្ពស់ស្មារតីនៃការសន្ទនាក្នុងចំណោមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកានៅមណ្ឌលសុខភាព។ ពួកគេតែងតែប្រឆាំងនឹងការផ្លាស់ប្តូររហូតដល់ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានជួយឲ្យពួកគេគិតអំពីសុខភាពថាជាសិទ្ធិមួយរបស់មនុស្ស។ ការណ៍នេះបានជំរុញឲ្យបុគ្គលិកសុខាភិបាលពិចារណាឡើងវិញអំពីការប្តេជ្ញាចិត្តខាងវិជ្ជាជីវៈរបស់ពួកគេចំពោះការថែទាំសុខភាព និងការសង្គ្រោះជីវិត។ ពួកគេបានឯកភាពថា ការងាររបស់ពួកគេនឹងប្រសើរឡើង ប្រសិនបើពួកគេយល់ដឹងកាន់តែប្រសើរអំពីទស្សនៈរបស់ស្ត្រីជនជាតិខិចឆ្វា។ គិលានុបដ្ឋាយិកា ផ្លូរេ បានស្នើឲ្យលោកវេជ្ជបណ្ឌិត ម៉ូរ៉ា អញ្ជើញក្រុមសំឡេងស្ត្រីក្រុងវីលកាស មកមណ្ឌលសុខភាពដើម្បីពិភាក្សាពីសំណើផ្លាស់ប្តូររបស់ពួកគេជាមួយបុគ្គលិកទាំងអស់។

តាមរយៈការបន្តកិច្ចសន្ទនា ក្រុមសំឡេងស្ត្រីក្រុងវីលកាស និងបុគ្គលិកសុខាភិបាលទទួលបានការជឿទុកចិត្តគ្នាទៅវិញទៅមកកាន់តែច្រើនឡើងបន្តិចម្តង។ ពួកគេបានឯកភាពគ្នាលើគោលដៅរួម និងបានធ្វើការផ្លាស់ប្តូរតូចៗដែលចំណាយអស់តិចមុនគេ ដូចជាការកំណត់ម៉ោងប្រតិបត្តិការគ្លីនិកជាវេណៗដើម្បីបំពេញតម្រូវការសហគមន៍។ ពួកគេបានជួលគិលានុបដ្ឋាក-យិកា និងជំនួយការដែលចេះនិយាយពីរភាសា និងបានធានាថា តែងតែមានគ្រូពេទ្យប្រចាំការដែលអាចបកប្រែភាសាខិចឆ្វា និងអេស្ប៉ាញជានិច្ច។ ពួកគេក៏បានធ្វើការជាមួយបុគ្គលិកដើម្បីជួយពួកគេរៀនពីរបៀបធ្វើឲ្យប្រជាជនវ័យក្មេងមានអារម្មណ៍ថាទទួលបានការស្វាគមន៍ និងការគាំទ្រច្រើនជាងមុនផងដែរ។

ទីសម្រាលកូនដែលមានភាពរួសរាយរាក់ទាក់ និងសុវត្ថិភាព

a woman using a birthing chair at the health center, with her birth companion and Luz the midwife.

ក្រុមសំឡេងស្ត្រីក្រុងវីលកាស និងក្រុមអ្នកស្ម័គ្រចិត្តសហគមន៍បានគូររូបបន្ទប់សម្រាលនៅមណ្ឌលសុខភាព ព្យួរវាំងននបិទបាំងឯកជនភាព និងធ្វើកៅអ៊ីសម្រាល ដើម្បីឲ្យស្ត្រីអាចសម្រាលកូនតាមវិធីអង្គុយច្រហោងជាលក្ខណៈប្រពៃណីរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត ម៉ូរ៉ា បានផ្លាស់ប្តូរបទបញ្ជាផ្ទៃក្នុងដើម្បីអនុញ្ញាតឲ្យស្ត្រីអាចស្លៀកពាក់សម្លៀកបំពាក់របស់ពួកគេ និងអាចជ្រើសរើសម្ហូបអាហារ និងភេសជ្ជៈរបស់ពួកគេទទួលទាន។ ពួកគេក៏អាចមានអ្នកកំដរនៅពេលសម្រាល រួមបញ្ចូលទាំងដៃគូ និងឆ្មបបុរាណរបស់ពួកគេផងដែរ។ គិលានុបដ្ឋាយិកា ផ្លូរេ បានរៀបចំការបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកា ដើម្បីជួយពួកគេឲ្យងាយស្រួលសម្របខ្លួនជាមួយនឹងការផ្លាស់ប្តូរទាំងនេះ។

មិនយូរប៉ុន្មាន លោកវេជ្ជបណ្ឌិត ម៉ូរ៉ា បានអញ្ជើញអ្នកស្រី លូស និងឆ្មបបុរាណដទៃទៀតមកសម្រាលទារកនៅមណ្ឌលសុខភាព។ គាត់ចាត់ទុកចំណាត់ការនេះជាវិធីមួយជួយឲ្យវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិការៀនសូត្របន្ថែមអំពីប្រពៃណីរបស់សហគមន៍ដែលជួយឲ្យស្ត្រីសម្រាលកូនប្រកបដោយសុខភាពល្អ។ គាត់ក៏បានដឹងផងដែរថា ចំណាត់ការនេះនឹងលើកទឹកចិត្តឆ្មប វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកាធ្វើការជាមួយគ្នានៅពេលសង្គ្រោះបន្ទាន់ ព្រមទាំងផ្តល់ឲ្យឆ្មបនូវឱកាសរៀនសូត្រជំនាញថ្មីៗដើម្បីជួយឲ្យការសម្រាលកាន់តែមានសុវត្ថិភាព។

គណៈកម្មាធិការសុខភាពសហគមន៍

families eating and sleeping at the safe motherhood house.

ក្រោយបញ្ចប់កិច្ចប្រជុំសហគមន៍ធំនោះ ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានជួយបង្កើតគណៈកម្មាធិការសុខភាពសហគមន៍ ដែលមានសមាសភាពជាសមាជិកសហគមន៍ចាស់ និងក្មេង បុគ្គលិកសុខាភិបាល និងអ្នកដឹកនាំក្នុងមូលដ្ឋាន។ គណៈកម្មាធិការសុខភាពបានជួយធ្វើការជាមួយមណ្ឌលសុខភាពដើម្បីរៀបចំផែនការសង្គ្រោះបន្ទាន់សហគមន៍ និងបានសង់ “ផ្ទះមាតុភាពគ្មានគ្រោះថ្នាក់” មួយ ដើម្បីឲ្យស្ត្រីមកពីឆ្ងាយអាចស្នាក់នៅទីនោះជាមួយគ្រួសារពួកគេក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនៃផ្ទៃពោះ។

ដោយមានការជួយជ្រោមជ្រែងពីអង្គការអន្តរជាតិ CARE គណៈកម្មាធិការបានបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យបញ្ជូនវេជ្ជបណ្ឌិតបន្ថែម ដើម្បីមណ្ឌលសុខភាពអាចបើកដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ និងដើម្បីធានាថា ពួកគេមានសម្ភារពេទ្យ និងឈាមសម្រាប់ប្រើប្រាស់ក្នុងពេលសង្គ្រោះបន្ទាន់។

សុខភាពសម្រាប់ទាំងអស់គ្នា

ខណៈដែលទំនាក់ទំនងរវាងស្ត្រីនៅក្នុងសហគមន៍ និងបុគ្គលិកសុខាភិបាលកាន់តែល្អប្រសើរ ស្ត្រីបាននាំសមាជិកគ្រួសារពួកគេទាំងអស់មកទទួលសេវាថែទាំសុខភាព។ ស្ត្រីកាន់តែច្រើនបានមកមណ្ឌលសុខភាពជាមួយដៃគូរបស់ពួកគេដើម្បីទទួលសេវាពិនិត្យផ្ទៃពោះ និងសម្រាល ហើយក៏បាននាំកូនៗមកទទួលសេវាថ្នាំបង្ការផងដែរ។ នៅពេលដែលបុរសកាន់តែចូលរួមពាក់ព័ន្ធជាមួយនឹងការថែទាំផ្ទៃពោះ ពួកគេក៏បានយល់ដឹងអំពីសុខភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ បុរសមានអារម្មណ៍ថាខ្លួនត្រូវបានទទួលស្វាគមន៍នៅមណ្ឌលសុខភាព និងបានចាប់ផ្តើមមកទទួលសេវាសុខភាពតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ខណៈដែលសិទ្ធិស្ត្រី វប្បធម៌ និងសេចក្តីថ្លៃថ្នូរត្រូវបានគោរព ស្ត្រីកាន់តែច្រើនបានជ្រើសរើសយកការសម្រាលកូននៅមណ្ឌលសុខភាព។ រយៈកាលក្រោយមក តាមរយៈការផ្តោតការយកចិត្តទុកដាក់ទៅលើសិទ្ធិរបស់មនុស្សគ្រប់រូបក្នុងការទទួលបានការថែទាំសុខភាព សុខភាពរបស់ស្ត្រីមានផ្ទៃពោះនិងទារកនៅក្នុងទីក្រុងវីលកាស បានល្អប្រសើរឡើងច្រើន ហើយវាក៏ជាការល្អប្រសើរសម្រាប់ស្ត្រី និងបុរសគ្រប់វ័យផងដែរ។

សំឡេងស្ត្រី និងភាពជាអ្នកដឹកនាំ

សហគមន៍ទីក្រុងវីលកាស បានបោះឆ្នោតលើថវិកាក្រុង ដើម្បីទទួលបានការធានាថា ចំនួនទឹកប្រាក់ជាក់លាក់មួយត្រូវបានផ្តល់សម្រាប់គាំទ្រកម្មវិធីសុខភាពស្ត្រីជារៀងរាល់ឆ្នាំ។ រដ្ឋបាលក្រុងក៏បានបង្កើតតំណែងជាអចិន្ត្រៃយ៍មួយដែលកើតចេញពីការបោះឆ្នោតសម្រាប់ផ្តល់ជូនស្ត្រីមួយរូបដើម្បីត្រួតពិនិត្យកិច្ចការសុខភាពរបស់ស្ត្រី។ ការណ៍នេះមានន័យថា ស្ត្រីពីទីក្រុងវីលកាស ផ្លាស់ប្តូរវេណគ្នាកាន់តំណែងដឹកនាំ និងមានសំឡេងមួយក្នុងការធ្វើសេចក្តីសម្រេចចិត្តអំពីសុខភាពស្ត្រី និងការអភិវឌ្ឍរបស់សហគមន៍ពួកគេ។

បញ្ហាប្រឈមបន្ថែម

ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានសម្រេចនូវសមិទ្ធផលជាច្រើន ប៉ុន្តែក៏នៅមានបញ្ហាប្រឈមជាច្រើនផងដែរ។ ភាពក្រីក្រ និងការជម្លៀសចេញពីផ្ទះសម្បែងនៅតែជាឧបសគ្គចំពោះការថែទាំសុខភាពស្ត្រី។ ទោះបីជាស្ត្រីបានទទួលការគោរពក៏ដោយ មនុស្សមួយចំនួននៅតែគិតថា ស្ត្រីគួរផ្តោតការយកចិត្តទុកដាក់លើការចិញ្ចឹមកូនវិញល្អជាង។ ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានដឹងថាបញ្ហាប្រឈមកំពុងកើតមានទាំងនេះនឹងទាមទារនូវការរៀបចំចាត់ចែងការងារដោះស្រាយជាបន្តទៅមុខទៀត។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨