Hesperian Health Guides

កូឡេស្តេរូល និងបេះដូងរបស់អ្នក

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

កូឡេស្តេរូល គឺជាសារធាតុរាវដូចក្រមួនដែលមានសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ រាងកាយរបស់អ្នក ផលិតកូឡេស្តេរូលមួយចំនួន និងទទួលបានបន្ថែមពីអាហារដែលអ្នកបរិភោគ។ ប៉ុន្តែកូឡេស្តេរូលច្រើនលើសលប់ អាចនឹងករនៅក្នុងសរសៃឈាមអាទែ ដែលនាំឲ្យកើតជំងឺលើសឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។ កូឡេស្តេរូលធ្វើបែបនេះបានដោយការរាំងស្ទះលំហូរឈាម រួចបង្កឲ្យមានកំណកឈាមនិងហើមដ៏គ្រោះថ្នាក់។

កូឡេស្តេរូលត្រូវបានវាស់ស្ទង់តាមរយៈការធ្វើតេស្ត៍ឈាម។ កូឡេស្តេរូលមាន ២ប្រភេទចម្បង៖

  • កូឡេស្តេរូល LDL ឬកូឡេស្តេរូល “មិនល្អ” ។ នៅពេលគេនិយាយថានរណាម្នាក់មានកូឡេស្តេរូលខ្ពស់ មានន័យថា LDL មានកម្រិតខ្ពស់ពេក។
  • កូឡេស្តេរូល HDL ឬកូឡេស្តេរូល “ល្អ” ។ វាការពារអ្នកពីជំងឺបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល តាមរយៈការយកកូឡេស្តេរូលមិនល្អ ចេញពីឈាមរបស់អ្នក។


មានចំណុចជាច្រើនដែលប៉ះពាល់ដល់កម្រិតកូឡេស្តេរូល។ ឧទាហរណ៍ កូឡេស្តេរូល LDL (មិនល្អ) កើនឡើងខណៈពេលមនុស្សកាន់តែចម្រើនវ័យ។ ម្យ៉ាងទៀត កូឡេស្តេរូល LDL ខ្ពស់ ហាក់ដូចជាឆ្លងតាមគ្នានៅក្នុងក្រុមគ្រួសារ។ ជាញឹកញាប់ អ្នកអាចបន្ថយកូឡេស្តេរូលមិនល្អតាមរយៈ

NWTND heart Page 16-1.png
  • ការកម្រិតបរិមាណនិងប្រភេទនិងជាតិសាច់ដែលអ្នកបរិភោគ។ ជាជាងការចៀនឬបំពង គួរចម្អិនអាហារនិងបន្លែដោយការស្ងោរ អាំង ឬដុតវិញ។
  • បង្កើនការបរិភោគផ្លែឈើ បន្លែ សណ្តែកកួ និងអង្ករសំរូប ព្រោះអាហារទាំងនេះមានជាតិសរសៃដែលរាងកាយអាចប្រើប្រាស់ដើម្បីបន្ថយកូឡេស្តេរូលមិនល្អ។
  • ការសម្រកទម្ងន់ជារឿយៗធ្វើឱ្យកូឡេស្តេរូលប្រសើរឡើង។ ការធាត់ ឬលើសទម្ងន់មិនធ្វើឱ្យប្រសើរឡើងនោះទេ។
  • លំហាត់ប្រាណអាចជួយកាត់បន្ថយកូឡេស្តេរូលផងដែរ។ ការអង្គុយច្រើនមិនជួយកាត់បន្ថយទេ។


ដោយហេតុថាកូឡេស្តេរូលមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាឈឺ នោះការធ្វើតេស្តឈាមវាស់កម្រិតកូឡេស្តេរូល (កម្រិតជាតិខ្លាញ់លីពីត) គឺជាវិធីតែមួយគត់ដើម្បីកំណត់ថាតើអ្នកមានបញ្ហានេះដែរឬអត់។ អ្នកជំងឺទឹកនោមផ្អែមអាចមានបញ្ហាច្រើនជាមួយនឹងកូឡេស្តេរូល។

កម្រិតកូឡេស្តេរូលខ្ពស់ និងអ្វីដែលត្រូវធ្វើ

កម្រិតកូឡេស្តេរូលខ្ពស់កាន់តែបង្កគ្រោះថ្នាក់ច្រើននៅពេលដែលរួមផ្សំជាមួយនឹងលក្ខខណ្ឌដទៃទៀតដែលធ្វើឱ្យប៉ះពាល់ដល់បេះដូង ដូចជា ជំងឺលើសឈាម ភាពតានតឹងក្នុងអារម្មណ៍ច្រើនខ្លាំង ឬជំងឺទឹកនោមផ្អែម។ អ្នកអាចកែលម្អបញ្ហាទាំងអស់នេះដោយអនុវត្តរបបអាហារដែលមានសុខភាពល្អនិងការហាត់ប្រាណបន្ថែមទៀត ។ ប៉ុន្តែប្រសិនបើអ្នកបានធ្វើការផ្លាស់ប្តូរទាំងនេះហើយ កម្រិតកូឡេស្តេរូលរបស់អ្នកនៅតែខ្ពស់ទៀតនោះ អ្នកប្រហែលជាត្រូវការព្យាបាលដោយថ្នាំ។ ថ្នាំមួយប្រភេទដែលគេហៅថាថ្នាំ statins បញ្ឈប់រាងកាយមិនឱ្យផលិតកូឡេស្តេរូលបន្ថែមទៀត ហើយក៏អាចកម្ចាត់កូឡេស្តេរូល LDL (អាក្រក់) ចេញពីឈាមផងដែរ។ ថ្នាំ statin ដែលគេស្គាល់ជាទូទៅមួយប្រភេទមានឈ្មោះថាថ្នាំ simvastatin

ថ្នាំ Statins ក៏ត្រូវបានគេផ្តល់ឱ្យអ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលធ្លាប់គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ។ សម្រាប់អ្នកជំងឺទាំងនេះ ថ្នាំ Statin អាចជួយបង្ការករណីសង្គ្រោះបន្ទាន់បេះដូង។

អ្នកមិនគួរប្រើថ្នាំ Statin ទេប្រសិនបើអ្នកមានផ្ទៃពោះឬគិតថា អ្នកអាចនឹងមានផ្ទៃពោះនាពេលឆាប់ៗ ពីព្រោះថ្នាំអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងស្បូន។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨