Hesperian Health Guides

Hesperian Health Guides

ការថែទាំសម្រាប់កុមារ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

អាហារបំប៉ន, អនាម័យផ្ទាល់ខ្លួននិងបរិស្ថាន, និងថ្នាំដែលបង្ការពីជំងឺញឹកញាប់ គឺប្រៀបដូចជា “អង្គរក្ស” ដែលការពារកុមារពីជំងឺឆ្លង និងថែរក្សាសុខភាពរបស់ពួកគេ។

អាណាព្យាបាលនិងបុគ្គលិកសុខាភិបាលអាចស្វែងយល់បន្ថែមអំពីអាហារូបត្ថម្ភនៅក្នុងជំពូក អាហារល្អធ្វើឲ្យមានសុខភាពល្អ, អំពីអនាម័យផ្ទាល់ខ្លួននិងបរិស្ថាន នៅក្នុងជំពូក , និងអំពីថ្នាំបង្ការ នៅក្នុងជំពូក ថ្នាំបង្ការ (កំពុងផលិត) ដើម្បីបង្ការជំងឺភាគច្រើនលើកុមារ។


សម្រាប់កុមារ ការបង្ការដ៏តូចតាច មានតម្លៃជាងការព្យាបាលដ៏ធំធេង។

អាហារបំប៉ន

ការទទួលបានអាហារបំប៉នគ្រប់គ្រាន់ គឺជាគន្លឹះសម្រាប់សុខភាពនិងការលូតលាស់របស់កុមារ។ ជំពូក អាហារល្អធ្វើឲ្យមានសុខភាពល្អ ពន្យល់អំពីរបៀបដែលអ្នកនិងកូនៗរបស់អ្នក អាចបរិភោគបានយ៉ាងល្អ បើទោះជាមានប្រាក់តិចតួចក៏ដោយ។ ក្នុងនោះក៏មានពន្យល់អំពីការព្យាបាលកង្វះអាហារូបត្ថម្ភលើកុមារនិងមនុស្សពេញវ័យផងដែរ។ អ្នកអាចផ្តល់អាហារល្អបំផុតដល់ទារកនិងកុមារតូចៗដោយអនុវត្តតាមការណែនាំទាំងនេះ។

សម្រាប់រយៈពេល ៦ខែដំបូង

ទឹកដោះម្តាយមាននូវអ្វីៗគ្រប់យ៉ាងដែលទារកត្រូវការ ហើយគួរផ្តល់ឲ្យទារកយ៉ាងញឹកញាប់តាមដែលគាត់ចង់បាន៖ រៀងរាល់ ៣ឬ៤ម៉ោងក្នុងពេលថ្ងៃ, តិចជាងនេះបន្តិចក្នុងពេលយប់។ កុំផ្តល់ទឹក ទឹកផ្លែឈើ ឬបបរឲ្យទារក រហូតទាល់តែដុះធ្មេញដំបូង ដែលប្រហែលជានៅក្នុងខែទី៦។

មើល ព័ត៌មានអំពីការបំបៅដោះកូន

ចាប់ពីអាយុ ៦ខែ ដល់ ១២ខែ (១ឆ្នាំ)

នេះជាវ័យដែលកុមារជាច្រើនចាប់ផ្តើមមានអាហារូបត្ថម្ភមិនល្អ។ ដើម្បីរក្សាសុខភាពរបស់កុមារ ចូរបន្តបំបៅដោះដល់គាត់ និងចាប់ផ្តើមផ្តល់អាហារជាច្រើនដងក្នុងមួយថ្ងៃផងដែរ។ ចាប់ផ្តើមដំបូងជាមួយអាហារមួយឬពីរមុខ ដូចជាបបរធម្មតា ឬបាយស្រូបប្រេងឬខ្លាញ់បន្តិច។

មិនយូរប៉ុន្មាន ចូរបន្ថែមអាហារសុខភាពដទៃទៀតដូចជា៖

  • អាហារប្រូតេអ៊ីន មួយថ្ងៃម្តង ឬច្រើនជាងនេះ ៖ សណ្តែកដីស្ងោរ ឬអាហារពីសណ្តែក, ស៊ុត, ផលិតផលទឹកដោះគោ, ឬត្រីកិនហ្មត់។
  • បន្លែ ៖ ឃ្លោកស្ងោរ, សណ្តែកបារាំង, ការ៉ុត, រុក្ខជាតិស្លឹកបៃតង, ប៉េងប៉ោះ, ឬអាហារពណ៌ទឹកក្រូចឬបៃតងដែលមានក្នុងតំបន់អ្នករស់នៅ។
  • បន្លែ ៖ ចំណិតតូចៗនៃផ្លែស្វាយ ល្ហុង ឬចេក។

បន្ទាប់ពីមួយឆ្នាំដំបូង

បន្តបំបៅដោះរយៈពេល ២ឆ្នាំ ឬយូរជាងនេះ។

ម្យ៉ាងទៀត ចូរផ្តល់អាហារសុខភាពសព្វមុខដែលមនុស្សធំបរិភោគ ៖ អាហារជាតិម្សៅ ប្រូតេអ៊ីន បន្លែ និងផ្លែឈើ។ កុមារគួរបរិភោគមួយថ្ងៃបួនដង ឬច្រើនជាងនេះ។ ពួកគេត្រូវការបរិភោគកាន់តែញឹកញាប់ថែមទៀតបើបានផ្តាច់ដោះហើយ។

ក្មេងស្រីត្រូវការអាហារស្មើគ្នានឹងក្មេងប្រុសដែរ។ ក្មេងស្រីនិងក្មេងប្រុសដែលទទួលបានអាហារសុខភាពយ៉ាងគ្រប់គ្រាន់ តែងតែលូតលាស់យ៉ាងរឹងមាំប្រកបដោយសុខភាព។ អាហារជួយឲ្យប្រាជ្ញាលូតលាស់ផងដែរ ដែលធ្វើឲ្យពួកគេចេះគិត រៀនសូត្រ និងលេងកំសាន្តនានា។

កុមារគួរតែបរិភោគដូចសត្វមាន់ គឺតែងតែចឹកចំណីបន្តិចម្តង។

ដបទឹកដោះគោ

ដបទឹកដោះគោនិងក្បាលដោះជ័រ មិនមានសុវត្ថិភាពទេ ព្រោះគេពិបាកនឹងសម្អាតវាជាប់ជានិច្ចណាស់។ ជារឿយៗវាជាប់ប្រឡាក់នឹងមេរោគដែលបណ្តាលឲ្យមានជំងឺរាក។ ប្រសិនបើអ្នកចាំបាច់បញ្ចុកទឹកដោះដល់ទារកនៅពេលដែលម្តាយនៅឆ្ងាយ ចូរផ្តល់ទឹកដោះម្តាយដោយប្រើពែងនិងស្លាបព្រាស្អាត។ ទារកធំនិងកុមារតូច មិនគួរប្រើដបទឹកដោះគោទេ។ ការផ្តល់ទឹកផ្លែឈើ បបរ ឬទឹកដោះគោ ដោយប្រើដប ឲ្យកុមារធំ ធ្វើឲ្យធ្មេញរបស់ពួកគេត្រូវត្រាំក្នុងជាតិស្ករយ៉ាងយូរ ហើយវាជាមូលហេតុញឹកញាប់នៃភាពពុកធ្មេញ។ កុមារអាចរៀនផឹកពីពែងបានយ៉ាងងាយ។

អាហារឥតប្រយោជន៍(អាហារមិនល្អ)

នំ ស្ករគ្រាប់ នំបន្ទះស្រួយ សូដា និងអាហារដែលផលិតនៅក្នុងរោងចក្រ គឺជា “អាហារឥតប្រយោជន៍” (junk food)។ អាហារទាំងនេះត្រូវបានលាយបញ្ចូលនូវស្ករ អំបិល ខ្លាញ់ និងសារធាតុគីមីយ៉ាងច្រើន ហើយវាមិនមានអាហារូបត្ថម្ភគ្រប់គ្រាន់នោះទេ។ ការបរិភោគអាហារឥតប្រយោជន៍ ធ្វើឲ្យធុកធ្មេញ ហើយនៅថ្ងៃមុខនាំឲ្យមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពដ៏គ្រោះថ្នាក់ផ្សេងៗទៀត។

ប្រសិនបើមានលក់អាហារឥតប្រយោជន៍នៅជិតខ្លួន កុមារច្រើនតែទារញ៉ាំវា ពីព្រោះវាមានរសជាតិឆ្ងាញ់។ ក្នុងនាមជាឪពុកម្តាយនិងបុគ្គលិកសុខាភិបាល វាជាការទទួលខុសត្រូវរបស់យើងក្នុងការការពារកូនៗកុំឲ្យមានទម្លាប់ញ៉ាំអាហារឥតប្រយោជន៍ទាំងនេះ។ នៅពេលដែលកុមារចង់ញ៉ាំអាហារ ចូរផ្តល់ផ្លែឈើស្រស់ សណ្តែក យ៉ាអួ បបរ និងអ្វីដែលមានសារធាតុបំប៉ន ដោយមិនមានបន្ថែមស្ករ។ បង្រៀនកុមារថាអាហារបំប៉នក៏មានរសជាតិឆ្ងាញ់ដែរ។ ការមានទម្លាប់ហូបល្អ នឹងផ្តល់ប្រយោជន៍សុខភាពដល់កុមារពេញមួយជីវិតរបស់ពួកគេ។

កុមារលូតលាស់យ៉ាងរឹងមាំប្រកបដោយសុខភាពដោយសារអាហារពិតប្រាកដ គឺមិនមែនដោយសារអាហារឥតប្រយោជន៍ទេ។

ភាពស្អាត និងអនាម័យ

លាងសម្អាតដៃរបស់កុមារមុននឹងឲ្យពួកគេហូបអាហារ ហើយលាងជាញឹកញាប់ក្នុងមួយថ្ងៃ។ ភាគច្រើននៃជំងឺរាក ផ្តាសាយ និងជំងឺផ្សេងៗទៀត ត្រូវបានចម្លងដោយសារមេរោគដែលឆ្លងរាលដាលពីដៃទៅមាត់របស់កុមារ (ហើយកុមារតែងតែលូកដៃចូលមាត់ជានិច្ច!)។ ការលាងសម្អាតដៃជួយបង្ការកុំឲ្យមេរោគដែលជាប់នៅលើដៃ ចូលទៅក្នុងមាត់ដែលបង្កឲ្យមានជំងឺផ្សេងៗ។ ការលាងសម្អាតញឹកញាប់ ជួយថែរក្សាសុខភាពរបស់កុមារ។

ងូតទឹកឲ្យកុមារជារៀងរាល់ថ្ងៃ។ កាត់ក្រចកដៃឲ្យខ្លីៗដើម្បីកុំឲ្យជាប់ដីនៅក្រោមក្រចក។ បោកគក់សម្លៀកបំពាក់និងសម្ភារលើគ្រែ យ៉ាងទៀងទាត់។

កុមារនិងមនុស្សធំត្រូវការទីកន្លែងស្អាតនិងសុវត្ថិភាព សម្រាប់បន្ទោរបង់លាមករៀងរាល់ថ្ងៃ។ បើមិនដូចនេះទេ លាមក និងមេរោគដែលបង្កជំងឺរាក នឹងរាលដាលគ្រប់ទីកន្លែង។ តាមរយៈការសាងសង់បង្គន់សម្រាប់គ្រួសារ ឬជាមួយអ្នកជិតខាង ឬសម្រាប់សហគមន៍ អ្នកនឹងអាចបង្ការជំងឺរាកបាន។

ជំពូកអំពី ទឹកនិងអនាម័យ គន្លឹះក្នុងការថែរក្សាសុខភាព (កំពុងផលិត) មានផ្តល់ជូននូវការណែនាំលម្អិតជាច្រើនដើម្បីកែលម្អអនាម័យ និងបង្ការជំងឺរាកលើកុមារ។

ថ្នាំពេទ្យ និងការផ្តល់ថ្នាំបង្ការ

ថ្នាំបង្ការអាចការពារកុមារពីជំងឺដ៏គ្រោះថ្នាក់ជាច្រើន ដូចជាជំងឺកញ្ជ្រឹល តេតាណូស ស្វិតដៃជើង និងជំងឺរបេង។ ការផ្តល់ថ្នាំបង្ការគឺជាមធ្យោបាយដ៏ងាយស្រួល មានតម្លៃថោក និងមានប្រសិទ្ធភាព ជាងការព្យាយាមជួយកុមារដែលឈឺឬជិតស្លាប់នោះ។ ការនាំកុមារទៅទទួលថ្នាំបង្ការ គឺជាមធ្យោបាយដ៏សំខាន់បំផុតមួយក្នុងការថែរក្សាសុខភាពដល់ពួកគេ។

សូមមើលផ្នែក ថ្នាំបង្ការ (កំពុងផលិត) អំពីបញ្ជីនៃថ្នាំបង្ការដែលត្រូវបានណែនាំ និងកាលវិភាគដែលគួរផ្តល់។

ត្រូវប្រាកដថាកូនៗរបស់អ្នកបានទទួលថ្នាំបង្ការគ្រប់មុខដែលចាំបាច់។

មធ្យោបាយដទៃទៀតដើម្បីបង្ការសុខភាពរបស់កុមារ

  • ការពារធ្មេញរបស់កុមារដោយការដុសធ្មេញជាប្រចាំ។ កុំឲ្យពួកគេញ៉ាំស្ករគ្រាប់ច្រើន បង្អែម ឬភេសជ្ជៈផ្អែម។ មើល ។ ព័ត៌មានបន្ថែមអំពី “អាហារឥតប្រយោជន៍” ទាំងនេះ
  • ការបំបៅដោះ។ នៅពេលអ្នកផ្តល់អាហារនិងភេសជ្ជៈដទៃ ចូរប្រើពែងឬស្លាបព្រាស្អាត គឺមិនមែនដបទឹកដោះគោនិងក្បាលដោះជ័រនោះទេ ព្រោះវាពិបាកក្នុងការសម្អាត។
  • មិនត្រូវឲ្យកុមារដែលឈឺ ឬមានដំបៅ, ជំងឺភ្នែក, ពងខ្ទុះ, ចៃ, ឬព្រូន គេងលើគ្រែជាមួយកុមារដទៃទៀតឬប្រើសម្លៀកបំពាក់កន្សែងរួមគ្នានោះទេ។ ព្យាបាលកុមារឲ្យបានឆាប់រហ័ស ព្រោះបញ្ហាទាំងនេះឆ្លងពីកុមារម្នាក់ទៅកុមារម្នាក់ទៀតយ៉ាងងាយ។
  • ចងមុងដើម្បីកុំឲ្យមូសចូលខាំ។ រៀបចំកុំឲ្យមានទឹកដក់ឬទឹកនឹង ដែលមូសចូលបន្តពូជបាន។ ប្រើសំណាញ់បាំងទ្វារនិងវាំងននដែលចំហរ។
  • កុំឲ្យជ្រូក ឆ្កែ និងមាន់ (និងមេរោគដែលជាប់ជាមួយពួកវា) នៅខាងក្នុងផ្ទះ។
ត្រឹមត្រូវ
មិនត្រូវត្រូវ
  • ប្រសិនបើមានព្រូនទំពក់ កុមារគួរពាក់ស្បែកជើង ហើយមិនត្រូវដើរដោយជើងទទេរឡើយ។
  • ចំពោះកុមារអាយុលើស ១ឆ្នាំ ចូរផ្តល់ថ្នាំទម្លាក់ព្រូនរៀងរាល់ ៣-៦ខែ ដោយប្រើថ្នាំ albendazolemebendazole



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ សីហា ២០១៧
km.hesperian.org