Hesperian Health Guides

តើជំងឺលើសឈាមគឺជាអ្វី?

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

NWTND heart Page 5-1.png

ការវាស់សម្ពាធឈាមរបស់មនុស្សម្នាក់ អាចប្រាប់ពីកម្លាំងដែលចាំបាច់សម្រាប់បេះដូងដើម្បីរុញច្រានឈាមទៅកាន់រាងកាយ និងត្រឡប់មកបេះដូងវិញ។ វាជារឿងធម្មតាទេដែលសម្ពាធឈាមឡើងចុះៗក្នុងមួយថ្ងៃ អាស្រ័យលើការហាត់ប្រាណ ការបរិភោគ អារម្មណ៍ ។ល។ ប៉ុន្តែការឡើងសម្ពាធឈាមខ្ពស់ស្ទើរតែគ្រប់ពេល គឺមិនមានសុខភាពល្អទេ។ ការឡើងសម្ពាធឈាម គឺជាសញ្ញាមួយដែលប្រាប់ថាបេះដូងធ្វើការខ្លាំងពេក។

នៅពេលមនស្សម្នាក់មានជំងឺលើសឈាម ការបញ្ចុះសម្ពាធ អាចជួយឲ្យគាត់រស់នៅបានយូរ។ ជួនកាលគាត់ត្រូវការប្រើថ្នាំពេទ្យដើម្បីបញ្ចុះសម្ពាធឈាម ប៉ុន្តែជាញឹកញាប់ ការឡើងសម្ពាធឈាមអាចត្រូវបញ្ចុះបានដោយការបរិភោគអាហារសុខភាព បន្ថយជាតិប្រៃ និងការធ្វើលំហាត់ប្រាណ។ ការឈប់ជក់បារីនិងគ្រឿងស្រវឹង ក៏អាចជួយផងដែរ។ ការព្យាបាលជំងឺទឹកនោមផ្អែម ក៏ជួយដល់បេះដូង ផងដែរ។ មានមធ្យោបាយជាច្រើនក្នុងការបញ្ចុះសម្ពាធឈាម

ជួនកាលវាមិនមានមូលហេតុច្បាស់លាស់ដែលថាមនុស្សម្នាក់មានជំងឺលើសឈាមនោះទេ។ នៅពេលដែលមនុស្សមានវ័យចំណាស់ សម្ពាធឈាមរបស់គាត់កើនឡើងជាបន្តបន្ទាប់ ដោយសារសរសៃឈាមអាទែរបស់គាត់ឡើងរឹងទៅតាមអាយុ។ សម្រាប់ស្ត្រីមួយចំនួន ការមានផ្ទៃពោះធ្វើឲ្យសម្ពាធឈាមរបស់គាត់កើនឡើង។ ជំងឺលើសឈាមក៏អាចកើតឡើងក្នុងគ្រួសារបានដែរ មានន័យថាប្រសិនបើអ្នកមានឪពុកម្តាយឬសាច់ញាតិជិតស្និទ្ធ មានបញ្ហានេះ វាក៏អាចជាបញ្ហាមួយសម្រាប់អ្នកផងដែរ។

នៅពេលដែលសម្ពាធឈាមឡើងខ្ពស់ពេក

សម្ពាធឈាមដែលវាស់ទៅឃើញខ្ពស់ជាង 140/90 ជាប្រចាំ ត្រូវបានចាត់ទុកថាជាជំងឺលើសឈាម។ ប៉ុន្តែប្រសិនបើគាត់មានបញ្ហាសុខភាពផ្សេងៗទៀត នោះលេខសម្ពាធឈាមដែលអាចទទួលបាន គឺអាចនឹងខ្ពស់ឬទាបជាងនេះ។ ឧទាហរណ៍ វាជារឿងធម្មតាទេដែលសម្ពាធឈាមកើនឡើងបន្តិចបន្តួច នៅពេលមនុស្សកាន់តែចាស់ ហើយវាប្រហែលមិនមែនជាបញ្ហាសម្រាប់អ្នកដែលគ្មានបញ្ហាសុខភាពផ្សេងទៀតនោះទេ។ ប្រសិនបើសម្ពាធឈាមមានខ្ពស់ជាង 130/80 ជាទៀងទាត់ ឬកើនឡើងជាបន្តបន្ទាប់, ចូរសាកល្បងប្រើមធ្យោបាយផ្សេងៗដើម្បីបន្ថយវា ហើយបន្តវាស់សម្ពាធឈាមដើម្បីមើលថាតើមធ្យោបាយមួយណាមានប្រសិទ្ធភាព។

ជាធម្មតា មនុស្សដែលមានជំងឺលើសឈាម នឹងមិនកត់សម្គាល់រោគសញ្ញាអ្វីទេ លើកលែងតែឈាមរបស់គាត់ខ្ពស់ពេក។ ជាអកុសល ការដែលមិនមានរោគសញ្ញា មិនមែនមានន័យថាគ្មានគ្រោះថ្នាក់នោះទេ។ មធ្យោបាយតែមួយគត់ដើម្បីដឹងថាតើអ្នកមានជំងឺលើសឈាមឬអត់ គឺត្រូវវាស់ឈាម។

NWTND heart Page 7-1.png

ជំងឺលើសឈាម និងផ្ទៃពោះ

ជាទូទៅ បុគ្គលិកសុខាភិបាលនិងឆ្មប តែងតែវាស់ឈាមរបស់ស្ត្រីមានផ្ទៃពោះនៅរាល់ពេលដែលគាត់មកពិនិត្យ។ វាជារឿងធម្មតានិងល្អចំពោះស្ត្រីដែលមានសម្ពាធឈាមទាបជាងធម្មតាបន្តិច ក្នុងអំឡុងពេល ៦ខែដំបូងនៃផ្ទៃពោះ។ សម្ពាធឈាមល្អស្ថិតក្នុងចន្លោះ 90/60 និង 140/90 និងមិនកើនឡើងច្រើនទេក្នុងអំឡុងពេលមានផ្ទៃពោះ។ ជំងឺលើសឈាមអំឡុងពេលមានផ្ទៃពោះ បណ្តាលឲ្យមានចរន្តឈាមតិច។ បែបនេះវានាំអាហារតិចទៅឲ្យគភ៌ដែលកំពុងលូតលាស់ ដូច្នេះទារកអាចនឹងលូតលាស់យឺតពេក។

សម្ពាធឈាមដែលមានចន្លោះពី 140 ទៅ 150 សម្រាប់លេខខាងលើ ឬចន្លោះពី 90 ទៅ 100 សម្រាប់លេខខាងក្រោម អាចនឹងត្រូវព្យាបាលដោយមិនប្រើថ្នាំពេទ្យ ដោយឱ្យស្ត្រីសម្រាកឲ្យបានច្រើន និងដេកផ្អៀង។ សញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរមានដូចជា ដង្ហើមខ្លីៗ ឈឺទ្រូង ឬសម្ពាធឈាមខ្ពស់។ ជំងឺលើសឈាមក្នុងពេលមានផ្ទៃពោះ អាចជាសញ្ញានៃ ជំងឺបម្រុងក្រឡាភ្លើង ដែលជាស្ថានភាពអាសន្នដែលអាចបណ្តាលឲ្យទារកកើតមុនខែ ធ្លាក់ឈាម ប្រកាច់ និងសូម្បីតែស្លាប់។

នៅពេលណាទើបចាត់ទុកថាសម្ពាធឈាមចុះទាបខ្លាំង។

សម្ពាធឈាមទាបជាង 90 (ស៊ីស្តូលីក), ខ្ពស់ជាង 60 (ឌីស្កូឡូក) ជាទូទៅត្រូវគេចាត់ទុកថាជាសម្ពាធឈាមទាប។ មនុស្សមួយចំនួនគ្មានបញ្ហាអ្វីទេពីសម្ពាធឈាមទាប។ ប៉ុន្តែប្រសិនបើមានវិលមុខ ឬដួលសន្លប់ ប្រហែលជាត្រូវព្យាបាលសម្ពាធឈាមទាប។ សម្ពាធឈាមទាប អាចជាសញ្ញានៃការខ្សោះជាតិទឹក ឬបញ្ហាផ្សេងទៀត។ ដើម្បីព្យាបាលវា ជាការសំខាន់គឺត្រូវរកមូលហេតុនៃការចុះសម្ពាធឈាម។

នៅពេលដែលសម្ពាធឈាមធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយមានសញ្ញាផ្សេងទៀត ដូចជាវង្វេងវង្វាន់ បែកញើសត្រជាក់ ជីពចរខ្សោយញាប់ នោះវាជាស្ថានភាពអាសន្នមួយដែលគេហៅថាស្ហុក។ នៅពេលដែលសញ្ញាស្ហុកចាប់ផ្តើម ជាទូទៅវាកាន់តែអាក្រក់យ៉ាងឆាប់រហ័ស រហូតទាល់តែរាងកាយលែងឆ្លើយតបទាំងស្រុង។ ចូរព្យាបាលស្ហុកយ៉ាងឆាប់រហ័ស ដើម្បីសង្គ្រោះជីវិតរបស់គាត់។

ការពិនិត្យសម្ពាធឈាម មានសារសំខាន់ណាស់

Km NWTND heart Page 8-1.png

នរណាដែលមានឧបករណ៍វាស់ឈាម សុទ្ធតែអាចពិនិត្យឈាម។ ជាទូទៅ បុគ្គលិកសុខាភិបាលវាស់សម្ពាធឈាមរបស់អ្នក រាល់ពេលដែលអ្នកទៅពិនិត្យ ប៉ុន្តែអ្នកក៏អាចពិនិត្យនៅឯឱសថស្ថាន ឬព្រឹត្តិការណ៍អប់រំសុខភាពនៅក្នុងសហគមន៍ ឬកន្លែងធ្វើការបានផងដែរ។ កត់ទុកពីសម្ពាធឈាមរបស់អ្នកដើម្បីដឹងថាតើវាប្រែប្រួលតាមពេលដែរឬទេ។

បើអ្នកមានឧបករណ៍វាស់សម្ពាធឈាម នោះអ្នកអាចរៀនវាស់សម្ពាធឈាមខ្លួនឯងនៅផ្ទះបាន។ អ្នកអាចចែកគ្នាប្រើឧបករណ៍វាស់ឈាមនេះប្រកបដោយសុវត្ថិភាព។

ជំងឺលើសឈាមគឺជាការព្រមានមួយប្រាប់ថាជំងឺបេះដូងប្រហែលកំពុងវិវត្ត ឬបានចាប់ផ្តើមទៅហើយ។ យូរៗទៅ សម្ពាធឈាមដែលកើនឡើង បំផ្លាញដល់សរីរាង្គនៅក្នុងរាងកាយ និងអាចបណ្តាលឲ្យគាំងបេះដូង, ខ្សោយបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺតម្រងនោម និងការខូចខាតភ្នែក។ នៅពេល អ្នករៀនវាស់សម្ពាធឈាមខ្លួនឯង អ្នកអាចយល់ថាតើការហាត់ប្រាណនិងការបរិភោគល្អ អាចជួយកែលម្អសម្ពាធឈាមរបស់អ្នកបានយ៉ាងណាខ្លះ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨