Hesperian Health Guides

ភាពក្រីក្រ និងវិសមភាពបង្កផលប៉ះពាល់ដល់បេះដូង

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមកំពុងធ្វើឱ្យជីវិតមនុស្សកាន់តែលំបាក និងបណ្តាលឱ្យស្លាប់កាន់តែច្រើនទាំងនៅតាមបណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងនៅតាមប្រទេសអ្នកមាន។ ការផ្លាស់ប្តូរទាំងនេះច្រើនតែបង្កឡើងដោយប្រព័ន្ធសេដ្ឋកិច្ចដែលបង្កើនវិសមភាព បង្ខំឱ្យប្រជាជនក្រីក្រចំណាយប្រាក់កាន់តែច្រើនដើម្បីរស់ និងអនុញ្ញាតឱ្យអាហារមិនល្អចំពោះសុខភាព និងភេសជ្ជៈផ្អែមដែលផលិតដោយក្រុមហ៊ុនធំៗ មានច្រើនសម្បូរបែបជាងអាហារដែលត្រូវបានដាំដុះ ឬចម្អិនក្នុងស្រុក។ ជារឿយៗ ភាពក្រីក្របង្ខំមនុស្សឱ្យរស់នៅក្នុងស្ថានភាពកកកុញ ពោរពេញដោយការបំពុលខ្យល់ឬទឹក គ្មានកន្លែងសុវត្ថិភាពសម្រាប់ដើរ ឬលេងកម្សាន្ត។ ទាំងអស់នេះបណ្តាលឱ្យប្រជាជនកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែមកាន់តែច្រើន។ ជំងឺទាំងនេះកាន់តែអាក្រក់សម្រាប់ប្រជាជនក្រីក្រ ដែលមិនអាចទទួលបានការថែទាំសុខភាព ឬថ្នាំដែលពួកគេត្រូវការ។ Km NWTND heart Page 24-1.png

ការដែលត្រូវបានគេបដិសេធមិនឱ្យទទួលបានសមភាពឬឱកាសធ្វើឱ្យជីវិតរបស់អ្នកកាន់តែប្រសើរ មិនត្រឹមតែជាភាពអយុត្តិធម៌មួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកទៀតផង។ វាអាចមិនឱ្យអ្នកបានទទួលទានអាហារល្អ ធ្វើឱ្យអ្នកត្រូវជ្រើសរើសរវាងការងារប្រកបដោយគ្រោះថ្នាក់ ឬគ្មានការងារធ្វើ បណ្តេញអ្នកចេញពីផ្ទះសម្បែង ឬទុកឱ្យអ្នកប្រឈមនឹងអំពើហិង្សាក្នុងគ្រួសារ។ ហើយប្រសិនបើអ្នកព្យាយាមផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ អ្នកអាចប្រឈមនឹងអំពើហិង្សាពីសំណាក់ប៉ូលីសទៀតផង។ ស្ថានភាពលំបាកទាំងនេះបង្កឱ្យមានភាពតានតឹងក្នុងអារម្មណ៍។ ភាពតានតឹងក្នុងអារម្មណ៍សំដៅទាំងលើរបៀបដែលយើងមានអារម្មណ៍ក្រៀមក្រំចិត្ត ខ្វាយខ្វល់ ភ័យខ្លាច និងរបៀបដែលរាងកាយរបស់យើងមានប្រតិកម្មនៅពេលប្រឈមនឹងស្ថានភាពលំបាក។

ស្ថានភាពលំបាកបង្កឱ្យមានអារម្មណ៍តានតឹង

នៅពេលមានបញ្ហាកើតឡើង យើងមានអារម្មណ៍តានតឹង។ អារម្មណ៍តានតឹងអាចបណ្តាលឱ្យមានប្រតិកម្មសរីរៈនៅក្នុងរាងកាយរបស់យើង ដូចជាចង្វាក់បេះដូងលោតញាប់ បាតដៃបែកញើស ឬសន្លប់។ ការផ្លាស់ប្តូរទាំងនេះកើតឡើងដោយសារតែរាងកាយផ្លាស់ប្តូរសារធាតុធម្មជាតិ (អ័រម៉ូន) ដែលវាបញ្ចេញជាការឆ្លើយតបទៅនឹងអ្វីដែលធ្វើឱ្យយើងភ័យខ្លាច ឬព្រួយបារម្ភ។ នៅលើផ្នែកវិជ្ជមាន អ័រម៉ូនដាស់តឿនរាងកាយរបស់យើងឱ្យរត់គេចពីគ្រោះថ្នាក់ ឬប្រយុទ្ធតទល់នឹងអ្នកវាយប្រហារ។ អ័រម៉ូនភាពតានតឹងមួយចំនួន និងឥទ្ធិពលរបស់វានឹងរសាយបាត់ទៅវិញភ្លាមៗ ប្រសិនបើមូលហេតុនៃភាពតានតឹងនោះរលាយបាត់ទៅវិញ។ ប៉ុន្តែសម្រាប់អ្នកដែលតានតឹងក្នុងអារម្មណ៍គ្រប់ពេលវេលា រាងកាយរបស់ពួកគេមិនមានឱកាសកែលម្អឱ្យប្រសើរវិញទេ ឥទ្ធិពលនៃភាពតានតឹងកើនឡើងជាលំដាប់ ហើយពួកគេធ្លាក់ខ្លួនឈឺជាញឹកញាប់។ សូម្បីតែយើងស៊ាំជាមួយនឹងការរស់នៅជាមួយស្ថានភាពលំបាក និងមានភាពតានតឹងតិចក៏ដោយ ក៏វានៅតែអាចបង្កផលប៉ះពាល់ដល់រាងកាយរបស់យើងផងដែរ។

ភាពតានតឹងអាចនឹងហាក់ដូចជាមានមិនចេះចប់ និងបង្កផលប៉ះពាល់ជាខ្លាំង។ ភាពតានតឹងដែលបណ្តាលមកពីការរស់នៅក្នុងសង្គ្រាម ការផ្លាស់ប្តូរលំនៅទៅកន្លែងថ្មី និងមិនចេះភាសាឬស្គាល់ទំនៀមទម្លាប់ បញ្ហាគ្រួសារឬទំនាក់ទំនង បញ្ហាលំនៅដ្ឋានឬការងារ ការភ័យខ្លាចចំពោះសុវត្ថិភាពរបស់អ្នក ការរើសអើងជាតិសាសន៍ និងការរើសអើងផ្សេងៗ សុទ្ធតែធ្វើឱ្យមានបញ្ហាដល់ផ្លូវចិត្ត និងបំផ្លាញរាងកាយរបស់យើង។ អ្នកកាន់តែបាត់បង់សមត្ថភាពក្នុងការប្រយុទ្ធតទល់នឹងការឆ្លងរោគ និងជំងឺ ហើយងាយនឹងមានបញ្ហាសុខភាព។ ស្ត្រីនិងបុរសដែលតែងតែមានភាពតានតឹងក្នុងអារម្មណ៍ទំនងជានឹងកើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែមច្រើនជាង បើធៀបទៅនឹងអ្នកដែលមិនមានការលំបាកខ្លាំងក្នុងជីវិតរស់នៅរបស់ពួកគេ។

ភាពតានតឹងក្នុងអារម្មណ៍និងជំងឺដែលវានាំឱ្យកើតមាន គឺជាលទ្ធផលនៃភាពអយុត្តិធម៌ និងវិសមភាព។ ការធ្វើការដើម្បីផ្លាស់ប្តូរស្ថានភាពនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់សុខភាព។

មនុស្សដែលធ្វើការដើម្បីការផ្លាស់ប្តូរជួយដល់អ្នកដទៃ និងមានអារម្មណ៍ល្អ

ការបង្កើតក្រុមសហគមន៍ដ៏រឹងមាំដើម្បីដោះស្រាយបញ្ហាអំពើហិង្សាប្រឆាំងនឹងស្រ្តី ការអប់រំល្អប្រសើរសម្រាប់កុមារ សមភាពសេវាពីអាជ្ញាធរក្រុង ឬបញ្ហាសំខាន់ៗដែលសហគមន៍អ្នកកំពុងប្រឈម អាចកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍។ នេះមិនមែនជាការងារងាយស្រួលធ្វើនោះទេ។ ប៉ុន្តែដោយមានការអត់ធ្មត់ និងការខិតខំធ្វើការ សហគមន៍នាំមកនូវការផ្លាស់ប្តូរដែលធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង។ សូមមើល សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី: យុទ្ធសាស្ត្រក្នុងការកៀរគរដើម្បីការផ្លាស់ប្តូរ',' សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន, Workers' Guide to Health and Safetyនិងធនធានដទៃទៀតរបស់អង្គការ Hesperian សម្រាប់មធ្យោបាយលើកកម្ពស់សុខភាពដោយការធ្វើការលើបញ្ហាដែលសហគមន៍របស់អ្នកកំពុងប្រឈម។

Km NWTND heart Page 25-1.png
ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការរើសអើង អំពើហិង្សា និងភាពឯកោជួយធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើង និងកាត់បន្ថយគ្រោះថ្នាក់ការងារ។ ការធ្វើការដើម្បីផ្លាស់ប្តូរជាមួយអ្នកដទៃធ្វើឱ្យយើងមានអារម្មណ៍ថាមានអំណាចជាងមុន ជាផ្នែកមួយនៃអ្វីដែលធំជាងមុន និងមានទំនាក់ទំនងជាមួយអ្នកដទៃច្រើនជាងមុន។ អារម្មណ៍ទាំងនេះអាចកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍។

យកអាហារមិនល្អចេញ រួចដាក់អាហារដែលល្អចំពោះសុខភាពនិងការហាត់ប្រាណចូល

Km NWTND heart Page 26-1.png
សន្សំប្រាក់របស់អ្នកសម្រាប់អាហារដែលសម្បូរជីវជាតិ។ អាហារខ្លះធ្វើឱ្យរាងកាយរបស់អ្នករឹងមាំ ប៉ុន្តែអាហារផ្សេងទៀតគ្រាន់តែធ្វើឱ្យក្រុមហ៊ុនធំៗកាន់តែមានទៅៗប៉ុណ្ណោះ។

សហគមន៍និងរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ទៅលើមូលហេតុដែលមនុស្សមិនហាត់ប្រាណគ្រប់គ្រាន់ មូលហេតុពិបាករកចំណីអាហារស្រស់និងល្អចំពោះសុខភាព ហើយហេតុអ្វីបានជាអាហារមិនល្អមាននៅគ្រប់ទីកន្លែង ហើយជារឿយៗមានតម្លៃថោក។ មធ្យោបាយមួយចំនួនដែលសហគមន៍អាចធ្វើការលើបញ្ហានេះរួមមាន ៖

  • បង្កើនពន្ធលើបារី និងភេសជ្ជៈផ្អែមដូចជា Coca-Cola ដូច្នេះមនុស្សនឹងទិញផលិតផលទាំងនេះតិចជាងមុន។ បន្ទាប់មក មនុស្សកាន់តែតិចនឹងមានបញ្ហាឡើងទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
  • ដាំសួនបន្លែនៅក្នុងសាលារៀនដើម្បីផ្តល់នូវអាហារសម្បូរជីវជាតិ។ ហាមអ្នកលក់មិនឱ្យលក់អាហារមិនល្អចំពោះសុខភាពនៅក្បែរបរិវេណសាលារៀន។ ការណ៍នេះផ្លាស់ប្តូរអ្វីដែលកុមារទទួលទាន និងអ្វីដែលពួកគេធ្លាប់ទទួលទាន។
  • ធ្វើឱ្យចរាចរណ៍មានភាពស្ងប់ស្ងាត់ ដូច្នេះគេមានសុវត្ថិភាពក្នុងការដើរទៅសាលារៀន ទៅធ្វើការ និងទៅទីផ្សារ។ បង្កភាពងាយស្រួលនិងសុវត្ថិភាពដល់ប្រជាជនក្នុងការហាត់ប្រាណបន្ថែម។
  • បង្កើនលទ្ធភាពក្នុងការទៅកម្សាន្តនៅតាមសួនច្បារនិងតំបន់ផ្សេងទៀត ដែលមនុស្សអាចលេងកីឡា រាំ ដើរ ឬហាត់ប្រាណជាមួយអ្នកដទៃ។ នៅពេលមនុស្សធ្វើការជាមួយគ្នាដើម្បីការផ្លាស់ប្តូរ ពួកគេមានអារម្មណ៍ថាមិនសូវឯកោ និងមានអារម្មណ៍តានតឹងតិចជាងមុន។ ហើយនោះគឺជាអ្វីដែលល្អសម្រាប់បេះដូង។
NWTND heart Page 26-2.png
ពុករីករាយរីករាយណាស់ដែលគណៈកម្មាធិការឃុំ-សង្កាត់របស់យើងស្ថាបនាចិញ្ចើមផ្លូវ។ ឥឡូវ យើងអាចដើរជុំវិញទីក្រុង និងហាត់ប្រាណបានហើយ។ ល្អសម្រាប់បេះដូងនិងជើងរបស់យើង!

ផ្លាស់ប្តូរសារ!

Km NWTND heart Page 27-3.png

ចូរមានភាពច្នៃប្រឌិតធ្វើយ៉ាងណាឱ្យប្រជាជននិយាយ និងគិតអំពីផលប៉ះពាល់នៃផលិតផលមិនល្អចំពោះសុខភាព និងអ្នកដែលទទួលបានផលប្រយោជន៍ពីការលក់ផលិតផលទាំងនោះ។ ជាឧទាហរណ៍ ជំរុញឱ្យប្រជាជនធ្វើការកត់សម្គាល់ដោយការផ្លាស់ប្តូរការផ្សាយពាណិជ្ជកម្មដែលអ្នកបានឃើញនៅលើកាសែត ឬផ្ទាំងប៉ាណូ។ អ្នកអាចចែករំលែកគំនិតថ្មីណាមួយ បង្ហាញពីការពិតដ៏អាក្រក់អំពីផលិតផលនោះ ឬធ្វើឱ្យអ្នកមើលមានអារម្មណ៍ផ្ទុយពីអ្វីដែលអ្នកផ្សាយពាណិជ្ជកម្មចង់បាន។ វាអាចមានលក្ខណៈសាមញ្ញដូចជាការសរសេរចំណងជើងថ្មីនៅលើប័ណ្ណផ្សាយពាណិជ្ជកម្ម។ ថតរូបផ្ទាំងពាណិជ្ជកម្មដើម្បីបង្ហាញទៅដល់អ្នកដទៃ ឬបង្ហោះវាលើប្រព័ន្ធអ៊ីនធឺណិត។ ឬបង្កើតរូបភាពលើប្រព័ន្ធអ៊ីនធឺណិតដោយដាក់ចំណងជើងមួយ (បែបកំប្លែង) ដើម្បីលើកកម្ពស់សុខភាព និងយុត្តិធម៌សង្គម។ សៀវភៅ “សកម្មភាពសុខភាពសម្រាប់ស្ត្រី : យុទ្ធសាស្រ្តជាក់ស្តែងក្នុងការកៀងគរដើម្បីផ្លាស់ប្តូរ” របស់អង្គការ Hesperian បង្ហាញនូវគំនិតអំពីសកម្មភាពជាក្រុមដែលត្រូវបានគេប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើន ដែលអ្នកអាចយកមកធ្វើការកែសម្របឱ្យសមស្របទៅនឹងបញ្ហាសុខភាពដែលមានសារៈសំខាន់ចំពោះសហគមន៍របស់អ្នក។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨