Hesperian Health Guides

Hesperian Health Guides

មធ្យោបាយផែនការគ្រួសារ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

មាតិកា

ក្នុង​ជំពូក​នេះ

សៀវភៅនេះរៀបរាប់ពីមធ្យោបាយផែនការគ្រួសារប្រភេទផ្សេងៗដែលត្រូវបានប្រើប្រាស់ញឹកញាប់។ សម្រាប់ព័ត៌មានអំពីមធ្យោបាយមិនសូវមានប្រើញឹកញាប់ផ្សេងទៀត (បន្ទះបិត, បន្ទះដ្យ៉ាហ្វ្រាម, និងផ្សេងទៀត) សូមមើលជំពូក ១៣ នៃសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត , ឬជំពូក ១៧ នៃ A Book for Midwives (សៀវភៅសម្រាប់ឆ្មប), ដែលអាចរកបានពីអង្គការហេស្ពឺរៀន (Hesperian) ។

របៀបជ្រើសរើសមធ្យោបាយផែនការគ្រួសារមួយ

មធ្យោបាយផ្សេងគ្នា មានគុណសម្បត្តិនិងគុណវិបត្តិខុសៗគ្នាដែរ។ ជាការល្អអ្នកគួរតែជជែកជាមួយដៃគូរបស់អ្នក ស្ត្រីផ្សេងទៀត ឬបុគ្គលិកសុខាភិបាលអំពីមធ្យោបាយផ្សេងៗដើម្បីជាជំនួយដល់អ្នកក្នុងការសម្រេចចិត្ត។ ចំណុចមួយចំនួនដែលអ្នកគួរពិចារណានៅពេលជ្រើសរើសមធ្យោបាយផែនការគ្រួសារ៖

 • តើវាមានប្រសិទ្ធភាពកម្រិតណាក្នុងការបង្ការការមានផ្ទៃពោះ?
 • តើវាមានប្រសិទ្ធភាពកម្រិតណាក្នុងការការពារពីជំងឺកាមរោគ?
 • តើដៃគូរបស់អ្នកតាំងចិត្តប្រើប្រាស់ផែនការគ្រួសារដែរឬទេ ឬមួយអ្នកត្រូវលាក់កំបាំងពីគាត់?
 • តើអ្នកអាចទទួលបានមធ្យោបាយនោះយ៉ាងងាយដែរឬទេ ហើយតើអ្នកត្រូវប្រើប្រាស់វាញឹកញាប់ប៉ុណ្ណា?
 • តើមធ្យោបាយនោះមានតម្លៃប៉ុន្មាន?
 • តើវាមានផលរំខានឬទេ?
 • តើអ្នកមានតម្រូវការនិងក្តីបារម្ភផ្សេងទៀតដែរឬទេ? ឧទាហរណ៍៖ តើអ្នកកំពុងបំបៅដោះកូនមែនឬទេ? តើអ្នកមានកូនគ្រប់ចំនួនដែលចង់បានឬនៅ?
អ្នកមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងអំពីផែនការគ្រួសារ។


មធ្យោបាយផែនការគ្រួសារ ការពារពីការមានផ្ទៃពោះ ការពារពីជំងឺកាមរោគ ភាពញឹកញាប់ ព័ត៌មានសំខាន់ផ្សេងទៀត
ស្រោមអនាម័យ

ល្អ ល្អបំផុត គ្រប់ពេល មានប្រសិទ្ធភាពបំផុតនៅពេលប្រើជាមួយថ្នាំសម្លាប់មេជីវិត និងទឹករំអិល។ ត្រូវប្រើស្រោមអនាម័យនៅរាល់ពេលដែលអ្នករួមភេទ។
ថ្នាំគ្រាប់ពន្យារកំណើត-ថ្នាំមានអ័រម៉ូនផ្សំ

ល្អណាស់ មិនអាច រាល់ថ្ងៃ មានប្រសិទ្ធភាពបំផុតបើលេបទៀងពេលរៀងរាលថ្ងៃ។ ស្ត្រីដែលមាន បញ្ហាសុខភាពដូចរៀបរាប់ខាងក្រោម មិនគួរប្រើមធ្យោបាយមួយនេះទេ។
ថ្នាំគ្រាប់ពន្យារកំណើត- ថ្នាំគ្រាប់តូច

ល្អណាស់ មិនអាច រាល់ថ្ងៃ មានប្រសិទ្ធតែប្រសិនបើលេបទៀងពេលរៀងរាល់ថ្ងៃប៉ុណ្ណោះ។ អាចប្រើបានបើស្ត្រីនៅបំបៅដោះកូន (ចាប់ផ្តើមប្រើនៅពេលទារកអាយបាន ៦សប្តាហ៍)។
កងដាក់ក្រោមស្បែក

ល្អបំផុត មិនអាច ៣ឬ៥ឆ្នាំ ត្រូវតែដាក់ចូលនិងដកចេញដោយបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាលពិសេស និងត្រូវប្តូរចេញរៀងរាល់ ៣ឬ៥ឆ្នាំ អាស្រ័យលើប្រភេទ។
ថ្នាំចាក់

ល្អណាស់ មិនអាច ១, ២, ឬ៣ខែ ចាំបាច់ចាក់ឡើងវិញរៀងរាល់ ១, ២, ឬ៣ខែ (អាស្រ័យលើប្រភេទ)។
កងដាក់ក្នុងស្បូន

ល្អបំផុត មិនអាច ៥ឬ១២ឆ្នាំ មានប្រសិទ្ធភាពរយៈពេល ៥ឬ១២ឆ្នាំ (អាស្រ័យលើប្រភេទ)។ ត្រូវតែដាក់ចូលនិងដកចេញដោយបុគ្គលិកសុខាភិបាលដែលឆ្លងកាត់ការបណ្តុះបណ្តាលពិសេស។
ការដកចេញ

តិចបំផុត
មិនអាច
គ្រប់ពេល
បុរសត្រូវតែដកលិង្គចេញរាល់ពេលដែលរួមភេទ។ ទោះបីគាត់ដកចេញក៏ដោយ ទឹករំអិលខ្លះពីលិង្គ អាចចូលទៅក្នុងទ្វារមាសក្នុងអំឡុងពេលរួមភេទដែរ ដែលអាចបណ្តាលឲ្យមានផ្ទៃពោះ ឬឆ្លងជំងឺកាមរោគ។
ការបំបៅដោះ (ក្នុងអំឡុង ៦ខែដំបូងប៉ុណ្ណោះ) ល្អណាស់ មិនអាច ច្រើនលើកទាំងថ្ងៃ និងយប់ មធ្យោបាយនេះមានប្រសិទ្ធភាពតែប្រសិនបើស្ត្រីបំបៅកូនដោយទឹកដោះតែមួយមុខ ហើយគាត់មិនទាន់មានរដូវឡើងវិញប៉ុណ្ណោះ។
ការសម្គាល់ពេលបង្កកំណើត

ល្អ មិនអាច គ្រប់ពេល មធ្យោបាយនេះមិនសូវមានប្រសិទ្ធភាពទេបើស្ត្រីមិនវដ្តរដូវមិនទៀងទាត់។
រួមភេទដោយមិនស៊កលិង្គចូល ល្អបំផុត អាស្រ័យ គ្រប់ពេល បើលិង្គមិនប៉ះនឹងប្រដាប់ភេទស្ត្រីទេ នោះគាត់មិនអាចមានផ្ទៃពោះឡើយ។ ការរួមភេទតាមរន្ធគូថ ងាយនឹងឆ្លងជំងឺកាមរោគ, ការរួមភេទតាមមាត់ មិនសូវឆ្លងទេ, ហើយការស្ទាបអង្អែលកម្រនឹងឆ្លងណាស់។
ការវះកាត់បញ្ឈប់កំណើត ល្អបំផុត មិនអាច មួយលើក នៅពេលដែលស្ត្រីឬបុរសម្នាក់បានវះកាត់បញ្ឈប់កំណើត នោះពួកគេមិនអាចមានផ្ទៃពោះ ឬធ្វើឲ្យមានផ្ទៃពោះទេ។


បុរសស្ត្រីជ្រើសរើសមធ្យោបាយខុសៗគ្នាអាស្រ័យលើស្ថានភាពរបស់ពួកគេ។


ខ្ញុំមិនចង់ចងចាំថាត្រូវធ្វើអ្វីមួយរៀងរាល់ថ្ងៃនោះទេ។
ខ្ញុំមិនចង់ដាក់របស់អ្វីមួយនៅក្នុងស្បូនរបស់ខ្ញុំទេ។
អ្នកប្រហែលជាចង់ប្រើ៖កងដាក់ក្រោមស្បែក ឬកងដាក់ក្នុងស្បូន អ្នកប្រហែលជាចង់ប្រើ៖ថ្នាំគ្រាប់ កងដាក់ក្រោមស្បែក ស្រោមអនាម័យបុរស ការសម្គាល់ពេលបង្កកំណើត
អ្នកគួរតែចៀសវាង៖ ថ្នាំគ្រាប់, ការសង្កេតលើអំឡុងពេលបង្កកំណើត អ្នកគួរតែចៀសវាង៖ ស្រោមអនាម័យស្ត្រី, កងដាក់ក្នុងស្បូន
ខ្ញុំមិនចង់ឲ្យឪពុកម្តាយដឹងថាខ្ញុំពន្យារកំណើតឡើយ។
ខ្ញុំមិនចង់មានកូនបន្ថែមទៀតទេ។
ការចិញ្ចឹមកូន ២នាក់គឺគ្រប់គ្រាន់សម្រាប់ខ្ញុំហើយ។
អ្នកប្រហែលជាចង់ប្រើ៖ ថ្នាំចាក់, ស្រោមអនាម័យ អ្នកប្រហែលជាចង់ប្រើ៖ កងដាក់ក្រោមស្បែក, ថ្នាំចាក់, កងដាក់ក្នុងស្បូន, ការវះកាត់បញ្ឈប់កំណើត
អ្នកគួរតែចៀសវាង៖ ថ្នាំគ្រាប់ អ្នកគួរតែចៀសវាង៖ ការសង្កេតមើលអំឡុងពេលបង្កកំណើត
ខ្ញុំចង់មានកូនប្រហែលមួយឆ្នាំទៀត ប៉ុន្តែមិនមែនពេលនេះទេ។
ខ្ញុំបានរួមភេទជាមួយស្ត្រីផ្សេង ហើយចង់ការពារប្រពន្ធខ្ញុំពីមេរោគអេដស៍។
អ្នកប្រហែលជាចង់ប្រើ៖ស្រោមអនាម័យ, ថ្នាំគ្រាប់, ការសម្គាល់ពេលបង្កកំណើត អ្នកប្រហែលជាចង់ប្រើ៖ ប្រើស្រោមអនាម័យរាល់ពេល
អ្នកគួរតែចៀសវាង៖កងដាក់ក្រោមស្បែក, ថ្នាំចាក់, កងដាក់ក្នុងស្បូន, ការវះកាត់បញ្ឈប់កំណើត អ្នកគួរតែចៀសវាង៖រួមភេទដោយមិនប្រើស្រោមអនាម័យ
គេអាចប្រើមធ្យោបាយច្រើនជាងមួយ។
យើងប្រើមធ្យោបាយសម្គាល់ពេលបង្កកំណើត, ហើយក្នុងថ្ងៃបង្កកំណើត យើងប្រើស្រោមអនាម័យដើម្បីបង្ការកុំឲ្យមានផ្ទៃពោះ
មិត្តស្រីរបស់ខ្ញុំប្រើថ្នាំចាក់ពន្យារកំណើត ហើយយើងប្រើស្រោមអនាម័យដើម្បីបង្ការជំងឺកាមរោគ។

ស្រោមអនាម័យ

ស្រោមអនាម័យគឺជាជ័រជាតិឡាតិចស្តើងដែលបុរសពាក់គ្របលើលិង្គរបស់ខ្លួនក្នុងពេលរួមភេទ។ ទឹកកាមរបស់បុរសស្ថិតនៅក្នុងស្រោមអនាម័យ ដូច្នេះមេជីវិតមិនអាចចូលទៅក្នុងទ្វារមាសរួចធ្វើឲ្យស្ត្រីមានផ្ទៃពោះនោះទេ។ ស្រោមអនាម័យមានសុវត្ថិភាព និងគ្មានផលរំខានឡើយ។

ស្រោមអនាម័យក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតផងដែរ ក្នុងការបង្ការពីជំងឺកាមរោគ រួមទាំងមេរោគអេដស៍។ បើទោះជាអ្នកកំពុងប្រើមធ្យោបាយពន្យារកំណើតផ្សេងក៏ដោយ អ្នកក៏អាចប្រើស្រោមអនាម័យបន្ថែមផងដែរ ដើម្បីការពារខ្លួននិងដៃគូរបស់អ្នកពីជំងឺកាមរោគ។

ស្រោមអនាម័យគឺជាមធ្យោបាយពន្យារកំណើតតែមួយគត់ដែលមានប្រសិទ្ធភាពបង្ការទាំងផ្ទៃពោះ និងជំងឺកាមរោគ។ ប៉ុន្តែបុរសត្រូវតែតាំងចិត្តប្រើស្រោមអនាម័យនៅរាល់ពេលរួមភេទ។

ច្របាច់ចុងស្រោម រួចពន្យារវាស្រោបលិង្គដែលកំពុងឡើងរឹង។ ចុងស្រោមអនាម័យជាកន្លែងផ្ទុកទឹកកាមរបស់បុរស។ (បើអ្នកមិនទុកចុងស្រោមទេ វាអាចនឹងបែកធ្លាយ)។ បន្ទាប់ពីចេញទឹកកាមរួច នៅពេលដែលលិង្គនៅរឹងនៅឡើយ ចូរកាន់ទប់កងរបស់ស្រោមអនាម័យ ក្នុងពេលដែលដកលិង្គចេញពីទ្វារមាសរបស់ស្ត្រី។ បន្ទាប់មកដោះស្រោមចេញពីលិង្គ។ (ចោលស្រោមទៅក្នុងធុងសំរាម, កុំចោលវាពាសវាលពាសកាល!)។ ប្រើស្រោមអនាម័យថ្មីនៅរាល់ពេលរួមភេទ។

ស្រោមអនាម័យស្ត្រី

រង្វង់ខាងក្នុង ចូលទៅក្នុងទ្វារមាស។
រង្វង់ខាងក្រៅ នៅខាងក្រៅទ្វារមាស។

ស្រោមអនាម័យស្ត្រីអាចស៊កទៅក្នុងទ្វារមាសយ៉ាងជាប់ ហើយវាគ្របពីលើបបូរក្រៅនៃយោនីរបស់ស្ត្រី។ វាមានទំហំធំជាងស្រោមអនាម័យបុរស ហើយមិនងាយនឹងបែកធ្លាយទេ។ ស្រោមអនាម័យស្ត្រីការពារពីមេរោគអេដស៍ និងជំងឺកាមរោគផ្សេង។ មិនត្រូវប្រើស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រីជាមួយគ្នាទេ។

ថ្នាំសម្លាប់មេជីវិត

វាជាថ្នាំពពុះ ថ្នាំគ្រាប់ ក្រែម ចាហួយ ឬបន្ទះស្តើង ដែលរលាយនៅក្នុងទ្វារមាស រួចសម្លាប់មេជីវិត ដើម្បីកុំឲ្យវាទៅបង្កកំណើតជាមួយពងរបស់ស្ត្រី។

ប្រដាប់បាញ់បញ្ចូល


ថ្នាំសម្លាប់មេជីវិតត្រូវបានដាក់បញ្ចូលទៅក្នុងទ្វារមាសនៅមុនពេលរួមភេទបន្តិច។ នៅពេលប្រើតែឯង វាមិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ប៉ុន្តែនៅពេលប្រើជាមួយស្រោមអនាម័យ វាផ្តល់ការបង្ការផ្ទៃពោះមួយកម្រិតទៀត។ ថ្នាំសម្លាប់មេជីវិតមិនការពារពីជំងឺកាមរោគ ឬមេរោគអេដស៍ឡើយ។

ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំគ្រាប់ពន្យារកំណើតផ្ទុកជាតិអ័រម៉ូនដែលស្រដៀងគ្នានឹងអ័រម៉ូនធម្មជាតិនៅក្នុងរាងកាយរបស់ស្ត្រីដែរ។ វាបង្ការកុំឲ្យមានផ្ទៃពោះតាមរយៈការបញ្ឈប់អូវែរបស់ស្ត្រីមិនឲ្យបញ្ចេញពង។ ថ្នាំគ្រាប់ពន្យារកំណើតមាន ២ប្រភេទ ៖ ថ្នាំគ្រាប់មានអ័រម៉ូនផ្សំដែលមានជាតិអ័រម៉ូន២ គឺអេស្ត្រូហ្សែន(estrogen) និងប្រូសេស្ទីន(progestin), និងថ្នាំគ្រាប់តូចដែលមានតែអ័រម៉ូនប្រូសេស្ទីនមួយមុខ។ ឈ្មោះពាណិជ្ជកម្មមួយចំនួនមានបង្ហាញនៅក្នុងផ្នែក ថ្នាំលេបពន្យារកំណើត. ។ ថ្នាំគ្រាប់ពន្យារកំណើតមិនការពារពីមេរោគអេដស៍ ឬជំងឺកាមរោគទេ។ ដើម្បីការពារខ្លួន ត្រូវប្រើស្រោមអនាម័យថែមទៀត។


ស្ត្រីខ្លះជ្រើសរើសប្រើថ្នាំគ្រាប់ពន្យារកំណើត ព្រោះវាជួយធ្វើឲ្យរដូវមកទៀង ដូច្នេះពួកគេអាចដឹងច្បាស់ពីពេលដែលមករដូវ។ ថ្នាំគ្រាប់ក៏បន្ថយបរិមាណនៃឈាមរដូវផងដែរ ព្រមទាំងបន្ថយការឈឺចាប់ទៀតផង។

ថ្នាំគ្រាប់ពន្យារកំណើត មិនបណ្តាលឲ្យកើតជំងឺមហារីកនោះទេ។

ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ (ថ្នាំគ្រាប់ដែលមានអ័រម៉ូនអេស្ត្រូហ្សែន និងប្រូសេស្ទីន)

ម៉ាកផ្សេងៗនៃ ថ្នាំគ្រាប់ពន្យារកំណើតដែលមានអ័រម៉ូនផ្សំ មានកម្រិតដូសខុសគ្នានៃជាតិអ័រម៉ូនទាំង២ ។ កម្រិតនៃបន្សំអ័រម៉ូនដែលឃើញមានញឹកញាប់ មានដូចជា progestin ១ មីលីក្រាម (mg) ឬតិចជាងនេះ ជាមួយ estrogen ៣០ឬ៣៥ មីក្រូក្រាម (mcg) ដែលហៅថា ethinyl estradiol, ឬជាមួយ estrogen ៥០ mcg ដែលហៅថា mestranol ។

ថ្នាំគ្រាប់តូច គឺមិនមែនជាថ្នាំគ្រាប់មានអ័រម៉ូនផ្សំនោះទេ។ វា មានតែជាតិអ័រម៉ូនប្រូសេស្ទីនប៉ុណ្ណោះ

ថ្នាំគ្រាប់ពន្យារកំណើតមានប្រសិទ្ធភាពជាខ្លាំង បើលេបទៀងពេលរៀងរាល់ថ្ងៃ។ វាមានប្រសិទ្ធភាពចំពោះស្ត្រីភាគច្រើន។

របៀបលេបថ្នាំគ្រាប់មានអ័រម៉ូនផ្សំ

ប្រសិនបើអ្នកប្រាកដថាមិនទាន់មានផ្ទៃពោះទេ នោះអ្នកអាចចាប់ផ្តើមលេបថ្នាំពន្យារកំណើតបានគ្រប់ពេល។ ថ្នាំគ្រាប់មិនទាន់បង្ការផ្ទៃពោះភ្លាមនោះទេ លុះត្រាតែលេបវាបានប្រហែលមួយសប្តាហ៍សិន។ ដូច្នេះក្នុងអំឡុង ៧ថ្ងៃដំបូងបន្ទាប់ពីចាប់ផ្តើមលេបថ្នាំគ្រាប់ពន្យារកំណើត ចូរប្រើប្រាស់ស្រោមអនាម័យ ឬចៀសវាងការរួមភេទសិន។

អ្នកត្រូវលេបថ្នាំ ១គ្រាប់រៀងរាល់ថ្ងៃដើម្បីបង្ការកុំឲ្យមានផ្ទៃពោះ បើទោះជាអ្នកមិនរួមភេទនៅថ្ងៃនោះក៏ដោយ។ ព្យាយាមលេបវាឲ្យទៀងពេលរៀងរាល់ថ្ងៃ។ បើអ្នកទុកថ្នាំគ្រាប់នៅកន្លែងដេក នោះវាអាចជួយរំឭកអ្នកឲ្យលេបថ្នាំមួយគ្រាប់រាល់យប់ មុននឹងចូលដេក។ ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ភាគច្រើនមានជាបន្ទះ ២៨ ឬ២១គ្រាប់។


ផលរំខានដែលអាចកើតមាននៃថ្នាំគ្រាប់មានអ័រម៉ូនផ្សំ

ផលរំខាននៃថ្នាំនេះមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែវាអាចនឹងគួរឲ្យធុញទ្រាន់។ ជាធម្មតាវានឹងធូរស្រាលឬបាត់ទៅវិញ បន្ទាប់ពីរយៈពេល ៣ខែ។ ជួនកាលអ្នកគួរតែប្តូរទៅប្រើថ្នាំម៉ាកផ្សេងផងដែរ។

អារម្មណ៍ប្រែប្រួលដូចជា កើតទុក្ខព្រួយ ឬមួម៉ៅ ឈឺក្បាល ធ្លាក់ឈាមតិចតួចខុសធម្មតានៅចន្លោះវដ្តរដូវម្តងៗ
ដោះឡើងហើមតឹង ចង្អោរ

ថ្នាំគ្រាប់មានអ័រម៉ូនផ្សំ អាចត្រូវបានប្រើប្រាស់តាមរបៀប ៣យ៉ាង

ការប្រើប្រាស់ ២៨ថ្ងៃ ៖ លេបថ្នាំដែលមានអ័រម៉ូន រយៈពេល ២១ថ្ងៃ បន្ទាប់មកលេបថ្នាំដែលនៅសល់ (ថ្នាំបន្ថែមនៅក្នុងបន្ទះដែលគ្មានជាតិអ័រម៉ូន) រយៈពេល ៧ថ្ងៃទៀត ឬមិនលេបក៏បាន។ អ្នកនឹងមានធ្លាក់ឈាមរៀងរាល់ខែក្នុងអំឡុងពេល ៧ថ្ងៃនោះ ដូចមករដូវធម្មតាដែរ។

បើអ្នកមានបន្ទះថ្នាំដែលមាន ២៨គ្រាប់, ចូរលេបវាមួយថ្ងៃមួយគ្រាប់។ ថ្នាំ៧គ្រាប់ចុងក្រោយ គឺជាថ្នាំរំឭកដែលគ្មានជាតិអ័រម៉ូនទេ, គេដាក់វាមកដើម្បីជួយឲ្យអ្នកចងចាំថាត្រូវលេបថ្នាំរាល់ថ្ងៃ។ ថ្នាំ៧គ្រាប់នោះមានពណ៌ផ្សេងពីគេ។
បើអ្នកមានបន្ទះថ្នាំដែលមាន ២១គ្រាប់ ចូរលេបវាមួយថ្ងៃមួយគ្រាប់ រយៈពេល ២១ថ្ងៃ, អស់មួយបន្ទះ។ បន្ទាប់មកកុំលេបថ្នាំរយៈពេល ៧ថ្ងៃ។ បន្ទាប់មកចាប់ផ្តើមលេបបន្ទះថ្មី។


ការប្រើប្រាស់យូរអង្វែង ៖ លេបថ្នាំដែលមានអ័រម៉ូនរយៈពេល ៨៤ថ្ងៃជាប់គ្នា បន្ទាប់មកឈប់លេប ៧ថ្ងៃ។ ជួនកាលថ្នាំមានមកជាបន្ទះចំនួន ៩១គ្រាប់ (៨៤គ្រាប់ដែលមានអ័រម៉ូន និង៧គ្រាប់គ្មានជាតិអ័រម៉ូនដែលជាថ្នាំរំឭក)។ ក្នុងអំឡុង ៧ថ្ងៃនោះ អ្នកនឹងមានធ្លាក់ឈាមធម្មតាដូចមករដូវ ប៉ុន្តែមកតែម្តងគត់រៀងរាល់ ៣ខែ។ ការធ្លាក់ឈាមតិចៗ អាចនឹងកើតឡើង ប៉ុន្តែបាត់ទៅវិញបន្ទាប់ពីពីរបីខែ។

ការប្រើប្រាស់ជាបន្ត ៖ លេបថ្នាំដែលមានអ័រម៉ូន រៀងរាល់ថ្ងៃដោយមិនឈប់។ បើមានការរំខានដោយសារការធ្លាក់ឈាមមិនទៀងទាត់ ចូរឈប់លេបថ្នាំរយៈពេល ៣ឬ៤ថ្ងៃ ដើម្បីឲ្យធ្លាក់ឈាមធម្មតា, បន្ទាប់មកចាប់ផ្តើមលេបថ្នាំឡើងវិញរៀងរាល់ថ្ងៃ។

របៀបលេបថ្នាំទាំងអស់នេះ សុទ្ធតែមានសុវត្ថិភាពចំពោះថ្នាំដែលមានអ័រម៉ូនផ្សំ។ អ្នកដែលប្រើថ្នាំអ័រម៉ូនផ្សំ គួរដឹងថាត្រូវធ្វើដូចម្តេចបើភ្លេចលេបថ្នាំមួយឬច្រើនគ្រាប់៖

ប្រសិនបើអ្នកភ្លេចលេបថ្នាំ ១ឬ២គ្រាប់, ចូរលេបថ្នាំ១គ្រាប់ភ្លាមនៅពេលនឹកឃើញ។ បន្ទាប់មកលេបថ្នាំបន្ទាប់នៅម៉ោងធម្មតា។ អ្នកប្រហែលជាត្រូវលេប ២គ្រាប់នៅថ្ងៃដែលនឹកឃើញនោះ។

ប្រសិនបើអ្នកភ្លេចលេបថ្នាំ ៣គ្រាប់ ៣ថ្ងៃជាប់គ្នា, ចូរលេបថ្នាំ១គ្រាប់ភ្លាមនៅពេលនឹកឃើញ។ បន្ទាប់មកលេបមួយថ្ងៃមួយគ្រាប់នៅម៉ោងធម្មតា។ ប្រើស្រោមអនាម័យរហូតទាល់តែមករដូវ ឬចៀសវាងការរួមភេទរហូតទាល់តែបានលេបថ្នាំចំនួន ៧ថ្ងៃជាប់គ្នា។

ប្រសិនបើរដូវមិនមកតាមពេលរំពឹងទុកទេ ហើយអ្នកបានភ្លេចលេបថ្នាំខ្លះ, ចូរបន្តលេបថ្នាំតាមធម្មតា ប៉ុន្តែត្រូវធ្វើតេស្ត៍រកមើលផ្ទៃពោះ។ បើឃើញថាមានផ្ទៃពោះ ចូរឈប់លេបថ្នាំតទៅទៀត។

ការបញ្ចប់ថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ

អ្នកអាចឈប់លេបថ្នាំបានគ្រប់ពេល។ អ្នកអាចនឹងមានផ្ទៃពោះវិញភ្លាម, ដូច្នេះបើអ្នកចង់ចៀសវាងការមានផ្ទៃពោះ ចូរប្រើស្រោមអនាម័យ ឬមធ្យោបាយណាមួយផ្សេងទៀត។

នរណាដែលមិនគួរប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ

ស្ត្រីមួយចំនួនមានបញ្ហាសុខភាពដែលធ្វើឲ្យមានគ្រោះថ្នាក់ប្រសិនបើគាត់ប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ។ មិនត្រូវប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំទេ បើអ្នកមាន៖

 • សម្ពាធឈាមខ្ពស់ធ្ងន់ធ្ងរ (១៦០/១១០ ឬខ្ពស់ជាងនេះ)។ មើលជំពូក ជំងឺបេះដូង (កំពុងផលិត) សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺលើសឈាម។
 • ជំងឺទឹកនោមផ្អែមជាង ២០ឆ្នាំមកហើយ។
 • អាយុច្រើនជាង ៣៥ឆ្នាំ ហើយជក់បារី។
 • ឈឺក្បាលប្រកាំង (ឈឺក្បាលខ្លាំងនិងចង្អោរ) បើរួមទាំងមានភាពស្ពឹក ឬបញ្ហាគំហើញធ្ងន់ធ្ងរ។
 • ជំងឺមហារីកដោះ មហារីកថ្លើម ឬមហារីកស្បូន។ មើលជំពូក ជំងឺមហារីក (កំពុងផលិត)។
 • ជំងឺថង់ទឹកប្រមាត់។
 • ប្រវត្តិដាច់សរសៃឈាមខួរក្បាល (ធ្វើឲ្យខ្វិនអវយវៈ)។
 • កំណកឈាមនៅក្នុងសរសៃវ៉ែន (ជាទូទៅបណ្តាលឲ្យមានកម្តៅនិងឈឺចាប់នៅក្នុងជើងម្ខាង)។
 • ជំងឺថ្លើម ឬរលាកថ្លើម (កំពុងផលិត).


ស្ត្រីភាគច្រើនដែលមានបញ្ហាសុខភាពទាំងនេះ អាចប្រើប្រាស់ pថ្នាំគ្រាប់តូចដែលមានតែប្រូសេស្ទីន ដោយសុវត្ថិភាព ឬ កងដាក់ក្រោមស្បែកឬថ្នាំចាក់ដែលមានតែប្រូសេស្ទីន ស្ត្រីដែលមានជំងឺមហារីកដោះ ឬមហារីកស្បូន មិនគួរប្រើប្រាស់មធ្យោបាយផែនការគ្រួសារដែលមានជាតិអ័រម៉ូនទេ ហើយគួរប្រើមធ្យោបាយផ្សេងជំនួស។

ថ្នាំពេទ្យដែលប្រតិកម្មជាមួយថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ

ថ្នាំ Rifampicin (ថ្នាំជំងឺរបេង), ritonavir (ថ្នាំមេរោគអេដស៍) និងថ្នាំជំងឺឆ្កួតជ្រូកខ្លះ ធ្វើឲ្យថ្នាំគ្រាប់មានអ័រម៉ូនផ្សំ មិនសូវមានប្រសិទ្ធភាព។ បើអ្នកលេបថ្នាំទាំងនេះ ចូរប្រើមធ្យោបាយផែនការគ្រួសារផ្សេងវិញ។ ស្ត្រីដែលប្រើអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម អាចនឹងត្រូវកែសម្រួលដូសអាំងស៊ុយលីន បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត។

នរណាដែលគួរពិចារណាប្រើមធ្យោបាយដទៃ

មានបញ្ហាសុខភាពពីរបីមុខផ្សេងទៀតដែលធ្វើឲ្យថ្នាំគ្រាប់មានអ័រម៉ូនផ្សំ ជាជម្រើសមិនល្អ។ ស្ត្រីដែលមានបញ្ហាខាងក្រោមនេះ គួរប្រើមធ្យោបាយផែនការគ្រួសារផ្សេងទៀត ដើម្បីសុវត្ថិភាពប្រសើរ៖

 • សម្ពាធឈាមខ្ពស់ (លើស ១៤០/៩០)។ មើលជំពូក ជំងឺបេះដូង (កំពុងផលិត) សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺលើសឈាម។
 • បើអ្នកមានអាយុលើស ៣៥ឆ្នាំ ហើយមានជំងឺឈឺក្បាលប្រកាំង (ឈឺក្បាលធ្ងន់ធ្ងរ ព្រមទាំងចង្អោរ)។


បើស្ត្រីដែលមានបញ្ហាសុខភាពទាំងនេះ លេបថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំ ចូរតាមដានគាត់ដើម្បីប្រាកដថាបញ្ហារបស់គាត់មិនចុះធ្ងន់ធ្ងរ។ បើគ្មានការប្រែប្រួលទេ នោះគាត់អាចបន្តប្រើថ្នាំគ្រាប់មានអ័រម៉ូនផ្សំបាន។ បើបញ្ហារបស់គាត់កាន់តែចុះធ្ងន់ធ្ងរ គាត់គួរឈប់លេបថ្នាំគ្រាប់ជាបន្ទាន់។

ថ្នាំគ្រាប់តូច (ថ្នាំគ្រាប់ដែលមានតែអ័រម៉ូនប្រូសេស្ទីន)

ថ្នាំគ្រាប់ពន្យារកំណើតប្រភេទនេះ មិនមានអ័រម៉ូនអេស្ត្រូហ្សែនទេ គឺមានតែអ័រម៉ូនប្រូសេស្ទីនប៉ុណ្ណោះ។ វាមានសុវត្ថិភាពសម្រាប់ស្ត្រីភាគច្រើនដែលមិនអាចប្រើថ្នាំគ្រាប់ដែលមានអ័រម៉ូនផ្សំបាន ហើយវាមានផលរំខានតិចជាងថ្នាំគ្រាប់អ័រម៉ូនផ្សំផងដែរ។ ថ្នាំគ្រាប់តូចមិនកាត់បន្ថយការផលិតទឹកដោះរបស់ស្ត្រីដែលបំបៅដោះកូននោះទេ។ ស្ត្រីដែលប្រើថ្នាំគ្រាប់តូច អាចនឹងមានរដូវមិនទៀង, មានឈាមតិចក្នុងពេលមករដូវ, ឬមិនមករដូវតែម្តង។

គ្រប់ថ្នាំគ្រាប់តូចទាំងអស់ក្នុងមួយបន្ទះ សុទ្ធតែមានបរិមាណអ័រម៉ូនស្មើៗគ្នា។ ចូរលេបមួយគ្រាប់រៀងរាល់ថ្ងៃ។

របៀបលេបថ្នាំគ្រាប់តូច

លេបគ្រាប់ទី១ នៅថ្ងៃទី១នៃរដូវដែលមក។ បន្ទាប់មកលេប ១គ្រាប់នៅពេលដដែលរៀងរាល់ថ្ងៃ បើទោះជាមិនមានការរួមភេទក៏ដោយ។ នៅពេលលេបអស់មួយបន្ទះ ចាប់ផ្តើមបន្ទះថ្មីនៅថ្ងៃបន្ទាប់ បើទោះជាអ្នកមិនទាន់មានរដូវក៏ដោយ។ មិនត្រូវរំលងថ្ងៃណាទេ។ គ្រប់ថ្នាំគ្រាប់ទាំងអស់នៅក្នុងបន្ទះ សុទ្ធតែមានអ័រម៉ូនប្រូសេស្ទីនស្មើៗគ្នា។

បើអ្នកលេបថ្នាំគ្រាប់តូច យឺតតែពីរបីម៉ោង ឬបើអ្នកភ្លេចលេបថ្នាំមួយថ្ងៃ នោះអ្នកអាចនឹងមានផ្ទៃពោះបាន។ បើអ្នកភ្លេចលេបថ្នាំមួយគ្រាប់ ចូរលេបវាជាបន្ទាន់នៅពេលនឹកឃើញ។ បន្ទាប់មកលេបគ្រាប់បន្ទាប់នៅម៉ោងធម្មតា បើទោះជាត្រូវលេប ២គ្រាប់ក្នុងថ្ងៃនោះក៏ដោយ។ ប្រើស្រោមអនាម័យ ឬមិនរួមភេទរយៈពេល ៧ថ្ងៃ។ អ្នកអាចនឹងធ្លាក់ឈាមបន្តិចបន្តួច ប្រសិនបើភ្លេចលេបថ្នាំគ្រាប់តូច ឬលេបវាយឺត។

ផលរំខាននៃថ្នាំគ្រាប់តូចដែលអាចកើតមាន

ផលរំខានញឹកញាប់បំផុតនៃថ្នាំគ្រាប់តូចដែលមានតែប្រូសេស្ទីន គឺបម្រែបម្រួលនៃការមកឈាមរដូវ។ អ្នកអាចនឹងមានធ្លាក់ឈាមក្នុងអំឡុងពេលដែលអ្នកគិតថាវានឹងមិនមកទេ។ រដូវរបស់អ្នកអាចនឹងបាត់ទាំងស្រុង។ នេះមិនមែនគ្រោះថ្នាក់ទេ។ ផលរំខានដទៃទៀតដែលអាចកើតមាន មានដូចជាការឡើងទម្ងន់ ឈឺក្បាល និងឡើងមុន។

ថ្នាំពេទ្យដែលប្រតិកម្មជាមួយថ្នាំគ្រាប់តូច

ថ្នាំ Rifampicin (ថ្នាំជំងឺរបេង), ritonavir (ថ្នាំមេរោគអេដស៍) និងថ្នាំជំងឺឆ្កួតជ្រូកខ្លះ ធ្វើឲ្យថ្នាំគ្រាប់ពន្យារកំណើត មិនសូវមានប្រសិទ្ធភាព។ បើអ្នកលេបថ្នាំទាំងនេះ ចូរប្រើមធ្យោបាយផែនការគ្រួសារផ្សេងវិញ។ ស្ត្រីដែលប្រើអាំងស៊ុយលីនសម្រាប់ជំងឺទឹកនោមផ្អែម អាចនឹងត្រូវកែសម្រួលដូសអាំងស៊ុយលីន បន្ទាប់ពីចាប់ផ្តើមប្រើប្រាស់ថ្នាំគ្រាប់ពន្យារកំណើត។

ការបញ្ចប់ថ្នាំគ្រាប់តូច

ប្រសិនបើអ្នកចង់មានផ្ទៃពោះ ឬចង់ផ្លាស់ប្តូរមធ្យោបាយពន្យារកំណើត អ្នកអាចឈប់លេបថ្នាំគ្រាប់តូចនៅគ្រប់ពេល។ អ្នកអាចនឹងមានផ្ទៃពោះភ្លាមៗនៅពេលឈប់លេប ដូច្នេះបើអ្នកចង់ចៀសវាងការមានផ្ទៃពោះ ចូរចាប់ផ្តើមប្រើមធ្យោបាយពន្យារកំណើតមួយទៀតជាបន្ទាន់។ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ សីហា ២០១៧
km.hesperian.org