Hesperian Health Guides

វិធីបញ្ចុះសម្ពាធឈាម និងជួយដល់បេះដូងរបស់អ្នក

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ចូរបរិភោគបន្លែ ផ្លែឈើ សណ្តែកកួរ និងគ្រាប់ធញ្ញជាតិ ជំនួសអាហារបំពងខ្លាញ់ ប្រៃ ផ្អែម ឬអាហារឥតប្រយោជន៍ផ្សេងៗទៀត។ ជំពូក អាហារល្អធ្វើឲ្យមានសុខភាពល្អ មានព័ត៌មានអំពីការបរិភោគ អាហារចម្រុះដើម្បីសុខភាពល្អ និងអំពីរបៀបបរិភោគយ៉ាងល្អនៅពេលអ្នកមានប្រាក់តិចតួច។

NWTND heart Page 9-1.png

ចូរដាក់កំហិតបរិមាណអំបិលដែលអ្នកបរិភោគ។ អានស្លាកសញ្ញាអាហារដើម្បីដឹងពីបរិមាណអំបិល (សូដ្យូម) នៅក្នុងអាហារកំប៉ុង និងលើកញ្ចប់អាហារ មុនពេលទិញវា។ អាហារកែច្នៃដែលវេចក្នុងកញ្ចប់និងច្រកក្នុងកំប៉ុង អាចនឹងមានអំបិលច្រើនលើសលប់ទោះបីវាមិនមានជាតិប្រៃក៏ដោយ។ ចូរយករសជាតិអាហារដោយប្រើក្រូចឆ្មារ ខ្ទឹមស ខ្ទឹងបារាំង និងរុក្ខជាតិជំនួសវិញ។ ជាទូទៅ ទឹកស៊ីអ៊ីវ ដុំដាក់ទឹកស៊ុប កញ្ចប់រសជាតិ ទឹកជ្រលក់សាច់អាំង ទឹកប៉េងប៉ោះ ជ្រក់ត្រាំ អំបិលខ្ទឹមបារាំង និងអំបិលខ្ទឹមស សុទ្ធតែមានជាតិប្រៃលើសលប់ចំពោះសុខភាព។

មីកញ្ចប់ ម្សៅស៊ុប ទឹកស៊ុប និងម្សៅរសជាតិ គឺមានសុទ្ធតែជាតិគីមី និងអំបិល (ភាគច្រើនសរសេរនៅលើកញ្ចប់ថា សូដ្យូម)។ សារធាតុផ្សំទាំងនេះសុទ្ធតែមិនល្អចំពោះអ្នក។
Km NWTND heart Page 9-2.png
ដុំម្សៅស៊ុបមួយគ្រាប់ៗ មានជាតិសូដ្យូម ២០០០mg ដែលបរិមាណនេះលើសពីអ្វីដែលមនុស្សភាគច្រើនត្រូវការក្នុងមួយថ្ងៃ!!

រក្សាទម្ងន់ឱ្យបានល្អ។ ប្រសិនបើអ្នកមានទម្ងន់ច្រើនពេក ការបន្ថយទម្ងន់តែពីរបីគីឡូ ក៏អាចបន្ថយសម្ពាធឈាមបានដែរ។ ជួនកាល ការបន្ថយអាហារម្សៅ (បាយ, ពោត, ដំឡូង) ក្នុងពេលហូបបាយម្តងៗ ព្រមទាំងចម្អិនអាហារដោយប្រើប្រេងតិច ឬឈប់ផឹកភេសជ្ជៈ ដូចជា កូកាកូឡា និងភេសជ្ជៈផ្អែមផ្សេងៗទៀត នឹងជួយឲ្យអ្នកបញ្ចុះទម្ងន់បានខ្លះដោយមិនចាំបាច់ប្រឹងប្រែងខ្លាំងពេកនោះទេ។ អ្នកអាច ទម្លាប់ផឹកកាហ្វេឬតែដែលមានស្ករតិច ដោយកាត់បន្ថយវាម្តងបន្តិចៗរៀងរាល់សប្តាហ៍។

ឈប់ជក់បារី។ ការជក់បារីធ្វើឲ្យងាយមានការគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ សូម្បីតែធ្លាប់ជក់បារីជាច្រើនឆ្នាំហើយក៏ដោយ នៅពេលអ្នកឈប់ជក់ វានឹងមានសុខភាពប្រសើរ។ សម្រាប់ជំនួយអំពីការបញ្ឈប់ សូមមើល ថ្នាំ អាល់កុល និងថ្នាំជក់ (ក្នុងការផលិត)

កំហិតជាតិអាល់កុល។ ការផឹកស្រាបង្កើនឱកាសនៃការកើតជំងឺបេះដូង។ ការផឹកស្រាច្រើនជាង ១ឬ២កែវក្នុងមួយថ្ងៃ គឺហៅថាផឹកច្រើន។

NWTND heart Page 10-1.png
មនុស្សវ័យចំណាស់ដែលដើរជារៀងរាល់ថ្ងៃ និងបន្តធ្វើសកម្មភាពប្រចាំថ្ងៃយ៉ាងច្រើនតាមដែលអាច ជាទូទៅមានអារម្មណ៍ល្អ និងមានសុខភាពល្អប្រសើរ។

ធ្វើចលនារាងកាយ ត្រូវសកម្មរៀងរាល់ថ្ងៃ។ ការដើរមួយៗ រយៈពេល៣០នាទីក្នុងមួយថ្ងៃ មានប្រសិទ្ធភាពល្អសម្រាប់មនុស្សជាច្រើន។ ការដើរនិងហាត់ប្រាណជាមួយអ្នកដទៃ ធ្វើឲ្យមានសុវត្ថិភាព និងកាន់តែរីករាយ។ សកម្មភាពក្នុងការងារ ដូចជាធ្វើស្រែចម្ការ ដាំបន្លែ បោសសម្អាត និងលេងក្រៅផ្ទះជាមួយក្មេងៗ សុទ្ធតែជាវិធីល្អៗក្នុងការធ្វើចលនារាងកាយ។


បន្ថយអារម្មណ៌តប់ប្រមល់(ស្ត្រេស)។ ចូរធ្វើខ្លួនឲ្យមានអារម្មណ៍ធូរស្រាល។ សាកល្បងមធ្យោបាយផ្សេងៗថាតើមួយណាមានប្រសិទ្ធភាពបំផុតសម្រាប់អ្នក។ មនុស្សមួយចំនួនបន្ធូរអារម្មណ៍និងចិត្ត ដោយការធ្វើសមាធិ ហាត់យូហ្កា សូត្រធម៌ ឬទំនៀមទម្លាប់ផ្សេងៗទៀត។ អ្នកខ្លះទៀតមានអារម្មណ៍ល្អបន្ទាប់ពីបញ្ចេញកម្លាំងកាយធ្ងន់ៗ ឬហាត់ប្រាណ។ ជាញឹកញាប់ ការចងមិត្តជាមួយមនុស្សម្នាក់ឬមួយក្រុមដែលអ្នកអាចរៀបរាប់អារម្មណ៍របស់អ្នកបាន ធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាល។


ចូលរួមជាមួយអ្នកដទៃដើម្បីជួយដល់សុខភាពអ្នក និងសុខភាពសហគមន៍របស់អ្នក។ ចូររៀបចំបង្កើតក្រុមមួយដើម្បីចែករំលែកគំនិតនិងសកម្មភាពល្អៗ ដែលរួមចំណែកលើកកម្ពស់ដល់សុខភាព។ ដើម្បីកាត់បន្ថយជំងឺលើសឈាម និងជំងឺបេះដូងនៅក្នុងសហគមន៍របស់អ្នក ចូរកែសម្រួលគំនិតនានាអំពី សកម្មភាពសហគមន៍ចំពោះជំងឺទឹកនោមផ្អែម។ ឧទាហរណ៍ ការដាំបន្លែក្នុងសហគមន៍ ឬការបង្រៀនគ្នាពីរបៀបចម្អិនអាហារយ៉ាងប្រសើរ អាចបង្ការករណីជំងឺបេះដូងជាច្រើនទៀតនាពេលអនាគត ព្រមទាំងធ្វើឲ្យប្រជាជនរួបរួមគ្នាដើម្បីការកែលម្អផ្សេងៗទៀតសម្រាប់សហគមន៍។

NWTND heart Page 10-2.png

បុគ្គលិកសុខាភិបាលអាចសួរអ្នកជំងឺថាតើពួកគេអាចធ្វើអ្វីបាន និងថាហេតុអ្វីបានជាចង់ធ្វើវាទាំងនោះ ជាជាងការប្រាប់ពួកគេថាគួរធ្វើអ្វីខ្លះ។ គ្មាននរណាម្នាក់ចូលចិត្តឲ្យគេប្រាប់គ្រប់ពេលនោះទេ។
ប្រាប់ខ្ញុំទៅមើល ហេតុអ្វីបានជាអ្នកចង់ធ្វើអ្វីមួយដើម្បីជំងឺលើសឈាមរបស់អ្នក។
ខ្ញុំខ្លាចធ្លាក់ខ្លួនឈឺធ្ងន់ ឬស្លាប់ នៅពេលដែលកូនៗរបស់ខ្ញុំនៅតូចៗ។ ប៉ុន្តែការផ្លាស់ប្តូរទម្លាប់បរិភោគគឺពិបាកណាស់។ ហើយបន្លែមានតម្លៃថ្លៃសម្រាប់ពួកយើង។
តើការផ្លាស់ប្តូរអ្វីខ្លះដែលអ្នកអាចធ្វើបានកន្លងមក?
ឥឡូវនេះនៅផ្ទះខ្ញុំដើរច្រើនណាស់។

ប្រសិនបើអ្នកមានជំងឺលើសឈាម ឬបញ្ហាបេះដូង

ការដឹងថាខ្លួនមានជំងឺលើសឈាម ឬបញ្ហាបេះដូងផ្សេងទៀត ពិតជារឿងគួរឲ្យបារម្ភ។ ក៏ដូចនឹងជំងឺទឹកនោមផ្អែមដែរ អ្នកអាចគ្រប់គ្រងបញ្ហាបេះដូងនិងសម្ពាធឈាម ដើម្បីកុំឲ្យវាក្លាយជាជំងឺធ្ងន់ធ្ងរ ឬបញ្ហាអាសន្ន, ហើយអ្នកអាចមានអារម្មណ៍ប្រសើរ។ មិនថាអ្នកត្រូវការថ្នាំពេទ្យសម្រាប់បញ្ហាបេះដូង ឬក៏អត់នោះទេ អ្នកនឹងមានអារម្មណ៍ប្រសើរនៅពេលធ្វើចលនាបន្ថែម និងផ្លាស់ប្តូរអ្វីដែលអ្នកបរិភោគ។ ហេតុដូច្នេះហើយទើបមនុស្សមួយចំនួនសម្រេចចិត្តថា ការដឹងអំពីជំងឺលើសឈាម ជំងឺបេះដូង ឬជំងឺទឹកនោមផ្អែម របស់ខ្លួន រួចធ្វើអ្វីមួយចំពោះវា គឺដូចជាទទួលបានឱកាសលើកទី២ ដូច្នេះដែរ (មើល ជំពូក ជំងឺទឹកនោមផ្អែម)។

ការកែប្រែទៅរកអាហារថ្មី និងស្ថានភាពថ្មី កាន់តែងាយស្រួល នៅពេលដែលគ្រប់គ្នាក្នុងគ្រួសារ ជួយគាំទ្រ និងធ្វើការកែប្រែដូចគ្នាដែរ។ ហើយវាកាន់តែងាយស្រួលក្នុងការហាត់ប្រាណនិងធ្វើចលនាបន្ថែម ប្រសិនបើអ្នកធ្វើអ្វីមួយដែលសប្បាយរីករាយជាប្រចាំជាមួយគ្រួសារនិងមិត្តភក្តិ ដូចជាដើរជាមួយគ្នាពេលធ្វើការងារ ឬរាំលេង។ នៅពេលដែលអាច ចូរធ្វើការជាមួយអ្នកដទៃដើម្បីកាត់បន្ថយស្ថានភាពតប់ប្រមល់។

NWTND heart Page 11-1.png NWTND heart Page 11-2.png
ខ្ញុំមានទីធ្លាតូចមួយដែលអាចដាំបន្លែបាន។ ខ្ញុំលេងជាមួយកូនៗរៀងរាល់ល្ងាច។
គ្រប់គ្នាមានមធ្យោបាយជាច្រើនក្នុងការហាត់ប្រាណបន្ថែម និងហូបអាហារសុខភាព។ តើអ្នកនឹងធ្វើអ្វី?



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨