Hesperian Health Guides

សុវត្ថិភាពនៅកន្លែងអណ្តូងរ៉ែ

នៅក្នុងជំពូកនេ:

ក្រុមហ៊ុនរ៉ែទទួលខុសត្រូវលើការប្រតិបត្តិការជីករ៉ែដោយសុវត្ថិភាព។ រដ្ឋាភិបាល កម្មកររ៉ែ និងសហជីព ទទួលខុសត្រូវលើការធ្វើឲ្យប្រាកដថា ក្រុមហ៊ុនបានធ្វើដូច្នេះមែន។ ជាអកុសល រដ្ឋាភិបាលជាច្រើនមិនបានអនុវត្តតាមច្បាប់សុខភាព សុវត្ថិភាព និងបរិស្ថានទេ។ (សម្រាប់ព័ត៌មានបន្ថែមអំពីច្បាប់ដែលការពារសិទ្ធិរបស់កម្មកររ៉ែនិងបរិស្ថាន សូមមើលសេចក្តីបន្ថែម ខ)។

កម្មករនិងសហគមន៍ត្រូវការសិទ្ធិដើម្បីការពារពួកគេពីគ្រោះថ្នាក់ ព័ត៌មាន និងឧបករណ៍និងការបណ្តុះបណ្តាលដើម្បីកាត់បន្ថយការប៉ះពាល់នឹងសារធាតុគ្រោះថ្នាក់។ កម្មកររ៉ែនិងសហគមន៍ ជាញឹកញាប់បានរួមគ្នាបង្កើតជាគណៈកម្មការសុវត្ថិភាព ដើម្បីប្រាកដថាស្ថានភាពមានសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ គណៈកម្មការសុវត្ថិភាពក៏អាចត្រៀមលក្ខណៈសម្រាប់ភាពបន្ទាន់ ជាមួយផែនការដឹកជញ្ជូនកម្មករមានរបួស និងជម្លៀសមនុស្សដែលគ្រោះថ្នាក់។

ម្ចាស់អណ្តូងរ៉ែគួរផ្តល់ឧបករណ៍ការពារដល់រាល់កម្មករទាំងអស់ និងថែទាំវាឲ្យស្ថិតនៅក្នុងស្ថានភាពល្អ។ ម្ចាស់អណ្តូងរ៉ែក៏គួរតែធ្វើឲ្យប្រាកដថា ប្រតិបត្តិការរ៉ែនីមួយៗសុទ្ធតែមានសម្ភារៈសង្គ្រោះបឋមផងដែរ ហើយកម្មករទាំងអស់អាចប្រើប្រាស់វាបាន(មើលសេចក្តីបន្ថែម ក)។ សំខាន់បំផុត កម្មករទាំងអស់គួរទទួលបានការបណ្តុះបណ្តាលអំពីគ្រោះថ្នាក់នៃសារធាតុគីមីពុល។

ដើម្បីប្រាកដថាការជីករ៉ែបង្កគ្រោះថ្នាក់តិចបំផុតចំពោះបរិស្ថាន គួរតាមដានទឹកនិងខ្យល់នៅក្បែរកន្លែង រកមើលសញ្ញាបំពុល។ ប្រជាជនដែលអាចនឹងប៉ះពាល់នឹងសារធាតុគីមីពុល កំទេចធូលីច្រើនលើសលប់ ឬគ្រោះថ្នាក់ដទៃទៀត គួរតែឲ្យបុគ្គលិកសុខាភិបាលធ្វើតេស្ត៍ជាប្រចាំ និងទទួលបានការព្យាបាល នៅពេលចេញសញ្ញាដំបូង។

Miners at a mine site. One washes gloves and masks; one hoses down dust; one drinks water from a clean container.

ការរៀបចំសកម្មភាពដើម្បីកែលម្អជីវភាពកម្មកររ៉ែ

4 miners sit together with signs that say: "Wages, Health," and "Equal Pay."
កម្មកររ៉ែដឹងថា តាមរយៈការធ្វើការរួមគ្នា យើងអាចរំកិលភ្នំបាន!

កម្មកររ៉ែនៅជុំវិញពិភពលោកបាននិងកំពុងកែលម្អជីវភាព សុវត្ថិភាព និងសុខភាពរបស់ខ្លួនតាមរយៈការបង្កើតជាសហជីព និងសហករណ៍ និងតាមរយៈការដាក់សម្ពាធលើក្រុមហ៊ុនរ៉ែឲ្យគោរពច្បាប់ និងលើរដ្ឋាភិបាលឲ្យអនុវត្តច្បាប់។ ពួកគេក៏បានរៀបចំយុទ្ធនាការដើម្បីពង្រឹងសន្ធិសញ្ញាអន្តរជាតិដើម្បីគ្រប់គ្រងសុខភាពនិងសុវត្ថិភាពនៅអណ្តូងរ៉ែ។ កម្មកររ៉ែនិងអ្នកដទៃទៀតក៏អាចរៀបចំជាបាតុកម្ម កូដកម្ម និងការបិទចរាចរណ៍ ដើម្បីបញ្ឈប់ប្រតិបត្តិការរ៉ែនៅពេលគ្មានយុត្តិធម៌ គ្មានសុវត្ថិភាព និងបំផ្លាញបរិស្ថាន។

កម្មការនីរ៉ែ រៀបចំសហករណ៍មួយ

នៅប្រទេសបូលីវៀ ស្ត្រីប្រមូលកំទេចមាស ប្រាក់ និងសំណប៉ាហាំងពីក្នុងរណ្តៅកាកសំណល់ដែលចាក់ចោលក្បែរអណ្តូងរ៉ែ។ ស្ត្រីជាច្រើនត្រូវបានបង្ខំឲ្យធ្វើការងារដ៏ពិបាកនេះ បន្ទាប់ពីប្តីរបស់ពួកគេបានស្លាប់ក្នុងឧប្បត្តិហេតុអណ្តូងរ៉ែ ឬដោយសារជំងឺស៊ីលីកូ។ ស្ត្រីទាំងនោះធ្វើការច្រើនម៉ោង ជាញឹកញាប់ធ្វើការក្នុងទឹកដែលឆ្លងសារធាតុពុល និងគ្មានការការពារទេ។ ពួកគេទទួលបានប្រាក់តិចតួចជាខ្លាំង។ កាលពីមុន រដ្ឋាភិបាលថែមទាំងមិនទទួលស្គាល់ពួកគេថាជាកម្មករផង។ ពួកគេដូចជាប្រជាជនដែលមើលមិនឃើញ។

នៅថ្ងៃមួយ ក្រុមហ៊ុនរ៉ែមួយចាប់ផ្តើមបំផ្ទុះយកផ្លូវឆ្លងកាត់តាមគំនរកាកសំណល់ដែលស្ត្រីកំពុងធ្វើការ។ ស្ត្រីបានឡើងទៅលើកំពូលគំនរដើម្បីជំទាស់តវ៉ានឹងការបំផ្លាញប្រភពចំណូលតែមួយគត់របស់ខ្លួន។ ពួកគេមិនមានលទ្ធភាពបញ្ឈប់ការបំផ្ទុះបានទេ ប៉ុន្តែពួកគេបានបន្តប្រយុទ្ធដើម្បីសិទ្ធិរបស់ខ្លួន។

ពួកគេបានបង្កើតសហករណ៍មួយដើម្បីទាមទារប្រាក់បន្ថែមពីក្រុមហ៊ុនដែលទិញគំនរកំទេចកាកសំណល់របស់ពួកគេ។ ក្រុមហ៊ុនបានបដិសេធមិនបង់ប្រាក់បន្ថែមទេ។ ប៉ុន្តែរដ្ឋាភិបាលបានទទួលស្គាល់ការតស៊ូរបស់ពួកគេ និងបានអនុម័តច្បាប់មួយដែលតម្រូវឲ្យក្រុមហ៊ុនបង់ប្រាក់ដល់ស្ត្រីពេលពួកគេបាត់បង់ការងារព្រោះតែជំងឺ។ នេះគឺជាជំហានដ៏តូចមួយ ប៉ុន្តែវាជាលើកទី១ដែលការងាររបស់ស្ត្រីត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល។ ជោគជ័យដ៏តូចមួយនេះ បានផ្តល់ក្តីសង្ឃឹមដល់ស្ត្រីនិងកម្មកររ៉ែដទៃទៀតឲ្យបន្តការបង្កើតសហករណ៍ និងសហជីព និងការរៀបចំទាំងឡាយដើម្បីយុត្តិធម៌។

ការទាមទារឲ្យសាជីវកម្មមានការទទួលខុសត្រូវ

ប្រតិបត្តិការរ៉ែជាច្រើនត្រូវបានដំណើរការដោយសាជីវកម្មពហុជាតិដែលមានស្នាក់ការធំនៅក្រៅប្រទេស ឆ្ងាយពីទីកន្លែងអណ្តូងរ៉ែ។ នេះជាការពិបាកក្នុងការដាក់សម្ពាធលើពួកគេឲ្យធ្វើការផ្លាស់ប្តូរ។ ប៉ុន្តែប្រជាជននៅជុំវិញពិភពលោកបានរៀបចំនិងបង្ខំសាជីវកម្មមួយចំនួនឲ្យផ្លាស់ប្តូរការអនុវត្តន៍របស់ខ្លួន។

ចុងបញ្ចប់កម្មកររ៉ែអាបែស្តូឈ្នះក្តីក្នុងតុលាការ

កាលពីអូឌ្រីនៅជាកុមារី នាងបានធ្វើការនៅក្នុងអណ្តូងរ៉ែរបស់ក្រុមហ៊ុនរបស់អង់គ្លេសមួយឈ្មោះថា ក្រុមហ៊ុនរ៉ែទីក្រុងខេប ដែលស្ថិតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ការងាររបស់នាងគឺជាន់ចុះឡើងៗលើគំនរម្សៅអាបែស្តូ ដើម្បីអាចច្រកវាចូលទៅក្នុងថង់សម្រាប់ដឹកជញ្ជូន។ អ្នកត្រួតពិនិត្យម្នាក់នៅឃ្លាំមើលនាងនិងកុមារដទៃទៀត ដើម្បីប្រាកដថាពួកគេទាំងអស់មិនឈប់ធ្វើការទេ។ ប្រសិនបើនាងឈប់ បុរសនោះនឹងវាយទៅលើនាង។ អូឌ្រីក្លាយជាមានជំងឺយ៉ាងធ្ងន់ព្រោះដកដង្ហើមចូលនូវសារធាតុអាបែស្តូ ហើយកម្មករដទៃទៀតជាច្រើនក៏ដូចនាងដែរ។

៣០ឆ្នាំកន្លងទៅ អូឌ្រីបានចូលរួមជាមួយប្រជាជនអាហ្វ្រិកខាងត្បូងជាច្រើនទៀត ដើម្បីប្តឹងក្រុមហ៊ុនអង់គ្លេសនោះដែលធ្វើឲ្យនាងនិងអ្នកដទៃទៀតមានបញ្ហាសុខភាព។ ក្រុមហ៊ុនបានចំណាយពេលវេលា៣ឆ្នាំក្នុងការតវ៉ាថាឲ្យតុលាការអាហ្វ្រិកខាងត្បូងគួរតែកាត់ក្តីនេះ។ អូឌ្រីនិងប្រជាជនដែលធ្វើការជាមួយនាង ជឿថាតុលាការអាហ្វ្រិកខាងត្បូងនឹងមិនកាត់ក្តីយុត្តិធម៌ដោយប្រឆាំងនឹងក្រុមហ៊ុនដ៏ធំដែលយកប្រាក់ដ៏ច្រើនមកក្នុងប្រទេសនេះទេ។ អូឌ្រីនិងអ្នកដទៃទៀតបានធ្វើដំណើរទៅកាន់ប្រទេសដទៃទៀតដើម្បីប្រាប់ប្រជាជនអំពីការតស៊ូរបស់ខ្លួន និងដើម្បីទទួលបានការគាំទ្រ។ ចុងបញ្ចប់ តុលាការបានឯកភាពកាត់ក្តីនៅក្នុងប្រទេសអង់គ្លេសដែលជាទីតាំងរបស់ក្រុមហ៊ុនអាបែស្តូ។

បន្ទាប់ពីបានតស៊ូនៅក្នុងសមរភូមិផ្លូវច្បាប់អស់រយៈពេលជិត៥ឆ្នាំ ក្រុមហ៊ុនក៏បានចុះចាញ់។ ពួកគេបានបង់ថ្លៃទៅកម្មកររ៉ែចំនួន១០លានដុល្លាចំពោះគ្រោះថ្នាក់ដែលពួកគេបង្កឡើង។ បច្ចុប្បន្ន ប្រទេសជាច្រើន ហាមឃាត់ការជីករ៉ែអាបែស្តូ ហើយប្រទេសជាច្រើនទៀតហាមឃាត់ទាំងការជីកនិងការប្រើប្រាស់អាបែស្តូ។ ចុងក្រោយ នៅឆ្នាំ២០០៨ ប្រទេសអាហ្វ្រិកខាងត្បូងដែលធ្លាប់តែជាប្រទេសផលិតអាបែស្តូដ៏ធំបំផុតមួយក្នុងពិភពលោក បានក្លាយទៅជាប្រទេសដែលហាមឃាត់ការប្រើប្រាស់ឬផលិតអាបែស្តូ ឬផលិតផលអាបែស្តូណាមួយឡើយ។

A man with a whip watches 3 children in a mine pit.