Hesperian Health Guides

វ៉ាក់សាំងដែលផ្តល់ជាញឹកញាប់

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

មាតិកា

នៅប្រទេសភាគច្រើន មានវ៉ាក់សាំងសម្រាប់ការពារពី៖

នៅពេលចាំបាច់ មានវ៉ាក់សាំងសម្រាប់ការពារពី៖

NWTND vacc Page 7-2.png


វ៉ាក់សាំង BCG ការពារជំងឺរបេង

វ៉ាក់សាំង BCG គឺថ្នាំចាក់ដែលចូលទៅក្រោមស្បែកតែបន្តិច។ វាត្រូវបានផ្តល់ឱ្យភ្លាមៗបន្ទាប់ពីកំណើត។
  • ប្រសិនបើនរណាម្នាក់នៅក្នុងគ្រួសារ មានជំងឺរបេង ហើយកុមារមិនដែលបានទទួលវ៉ាក់សាំង BCG ទេ សូមចាក់វ៉ាក់សាំងឱ្យពួកគេឲ្យបានឆាប់បំផុត។
  • មិនត្រូវផ្តល់វ៉ាក់សាំង BCG ឲ្យស្ត្រីមានផ្ទៃពោះនោះទេ។
  • ទារកដែលកើតពីម្តាយដែលមានផ្ទុកមេរោគអេដស៍ អាចទទួលវ៉ាក់សាំង BCG នៅពេលកើតបាន។ ចំពោះអ្នកដែលមានផ្ទុកមេរោគអេដស៍រួចហើយ សូមចាប់ផ្តើមព្យាបាលមេរោគអេដស៍ មុននឹងផ្តល់វ៉ាក់សាំង BCG ។
ជំងឺរបងគឺជាការបង្ករោគដ៏គ្រោះថ្នាក់ ដែលជាទូទៅស្ថិតនៅក្នុងសួត ហើយគេអាចព្យាបាលវាឲ្យជាសះស្បើយបានដោយថ្នាំពេទ្យ។ ប្រសិនបើមិនព្យាបាលទេ ជំងឺរបេងបំផ្លាញសួតបន្តិចម្តងៗ ហើយធ្វើឲ្យអ្នកជំងឺដកដង្ហើមមិនបាន។ វ៉ាក់សាំង BCG ជួយបង្ការប្រភេទគ្រោះថ្នាក់បំផុតនៃជំងឺរបេង និងជួយឲ្យរាងកាយស៊ាំនឹងការបង្ករោគផ្សេងៗទៀតផងដែរ។
បុរសម្នាក់កំពុងនិយាយ
វ៉ាក់សាំងរួមបញ្ចូលគ្នា ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការចាក់ថ្នាំ។ វ៉ាក់សាំង Pentavalent គឺជាវ៉ាក់សាំងរួមបញ្ចូលគ្នាដើម្បីការពារពីជំងឺ ៥មុខ ក្នុងការចាក់តែ ១ម្ចុលប៉ុណ្ណោះ ៖ ជំងឺខាន់ស្លាក់, ជំងឺក្អកមាន់, ជំងឺតេតាណូស, ជំងឺរលាកថ្លើមប្រភេទបេ, ជំងឺរលាកសួត-រលាកស្រោមខួរក្បាលដោយហ៊ីប។ វ៉ាក់សាំង Hexavalent ត្រូវបានប្រើនៅក្នុងប្រទេសមួយចំនួនដើម្បីការពារពីជំងឺ ៦មុខ ៖ ៥មុខដូចគ្នានឹងវ៉ាក់សាំង pentavalent បូកបន្ថែមជំងឺគ្រុនស្វិតដៃជើង។


វ៉ាក់សាំង DPT (ឬ DTaP, Tdap) ការពារពីជំងឺខាន់ស្លាក់ ជំងឺក្អកមាន់ ជំងឺតេតាណូស

វ៉ាក់សាំង DPT ការពារពីជំងឺ ៣មុខ ។ វ៉ាក់សាំង pentavalent និង hexavalent រួមបញ្ចូលវ៉ាកស់ាង DPT ។ មកដល់អាយុ ៦ខែ ទារកនឹងបានទទួលវ៉ាកសាំង ៣ដង។
  • ជាធម្មតា កុមារធំៗនឹងទទួលវ៉ាក់សាំងរំឭក DTP ចំនួន ៣ដង ឬក៏វ៉ាក់សាំងរួមបញ្ចូលគ្នាដើម្បីបង្ការជំងឺខាន់ស្លាក់ និងជំងឺតេតាណូស (Td, Dt)។
  • វ៉ាក់សាំង DPT ក្នុងពេលមានផ្ទៃពោះ ជួយការពារដល់ទារក។
  • ការទទួលបានវ៉ាក់សាំង DPT គ្រប់ ៦ដូស(៣ដងដំបូង និងរំឭក ៣ដងទៀត) ផ្តល់ការការពារពីជំងឺតេតាណូសអស់ជាច្រើនទសវត្សមកហើយ។ វ៉ាក់សាំងរំឭកតេតាណូស (TT) គឺជាការចាំបាច់ ប្រសិនបើកុមារមិនបានទទួលបង្គ្រប់ ៣ដូស ឬប្រសិនបើអ្នកមានរបួសជ្រៅឬកខ្វក់។

ជំងឺខាន់ស្លាក់ ភាគច្រើនប៉ះពាល់ដល់កុមារ ហើយអាចហើមបំពង់កយ៉ាងខ្លាំងដែលធ្វើឲ្យមិនអាចដកដង្ហើមបាន។

ជំងឺក្អកមាន់បណ្តាលឲ្យក្អកយ៉ាងខ្លាំង ដែលធ្វើអោយពិបាកដកដង្ហើម។ បែបនេះមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះទារក។

ជំងឺតេតាណូសអាចបណ្តាលឲ្យស្លាប់បានយ៉ាងឆាប់រហ័ស។ មនុស្សគ្រប់គ្នាអាចឆ្លងវាតាមរយៈការមុតដាច់ ឬរបួស។ ទារកទើបនឹងកើតអាចមានជំងឺតេតាណូស ប្រសិនបើម្តាយមិនបានទទួលវ៉ាក់សាំងទេ។

វ៉ាក់សាំង HepB (ឬ HBV) ការពារពីជំងឺរលាកថ្លើមប្រភេទបេ

មកដល់អាយុ ៦ខែ ទារកបានទទួលការចាក់វ៉ាក់សាំង បន្តបន្ទាប់ ៣ ឬ ៤ដង។
  • វ៉ាក់សាំងលើកទី១ ត្រូវបានផ្តល់នៅពេលកើត ហើយវ៉ាក់សាំងបន្តបន្ទាប់ទៀតក្នុងអំឡុងអាយុ ៦ខែ, ដែលអាចជាវ៉ាក់សាំង DPT ជាបន្តបន្ទាប់ ឬមួយជាវ៉ាក់សាំង pentavalent ឬ hexavalent ។
  • សូមផ្តល់វ៉ាក់សាំងឲ្យកុមារធំៗ និងមនុស្សពេញវ័យ នូវវ៉ាក់សាំង HepB ចំនួន ៣ដង ប្រសិនបើពួកគេមិនបានទទួលវានៅពេលជាទារកទេ។
ជំងឺរលាកថ្លើមប្រភេទបេ បណ្តាលឱ្យមានបញ្ហាថ្លើមធ្ងន់ធ្ងរ និងជួនកាលជាមហារីកថ្លើម។ វាអាចចម្លងពីម្តាយទៅទារកក្នុងអំឡុងពេលកើត ឬរវាងមនុស្ស ២នាក់តាមរយៈការរួមភេទ ឬម្ជុលមិនស្អាត។

វ៉ាក់សាំង Hib ការពារពីបាក់តេរី haemophilus influenza ប្រភេទបេ

មកដល់អាយុ ៦ខែ ទារកទទួលបានវ៉ាក់សាំង ៣ដង ដែលអាចជាវ៉ាក់សាំង DPT ជាបន្តបន្ទាប់ ឬមួយជាវ៉ាក់សាំង pentavalent ឬ hexavalent ។
  • អាចនឹងត្រូវការវ៉ាក់សាំងរំឭកនៅអាយុ ១២ ទៅ ១៥ខែ។
  • មនុស្សពេញវ័យ និងកុមារអាយុលើសពី ៥ឆ្នាំ និងមនុស្សពេញវ័យ ជាធម្មតាមិនត្រូវការវ៉ាក់សាំង Hib ទេ លើកលែងតែពួកគេមានជំងឺ sickle cell ឬបញ្ហាប្រព័ន្ធភាពស៊ាំ។
បាក់តេរី haemophilus influenza ប្រភេទបេ មិនដូចជាមេរោគគ្រុនផ្តាសាយ ដែលគេហៅថាជំងឺគ្រុនផ្តាសាយនោះទេ។ វាគឺជាមេរោគដែលបណ្តាលឱ្យរលាកស្រោមខួរ រលាកសួត ជំងឺស្បែកនិងឆ្អឹង និងជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។

វ៉ាក់សាំង Polio (OPV, IPV) ការពារពីជំងឺគ្រុនស្វិតដៃជើង

មកដល់អាយុ ៦ខែ ទារកទទួលបានវ៉ាក់សាំង ៣ ឬ ៤ដូសជាបន្តបន្ទាប់។
  • ដូសដំបូងគេ ត្រូវបានផ្តល់នៅពេលកើត និងដូសផ្សេងទៀត នៅក្នុងអំឡុងអាយុ ៦ខែ រួមជាមួយនឹងវ៉ាក់សាំង DPT ជាបន្តបន្ទាប់ ។
  • វ៉ាក់សាំង OPV (វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងប្រភេទបន្តក់) គឺជាថ្នាំបន្តក់ដែលត្រូវបានផ្តល់ឱ្យតាមមាត់ ហើយវ៉ាក់សាំង IPV (វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងប្រភេទចាក់) ត្រូវបានផ្តល់ជាថ្នាំចាក់។ អាស្រ័យលើប្រទេសរបស់អ្នក ជាធម្មតា ស៊េរីវ៉ាក់សាំងគ្រុនស្វិតដៃជើង រួមបញ្ចូលទាំង OPV និង IPV ។
Polio គឺជាមេរោគដែលអាចបណ្តាលឱ្យខ្វិន មានបញ្ហាដកដង្ហើម ហើយសូម្បីតែស្លាប់។ ដោយសារតែមនុស្សជាច្រើនបានទទួលវ៉ាក់សាំងការពារពីវា នោះមេរោគ polio ស្ទើរតែ បានលុបបំបាត់ទាំងស្រុងទៅហើយ។

វ៉ាក់សាំង rotavirus (RV) ការពារពីមេរោគ rotavirus

មកដល់អាយុ ៦ខែ ទារកទទួលបានវ៉ាក់សាំងនេះ ២ ឬ ៣ដងអាស្រ័យលើរោងចក្រផលិតវ៉ាក់សាំង។ វាត្រូវបានបន្តក់ទៅក្នុងមាត់។
  • ត្រូវបានផ្តល់ឱ្យក្នុងពេលជាមួយគ្នានឹងវ៉ាក់សាំង DPT ឬ pentavalent។


ក្នុងអំឡុងពេល ២សប្តាហ៍បន្ទាប់ពីផ្តល់វ៉ាក់សាំងឲ្យទារក សូមយកចិត្តទុកដាក់ក្នុងការលាងសម្អាតដៃឱ្យបានស្អាតល្អនៅពេលប្តូរក្រណាត់កន្ទបដើម្បីជៀសវាងពីជំងឺស្រាលមួយចំនួន។

Rotavirus គឺជាជំងឺញឹកញាប់ដែលបណ្តាលឱ្យរាកធ្ងន់ធ្ងរ គ្រុនក្តៅ និងក្អួត។ វាឆ្លងរាលដាលយ៉ាងងាយ និងមានគ្រោះថ្នាក់ជាខ្លាំងចំពោះទារកនិងកុមារតូចៗ។

វ៉ាក់សាំង Pneumococcal (conjugate) ការពារពីជំងឺរលាកសួត និងការបង្ករោគផ្សេងៗទៀត

ទារកទទួលការចាក់វ៉ាក់សាំង ៣ដង។
  • ជាធម្មតា វ៉ាក់សាំងត្រូវបានផ្តល់ឱ្យក្នុងពេលជាមួយគ្នានឹងវ៉ាក់សាំង DPT ឬ pentavalent ប៉ុន្តែនៅប្រទេសខ្លះគេចាក់ ២ដងដំបូងក្នុងអំឡុង ៦ខែ និងចាក់លើកទី៣ នៅពេលក្រោយ។

វ៉ាក់សាំងនេះការពារពីការបង្ករោគធ្ងន់ធ្ងរក្នុងសួត ខួរក្បាលនិងឈាម ដែលវាបណ្តាលមកពីមេរោគ pneumococcus ។

ការចាក់វ៉ាក់សាំងឲ្យកុមារទាំងអស់ គឺជាអាទិភាព ប៉ុន្តែវាក៏ជួយការពារមនុស្សពេញវ័យពីជំងឺរលាកសួតផងដែរ។

វ៉ាក់សាំង MR, MMR ការពារពីជំងឺកញ្ជ្រឹល

ជាញឹកញាប់ វ៉ាក់សាំងនេះត្រូវបានផ្តល់ឲ្យជាផ្នែកមួយនៃវ៉ាក់សាំងរួមបញ្ចូលគ្នា អាចជាវ៉ាក់សាំង MR (ជំងឺកញ្ជ្រឹល និងជំងឺស្អូច) ឬក៏វ៉ាក់សាំង MMR (ជំងឺកញ្ជ្រឹល, ក្រឡទែន, និងជំងឺស្អូច)។ កុមារនឹងត្រូវការយ៉ាងតិច ២ដូស។
  • ក្នុងពេលផ្ទុះជំងឺកញ្ជ្រឹល ទារកដែលមានអាយុ ៦ខែ អាចនឹងត្រូវផ្តល់វ៉ាក់សាំង។ ពួកគេទទួលវ៉ាក់សាំងធម្មតា ២ដូសបន្ទាប់ពីនោះទៀត។
  • កុមារដែលមានផ្ទុកមេរោគអេដស៍ ក៏ត្រូវការការចាក់ ២ឬជួនកាល ៣ដងផងដែរ ប៉ុន្តែកុមារដែលឈឺធ្ងន់ពីមេរោគអេដស៍ ត្រូវការការព្យាបាលមេរោគអេដស៍ និងឲ្យមានសុខភាពនឹងនជាមុនសិន មុននឹងទទួលវ៉ាក់សាំង។
ជំងឺកញ្ជ្រឹលឆ្លងរាលដាលយ៉ាងងាយក្នុងចំណោមក្មេងៗ ហើយធ្វើឲ្យឡើងកន្ទួល គ្រុនក្ដៅ និងក្អក។ បើមិនព្យាបាលទេ វាអាចណ្តាលឲ្យមានជំងឺរាក ពិការភ្នែក ឬស្លាប់។

វ៉ាក់សាំង Rubella, MR, MMR ការពារពីជំងឺស្អូច

កុមារត្រូវការយ៉ាងហោចណាស់ ១ម្ជុល។ សូមផ្តល់ឲ្យជាមួយនឹងវ៉ាក់សាំងជំងឺកញ្ជ្រឹលលើកដំបូង។
  • កុមារជាច្រើនទទួលបានការចាក់ ២ដង ដោយសារវ៉ាក់សាំង Rubella គឺជាផ្នែកមួយនៃវ៉ាក់សាំងរួមគ្នា ២ប្រភេទ គឺវ៉ាក់សាំង MR (ជំងឺកញ្ជ្រឹល និងជំងឺស្អូច) និងវ៉ាក់សាំង MMR (ជំងឺកញ្ជ្រឹល, ក្រឡទែន និងជំងឺស្អូច) ដែលត្រូវបានផ្តល់ឱ្យចំនួន ២ដង។
  • នៅតំបន់ដែលមនុស្សភាគច្រើនមិនបានទទួលវ៉ាក់សាំងកាលពីនៅជាទារកទេ នោះយុទ្ធនាការផ្តល់វ៉ាក់សាំង Rubella អាចនឹងផ្តោតទៅលើក្មេងស្រីអាយុច្រើន។

ជំងឺស្អូចអាចធ្វើឱ្យឡើងកន្ទួល និងគ្រុនក្តៅ រួចវាបាត់ទៅវិញ។ ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះ មានជំងឺស្អូច នោះវាមានគ្រោះថ្នាក់ខ្លាំងចំពោះកូនក្នុងផ្ទៃ។

ការចាក់វ៉ាក់សាំងឲ្យកុមារទាំងអស់ ជួយបណ្តេញជំងឺស្អូចឲ្យទៅឆ្ងាយ ហើយវានឹងជួយដល់ស្ត្រីមានផ្ទៃពោះ មិនឲ្យកើតជំងឺនេះដែរ។ ម្យ៉ាងទៀត ក្មេងស្រីដែលបានទទួលវ៉ាក់សាំងជំងឺស្អូច នឹងមិនកើតវាទេនៅពេលមានផ្ទៃពោះពេលពេញវ័យ។

វ៉ាក់សាំង HPV ការពារពីមេរោគ human papillomavirus

ក្មេងស្រីត្រូវការ ២ឬ៣ម្ជុល អាស្រ័យលើអាយុរបស់ពួកគេ។
  • ការចាក់លើកទី១ ត្រូវបានផ្តល់នៅចន្លោះអាយុ ៩ ឬ១០ឆ្នាំ ហើយលើកទី២ នៅ ៦ខែបន្ទាប់។ ចំពោះស្ត្រីដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ៖ ផ្តល់ការចាក់លើកទី១, រង់ចាំ ៤សប្តាហ៍សម្រាប់លើកទី២, រង់ចាំ ១២សប្តាហ៍សម្រាប់លើកទី៣។
វ៉ាក់សាំងនេះបង្ការមហារីកមាត់ស្បូនចំពោះស្ត្រី និងមហារីកមួយចំនួនចំពោះបុរស។ វាសំខាន់បំផុតសម្រាប់ក្មេងស្រី ប៉ុន្តែប្រសិនបើមានថវិកានិងការផ្គត់ផ្គង់គ្រប់គ្រាន់ ប្រទេសខ្លះផ្តល់វ៉ាក់សាំងនេះឲ្យក្មេងប្រុសផងដែរ។

វ៉ាក់សាំងដែលប្រើនៅតែតំបន់មួយចំនួន និងវ៉ាក់សាំងផ្សេងៗទៀតដែលមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលត្រូវការ

ជំងឺអាសន្នរោគ

មនុស្សមួយក្រុមប្រជុំគ្នានិយាយពីការបង្ការជំងឺអាសន្នរោគ

ជំងឺអាសន្នរោគ គឺជាជំងឺរាកដែលអាចសម្លាប់មនុស្សយ៉ាងឆាប់រហ័ស តាមរយៈភាពខ្សោះជាតិទឹក ជាពិសេសចំពោះទារកនិងកុមារ។ វ៉ាក់សាំងការពារពីជំងឺអាសន្នរោគ ត្រូវបានប្រើតាមមាត់ ហើយប្រើប្រាស់នៅតំបន់ដែលទើបចាប់ផ្តើមផ្ទុះ ឬដែលអាចនឹងផ្ទះឡើង ជាពិសេសនៅតាមជំរំឬកន្លែងតាំងលំនៅរបស់ជនភៀសខ្លួន។ អាចត្រូវការ ២ដូស ឬ ៣ដូស អាស្រ័យលើអ្នកក្រុមហ៊ុនផលិតវ៉ាក់សាំង។ ប្រសិនបើជំងឺអាសន្នរោគត្រឡប់មកតំបន់នោះវិញ ប្រជាជនអាចត្រូវការដូសពេញលេញ ឬគ្រាន់តែ ១ដូសរំឮកប៉ុណ្ណោះ។

ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅកូនដោយទឹកដោះ និងអ្នកផ្ទុកមេរោគអេដស៍ គួរតែត្រូវបានរាប់បញ្ចូលទៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងការពារជំងឺអាសន្នរោគណាមួយ។

ជំងឺដែលបង្កដោយបាក់តេរី meningococcus

វ៉ាក់សាំងនេះបង្ការជំងឺរលាកខួរក្បាលដ៏ធ្ងន់ធ្ងរមួយដែលកើតឡើងជាញឹកញាប់នៅក្នុងបណ្តាប្រទេសអាហ្វ្រិកភាគខាងត្បូងនិងភាគកណ្តាល។ វ៉ាក់សាំងនេះគឺសម្រាប់កុមារ និងមនុស្សពេញវ័យ។ បុគ្គលិកសុខាភិបាលនឹងត្រូវការវាប្រសិនបើមានការផ្ទុះឡើង។ វាមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ។ គេនឹងត្រូវការ ១ ឬ ២ដូស អាស្រ័យលើក្រុមហ៊ុនផលិតវ៉ាក់សាំង។ នៅប្រទេសផ្សេងៗ គេប្រើប្រភេទមួយនៃវ៉ាក់សាំងនេះ ដែលត្រូវគ្នាទៅនឹងមេរោគ meningococcal ដែលកំពុងមានវត្តមាន។

ជំងឺគ្រុនលឿង

NWTND vacc Page 11-1.png

គ្រុនលឿង គឺជាមេរោគមួយដែលត្រូវបានចម្លងដោយសត្វមូស។ នៅពេលមេរោគគ្រុនលឿងចូលទៅដល់តំបន់ថ្មីមួយ វាឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់កុមារតូចៗ។

នៅតំបន់ដែលកើតមានជំងឺគ្រុនលឿងញឹកញាប់ សូមផ្តល់វ៉ាក់សាំងឲ្យកុមារ ១ដូសក្នុងពេលជាមួយគ្នានឹងជំងឺកញ្ជ្រឹល នៅអាយុ ៩ ទៅ ១២ខែ។ ប្រសិនបើជំងឺគ្រុនលឿងចូលមកដល់តំបន់ថ្មី សូមផ្តល់វ៉ាក់សាំងឲ្យមនុស្សគ្រប់គ្នា រួមទាំងទារកដែលមានអាយុចាប់ពី ៦ខែ។

ជំងឺរលាកខួរក្បាល ជេអ៊ី

ជំងឺរលាកខួរក្បាល ជេអ៊ី គឺជាមេរោគដែលត្រូវបានចម្លងដោយសត្វមូសនៅតាមតំបន់ខ្លះនៅអាស៊ី។ យុទ្ធនាការផ្តល់ថ្នាំបង្ការ អាចនឹងផ្តោតជាដំបូងទៅលើកុមារទាំងអស់ដែលមានអាយុតិចជាង ១៥ឆ្នាំ។ បន្ទាប់ពីនោះមក មានតែទារកទើបនឹងកើតប៉ុណ្ណោះដែលត្រូវការចាក់វ៉ាក់សាំងនេះ។ កុមារត្រូវការ ១ ឬ ២ម្ជុល អាស្រ័យលើក្រុមហ៊ុតផលិតវ៉ាក់សាំង។

ជំងឺរលាកខួរក្បាលបណ្តាលមកពីចៃលើសត្វ

ជំងឺរលាកខួរក្បាលនេះ ត្រូវបានចម្លងដោយចៃលើសត្វ និងសត្វល្អិតតូចៗដែលខាំចោះទៅក្នុងស្បែក ហើយពិបាកនឹងមើលឃើញណាស់។

ជារឿយៗ កុមារត្រូវការចាក់ ៣ម្ជុល, លើកដំបូងនៅអាយុ ១ ឬ ៣ឆ្នាំ, លើកទី២ នៅ ១ ទៅ ៧ខែក្រោយ, និងលើកទី៣ នៅ ៩ ទៅ ១២ខែបន្ទាប់ពីចាក់លើកទី២, អាស្រ័យលើប្រភេទនិងក្រុមហ៊ុនផលិតវ៉ាក់សាំង។ នៅតំបន់ដែលមានកើតញឹកញាប់នូវជំងឺរលាកខួរក្បាលបង្កដោយចៃ, គេនឹងត្រូវការវ៉ាក់សាំងរំឭករៀងរាល់ ៣ ទៅ ៥ឆ្នាំម្តង។ ដោយសារជំងឺនេះមានគ្រោះថ្នាក់ខ្លាំងចំពោះមនុស្សវ័យចំណាស់ នោះយុទ្ធនាការអាចនឹងផ្តោតទៅលើការចាក់វ៉ាក់សាំងឲ្យមនុស្សពេញវ័យអាយុលើលពី ៥០ឆ្នាំ។

ជំងឺរលាកថ្លើមប្រភេទអា

ជំងឺរលាកថ្លើមប្រភេទអា ត្រូវបានឆ្លងរាលដាលដោយអាហារឬទឹកដែលមានមេរោគ ហើយវាធ្វើឱ្យខូចថ្លើម។ វាបណ្តាលឱ្យអស់កម្លាំងជាខ្លាំង ជួនកាលមានរយៈពេលជាច្រើនខែ។ វាបាត់ទៅវិញដោយខ្លួនឯង ហើយនឹងមិនត្រឡប់មកវិញទេ។ នៅតំបន់ដែលមានកើតជំងឺរលាកថ្លើមប្រភេទអា ជាញឹកញាប់ នោះមិនចាំបាច់ប្រើវ៉ាក់សាំងទេ ប៉ុន្តែនៅតំបន់ដែលមនុស្សភាគច្រើនមិនធ្លាប់ឈឺ នោះវ៉ាក់សាំងនឹងបង្ការជំងឺ។

គេនឹងត្រូវការវ៉ាក់សាំង ១ ឬ ២ដូស អាស្រ័យលើក្រុមហ៊ុនផលិត។ នៅពេលផ្តល់ឱ្យកុមារជាទៀងទាត់ ការចាក់លើកទី១ ត្រូវបានផ្តល់ឱ្យនៅអាយុប្រហែល ១២ខែ និងលើកទី២ នៅ ៦ ទៅ ១៨ខែក្រោយ។

ជំងឺអុតស្វាយ (varicella)

វ៉ាក់សាំងនេះបង្ការជំងឺអុតស្វាយដែលវាបណ្តាលឱ្យមានគ្រុនក្តៅ ឡើងកន្ទួល រមាស់ និងអស់កំលាំងក្នុងអំឡុង ១ ឬ ២សប្តាហ៍។ អាស្រ័យលើក្រុមហ៊ុនផលិត គេត្រូវការចាក់ ១ ឬ ២ម្ជុលឱ្យកុមារទាំងអស់ ហើយជួនកាលឲ្យកុមារធំ និងមនុស្សពេញវ័យ។

ជំងឺគ្រុនផ្តាសាយ (flu)

គ្រុនផ្តាសាយ គឺជាឈ្មោះរបស់វីរុសមួយក្រុមដែលឆ្លងរាលដាលរយៈពេលពីរបីខែជារៀងរាល់ឆ្នាំ បណ្តាលឱ្យមានគ្រុនក្តៅ ញ័រញាក់ និងសញ្ញាផ្សេងៗទៀតស្រដៀងនឹងជំងឺផ្តាសាយ ប៉ុន្តែធ្ងន់ធ្ងរជាង។ មនុស្សភាគច្រើននឹងជាសះស្បើយពីជំងឺគ្រុនផ្តាសាយ ប៉ុន្តែវាអាចនឹងធ្ងន់ធ្ងរសម្រាប់ទារក មនុស្សចាស់ ឬអ្នកដែលមានបញ្ហាសុខភាព។ វ៉ាក់សាំងថ្មីមួយត្រូវបានបង្កើតជារៀងរាល់ឆ្នាំដើម្បីការពារវីរុសគ្រុនផ្តាសាយ។ ជាញឹកញាប់ ការចាក់វ៉ាក់សាំងឲ្យស្ត្រីមានផ្ទៃពោះ គឺជាអាទិភាព ពីព្រោះពួកគាត់នឹងផ្ទេរការការពារដល់ទារកដែលកំពុងលូតលាស់ដែលមិនអាចទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបានយ៉ាងហោចណាស់ ៦ខែ។

ជាធម្មតាត្រូវការការចាក់ ១ម្ជុលជារៀងរាល់ឆ្នាំ។ នៅលើកដំបូងដែលពួកគេត្រូវទទួលវ៉ាក់សាំង កុមារអាយុ ៦ខែទៅ ៥ឆ្នាំត្រូវបានចាក់ ២ម្ជុល ក្នុងពេល ៤សប្តាហ៍ដាច់ពីគ្នា។

ជំងឺគ្រុនពោះវៀន

គ្រុនពោះវៀន គឺជាជំងឺឆ្លងដែលបណ្តាលឲ្យមានគ្រុនក្តៅ ក្អួត និងសញ្ញាផ្សេងៗទៀត។ វាអាចត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច។ ជំងឺគ្រុនពោះវៀន ឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈអាហារ ឬទឹក។ ការលាងសម្អាត និងការទទួលបានទឹកស្អាតនិងអនាម័យល្អ បង្ការការឆ្លងរាលដាល។ វ៉ាក់សាំងប្រឆាំងជំងឺគ្រុនពោះវៀននេះមានជាពីរទម្រង់៖ ថ្នាំចាក់ ឬថ្នាំគ្រាប់។ ភាគច្រើន វ៉ាក់សាំងនេះត្រូវបានប្រើនៅពេលមានការផ្ទុះជំងឺគ្រុនពោះវៀន ហើយក៏សម្រាប់អ្នកដែលធ្វើដំណើរទៅតំបន់ដែលមានជំងឺគ្រុនពោះវៀនជាញឹកញាប់។

ជំងឺឆ្កែឆ្កួត

NWTND vacc Page 12-1.png

មេរោគឆ្កែឆ្កួត គឺជាវីរុសដែលប៉ះពាល់ដល់ជីវិត ហើយចម្លងដោយសត្វ, ជាទូទៅសត្វឆ្កែ សត្វឆ្មា ឬប្រចៀវ។ ជំងឺឆ្កែឆ្កួតគឺជាករណីកម្រនៅក្នុងប្រទេសខ្លះ ហើយក៏ជាករណីញឹកញាប់នៅក្នុងប្រទេសផ្សេងៗទៀតដែរ។ ការចាក់វ៉ាក់សាំងឲ្យសត្វឆ្កែទាំងអស់ នឹងកាត់បន្ថយគ្រោះថ្នាក់ដល់មនុស្ស។ ប្រសិនបើសត្វដែលមានមេរោគឆ្កែឆ្កួត ខាំនរណាម្នាក់ នោះជនរងគ្រោះត្រូវការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួត ជាបន្តបន្ទាប់(ស៊េរី) ដែលត្រូវចាប់ផ្តើមភ្លាមៗ ហើយពួកគេក៏ប្រហែលជាត្រូវការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត (rabies immunoglobulin) ផងដែរ។ ការលាងសម្អាតមុខរបួសឲ្យបានល្អ ជាមួយសាប៊ូនិងទឹកយ៉ាងហោចណាស់ ១៥នាទី គឺជាកិច្ចសំខាន់ណាស់។

ការប្រើប្រាស់វ៉ាក់សាំងជំងឺឆ្កែឆ្កួតបន្ទាប់ពីសត្វខាំ៖ នៅពេលដែលអ្នករបួសត្រូវការទាំងថ្នាំបង្ការជំងឺឆ្កែឆ្កួត(rabies immunoglobulin) និងវ៉ាក់សាំងជំងឺឆ្កែឆ្កួត សូមផ្តល់ថ្នាំបង្ការជំងឺឆ្កែឆ្កួតជាមុន បន្ទាប់មកប្រើម្ជុលស្អាតមួយផ្សេងទៀតសម្រាប់ចាក់វ៉ាក់សាំង។ សូមចាក់វ៉ាក់សាំងឲ្យអស់ពីដប (អាចជា ០,៥មីលីលីត្រ ឬ ១មីលីលីត្រ អាស្រ័យលើក្រុមហ៊ុនផលិតវ៉ាក់សាំង) ទៅក្នុងសាច់ដុំដើមដៃនៅថ្ងៃខាំ, ហើយបន្ទាប់មកម្តងទៀតនៅថ្ងៃទី៣ និងថ្ងៃទី៧ ។ បន្ទាប់មកថ្នាំចាក់លើកទី៤ ត្រូវបានចាក់ក្នុងចន្លោះ ១៤ថ្ងៃ (២សប្តាហ៍) និង ២៨ថ្ងៃ (៤សប្តាហ៍) បន្ទាប់ពីខាំ។ ចំពោះកុមារអាយុ ២ឆ្នាំឬក្មេងជាងនេះ ត្រូវចាក់នៅភ្លៅខាងលើ។ សូមកុំចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតនៅលើកំប៉េះគូទ។

បើទោះជាគ្មានថ្នាំបង្ការជំងឺឆ្កែឆ្កួតក៏ដោយ ការលាងសម្អាតស្បែកឱ្យបានល្អភ្លាមៗ រួចផ្តល់វ៉ាក់សាំងជំងឺឆ្កែឆ្កួតជាបន្តបន្ទាប់(ស៊េរី) អាចបង្ការជំងឺឆ្កែឆ្កួតបាន។

វ៉ាក់សាំងជំងឺឆ្កែឆ្កួតត្រូវបានគេផ្តល់ឲ្យដើម្បីបង្ការជំងឺឆ្កែឆ្កួត មុនពេលមនុស្សម្នាក់ត្រូវបានសត្វខាំ ប៉ុន្តែជាធម្មតាគេត្រូវការប្រើចំពោះអ្នកដែលធ្វើការផ្ទាល់ជាមួយសត្វដែលទំនងជាមានមេរោគឆ្កែឆ្កួតតែប៉ុណ្ណោះ។