Hesperian Health Guides
១. ការលើកកម្ពស់សុខភាព បរិស្ថានក្នុងសហគមន៍
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១. ការលើកកម្ពស់សុខភាពបរិស្ថានក្នុងសហគមន៍
យើងអាចយល់បានយ៉ាងច្បាស់ពីការកែលម្អសុខភាពរបស់កុមារម្នាក់ឬគ្រួសារមួយ។ ប៉ុន្តែតើអ្នកអាចកែលម្អសុខភាពរបស់បរិស្ថានយ៉ាងដូចម្តេចវិញ?
នៅពេលនិយាយអំពីសុខភាពបរិស្ថាន គឺយើងសំដៅលើរបៀបដែលសុខភាពរបស់យើងត្រូវបានប៉ះពាល់ដោយលោកជុំវិញយើង និងក៏សំដៅលើរបៀបដែលសកម្មភាពរបស់យើង ប៉ះពាល់ដល់សុខភាពរបស់លោកជុំវិញយើងផងដែរ។ ប្រសិនបើអាហារ ទឹក និងខ្យល់ ត្រូវបានធ្វើឲ្យកខ្វក់ នោះវាអាចធ្វើឲ្យយើងមានជំងឺ។
ប្រសិនបើយើងមិនយកចិត្តទុកដាក់លើរបៀបដែលយើងប្រើប្រាស់ខ្យល់ ទឹក និងដីទេ យើងអាចធ្វើឲ្យខ្លួនយើងនិងលោកជុំវិញយើង មានជំងឺ។ តាមរយៈការការពារបរិស្ថានរបស់យើង គឺយើងការពារសុខភាពរបស់យើង។
ជាញឹកញាប់ ការកែលម្អសុខភាពបរិស្ថានតែងតែកើតឡើងនៅពេលដែលប្រជាជនកត់សម្គាល់ឃើញថា បញ្ហាសុខភាពមិនត្រឹមតែប៉ះពាល់ដល់មនុស្សម្នាក់ឬមនុស្សមួយក្រុមទេ ប៉ុន្តែវាជាបញ្ហារបស់សហគមន៍ទាំងមូលតែម្តង។ នៅពេលប្រជាជនមានបញ្ហាដូចគ្នា ពួកគេទំនងជានឹងធ្វើការរួមគ្នាដើម្បីការផ្លាស់ប្តូរ។
ក្នុងជំពូកនេះ យើងនឹងរៀបរាប់ពីរឿងរ៉ាវរបស់អង្គការសុខភាពសហគមន៍មួយ ស្ថិតនៅក្នុងក្រុងមែនក្លារ៉ាល់តូ (Manglaralto) នៃប្រទេសអេខ្វាឌ័រ ដែលនៅទីនោះបុគ្គលិកសុខាភិបាលបានបញ្ឈប់ការរាតត្បាតនៃជំងឺអាសន្នរោគ។ ចាប់ពីពេលនោះមក ប្រជាជននៅក្នុងសហគមន៍បានរកឃើញវិធីធ្វើការរួមគ្នាដើម្បីជម្នះលើបញ្ហាសុខភាពដទៃទៀតផងដែរ។