Hesperian Health Guides
អ្នកលើកកម្ពស់សុខភាព បញ្ឈប់ជំងឺអាសន្នរោគ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១. ការលើកកម្ពស់សុខភាពបរិស្ថានក្នុងសហគមន៍ > អ្នកលើកកម្ពស់សុខភាព បញ្ឈប់ជំងឺអាសន្នរោគ
នៅលើឆ្នេរអេខ្វាឌ័រ អាកាសធាតុមានលក្ខណៈស្ងួតខ្លាំងរយៈពេល៦ខែ និងសើមខ្លាំងរយៈពេល៦ខែ។ លក្ខណៈបែបនេះធ្វើឲ្យប្រជាជនមានការពិបាកក្នុងការធ្វើស្រែចម្ការ។ នៅទីនោះមានផ្សារបន្តិចបន្តួច ហើយរដ្ឋាភិបាលមិនសូវប្រឹងប្រែងក្នុងការបង្កើតសាលារៀន គ្លីនិកសុខភាព និងសេវាសំខាន់ៗដទៃទៀតទេ ដូចជាទឹកស្អាត និងលូបង្ហូរជាដើម។ នៅពេលជំងឺអាសន្នរោគវាយប្រហារលើតំបន់នេះនៅឆ្នាំ១៩៩១ ប្រជាជនភាគច្រើនមិនបានត្រៀមលក្ខណៈជាមុនទេ ធ្វើឲ្យមនុស្សជាច្រើនមានជំងឺយ៉ាងធ្ងន់ធ្ងរ។
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជននាំសមាជិកគ្រួសារមកកាន់មណ្ឌលសុខភាពក្នុងទីក្រុងមែនក្លារ៉ាល់តូ។ ពួកគេខ្សោយ ញ័រ គ្រុនក្តៅ ព្រមទាំងមានជំងឺរាកសុទ្ធតែទឹក និងខ្សោះជាតិទឹកធ្ងន់ធ្ងរ។ អ្នកលើកកម្ពស់សុខភាព ដឹងថានោះគឺជាការរាតត្បាតនៃជំងឺអាសន្នរោគ ហើយប្រជាជនជាច្រើនប្រាកដជាស្លាប់ប្រសិនបើពួកគេមិនធ្វើសកម្មភាពបញ្ឈប់ជំងឺនេះឲ្យបានឆាប់រហ័សទេ។
ដោយហេតុថាជំងឺអាសន្នរោគឆ្លងចូលទៅក្នុងទឹក ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងងាយ ដូច្នេះអ្នកលើកកម្ពស់សុខភាពយល់ថា ការព្យាបាលតែអ្នកជំងឺគឺមិនគ្រប់គ្រាន់ទេ។ ដើម្បីបង្ការជំងឺអាសន្នរោគកុំឲ្យឆ្លងរាលដាល ពួកគេត្រូវរកវិធីមួយដើម្បីធ្វើឲ្យប្រជាជនទាំងអស់នៅក្នុងក្រុងនិងភូមិជិតខាង មានទឹកស្អាត និងបង្គន់សុវត្ថិភាព។
អ្នកលើកកម្ពស់សុខភាពចាប់ផ្តើមរៀបចំប្រមូលអ្នកភូមិដែលនៅមានសុខភាពល្អ ហើយពួកគេបានសុំជំនួយពីក្រុមផ្សេងៗនៅក្នុងស្រុក។ ពួកគេបញ្ចុះបញ្ចូលអង្គការមួយដែលមានដៃគូនៅក្រៅប្រទេស ឲ្យផ្តល់ប្រាក់ដល់ពួកគេក្នុងការចាប់ផ្តើមកម្មវិធីភាពអាសន្នមួយ ដើម្បីផ្តល់ទឹកស្អាតនិងបង្គន់ដល់ប្រជាជន។
អ្នកលើកកម្ពស់សុខភាពបានបង្កើតគម្រោងរបស់ពួកគេមួយដែលមានឈ្មោះថា “សុខភាពសម្រាប់ប្រជាជន” (Salud para el Pueblo ជាភាសាអេស្ប៉ាញ) រួចរៀបចំគណៈកម្មាធិការសុខភាពសាធារណៈនៅតាមភូមិនីមួយ។ សមាជិកគណៈកម្មាធិការក៏បានជ្រើសរើស “អ្នកអប់រំសុខភាពក្នុងភូមិ” មួយចំនួន ដែលត្រូវបានបណ្តុះបណ្តាលក្នុងការបង្រៀនប្រជាជនអំពីទឹកស្អាត និងអនាម័យ (ការសាងសង់ និងថែទាំបង្គន់ និងការលាងសម្អាតដៃដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគ) ។ តាមវិធីនេះ អ្នកលើកកម្ពស់សុខភាពបានផ្តល់សមត្ថភាពដល់អ្នកភូមិ ឲ្យទទួលខុសត្រូវលើផ្នែកសំខាន់ៗនៃការប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគ និងដើម្បីការពារសុខភាពបរិស្ថាននៅក្នុងសហគមន៍របស់ពួកគេ។
មាតិកា
- ១ ធ្វើការរួមគ្នាដើម្បីការផ្លាស់ប្តូរ
- ២ តើអ្វីទៅដែលធ្វើឲ្យការប្រមូលផ្តុំផ្នែកសុខភាពនេះ មានជោគជ័យ?
- ៣ តើចក្ខុវិស័យរបស់សុខភាពបរិស្ថានបានចាប់ផ្តើមលូតលាស់យ៉ាងដូចម្តេច
- ៤ ភ្នំដែលគ្មានដើមឈើ ប្រៀបដូចជាផ្ទះដែលគ្មានដំបូល
- ៥ ការស្វែងរកមូលហេតុឫសគល់នៃបញ្ហា
- ៦ ការប្រែក្លាយខ្លួនឲ្យទៅជាអ្នកលើកកម្ពស់សុខភាពបរិស្ថានដ៏មានប្រសិទ្ធភាពម្នាក់
ធ្វើការរួមគ្នាដើម្បីការផ្លាស់ប្តូរ
ការងារទីមួយដែលអ្នកអប់រំសុខភាពក្នុងភូមិធ្វើ គឺបង្រៀនប្រជាជនអំពីរបៀបឆ្លងរាលដាលនៃជំងឺអាសន្នរោគនិងជំងឺដទៃទៀតដែលបណ្តាលឲ្យកើតជំងឺរាក។ បន្ទាប់មកពួកគេជួយប្រជាជននៅតាមផ្ទះនិងភូមិនីមួយៗ ឲ្យប្រាកដថាប្រភពទឹករបស់ពួកគេមានភាពស្អាត។ ពួកគេក៏បង្រៀនប្រជាជនពីវិធីបំបាត់ការខ្សោះជាតិទឹកផងដែរ ដែលវាជាមូលហេតុចម្បងនៃការស្លាប់ដោយសារជំងឺរាក តាមរយៈការធ្វើភេសជ្ជៈបង្គ្រប់ជាតិទឹក ពីស្ករនិងអំបិល លាយជាមួយទឹកឆ្អិន រួចផ្តល់ឲ្យកុមារនិងអ្នកដែលមានជំងឺរាក។ ពួកគេបង្រៀនប្រជាជននៅក្នុងសាលារៀន ព្រះវិហារ មណ្ឌលសហគមន៍ និងតាមទីប្រមូលផ្តុំសាធារណៈនានា អំពីការបង្ការជំងឺអាសន្នរោគដោយការលាងសម្អាតដៃ និងដោយការសាងសង់និងប្រើប្រាស់បង្គន់សុវត្ថិភាព។ ពីរបីសប្តាហ៍ក្រោយមក ជំងឺអាសន្នរោគបានរលាយបាត់ស្ទើរតែទាំងស្រុង។
ប៉ុន្តែអ្នកលើកកម្ពស់សុខភាពដឹងថាពួកគេនៅមានការងារទៀតដែលត្រូវធ្វើ ដើម្បីធានាថាជំងឺអាសន្នរោគនឹងមិនវាយប្រហារម្តងទៀត។
ដោយមានជំនួយពីវិស្វករក្នុងតំបន់ ប្រជាជនបានចូលរួមសាងសង់ប្រព័ន្ធទឹកស្អាតជាមួយគ្នា ដើម្បីកែលម្អបង្គន់នៅក្នុងភូមិនីមួយៗ និងដើម្បីធានាថាផ្ទះទាំងអស់ក្នុងភូមិ មានទឹកគ្រប់គ្រាន់សម្រាប់ងូត។ អ្នកភូមិបានធ្វើការងារដោយខ្លួនឯង ហើយបានរៀនពីរបៀបសម្អាតនិងថែទាំប្រព័ន្ធទឹកនិងបង្គន់។ ពួកគេក៏បានធ្វើរបងបង្ខាំងសត្វពាហនៈ(ដើម្បីកុំឲ្យលាមករបស់សត្វ ចូលទៅក្នុងប្រភពទឹក) និងគ្របពាងទឹកដើម្បីបង្ការសត្វមូសដែលផ្ទុកមេរោគ កុំឲ្យបង្កកំណើតក្នុងនោះ។
នៅពេលប្រជាជនធ្វើការងាររាល់ថ្ងៃ ប្រជាជននៅភូមិដទៃក៏មកចូលរួមជាមួយគ្នា។ គម្រោង“សុខភាពសម្រាប់ប្រជាជន” បានចាប់ផ្តើមតាំងពីមានអ្នកភូមិតែ២២នាក់ រហូតដល់១០០នាក់ ដោយមិនប្រើពេលយូរឡើយ។ ក្នុងរយៈពេលដ៏ខ្លី តំបន់ទាំងមូលលែងមានជំងឺអាសន្នរោគទៀតទេ ហើយជំងឺដទៃទៀតក៏ត្រូវបានកាត់បន្ថយផងដែរ។
តើអ្វីទៅដែលធ្វើឲ្យការប្រមូលផ្តុំផ្នែកសុខភាពនេះ មានជោគជ័យ?
គម្រោង“សុខភាពសម្រាប់ប្រជាជន” មានជោគជ័យជាខ្លាំងក្នុងការបញ្ឈប់ជំងឺអាសន្នរោគ និងការបន្តដោះស្រាយបញ្ហាដទៃទៀត។ ការងារនេះអាចសម្រេចទៅបានដោយសារអ្នកលើកកម្ពស់សុខភាពបាន ៖
- ធ្វើការជាមួយប្រជាជននៅតាមផ្ទះរបស់ពួកគេ។ បុគ្គលិករបស់គម្រោង“សុខភាពសម្រាប់ប្រជាជន” បានបណ្តុះបណ្តាលប្រជាជនពីផ្ទះមួយទៅផ្ទះមួយ អំពីការរក្សាអនាម័យប្រភពទឹក។ ចំណុចនេះបានជួយក្រុមសុខភាពឲ្យរៀនអំពីបញ្ហាដទៃទៀត ព្រមទាំងបានទទួលការទុកចិត្តពីសហគមន៍។
- ប្រមូលមនុស្សជាច្រើនក្រុមមករួមបញ្ចូលគ្នា។ អង្គការក្នុងស្រុក រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ(NGOs) និងក្រសួងសុខាភិបាល បានធ្វើការរួមគ្នា។ បែបនេះធានាថាពួកគេមានធនធាននិងបទពិសោធន៍គ្រប់គ្រាន់ ដើម្បីជួយបញ្ឈប់ការរាតត្បាតជំងឺ។ ដោយសារពួកគេធ្វើការជាមួយគ្នា ពួកគេចៀសវាងបាននូវបញ្ហាមួយដែលអង្គការជាច្រើនធ្វើការងារដូចគ្នា ឬធ្វើការងារប្រឆាំងគ្នា។
- ផ្តល់តម្លៃឲ្យប្រជាជនថាជាធនធានដ៏សំខាន់បំផុត។ ពួកគេមិនបានស្តីបន្ទោសអ្នកភូមិអំពីបញ្ហាសុខភាពទាំងឡាយទេ ហើយពួកគេក៏មិនបានពឹងផ្អែកតែលើជំនួយពីខាងក្រៅសហគមន៍ដែរ។ ផ្ទុយទៅវិញ ពួកគេបានប្រើប្រាស់បទពិសោធន៍ផ្ទាល់របស់ប្រជាជន ដើម្បីធ្វើការងារឆ្ពោះទៅកាន់គោលដៅរួមមួយ។ ពួកគេប្រើវិធីសាស្ត្រដូចជា ល្បែងកំសាន្ត ការសម្តែងតុក្កតា ចម្រៀង ការពិភាក្សា និងសកម្មភាពអប់រំផ្សេងៗដែលមានប្រជាប្រិយ ដើម្បីប្រមូលផ្តុំប្រជាជនឲ្យចែករំលែកចំណេះដឹងនិងសមត្ថភាពរបស់ខ្លួន។ សកម្មភាពទាំងនេះធ្វើឲ្យអ្នកភូមិមានការជឿជាក់លើខ្លួនឯងនិងមានការជំរុញទឹកចិត្ត ព្រោះពួកគេឃើញថា ចំណេះដឹងនិងការរួមចំណែករបស់ពួកគេ បានដោះស្រាយបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន។
តើចក្ខុវិស័យរបស់សុខភាពបរិស្ថានបានចាប់ផ្តើមលូតលាស់យ៉ាងដូចម្តេច
មួយរយៈក្រោយមកទៀត អ្នកលើកកម្ពស់សុខភាពក៏បានដឹងថា សត្វល្អិតដែលផ្ទុកមេរោគកំពុងបង្កកំណើតនៅក្នុងសំរាមនិងកន្លែងចាក់សំរាម។ ពួកគេបានជួបប្រជុំនៅក្នុងសហគមន៍ដើម្បីពិភាក្សាអំពីការសម្អាតផ្លូវថ្នល់ និងការកែលម្អកន្លែងចាក់សំរាម។ ភូមិនីមួយៗបានបង្កើតក្រុម “អ្នកលើកកម្ពស់សុខភាពបរិស្ថាន” ដែលជាអ្នកចាត់ចែងថ្ងៃធ្វើការឲ្យមនុស្សម្នាក់ៗដើរប្រមូលសំរាម។ ដោយមានជំនួយពីវិស្វករម្នាក់ អ្នកលើកកម្ពស់អនាម័យបរិស្ថានបានកែប្រែកន្លែងចាក់សំរាម ឲ្យទៅជារណ្តៅសុវត្ថិភាព ដែលហៅថា រណ្តៅសំរាមអនាម័យ។ ពីរបីឆ្នាំក្រោយមក អ្នកលើកកម្ពស់សុខភាពបាននិយាយអំពីការចាប់ផ្តើមកម្មវិធីកែច្នៃធនធានឡើងវិញដើម្បីកាត់បន្ថយបរិមាណសំរាមនៅក្នុងរណ្តៅសំរាម។ នៅពេលដែលអង្គការអន្តរជាតិមួយ បានផ្តល់រថយន្តធំមួយសម្រាប់ដឹកសំរាមទៅទីក្រុង ពួកគេអាចធ្វើកិច្ចការនេះភ្លាម។ ប្រាក់ដែលរកបានពីការកែច្នៃសំរាម បានជួយដល់ថ្លៃសាំងនិងការចំណាយលើការថែទាំរថយន្ត។
រហូតមកដល់ឆ្នាំ១៩៩៦ គម្រោង“សុខភាពសម្រាប់ប្រជាជន” បានសាងសង់បង្គន់រាប់រយ ដំឡើងប្រព័ន្ធទឹកស្អាតជាច្រើន ជីករណ្តៅសំរាមចំនួន២ ចាប់ផ្តើមកម្មវិធីកែច្នៃធនធានមួយ និងចាប់ផ្តើមជួយប្រជាជនឲ្យដាំដំណាំប្រចាំសហគមន៍។
លុះដល់ឆ្នាំ១៩៩៧ មហន្តរាយបានវាយប្រហារ។ ព្យុះភ្លៀងដែលមានឈ្មោះថា អែលនីណូ (El Niño) បានបោកបក់នៅលើឆ្នេរអេខ្វាឌ័រ។ ក្នុងរយៈពេល៦ខែ តំបន់នេះមានខ្យល់និងភ្លៀងខ្លាំងៗ ស្ទើរតែរៀងរាល់ថ្ងៃ។ ខ្យល់បានបោកបក់រំលើងដើមឈើ, ភ្លៀងបានធ្វើឲ្យភ្នំតូចៗក្លាយទៅជាបំណាក់ភក់ផ្ទាំង, ហើយដីទំនាបត្រូវបានបំពេញទៅដោយទឹកទន្លេពណ៌ត្នោត។ ទឹកទន្លេឡើងជន់ រួចហូរបំផ្លាញភូមិទាំងអស់។ បង្គន់ ប្រព័ន្ធទឹកស្អាត និងការខិតខំច្រើនឆ្នាំ ត្រូវបានទឹកហូរដាច់គ្មានសល់។
នៅពេលដីទួលបាក់ស្រុត ការងាររបស់គម្រោង“សុខភាពសម្រាប់ប្រជាជន” ក៏ស្ទើរតែបាក់រលំជាមួយគ្នាដែរ។ ដើម្បីឲ្យយល់ច្បាស់ពីមូលហេតុបណ្តាលឲ្យមានគ្រោះមហន្តរាយនេះកើតឡើង យើងត្រូវតែក្រឡេកមើលទៅលើប្រវត្តិនៃតំបន់នេះ។
ភ្នំដែលគ្មានដើមឈើ ប្រៀបដូចជាផ្ទះដែលគ្មានដំបូល
មុនពេលកាប់បំផ្លាញ |
ក្រោយពេលកាប់បំផ្លាញ |
កាលពីមុន ភ្នំទាំងឡាយនៅលើឆ្នេរអេខ្វាឌ័រ ត្រូវបានគ្របដណ្តប់ទៅដោយព្រៃឈើតំបន់ត្រូពិកយ៉ាងក្រាស់ឃ្មឹក។ ដើមកោងកាងដុះយ៉ាងច្រើននៅកន្លែងដែលទឹកសាបពីទន្លេជួបគ្នានឹងទឹកប្រៃពីសមុទ្រ។ ដើមកោងកាងទាំងនោះការពារឆ្នេរពីព្យុះ និងជាជម្រកនៃសត្វត្រីនិងលាសជាច្រើនប្រភេទ។ ដើមឫស្សីដុះតាមបណ្តោយខ្សែទឹក ដែលជួយការពារច្រាំងមិនឲ្យសឹក។ ព្រៃទាំងនោះសម្បូរទៅដោយដើមសីបូ(ceibo, ពូជដើមឈើនៅអាមេរិកខាងត្បូង) ធំៗដែលផ្តល់ជាម្លប់។ ឫសដ៏វែងរបស់វាជួយទប់ទឹកនិងដី។ ដើមខារុប(ដើមឈើមួយប្រភេទនៅតំបន់សមុទ្រម៉េឌីទែរាណេ) ដុះនៅតាមជម្រាលភ្នំស្រួចៗ ហើយវាទប់ដីនិងការពារជាយភ្នំមិនឲ្យបាក់ស្រុត។ ស្លឹកឈើជួយបង្កើនជីជាតិឲ្យដីនៅពេលវាធ្លាក់ទៅដី។
ព្រៃឈើធ្លាប់ជាផ្ទះសម្រាប់ប្រជាជន និងក៏ជាជម្រកសម្រាប់សត្វក្តាន់ រមាំង សត្វស្លាប សត្វល្អិត សត្វល្មូន និងសត្វព្រៃជាច្រើនទៀតរាប់មិនអស់។ ប្រជាជនសាងសង់ផ្ទះរបស់ខ្លួនពីដើមឫស្សីនិងស្លឹកដូង។ កាលពីមុនមានសត្វព្រៃជាច្រើនដែលអាចបរបាញ់បាន មានផ្លែឈើសម្រាប់បរិភោគ ព្រមទាំងទឹកនិងដីមានជីជាតិសម្រាប់សួនដំណាំនិងកសិដ្ឋានតូច។
ប៉ុន្តែជាង១០០ឆ្នាំកន្លងមកនេះ ដើមឈើជាច្រើនបានត្រូវកាប់យកមកធ្វើផ្លូវរថភ្លើងនិងសាងសង់ផ្ទះ។ បន្ទាប់មកមានក្រុមហ៊ុនមួយមកពីប្រទេសជប៉ុន បានមកដល់ទីនេះ រួចកាប់ដើមឈើស្ទើរតែទាំងអស់ដែលនៅសេសសល់ ហើយដឹកឈើតាមផ្លូវរថភ្លើងទៅកាន់កំពង់ផែ រួចដឹកជញ្ជូនតាមកប៉ាល់ទៅកាន់ប្រទេសជប៉ុន។ ដោយសារដើមឈើពីព្រៃឈើតំបន់ត្រូពិក មានសភាពរឹងមាំ ទើបវាលក់បានតម្លៃល្អ។ នៅពេលអស់ដើមឈើ ក្រុមហ៊ុនក៏ចេញពីទីនេះ។ ផ្លូវរថភ្លើងក៏ចាស់ទ្រុឌទ្រោម។ មួយរយៈក្រោយមក វាក៏ត្រូវបានបោះបង់ចោល។
សព្វថ្ងៃនេះភ្នំទាំងឡាយនៅលើឆ្នេរអេខ្វាឌ័រ មានសភាពដូចជាវាលខ្សាច់។ ភ្នំតូចៗមានពណ៌ត្នោត ហើយគ្មានម្លប់ឡើយ។ នៅរដូវប្រាំង ដីហុយទ្រលោម ហើយខ្យល់មានសុទ្ធតែធូលី។ នៅរដូវវស្សា ដីប្រែទៅជាភក់ ហើយដីនៅតាមជាយភ្នំបាក់ស្រុតជាបន្តបន្ទាប់។ នៅពេលព្យុះមកដល់នៅឆ្នាំ១៩៩៧ នៅទីនេះក៏គ្មានដើមឈើដើម្បីការពារអ្នកភូមិពីវិនាសកម្មនោះឡើយ។
ការស្វែងរកមូលហេតុឫសគល់នៃបញ្ហា
នៅពេលពួកគេមើលឃើញថា ភ្លៀងបានបំផ្លាញភូមិទាំងមូល ដោយហូរដាច់ទាំងប្រព័ន្ធទឹកស្អាតនិងបង្គន់ដែលទើបសង់ថ្មីៗទៅជាមួយផង នោះទើបបុគ្គលិកសុខាភិបាលនៃគម្រោង“សុខភាពសម្រាប់ប្រជាជន” យល់ថា ពួកគេត្រូវធ្វើការងារផ្សេងទៀតដើម្បីបង្ការគ្រោះមហន្តរាយបែបនេះនៅថ្ងៃមុខទៀត។ ការសាងសង់ប្រព័ន្ធទឹក និងការលើកកម្ពស់អនាម័យ គ្រាន់តែអាចដោះស្រាយបញ្ហាបានតែមួយផ្នែកប៉ុណ្ណោះ។
មានសុភាសិតមួយនៅក្នុងភូមិពោលថា ៖ ភ្នំដែលគ្មានដើមឈើ ប្រៀបដូចជាផ្ទះដែលគ្មានដំបូលដែរ។ មានន័យថាដើមឈើការពារភ្នំ និងបង្ការវាមិនឲ្យសឹកដោយសារខ្យល់និងភ្លៀង គឺប្រៀបដូចជាដំបូលផ្ទះដែលការពារប្រជាជននៅក្នុងផ្ទះដែរ។ បុគ្គលិកសុខាភិបាលចាប់ផ្តើមមើលឃើញថា ការជំរុញឲ្យមានការដាំដើមឈើ និងការការពារធនធានធម្មជាតិ គឺមានសារសំខាន់ដូចគ្នានឹងការលើកកម្ពស់សុខភាពដែរ ព្រោះវាមានគោលដៅតែមួយដូចគ្នា! ដោយមានគំនិតបែបនេះ អ្នកលើកកម្ពស់សុខភាពបានចាប់ផ្តើមគម្រោងដាំដើមឈើ។ ប៉ុន្តែប្រជាជនមួយចំនួនមិនចង់ដាំដើមឈើទេ។ បុរសម្នាក់ឈ្មោះវិធូ បានបដិសេធមិនចូលរួមជាមួយគម្រោងដាំដើមឈើនេះទេ។
វិធូនិយាយថា “វាគឺជាការងារលើសពីសមត្ថភាព។
ពួកគេគ្រាន់តែចង់ឲ្យយើងធ្វើការដែលគ្មានប្រយោជន៍ប៉ុណ្ណោះ។ គាត់បានបញ្ចុះបញ្ចូលអ្នកភូមិដទៃទៀតឲ្យប្រឆាំងនឹងអ្នកលើកកម្ពស់សុខភាព។
តាមរយៈការសួរសំនួរ “ប៉ុន្តែហេតុអ្វី” មាលាបានជួយអ្នកភូមិឲ្យក្រឡេកមើលទៅលើមូលហេតុនានាដែលបញ្ហាសុខភាពរបស់ពួកគេមានទំនាក់ទំនងជាមួយនឹងបរិស្ថានដែលពួកគេរស់នៅ។ នៅចុងបញ្ចប់នៃការពិភាក្សា អ្នកភូមិភាគច្រើនយល់ស្របថា វាជាការសំខាន់ណាស់ដែលពួកគេត្រូវដាំដើមឈើដើម្បីបង្ការសំណឹកនិងការពារដី។ ប៉ុន្តែវិធូនៅមិនទាន់យល់ស្របជាមួយគេនៅឡើយ។
ការប្រែក្លាយខ្លួនឲ្យទៅជាអ្នកលើកកម្ពស់សុខភាពបរិស្ថានដ៏មានប្រសិទ្ធភាពម្នាក់
មាលាបានត្រឡប់មកមណ្ឌលសុខភាពវិញដោយការខូចទឹកចិត្ត។ នាងគិតថា “ទោះបីពួកគេយល់ពីសារប្រយោជន៍របស់ដើមឈើក៏ដោយ ក៏ពួកគេនៅតែមិនដាំដើមឈើដែរ។ តើខ្ញុំអាចបញ្ចុះបញ្ចូលពួកគេដូចម្តេចទៅ?” រំពេចនោះ មានសត្វឃ្មុំមួយក្បាលបានហើរចូលក្នុងបន្ទប់ ហើយធ្វើឲ្យនាងភ្ញាក់។ មាលាបានដេញវាចេញក្រៅ ហើយក៏ឃើញវាហើរចេញតាមបង្អូច រួចទៅទំលើផ្កាពណ៌ក្រហមលើដើមខារុប។ វាក៏ធ្វើឲ្យនាងមានគំនិតថ្មីមួយ។
នៅថ្ងៃបន្ទាប់ មាលាក៏អញ្ជើញអ្នកភូមិមកជួបជុំគ្នាម្តងទៀត។ នាងសួរសំនួរផ្សេងពីមុន ហើយវិធូ គឺជាអ្នកឆ្លើយមុនគេ។
អ្នកភូមិដទៃទៀត ព្យាយាមគិតរកវិធីល្អ ហើយនេះគឺជាការសន្ទនារបស់ពួកគេ ៖
មាលានិយាយថា “បើយើងដាំដើមឈើដែលឃ្មុំចូលចិត្តផ្ការបស់វា នោះយើងអាចចាប់ផ្តើមគម្រោងចិញ្ចឹមឃ្មុំ ហើយយើងនឹងលក់ទឹកឃ្មុំ។ យើងត្រូវការពេលតែ១ឆ្នាំប៉ុណ្ណោះដើម្បីឲ្យផ្ការីក។ អ្នកភូមិពេញចិត្តនឹងគំនិតនេះ។ សូម្បីតែវិធូក៏យល់ព្រមសាកល្បងដាំដើមឈើដែរ បើគាត់អាចរៀនពីវិធីយកទឹកឃ្មុំ។
វិធូបានហៅមាលាឲ្យឈប់នៅពេលនាងកំពុងចាកចេញ។ គាត់ប្រាប់នាងថា “នៅពេលចៅរបស់ខ្ញុំមានជំងឺរាក ពួកយើងស្ងោរផ្លែខារុបឲ្យវាផឹក។ ទឹកនោះព្យាបាលវាបានល្អជាងថ្នាំណាៗទាំងអស់ដែលគ្រូពេទ្យឲ្យខ្ញុំ។ ខ្ញុំគិតថាវាគឺជាគំនិតល្អដែលយើងដាំដើមខារុប។ បន្ទាប់មកយើងអាចធ្វើជាទឹកឱសថ ហើយយើងលាយទឹកឃ្មុំដើម្បីឲ្យវាមានរសជាតិផ្អែម។
មាលាបានត្រឡប់មកមណ្ឌលសុខភាពវិញដោយក្តីរំភើបរីករាយនឹងគម្រោងថ្មីៗទាំងនេះ។ បន្ទាប់ពីគិតឡើងវិញអំពីដំណើរការនៃការប្រជុំ នាងបានស្វែងយល់ថា វានឹងគ្មានប្រសិទ្ធភាពទេបើគាត់គ្រាន់តែប្រាប់ពីអ្វីដែលអ្នកភូមិគួរធ្វើ។ គាត់ត្រូវរៀនមើលស្ថានភាពទាំងនោះតាមអ្វីដែលអ្នកភូមិមើលឃើញ, រៀនស្តាប់គំនិតរបស់ពួកគេ, និងរៀនស្វែងយល់ពីតម្រូវការបស់ពួកគេ ទើបគាត់អាចក្លាយជាអ្នកលើកកម្ពស់សុខភាពបរិស្ថានដ៏មានប្រសិទ្ធភាពម្នាក់។