Hesperian Health Guides

ការរៀបចំសហគមន៍គឺជាដំណើរការមួយ

នៅក្នុងជំពូកនេះ ៖

ដូចដែលបទពិសោធន៍របស់ស្ត្រីក្នុងទីក្រុងវីលកាសបានបង្ហាញ ការរៀបចំសហគមន៍គឺជាដំណើរការជាបន្តបន្ទាប់មួយដែលទាមទារឲ្យមានសេចក្តីក្លាហាន ការលះបង់ពេលវេលា និងការអត់ធ្មត់។ រាល់ជំហានដែលបោះទៅមុខនាំមកនូវមេរៀនជាបទពិសោធន៍ថ្មីៗ និងបញ្ហាប្រឈមថ្មីៗដែលត្រូវដោះស្រាយ។ ពួកគេអាចនឹងត្រូវប្រើរយៈពេលយូរដើម្បីបញ្ចុះបញ្ចូលឲ្យគេទទួលគំនិត និងបន្ស៊ាំខ្លួនទៅនឹងការផ្លាស់ប្តូរដែលកើតឡើង។ ខណៈដែលមនុស្សកាន់តែច្រើនចូលរួមក្នុងដំណើរការនៃការផ្លាស់ប្តូរ នោះជម្លោះក៏នឹងអាចកើតឡើងច្រើនផងដែរ។ ប៉ុន្តែ ការបញ្ចូលឲ្យមនុស្សកាន់តែច្រើនមកចូលរួម ក៏បង្កើតនូវឱកាសកាន់តែច្រើនដើម្បីទទួលបាននូវគំនិតថ្មីៗ សម្ព័ន្ធភាពថ្មីៗ និងជំនាញថ្មីៗដែលនឹងត្រូវរៀនសូត្រ និងចែករំលែកផងដែរ។

ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានឆ្លងកាត់ជំហាន និងដំណាក់កាលជាច្រើនក្នុងដំណើរការរៀបចំរបស់ពួកគេ។ ពួកគេបានធ្វើសកម្មភាព ហើយបន្ទាប់មកបានត្រិះរិះពិចារណាឡើងវិញយ៉ាងយកចិត្តទុកដាក់លើសកម្មភាពនោះ មុននឹងអនុវត្តជំហានបន្ទាប់។ ពួកគេបានអនុវត្តដំណើរការនេះជាច្រើនដង ហើយជាមួយនឹងជំហាននីមួយៗទាំងនោះ ពួកគេកាន់តែយល់ដឹងបានស៊ីជម្រៅអំពីបញ្ហាដែលពួកគេចង់ដោះស្រាយ ឧបសគ្គដែលពួកគេជួបប្រទះ ដំណោះស្រាយដែលអាចទៅរួច និងមនុស្សដទៃទៀតដែលពួកគេត្រូវការឲ្យចូលរួម។

ទាំងនេះគឺជាជំហានដែលពួកគេបានអនុវត្ត ៖

ចាប់ផ្តើមពីបទពិសោធន៍

2 women speaking.
យើងបានចាប់ផ្តើមពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់យើងជាមួយនឹងការមានផ្ទៃពោះ និងការសម្រាលកូន។ យើងបានដឹងរឿងរ៉ាវដែលបានកើតឡើងចំពោះនាងសូនីយ៉ា និងអ្នកស្រីលូស ។ យើងបានស្នើឲ្យស្ត្រីដទៃទៀតនៅក្នុងសហគមន៍ធ្វើការចែករំលែកនូវបទពិសោធន៍របស់ពួកគេ។
យើងបានដឹងថា ស្ត្រីម្នាក់ៗប្រហែលជាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរបានទេ ប៉ុន្តែបើស្ត្រីរួមគ្នាជាក្រុម នោះយើងអាចនឹងមានអំណាចខ្លាំងល្មមនឹងអាចធ្វើឲ្យអ្វីៗផ្លាស់ប្តូរបាន។

ដកស្រង់ និងវិភាគបទពិសោធន៍

2 women speaking.
យើងបានដឹងថា មានស្ត្រីជាច្រើន ជាពិសេសស្ត្រីជនជាតិដើមភាគតិចក្រីក្រ បានជួបប្រទះការលំបាកក្នុងការទទួលសេវាថែទាំសុខភាពស្រដៀងគ្នា។ ការពិនិត្យមើលចំណុចស្រដៀងគ្នាទាំងនេះបានជួយឲ្យយើងយល់ដឹងថាតើបញ្ហាផ្សេងៗគ្នាទាំងនោះក៏មានទំនាក់ទំនងជាមួយគ្នាដោយរបៀបណាផងដែរ។
បន្ទាប់មក យើងបានប្រមែប្រមូលព័ត៌មានបន្ថែម។ យើងបានបង្កើតសម្ព័ន្ធមិត្តដែលបានជួយយើងឲ្យកាន់តែយល់ដឹងបន្ថែមអំពីសិទ្ធិរបស់យើងក្នុងការទទួលបានការថែទាំសុខភាព។

រៀបចំផែនការសកម្មភាព

2 women speaking.
យើងបានសម្រេចចិត្តថាតើកិច្ចការអ្វីខ្លះដែលយើងចង់ផ្តោតសំខាន់នៅក្នុងការងាររៀបចំរបស់យើង។ យើងបានគិតគូរអំពីគោលដៅរយៈពេលខ្លី និងវែងដែលយើងចង់សម្រេចឲ្យបាន និងបានពិភាក្សាពីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ផងដែរ។
ធ្វើសកម្មភាព
យើងបានធ្វើសកម្មភាពដំបូងរបស់យើង ដោយយើងបានទៅជួបជាមួយបុគ្គលិកមណ្ឌលសុខភាព។

វាយតម្លៃសកម្មភាព និងត្រិះរិះពិចារណាអំពីបទពិសោធន៍

2 women speaking.
យើងបានវាយតម្លៃបទពិសោធន៍របស់យើងជាមួយនឹងកិច្ចប្រជុំទីមួយរបស់យើង និងបានប្រើប្រាស់ការវាយតម្លៃនោះដើម្បីកែសម្រួលយុទ្ធសាស្ត្រ និងគោលដៅរបស់យើង។ យើងរៀនសូត្រ អភិវឌ្ឍ និងរីកចម្រើនជាមួយនឹងសកម្មភាពនីមួយៗដែលយើងបានអនុវត្ត។
រាល់សកម្មភាពដែលយើងបានអនុវត្តគឺជាបទពិសោធន៍ថ្មីមួយ ហើយរាល់ពេលដែលយើងបានវាយតម្លៃ និងត្រិះរិះពិចារណាលើសកម្មភាពមួយ ការរីកចម្រើនក៏បន្តកើតឡើង។
illustration of the 5 steps as a spiral, with a growing number of people involved.
១. ចាប់ផ្តើមពីបទពិសោធន៍
២. ដកស្រង់ និងវិភាគបទពិសោធន៍
៣. រៀបចំផែនការសកម្មភាព
៤. ធ្វើសកម្មភាព
៥. វាយតម្លៃសកម្មភាព និងត្រិះរិះពិចារណាអំពីបទពិសោធន៍

ការរៀបចំមនុស្សជាច្រើននៅក្នុងសហគមន៍របស់ពួកគេបានឆ្លងកាត់ដំណាក់កាលជាច្រើនដូចបានបង្ហាញខាងលើ។ ដោយហេតុថាជំហានទាំងនេះត្រូវបានអនុវត្តម្តងហើយម្តងទៀត អ្នករៀបចំសហគមន៍មួយចំនួនបានហៅដំណើរការនេះថាជាខ្សែវ័ណ្ឌមួយ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ១៤ កុម្ភៈ ២០១៩