Hesperian Health Guides

ស្ត្រីរៀបចំក្រុមដើម្បីទទួលបានការថែទាំសុខភាពល្អប្រសើរ

នៅក្នុងជំពូកនេះ ៖

នៅក្នុងជំពូកនេះ យើងប្រាប់អ្នកពីរឿងមួយរបស់ស្ត្រីមួយក្រុមនៅក្នុងប្រទេសប៉េរូ ដែលបានរៀបចំក្រុមដើម្បីទទួលបានសេវាសុខភាពល្អប្រសើរសម្រាប់ស្ត្រីនៅក្នុងសហគមន៍របស់ពួកគេ។ នៅពេលដែលពួកគេបានចាប់ផ្តើមរៀបចំក្រុម មានគ្រួសារជាច្រើននៅទីក្រុងវីលកាស (Vilcas) បាននាំគ្នាបម្លាស់ទីលំនៅមកកាន់ទីនេះពីតំបន់ជនបទតាមប្រជុំភ្នំអាន់ដេស(Andes)។ ជម្លោះប្រដាប់អាវុធនៅក្នុងតំបន់នេះបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងដំណាំ និងបានបង្ខំឲ្យប្រជាជនចាកចេញពីភូមិរបស់ពួកគេ។ ភាគច្រើននៃជនភៀសខ្លួនទាំងនេះមកពីសហគមន៍ជនជាតិដើមភាគតិចខិចឆ្វា(Quechua) ហើយពួកគេមានជីវភាពក្រីក្រណាស់។ មណ្ឌលសុខភាពសហគមន៍នៅក្នុងទីក្រុងវីលកាស ក៏មានសភាពខ្សត់ខ្សោយខ្វះខាតជាខ្លាំងផងដែរ ប៉ុន្តែគិលានុបដ្ឋាក-យិកា និងវេជ្ជបណ្ឌិតនៅទីនោះបានខិតខំបំពេញការងារអស់ពីសមត្ថភាពរបស់ពួកគាត់។ នៅពេលដែលស្ត្រីវ័យក្មេងម្នាក់បានស្លាប់ក្រោយសម្រាលកូនដ៏លំបាក ឆ្មបនិងមិត្តភក្តិម្នាក់បានសម្រេចចិត្តធ្វើសកម្មភាពដើម្បីបង្ការការពារស្ត្រីដទៃទៀតនៅក្នុងសហគមន៍ពីការស្លាប់ដែលអាចបង្ការបាន ដោយសារតែកង្វះការថែទាំ។

មិនត្រូវឲ្យកើតឡើងម្តងទៀតឡើយ! មរណភាពមួយបានក្លាយជាការអំពាវនាវឲ្យមានការផ្លាស់ប្តូរ

ដូចគ្នានឹងក្មេងស្រីភាគច្រើននៅក្នុងសហគមន៍ដែលនាងធំធាត់ដែរ សូនីយ៉ា មិនបានចូលរៀនឡើយ។ បងប្អូនប្រុសរបស់នាងបានចូលរៀនរយៈពេលប៉ុន្មានឆ្នាំ ហើយពួកគេបានរៀនចេះនិយាយ អាន និងសរសេរភាសាអេស្ប៉ាញ។ នៅផ្ទះរបស់នាង សមាជិកគ្រួសារគ្រប់រូបសុទ្ធតែនិយាយភាសាខិចឆ្វា ដែលជាភាសាកំណើតរបស់ពួកគេ។ នៅពេល សូនីយ៉ា ធំធាត់ចម្រើនវ័យ នាងចេះត្បាញ និងចម្អិនអាហារ ចេះដាំស្ល និងប្រមូលផលដំឡូងបារាំង ចេះចិញ្ចឹមថែទាំសត្វ និងច្រៀងចម្រៀងជាភាសាខិចឆ្វា។

Sonia harvesting potatoes

នៅអាយុ ១៦ឆ្នាំ នាង សូនីយ៉ាបានរៀបការជាមួយបុរសម្នាក់ឈ្មោះ ចូសេព ។ កូនស្រី ២នាក់របស់នាងសម្រាលនៅផ្ទះដោយមានជំនួយពីឆ្មបម្នាក់។ នៅអាយុ ១៩ឆ្នាំ សូនីយ៉ាមានផ្ទៃពោះកូនទី ៣ បាន ៧ខែ ពេលនោះពួកយោធាបានបង្ខំឲ្យនាងនិងគ្រួសារចាកចេញពីភូមិទៅកាន់ក្រុងវីលកាស ប្រទេសប៉េរូ។ ពួកទាហានបានបំផ្លាញចម្ការរបស់ពួកគេ និងបានសម្លាប់បងប្អូនប្រុសម្នាក់របស់សូនីយ៉ា ។

នៅទីក្រុងវីលកាស សូនីយ៉ាក៏បានជួបឆ្មបម្នាក់ឈ្មោះ លូស ដែលបានយល់ព្រមជួយនាងសម្រាលកូនទីបីរបស់នាង។ ចូសេពចេញទៅធ្វើការឆ្ងាយនៅពេលដែលសូនីយ៉ាចាប់ផ្តើមឈឺពោះសម្រាល។ អ្នកស្រី លូស បានម៉ាស្សាឲ្យសូនីយ៉ា និងនិយាយលួងនាងដើម្បីសម្រួលការសម្រាល។ ប៉ុន្តែរយៈពេលច្រើនម៉ោងក្រោយមក អ្នកស្រីលូស ដឹងថាមានអ្វីមួយខុសឆ្គងបានកើតឡើង។ សូនីយ៉ាអស់កម្លាំងខ្លាំងណាស់ ហើយកូនរបស់នាងមិនកម្រើកឡើយ។ អ្នកស្រីលូស យល់ថាគាត់ចាំបាច់ត្រូវតែធ្វើដំណើរទៅកាន់មណ្ឌលសុខភាពដើម្បីជួយសង្គ្រោះជីវិតរបស់សូនីយ៉ា។

សូនីយ៉ាមិនធ្លាប់ទៅមណ្ឌលសុខភាពទេ។ នៅទីនោះគ្មាននរណាម្នាក់ចេះនិយាយភាសាខិចឆ្វាឡើយ ហើយនាងក៏មិនចេះភាសាអេស្ប៉ាញដែរ។ ចំណែកអ្នកស្រីលូស វិញគាត់ក៏មិនចូលចិត្តទៅមណ្ឌលសុខភាពនោះដែរ ពីព្រោះជារឿយៗវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-យិកានៅទីនោះមិនអើពើចំពោះគាត់ ឬរិះគន់គាត់នៅពេលដែលគាត់នាំស្ត្រីឈឺពោះសម្រាលដែលត្រូវការជំនួយទៅជួបពួកគេ។

a doctor delivering Sonia's baby at the health center.

នៅពេលដែលអ្នកស្រីលូស និងសូនីយ៉ា ធ្វើដំណើរមកដល់ គ្លីនិកសុខភាពនោះបានបិទទ្វារទៅហើយ។ ក្រោយបើកទ្វារឡើងវិញ ពួកគេត្រូវរង់ចាំគិលានុបដ្ឋាក-យិកាមកពិនិត្យ សូនីយ៉ា អស់រយៈពេលយ៉ាងយូរ។ គិលានុបដ្ឋាក-យិការូបនោះបានចោទប្រកាន់អ្នកស្រីលូស ថាគាត់យឺតយ៉ាវក្នុងការនាំនាងសូនីយ៉ា មកទទួលការជួយសង្គ្រោះ។ អ្នកស្រីលូស មិនបាននិយាយអ្វីទាំងអស់ ពីព្រោះគាត់មិនចង់ធ្វើឲ្យគិលានុបដ្ឋាក-យិកានោះអន់ចិត្តចំពោះរូបគាត់ឡើយ។ គាត់បានសួរដោយការគោរពថា តើគាត់អាចនៅជាមួយសូនីយ៉ា ដើម្បីប្រាប់នាងពីអ្វីដែលកំពុងកើតឡើង និងជួយឲ្យនាងបានធូរចិត្តដែរឬទេ? ប៉ុន្តែគិលានុបដ្ឋាក-យិកាបានឆ្លើយតបថា មិនអាចទេ និងបានរំលឹកគាត់អំពីគោលការណ៍របស់មណ្ឌលសុខភាពដែលមិនអនុញ្ញាតឲ្យស្ត្រីមានអ្នកកំដរឡើយ។

នាងសូនីយ៉ា មានការតក់ស្លុតនិងមិនយល់ថាតើកំពុងមានរឿងអ្វីកើតឡើងនោះទេ។ នៅក្នុងបន្ទប់ត្រជាក់មានអំពូលភ្លឺ បុរសម្នាក់ដែលនិយាយភាសាអេស្ប៉ាញបានសម្រាលកូនប្រុសម្នាក់ឲ្យនាង។ សូនីយ៉ា មិនបានឃើញមុខកូនរបស់នាងទេ ហើយក៏គ្មាននរណាម្នាក់ប្រាប់នាងថាកូននាងបានស្លាប់ហើយដែរ។ ក្រោយមក វេជ្ជបណ្ឌិតបានមកបន្ទប់រង់ចាំ និងសួររកស្វាមីរបស់សូនីយ៉ា។ អ្នកស្រីលូស បានព្យាយាមពន្យល់ប្រាប់ថាប្តីរបស់សូនីយ៉ា ធ្វើការនៅឆ្ងាយ និងថាគាត់ជាឆ្មបរបស់សូនីយ៉ា ប៉ុន្តែវេជ្ជបណ្ឌិតរូបនោះមិនបានយកចិត្តទុកដាក់ចំពោះគាត់ទេ រហូតដល់មានគិលានុបដ្ឋាក-យិកាម្នាក់ពន្យល់ថាគាត់ជានរណា។ បន្ទាប់មក លោកវេជ្ជបណ្ឌិតក៏ប្រាប់អ្នកស្រីលូស ថាទារកបានស្លាប់ទៅហើយ និងថាសូនីយ៉ា បានបាត់បង់ឈាមជាច្រើន។ លោកនិយាយថា មណ្ឌលសុខភាពគ្មានឈាមសម្រាប់បញ្ចូលឲ្យនាងទេ ហើយក៏គ្មានមធ្យោបាយធ្វើដំណើរសម្រាប់ដឹកនាងទៅកាន់មន្ទីរពេទ្យបង្អែកដែលត្រូវចំណាយពេលធ្វើដំណើរ ៤ម៉ោងនោះដែរ។ ខណៈដែលអ្នកស្រីលូស កំពុងប្រាប់ថា គាត់នឹងស្វែងរកមធ្យោបាយធ្វើដំណើរសម្រាប់ដឹកសូនីយ៉ា ទៅកាន់មន្ទីរពេទ្យ ស្រាប់តែមានគិលានុបដ្ឋាក-យិកាម្នាក់មកប្រាប់ថាសូនីយ៉ា បានលាចាកលោកនេះទៅហើយ។

Luz watching while the nurse talks to the doctor.

អ្នកស្រីលូស មានអារម្មណ៍ក្រៀមក្រំចិត្តជាខ្លាំង ប៉ុន្តែក៏ខឹងខ្លាំងផងដែរ។ គាត់បានដឹងថា ប៉េរូមិនមែនជាប្រទេសក្រខ្សត់នោះទេ ប៉ុន្តែហេតុអ្វីក៏មានគ្រួសារក្រីក្រជាច្រើននៅតែទទួលបានការថែទាំសុខភាព និងសេវាផ្សេងៗតិចតួច។ គាត់បានដឹងថា មរណភាពរបស់សូនីយ៉ា អាចទប់ស្កាត់បាន ហើយប្រហែលជាអាចបង្ការមរណភាពរបស់កូននាងផងដែរ។ អ្នកស្រី លូស បានដើរចេញពីមណ្ឌលសុខភាពទាំងគិតបណ្តើរអំពីអ្វីដែលគាត់ប្រាថ្នាចង់ធ្វើឲ្យមានការផ្លាស់ប្តូរ ដើម្បីបង្ការកុំឲ្យរឿងរ៉ាវដែលកើតឡើងចំពោះសូនីយ៉ា កើតឡើងជាថ្មីម្តងទៀតចំពោះស្ត្រីដទៃ។

ការរៀនសូត្រពីគ្នាទៅវិញទៅមក

នៅពេលអ្នកស្រីលូស ត្រឡប់ពីមណ្ឌលសុខភាពជាមួយនឹងដំណឹងដ៏ក្រៀមក្រំនោះ អ្នកស្រី តូម៉ាសា កំពុងស្ថិតនៅជាមួយមិត្តភក្តិរបស់គាត់ឈ្មោះ ប៉ៅឡា ។ ប៉ៅឡាបានរៀនចប់ថ្នាក់វិទ្យាល័យនៅក្នុងទីក្រុងវីលកាស ហើយក៏បានចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំស្ត្រីវ័យក្មេងផងដែរ។ បច្ចុប្បន្ន គាត់ និងតូម៉ាសា កំពុងបណ្តុះបណ្តាលដល់អ្នកលើកកម្ពស់សុខភាពសហគមន៍នៅក្នុងគម្រោងមួយដែលគ្រប់គ្រងដោយអង្គការមិនមែនរដ្ឋាភិបាល។ ក្រោយពីស្តាប់ឮរឿងរ៉ាវរបស់អ្នកស្រីលូស រួចមក ប៉ៅឡាបាននិយាយថា គាត់គិតថាការស្លាប់របស់សូនីយ៉ា គឺជាលទ្ធផលនៃបញ្ហាដ៏ធំមួយ។ តូម៉ាសាបានស្នើឲ្យមានការពិភាក្សាអំពីរឿងនេះពីរបីថ្ងៃបន្ថែមទៀតក្រោយចប់បុណ្យសពសូនីយ៉ា និងកូននាង។

Luz talking with Tomasa and Paula.
ខ្ញុំគួរតែនាំសូនីយ៉ា ទៅមណ្ឌលសុខភាពឲ្យបានឆាប់ជាងនេះ ប៉ុន្តែខ្ញុំគិតថាវានឹងមិនល្អសម្រាប់នាងទេ ពីព្រោះនាងអាចនឹងត្រូវទុកចោលឲ្យនៅម្នាក់ឯង។ ខ្ញុំខ្លាចទៅមណ្ឌលសុខភាពនោះណាស់។ នៅទីនោះគ្មាននរណាស្តាប់ខ្ញុំទេ។
វាមិនមែនជាកំហុសរបស់បងស្រីទេ។
ទេ វាជាកំហុសពួកគេដែលមិនបានព្យាបាលអ្នកជំងឺគ្រប់រូបឲ្យស្មើភាពគ្នា។ គ្រប់គ្នាសុទ្ធតែមានសិទ្ធិដូចគ្នាក្នុងការទទួលបានការថែទាំព្យាបាលសមស្រប។

លូស តូម៉ាសា និងប៉ៅឡា បានដឹងថារដ្ឋាភិបាលចង់ឲ្យស្ត្រីទៅសម្រាលកូននៅមណ្ឌលសុខភាព។ ពួកគេក៏បានជឿជាក់ផងដែរថា គិលានុបដ្ឋាក-យិកា និងវេជ្ជបណ្ឌិតនៅមណ្ឌលសុខភាពមានទំនួលខុសត្រូវក្នុងការព្យាបាលស្ត្រីគ្រប់រូបដោយស្មើភាព និងដោយការគោរព ទោះបីជាពួកគេមានជីវភាពក្រីក្រ និងជាជនជាតិដើមភាគតិចក៏ដោយ។ ហើយពួកគេបានដឹងថា ស្ត្រីជនជាតិដើមភាគតិចដែលកំពុងរស់នៅក្នុងភាពក្រីក្រជារឿយៗមានលទ្ធភាពទទួលបានធនធាន និងសិទ្ធិមនុស្សមូលដ្ឋានតិចតួចបំផុត។ ពួកគេជាច្រើននឿយហត់ជាមួយនឹងទុក្ខវេទនា និងបានត្រៀមខ្លួនធ្វើសកម្មភាពជាស្រេច។ ប៉ៅឡា បានដឹងថាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការធ្វើសកម្មភាព គឺការស្វែងយល់ពីបញ្ហាឲ្យបានពេញលេញ។

ដើម្បីស្វែងយល់អំពីបទពិសោធន៍របស់ស្ត្រីនៅមណ្ឌលសុខភាព ពួកគេបានសម្រេចចិត្តនិយាយជាមួយស្ត្រីដទៃទៀតនៅក្នុងសហគមន៍។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ ពួកគេបានចុះសួរសុខទុក្ខមិត្តភក្តិ និងអ្នកជិតខាងនៅក្នុងផ្ទះរបស់ពួកគេ និងបានស្តាប់រឿងរ៉ាវរបស់ពួកគេ។

ស្ត្រីបាននិយាយប្រាប់ពីបញ្ហាជាច្រើនដែលបង្កការលំបាកដល់ពួកគេក្នុងការទទួលបានការថែទាំនៅមណ្ឌលសុខភាព។ សូនីយ៉ា មិនមែនជាស្ត្រីទីមួយដែលបានស្លាប់ដោយសារខ្វះឈាមបញ្ចូល ឬសម្ភារវេជ្ជសាស្ត្រដទៃទៀតនោះទេ។ ហើយលូស ក៏មិនមែនជាស្ត្រីទីមួយដែលគេចមិនចង់ទៅមណ្ឌលសុខភាពដោយសារតែមានអារម្មណ៍ថាគិលានុបដ្ឋាក-យិកានិងវេជ្ជបណ្ឌិតខ្វះការគោរពនោះដែរ។

6 women speaking about their experiences.
គ្រូពេទ្យសុទ្ធតែជាបុរសមកពីទីក្រុង។ ពួកគេនិយាយតែភាសាអេស្ប៉ាញប៉ុណ្ណោះ ហើយប្រើពាក្យអសុរសផ្សេងៗដែលធ្វើឲ្យយើងមានអារម្មណ៍ថាតូចទាប និងល្ងង់ខ្លៅ។
ពួកគេតែងតែឲ្យយើងរង់ចាំយ៉ាងយូរ។ ហើយពួកគេនឹងខឹងសម្បារប្រសិនបើអ្នកសួរថាតើអ្នកត្រូវរង់ចាំជួបគ្រូពេទ្យយូរប៉ុណ្ណាទៀត។
ខ្ញុំមានផ្ទៃពោះនៅអាយុ ១៣ឆ្នាំ។ គ្រូពេទ្យបានចម្អកឲ្យខ្ញុំមានអារម្មណ៍ខ្មាសអៀន និងមិនរាក់ទាក់ចំពោះខ្ញុំទេ។
ពួកគេមិនគោរពប្រពៃណីរបស់យើងទេ។ ខ្ញុំមិនយល់សោះថាតើស្ត្រីសម្រាលកូនដោយដេកផ្ងារយ៉ាងដូចម្តេចទៅ។
ពីមុន សម្ភារមូលដ្ឋានធ្លាប់តែមិនគិតថ្លៃ។ ឥឡូវ ប្រសិនបើអ្នកត្រូវចាក់ថ្នាំ នោះអ្នកត្រូវទៅទិញសឺរ៉ាំងនៅឱសថស្ថានជាមុនសិន។
គិលានុបដ្ឋាក-យិកាប្រាប់ស្ត្រីវ័យក្មេងដូចខ្ញុំថា យើងនៅក្មេងពេកហើយមិនត្រូវសួរពីរឿងពន្យារកំណើតទេ។

តូម៉ាសា និងប៉ៅឡា បានដឹងថាដើម្បីឲ្យមានការផ្លាស់ប្តូរ ពួកគេចាំបាច់ត្រូវប្រមែប្រមូលមនុស្សដែលជួបបញ្ហាស្រដៀងគ្នានេះ និងអ្នកដែលនឹងទទួលបានផលប្រយោជន៍ច្រើនបំផុតពីការស្វែងរកដំណោះស្រាយ។ ស្ត្រីជាអ្នកមានជីវភាពធូរធារមិនពឹងផ្អែកលើមណ្ឌលសុខភាពដែលគ្រប់គ្រងដោយរដ្ឋនោះទេ។ ពួកគេទៅគ្លីនិកឯកជន។ ដូច្នេះ ស្ត្រីដែលនឹងទទួលបានផលប្រយោជន៍ច្រើនបំផុតពីការកែលម្អសេវាសុខភាពដែលផ្តល់ដោយមណ្ឌលសុខភាព គឺជាស្ត្រីជនជាតិដើមភាគតិចក្រីក្រគ្រប់អាយុទាំងអស់។ ពួកគេបានសម្រេចចិត្តរៀបចំកិច្ចប្រជុំមួយ និងបានអញ្ជើញយុវជននិងស្ត្រីមកចែករំលែកព័ត៌មាន និងពិភាក្សាគ្នាពីការផ្លាស់ប្តូរដែលនឹងជួយឲ្យពួកគេទទួលបានសេវាថែទាំសុខភាពកាន់តែប្រសើរ។

បង្កើតក្រុមដើម្បីធ្វើការជាមួយគ្នា

អ្នកស្រី ប៉ៅឡា បានចាប់ផ្តើមកិច្ចប្រជុំដោយការណែនាំខ្លួនឯង រួចស្នើឲ្យស្ត្រីដទៃណែនាំខ្លួនជាបន្តបន្ទាប់ផងដែរ។ ដំបូង ស្ត្រីភាគច្រើនមានអារម្មណ៍ខ្មាសអៀន និងមិនចង់និយាយនៅចំពោះមុខក្រុមទាំងមូលនោះទេ ដូច្នេះ ប៉ៅឡា ក៏បានស្នើឲ្យស្ត្រីម្នាក់ៗបែរមុខទៅកាន់អ្នកអង្គុយជាប់ខ្លួន រួចនិយាយប្រាប់អំពីរឿងរ៉ាវទាក់ទងបទពិសោធន៍នៃការសម្រាលកូន មិនថាជាបទពិសោធន៍ផ្ទាល់ខ្លួន ឬជាបទពិសោធន៍របស់មិត្តភក្តិ ឬនរណាម្នាក់នៅក្នុងគ្រួសាររបស់ខ្លួននោះទេ។ បន្ទាប់មក អ្នកស្រី លូស បាននិយាយប្រាប់ក្រុមអំពីរឿងរ៉ាវដែលកើតឡើងចំពោះនាងសូនីយ៉ា ។

អ្នកស្រី តូម៉ាសា បានស្នើស្ត្រីមួយចំនួនដែលគាត់ និងប៉ៅឡា បាននិយាយជាមួយពីមុនមក ឲ្យឡើងនិយាយអំពីការលំបាកដែលពួកគេបានជួបប្រទះនៅពេលទៅទទួលការព្យាបាលនៅមណ្ឌលសុខភាព។ ស្ត្រីដទៃទៀតក៏បានចូលរួមក្នុងការចែករំលែករឿងរ៉ាវ និងយោបល់ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

women sitting in pairs where 1 speaks and the other listens.
ខ្ញុំចូលចិត្តជួយបងប្អូនស្រីរបស់ខ្ញុំឲ្យសម្រាលកូន។
ខ្ញុំមានកូន ៣នាក់ ហើយពួកគេទាំងអស់សុទ្ធតែសម្រាលនៅផ្ទះដោយគ្មានបញ្ហាអ្វីទេ។
ខ្ញុំបានធ្លាក់ឈាមយ៉ាងយូរក្រោយសម្រាលកូនប្រុសខ្ញុំរួច ហើយជីដូនមួយខ្ញុំបានស្លាប់ដោយសារការធ្លាក់ឈាមក្រោយសម្រាលកូនទីពីររបស់នាង។ ពេលនេះខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដឹងថាតើមណ្ឌលសុខភាពអាចជួយខ្ញុំបានដែរឬយ៉ាងណានោះទេ។

ស្ត្រីទាំងនោះបានសម្រេចចិត្តថា ពួកគេចង់បង្កើតក្រុមមួយដើម្បីធ្វើការជាមួយគ្នាក្នុងគោលបំណងកែលម្អសេវាថែទាំសម្រាប់ស្ត្រីនៅមណ្ឌលសុខភាព។ ពួកគេបានជជែកអំពីរយៈពេលដែលពួកគេអាចផ្តល់ដល់ក្រុម ហើយបានឯកភាពគ្នាចែករំលែកការមើលថែកូន និងការចម្អិនអាហារដើម្បីបង្កលក្ខណៈងាយស្រួលឲ្យស្ត្រីទាំងអស់អាចចូលរួមបាន។ ប៉ៅឡា បានស្នើបង្កើតដំណើរការមួយសម្រាប់កិច្ចប្រជុំរបស់ពួកគេ ដែលនឹងជួយធានាថា ស្ត្រីគ្រប់រូបមានសំឡេងស្មើគ្នា និងមានតួនាទីមួយ។ ជាឧទាហរណ៍ ពួកគេបានឯកភាពគ្នាថា ពួកគេនឹងប្តូរវេណគ្នាដឹកនាំកិច្ចពិភាក្សា។ ពួកគេបានសម្រេចចិត្តដាក់ឈ្មោះក្រុមរបស់ពួកគេថា “សំឡេងស្ត្រីក្រុងវីលកាស” និងបានអញ្ជើញស្ត្រីជាច្រើនទៀតពីសហគមន៍មកចូលរួមកិច្ចប្រជុំបន្ទាប់។

ខណៈដែលកំពុងដើរត្រឡប់ទៅផ្ទះ អ្នកស្រីលូស បាននិយាយទៅកាន់អ្នកស្រីប៉ៅឡាថា “កិច្ចប្រជុំនោះដំណើរការទៅបានល្អណាស់។ គ្រប់គ្នាសុទ្ធតែមានឱកាសនិយាយ ហើយយើងសម្រេចបានលទ្ធផលជាច្រើន” ។ ប៉ៅឡា បានពន្យល់ថា កិច្ចប្រជុំដំណើរការល្អបំផុត ប្រសិនបើមានការរៀបចំផែនការបានល្អ ៖


សម្រាប់គំនិតបន្ថែមអំពីរបៀបរៀបចំកិច្ចប្រជុំដោយជោគជ័យ សូមមើល ឧបសម្ព័ន្ធ ខ : កិច្ចប្រជុំល្អពីពេលចាប់ផ្តើមរហូតដល់ចប់

ការពិភាក្សាជួយឲ្យយល់ដឹងកាន់តែស៊ីជម្រៅ

ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានធ្វើការរៀបចំកិច្ចប្រជុំទីពីររបស់ខ្លួនប៉ុន្មានសប្តាហ៍ក្រោយការបង្កើតក្រុម។ អ្នកស្រី លូស បានដឹកនាំកិច្ចប្រជុំនេះ និងបានស្នើឲ្យសមាជិកគ្រប់រូបណែនាំខ្លួនជាថ្មីម្តងទៀត ពីព្រោះមានស្ត្រីជាសមាជិកថ្មីជាច្រើននាក់បានចូលរួមប្រជុំផងដែរ។ បន្ទាប់មក គាត់ក៏បានស្នើឲ្យអ្នកស្ម័គ្រចិត្តធ្វើការសង្ខេបអំពីការពិភាក្សាកាលពីប្រជុំលើកដំបូង ហើយគាត់បានអញ្ជើញសមាជិកថ្មីធ្វើការចែករំលែកនូវបទពិសោធន៍នៅពេលពួកគេទៅទទួលការព្យាបាលថែទាំនៅមណ្ឌលសុខភាព ប្រសិនបើពួកគេមានអ្វីប្លែកចង់បន្ថែម។ ស្ត្រីទាំងនោះមានភាពភ្ញាក់ផ្អើលនឹងទំហំនៃភាពលំបាកដែលពួកគេបានជួបប្រទះនៅមណ្ឌលសុខភាពនោះ។ ពួកគេមានការងឿងឆ្ងល់ថាតើពួកគេអាចដោះស្រាយបញ្ហាខុសៗគ្នាជាច្រើននេះដោយរបៀបណា!

health center problems mentioned by women at the meeting.

មណ្ឌលសុខភាព គ្មានផាសុកភាព

បុគ្គលិកមិនយល់ដឹង ពីប្រពៃណី

បុគ្គលិកមិនចេះនិយាយ ភាសារបស់យើង

មិនអនុញ្ញាតឲ្យ មានអ្នកកំដរជំងឺ

ខ្វះថ្នាំពេទ្យដើម្បី បញ្ឈប់ការធ្លាក់ឈាម
គ្មានរថយន្តសង្គ្រោះ
គ្មានឈាមសម្រាប់ សង្គ្រោះបន្ទាន់
គ្មានវេជ្ជបណ្ឌិតជាស្ត្រី
គ្មានវេជ្ជបណ្ឌិតប្រចាំការ នៅពេលយប់ ឬថ្ងៃអាទិត្យ
ត្រូវបង់ថ្លៃសម្រាប់ មធ្យោបាយធ្វើដំណើរ


អ្នកស្រី ប៉ៅឡា បានណែនាំឲ្យប្រើប្រាស់កម្មវិធីមួយដើម្បីញែកប្រភេទបញ្ហាដែលស្រដៀងគ្នាជាក្រុម។ គាត់បានសរសេរបញ្ហានីមួយៗនៅលើប័ណ្ណមួយ រួចបិទវានៅលើជញ្ជាំង។ បន្ទាប់មក គាត់បានសួរថា តើមានបញ្ហាផ្សេងទៀតដែលស្រដៀងគ្នាខ្លាំងនឹងបញ្ហានេះឬទេ និងហេតុអ្វី? ការមើលឃើញរបៀបដែលបញ្ហាទាំងនោះអាចមានទំនាក់ទំនងជាមួយគ្នា បានជួយស្ត្រីក្នុងការគិតទៅដល់បទពិសោធន៍របស់ពួកគេដែលបានជួបនៅពេលទៅទទួលការព្យាបាលថែទាំនៅមណ្ឌលសុខភាព។ បន្ទាប់មក ការផ្តោតការយកចិត្តទុកដាក់ទៅលើលំនាំដែលពួកគេបានអង្កេតឃើញ បានជួយឲ្យពួកគេយល់ដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាទាំងនោះ។

women discussing how to group their problems with the health center.
ពួកគេឲ្យស្ត្រីសម្រាលកូនដោយដេកផ្ងារ។ ស្ត្រីជាច្រើននិយាយថា នេះជាបញ្ហាមួយ។
យើងអាចបន្ថែមថា “ត្រូវតែដេកផ្ងារ។ តើបញ្ហានេះស្រដៀងនឹងបញ្ហាដទៃទៀតដែលធ្វើឲ្យស្ត្រីមានអារម្មណ៍ពិបាកនៅមណ្ឌលសុខភាពដែរឬទេ?
ចាស! ហើយវាក៏ស្រដៀងទៅនឹងបញ្ហាដែលបុគ្គលិកមិនស្គាល់ ឬគោរពប្រពៃណីយើងផងដែរ។ យើងភាគច្រើននិយាយថា យើងចូលចិត្តសម្រាលកូនដោយអង្គុយច្រហោងដូចម្តាយរបស់យើងធ្លាប់សម្រាលពួកយើង។
ចុះបញ្ហាដែលក្មេងស្រីមានផ្ទៃពោះមានអារម្មណ៍ខ្មាសអៀនក្នុងការទទួលសេវាថែទាំ?


កំណត់បញ្ហាដែលត្រូវផ្តោតការយកចិត្តទុកដាក់

នៅពេលពួកគេអនុវត្តសកម្មភាពនោះចប់ ពួកគេសំឡឹងមើលការងាររបស់ពួកគេ និងបានកត់សម្គាល់ថា បញ្ហាជាច្រើនគឺជាប់ទាក់ទងនឹងស្ត្រីគ្មានអារម្មណ៍ថាពិបាកក្នុងការស្វែងរកសេវាថែទាំនៅមណ្ឌលសុខភាព ដោយសារតែឥរិយាបទមិនគោរពចំពោះស្ត្រីជនជាតិដើមភាគតិច។ បញ្ហាជាច្រើនផ្សេងទៀតគឺពាក់ព័ន្ធនឹងកង្វះសម្ភារវេជ្ជសាស្ត្រមូលដ្ឋាន។ គ្រប់គ្នាបានឯកភាពគ្នាថា បញ្ហាទាំងនេះគឺជាអ្វីដែលពួកគេចង់ផ្តោតការយកចិត្តទុកដាក់ និងសិក្សាស្វែងយល់បន្ថែម។

ក្រោយពីបញ្ចប់ការពិភាក្សា អ្នកស្រី តូម៉ាសា បានសួរទៅស្ត្រីពីអារម្មណ៍របស់ពួកគេចំពោះការប្រជុំ។ ស្ត្រីទាំងអស់បាននិយាយថា ពួកគេរីករាយនឹងសកម្មភាព និងការពិភាក្សាក្នុងអំឡុងកិច្ចប្រជុំ។ ពួកគេមានអារម្មណ៍ថា វាបានជួយឲ្យពួកគេយល់ដឹងថាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ស្ត្រីជាច្រើននាក់គឺជាផ្នែកមួយនៃបញ្ហាធំ។ វាក៏បានជួយឲ្យពួកគេបានដឹងផងដែរថា ការជំរុញឲ្យមណ្ឌលសុខភាពមានភាពរួសរាយស្វាគមន៍រាក់ទាក់ និងផាសុកភាពសម្រាប់ស្ត្រីគ្រប់រូប គឺជារឿងសំខាន់។

បន្ទាប់មក ក្រុមចាំបាច់ត្រូវធ្វើសេចក្តីសម្រេចចិត្តថាតើពួកគេអាចធ្វើអ្វីបានខ្លះដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ ដោយធ្វើការរួមគ្នាជាមួយអ្នកដទៃនៅក្នុងសហគមន៍។ អ្នកស្រី ប៉ៅឡា បានដឹងថា ការណ៍នេះនឹងត្រូវការពេលវេលា ការត្រិះរិះពិចារណា និងការពិភាក្សាច្រើន។ ដូច្នេះ ស្ត្រីទាំងនោះបានសម្រេចចិត្តប្រមែប្រមូលគំនិតបន្ថែមទៀតតាមរយៈការជជែកជាមួយបុគ្គលិកសុខាភិបាល សមាជិកគ្រួសារ មេដឹកនាំសហគមន៍ គ្រូបង្រៀន និងអ្នកដែលបានចូលរួមក្នុងក្រុមសហគមន៍ផ្សេងទៀត។

ការប្រមែប្រមូលព័ត៌មានបន្ថែម

illustration of the below: Luz and Mario talking.
អ្នកស្រីលូស និយាយជាមួយលោកម៉ារីអូ ដែលជាគិលានុបដ្ឋាកម្នាក់ធ្វើការនៅអង្គការអន្តរជាតិមួយ ដែលមានបេសកកម្មជួយរដ្ឋាភិបាលប៉េរូបង្កើតកម្មវិធីជំរុញឲ្យស្ត្រីនៅតាមទីកន្លែងផ្សេងៗ ដូចជាទីក្រុងវីលកាស បានទទួលសេវាសម្រាលកូនប្រកបដោយសុវត្ថិភាព។
ម៉ារីអូ លោកបានធ្វើឲ្យគ្លីនិកសុខភាពមានភាពរួសរាយរាក់ទាក់ និងមានសុវត្ថិភាពក្នុងការសម្រាលកូន។ តើលោកធ្វើការងារនេះដោយរបៀបណា?
បាទ! វាជាដំណើរការយូរអង្វែងមួយ ហើយខ្ញុំមិនបានធ្វើការងារនេះតែម្នាក់ឯងនោះទេ។ យើងបានប្រមូលផ្តុំស្ត្រីជនជាតិដើមភាគតិច អ្នកផ្សព្វផ្សាយសុខភាពក្នុងមូលដ្ឋាន និងគិលានុបដ្ឋាក-យិកា និងវេជ្ជបណ្ឌិតពីមណ្ឌលសុខភាពដើម្បីចែករំលែកគំនិតអំពីវិធីធ្វើឲ្យគ្លីនិកសុខភាពមានភាពរួសរាយរាក់ទាក់ចំពោះស្ត្រីជនជាតិដើមភាគតិច។ វាដំណើរការទៅបានល្អ! បច្ចុប្បន្ន មានស្ត្រីកាន់តែច្រើនបានមកទទួលសេវាពិនិត្យផ្ទៃពោះ។
illustration of the below: Yesenia and Mr. Quispe talking.
ក្មេងស្រីម្នាក់ឈ្មោះ យេសេនី ជាសិស្សវិទ្យាល័យកំពុងនិយាយជាមួយលោកឃ្វីស ជាគ្រូបង្រៀនមុខវិជ្ជាប្រវត្តិវិទ្យា។ គាត់បានជួយឲ្យក្រុមយល់ដឹងថា ពួកគេមានសិទ្ធិជាមូលដ្ឋានមួយក្នុងការទទួលបានសេវាថែទាំសុខភាព។
លោក ឃ្វីស តើលោកអាចជជែកជាមួយក្រុមយើងខ្ញុំអំពីសិទ្ធិមនុស្សសម្រាប់ស្ត្រី និងក្មេងស្រីដែរឬទេ?
ខ្ញុំរីករាយនឹងជជែក។ រដ្ឋធម្មនុញ្ញប្រទេសប៉េរូចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការថែទាំសុខភាព។ យើងអាចពិភាក្សាគ្នាថាតើឧបសគ្គដែលពួកគេជួបប្រទះគឺជាការរំលោភលើសិទ្ធិដោយរបៀបណា។ ពួកគេនឹងអាចបង្កើតទឡ្ហីករណ៍ដ៏ខ្លាំងក្លាមួយដើម្បីសម្រេចបាននូវការកែលម្អសេវាថែទាំសុខភាពសម្រាប់ស្ត្រីនៅក្នុងសហគមន៍ឲ្យកាន់តែប្រសើរឡើង។

ការធ្វើផែនការសកម្មភាព

ក្រុមបានបន្តជួបប្រជុំជាប្រចាំ និងពិភាក្សាពីទស្សនៈផ្សេង។ នៅទីបញ្ចប់ ពួកគេបានឯកភាពគ្នាផ្តោតសំខាន់ទៅលើការកែលម្អការថែទាំសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់ និងទៅលើការថែទាំប្រកបដោយការគោរពសម្រាប់ស្ត្រីជនជាតិដើមភាគតិច។ ពួកគេមានអារម្មណ៍រួចរាល់ក្នុងការសម្រេចចិត្តថាតើការផ្លាស់ប្តូរអ្វីខ្លះដែលពួកគេនឹងតស៊ូមតិដើម្បីសម្រេចឲ្យបាន និងសកម្មភាពអ្វីខ្លះដែលពួកនឹងត្រូវអនុវត្ត។ ពួកគេត្រៀមខ្លួនរួចរាល់ក្នុងការធ្វើផែនការសកម្មភាពមួយ។

ជ្រើសរើសសកម្មភាពអ្វីខ្លះដែលត្រូវអនុវត្ត។ ស្ត្រីទាំងនោះបានបង្កើតបញ្ជីមួយបង្ហាញពីគំនិតរបស់ពួកគេទាំងអស់ ដើម្បីកែលម្អសេវាថែទាំសុខភាពស្ត្រីនៅក្នុងសហគមន៍។ បន្ទាប់មក ពួកគេបានពិចារណាថាតើសកម្មភាពនីមួយៗមានភាពល្អប្រសើរកម្រិតណាក្នុងការធ្វើឲ្យមណ្ឌលសុខភាពមានភាពស្វាគមន៍រាក់ទាក់ និងផាសុកភាពសម្រាប់ស្ត្រីមានផ្ទៃពោះគ្រប់រូប និងមានការគោរពចំពោះស្ត្រីជនជាតិដើមភាគតិច។ ពួកគេបានពិភាក្សាគ្នាថាតើសកម្មភាពណាខ្លះដែលងាយស្រួលអនុវត្តបំផុតដោយប្រើប្រាស់ធនធានដែលពួកគេមាន។ ហើយពួកគេបានថ្លឹងថ្លែងថាតើសកម្មភាពណាខ្លះដែលនឹងកែលម្អសេវាថែទាំសុខភាពសម្រាប់ស្ត្រីភាគច្រើននៅក្នុងសហគមន៍ និងសម្រាប់ស្ត្រីងាយរងគ្រោះបំផុត។

ការបង្កើតបាននូវគំនិត និងយោបល់យ៉ាងច្រើន ក៏អាចក្លាយជាបញ្ហាប្រឈមក្នុងការធ្វើសេចក្តីសម្រេចចិត្តផងដែរ។ ទោះបីជាអ្នកបានកសាងភាពជឿជាក់ក្នុងក្រុមហើយក៏ដោយ ក៏នៅតែអាចមានការខ្វែងគំនិតគ្នាផងដែរ។ សកម្មភាពដូចជា ការបោះឆ្នោតជាមួយនឹងសញ្ញាចុច អាចជួយឲ្យបង្កើតបាននូវការឯកភាពគ្នាជាឯកច្ឆ័ន្ទ។

កំណត់គោលដៅរយៈពេលខ្លី និងវែង។ បន្ទាប់មក ក្រុមក៏បានគិតគូរអំពីអ្វីដែលពួកគេអាចសម្រេចបានក្នុងរយៈពេលតិចតួច (គោលដៅរយៈពេលខ្លី) និងអ្វីដែលអាចនឹងសម្រេចក្នុងរយៈពេលជាច្រើនឆ្នាំ (គោលដៅរយៈពេលវែង)។ ក្រោយមកទៀត ពួកគេបានស្រមើស្រមៃពីប្រភេទនៃការថែទាំដែលស្ត្រីនឹងទទួលបានប្រសិនបើពួកគេទទួលជោគជ័យជាមួយនឹងគោលដៅនីមួយៗ ឬលទ្ធផលជោគជ័យអ្វីខ្លះដែលនឹងកើតមានឡើង។

illustration of the above: goals and outcomes.
គោលដៅ
គោលដៅរយៈពេលខ្លី ៖
បុគ្គលិកមណ្ឌលសុខភាពយល់ដឹង និងគោរពវប្បធម៌ និងប្រពៃណីជនជាតិដើមភាគតិច
គោលដៅរយៈពេលវែង ៖
សេវាសុខាភិបាលបំពេញនូវតម្រូវការរបស់ស្ត្រីគ្រប់រូប និងគាំទ្រសិទ្ធិក្នុងការទទួលបានការថែទាំសុខភាពរបស់ពួកគេ
ផ្ទះមាតុភាពគ្មានគ្រោះថ្នាក់ត្រូវបានសាងសង់ និងថែទាំដោយសហគមន៍និងមណ្ឌលសុខភាព និងផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ
មានមធ្យោបាយធ្វើដំណើរសង្គ្រោះបន្ទាន់ក្នុងមូលដ្ឋាន
តើជោគជ័យនឹងមានលក្ខណៈដូចម្តេច?
ស្ត្រីជនជាតិដើមភាគតិចសម្រាលកូននៅមណ្ឌលសុខភាព ពីព្រោះ ៖
- បុគ្គលិកនិយាយភាសារបស់យើង
- យើងអាចស្លៀកពាក់សម្លៀកបំពាក់របស់យើង
- យើងអាចអង្គុយច្រហោងពេលសម្រាលកូន
- យើងអាចនាំអ្នកកំដរចូល
សេវាសុខភាពពេញលេញត្រូវបានផ្តល់ជូនស្ត្រីគ្រប់វ័យទាំងអស់
ម៉ោងធ្វើការរបស់គ្លីនិកបំពេញតាមតម្រូវការរបស់សហគមន៍យើង
មានបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ មានឈាម និងសម្ភារពេទ្យគ្រប់គ្រាន់នៅគ្រប់ពេលវេលាទាំងអស់
ផ្ទះមាតុភាពគ្មានគ្រោះថ្នាក់ត្រូវបានសាងសង់ឡើង

ធ្វើផែនការលម្អិតដើម្បីសម្រេចគោលដៅនីមួយ។ ការមានគោលដៅច្បាស់លាស់បានជួយពួកគេក្នុងការធ្វើសេចក្តីសម្រេចចិត្តអំពីយុទ្ធសាស្ត្រដែលពួកគេនឹងត្រូវអនុវត្តក្នុងការងាររៀបចំចាត់ចែងរបស់ពួកគេ។ យុទ្ធសាស្ត្រគឺជាជំហានជាបន្តបន្ទាប់ ដែលត្រូវបានរៀបចំឡើយដោយយកចិត្តទុកដាក់ដើម្បីសម្រេចនូវគោលដៅចុងក្រោយមួយ។ ឧទាហរណ៍ ប្រសិនបើអ្នកគ្រោងនឹងចម្អិនអាហារសម្រាប់ពិធីអាពាហ៍ពិពាហ៍ដ៏ធំមួយ នោះអ្នកនឹងត្រូវរៀបចំផែនការច្រើន រួមទាំងគិតអំពីនរណាខ្លះដែលអាចជួយអ្នកបាន អាហារអ្វីខ្លះដែលនឹងត្រូវចម្អិន និងអាចរកបាន និងកិច្ចការអ្វីខ្លះដែលអ្នកចាត់ឲ្យអ្នកផ្សេងធ្វើ។ ប្រសិនបើមានយុទ្ធសាស្ត្រល្អ អ្នកអាចសម្រេចគោលដៅក្នុងការចម្អិនអាហារដ៏ឈ្ងុយឆ្ងាញ់គ្រប់គ្រាន់សម្រាប់ភ្ញៀវគ្រប់រូបទាន់ពេលវេលា។

ក្រុមសំឡេងស្ត្រីក្រុងវីលកាស ក៏បានពិភាក្សាគ្នាអំពីឧបសគ្គដែលពួកគេនឹងជួបប្រទះនៅក្នុងការធ្វើការឆ្ពោះទៅសម្រេចគោលដៅនីមួយៗផងដែរ។ ពួកគេបានពិភាក្សាអំពីធនធានមនុស្ស និងធនធានសម្ភារដែលពួកគេនឹងត្រូវការ និងជំនាញនិងចំណេះដឹងដែលនឹងជួយពួកគេក្នុងការសម្រេចគោលដៅ។


a young woman speaking while pointing to a list of questions.
សម្រាប់ជំហាននីមួយៗ ផែនការមួយគួរឆ្លើយនូវសំណួរនីមួយៗខាងក្រោម ។
តើយើងនឹងត្រូវធ្វើអ្វី និងក្នុងគោលបំណងអ្វី?
តើជំហានអ្វីខ្លះដែលយើងនឹងត្រូវអនុវត្ត?
តើយើងនឹងត្រូវធ្វើកិច្ចការទាំងនេះនៅពេលណា?
តើធនធានអ្វីខ្លះដែលយើងនឹងត្រូវការចាំបាច់ដើម្បីអាចធ្វើកិច្ចការទាំងនេះ?
តើយើងនឹងធ្វើកិច្ចការទាំងនេះជាមួយនរណា?
តើនរណាជាអ្នកទទួលខុសត្រូវក្នុងការធានាថា ផែនការត្រូវបានអនុវត្តយ៉ាងពិតប្រាកដ?
តើយើងនឹងរំពឹងចង់ឃើញអ្វី ប្រសិនបើជំហាននេះទទួលជោគជ័យ? តើយើងនឹងដឹងថាផែនការនេះកំពុងដំណើរការដែរឬអត់ដោយរបៀបណា?

បន្ទាប់មក ពួកគេបានរៀបចំផែនការលម្អិតមួយដោយធ្វើបញ្ជីកិច្ចការ និងកាលបរិច្ឆេទត្រូវបញ្ចប់ឲ្យរួចរាល់ ហើយពួកគេបានបែងចែកការទទួលខុសត្រូវ ដើម្បីឲ្យស្ត្រីគ្រប់រូបក្នុងក្រុមមានតួនាទីម្នាក់មួយ។ ពួកគេបានឯកភាពគ្នាពិនិត្យមើលវឌ្ឍនភាពការងារនៅរៀងរាល់កិច្ចប្រជុំរបស់ក្រុម ដើម្បីដឹងថាតើផែនការនោះកំពុងដំណើរការទៅល្អក្នុងកម្រិតណា។

ក្រុមសំឡេងស្ត្រីក្រុងវីលកាស បានសម្រេចចិត្តថា ជំហានដំបូងរបស់ពួកគេគឺការជួបជាមួយនឹងលោកវេជ្ជបណ្ឌិត ម៉ូរ៉ា ដែលជាប្រធានមណ្ឌលសុខភាព។ ពួកគេគ្រោងនឹងផ្តល់ព័ត៌មានដែលពួកគេបានប្រមូល និងស្នើឲ្យមានការផ្លាស់ប្តូរនៅមណ្ឌលសុខភាពដើម្បីសម្រេចនូវគោលដៅរយៈពេលខ្លីរបស់ពួកគេដែលចង់ឲ្យបុគ្គលិកសុខាភិបាលយល់ដឹង និងគោរពប្រពៃណីរបស់ពួកគេ។ ពួកគេបានរំពឹងថា ប្រសិនបើពួកគេទៅជាក្រុម និងបានត្រៀមខ្លួនល្អជាមួយនឹងសារច្បាស់លាស់មួយ នោះវេជ្ជបណ្ឌិត ម៉ូរ៉ា នឹងយល់ហើយទទួលយកសំណើរបស់ពួកគេ។

ក្រុមបានសម្រេចចិត្តជ្រើសរើសគណៈកម្មាធិការតូចមួយដែលមានសមាជិកជាស្ត្រី ៥រូបដើម្បីរៀបចំផែនការប្រជុំ។ ពួកគេបានស្នើឲ្យអ្នកស្រី ប៉ៅឡា ដើរតួនាទីជាអ្នកសម្របសម្រួលគណៈកម្មាធិការ ហើយអ្នកស្រី តូម៉ាសា បានស្ម័គ្រចិត្តជួយធ្វើបទបង្ហាញអំពីសំណើរបស់ក្រុម។ ពួកគេបានស្នើឲ្យយុវតី យេសេនី ជាអ្នកនិយាយអំពីតម្រូវការសេវាសុខភាពយុវវ័យ ហើយស្នើឲ្យអ្នកស្រី អាលីសា ដែលជាស្ត្រីមានផ្ទៃពោះកូនទីបី ជាអ្នកនិយាយអំពីបញ្ហាដែលស្ត្រីបានជួបប្រទះនៅពេលមកទទួលសេវាពិនិត្យផ្ទៃពោះ និងសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨