Hesperian Health Guides

ការអនុវត្តសកម្មភាពដើម្បីសុខភាពស្ត្រី គឺជាការកែលម្អជីវិតមនុស្សគ្រប់រូប

នៅក្នុងជំពូកនេះ ៖

ស្ត្រីនៅក្នុងក្រុមសំឡេងស្ត្រីក្រុងវីលកាស ត្រូវបានផ្លាស់ប្តូរដោយសារបទពិសោធន៍រួមរបស់ពួកគេ។ ការធ្វើសកម្មភាពរួមគ្នាបានជួយពួកគេក្នុងការស្វែងរកសំឡេងរបស់ពួកគេនៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់ពួកគេ។ ពួកគេបានចាប់ផ្តើមមានអារម្មណ៍ខុសប្លែកចំពោះខ្លួនឯង និងសមត្ថភាពរបស់ខ្លួន។ នៅពេលខ្លះ មិនមែនជាការងាយស្រួលសម្រាប់ពួកគេបញ្ចុះបញ្ចូលឪពុក ឬស្វាមីពួកគេឲ្យជឿជាក់ថា ការផ្លាស់ប្តូរគឺដើម្បីភាពល្អប្រសើរនោះទេ។ ប៉ុន្តែ ទំនាក់ទំនងរបស់ពួកគេនៅឯផ្ទះក៏បានចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ ខណៈដែលស្វាមី និងសមាជិកគ្រួសារពួកគេមើលឃើញពួកគេប្រកាន់យកភាពជាអ្នកដឹកនាំ។ ពួកគេមានអារម្មណ៍ថាខ្លួនបានទទួលការផ្តល់តម្លៃ និងភាពជឿជាក់ ហើយក៏បានចាប់ផ្តើមដើរតួនាទីដ៏រឹងមាំមួយក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅឯផ្ទះ និងនៅក្នុងជីវិតរបស់ពួកគេ។

ដោយហេតុថាពួកគេបានផ្តោតការយកចិត្តទុកដាក់ទៅលើដំណើរការរបស់ក្រុមពួកគេ សមាជិកក្រុមសំឡេងស្ត្រីក្រុងវីលកាស ក៏ទទួលបានគំនិតថ្មីៗទាក់ទងនឹងអំណាច។ ពួកគេស៊ាំនឹងការប្រឈមមុខជាមួយអាជ្ញាធរ និងការធ្វើឲ្យប្រាកដថា គ្រប់គ្នាមានសំឡេងមួយស្មើគ្នា។ ស្ត្រីដែលមិនចេះអានឬសរសេរ ឬមិនចេះភាសាអេស្ប៉ាញ សុទ្ធតែមានអារម្មណ៍ថា គំនិតរបស់ពួកគេមានតម្លៃដូចគ្នានឹងគំនិតរបស់អ្នកដទៃផងដែរ។ ក្រោយមក មានយុវជនកាន់តែច្រើនឡើងបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពសហគមន៍ដែលបានពង្រឹងតួនាទីរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំសហគមន៍ជាទូទៅ។

មេរៀនសំខាន់ៗមួយចំនួនដែលស្ត្រីទាំងនោះបានរៀនសូត្រនៅក្នុងដំណើរការរៀបចំក្រុមក្នុងសហគមន៍របស់ពួកគេរួមមាន ៖

  • ផ្តល់តម្លៃដល់មនុស្សជាធនធានដែលសំខាន់បំផុត។ ស្វែងរកពួកគេ មិនមែនឲ្យពួកគេស្វែងរកអ្នកនោះទេ! ជជែកជាមួយស្ត្រីនៅឯផ្ទះ និងនៅតាមទីកន្លែងដែលពួកគេតែងតែជួបជុំគ្នា ដូចជា ផ្សារ ស្ថានីយរថយន្តក្រុង សាលារៀន ទីកន្លែងធ្វើការ និងប្រភពទឹក។ គោរពគំនិត ប្រពៃណី និងការសម្រេចចិត្តរបស់គ្នាទៅវិញទៅមក។
  • ជួយស្ត្រីឲ្យចេះជួយខ្លួនឯង។ ស្តាប់ក្តីកង្វល់ តម្រូវការ និងទស្សនៈរបស់ស្ត្រី និងជួយពួកគេស្វែងរកដំណោះស្រាយផ្ទាល់ខ្លួនរបស់ពួកគេ។ រៀបចំផែនការជាមួយគ្នា និងមិនមែនសម្រាប់គ្នា ដោយមិនយកគំនិតណាមួយគ្របលើគំនិតដទៃទៀតនោះឡើយ។
  • ចែករំលែកចំណេះដឹង។ រៀនសូត្រពីមនុស្សដែលអ្នកបានជួយ និងចែករំលែកចំណេះដឹងដែលអ្នកមាន។ ជួយអ្នកដទៃស្វែងរកព័ត៌មានដែលពួកគេត្រូវការដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។
  • ដាក់ក្រុមជាច្រើនបញ្ចូលគ្នា។ ស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្ត ដែលរួមមានទាំងបុរស យុវវ័យទាំងពីរភេទ មេដឹកនាំសហគមន៍ អង្គការមិនមែនរដ្ឋាភិបាល (NGOs) និងទីភ្នាក់ងាររដ្ឋាភិបាល។ រៀបចំដើម្បីបង្ហាញពួកគេថា ជីវិតមនុស្សគ្រប់រូបអាចល្អប្រសើរឡើងតាមរយៈការធ្វើការជាមួយគ្នាឆ្ពោះទៅសម្រេចគោលដៅរួម។

គំនិតតូចៗអាចនាំឲ្យមានការផ្លាស់ប្តូរធំៗ

ការផ្លាស់ប្តូរដែលបានចាប់ផ្តើមជាមួយនឹងសហគមន៍មួយក៏អាចផ្សព្វផ្សាយ និងជំរុញទឹកចិត្តដល់សហគមន៍ដទៃដែលនៅឆ្ងាយផងដែរ។ នៅពេលខ្លះ ការខិតខំប្រឹងប្រែងរបស់ក្រុមតូចមួយបានធំលូតលាស់ប្រែក្លាយជាចលនាមួយដែលនាំឲ្យមានការផ្លាស់ប្តូរធំៗនៅក្នុងសាកលលោក។

ក្រសួងសុខាភិបាលនៃប្រទេសប៉េរូ អនុម័តប្រពៃណីរបស់ស្ត្រីជនជាតិខិចឆ្វា។ ក្រុមសំឡេងស្ត្រីក្រុងវីលកាស មិនមែនជាក្រុមតែមួយគត់នៅក្នុងប្រទេសប៉េរូដែលតស៊ូមតិដើម្បីទទួលបានសេវាពិនិត្យផ្ទៃពោះ និងសម្រាលកូនប្រកបដោយសុវត្ថិភាព ដែលគោរពវប្បធម៌ និងប្រពៃណីរបស់ប្រជាជនខិចឆ្វានោះទេ។ អង្គការដទៃទៀត និងបុគ្គលិកសុខាភិបាលក៏បានចាប់ផ្តើមមើលឃើញថា ជីវិតស្ត្រីអាចនឹងត្រូវបានជួយសង្គ្រោះតាមរយៈការធ្វើឲ្យសេវាសុខាភិបាលមានភាពងាយស្រួល និងស្វាគមន៍សម្រាប់ស្ត្រីទាំងអស់ និងតាមរយៈការច្របាច់បញ្ចូលជំនាញវេជ្ជសាស្ត្រជាមួយនឹងប្រពៃណីរបស់ស្ត្រីផងដែរ។ ចាប់តាំងពីឆ្នាំ២០០៥មក ស្ត្រីនៅក្នុងផ្នែកខ្លះនៃប្រទេសប៉េរូ អាចជ្រើសរើសយកការសម្រាលកូននៅមណ្ឌលសុខភាពតាមរបៀបប្រពៃណី។ ក្រសួងសុខាភិបាលផ្គត់ផ្គង់កន្ថោរសម្រាលកូន និងតម្រូវឲ្យបុគ្គលិកពេទ្យទទួលការបណ្តុះបណ្តាលអំពីការផ្តល់សេវាដែលគេឲ្យឈ្មោះថា “សេវាសម្រាលកូនដោយអង្គុយច្រហោង។ មានផ្ទះមាតុភាពគ្មានគ្រោះថ្នាក់នៅក្នុងសហគមន៍ច្រើងជាង ៥០០កន្លែង។ បច្ចុប្បន្ន មានស្ត្រីជនជាតិខិចឆ្វា តាមជនបទកាន់តែច្រើនឡើងបានមកមណ្ឌលសុខភាពដើម្បីទទួលសេវាសុខភាព ហើយមានស្ត្រីកាន់តែតិចតួចដែលបានស្លាប់ដោយសារមូលហេតុពាក់ព័ន្ធនឹងការសម្រាលកូន។

មាតុភាពគ្មានគ្រោះថ្នាក់គឺជាសិទ្ធិមនុស្សមួយ

សកម្មជននៅតាមមូលដ្ឋានរួមជាមួយបុគ្គលិកសុខាភិបាល អ្នកដឹកនាំនយោបាយ និងអង្គការក្រៅរដ្ឋាភិបាល បានតស៊ូមតិដើម្បីទាមទារឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចេញនូវសេចក្តីសម្រេចមួយស្តីពីមាតុភាពគ្មានគ្រោះថ្នាក់។ រឿងរ៉ាវពីសហគមន៍នានាដូចជា សហគមន៍ក្នុងក្រុងវីលកាស បានបញ្ចុះបញ្ចូលឲ្យមនុស្សជឿថា មរណភាពដែលអាចទប់ស្កាត់បានរបស់ស្ត្រីមានផ្ទៃពោះមិនមែនគ្រាន់តែជាសោកនាដកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភលើសិទ្ធិមនុស្សរបស់នាងផងដែរ។

HAW Ch2 Page 39-1.png


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨