Hesperian Health Guides

ជំពូក ១ ៖ ការចាត់វិធានដើម្បីសុខភាពស្ត្រី

វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ១ ៖ ការចាត់វិធានដើម្បីសុខភាពស្ត្រី

នៅក្នុងជំពូកនេះ ៖

1 woman speaking to another as they ride bicycles away from a house.
ប្តីរបស់ឯងជួយមើលកូនដើម្បីឲ្យឯងបានទៅចូលរួមប្រជុំ? គាត់ពិតជាបុរសល្អមែន!

ស្ត្រីនិងបុរសគ្រប់វ័យនៅគ្រប់ទីកន្លែងកំពុងចាត់វិធានការដើម្បីលើកកម្ពស់សុខភាពរបស់ស្ត្រី។ ជាការសំខាន់ណាស់ដែលយើងត្រូវរៀនសូត្រអំពីបញ្ហាប្រឈមផ្សេងៗដែលមនុស្សជាតិកំពុងជួបប្រទះ និងមធ្យោបាយថ្មីៗដែលសហគមន៍អាចប្រើប្រាស់ក្នុងការធ្វើការជាមួយគ្នាដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរ។ ទោះបីជាសហគមន៍ នីមួយៗសុទ្ធតែមានលក្ខណៈខុសគ្នាក្តី ក៏ពួកគេមានចំណុចជាច្រើនដែលអាចឲ្យរៀនសូត្រពីគ្នាទៅវិញទៅមកបានដែរ។ បទពិសោធន៍ពាក់ព័ន្ធដែលមាននៅក្នុងសៀវភៅនេះ អាចជួយឲ្យអ្នកគិតអំពីបញ្ហាប្រឈមផ្នែកសុខភាពដែលស្ត្រីកំពុងជួបប្រទះនៅក្នុងសហគមន៍របស់អ្នក និងជំរុញចិត្តអ្នកឲ្យស្វែងរកដំណោះស្រាយដែលនឹងអាចជួយសង្គ្រោះជីវិត លើកកម្ពស់សុខភាពរបស់ស្ត្រីនិងក្មេងស្រីនៅក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ និងប្រែក្លាយសហគមន៍របស់អ្នកជាកន្លែងដែលកាន់តែមានភាពយុត្តិធម៌និងសមភាពសម្រាប់ការរីកចម្រើនរបស់មនុស្សគ្រប់រូប។

នៅក្នុងប្រទេសប៉េរូ ឆ្មបម្នាក់កំពុងសំឡឹងមើលអ្នកជំងឺជាស្ត្រីជនជាតិដើមភាគតិចម្នាក់ កំពុងដាច់ដង្ហើមស្លាប់ក្នុងពេលសម្រាលកូន។ វាមិនគួរមានរឿងបែបនេះកើតឡើងទាល់តែសោះ! ដូច្នេះ ដោយសារតែមិនអាចទទួលយកលទ្ធផលដ៏ក្រៀមក្រំនេះបាន គាត់ក៏ចាប់ផ្តើមនិយាយជាមួយអ្នកដទៃក្នុងសហគមន៍ ដើម្បីសហការគ្នាស្វែងរកមធ្យោបាយបង្ការរឿងនេះកុំឲ្យកើតឡើងជាថ្មីម្តងទៀតនាពេលខាងមុខ។
2 women comforting another woman.
A woman and 3 girls talking together.
'នៅក្នុងប្រទេសហ្ស៊ីមបាវេ ក្មេងស្រីវ័យជំទង់ដែលជាអ្នករស់រាន ពីហិង្សាផ្លូវភេទ បានធ្វើការជាមួយគ្នានៅក្នុង “ក្លិបដើម្បីសិទ្ធិអំណាច” ដើម្បីកសាងជំនាញភាពជាអ្នកដឹកនាំ ទំនុកចិត្ត និងការគាំទ្រគ្នាឲ្យបន្តការសិក្សាទៅមុខ។ ដោយមានការគាំទ្រពីគ្រូបង្រៀនជាមនុស្សពេញវ័យ ពួកគេបានពិភាក្សាគ្នាពីក្តីសង្ឃឹម និងក្តីស្រមៃរបស់ពួកគេ ព្រមទាំងបទពិសោធន៍នៃការទទួលរងអំពើរំលោភផងដែរ។
នៅក្នុងប្រទេសស្រីលង្កា ស្ត្រីវ័យក្មេងជាកម្មកររោងចក្រក្នុងតំបន់ពាណិជ្ជកម្មសេរី ប្រឈមមុខនឹងអំពើប្លន់ និងរំលោភបំពានខណៈដែលពួកគេធ្វើដំណើរចេញពីរោងចក្រត្រឡប់ទៅផ្ទះនៅពេលយប់។ ដោយមានការសហការពីសហជីពរបស់ពួកគេ ពួកគេបានធ្វើការបញ្ចុះបញ្ចូលថៅកែរោងចក្រឲ្យផ្តល់សេវារថយន្តក្រុងក្នុងស្រុកមួយរវាងតំបន់ពាណិជ្ជកម្មសេរី និងកន្លែងស្នាក់នៅរបស់ពួកគេ ដូច្នេះពួកគេក៏អាចធ្វើដំណើរត្រឡប់ទៅផ្ទះប្រកបដោយសុវត្ថិភាព។
at=women walking at night with a bus nearby.
a man speaking to a woman and 2 children.
នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អ្នកអប់រំសុខភាពបានប្រើប្រាស់ប័ណ្ណរូបភាពដើម្បីបង្រៀនបុរសពីសញ្ញាគ្រោះថ្នាក់ដែលត្រូវឃ្លាំមើលនៅពេលប្រពន្ធ ឬកូនស្រីរបស់ពួកគេមានផ្ទៃពោះ ឬឈឺពោះសម្រាលកូន។ បុរសៗទាំងនោះបានថតចម្លងប័ណ្ណរូបភាពរបស់គ្រូបង្រៀនទាំងនោះដើម្បីយកទៅបង្ហាញដល់ប្រពន្ធ គ្រួសារ និងអ្នកជិតខាងរបស់ពួកគេ។ ជាមួយនឹងព័ត៌មានថ្មីនេះ គ្រួសារពួកគេបានត្រៀមលក្ខណៈកាន់តែល្អប្រសើរក្នុងការវាយតម្លៃស្ថានភាពនៃការឈឺពោះសម្រាល ដឹងពីពេលវេលាដែលអាចនឹងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ និងសម្រេចចិត្តថាតើពួកគេគួរធ្វើដំណើរផ្លូវឆ្ងាយទៅកាន់មន្ទីរពេទ្យដែរឬយ៉ាងណា។
នៅប្រទេសអាហ្វ្រិកខាងត្បូង ស្ត្រីដែលទទួលកម្ចីមីក្រូហិរញ្ញវត្ថុក៏បានពិភាក្សាពីបញ្ហាដទៃទៀតនៅក្នុងកិច្ចប្រជុំរបស់ពួកគេផងដែរ ដូចជា បញ្ហាទាក់ទងនឹងការមានទំនាក់ទំនងល្អជាមួយដៃគូរបស់ពួកគេ និងសារៈសំខាន់នៃការរួមភេទប្រកបដោយសុវត្ថិភាព។ ក្រុម “បងប្អូនស្រីដើម្បីជីវិត” ទាំងនេះមិនត្រឹមតែបង្កើតអាជីវកម្ម និងសងបំណុលជាកម្ចីរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការដើម្បីបង្កើនការយល់ដឹងអំពីតួនាទីយេនឌ័រ និងជំងឺកាមរោគ និងរបៀបកែលម្អទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើងផងដែរ។
a group of women laughing and talking.

កែលម្អឋានៈរបស់ស្ត្រីដើម្បីកែលម្អសុខភាព

ខណៈដែលអ្នកកំពុងអានរឿងរ៉ាវ និងយុទ្ធសាស្ត្រដែលមានចងក្រងនៅក្នុងសៀវភៅនេះ អ្នកនឹងបានឃើញវិធីផ្សេងៗគ្នាជាច្រើនដែលអ្នករៀបចំ និងសមាជិកសហគមន៍បានប្រើប្រាស់ដើម្បីកែលម្អសុខភាពរបស់ស្ត្រី។ ពួកគេបង្កើតបាននូវយុទ្ធសាស្ត្រទាំងនេះក្រោយពីបានសួរខ្លួនឯងនូវសំណួរដូចជា ៖ តើស្ត្រីអាចចូលចុះក្នុងសង្គមទាំងមូលយ៉ាងដូចម្តេច? តើពួកគេទទួលបានការប្រព្រឹត្តចំពោះខ្លួនយ៉ាងដូចម្តេចក្នុងនាមជាម្តាយ ជាកូនស្រី ជាអ្នកជិតខាង ជាសហការី និងជាសមាជិកសង្គម? តើបទពិសោធន៍របស់ពួកគេខុសគ្នាដោយសារលក្ខខណ្ឌជនជាតិ សង្គម និងសេដ្ឋកិច្ចយ៉ាងដូចម្តេច? តើមានលក្ខខណ្ឌ និងឧបសគ្គអ្វីខ្លះដែលប៉ះពាល់សុខភាពរបស់ស្ត្រី?

តាមរយៈការសួរសំណួរទាំងនេះ បុគ្គល និងស្ថាប័នដែលធ្វើការពាក់ព័ន្ធនឹងសុខភាពរបស់ស្ត្រីបានរកឃើញថា ពួកគេចាំបាច់ត្រូវតែចាត់វិធានការតាមវិធីផ្សេងៗ រួមមានដូចជា ៖

  • ការដោះស្រាយវិសមភាពយេនឌ័រ ជាពិសេសហិង្សាលើស្ត្រី ដើម្បីឲ្យស្ត្រីអាចហ៊ាននិយាយសម្រាប់ខ្លួនឯង បញ្ចេញមតិយោបល់ ចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងក្លាយជាអ្នកដឹកនាំដែលទទួលបានការគោរព។
  • ការលប់បំបាត់ឧបសគ្គផ្នែកពូជសាសន៍ ជនជាតិ សាសនា ឬភាសាក្នុងការទទួលបានការថែទាំសុខភាព ដើម្បីបង្ការកុំឲ្យមាននរណាម្នាក់ត្រូវបានបដិសេធមិនផ្តល់ការគាំទ្រដែលពួកគេត្រូវការ។
  • ការរៀបចំដើម្បីការកែលម្អស្ថានភាពការងារ និងការផ្តល់ប្រាក់បៀវត្សរ៍ស្មើភាពគ្នាសម្រាប់ស្ត្រី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កឡើងដោយសារការធ្វើការងារលើសកម្លាំង និងភាពក្រីក្រ។
  • ការបង្កើតឱកាសសុវត្ថិភាពសម្រាប់ស្ត្រី និងបុរស ដើម្បីឲ្យពួកគេរកមើលវិធីផ្សេងៗដែលមនុស្សមានអារម្មណ៍ និងបង្ហាញចំណូលចិត្តផ្លូវភេទរបស់ខ្លួន ដើម្បីពួកគេអាចប្រាស្រ័យទាក់ទងមួយគ្នាកាន់តែប្រសើរ ទទួលបានបទពិសោធន៍រីករាយផ្នែកផ្លូវភេទ និងអនុវត្តការរួមភេទកាន់តែមានសុវត្ថិភាព។


ការប្រមូលផ្តុំនូវបញ្ញាញាណ

សៀវភៅនិយាយអំពីសិទ្ធិស្ត្រីរបស់អង្គការ Hesperian (សៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត, សៀវភៅណែនាំអំពីសុខភាពសម្រាប់ស្រ្តីដែលមានពិការភាព ។ល) ផ្តល់ជូនបុគ្គលិកសុខាភិបាល និងអ្នកលើកកម្ពស់សុខភាពនៅតាមសហគមន៍នូវចំណេះដឹង និងជំនាញពិតប្រាកដក្នុងការបង្ការ និងព្យាបាលបញ្ហាសុខភាពដែលកើតឡើងជាញឹកញាប់ ជម្នះឧបសគ្គ និងជួយសង្គ្រោះជីវិត។ ពួកគេបានកត់សម្គាល់ថា ធនធានជាសៀវភៅទាំងនេះពិតជាផ្តល់នូវសារប្រយោជន៍យ៉ាងច្រើនហួសពីការស្មាន។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ស្ត្រី និងបុគ្គលិកសុខាភិបាលពីជុំវិញពិភពលោកបានផ្ញើលិខិត និងរឿងរ៉ាវមកយើង

ដោយបានរៀបរាប់ពីរបៀបដែលសៀវភៅទាំងនេះបានរួមចំណែកធ្វើឲ្យមានការផ្លាស់ប្តូរមួយនៅក្នុងជីវិត និងសហគមន៍របស់ពួកគេ។ ពួកគេក៏បានប្រាប់យើងផងដែរថា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅ និងយូរអង្វែងនៅក្នុងជីវិតស្ត្រី ពួកគេត្រូវការឧបករណ៍ និងយុទ្ធសាស្ត្របន្ថែមទៀតដើម្បីលើកកម្ពស់ការយល់ដឹង រៀបចំ និងតស៊ូមតិដើម្បីសិទ្ធិស្ត្រី ជាពិសេសគឺសិទ្ធិទទួលបានការថែទាំសុខភាព។ សៀវភៅនេះមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការទាំងនោះ និងគាំទ្រក្រុមអង្គការនៅតាមមូលដ្ឋានដែលកំពុងធ្វើការងារដ៏សំខាន់នេះ។

ស្ត្រី និងបុរសរាប់រយនាក់ ទាំងក្មេងទាំងចាស់ពីប្រទេសជាច្រើនបានចូលរួមចំណែកក្នុងការចងក្រងសៀវភៅនេះឡើង។ ពួកគេក្នុងនាមជាបុគ្គល និងសមាជិកនៃអង្គការនានា បានផ្ទេរបទពិសោធន៍ និងបញ្ញាញាណរបស់ពួកគេអំពីរបៀបដែលពួកគេបានធ្វើសកម្មភាពដើម្បីលើកកម្ពស់សុខភាពស្ត្រីនៅក្នុងសហគមន៍។ ស្ត្រីមួយក្រុមពីតំបន់ផ្សេងៗនៃពិភពលោកបានប្រមែប្រមូលរឿងរ៉ាវ យុទ្ធសាស្ត្រ និងសកម្មភាពរបស់ពួកគេ និងបានចងក្រងបញ្ចូលគ្នាដើម្បីបង្ហាញពីមាគ៌ាផ្សេងៗគ្នាជាច្រើនដែលពួកគេបានដើរឈានទៅសម្រេចនូវគោលដៅរួមនេះ។

បន្ទាប់មក ក្រុមស្ត្រីនិងបុរសនៅតាមមូលដ្ឋានក្នុងប្រទេសចំនួន ២៣ បានជួយរួមចំណែកតាមរយៈការអានសៀវភៅថ្មីនេះ និងការសាកល្បងអនុវត្តសកម្មភាពទាំងនេះនៅក្នុងសហគមន៍ផ្ទាល់របស់ពួកគេ។ មតិត្រឡប់របស់ពួកគេបានជួយឲ្យយើងបង្កើតបាននូវធនធានមួយដែលយើងសង្ឃឹមថា អ្នកនឹងយកទៅកែសម្រួល និងប្រើប្រាស់នៅក្នុងបរិបទខុសៗគ្នាដែលកំពុងមានការផ្លាស់ប្តូរ។

សៀវភៅនេះគឺសម្រាប់អ្នក!

គ្រប់គ្នាអាចដើរតួនាទីមួយ និងចាត់វិធានការដើម្បីគាំទ្រដល់សុខភាពរបស់ស្ត្រី។ ឆ្មបនៅក្នុងប្រទេសប៉េរូដែលមានអតិថិជនស្លាប់ក្នុងពេលសម្រាលកូន មិនបានចាត់ទុកខ្លួនឯងជាអ្នករៀបចំសហគមន៍ឡើយ។ ការងាររបស់គាត់គឺជួយគាំទ្រស្ត្រីដែលកំពុងឈឺពោះសម្រាលកូន។ ប៉ុន្តែ នៅពេលដែលគាត់បានឃើញបញ្ហាប្រឈមដែលអ្នកជំងឺរបស់គាត់បានជួបប្រទះ គាត់ក៏ឈានជើងដើរតួនាទីថ្មីមួយ ជាតួនាទីដែលនៅតែបន្តគាំទ្រសុខភាពអតិថិជនរបស់គាត់ដដែល ប៉ុន្តែអនុវត្តតាមរបៀបផ្សេងមួយទៀត។ គាត់បានចាប់ផ្តើមនិយាយជាមួយអ្នកដទៃដើម្បីពិនិត្យមើលថា តើការផ្លាស់ប្តូរអ្វីខ្លះដែលពួកគេអាចបង្កើតឡើងជាមួយគ្នា ដើម្បីជួយកាត់បន្ថយចំនួនស្ត្រីស្លាប់ក្នុងពេលសម្រាលកូន។ ពួកគេបានរៀបចំកិច្ចប្រជុំសហគមន៍, ពិភាក្សាពីការផ្លាស់ប្តូរដែលចាំបាច់ត្រូវធ្វើនៅមណ្ឌលសុខភាព, បង្កើតទំនាក់ទំនងជាមួយអ្នកមានអំណាច, ជំទាស់នឹងការរើសអើងស្ត្រីជនជាតិដើមភាគតិច, និងបានរៀនសូត្រអំពីកិច្ចការពារតាមផ្លូវច្បាប់។ គាត់មិនបានធ្វើការងារទាំងអស់នេះតែម្នាក់ឯងនោះទេ។ គាត់មិនចាំបាច់ក្លាយជាអ្នករៀបចំសហគមន៍ដ៏ប៉ិនប្រសព្វដោយខ្លួនឯងនោះដែរ។ ប៉ុន្តែ គាត់ចាំបាច់ត្រូវមានសមត្ថភាពក្នុងការអង្កេតបញ្ហា, ស្រមើស្រមៃថាវាអាចនឹងមានការផ្លាស់ប្តូរ, និងចាប់ផ្តើមប្រមូលផ្តុំអ្នកដែលអាចធ្វើការជាមួយគ្នាដើម្បីបង្កើតឲ្យមានការផ្លាស់ប្តូរមួយ។ នោះគឺជាអ្វីដែលយើងចង់សំដៅលើការអនុវត្តសកម្មភាព។

អ្នកក៏អាចប្រមូលផ្តុំគ្នាដើម្បីដោះស្រាយបញ្ហាដែលជាឧបសគ្គសម្រាប់ស្ត្រីក្នុងការទទួលបានសុខភាពល្អផងដែរ។ សៀវភៅនេះគឺសម្រាប់អ្នកទាំងអស់គ្នា មិនមែនសម្រាប់តែអ្នកដឹកនាំសហគមន៍ ឬអ្នកអប់រំសុខភាពនោះទេ។

សៀវភៅនេះគឺសម្រាប់ស្ត្រីគ្រប់រូប ពីព្រោះនៅពេលដែលស្ត្រីធ្វើការជាមួយគ្នាដើម្បីស្វែងយល់ និងដោះស្រាយ បញ្ហាសុខភាព នោះពួកគេអាចអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់សុខភាពរបស់ពួកគេ និងសុខភាពសហគមន៍របស់ពួកគេ។
a group of women from Asia, Africa, Latin America, and other parts of the world.
men and women working together to plant trees.
សៀវភៅនេះគឺសម្រាប់ប្រជាជនវ័យក្មេង ពីព្រោះពួកគេនឹងដឹកនាំផ្លូវឆ្ពោះទៅកាន់ការផ្លាស់ប្តូរ។ នៅជុំវិញពិភពលោក ពួកគេកំពុងប្រឆាំងរួចជាស្រេចទល់នឹងគំនិតចាស់ៗអំពីវិសមភាព និងកំពុងបង្កើតនូវវិធីថ្មីៗសម្រាប់ស្ត្រី និងបុរសធ្វើការជំរុញឲ្យមានការគោរពគ្នាទៅវិញទៅមក ការជឿជាក់ និងសុខភាពល្អប្រសើរ។
សៀវភៅនេះគឺសម្រាប់បុរស ពីព្រោះពួកគេគឺជាដៃគូដ៏សំខាន់នៅក្នុងការតស៊ូដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិ របស់ស្ត្រី និងក្មេងស្រី។ ពួកគេក៏ទទួលបានផលប្រយោជន៍ពីការបន្ធូរបន្ថយការរិតត្បិតតួនាទីយេនឌ័រផងដែរ។ ការកែលម្អស្ថានភាពសម្រាប់ស្ត្រីគឺជាការកែលម្អស្ថានភាពសម្រាប់សហគមន៍ទាំងមូល!
a group of men and women standing together.
a health worker talking with a woman in the doorway of a house.
សៀវភៅនេះគឺសម្រាប់បុគ្គលិកសុខាភិបាល ដែលមានជំនឿដូចគ្នាផងដែរថា ការងាររបស់ពួកគេគឺមិនមែនគ្រាន់តែព្យាបាលបញ្ហាសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើការសហការជាមួយសហគមន៍ដើម្បីបង្ការបញ្ហាសុខភាព និងលើកកម្ពស់សុខុមាលភាពផងដែរ។ បុគ្គលិកសុខាភិបាលជាតួអង្គដែលផ្តល់នូវប្រសិទ្ធភាពបំផុតនៅពេលដែលពួកគេចូលរួមក្នុងសកម្មភាពដែលដឹកនាំដោយសហគមន៍ដើម្បីដោះស្រាយមូលហេតុជាឫសគល់នៃបញ្ហាសុខភាព លើកទឹកចិត្តកិច្ចខិតខំប្រឹងប្រែងរៀបចំសហគមន៍ដើម្បីកែលម្អសុខភាពស្ត្រី និងតស៊ូមតិដើម្បីការផ្លាស់ប្តូរនៅតាមគ្រឹះស្ថានដែលមានឥទ្ធិពលទៅលើសុខភាព និងការផ្តល់សេវាថែទាំសុខភាព។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤