Hesperian Health Guides
ស្ត្រីទាំងអស់មានសិទ្ធិទទួលបានសុខភាពល្អ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ១ ៖ ការចាត់វិធានដើម្បីសុខភាពស្ត្រី > ស្ត្រីទាំងអស់មានសិទ្ធិទទួលបានសុខភាពល្អ
សិទ្ធិទទួលបានសុខភាពល្អមានន័យលើសពីការថែទាំសុខភាពល្អទៅទៀត។ វាក៏មានន័យផងដែរថា លក្ខខណ្ឌរស់នៅ និងធ្វើការ (ទាំងនៅផ្ទះ និងគ្រប់ទីកន្លែងដែលពួកគេធ្វើដំណើរទៅ) របស់ស្ត្រី គួរការពារ ជាជាងធ្វើឲ្យចុះខ្សោយ ឬគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគាត់។ មានគ្លីនិកដែលអាចតឆ្អឹងបាក់គឺមិនគ្រប់គ្រាន់នោះទេ ប្រសិនបើស្ត្រីរស់នៅរាល់ថ្ងៃជាមួយនរណាម្នាក់ដែលតែងតែវាយដំគាត់។ ការអប់រំអំពីជំងឺកាមរោគគឺជាធាតុផ្សំដ៏សំខាន់មួយនៃសុខភាពស្ត្រី ប៉ុន្តែវាមិនសូវផ្តល់សារប្រយោជន៍ទេ ប្រសិនបើស្ត្រីមិនមានសិទ្ធិបញ្ចេញយោបល់នៅក្នុងជីវិតផ្លូវភេទរបស់គាត់។ ការព្យាបាលជំងឺហឺតអាចជួយសង្គ្រោះជីវិត ប៉ុន្តែមនុស្សជាច្រើននឹងដកដង្ហើមកាន់តែស្រួល និងមានសុខភាពកាន់តែប្រសើរឡើង ប្រសិនបើរោងចក្រមិនត្រូវបានអនុញ្ញាតឲ្យបញ្ចេញជាតិពុលទៅក្នុងខ្យល់ និងទឹក។
សព្វថ្ងៃ មានការរីកចម្រើនខ្លាំងជាច្រើននៅក្នុងវិស័យវេជ្ជសាស្ត្រ និងការព្យាបាលកែលម្អបញ្ហាសុខភាពស្ត្រី ប៉ុន្តែមនុស្សរាប់លាននាក់នៅតែបន្តរងគ្រោះពីជំងឺដែលអាចបង្ការ និងព្យាបាលបាន។ មូលហេតុដោយផ្នែកនៃបញ្ហានេះគឺដោយសារអ្នកមានឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងនយោបាយ ផ្តល់អាទិភាពទៅលើតម្រូវការរបស់អ្នកមានអំណាច និងទ្រព្យសម្បត្តិ។ ប្រជាជនដែលមានអំណាចនិងធនធានតិចតួច គឺជាអ្នកដែលខាតបង់ ដែលជារឿយៗគឺសុខភាពរបស់ពួកគេ។ ការធ្វើសកលភាវូបនីយកម្មសាជីវកម្មបានបង្កឲ្យមានវិសមភាពធ្ងន់ធ្ងរ ជាកត្តាដែលបណ្តាលឲ្យមនុស្សរាប់លាននាក់គ្មានធនធានដែលពួកគេត្រូវការដើម្បីអាចរស់នៅប្រកបដោយសុខភាពល្អបាន។ គោលនយោបាយសេដ្ឋកិច្ចដែលតាក់តែងឡើងដោយពួកអ្នកមាន និងអ្នកមានអំណាចបង្ខំឲ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយលើសេវាសុខភាពព អប់រំ និងសង្គមកិច្ច ខណៈដែលភាគច្រើននៃប្រជាជននៅលើពិភពលោកដែលកំពុងរស់នៅក្នុងភាពក្រីក្រ ខ្វះអនាម័យជាមូលដ្ឋាន អាហារូបត្ថម្ភ និងសេវាថ្នាំពេទ្យ ពិតជាត្រូវការការបន្ថែមចំណាយលើសេវាទាំងនេះ មិនមែនការកាត់បន្ថយដូច្នោះទេ។ ស្ត្រីដែលជារឿយៗត្រូវបានគេបដិសេធមិនផ្តល់សិទ្ធិមូលដ្ឋានដោយគ្រាន់តែដោយសារពួកគេជាស្ត្រី គឺជាក្រុមប្រជាជនដែលក្រីក្រជាងគេបំផុត ហើយសុខភាពរបស់ពួកគេកាន់តែទទួលរងការគំរាមកំហែងពីគោលនយោបាយសកលទាំងនេះ។
ព័ត៌មាន និងសកម្មភាពនៅក្នុងសៀវភៅនេះអាចជួយអ្នក គ្រួសារអ្នក និងសហគមន៍របស់អ្នកធ្វើការកែលម្អសុខភាពនៅកម្រិតមូលដ្ឋាន និងប្រឈមមុខតទល់នឹងកម្លាំងសង្គមធំៗដែលបង្កផលប៉ះពាល់ដល់សិទ្ធិរបស់ស្ត្រីក្នុងការទទួលបានសុខភាពល្អ។ អ្នកអាចប្រើប្រាស់សៀវភៅនេះជាជំនួយក្នុងការបង្កើតយុទ្ធនាការ និងយុទ្ធសាស្ត្រនៅក្នុងសហគមន៍របស់អ្នកដើម្បីតទល់ និងផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ។ អ្នកនឹងបានឃើញថា អ្នកមិនមែនឯកោតែម្នាក់ឯងនោះទេ ពីព្រោះអ្នកគឺជាសមាជិកម្នាក់នៃចលនាជាសកលដ៏ធំមួយដែលគិតគូអំពីសុខភាពស្ត្រី និងលើកកម្ពស់សិទ្ធិទទួលបានសុខភាពល្អសម្រាប់មនុស្សគ្រប់រូប។
ការដោះស្រាយមូលហេតុជាឫសគល់
សុខភាពល្អមិនមែនមានន័យត្រឹមតែគ្មានជំងឺនោះទេ។ សុខភាពល្អសំដៅដល់សុខុមាលភាពខាងរាងកាយ ផ្លូវចិត្ត និងស្មារតីរបស់ស្ត្រី។ សុខភាពស្ត្រីរងការប៉ះពាល់មិនមែនត្រឹមតែពីរបៀបដែលរាងកាយរបស់នាងត្រូវបានបង្កើតឡើងនោះទេ ប៉ុន្តែពីលក្ខខណ្ឌសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់នាងផងដែរ។
ការកែលម្អសុខភាពស្ត្រីសំដៅដល់ការដោះស្រាយ “មូលហេតុឫសគល់” នៃសុខភាពដែលឈឺ រួមបញ្ចូលទាំងភាពក្រីក្រ វិសមភាពយេនឌ័រ ពូជសាសន៍ និងទម្រង់នៃអំពើជិះជាន់ផ្សេងៗទៀតផងដែរ។ ខណៈដែលសុខភាពបុរសក៏រងការប៉ះពាល់ពីកត្តាទាំងនេះ ស្ត្រីគឺជាក្រុមដែលទទួលរងការប្រព្រឹត្តខុសពីបុរស។ ជាធម្មតា ស្ត្រីមានអំណាចតិច និងឋានៈទាបជាងបុរសនៅក្នុងគ្រួសារ និងសហគមន៍។ វិសមភាពជាមូលដ្ឋាននេះមានន័យថា៖
- មានស្ត្រីច្រើនជាងបុរសដែលរងគ្រោះពីកង្វះការទទួលបានធនធានផ្សេងៗ ដូចជា ប្រាក់កាស អាហារ ដីធ្លី និងការបម្លាស់ទី។
- មានស្ត្រីច្រើនជាងបុរសដែលត្រូវបានបដិសេធមិនផ្តល់ការអប់រំ និងជំនាញដើម្បីគាំទ្រ និងការពារខ្លួនពួកគេ។
- មានស្ត្រីច្រើនជាងបុរសដែលខ្វះលទ្ធភាពទទួលបានព័ត៌មាន និងសេវាសុខភាពសំខាន់។
- មានស្ត្រីច្រើនជាងបុរសដែលខ្វះអំណាច និងសមត្ថភាពគ្រប់គ្រងលើជីវិតរបស់ពួកគេ និងសេចក្តីសម្រេចចិត្តទាក់ទងនឹងការថែទាំសុខភាពជាមូលដ្ឋាន។
- ស្ត្រីក្រីក្រ ស្ត្រីស្បែកខ្មៅ ស្ត្រីចំណាកស្រុក និងស្ត្រីពីក្រុមជនជាតិភាគតិចរឹតតែជួបប្រទះបញ្ហាប្រឈមច្រើនជាងស្ត្រីដទៃទៀត។
ទស្សនៈទូលំទូលាយនេះអាចជួយអ្នកឲ្យស្វែងយល់ និងធ្វើការដើម្បីផ្លាស់ប្តូរ “មូលហេតុឫសគល់” នៃបញ្ហាសុខភាពមិនល្អរបស់ស្ត្រី។ មូលហេតុឫសគល់គឺជាកត្តានានាដែលជះឥទ្ធិពលទៅលើសុខភាពរបស់ស្ត្រី។ កត្តាទាំងនេះអាចនឹងមើលមិនឃើញ ប៉ុន្តែក៏ដូចជាឫសដើមឈើដូច្នេះដែរ ពួកវាមានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវិត និងសុខុមាលភាព។
សុខភាពស្ត្រីគឺជាបញ្ហាមួយរបស់សហគមន៍
សៀវភៅនេះនឹងជួយអ្នកស្វែងរកបាននូវវិធីដែលមានលក្ខណៈកាន់តែទូលំទូលាយ កាន់តែគ្រប់តថភាព និងកាន់តែជាក់ស្តែងដើម្បីលើកកម្ពស់សុខភាពស្ត្រី និងសុខភាពសហគមន៍ទាំងមូល។ ខណៈដែលអ្នកដោះស្រាយលក្ខខណ្ឌដែលធ្វើឲ្យស្ត្រីបាត់បង់សុខភាពល្អ នោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកនឹងជួយផ្លាស់ប្តូរឫសគល់នៃបញ្ហាជាមួយនឹងឫសគល់ដែលគាំទ្រឲ្យមានសុខភាពល្អសម្រាប់ស្ត្រីគ្រប់រូប។