Hesperian Health Guides
ស្ត្រីទាំងអស់មានសិទ្ធិទទួលបានសុខភាពល្អ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ១ ៖ ការចាត់វិធានដើម្បីសុខភាពស្ត្រី > ការរៀបចំសហគមន៍កសាងនូវការគាំទ្រ និងសាមគ្គីភាព
អ្នកនឹងទទួលបានអារម្មណ៍រីករាយពីភាពជោគជ័យ ប៉ុន្តែក៏ប្រហែលជាជួបប្រទះនឹងការបាក់ទឹកចិត្តដោយសារការបរាជ័យក្នុងការតស៊ូដើម្បីសម្រេចគោលដៅនៃការកែលម្អសុខភាពរបស់ស្ត្រីផងដែរ។ ប៉ុន្តែការបរាជ័យក៏នៅតែជាកត្តាមួយដែលរួមចំណែកនាំឲ្យយើងសម្រេចបាននូវជោគជ័យរយៈពេលយូរអង្វែងផងដែរ។ ទាំងបញ្ហាប្រឈម និងការបរាជ័យ សុទ្ធតែផ្តល់នូវឱកាសដ៏មានសារៈសំខាន់សម្រាប់យើងយកមកពិចារណាត្រិះរិះឡើងវិញ។ ជាមួយនឹងសកម្មភាព និងការត្រិះរិះនីមួយៗ អ្នកនឹងបានរៀនសូត្រ និងស្វែងយល់កាន់តែច្រើនពីជំហានបន្ទាប់ដែលអ្នកគួរអនុវត្ត ហើយអ្នកនឹងអាចប្រើប្រាស់សកម្មភាពដែលមាននៅក្នុងសៀវភៅនេះដើម្បីបញ្ចុះបញ្ចូលឲ្យអ្នកដទៃយល់ស្របថា ការផ្លាស់ប្តូរពិតជាអាចទៅរួច។ ហេតុដូច្នេះ គោលដៅគឺមិនមែនដើម្បីទទួលបានការព្រមព្រៀងគ្នាលើសកម្មភាពណាមួយ រួចអនុវត្តវា ហើយសម្រេចចិត្តថាតើអ្នក “បានឈ្នះ” ឬក៏ “បានចាញ់” នោះទេ។ ផ្ទុយទៅវិញ គោលដៅគឺដើម្បីកសាងនូវសហគមន៍មួយដែលធ្វើការរួមគ្នាតាមវិធីជានិរន្តភាពមួយ កំណត់បញ្ហាជាប្រចាំ រៀបចំផែនការសកម្មភាព ត្រិះរិះពីសកម្មភាពទាំងនោះឡើងវិញ និងបន្តកសាងមូលដ្ឋានគ្រឹះមួយដែលមានទំហំកាន់តែធំៗឡើង និងមានសមត្ថភាពអាចតស៊ូដើម្បីសុខភាព និងភាពយុត្តិធម៌។
មាតិកា
សកម្មភាពដែលនាំឲ្យមានចំណាត់ការ
អ្នកនឹងបានឃើញសកម្មភាពផ្សេងៗគ្នាជាច្រើននៅក្នុងសៀវភៅនេះ។ សកម្មភាពទាំងអស់នេះត្រូវបានបង្កើតឡើង ចែករំលែក និងធ្វើតេស្តដោយអង្គការសុខភាពនៅជុំវិញពិភពលោក ប៉ុន្តែអ្នកគឺជាអ្នកសម្រេចចិត្តថាតើសកម្មភាពមួយណាដែលស័ក្តិសមបំផុតសម្រាប់អនុវត្តនៅក្នុងសហគមន៍របស់អ្នក។ ចូរសាកល្បងអនុវត្តសកម្មភាពទាំងនេះ។ ចូរបង្កើតគំនិតច្នៃប្រឌិត។ ចូរកែសម្រួល និងរួមបញ្ចូលសកម្មភាពទាំងនេះដើម្បីឲ្យសមស្របនឹងគោលបំណងរបស់អ្នក។
សកម្មភាពជាច្រើនប្រភេទ
ការពិភាក្សាដែលមានការតម្រង់ទិស : ដើម្បីចែករំលែកការយល់ដឹងពីបញ្ហា និងដំណោះស្រាយ មនុស្សចាំបាច់ត្រូវនិយាយគ្នា។ ការពិភាក្សាដែលមានការតម្រង់ទិស គឺជាវិធីមួយសម្រាប់មនុស្សមួយក្រុមប្រើប្រាស់ដើម្បីនិយាយគ្នា សួរគ្នា និងឆ្លើយសំណួរជាក់លាក់របស់គ្នាទៅវិញទៅមក។
ល្បែងកំសាន្ត : ល្បែងកំសាន្ត ល្បែងទស្សន៍ទាយ និងល្បែងចលនា គឺជាវិធីផ្តល់ភាពរីករាយសម្រាប់ក្រុមគ្រប់វ័យទាំងអស់ប្រើប្រាស់ដើម្បីធ្វើតេស្ត និងស្រង់ព័ត៌មានចំណេះដឹងដែលពួកគេមានស្រាប់ ស្វែងយល់និងរៀនសូត្របន្ថែម និងដើម្បីចាប់ផ្តើមការពិភាក្សា។ ល្បែងកំសាន្តទាំងនេះជួយផ្តល់នូវសំណើច និងថាមពល! វាអាចផ្តល់នូវការផ្លាស់ប្តូរបរិយាកាសដ៏ល្អមួយក្រោយពីការពិភាក្សាដ៏យូរ ឬក្រោយពីក្រុមបានដោះស្រាយបញ្ហាដ៏ពិបាកណាមួយ។
ការសំដែងតួ ការនិទានរឿង និងការសំដែងល្ខោន : ការសំដែងគឺជាវិធីមួយដើម្បីស្វែងយល់ពីបញ្ហា និងស្នើឡើងនូវដំណោះស្រាយខណៈដែលកំពុងផ្តល់ការកម្សាន្ត និងភាពរីករាយ។ មនុស្សអាចសំដែងចេញនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងស្រមើស្រមៃពីបទពិសោធន៍របស់អ្នកដទៃ។ បញ្ហា និងជម្លោះមួយចំនួនអាចនឹងផ្តល់ភាពងាយស្រួលក្នុងការពិចារណា ប្រសិនបើត្រូវបានពណ៌នានៅពេលវេលា និងទីកន្លែងផ្សេងគ្នាតាមរយៈការនិទានរឿង ឬការសំដែងល្ខោន។
ការគូសផែនទីសហគមន៍ : ការគូសផែនទីសហគមន៍គឺជាសកម្មភាពមួយដែលសមាជិកសហគមន៍រួមគ្នាបង្កើតផែនទីមួយដោយផ្អែកលើអ្វីដែលពួកគេមើលឃើញ និងដឹងអំពីសហគមន៍របស់ពួកគេ។ ការបង្កើតផែនទីអាចជួយឲ្យពួកគេមើលឃើញពីលំនាំនៃបញ្ហាសុខភាព ឬមើលឃើញថាតើស្ថានភាពនៅក្នុងសហគមន៍បានផ្លាស់ប្តូររបៀបណានាពេលកន្លងមក។ ផែនទីក៏អាចជួយឲ្យពួកគេកំណត់បាននូវធនធាន និងភាពខ្លាំងរបស់សហគមន៍ដែលពួកគេអាចនឹងមិនបានដឹង។
គំនូរ និងសិល្បៈ : ការបង្កើត និងសំឡឹងមើលគំនូរអាចជួយឲ្យយើងមើលឃើញដំណោះស្រាយចំពោះបញ្ហាដែលយើងអាចនឹងមើលមិនឃើញតាមវិធីផ្សេង។ គេអាចប្រើប្រាស់គំនូរដើម្បីចាប់ផ្តើមការពិភាក្សាដែលមានការតម្រង់ទិស ហើយគំនូរក៏អាចជាមធ្យោបាយមួយសម្រាប់អ្នកដែលមិនចេះអានឬសរសេរបានល្អប្រើប្រាស់ដើម្បីបង្ហាញពីគំនិតរបស់ពួកគេ និងចូលរួមសកម្មភាពផងដែរ។ គំនូរលើជញ្ជាំងតាមទីសាធារណៈអាចទាក់ទាញចំណាប់អារម្មណ៍សាធារណជនមកលើបញ្ហា រំលឹកមនុស្សអំពីភាពខ្លាំង និងសមិទ្ធផលរបស់ពួកគេ និងផ្តល់នូវចក្ខុវិស័យដើម្បីអនាគតកាន់តែប្រសើរ និងប្រកបដោយសុខភាពល្អ។
បណ្តាញព័ត៌មានផ្សេងៗ : វីដេអូខ្លីៗ និងរូបថតអាចត្រូវបានប្រើប្រាស់ដើម្បីកត់ត្រា និងចែករំលែកនូវភស្តុតាងបង្ហាញពីហិង្សាយេនឌ័រ តម្រូវការការងារសមរម្យ គ្រោះថ្នាក់នៃការបំពុលដោយសារឧស្សាហកម្ម ។ល។ ។ វិទ្យុសហគមន៍អាចដំណើរការជាមធ្យោបាយទំនាក់ទំនងជាប្រចាំមួយទាំងនៅក្នុងតំបន់ជនបទ និងទីក្រុងអំពីបញ្ហាសំខាន់ៗរបស់ស្ត្រី។ ទម្រង់ផ្សព្វផ្សាយដល់មូលដ្ឋានទាំងនេះអាចផ្សាយព័ត៌មានអំពីបញ្ហាបានកាន់តែទូលំទូលាយដើម្បីកសាងមូលដ្ឋាននៃការគាំទ្រឲ្យកាន់តែរឹងមាំ និងអំពាវនាវឲ្យសមាជិកសហគមន៍ចូលរួមក្នុងសកម្មភាព។
ការអប់រំប្រជាជនដើម្បីកសាងចលនា
ចូរចាំថា គោលបំណងនៃសកម្មភាពទាំងនេះគឺដើម្បីជួយប្រជាជនក្នុងសហគមន៍របស់អ្នកសម្រេចចិត្តថា តើពួកគេចង់ធ្វើអ្វីដើម្បីលើកកម្ពស់សុខភាពស្ត្រី ហើយតើពួកគេចាំបាច់ត្រូវធ្វើវាដោយរបៀបណា។ តើអ្នកអាចធានាធ្វើឲ្យគ្រប់គ្នាគិតគូរអំពីដំណើរការនោះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់គ្រប់គ្នាដោយរបៀបណា?
ការអប់រំប្រជាជនត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតដែលថា “ប្រជាជនដែលរងការប៉ះពាល់ផ្ទាល់ពីបញ្ហា គឺជាអ្នកដែលស្ថិតក្នុងឱកាសល្អបំផុតក្នុងការកំណត់រកមូលហេតុ និងស្វែងរកដំណោះស្រាយ” ។ អ្នកចូលរួមទាំងអស់គឺជាអ្នកបង្រៀនផង និងអ្នករៀនផង មិនថាពួកគេធ្លាប់បានចូលសាលារៀនឬអត់នោះទេ។ វាងាយស្រួលក្នុងការមើលឃើញពីរបៀបដែលចំណុចនេះដំណើរការនៅក្នុងផ្នែកសុខភាពស្ត្រី។ ជាឧទាហរណ៍ ចូរពិចារណាពីទំហំនៃបទពិសោធន៍ផ្ទាល់ខ្លួនដែលស្ត្រីមាន ជាមួយនឹងស្ថានភាពតប់ប្រមល់ដោយសារការធ្វើការក្រៅផ្ទះ ព្រមទាំងត្រូវធ្វើម្ហូប និងបោសសម្អាតសម្រាប់គ្រួសារនាងនៅពេលត្រឡប់មកផ្ទះ។ ពួកគេគឺជាអ្នកជំនាញក្នុងការគ្រប់គ្រងកិច្ចការជាច្រើន ហើយមានព័ត៌មានច្រើនអំពីរបៀបដែលការធ្វើការហួសកម្លាំងប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ ទន្ទឹមនឹងនេះ ប្រសិនបើពួកគេមានឱកាសចែករំលែកបទពិសោធន៍របស់ពួកគេ នោះពួកគេអាចបង្រៀន និងរៀនបានច្រើនអំពីបញ្ហាតប់ប្រមល់ដែលមានឥទ្ធិពលលើសុខភាពរបស់ពួកគេ។
ដំណើរការនៃការអប់រំប្រជាជននឹងប្រមូលចំណេះដឹងរបស់សហគមន៍អំពីបញ្ហាណាមួយ ជំរុញឲ្យសហគម៍ពិចារណារកមូលហេតុដែលនាំឲ្យកើតមានបញ្ហា ព្យាយាមដោះស្រាយឫសគល់នៃបញ្ហា និងសម្រេចចិត្តថាតើពួកគេអាចអនុវត្តសកម្មភាពអ្វីខ្លះដើម្បីដោះស្រាយបញ្ហានោះ។
- បញ្ហាតប់ប្រមល់គឺជាការឆ្លើយតបបែបចិត្តសាស្ត្រទូទៅរបស់រាងកាយទៅចំពោះកត្តាដែលបង្កខាងក្រៅ។
- កត្តាដែលបង្កការតប់ប្រមល់ រំញោចប្រព័ន្ធស្វ័យភាព និងប្រព័ន្ធអង់ដូគ្រីនដែលជាផ្នែកមួយនៃការឆ្លើយតប “តទល់ ឬរត់គេច។
- ប៉ះពាល់ដោយស្វយប្រវត្តិទៅលើចង្វាក់បេះដូង សម្ពាធឈាម ការដកដង្ហើម។
- អ័រម៉ូន Cortisol, aldosterone, epinephrine, norepinphrine, និង thyroxine ត្រូវបានផលិតនៅក្នុងដំណើរការនេះ។
អ្នកនឹងបានឃើញថា បច្ចេកទេសអប់រំប្រជាជនដែលមាននៅក្នុងសៀវភៅនេះជួយប្រមូលផ្តុំមនុស្សមកពិភាក្សាគ្នាអំពីរបៀបកែលម្អជីវិតរបស់ពួកគេឲ្យប្រសើរឡើង។ ជាមួយនឹងគោលដៅនេះ ការរៀនសូត្រអំពីសុខភាពស្ត្រីមិនមែនជារឿងអរូបីយ៍ទេ។
ខដែលក្រុមមួយធ្វើការដើម្បីស្វែងយល់ពីបញ្ហាដែលពួកគេជួបប្រទះរទះ និងដើម្បីយល់ដឹងពីមូលហេតុដែលនាំឲ្យពួកគេជួបប្រទះបញ្ហាទាំងនេះ នោះពួកគេចាប់ផ្តើមមើលឃើញថា ជាការពិត ការតស៊ូផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗក៏ជាការតស៊ូរបស់អ្នកដទៃនៅក្នុងសហគមន៍ពួកគេផងដែរ។ ពួកគេចាប់ផ្តើមបង្កើតជំហានសកម្មភាពដែលដោះស្រាយបញ្ហាជាឫសគល់ ដែលជាលទ្ធផលគ្រប់គ្នាក្នុងសហគមន៍គឺជាអ្នកទទួលបានផលប្រយោជន៍។
ការសិក្សាពីគ្នា និងជំរុញទឹកចិត្តគ្នាទៅវិញទៅមក
យើងបានលើកឡើងរួចមកហើយថា អ្នករៀបចំសហគមន៍ពីបណ្តាប្រទេសជាច្រើនបានជួយចូលរួមកែលម្អសៀវភៅនេះយ៉ាងច្រើនតាមរយៈការអាន ការសាកល្បងសកម្មភាព និងការផ្ញើមតិយោបល់របស់ពួកគេមកយើងខ្ញុំវិញ។ ប៉ុន្តែក៏មានរឿងផ្សេងបានកើតឡើងនៅក្នុងដំណើរការកែលម្អនេះផងដែរ។ អ្នករៀបចំសហគមន៍បានដកស្រង់មេរៀន និងការជំរុញទឹកចិត្តពីរឿងរ៉ាវ និងសកម្មភាពទាំងនោះផងដែរ។ ជាឧទាហរណ៍ ៖
នៅប្រទេសប៉ាគីស្ថាន បុរសមួយក្រុមបានមើល ជំពូក៨ : ការមានផ្ទៃពោះប្រកបដោយសុខភាពល្អ និងការសម្រាលកូនដោយសុវត្ថិភាព និងមានចំណាប់អារម្មណ៍ និងការជំរុញទឹកចិត្តដោយបានអានរឿងរ៉ាវពីប្រទេសតង់ហ្សានីដែលនិយាយអំពីបុរសម្នាក់បានរៀបចំមធ្យោបាយធ្វើដំណើរបន្ទាន់សម្រាប់ជួយសង្គ្រោះស្ត្រីឈឺពោះសម្រាលកូន។ បណ្តាបុរសដែលបានចូលរួមក្នុងវគ្គសិក្សានោះបានបន្តជួបប្រជុំគ្នា ហើយបច្ចុប្បន្នពួកគេកំពុងរៀបចំការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការសម្រាលកូនបន្ទាន់នៅក្នុងសហគមន៍របស់ពួកគេ។
នៅក្នុងប្រទេសលីបេរីយ៉ា ក្រុមមួយដែលធ្វើការនៅតាមតំបន់ក្រីក្រក្នុងទីក្រុងបានធ្វើតេស្តសាកល្បងជំពូក៦ : ការបញ្ចប់ហិង្សាយេនឌ័រ, និងជំពូក៧ : ការការពារសុខភាពស្ត្រីជាមួយនឹងផែនការគ្រួសារ។ ដោយមានការជំរុញទឹកចិត្តពីរឿងរ៉ាវនៅប្រទេសនេប៉ាល់ និងប្រទេសហ្គាណា ពួកគេបានធ្វើសកម្មភាពលើកកម្ពស់សុខភាពក្មេងស្រីនៅក្នុងសហគមន៍របស់ពួកគេ ដោយបានរៀបចំវេទិកាសម្រាប់ក្មេងស្រីសិស្សសាលា ឪពុកម្តាយ និងគ្រូបង្រៀនដើម្បីពិភាក្សាអំពីការកេងប្រវ័ញ្ចផ្លូវភេទ និងសារៈសំខាន់នៃការអប់រំសម្រាប់ក្មេងស្រី។ ពួកគេក៏បានបង្កើតយុទ្ធនាការដ៏ជោគជ័យមួយដែលកំណត់គោលដៅលើយុវជន ដើម្បីលើកទឹកចិត្តការប្រើប្រាស់មធ្យោបាយពន្យារកំណើតបង្ការការមានផ្ទៃពោះដែលមិនចង់បាន។
នៅប្រទេសឥណ្ឌា បុរសនិងស្ត្រីមួយក្រុមបានពិនិត្យមើល ជំពូក៣ : យេនឌ័រ និងសុខភាព ។ ពួកគេមានការចាប់អារម្មណ៍ជាខ្លាំងទៅលើសកម្មភាព មួយថ្ងៃក្នុងជីវិត និងការពិភាក្សាអំពីបន្ទុកការងារលើសកម្លាំងរបស់ស្ត្រី។ នៅក្រោយបញ្ចប់សិក្ខាសាលា ពួកគេបានលើកបញ្ហាប្រាក់ឈ្នួលស្មើគ្នាសម្រាប់បុរស និងស្ត្រីទៅកាន់សមាជិកសភាក្នុងមូលដ្ឋានរបស់ពួកគេ ជាពិសេសសម្រាប់ការងារកសិកម្ម។
យើងសង្ឃឹមថា សហគមន៍របស់អ្នកក៏នឹងដកស្រង់គំនិត និងការជំរុញទឹកចិត្តពីរឿងរ៉ាវ និងយុទ្ធសាស្ត្រដែលមាននៅក្នុងសៀវភៅនេះផងដែរ។ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់យើង នឹងនាំឲ្យយើងកាន់តែខិតទៅដល់ថ្ងៃមួយដែលស្ត្រីនៅគ្រប់ទីកន្លែងអាចទទួលបានពេញលេញនូវការថែទាំសុខភាព និងលក្ខខណ្ឌជីវិតដែលលើកកម្ពស់សុខភាពល្អ។
ការធ្វើការដើម្បីចក្ខុវិស័យនេះនឹងត្រូវការពេលវេលាយូរ និងភាពមោះមុត។ វាអាចជាការតស៊ូដ៏យូរអង្វែង និងលំបាកមួយសម្រាប់មនុស្សដែលមានបទពិសោធន៍ជីវិត និងទស្សនៈខុសៗគ្នាក្នុងការស្វែងរកមូលដ្ឋាន រួម និងធ្វើការជាមួយគ្នា។ នៅពេលខ្លះ បញ្ហាប្រឈមអាចនឹងមានសភាពស្មុគស្មាញ និងថែមទាំងពិបាកដោះស្រាយទៀតផង។ ទោះជាយ៉ាងនេះក្តី ស្ត្រី និងបុរស ទាំងចាស់ទាំងក្មេងពីគ្រប់ស្រទាប់វណ្ណៈ កំពុងទទួលយកបញ្ហាប្រឈមនេះ និងកំពុងធ្វើសកម្មភាពដើម្បីលើកកម្ពស់សុខភាព និងសិទ្ធិរបស់ស្ត្រី និងក្មេងស្រី។ យើងទទួលបានការជំរុញទឹកចិត្តពីគំរូវីរភាពរបស់ពួកគេ ហើយយើងគិតថា អ្នកក៏នឹងអាចធ្វើបានដូចពួកគេផងដែរ។
រាល់ការប្រជុំដែលអ្នកបានរៀបចំ រាល់សកម្មភាពដែលអ្នកបានអនុវត្ត គឺជាជំហានមួយលើវិថីឆ្ពោះទៅកាន់ការសម្រេចបាននូវសុខភាពសម្រាប់ទាំងអស់គ្នា។ នៅពេលខ្លះ យើងមើលឃើញតែការតស៊ូនៅក្នុងមូលដ្ឋានរបស់យើងប៉ុណ្ណោះ ហើយយើងមានអារម្មណ៍ថា ការផ្លាស់ប្តូរមានសភាពយឺត ឬមានទំហំតូចណាស់ ក៏ប៉ុន្តែការផ្លាស់ប្តូរកំពុងតែកើតឡើង។ យើងទាំងអស់គ្នាពិតជាកំពុងធ្វើឲ្យមានការផ្លាស់ប្តូរមួយ មិនថាយើងមានអារម្មណ៍ថាតួនាទីរបស់យើងតូចតាចប៉ុណ្ណានោះទេ។
ដូចគ្នានឹងរឿងរ៉ាវជាច្រើននៅក្នុងសៀវភៅនេះផងដែរ សកម្មភាពរបស់យើងជាបុគ្គល និងជាក្រុម គឺដូចគ្នានឹងសរសៃអំបោះដែលនៅពេលត្បាញបញ្ចូលគ្នា វានឹងបង្កើតបាននូវសាច់ក្រណាត់ចម្រុះពណ៌ដ៏រឹងមាំ ដែលប្រៀបបានទៅនឹងចលនាជាសកលដើម្បីការផ្តល់សិទ្ធិអំណាចដល់សហគមន៍ដើម្បីសុខភាព។ រឿងរ៉ាវទាំងនេះដែលនិយាយពីប្រជាជនសហការគ្នាលើកកម្ពស់សុខភាពស្ត្រីនៅក្នុងសហគមន៍របស់ពួកគេ បានបង្រៀនយើង និងអាចជួយឲ្យអ្នកបង្រៀនអ្នកដទៃថា តាមរយៈការចូលរួមសហការគ្នានៅក្នុងចលនាដែលមានការយចិត្តទុកដាក់និងការទាមទារ នោះយើងនឹងអាចផ្លាស់ប្តូរពិភពលោកបាន។