Hesperian Health Guides
ជំងឺបេះដូង និងជំងឺលើសឈាម ៖ ថ្នាំពេទ្យ យ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺបេះដូង និងជំងឺលើសឈាម > ជំងឺបេះដូង និងជំងឺលើសឈាម ៖ ថ្នាំពេទ្យ យ
មាតិកា
ទារកទើបនឹងកើត និង ការបំបៅដោះកូន :~ ថ្នាំពេទ្យ
ថ្នាំព្យាបាលជំងឺលើសឈាមដំណើរការខុសគ្នាបន្តិចបន្តួចនៅក្នុងរាងកាយមនុស្សម្នាក់ៗ ហើយបញ្ហាបេះដូងរបស់មនុស្សម្នាក់ៗក៏អាចខុសគ្នាផងដែរ។ នៅពេលដែលបុគ្គលិកសុខាភិបាលព្យាបាលជំងឺលើសឈាម និងបញ្ហាបេះដូងផ្សេងទៀតដោយការប្រើថ្នាំពេទ្យ ជាធម្មតាពួកគេចាប់ផ្តើមដោយកម្រិតដូសទាប។ ដោយអាស្រ័យទៅលើប្រសិទ្ធភាពរបស់ថ្នាំចំពោះមនុស្សម្នាក់ៗ និងថាតើសម្ពាធឈាមធ្លាក់ចុះគ្រប់គ្រាន់ដែរឬយ៉ាងណានោះ គេអាចធ្វើការកែសម្រួលដោយបង្កើន ឬបន្ថយកម្រិតដូសថ្នាំបន្តិច។ ថ្នាំមួយប្រភេទទៀតអាចត្រូវបានគេបន្ថែមពីលើប្រភេទថ្នាំដំបូង ឬប្រើជំនួសថ្នាំដំបូងតែម្តង។នៅពេលដែលសម្ពាធឈាមស្ថិតនៅកម្រិតធម្មតា នោះមានន័យថា អ្នកកំពុងប្រើកម្រិតដូសថ្នាំ និងប្រភេទថ្នាំត្រឹមត្រូវសម្រាប់លក្ខខណ្ឌជំងឺរបស់អ្នក ហើយនេះត្រូវបានគេហៅថា ការគ្រប់គ្រងសម្ពាធឈាម ឬការដាក់ឱ្យសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រង។ នៅពេលចាប់ផ្តើមការព្យាបាល ចូរពិនិត្យសម្ពាធឈាមរៀងរាល់ពីរបីសប្តាហ៍ម្តង។
បុគ្គលិកសុខាភិបាលក៏តាមដានផលរំខាននៃថ្នាំផងដែរ ប្រសិនបើមាន ផលប៉ះពាល់នៃថ្នាំ និងថាតើគេអាចរកទិញថ្នាំនោះបានដោយងាយ ឬថាតើវាមានតម្លៃសមរម្យឬឥតគិតថ្លៃដែរឬយ៉ាងណា។ ប្រសិនបើអ្នកជំងឺឈប់ប្រើថ្នាំដោយសារផលរំខាន ឬតម្លៃថ្នាំ បុគ្គលិកសុខាភិបាលអាចស្វែងរកដំណោះស្រាយ។
ថ្នាំទូទៅសម្រាប់ព្យាបាលអ្នកជំងឺលើសឈាមជាមនុស្សពេញវ័យរួមមាន ៖
- ថ្នាំ Hydrochlorothiazide (HCTZ) ឬប្រភេទថ្នាំបញ្ចុះទឹកនោមផ្សេងទៀត (“ថ្នាំបញ្ចុះជាតិទឹក”)។
- ថ្នាំ Amlodipine ឬប្រភេទថ្នាំទប់ស្កាត់កាល់ស្យូមផ្សេងទៀត (ជារឿយៗ ឈ្មោះថ្នាំទាំងនេះបញ្ចប់ដោយអក្សរ -dipine)
- ថ្នាំ Captopril, ថ្នាំ enalapril ឬប្រភេទថ្នាំ ACE inhibitor ផ្សេងទៀត (ជារឿយៗ ឈ្មោះថ្នាំទាំងនេះបញ្ចប់ដោយអក្សរ -pril)
- ថ្នាំ Losarten ឬប្រភេទ ARB ផ្សេងទៀត (ជារឿយៗ ឈ្មោះថ្នាំទាំងនេះបញ្ចប់ដោយអក្សរ -sarten )
- ថ្នាំ Atenolol ឬប្រភេទថ្នាំបន្ថយចង្វាក់បេះដូងផ្សេងទៀត (ជារឿយៗ ឈ្មោះថ្នាំទាំងនេះបញ្ចប់ដោយអក្សរ -lol)។ នៅពេលដែលថ្នាំបន្ថយចង្វាក់បេះដូង ត្រូវបានប្រើដើម្បីព្យាបាលជំងឺលើសឈាម ថ្នាំទាំងនេះត្រូវបានគេប្រើផ្សំជាមួយប្រភេទថ្នាំដទៃទៀត។
ក៏មានថ្នាំដែលផ្សំពីថ្នាំបេះដូងចំនួន ២ ប្រភេទក្នុង ១ គ្រាប់ផងដែរ។ ថ្នាំទាំងនេះអាចមានតម្លៃថ្លៃជាងការទិញថ្នាំនីមួយៗដាច់ដោយឡែកពីគ្នា តែវាអាចផ្តល់ភាពងាយស្រួលជាង។
រៀនពីបុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍ថាតើថ្នាំណាខ្លះអាចផ្សំប្រើជាមួយគ្នាបាន។ រៀនអំពីកម្រិតដូសចាប់ផ្តើមដែលល្អបំផុតសម្រាប់ថ្នាំនីមួយៗ នៅពេលដែលអ្នកជំងឺមានលក្ខខណ្ឌផ្សេងទៀតរួមជាមួយនឹងជំងឺលើសឈាម ដូចជាជំងឺខ្សោយបេះដូង កូឡេស្តេរូលខ្ពស់ ជំងឺទឹកនោមផ្អែម ឬមានបញ្ហាតម្រងនោម។
សម្រាប់អ្នកអាយុលើសពី ៦០ ឆ្នាំដែលប្រើថ្នាំលើសឈាមជាលើកដំបូង សូមចាប់ផ្តើមជាមួយនឹងកម្រិតដូសទាបបំផុត។
ប្រសិនបើថ្នាំហាក់ដូចជាមិនមានប្រសិទ្ធភាពទេ ចូររកមើលជំងឺតម្រងនោម បញ្ហាប្រើថ្នាំក្នុងកម្រិតដូសត្រឹមត្រូវ ថ្នាំឬឱសថអ្វីផ្សេងទៀតដែលពួកគេប្រើ ឬបញ្ហាក្រពេញទីរ៉ូអ៊ីត។
ថ្នាំបញ្ចុះទឹកនោម (“ថ្នាំបញ្ចុះជាតិទឹក”)
ថ្នាំ Hydrochlorothiazide (HCTZ) ថ្នាំ chlorthalidone ថ្នាំ spironolactone ថ្នាំ bendroflumethazide ថ្នាំ triamterene និងថ្នាំ furosemide គឺជាថ្នាំបញ្ចុះទឹកនោម។
ថ្នាំបញ្ចុះទឹកនោមជួយតម្រងនោមកម្ចាត់សារធាតុរាវ និងសូដ្យូមលើសដោយការធ្វើឱ្យអ្នកជំងឺបត់ជើងតូចញឹកញាប់។ ដោយមានសារធាតុរាវតិចនៅក្នុងរាងកាយ សម្ពាធឈាមក៏ធ្លាក់ចុះមកវិញ។ ថ្នាំបញ្ចុះទឹកនោមមួយចំនួនក៏ធ្វើឱ្យសរសៃឈាមរីកធំដើម្បីបន្ថយសម្ពាធឈាមផងដែរ។
ជួនកាលថ្នាំបញ្ចុះទឹកនោមត្រូវបានគេប្រើដើម្បីព្យាបាលការហើមដោយសារបេះដូងខ្សោយ ប្រសិនបើបុគ្គលិកសុខាភិបាលអាចតាមដានជាមួយនឹងការធ្វើតេស្តមន្ទីរពិសោធន៍ថាតើវាកំពុងប៉ះពាល់ដល់រាងកាយដោយរបៀបណា។
វិលមុខ នោមញឹក ឈឺក្បាល ស្រេកទឹក រមួលសាច់ដុំ និងឈឺក្រពះ។ មនុស្សភាគច្រើនប្រើថ្នាំបញ្ចុះទឹកនោមនៅពេលព្រឹក ដើម្បីចៀសវាងការងើបបត់ជើងតូចញឹកញាប់នៅពេលយប់។
ស្ត្រីមានផ្ទៃពោះមិនគួរប្រើថ្នាំបញ្ចុះទឹកនោមទេ លើកលែងតែថ្នាំដទៃទៀតមិនអាចគ្រប់គ្រងសម្ពាធឈាមរបស់នាងបាន។
សញ្ញាគ្រោះថ្នាក់ ៖ ឡើងកន្ទួលធ្ងន់ធ្ងរ បញ្ហាដកដង្ហើម បញ្ហាលេប និងឈឺសន្លាក់ជាខ្លាំង ជាពិសេសនៅបាតជើង។ ស្វែងរកជំនួយជាបន្ទាន់។
ថ្នាំបញ្ចុះទឹកនោម ដូចជា ថ្នាំ HCTZ ថ្នាំ chlorthalidone និងថ្នាំ furosemide អាចបញ្ចេញជាតិប៉ូតាស្យូមចេញពីរាងកាយ។ ចូរបរិភោគចេកស្នាប់មុខ ចេក ក្រូចពោធិ៍សាត់ ក្រូចឆ្មា ឬផ្លែប័រឱ្យបានញឹកញាប់ដើម្បីបំពេញជាតិប៉ូតាស្យូមឡើងវិញ។ ប្រសិនបើការធ្វើតេស្តឈាមបង្ហាញថា ប៉ូតាស្យូមមានកម្រិតទាប មនុស្សមួយចំនួននឹងត្រូវការលេបថ្នាំជាតិប៉ូតាស្យូម។ ថ្នាំ Spironolactone និងថ្នាំ triamterene រក្សាជាតិប៉ូតាស្យូមនៅក្នុងរាងកាយ។
ជួនកាលថ្នាំទាំងនេះត្រូវបានគេប្រើជាមួយនឹងថ្នាំបញ្ចុះទឹកនោមដទៃទៀត ដើម្បីរក្សាជាតិប៉ូតាស្យូមឱ្យនៅកម្រិតធម្មតា ប៉ុន្តែត្រូវការការប្រុងប្រយ័ត្នច្រើនប្រសិនបើគេប្រើវាជាមួយនឹងប្រភេទថ្នាំ ACE inhibitors ឬថ្នាំ ARBs ។ ថ្នាំបញ្ចុះទឹកនោមក៏បញ្ចេញជាតិម៉ាញេស្យូមចេញពីរាងកាយផងដែរ។ ញ៉ាំបន្លែបៃតង ទឹកដោះគោយ៉ាអួ និងគ្រាប់ធញ្ញជាតិដើម្បីបំពេញជាតិម៉ាញេស្យូមឡើងវិញ។
គួរពិនិត្យមើលកម្រិតប៉ូតាស្យូម និងមុខងារតម្រងនោមជាមួយនឹងការធ្វើតេស្តមន្ទីរពិសោធន៍នៅពីរបីសប្តាហ៍ក្រោយចាប់ផ្តើមប្រើថ្នាំបញ្ចុះទឹកនោម ហើយបន្ទាប់មកនៅរៀងរាល់ ៦ ទៅ ១២ ខែម្តងប្រសិនបើអ្នកកំពុងប្រើថ្នាំ hydroclorothiazide និងពិនិត្យឱ្យបានញឹកញាប់ជាងនេះ ប្រសិនបើអ្នកកំពុងប្រើថ្នាំ furosemide ។ ថ្នាំ Furosemide គឺជាថ្នាំបញ្ចុះទឹកនោមដែលខ្លាំងជាងថ្នាំបញ្ចុះទឹកនោមដទៃ ហើយអ្នកជំងឺត្រូវការការតាមដានយ៉ាងយកចិត្តទុកដាក់។
ថ្នាំ HYDROCHLOROTHIAZIDE (HCTZ)
ថ្នាំ Hydrochlorothiazide ជាប្រភេទថ្នាំគ្រាប់ចំណុះ ២៥ មីលីក្រាម និង ៥០ មីលីក្រាម។
សម្រាប់ជំងឺលើសឈាម
ប្រសិនបើចាំបាច់ គេអាចបង្កើនកម្រិតដូសថ្នាំឱ្យឡើងដល់ ២៥ មីលីក្រាមក្នុងមួយថ្ងៃបន្ទាប់ពីពីរបីសប្តាហ៍ប្រសិនបើសម្ពាធឈាមមិនត្រូវបានគ្រប់គ្រងដោយការប្រើកម្រិតដូសទាបទេនោះ។
ហាមទទួលទានថ្នាំលើសពី ២៥ មីលីក្រាមក្នុងមួយថ្ងៃ។ ការទទួលទានថ្នាំលើសកម្រិតនេះមិនធ្វើឱ្យសម្ពាធឈាមរបស់អ្នកថយចុះនោះទេ វាគ្រាន់តែបង្កើនផលរំខាននៃថ្នាំប៉ុណ្ណោះ។
ថ្នាំទប់ស្កាត់កាល់ស្យូម
ថ្នាំ Amlodipine ថ្នាំ Nifedipine ថ្នាំ Diltiazem និងថ្នាំ Verapamil គឺជាថ្នាំទប់ស្កាត់កាល់ស្យូម។
ថ្នាំទប់ស្កាត់កាល់ស្យូមបង្ការជាតិកាល់ស្យូមមិនឱ្យចូលទៅក្នុងសរសៃឈាមនិងបេះដូង។ ការណ៍នេះជួយសម្រួលសរសៃឈាម ដែលនាំឱ្យសម្ពាធឈាមថយចុះ។
ថ្នាំទាំងនេះក៏ត្រូវបានគេប្រើសម្រាប់បន្ថយការឈឺទ្រូង (ដំណើរតឹងទ្រូង) ផងដែរ។
អ្នកជំងឺទឹកនោមផ្អែមអាចប្រើថ្នាំទប់ស្កាត់កាល់ស្យូម។
ថ្នាំ Amlodipine និងថ្នាំ Nifedipine អាចបណ្តាលឱ្យហើមកជើង។ បងា្ករការហើមដោយចៀសវាងទទួលទានអាហារសម្បូរជាតិអំបិល ការហាត់ប្រាណ និងការដាក់ជើងឱ្យខ្ពស់នៅពេលអង្គុយ។ ប្រសិនបើនៅតែហើម អ្នកប្រហែលជាត្រូវផ្លាស់ប្តូរថ្នាំហើយ។
ផលរំខានបន្តិចបន្តួច ដូចជាឈឺក្បាលតិចៗ ងងុយគេង ឬឈឺក្រពះជួលកាលបាត់ទៅវិញនៅមួយឬពីរសប្តាហ៍បន្ទាប់ពីចាប់ផ្តើមលេបថ្នាំ។ ពិគ្រោះជាមួយបុគ្គលិកសុខាភិបាលរបស់អ្នកអំពីការផ្លាស់ប្តូរថ្នាំប្រសិនបើផលរំខាននៅតែបន្តមាន។
មិនមែនថ្នាំទប់ស្កាត់កាល់ស្យូមទាំងអស់សុទ្ធតែអាចឱ្យប្រើអំឡុងពេលមានផ្ទៃពោះនោះទេ។
អ្នកដែលមានជំងឺខ្សោយបេះដូងប្រភេទមួយចំនួន និងមានជំងឺបេះដូងផ្សេងទៀតមិនគួរប្រើថ្នាំទប់ស្កាត់កាល់ស្យូមទេ។
អ្នកដែលប្រើថ្នាំទប់ស្កាត់កាល់ស្យូមខណៈដែលកំពុងប្រើថ្នាំ statins (ទំព័រ 34) នឹងត្រូវការថ្នាំ statin ក្នុងកម្រិតទាបជាងអ្នកដែលមិនប្រើថ្នាំទប់ស្កាត់កាល់ស្យូម។
សញ្ញាគ្រោះថ្នាក់ ៖ ឡើងកន្ទួលធ្ងន់ធ្ងរ ឈឺទ្រូង ដួលសន្លប់ ចង្វាក់បេះដូងមិនទៀង ហើមផ្នែកណាមួយនៅលើមុខ មាត់ ដៃ ឬជើង។ ស្វែងរកជំនួយជាបន្ទាន់។
ថ្នាំ Amlodipine ជាប្រភេទថ្នាំគ្រាប់មានចំណុះ ៥ មីលីក្រាម និង ១០ មីលីក្រាម។
សម្រាប់ព្យាបាលជំងឺលើសឈាម
បន្ទាប់ពីលេបបានពីរបីសប្តាហ៍ ចូរវាស់មើលថាតើសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានដែរឬយ៉ាងណា។ បើចាំបាច់ ចូរបង្កើនកម្រិតដូសឱ្យដល់ ១០ មីលីក្រាម។
ហាមទទួលទានថ្នាំលើសពី ១០ មីលីក្រាមក្នុងមួយថ្ងៃ។
ថ្នាំទប់ស្កាត់អង់ស៊ីមប្រភេទ ACE inhibitors និងថ្នាំ ARBs
ថ្នាំទប់ស្កាត់អង់ស៊ីមប្រភេទ ACE inhibitors និងថ្នាំទប់ស្កាត់ប្រភេទ ARBs គឺជាថ្នាំពីរប្រភេទដែលធ្វើការតាមរបៀបស្រដៀងគ្នា។ ថ្នាំទាំងពីរប្រភេទនេះត្រូវបានគេប្រើសម្រាប់បន្ថយសម្ពាធឈាម សម្រាប់ព្យាបាលបេះដូងខ្សោយ សម្រាប់ព្យាបាលប្រភេទជំងឺបេះដូងផ្សេងទៀត និងដើម្បីជួយការពារតម្រងនោមរបស់អ្នកជំងឺទឹកនោមផ្អែម។
ថ្នាំប្រភេទ ACE inhibitors និងថ្នាំប្រភេទ ARBs ទប់ស្កាត់សារធាតុនៅក្នុងឈាមដែលធ្វើឱ្យសរសៃឈាមតឹងចង្អៀត។ នៅពេលសរសៃឈាមធូរ និងរីកធំ នោះសម្ពាធឈាមធ្លាក់ចុះ។
ថ្នាំ Captopril ថ្នាំ enalapril ថ្នាំ lisinopril គឺជាថ្នាំប្រភេទ ACE inhibitors ។ ថ្នាំ Losartan គឺជាថ្នាំប្រភេទ ARB ។
ថ្នាំប្រភេទ ACE inhibitors អាចបណ្តាលឱ្យក្អកស្ងួត។ ប្រសិនបើអ្នកក្អកស្ងួត ចូរប្តូរទៅប្រើថ្នាំប្រភេទ ARB ដូចជាថ្នាំ losartan ដែលមិនបណ្តាលឱ្យក្អក។
ផលរំខានផ្សេងទៀតដែលអាចកើតមាន ៖ ឡើងកន្ទួល វិលមុខ អស់កម្លាំង ឈឺក្បាល មានបញ្ហាក្នុងការគេង ឬចង្វាក់បេះដូងលោតញាប់។
មិនត្រូវផ្តល់ឱ្យស្ត្រីមានផ្ទៃពោះ ឬស្ត្រីដែលអាចមានផ្ទៃពោះនោះទេ។ ថ្នាំប្រភេទ ACE inhibitors និងថ្នាំប្រភេទ ARBs បង្កគ្រោះថ្នាក់ចំពោះការលូតលាស់របស់ទារកក្នុងផ្ទៃ។
ចៀសវាងការប្រើចំពោះអ្នកជំងឺតម្រងនោមធ្ងន់ធ្ងរ។
ចៀសវាងការប្រើថ្នាំ Ibuprofen និងថ្នាំប្រឆាំងការរលាកដទៃទៀតនៅពេលប្រើថ្នាំប្រភេទ ACE inhibitors ឬ ARBs ។
សញ្ញាគ្រោះថ្នាក់ ៖ ឈឺទ្រូង មានបញ្ហាដកដង្ហើម មានបញ្ហាលេប ហើមផ្នែកណាមួយនៅលើមុខ មាត់ ឬជើង។ ស្វែងរកជំនួយជាបន្ទាន់។
នាំប្រភេទ ACE inhibitors និងថ្នាំប្រភេទ ARBs បង្កើនជាតិប៉ូតាស្យូម។ ការធ្វើតេស្តឈាមគួរធ្វើនៅពីរបីសប្តាហ៍បន្ទាប់ពីចាប់ផ្តើមប្រើថ្នាំប្រភេទ ACE ដើម្បីតាមដានសុខភាពតម្រងនោម និងកម្រិតជាតិប៉ូតាស្យូម។ ការធ្វើតេស្តមានសារៈសំខាន់ជាពិសេសប្រសិនបើអ្នកជំងឺមានជំងឺតម្រងនោមសូម្បីក្នុងកម្រិតស្រាលក្តី។ ចូររក្សាការប្រុងប្រយ័ត្នបំផុត និងតាមដានកម្រិតជាតិប៉ូតាស្យូមតាមរយៈការធ្វើតេស្តឈាមដោយប្រុងប្រយ័ត្នប្រសិនបើអ្នកជំងឺក៏កំពុងប្រើថ្នាំបញ្ចុះទឹកនោមប្រភេទណាមួយនៃថ្នាំspironolactone ឬថ្នាំ triamterene ផងដែរ។
ថ្នាំ CAPTOPRIL
Captopril ជាប្រភេទថ្នាំគ្រាប់មានចំណុះ ២៥ មីលីក្រាម និង ៥០ មីលីក្រាម
សម្រាប់ព្យាបាលជំងឺលើសឈាម
មនុស្សពេញវ័យ ៖ នៅពេលប្រើថ្នាំ Captopril តែឯងដោយគ្មានលាយថ្នាំបេះដូងដទៃទៀតទេនោះ ជាធម្មតាកម្រិតដូសចាប់ផ្តើមគឺ ២៥ មីលីក្រាមក្នុងមួយថ្ងៃ ដោយបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ១២,៥ មីលីក្រាម)។បន្ទាប់ពីលេបបានពីរបីសប្តាហ៍ ចូរវាស់មើលថាតើសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានដែរឬយ៉ាងណា។ ប្រសិនបើចាំបាច់ អ្នកអាចបង្កើនកម្រិតដូសបាន។ កម្រិតដូសបន្ទាប់ដែលត្រូវសាកល្បងគឺ ៥០ មីលីក្រាមក្នុងមួយថ្ងៃ ដោយបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ២៥ មីលីក្រាម)។ បើចាំបាច់ អាចបង្កើនដល់កម្រិតដូស ១០០ មីលីក្រាម្នុងមួយថ្ងៃ ដោយបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ៥០ មីលីក្រាម)។
ប្រសិនបើប្រើថ្នាំ Captopril ជាមួយនឹងថ្នាំបញ្ចុះទឹកនោម ឬអ្នកជំងឺមានអាយុចាប់ពី ៦០ ឆ្នាំឡើង នោះកម្រិតដូសចាប់ផ្តើមគឺ ១២,៥ មីលីក្រាមក្នុងមួយថ្ងៃ ដោយបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ៦,២៥ មីលីក្រាម)។
ហាមប្រើសរុបលើសពី ១០០ មីលីក្រាមក្នុងមួយថ្ងៃ។
ថ្នាំ ENALAPRIL
ថ្នាំ Enalapril ជាប្រភេទថ្នាំគ្រាប់មានចំណុះ ២,៥មីលីក្រាម ៥មីលីក្រាម ១០មីលីក្រាម និង ២០មីលីក្រាម
សម្រាប់ព្យាបាលជំងឺលើសឈាម
មនុស្សពេញវ័យ ៖ នៅពេលប្រើថ្នាំ enalapril តែឯងដោយគ្មានលាយថ្នាំបេះដូងដទៃទៀតទេនោះ ជាធម្មតាកម្រិតដូសចាប់ផ្តើមគឺ ៥ មីលីក្រាមក្នុងមួយថ្ងៃ។បន្ទាប់ពីលេបបានពីរបីសប្តាហ៍ ចូរវាស់មើលថាតើសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានដែរឬយ៉ាងណា។ ប្រសិនបើចាំបាច់ គេអាចបង្កើនកម្រិតដូសបាន។ មនុស្សភាគច្រើនអាចទទួលយកកម្រិតដូសចន្លោះពី ១០ ទៅ ២០ មីលីក្រាមក្នុងមួយថ្ងៃ។
នៅពេលប្រើកម្រិតដូសចាប់ពី ១០ មីលីក្រាមឡើង ជាការប្រសើរគួរបែងចែកកម្រិតដូសជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ។
ប្រសិនបើប្រើថ្នាំ Enalapril ជាមួយនឹងថ្នាំបញ្ចុះទឹកនោម ឬអ្នកជំងឺមានអាយុចាប់ពី ៦០ ឆ្នាំឡើង ឬមានជំងឺតម្រងនោមកម្រិតស្រាល នោះកម្រិតដូសចាប់ផ្តើមគឺ ២,៥ មីលីក្រាមក្នុងមួយថ្ងៃ។
ហាមប្រើលើសពី ៤០ មីលីក្រាមក្នុងមួយថ្ងៃ។
ថ្នាំ LOSARTAN
ថ្នាំ Losartan ជាប្រភេទថ្នាំគ្រាប់មានចំណុះ ២៥ មីលីក្រាម ៥០ មីលីក្រាម និង ១០០ មីលីក្រាម។
សម្រាប់ព្យាបាលជំងឺលើសឈាម'
មនុស្សពេញវ័យ ៖ នៅពេលប្រើថ្នាំ losartan តែឯងដោយគ្មានលាយថ្នាំបេះដូងដទៃទៀតទេនោះ ជាធម្មតាកម្រិតដូសចាប់ផ្តើមគឺ ៥០ មីលីក្រាមក្នុងមួយថ្ងៃ ដោយអាចលេប១ដងក្នុងមួយថ្ងៃក៏បាន ឬបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ២៥ មីលីក្រាម) ក៏បាន។បន្ទាប់ពីលេបបានពីរបីសប្តាហ៍ ចូរវាស់មើលថាតើសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានដែរឬយ៉ាងណា។ ប្រសិនបើចាំបាច់ អ្នកអាចបង្កើនកម្រិតដូសឱ្យដល់ ១០០ មីលីក្រាមក្នុងមួយថ្ងៃ ដោយអាចលេប១ដងក្នុងមួយថ្ងៃក៏បាន ឬបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ៥០ មីលីក្រាម) ក៏បាន។
ប្រសិនបើប្រើថ្នាំ losartan ជាមួយនឹងថ្នាំបញ្ចុះទឹកនោម នោះកម្រិតដូសចាប់ផ្តើមគឺសរុប ២៥ មីលីក្រាមសម្រាប់លេប ១ ដងក្នុងមួយថ្ងៃ។
ហាមទទួលទានថ្នាំលើសពី ១០០ មីលីក្រាមក្នុងមួយថ្ងៃ។
ថ្នាំបន្ថយចង្វាក់បេះដូង
បន្ថយចង្វាក់បេះដូងមានប្រសិទ្ធភាពក្នុងការបន្ថយចង្វាក់បេះដូង ដូច្នេះបេះដូងបូមឈាមដោយកម្លាំងតិច ដែលធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ។ ប្រសិនបើលេបជារៀងរាល់ថ្ងៃ នោះថ្នាំបន្ថយចង្វាក់បេះដូងជួយសម្ពាធឈាម និងអាចជួយសម្រាលការឈឺទ្រូង (ដំណើរតឹងទ្រូង)។ ជាធម្មតា ថ្នាំបន្ថយចង្វាក់បេះដូងត្រូវបានគេប្រើជាមួយនឹងថ្នាំបញ្ចុះទឹកនោម ឬថ្នាំដទៃទៀតនៅពេលដែលគេលេបដើម្បីបន្ថយសម្ពាធឈាម។ ថ្នាំបន្ថយចង្វាក់បេះដូងមួយចំនួនត្រូវបានគេប្រើដើម្បីព្យាបាលជំងឺខ្សោយបេះដូង។
ថ្នាំ Atenolol ថ្នាំ metoprolol ថ្នាំ bisoprolol និងថ្នាំ carvedilol គឺថ្នាំបន្ថយចង្វាក់បេះដូង។ ងថ្នាំ carvedilol គឺថ្នាំបន្ថយ
មានអារម្មណ៍អស់កម្លាំង ឈឺក្រពះ ឈឺក្បាល វិលមុខ ទល់លាមក រាករូស មានអារម្មណ៍ធីងធោង។
ប្រសិនបើផលរំខានទាំងនេះមានកម្រិតស្រាល ពួកវានឹងបាត់ទៅវិញនៅក្នុងរយៈពលពីរបីសប្តាហ៍បន្ទាប់ពីប្រើថ្នាំ។
មិនមែនថ្នាំបន្ថយចង្វាក់បេះដូងទាំងអស់សុទ្ធតែអាចប្រើក្នុងអំឡុងពេលមានផ្ទៃពោះនោះទេ។
អ្នកជំងឺទឹកនោមផ្អែមគួរប្រើថ្នាំបន្ថយចង្វាក់បេះដូងដោយប្រុងប្រយ័ត្ន ប្រសិនបើពួកគេមានបញ្ហាជាតិស្ករក្នុងឈាមទាប។
ថ្នាំបន្ថយចង្វាក់បេះដូងអាចធ្វើឱ្យស្ថានភាពជំងឺហឺតកាន់តែអាក្រក់ ដូច្នេះអ្នកជំងឺហឺតគួរប្រើថ្នាំទាំងនេះដោយប្រុងប្រយ័ត្ន។
ថ្នាំបន្ថយចង្វាក់បេះដូងក៏អាចធ្វើឱ្យជីពចរធ្លាក់ចុះទាបផងដែរ។ បន្ថយកម្រិតដូសប្រសិនបើជីពចរលោតតិចជាង ៦០ ដងក្នុងមួយនាទី។
សញ្ញាគ្រោះថ្នាក់ ៖ ឈឺទ្រូង មានបញ្ហាដកដង្ហើម បេះដូងលោតយឺត ហើមដៃ បាតជើង ឬជើង។
ទាំងនេះគួរចាប់ផ្តើមប្រើក្នុងកម្រិតដូសទាប និងបង្កើនបន្តិចម្តងៗនៅរៀងរាល់ ១ ឬ ២ អាទិត្យម្តង។ ប្រសិនបើអ្នកកំពុងលេបថ្នាំទាំងនេះក្នុងកម្រិតដូសខ្ពស់ និងចាំបាច់ត្រូវឈប់ប្រើវាវិញនោះ គួរបន្ថយការប្រើបន្តិចម្តងៗនៅក្នុងរយៈពេលពីរបីសប្តាហ៍។
ថ្នាំ ATENOLOL
ថ្នាំ Atenolol ជាប្រភេទថ្នាំគ្រាប់មានចំណុះ ២៥ មីលីក្រាម និង ៥០ មីលីក្រាម។
សម្រាប់ព្យាបាលជំងឺលើសឈាម
មនុស្សពេញវ័យ ៖ ជាធម្មតាកម្រិតដូសចាប់ផ្តើមគឺ ២៥ មីលីក្រាមក្នុងមួយថ្ងៃ ដោយលេប ១ ដងក្នុងមួយថ្ងៃ។បន្ទាប់ពីលេបបានពីរបីសប្តាហ៍ ចូរវាស់មើលថាតើសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានដែរឬយ៉ាងណា។ ប្រសិនបើចាំបាច់ អ្នកអាចបង្កើនកម្រិតដូសដោយថែម ២៥ មីលីក្រាមបន្ថែមទៀតក្នុងមួយថ្ងៃ។ វាស់សម្ពាធឈាមម្តងទៀត រួចបង្កើនកម្រិតដូសម្តងទៀតប្រសិនបើចាំបាច់ នៅ២សប្តាហ៍ក្រោយ (រហូតដល់ ៧៥ មីលីក្រាម, លេបមួយដងក្នុងមួយថ្ងៃ) និងបន្ថែមម្តងទៀតនៅក្នុងរយៈពេល ៤ សប្តាហ៍ក្រោយ (១០០ មីលីក្រាម, លេបមួយដងក្នុងមួយថ្ងៃ)។
ហាមទទួលទានថ្នាំលើសពី ១០០ មីលីក្រាមក្នុងមួយថ្ងៃ។
ថ្នាំ METOPROLOL TARTRATE
ថ្នាំ Metoprolol tartrate គឺជាថ្នាំដែលមានប្រសិទ្ធភាពឆាប់រហ័សសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ។ វាជាថ្នាំផ្សេងគ្នាពីថ្នាំ Metoprolol succinate ដែលមានប្រសិទ្ធភាពយូរអង្វែង។
ជាធម្មតា ថ្នាំ Metoprolol tartrate ជាប្រភេទថ្នាំគ្រាប់ចំណុះ ៥០ មីលីក្រាម និង ១០០ មីលីក្រាម
សម្រាប់ព្យាបាលជំងឺលើសឈាម
មនុស្សពេញវ័យ ៖ ជាធម្មតាកម្រិតដូសចាប់ផ្តើមគឺ ៥០ ទៅ ១០០មីលីក្រាមក្នុងមួយថ្ងៃ ដោយបែងចែកជាពីរ សម្រាប់លេប ២ដងក្នុងមួយថ្ងៃ (ម្តងលេប ២៥ ឬ ៥០មីលីក្រាម)។បន្ទាប់ពីលេបបានពីរបីសប្តាហ៍ ចូរវាស់មើលថាតើសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានដែរឬយ៉ាងណា។ ប្រសិនបើចាំបាច់ អ្នកអាចបង្កើនកម្រិតដូសដោយថែម ៥០ មីលីក្រាមបន្ថែមទៀតក្នុងមួយថ្ងៃ។ វាស់សម្ពាធឈាមម្តងទៀត រួចបង្កើនកម្រិតដូសម្តងទៀតប្រសិនបើចាំបាច់ នៅ២សប្តាហ៍ក្រោយ។ កម្រិតដូសធម្មតាគឺ ២០០ ទៅ ៤០០ មីលីក្រាមក្នុងមួយថ្ងៃ ដោយបែងចែកជាពីរសម្រាប់លេប ២ ដងក្នុងមួយថ្ងៃ (ម្តងលេប ១០០ ទៅ ២០០ មីលីក្រាម)។
ហាមលេបថ្នាំលើសពី ៤០០ មីលីក្រាមក្នុងមួយថ្ងៃ។
ថ្នាំ Statins
ថ្នាំ Simvastatin ថ្នាំ lovastatin ថ្នាំ atorvastatin និងថ្នាំ pravastatin គឺជាប្រភេទថ្នាំ Statins ។
ថ្នាំ Statins ធ្វើឱ្យថ្លើមរបស់មនុស្សបន្ថយការផលិតកូឡេស្តេរូល។ កូឡេស្តេរូលច្រើនពេកបង្កើតជាឧបសគ្គចំពោះរបត់ឈាម និងធ្វើឱ្យបេះដូងពិបាកបូមឈាម។
គេប្រើថ្នាំ Statins ដើម្បីបង្ការជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលចំពោះអ្នកដែលមានជំងឺរួចហើយ។ គេក៏ប្រើថ្នាំទាំងនេះដើម្បីបង្ការករណីសង្គ្រោះបន្ទាន់បេះដូងចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកមានបញ្ហាសុខភាពដទៃទៀត ដែលធ្វើឱ្យហានិភ័យនៃការកើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលកើនឡើងខ្ពស់។
ថ្នាំ Statins មានសារប្រយោជន៍ខ្លាំងណាស់ចំពោះអ្នកដែលមានបញ្ហាធ្ងន់ធ្ងរទាំងនេះ។ គេក៏ផ្តល់ថ្នាំនេះ ដើម្បីបន្ថយកម្រិតកូឡេស្តេរូលដែលមិនល្អចំពោះសុខភាពផងដែរ។
មានថ្នាំ statins កម្លាំងមធ្យម (ដូចជាថ្នាំ simvastatin) និងថ្នាំ statin កម្លាំងខ្លាំង (ដូចជា atorvastatin) ដែលត្រូវបានគេប្រើសម្រាប់អ្នកដែលមានហានិភ័យខ្ពស់នៃការគាំងបេះដូង។
ថ្នាំ Statin អាចបណ្តាលឱ្យឈឺចាប់សាច់ដុំ។ នៅពេលដែលការឈឺចាប់មានកម្រិតស្រាល និងមិនកើតមានពេញរាងកាយទេ អ្នកអាចកាត់បន្ថយកម្រិតដូសនេះដើម្បីកំហិតភាពមិនស្រួលនេះ។ ប៉ុន្តែ ប្រសិនបើការឈឺចាប់សាច់ដុំមានសភាពធ្ងន់ធ្ងរ ឬមានពេញរាងកាយទាំងមូល (ដូចជាមានជំងឺផ្តាសាយ) បញ្ឈប់ការប្រើថ្នាំនេះ និងជួបពិគ្រោះជាមួយបុគ្គលិកសុខាភិបាល។
ផលរំខានកម្រិតស្រាល ដូចជាឈឺក្បាល ឈឺពោះ ឬទល់លាមក គឺជារឿងធម្មតា ហើយជារឿយៗបាត់ទៅវិញបន្ទាប់ពីរាងកាយស៊ាំនឹងថ្នាំ។
គេមិនគួរប្រើថ្នាំ Statins ក្នុងអំឡុងពេលមានផ្ទៃពោះ និងមិនត្រូវផ្តល់ឱ្យស្ត្រីដែលអាចមានផ្ទៃពោះនោះទេ។ គេមិនគួរលាយថ្នាំ statin មួយចំនួនជាមួយថ្នាំដទៃទៀតទេ។ ជួនកាល ការផ្សំថ្នាំធ្វើឱ្យផ្លាស់ប្តូរកម្រិតដូសនៃថ្នាំមួយ ឬថ្នាំទាំងពីរ។ ជាឧទាហរណ៍ អ្នកដែលប្រើថ្នាំ amlodipine មិនអាចប្រើថ្នាំ simvastatin លើសពី ២០ មីលីក្រាមទេ។
ចូរប្រាកដថាអ្នកបានប្រាប់បុគ្គលិកសុខាភិបាលរបស់អ្នកអំពីថ្នាំទាំងអស់ដែលអ្នកកំពុងប្រើដើម្បីឱ្យគាត់អាចពិនិត្យរកមើលអន្តរកម្មនៃថ្នាំ។
សញ្ញាគ្រោះថ្នាក់ ៖ ឈឺសាច់ដុំធ្ងន់ធ្ងរ ឬឈឺសាច់ដុំដែលប៉ះពាល់ដល់រាងកាយទាំងមូល។ បញ្ឈប់ការប្រើថ្នាំ Statin និងជួបពិគ្រោះជាមួយបុគ្គលិកសុខាភិបាល។
ជាធម្មតា គេចាប់ផ្តើមប្រើថ្នាំ Statins ក្នុងកម្រិតដូសមធ្យម និងបន្ថយមកវិញប្រសិនបើមានផលរំខាន។ ថ្នាំនេះមានភាពខុសគ្នាពីថ្នាំលើសឈាមមួយចំនួន ដែលគេសាកល្បងប្រើក្នុងកម្រិតដូសទាបជាមុនសិន មុននឹងបង្កើនកម្រិតដូសបន្តិចម្តងៗ។
ថ្នាំ Statins មានប្រសិទ្ធភាពបំផុតប្រសិនបើលេបនៅមុនពេលចូលគេង។
ថ្នាំ SIMVASTATIN
ថ្នាំ Simvastatin ជាប្រភេទថ្នាំគ្រាប់ចំណុះ ៥ មីលីក្រាម ១០ មីលីក្រាម ២០ មីលីក្រាម និង ៤០ មីលីក្រាម។
ដើម្បីកាត់បន្ថយកូឡេស្តេរូលចំពោះអ្នកដែលមានហានិភ័យខ្ពស់នៃការគាំងបេះដូង
មនុស្សពេញវ័យ ៖ ជាធម្មតាកម្រិតដូសចាប់ផ្តើមគឺ ២០ មីលីក្រាមសម្រាប់លេបមួយដងក្នុងមួយថ្ងៃ។មនុស្សភាគច្រើននឹងប្រើថ្នាំក្នុងកម្រិតដូសពី ១០ ទៅ ៤០ មីលីក្រាម។ នៅពេលដែលផ្សំជាមួយថ្នាំមួយចំនួន បរិមាណនៃថ្នាំ simvastatin នឹងទាបជាងថ្នាំទាំងនោះ។ វាមានសារៈសំខាន់ដែលត្រូវដឹងអំពីថ្នាំទាំងអស់ដែលអ្នកជំងឺកំពុងប្រើ មុននឹងចាប់ផ្តើមផ្តល់ថ្នាំ simvastatin ។
ហាមលេបលើសពី ៤០ មីលីក្រាមក្នុងមួយថ្ងៃ។