Hesperian Health Guides

បញ្ហាបេះដូងផ្សេងទៀត

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

ចង្វាក់បេះដូងមិនទៀងទាត់ (ចង្វាក់បេះដូងខុសប្រក្រតី)

មនុស្សស្ទើរតែគ្រប់គ្នាមានអារម្មណ៍ថាចង្វាក់បេះដូងរបស់ពួកគេលោតញាប់ “ញ័រ” ឬបុកខ្លាំងក្នុងទ្រូងរបស់ពួកគេ ឬមានការភ្ញាក់ផ្អើល និងគិតថា បេះដូងរបស់ពួកគេ “មិនលោតម្តងម្កាល”។ ការប្រែប្រួលនៃចង្វាក់បេះដូងទាំងនេះត្រូវបានគេហៅថា ចង្វាក់បេះដូងមិនទៀងទាត់ ឬចង្វាក់បេះដូងខុសប្រក្រតី។ ការប្រែប្រួលនៃចង្វាក់បេះដូងគឺជារឿងធម្មតានោះទេ ជាពិសេសនៅពេលដែលមនុស្សកាន់តែចាស់ ហើយជាធម្មតាវាមិនបង្កគ្រោះថ្នាក់ទេ។ ប៉ុន្តែ ចង្វាក់បេះដូងខុសប្រក្រតីមួយចំនួនកើតឡើងញឹកញាប់ អាចបង្កគ្រោះថ្នាក់ និងតម្រូវឱ្យព្យាបាល។

ប្រសិនបើការប្រែប្រួលនៃចង្វាក់បេះដូងរបស់អ្នកកើតឡើងញឹកញាប់ខ្លាំង នោះវាអាចបង្កផលប៉ះពាល់ដល់បេះដូងរបស់អ្នកក្នុងកម្រិតមួយដែលនាំឱ្យអ្នកលេចចេញនូវសញ្ញាផ្សេងៗ។ សូមទៅជួបបុគ្គលិកសុខាភិបាល ប្រសិនបើអ្នកមានអារម្មណ៍ញ័រទ្រូងញឹកញាប់ (មានអារម្មណ៍ញ័រនៅក្នុងទ្រូង ឬ ក) បេះដូងមិនលោតម្តងម្កាល ឬប្រសិនបើកើតមានអារម្មណ៍នេះរួមផ្សំជាមួយនឹងសញ្ញាណាមួយក្នុងចំណោមសញ្ញាខាងក្រោម ៖

NWTND heart Page 17-1.png
  • ចង្វាក់បេះដូងលោតលឿន ឬបុកខ្លាំង
  • អស់កម្លាំងល្ហិតល្ហៃ
  • វិលមុខ ធីងធោង
  • សន្លប់ ឬអាការៈជិតដួលសន្លប់
  • ដកដង្ហើមខ្លីៗ
  • ឈឺទ្រូង


ភេសជ្ជៈ ឱសថ ឬថ្នាំមួយចំនួនអាចបណ្តាលឱ្យកើតមានចង្វាក់បេះដូងលោតមិនទៀងទាត់ ឬវិវឌ្ឍកាន់តែអាក្រក់ឡើង រួមមាន ៖

  • ជាតិកាហ្វេអ៊ីន ដែលមាននៅក្នុងកាហ្វេ តែមួយចំនួន និងភេសជ្ជៈច្រកដប ឬភេសជ្ជៈកំប៉ុងមួយចំនួន
  • ជាតិនីកូទីន ដែលមាននៅក្នុងបារី និងផលិតផលថ្នាំជក់ផ្សេងៗ
  • ជាតិអាល់កុល
  • ថ្នាំផ្តាសាយ និងក្អក
  • ថ្នាំព្យាបាលចង្វាក់បេះដូងខុសប្រក្រតី។ ទោះជាកម្រកើតឡើងក្តី នៅពេលខ្លះថ្នាំដែលគេប្រើសម្រាប់ព្យាបាលចង្វាក់បេះដូងខុសប្រក្រតី អាចបណ្តាលឱ្យចង្វាក់បេះដូងលោតខុសប្រក្រតីទៅវិញ! បុគ្គលិកសុខាភិបាលគួរតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះអ្នកដែលប្រើថ្នាំព្យាបាលចង្វាក់បេះដូងខុសប្រក្រតី។
  • ថ្នាំញៀន ដូចជាកូកាអ៊ីន កញ្ឆា និង “ថ្នាំលើកកម្លាំង” (អំហ្វេតាមីន)


ប្រសិនបើអ្នកកំពុងទទួលការព្យាបាលចង្វាក់បេះដូងមិនទៀងទាត់ និងប្រើភេសជ្ជៈ ផលិតផល ឬសារធាតុទាំងនេះ ចូរប្រាប់បុគ្គលិកសុខាភិបាលរបស់អ្នកឱ្យបានដឹង។ ពួកវាអាចបណ្តាលឱ្យមានបញ្ហា ឬ អាចធ្វើឱ្យថ្នាំព្យាបាលចង្វាក់បេះដូងខុសប្រក្រតីដំណើរការខុសពីធម្មតា។

ឈឺទ្រូង (ដំណើរតឹងទ្រូង)

ដំណើរតឹងទ្រូង គឺជាឈ្មោះនៃការឈឺចាប់ ឬការមិនស្រួលក្នុងទ្រូងរបស់អ្នក។ ដំណើរតឹងទ្រូងអាចកើតឡើងនៅពេលដែលអ្នកបញ្ចេញសកម្មភាពច្រើន ឬរំជួលអារម្មណ៍ខ្លាំងជាងធម្មតា ហើយបន្ទាប់មកក៏បាត់ទៅវិញនៅពេលអ្នកសម្រាក។ ការឈឺចាប់នេះបណ្តាលមកពីសរសៃឈាមដែលនាំឈាមទៅកាន់បេះដូងរបស់អ្នករងសម្ពាធ ឬស្ទះ។

ដំណើរតឹងទ្រូងអាចឱ្យអ្នកមានអារម្មណ៍ដូចជារងសម្ពាធ ឬណែនក្នុងទ្រូង ស្មា ដៃ ក ថ្គាម ឬខ្នងរបស់អ្នក។ ជួនកាល ដំណើរតឹងទ្រូងអាចឱ្យអ្នកមានអារម្មណ៍ដូចជាឆ្អល់ណែនក្នុងក្រពះ។ ការមិនស្រួលរបស់អ្នកអាចនឹងកាន់តែអាក្រក់ ឬអ្នកក៏អាចមានអារម្មណ៍ដកដង្ហើមខ្លីៗនៅពេលកំពុងដើរ ជាពិសេសនៅពេលដើរឡើងទីជម្រាល។

មិនមែនការឈឺទ្រូងទាំងអស់សុទ្ធតែជាសញ្ញានៃជំងឺបេះដូងនោះទេ។ វាអាចជាអ្វីដែលមិនសូវធ្ងន់ធ្ងរដូចជាឆ្អល់ចុងដង្ហើម ឬឆ្អល់ណែនក្នុងក្រពះ។ ចូរប្រើថ្នាំទប់ស្កាត់ជាតិអាស៊ីត ហើយប្រសិនបើវាធ្វើឱ្យការឈឺចាប់បាត់ទៅវិញនោះ វាទំនងជាការឈឺចាប់ពីបញ្ហាពោះ

យកចិត្តទុកដាក់ចំពោះការឈឺទ្រូង

NWTND heart Page 18-1.png

ការឈឺទ្រូងអាចជាសញ្ញានៃការគាំងបេះដូង ទោះបីជាការគាំងបេះដូងទាំងអស់មិនបណ្តាលឱ្យឈឺទ្រូងក៏ដោយក្តី។ ការឈឺទ្រូងក៏អាចជាសញ្ញានៃស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត ដូចជាការឆ្លងមេរោគនៅសួត ការស្ទះសរសៃឈាមក្នុងសួត (ស្ទះសរសៃឈាមសួត) ឬការរហែកសរសៃអាទែរដ៏សំខាន់ណាមួយ។

ដោយសារតែការឈឺទ្រូងអាចជាសញ្ញាមួយនៃបញ្ហាបេះដូង ជាធម្មតាគេត្រូវធ្វើតេស្តដើម្បីដឹងថា តើវាជាករណីសង្គ្រោះបន្ទាន់ឬយ៉ាងណា។ ការធ្វើតេស្តរកបញ្ហាបេះដូងដែលមាននៅគ្លីនិកសុខភាពរួមមានការធ្វើតេស្តឈាម ការថតកាំរស្មីអ៊ិចពិនិត្យទ្រូង ឬតេស្ត EKG (ការស្ទង់ចរន្តអគ្ពីសនីនៃការកន្ត្រាក់សាច់ដុំបេះដូង)។ នៅក្នុងការធ្វើតេស្ត EKG ខ្សែភ្លើងដែលគេបិទនៅលើទ្រូងរបស់អ្នក វាស់ស្ថានភាពដំណើរការនៃបេះដូងរបស់អ្នក។ ការធ្វើតេស្តទាំងអស់នេះមិនបណ្តាលឱ្យមានការឈឺចាប់នោះទេ។ការព្យាបាលសម្រាប់ការឈឺទ្រូងអាចរួមមានការផ្លាស់ប្តូររបបអាហារ ថ្នាំពេទ្យ ឬការវះកាត់។

ប្រសិនបើជួនកាលអ្នកមានអារម្មណ៍ឈឺក្នុងទ្រូងរបស់អ្នក ហើយបានដឹងហើយថាវាមិនមែនជាករណីសង្គ្រោះបន្ទាន់ទេនោះ ចូរកត់សម្គាល់នៅរៀងរាល់ពេលដែលអ្នកមានអារម្មណ៍មិនស្រួល។ បង្ហាញកំណត់សម្គាល់ទាំងនេះដល់បុគ្គលិកសុខាភិបាលរបស់អ្នក។ ប្រសិនបើអ្នកធ្លាប់ប្រើថ្នាំបេះដូងរួចហើយ ព័ត៌មាននេះនឹងជួយឱ្យបុគ្គលិកសុខាភិបាលបានដឹងថា តើថ្នាំនោះមានប្រសិទ្ធភាពកម្រិតណាដែរ។

នៅក្នុងកំណត់សម្គាល់របស់អ្នក ចូរបញ្ចូលនូវព័ត៌មានខាងក្រោម ៖

  • កាលបរិច្ឆេទ និងចំនួនដងដែលអ្នកមានអារម្មណ៍ឈឺទ្រូងនៅថ្ងៃនោះ។
  • រាល់អ្វីដែលបានកើតឡើងនៅមុនពេលឈឺទ្រូង ដូចជាការហាត់ប្រាណ ការរំជួលអារម្មណ៍ខ្លាំង ការទទួលទានអាហារច្រើន ការចេញទៅក្រៅពេលអាកាសធាតុចុះត្រជាក់។
  • កម្រិតនៃការឈឺចាប់ (ស្រាល ខ្លាំងបង្គួរ ឬធ្ងន់ធ្ងរ)។
  • រយៈពេលឈឺចាប់ ហើយការសម្រាកជួយឱ្យវាបាត់ទៅវិញដែរឬយ៉ាងណា។


ការផ្លាស់ប្តូរដូចគ្នាចំពោះរបបអាហារ និងរបៀបរស់នៅរបស់មនុស្ស ដែលជួយដល់បេះដូងក៏មានប្រយោជន៍សម្រាប់បន្ថយអាការៈឈឺទ្រូងផងដែរ ៖ ឈប់ជក់បារី បន្ថយការទទួលទានអាហារឆាចៀនឬសម្បូរខ្លាញ់ បន្ថយឬឈប់ទទួលទានគ្រឿងស្រវឹង និងបន្ថយភាពតានតឹងក្នុងអារម្មណ៍។ លំហាត់ប្រាណក៏មានប្រយោជន៍ផងដែរ ប៉ុន្តែប្រសិនបើអ្នកឈឺទ្រូងក្នុងពេលហាត់ប្រាណ សូមនិយាយជាមួយបុគ្គលិកសុខភាពរបស់អ្នកអំពីប្រភេទលំហាត់ប្រាណ និងរយៈពេលហាត់ប្រាណដែលធានានូវសុវត្ថិភាពសម្រាប់អ្នក។ ថ្នាំដែលប្រើសម្រាប់បន្ថយការឈឺទ្រូង រួមមានថ្នាំទប់ស្កាត់កាល់ស្យូម (calcium channel blockers) ថ្នាំបន្ថយចង្វាក់បេះដូង (beta blockers) ថ្នាំអាស្ពីរីន និងប្រភេទថ្នាំម្យ៉ាងដែលគេឱ្យឈ្មោះថា នីត្រាត ។

ជំងឺខ្សោយបេះដូង

ជំងឺខ្សោយបេះដូង គឺជាជំងឺមួយដែលបេះដូងរបស់អ្នកមានសភាពខ្សោយ និងលោតជាមួយនឹងកម្លាំងតិចពេកដើម្បីរុញច្រានឈាមរបស់អ្នកឱ្យល្អ។ ការណ៍នេះធ្វើឱ្យសារធាតុរាវបន្ថែមប្រមូលផ្តុំក្នុងសួតជើង និងផ្នែកផ្សេងទៀតនៃរាងកាយ។ វាធ្វើឱ្យអ្នកមានសភាពខ្សោយ ហើយបើគ្មានការព្យាបាលទេ វាអាចបណ្តាលឱ្យអ្នកស្លាប់បាន។ ប៉ុន្តែការព្យាបាលអាចជួយកែលម្អដំណើរការរបស់បេះដូង ធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរ និងបង្កើនរយៈពេលសង្ឃឹមរស់របស់អ្នក។

NWTND heart Page 21-1.png
ជើងឡើងហើម អាចជាសញ្ញាមួយនៃជំងឺខ្សោយបេះដូង។
សញ្ញា
  • អស់កម្លាំង និងខ្សោយជាខ្លាំង ៖ នៅពេលដែលបេះដូងរបស់អ្នកមិនបូមឈាមដោយកម្លាំងគ្រប់គ្រាន់ទេ នោះសាច់ដុំរបស់អ្នកមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ទេ។ អ្នកមានអារម្មណ៍កាន់តែអស់កម្លាំងទៅៗ។
  • ដកដង្ហើមខ្លីៗ ៖ ការដកដង្ហើមកាន់តែពិបាកនៅពេលដែលមានសារធាតុរាវនៅក្នុងសួតរបស់អ្នក។ អ្នកអាចនឹងពិបាកដកដង្ហើម ជាពិសេសនៅពេលគេងផ្ងារពេលយប់ ហើយអ្នកអាចនឹងក្អកច្រើនផងដែរ។ ការដកដង្ហើមរបស់អ្នកអាចធ្វើឱ្យមានសំឡេងគ្រលួច។
  • ការហើម ៖ ការហើមដោយសារមានសារធាតុរាវច្រើនពេកអាចកើតឡើងក្នុងរយៈពេលពីរបីថ្ងៃ ឬជួនកាលកើតឡើងបន្តិចម្តងៗ។ អ្នកប្រហែលជាហើមជើង និងកជើង ហើយអ្នកអាចមានអារម្មណ៍ថាសម្លៀកបំពាក់ឬស្បែកជើងរបស់អ្នកកាន់តែចង្អៀត។ ការហើមប្រភេទនេះមិនបាត់ទៅវិញនៅក្រោយពេលភ្ញាក់ពីដំណេកនោះទេ។
  • ហើមនៅក្នុងពោះ ៖ ថ្លើមរបស់អ្នកអាចនឹងហើម ហើយមានអារម្មណ៍កាន់តែធំចំពោះបុគ្គលិកសុខាភិបាលដែលធ្វើតេស្តអ្នក។ ពោះរបស់អ្នកអាចនឹងពោរពេញទៅដោយសារធាតុរាវ។
  • នោមញឹកជាងមុន។
ការព្យាបាល
  • បន្ថយការទទួលទានអំបិល។ ចម្អិនដោយមិនដាក់អំបិលច្រើន មិនបន្ថែមអំបិលទៅក្នុងម្ហូបនៅពេលដែលចម្អិនរួច និងចៀសវាងអាហារកំប៉ុង អាហារកែច្នៃ ឬអាហារមិនល្អ ដូចជាចំណិតដំឡូងបារាំងបំពង ឬនំស្រួយ។ ចំណីអាហារកែច្នៃជាញឹកញាប់ផ្ទុកទៅដោយជាតិអំបិលច្រើន (សូដ្យូម) ទោះបីជាវាមិនមានរសជាតិប្រៃក៏ដោយ។
  • ថ្នាំដែលជួយបង្ហូរជាតិទឹកដែលលើសចេញពីរាងកាយ រួមមាន “ថ្នាំបញ្ចុះជាតិទឹក” (ហៅថាថ្នាំបញ្ចុះទឹកនោម)។ អ្នកដែលលេបថ្នាំទាំងនេះអាចត្រូវការទទួលទានចេកស្នាប់មុខ ចេក ក្រូចពោធិ៍សាត់ ក្រូចឆ្មា ឬផ្លែបឺរជារៀងរាល់ថ្ងៃ ដើម្បីបំពេញជាតិប៉ូតាស្យូមដែលរាងកាយបាត់បង់ដោយសារការទទួលទានថ្នាំបញ្ចុះទឹកនោមមួយចំនួនឡើងវិញ។
  • ប្រភេទថ្នាំបន្ថយចង្វាក់បេះដូង ដូចជា ថ្នាំ metoprolol ថ្នាំ bisoprolol និងថ្នាំ carvedilol ក៏ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺខ្សោយបេះដូងផងដែរ។ គេចាំបាច់ចាប់ផ្តើមផ្តល់ថ្នាំនេះនៅកម្រិតដូសដ៏ទាប និងបង្កើនកម្រិតដូសយឺតៗ ជាពិសេសប្រសិនបើសម្ពាធឈាមរបស់អ្នកកំពុងស្ថិតនៅកម្រិតទាបស្រាប់។ ចូរធ្វើការយ៉ាងជិតស្និទ្ធជាមួយបុគ្គលិកសុខាភិបាលរបស់អ្នក។
  • ថ្នាំទប់ស្កាត់អង់ស៊ីមប្រភេទ ACE inhibitors ដូចជា ថ្នាំ captopril ថ្នាំ enalapril ឬថ្នាំ lisinopril ក៏ត្រូវបានគេប្រើដើម្បីព្យាបាលជំងឺខ្សោយបេះដូងផងដែរ។ មនុស្សមួយចំនួនមានអាការៈក្អកដោយសារថ្នាំទាំងនេះ ហើយគួរនិយាយជាមួយបុគ្គលិកសុខាភិបាលរបស់ពួកគេដើម្បីពិនិត្យមើលថាតើមានថ្នាំណាផ្សេងដែលមានប្រសិទ្ធភាពខ្ពស់ជាងដែរឬយ៉ាងណា។

ជំងឺបេះដូងដោយសារប្រគ្រីវ

ជំងឺបេះដូងដោយសារប្រគ្រីវភាគច្រើនកើតមានចំពោះកុមារ និងយុវវ័យ។ ជាធម្មតា វាបណ្តាលមកពីការឈឺបំពង់កដោយមិនទទួលបានការព្យាបាលដែលកំពុងវិវឌ្ឍទៅជាជំងឺរលាកសន្លាក់។ ជាញឹកញាប់ ជំងឺរលាកសន្លាក់ចាប់ផ្តើមជាមួយនឹងការឈឺចាប់ត្រង់សន្លាក់ ដកដង្ហើមខ្លីៗ ឬឈឺទ្រូង និងកន្ត្រាក់ដៃជើងដោយឯកឯង ឬមិនទៀងទាត់។ អ្នកជំងឺត្រូវការការព្យាបាលភ្លាមៗដោយការប្រើថ្នាំអង់ទីប៊ីយ៉ូទិក។ បើគ្មានការព្យាបាលទេ ជំងឺរលាកសន្លាក់បណ្តាលឱ្យមានការឆ្លងរោគ និងមានស្លាកស្នាមក្នុងប្រឹសបេះដូង។ ការណ៍នេះធ្វើឱ្យស្ទះប្រឹសបេះដូង ហើយវាលែងដំណើរការល្អដូចមុន ប្រៀបដូចទៅនឹងច្រកទ្វារតូចមួយដែលមិនបើកចំហបានច្រើននោះទេ។ ចង្វាក់បេះដូងកាន់តែខ្សោយទៅៗ ហើយអ្នកជំងឺក៏មានសភាពខ្សោយទៅៗដូច្នោះដែរ។ ការខូចខាតអចិន្ដ្រៃយ៍នេះត្រូវបានគេហៅថា ជំងឺបេះដូងដោយសារប្រគ្រីវ។ ប្រសិនបើការខូចខាតប្រឹសបេះដូងនេះមិនត្រូវបានបញ្ឈប់ ឬជួសជុលទេ នោះអ្នកជំងឺអាចនឹងស្លាប់បាន។

សញ្ញា
NWTND heart Page 22-1.png
ចូរព្យាបាលការឈឺបំពង់កដោយថ្នាំអង់ទីប៊ីយ៉ូទិកដើម្បីបងា្ករជំងឺរលាកសន្លាក់។ ប្រសិនបើកុមារកើតជំងឺរលាកសន្លាក់ ត្រូវផ្តល់ការព្យាបាលជារៀងរាល់ខែដើម្បីបង្ការការខូចខាតបេះដូង។
  • មនុស្សវ័យក្មេងម្នាក់មិនអាចដើរបាន ១០០ ម៉ែត្រដោយមិនដកដង្ហើមនោះទេ។
  • កុមារីត្រូវការដេកកល់ខ្នើយ បើមិនដូច្នោះទេនាងមិនអាចដកដង្ហើមបានទេ។
  • អ្នកឯកទេសសុខាភិបាលដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ប្រើឧបករណ៍ស្តេតូស្កូបដើម្បីស្តាប់សំឡេងបេះដូងខុសប្រក្រតី (សំឡេងឈាមរត់កាត់ប្រឹសបេះដូងដែលខូច)។
ការព្យាបាល
  • បុគ្គលិកសុខាភិបាលចាក់ថ្នាំ benzathine penicillin G រៀងរាល់មួយខែម្តង ដើម្បីទប់ស្កាត់ជំងឺមិនឱ្យត្រឡប់មកយាយីវិញ និងកាន់តែបំផ្លាញបេះដូងបន្ថែមទៀត។ ការចាក់ថ្នាំនេះបន្តធ្វើយ៉ាងហោចណាស់រហូតដល់កុមារឈានដល់អាយុ ១៨ ឆ្នាំ។
  • ប្រសិនបើបេះដូងរងការខូចខាត នោះការវះកាត់បើកប្រឹសបេះដូង (valvuloplasty) គឺជាប្រតិបត្ដិការដ៏សាមញ្ញមួយដែលគេប្រើដើម្បីបើកប្រឹសបេះដូងដែលតូចចង្អៀត ដោយស៊កបញ្ចូលបំពង់ (កាតេទែរ) តូចមួយទៅក្នុងសរសៃឈាមអាទែរដែលនាំទៅដល់ប្រឹសបេះដូងនោះ។ ការស្ទះត្រូវបានគេបើកដោយការបំប៉ោងបាឡុងតូចមួយកាត់តាមសរសៃឈាម។ ប្រសិនបើជំងឺបេះដូងដោយសារប្រគ្រីវស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរជាងនេះ នោះគេត្រូវអនុវត្តការវះកាត់ដែលមានទម្រង់ការស្មុគ្រស្មាញជាងនេះ ដើម្បីអាចជួសជុលបេះដូងបាន។


ការមានផ្ទៃពោះ និងការសម្រាលកូនធ្វើឱ្យបេះដូងដំណើរការយ៉ាងលំបាក។ ប្រសិនបើស្ត្រីដែលមានជំងឺរលាកសន្លាក់ឬមានជំងឺបេះដូងដោយសារប្រគ្រីវមានផ្ទៃពោះ នោះបុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍គួរពិនិត្យបេះដូងរបស់នាងដើម្បីកំណត់ថាតើការមានផ្ទៃពោះនោះអាចបង្កគ្រោះថ្នាក់ដល់នាងដែរឬយ៉ាងណា។ បុគ្គលិកសុខាភិបាលក៏នឹងធានាផងដែរថា រាល់ថ្នាំបេះដូងដែលនាងប្រើ មិនបង្កគ្រោះថ្នាក់ក្នុងអំឡុងពេលនាងមានផ្ទៃពោះនេះទេ។ នាងគួរសម្រាលកូននៅមន្ទីរពេទ្យដើម្បីធានាសុវត្ថិភាពខ្ពស់។

ជំងឺបេះដូងដោយសារប្រគ្រីវភាគច្រើនកើតឡើងចំពោះកុមារដែលខ្វះអាហារូបត្ថម្ភនៅតាមតំបន់ជនបទ ដែលរស់នៅក្នុងភាពក្រីក្រ និងស្ថានភាពកកកុញ ដោយពុំមានទឹកស្អាតប្រើប្រាស់ឬអនាម័យ ថ្នាំឬការថែទាំសុខភាព។ នៅបណ្តាប្រទេសដែលបានដោះស្រាយលក្ខខណ្ឌទាំងនេះ សូម្បីដោះស្រាយបានដោយផ្នែកក្តី ជំងឺបេះដូងដោយសារប្រគ្រីវត្រូវបានបាត់បង់ស្ទើរតែទាំងស្រុង។

ទារកកើតមកមានបញ្ហាបេះដូង

NWTND heart Page 23-1.png

ទារកដែលកើតមកមានបេះដូងក្នុងទម្រង់មិនល្អជួនកាលស្លាប់ភ្លាមៗបន្ទាប់ពីសម្រាលរួច។ បញ្ហាផ្សេងៗដូចជាមានប្រហោងតូចមួយនៅចន្លោះផ្នែកទាំងពីរនៃបេះដូង ជួនកាលអាចនឹងបាត់ទៅវិញដោយគ្មានការព្យាបាល។ បញ្ហាបេះដូងជាច្រើនមានលក្ខណៈធ្ងន់ធ្ងរ ប៉ុន្តែអាចព្យាបាលបានដោយការវះកាត់ ឬការប្រើថ្នាំ។ ប្រទេសមួយចំនួនមានកម្មវិធីពិសេសដែលផ្តល់ការវះកាត់បេះដូងសម្រាប់កុមារដោយឥតគិតថ្លៃ។

សញ្ញាទារកអាចមានបញ្ហាបេះដូង
  • ដកដង្ហើមលឿន
  • ទារកមិនបៅ
  • ចង្វាក់បេះដូងលោតញាប់ពេក ឬយឺតពេក


ដោយប្រើឧបករណ៍ស្តេតូស្កូប បុគ្គលិកសុខាភិបាលស្តាប់បេះដូងរបស់ទារកពិនិត្យរកសំឡេងបេះដូង ឬចង្វាក់បេះដូងលោតញាប់ខ្លាំង។ ការពិនិត្យដោយកាំរស្មីអ៊ិចអាចត្រូវបានគេប្រើដើម្បីបង្ហាញពីទ្រង់ទ្រាយរបស់បេះដូង។ ការធ្វើតេស្ត EKG ដែលជាតេស្តវាស់លំនាំនៃចង្វាក់បេះដូងទារកប្រហែលជាអាចត្រូវធ្វើឡើងផងដែរ។

ជួនកាល បញ្ហាបេះដូងត្រូវបានគេរកឃើញលើកុមារធំ ឬយុវវ័យផងដែរ។ ជារឿយៗមូលហេតុគឺដោយសារមានបញ្ហាបេះដូង ឬជំងឺបេះដូងដោយសារប្រគីវដែលមិនត្រូវបានព្យាបាល



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨