Hesperian Health Guides

វីរុសកូរ៉ូណា — ជំងឺកូវីដ-១៩

តើអ្វីទៅជាជំងឺកូវីដ-១៩ ?

កូវីដ-១៩ គឺជាជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណាដែលជាអតិសុខុមប្រាណតូចល្អិត (តូចពេកដែលមិនអាចមើលឃើញដោយគ្មានមីក្រូទស្សន៍) ដែលអាចឆ្លងរាលដាលរវាងមនុស្សនិងមនុស្ស។ ជំងឺកូវីដ-១៩ បណ្តាលឲ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយ ដូចជាក្អកស្ងួត ដង្ហើមខ្លីៗ គ្រុនក្តៅ ខ្សោយ និងឈឺខ្លួន។ ជំងឺកូវីដ-១៩ ភាគច្រើនប៉ះពាល់ដល់ប្រព័ន្ធដង្ហើម។ ខណៈដែលការឆ្លងភាគច្រើនមិនមានគ្រោះថ្នាក់ក៏ដោយ វាអាចបំផ្លាញសួត និងបណ្តាលឲ្យមានជំងឺរលាកសួត និងអាចបណ្តាលឲ្យស្លាប់ក្នុងករណីធ្ងន់ធ្ងរ។

តើវីរុសកូរ៉ូណាឆ្លងរាលដាលយ៉ាងដូចម្តេច?

ម្នាក់ក្អកដោយយកដៃខ្ទប់មាត់ ខណៈដែលស្ត្រីម្នាក់ទៀតអង្គុយក្បែរនោះ

វីរុសកូរ៉ូណាឆ្លងចូលទៅក្នុងខ្លួនរបស់អ្នកតាមរយៈមាត់ ច្រមុះ និងភ្នែក នៅពេលដែលមនុស្សម្នាក់ដែលបានឆ្លងរោគ ដកដង្ហើម និយាយ ក្អក ឬកណ្តាស់នៅលើខ្យល់ក្បែរអ្នក ឬមកលើផ្ទៃនានាដែលអ្នកប៉ះ ហើយបន្ទាប់មក អ្នកប៉ះភ្នែក ច្រមុះ ឬមាត់របស់អ្នក។ មនុស្សភាគច្រើនចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួននៅប្រហែល ៥ ថ្ងៃបន្ទាប់ពីឆ្លងមេរោគ ប៉ុន្តែវីរុសកូរ៉ូណាអាចរស់នៅក្នុងខ្លួនមនុស្សពី ២ ទៅ ១៤ ថ្ងៃ មុនពេលមានរោគសញ្ញាលេចចេញមក។ ហើយមនុស្សមួយចំនួនអាចនឹងឆ្លងរោគនេះ ប៉ុន្តែមិនបង្ហាញរោគសញ្ញានៃជំងឺឡើយ ជាពិសេសកុមារ។ ដូច្នេះមនុស្សយើងអាចនឹងមានវីរុសកូរ៉ូណា ប៉ុន្តែមិនដឹងខ្លួនទេ រួចក៏ចម្លងវីរុសទៅអ្នកដទៃទៀត។ វីរុសកូរ៉ូណាឆ្លងរាលដាលកាន់តែងាយនៅខាងក្នុងផ្ទះ និងនៅក្នុងហ្វូងមនុស្សកុះករ ជាងនៅទីវាល។

តើវីរុសកូរ៉ូណាឆ្លងទៅនរណាខ្លះ?

មនុស្សគ្រប់គ្នាសុទ្ធតែអាចឆ្លងវីរុសកូរ៉ូណា។ ប្រសិនបើអ្នកបានឆ្លង រួចជាសះស្បើយ អ្នកនៅតែអាចឆ្លងម្តងទៀតផងដែរ។ មនុស្សពេញវ័យដែលមានអាយុលើ ៤៥ ឆ្នាំ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើម ទឹកនោមផ្អែម បញ្ហាបេះដូង និងប្រព័ន្ធភាពស៊ាំខ្សោយ គឺមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ និងទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ នៅពេលមនុស្សបានទទួលការចាក់វ៉ាក់សាំងកាន់តែច្រើន នោះមានវីរុសកាន់តែតិច ដែលអាចឆ្លងរាលដាលបាន។

តើអ្នកអាចបង្ការការឆ្លងបានយ៉ាងដូចម្តេច?

បុរសនិងស្ត្រីបោះដៃទៅរកគ្នា ប៉ុន្តែមិនប៉ះគ្នាទេ។
៦ ហ្វីត
២ ម៉ែត្រ
ការនៅឲ្យឆ្ងាយពីអ្នកដទៃ និងការពាក់ម៉ាស់ អាចការពារអ្នកបាន។ នៅពេលមនុស្សគ្រប់គ្នាពាក់ម៉ាស់ នោះនឹងមានមនុស្សឈឺដោយជំងឺកូវីដ-១៩ កាន់តែតិច។

ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការកុំឲ្យជំងឺកូវីដ-១៩ ឆ្លងមកអ្នក និងអ្នកដទៃ។ នៅពេលមិនទាន់មានវ៉ាក់សាំងសម្រាប់មនុស្សគ្រប់គ្នាទេ អ្នកអាចបង្ការវីរុសកូរ៉ូណាកុំឲ្យឆ្លងរាលដាលក្នុងសហគមន៍របស់អ្នក ដោយការពាក់ម៉ាស់នៅពេលចេញក្រៅផ្ទះ, រក្សាចម្ងាយពីអ្នកដទៃ, និងលាងសម្អាតដៃ និងផ្ទៃដែលប្រើរួមគ្នា។ ថ្នាំអង់ទីប៊ីយោទិក ឬឱសថបុរាណ មិនអាចសម្លាប់វីរុសកូរ៉ូណាបានទេ។

  • ពាក់ម៉ាស់ ៖ ការពាក់ម៉ាស់ ឬរបាំងមុខផ្សេងទៀតនៅទីសាធារណៈ អាចជួយឲ្យអ្នកមានសុវត្ថិភាព។ ចូរពាក់ម៉ាស់ក្រណាត់ ឬក្រដាសដែលស្អាត ស្ងួត ដែលគ្របលើមាត់ និងច្រមុះរបស់អ្នកទាំងស្រុង ហើយព្យាយាមកុំប៉ះពាល់វា។ ដោយសារតែមនុស្សម្នាក់អាចឆ្លងមេរោគដោយមិនដឹងខ្លួន នោះការពាក់ម៉ាស់ក្រណាត់ដ៏សាមញ្ញ អាចបញ្ឈប់មិនឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាល នៅពេលមនុស្សទាំងអស់ពាក់ម៉ាស់គ្រប់គ្នា។ ការប្រើប្រាស់របាំងមុខ អាចធ្វើឲ្យក្តៅ ឬមិនស្រណុក។ ដូចដែលបុគ្គលិកសុខាភិបាលទម្លាប់នឹងវាបាន ពួកយើងក៏អាចទម្លាប់នឹងវាបានដែរ ដើម្បីរក្សាសុវត្ថិភាពដល់មនុស្សជាទីស្រឡាញ់របស់យើង និងខ្លួនយើង។ ចូរលាងសម្អាតម៉ាស់ជាប្រចាំ។
  • រក្សាចម្ងាយ ២ ម៉ែត្រពីមនុស្សដែលមិនមែនជាក្រុមគ្រួសាររបស់អ្នក។
  • ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលចាំបាច់ គួរធ្វើនៅខាងក្រៅដើម្បីកាត់បន្ថយបរិមាណវីរុសដែលអ្នកប្រឈមជាមួយ។ ប៉ុន្តែអ្នកនៅតែត្រូវពាក់ម៉ាស់ជានិច្ច!
  • លាងដៃរបស់អ្នកឲ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹក ឬប្រើជែលលាងដៃដែលមានជាតិអាល់កុល។
    • ដុសសម្អាតខ្លាំងៗជាមួយសាប៊ូនិងទឹក រយៈពេលយ៉ាងតិច ២០ វិនាទី ដោយប្រាកដថាលាងសម្អាតដៃសព្វទាំងមូល កដៃ និងហួសកដៃ។
    • ត្រូវលាងសម្អាតដៃជានិច្ចពេលត្រឡប់មកផ្ទះវិញ ក្រោយពេលប្រើប្រាស់បន្ទប់ទឹក មុនពេលបរិភោគអាហារ និងក្រោយពេលក្អក កណ្តាស ឬញើសសំបោរ។ ជៀសវាងប៉ះពាល់មុខរបស់អ្នកដោយមិនបានលាងដៃជាមុន។
  • ប្រសិនបើអ្នក ឬនរណាម្នាក់ដែលអ្នករស់នៅជាមួយ មានវីរុសកូរ៉ូណា ចូរសម្អាតផ្ទៃនានា (ដូចជាផ្ទៃខាងលើតុ ដៃទ្វារ ។ល។) ដែលអាចមានវីរុសកូរ៉ូណានៅលើនោះ ដោយប្រើសាប៊ូនិងទឹក អាល់កុល ឬទឹកសាវ៉ែល ៖
    • អាល់កុល ៖ អាល់កុលអ៊ីសូប្រូភីល ក្នុងកំហាប់ ៧០% នឹងសម្លាប់មេរោគកូរ៉ូណាបានយ៉ាងឆាប់រហ័ស។ ចូរប្រើវាដើម្បីសម្អាតផ្ទៃនានា ដូចជាផ្ទៃខាងលើតុ ដៃទ្វារ និងឧបករណ៍។ ល្បាយអាល់កុល ៦០ ទៅ ៧០% មានប្រសិទ្ធភាពល្អបំផុត។ មិនត្រូវប្រើអាល់កុលកំហាប់ ១០០% ទេ ព្រោះវាត្រូវការទឹកដើម្បីសម្លាប់មេរោគ។ ប្រសិនបើអាល់កុលរបស់អ្នកមានកំហាប់ ១០០% នោះចូរបន្ថែមទឹកក្នុងសមាមាត្រទឹក ១កែវ ក្នុងអាល់កុល ២កែវ។
    • ទឹកសាវ៉ែល ៖ ជាធម្មតាទឹកសាវ៉ែលមានជាល្បាយ ៥% ។ ចូរបន្ថែមទឹកត្រជាក់ (ទឹកក្តៅនឹងមិនមានប្រសិទ្ធភាពទេ) ដើម្បីពង្រាវវា។ ចំពោះកម្រាលឥដ្ឋ និងផ្ទៃធំៗ ចូរប្រើទឹកសាវ៉ែល ៥០០ ម.ល លាយក្នុងទឹក ២០ លីត្រ)។
    • ចូរពាក់ម៉ាស់នៅពេលថែទាំអ្នកឈឺ ប្រសិនបើអ្នកជំងឺនោះប្រហែលជាមានវីរុសកូរ៉ូណា។ ម៉ាស់ N95 ផ្តល់ការការពារល្អបំផុត។ សូមរើសយកម៉ាស់ដែលគ្មានវ៉ាល់។ ប្រសិនបើអ្នកប្រើម៉ាស់ក្រណាត់ ចូរប្រើប្រភេទដែលមាន ២ ឬ ៣ស្រទាប់យ៉ាងតិច។ ដើម្បីពាក់ម៉ាស់យ៉ាងត្រឹមត្រូវ ៖
      • លាងសម្អាតដៃដោយប្រើជែលដែលមានជាតិអាល់កុល ឬជាមួយសាប៊ូនិងទឹក បន្ទាប់មកពាក់ម៉ាស់គ្របលើមាត់និងច្រមុះរបស់អ្នក ដោយប្រាកដថាមិនមានចន្លោះរវាងមុខនិងម៉ាស់ឡើយ។
      • កុំប៉ះពាល់ម៉ាស់នៅពេលកំពុងពាក់ រួចប្តូរប្រើម៉ាស់ថ្មីនៅពេលវាសើម។
      • ដើម្បីដោះម៉ាស់ចេញ ត្រូវកាន់ខ្សែរបស់វា (កុំប៉ះម៉ាស់ដោយផ្ទាល់)។ ប្រសិនបើអ្នកបោះវាចោល ត្រូវដាក់វាក្នុងធុងសំរាមបិទជិត រួចលាងសម្អាតដៃរបស់អ្នក។
      • ល្អបំផុត គួរកុំប្រើម៉ាស់ពេទ្យឡើងវិញ។ ប្រសិនបើអ្នកចាំបាច់ត្រូវប្រើម៉ាស់ N95 ឡើងវិញ សូមដុតកម្តៅវានៅសីតុណ្ហភាព ៧២ អង្សាសេ រយៈពេល ៣០ នាទីដើម្បីសម្លាប់មេរោគ។ ឬប្រសិនបើអ្នកមានម៉ាស់យ៉ាងតិច ៥ ចូរដាក់វាក្នុងកាបូបដាច់ដោយឡែកពីគ្នា រួចប្រើឆ្លាស់គ្នាដោយប្រើម៉ាស់នីមួយៗរៀងរាល់ ៥ថ្ងៃម្តង។
    • តាមដានសុខភាពរបស់អ្នក។ ប្រសិនបើអ្នកមានក្អកស្ងួត ពិបាកដកដង្ហើម ឈឺឬណែនទ្រូង និងគ្រុនក្តៅ ដំបូងត្រូវទូរស័ព្ទទៅគ្រូពេទ្យរបស់អ្នក ឬមន្រ្តីសុខាភិបាលក្នុងតំបន់ដើម្បីសុំការណែនាំអំពីវិធីនិងកន្លែងដែលត្រូវព្យាបាល។ ដោយសារគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតពីជំងឺកូវីដ-១៩ គឺការមិនអាចដកដង្ហើមបាន នោះការព្យាបាលករណីធ្ងន់ធ្ងរ នឹងរួមបញ្ចូលការប្រើអុកស៊ីហ្សែន និងម៉ាស៊ីនដកដង្ហើម ដែលអាចរកបានតែនៅក្នុងគ្រឹះស្ថានថែទាំសុខភាពប៉ុណ្ណោះ។



    តំណភ្ជាប់ដែលពាក់ព័ន្ធ


    ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៤ ឧសភា ២០២១