Hesperian Health Guides
ការគ្រប់គ្រងភាពតានតឹងអារម្មណ៍ និងភាពក្រេវក្រោធក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩
ការឃ្លាតឆ្ងាយពីការងារជាប្រចាំរបស់យើង និងមនុស្សដែលយើងស្រឡាញ់ អាចជាការលំបាក។ ការបាត់បង់ប្រាក់ចំណូល ការរស់នៅក្នុងកន្លែងតូចចង្អៀត អំពើហិង្សា ភាពភ័យខ្លាច ភាពមិនច្បាស់លាស់ និងការរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត ឬបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀត អាចធ្វើឲ្យយើងកាន់តែលំបាកថែមទៀត។ យើងនឹងរស់នៅជាមួយភាពលំបាកទាំងនេះ ក្នុងពេលដ៏យូរអង្វែងតទៀត ខណៈពេលយើងកំពុងសម្របខ្លួនទៅនឹងជំងឺកូវីដ-១៩ ដូច្នេះយើងចាំបាច់ត្រូវរកមធ្យោបាយដើម្បីជួយគ្រប់គ្រងភាពលំបាកទាំងនេះ។
មាតិកា
ការថែទាំខ្លួនឯង
ចូរថែទាំរាងកាយរបស់អ្នកឲ្យមានសុខភាពល្អ។ បរិភោគអាហារដែលមានជីវជាតិ ធ្វើចលនារាងកាយ ផឹកទឹកឱ្យបានច្រើន និងគេងឲ្យបានគ្រប់ម៉ោងតាមធម្មតា ឬយូរជាងនេះប្រសិនបើអ្នកត្រូវការ។ គិតអំពីអ្វីដែលអ្នកត្រូវការ រួចធ្វើផែនការដើម្បីសម្រេចវាឲ្យបាន។ ជៀសវាងគ្រឿងញៀននិងជាតិស្រវឹង ដែលជាទូទៅវាទាំងនេះបង្កើតបញ្ហា ច្រើនជាងដំណោះស្រាយវិញទេ។
រកមធ្យោបាយភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ ហៅទូរស័ព្ទ ឬផ្ញើសារទៅកាន់ក្រុមគ្រួសារនិងមិត្តភក្តិនានា។ ជជែកជាមួយអ្នកជិតខាង។ ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃនៅលើបណ្តាញសង្គម និងបណ្តាញអ៊ីនធឺនែត។ កុំខ្មាសអៀនក្នុងការទាក់ទងទៅកាន់អ្នកដទៃ, មនុស្សគ្រប់គ្នាក៏កំពុងតែបាត់ភាពនឹងនរ និងឯកាដូចអ្នកដែរ។
អនុវត្តវិធានការគ្រប់គ្រងភាពតានតឹងអារម្មណ៍។ ភាពតានតឹងអារម្មណ៍ច្រើនពេក គឺមិនល្អចំពោះរាងកាយរបស់អ្នកទេ ហើយវាអាចនាំឱ្យខ្វះភាពអត់ធ្មត់ ក្រេវក្រោធ និងហិង្សា។ ចូរបង្កើតកិច្ចការជាប្រចាំមួយចំនួនដែលជួយបន្ថយភាពតានតឹងដល់អ្នកនិងក្រុមគ្រួសារ។ ការបួងសួង ការធ្វើសមាធិ និងការដកដង្ហើមវែងៗ អាចជួយអ្នកបាន។ ទង្វើផ្សេងទៀតក៏អាចជួយបានផងដែរ ដូចជាការច្រៀង រាំ សរសេរ គូររូប ការដើរ និងការហាត់ប្រាណផ្សេងៗ។ អ្នកអាចធ្វើវាតែម្នាក់ឯង ឬជាមួយអ្នកដទៃយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ឬញឹកញាប់ជាងនេះប្រសិនបើអាច។ សូមអានចំណុច "សម្រាក" អំពីគំនិតយោបល់សម្រាប់ការបន្ធូរអារម្មណ៍ និងការសម្រាក, ព្រមទាំងចំណុច "សម្រាប់បុរសជាពិសេស" អំពីគំនិតយោបល់សម្រាប់ការគ្រប់គ្រងកំហឹង។
ស្វែងរកការគាំទ្រផ្នែកស្មារតី។ សង្កេតមើលអារម្មណ៍របស់អ្នក ហើយត្រូវស្វែងរកជំនួយនៅពេលដែលបញ្ហាហាក់ដូចជាពិបាកដោះស្រាយ។ ចូរជជែកជាមួយមិត្តភក្តិ ឬក្រុមគ្រួសារដែលអ្នកទុកចិត្តបំផុត ឬហៅទូរស័ព្ទទៅអ្នកជំនាញផ្លូវចិត្ត ដើម្បីនិយាយជាមួយអ្នកជំនាញភ្លាមៗ, ទទួលបានការគាំទ្រនៅពេលអ្នកត្រូវការ, និងរកមធ្យោបាយដោះស្រាយបញ្ហា។ ប្រសិនបើអ្នកជាសមាជិកនៃក្រុមគាំទ្រតាំងពីមុនពេលរាតត្បាតនៃជំងឺកូវីដ-១៩ សូមព្យាយាមរកមធ្យោបាយដើម្បីបន្តសកម្មភាពនេះតទៀត តាមរយៈការជួបគ្នានៅខាងក្រៅ ដោយរក្សាគម្លាតសុវត្ថិភាព ឬដោយប្រើប្រាស់បច្ចេកវិទ្យា។
កាត់បន្ថយហានិភ័យ។ អ្នកប្រហែលជាចាំបាច់ត្រូវទៅធ្វើការ ព្រោះអ្នកមិនអាចរស់នៅដោយគ្មានប្រាក់ចំណូលនោះទេ ឬមួយដោយសារតែការងាររបស់អ្នក ត្រូវបានចាត់ទុកថាជា "ការងារចាំបាច់" ។ អ្នកប្រហែលជារស់នៅក្នុងផ្ទះឬតំបន់ដែលមានមនុស្សច្រើនកុះករ ឬចាំបាច់ត្រូវទៅទិញទំនិញនៅផ្សារដែលមានមនុស្សច្រើន។ ប្រសិនបើអ្នកពាក់ម៉ាស់ និងឧបករណ៍ការពារផ្សេងទៀត សូមរក្សាគម្លាតសុវត្ថិភាពពីអ្នកដទៃ លាងដៃជាមួយសាប៊ូជាប្រចាំ ហើយត្រូវប្រាកដថាប្រធានរបស់អ្នកបានរៀបចំកន្លែងធ្វើការប្រកបដោយសុវត្ថិភាព។ អ្នកនឹងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារខ្លួនអ្នក ក្រុមគ្រួសារ និងអ្នកជិតខាងពីជំងឺ។ សូមជួយអ្នកដទៃឱ្យធ្វើការផ្លាស់ប្តូរទាំងនេះផងដែរ។ នៅពេលមនុស្សគ្រប់គ្នាធ្វើកិច្ចការនេះរួមគ្នាដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះជីវិតប្រចាំថ្ងៃនឹងកាន់តែមានសុវត្ថិភាពថែមទៀត។
ការថែទាំសម្រាប់កុមារ
ក្នុងពេលធ្វើចត្តាឡីស័ក រាល់ការថែទាំកុមារបានធ្លាក់មកលើឪពុកម្តាយ ឬអ្នកមើលថែនៅក្នុងផ្ទះ ហើយជាទូទៅអ្នកនោះគឺជាស្ត្រី។ បន្ថែមពីលើការមើលថែផ្ទះសម្បែងនិងការងារផ្សេងទៀតដែលស្ត្រីតែងតែធ្វើ ពេលនេះគាត់កាន់តែលំបាកក្នុងការរក្សាភាពអំណត់ ការលេងសើច និងមេត្តាធម៌ ដើម្បីផ្តល់ឱ្យកុមារនូវក្តីស្រឡាញ់ ការគាំទ្រ និងការណែនាំនានា ជាពិសេសប្រសិនបើឪពុកម្តាយមួយឬទាំងពីរក៏ព្យាយាមធ្វើការពីផ្ទះផងដែរ។ កុមារក៏មានការលំបាកក្នុងការស្នាក់នៅតែក្នុងផ្ទះផងដែរ។ ពួកគេនឹកដល់ទម្លាប់របស់ខ្លួន មិត្តភក្តិ សាលារៀន និងសកម្មភាពផ្សេងៗទៀត។ ស្ថានភាពនេះអាចនាំឱ្យពួកគេមានភាពក្រេវក្រោធ អាកប្បកិរិយាមិនល្អ និងជម្លោះនៅក្នុងគ្រួសារ។ ទោះបីជាអ្នកមិនអាចកែប្រែច្បាប់នៃការធ្វើចត្តាឡីស័កក៏ពិតមែន ប៉ុន្តែអ្នកអាចគ្រប់គ្រងការថែទាំកុមារដើម្បីកាត់បន្ថយភាពតានតឹងនិងជម្លោះផ្សេងៗ។
បែងចែកភារកិច្ចថែទាំកុមារដល់សមាជិកគ្រួសារផ្សេងទៀត។ កុមារធំៗអាចជួយមើលថែកុមារតូចៗបាន ហើយបុរសដែលគ្មានបទពិសោធន៍ពីមុនមក ក៏អាចរៀនមើលថែកុមារបានដែរ ទោះបីជាត្រូវប្រឹងប្រែងបន្តិចក៏ដោយ។ តាមរយៈការចែកការងារគ្នានេះ អ្នករាល់គ្នាមានឱកាសបានសម្រាកពីការមើលថែកុមារ ទោះជាបានមួយរយៈខ្លីក៏ដោយ។
សូមម្តាយដែលមានតែខ្លួនមួយ រួបរួមគ្នាឡើង! ប្រសិនបើអ្នកតែម្នាក់គត់ដែលត្រូវថែទាំកូន នោះវាងាយនឹងក្លាយទៅជាការងារដ៏លើសលុប។ ចូរស្វែងរកឪពុកម្តាយទោលដទៃទៀតដែលនៅជិតខាងគ្នា រួចដាក់វេនគ្នាមើលថែកុមារទាំងនោះ។ ដរាបណាអ្នកទាំងពីរមិនមានការប៉ះពាល់ជាមួយអ្នកដែលនៅក្រៅគ្រួសារ ហើយពាក់ម៉ាស់ លាងសម្អាតដៃជាប្រចាំ ។ល។ នោះអ្នកអាចធ្វើបែបនេះដោយសុវត្ថិភាព។
សូមជួយកុមារឱ្យស្វែងរកឱកាសដើម្បីភ្ជាប់ទំនាក់ទំនង និងរៀនសូត្រ។ ដោយសាលារៀនត្រូវបានបិទ ឪពុកម្តាយត្រូវទទួលតួនាទីថ្មីក្នុងនាមជាគ្រូបង្រៀន។ សូមជួយកុមារឱ្យបែងចែកពេលវេលាធ្វើមេរៀននិងកិច្ចការផ្ទះ ព្រមទាំងជួយពួកគេរក្សាទំនាក់ទំនងជាមួយមិត្តភក្តិនិងមនុស្សជាទីស្រឡាញ់ផងដែរ។ បង្កើតក្បួនច្បាប់ដែលសមាជិកគ្រួសារទាំងអស់នឹងត្រូវចែករំលែកសេវាអ៊ីនធឺនែត ឬពេលវេលាប្រើប្រាស់ទូរស័ព្ទ។ ដើម្បីបង្ការការកេងចំណេញលើកុមារតាមប្រព័ន្ធអ៊ីនធឺនែត ចូរតាមដានសកម្មភាពរបស់ពួកគេ និងអ្នកដែលពួកគេទាក់ទងជាមួយ។ សូមចាំថាកុមារក៏ចាំបាច់ត្រូវលេងនិងប្រើកម្លាំងរាងកាយរបស់ពួកគេផងដែរ។
សូមសម្រាក និងរកពេលដើម្បីជួយខ្លួនឯងក្នុងការជម្នះនឹងបញ្ហា។ វាពិតជាហត់នឿយណាស់ដែលត្រូវធ្វើជាអ្នកមើលថែកុមារនៅគ្រប់ម៉ោងទាំងអស់។ ប្រសិនបើកុមារមានវ័យធំល្មមដែលអាចទុកចោលតែឯងរយៈពេលខ្លីបាន នោះអ្នកអាចដើររយៈពេល ១៥នាទី ដើម្បីសម្រួលអារម្មណ៍ និងបង្កើនភាពអត់ធ្មត់ឡើងវិញ។ ការសម្រាកមួយរយៈខ្លី ក៏អាចជួយបានផងដែរ។ នៅពេលអ្នកមានអារម្មណ៍ថាអស់សង្ឃឹម បាត់បង់ម្ចាស់ការលើខ្លួនឯង ឬក្រេវក្រោធ ចូរឈប់ភ្លាម៖ រួចដកដង្ហើមចេញចូលយឺតៗ ៥ដង មុននឹងអ្នកនិយាយឬធ្វើអ្វីបន្តទៀត។ ឬមួយអ្នកអាចដើរទៅក្រៅ ឬចូលក្នុងបន្ទប់ទំនេរមួយ រយៈពេលមួយឬពីរនាទីដើម្បីរម្ងាប់អារម្មណ៍របស់អ្នក មុននឹងត្រឡប់ទៅរកកុមារវិញ។ សូម្បីតែពេលទារកកំពុងយំក៏ដោយ ក៏អ្នកអាចដាក់គាត់ដេកផ្ងារចោលនៅកន្លែងសុវត្ថិភាពមួយ រយៈពេល ៥នាទីបានផងដែរ ក្នុងពេលដែលអ្នកកំពុងសម្រួលអារម្មណ៍ខ្លួនឯង។
សម្រាប់បុរសជាពិសេស
បញ្ហាដែលបណ្តាលមកពីជំងឺកូវីដ-១៩ មិនមែនជាកំហុសរបស់អ្នកទេ។ ជារឿយៗ បុរសត្រូវបានបង្រៀនឲ្យមានអារម្មណ៍ទទួលខុសត្រូវចំពោះសុវត្ថិភាព និងសេដ្ឋកិច្ចរបស់គ្រួសារ។ ការបាត់បង់ការងារ កន្លែងរស់នៅតូចចង្អៀត ឬជំងឺនៅក្នុងគ្រួសារ អាចធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកបានទទួលបរាជ័យក្នុងនាមជាមេគ្រួសារ ហើយវាអាចបណ្តាលឱ្យអ្នកធ្លាក់ទឹកចិត្ត ឬខឹងសម្បារ។ ប៉ុន្តែការរាតត្បាតនៃមេរោគ គឺមិនមែនជាកំហុសរបស់អ្នកទេ។ វាជាការសំខាន់ណាស់ដែលអ្នកត្រូវយល់ថាបញ្ហារបស់អ្នកគឺដូចគ្នានឹងអ្នកដទៃទៀតដែរ រួចស្វែងរកវិធីដើម្បីរួចផុតពីវិបត្ដិនេះជាមួយគ្នា។ ការស្វែងរកការគាំទ្រ គឺជាការចាំបាច់ មិនមែនជារឿងគួរឱ្យអាម៉ាស់នោះទេ។
អ្នកអាចរកវិធីផ្សេងទៀត។ យើងភាគច្រើននៅតែបន្តធ្វើអ្វីតាមរបៀបដែលយើងធ្លាប់ធ្វើពីមុនមក។ ប៉ុន្តែទោះបីជាអ្នកមិនដឹងច្បាស់ពីរបៀបវាក៏ដោយ តែអ្នកអាចចាប់ផ្តើមធ្វើអ្វីៗតាមរបៀបផ្សេងពីមុន។ អ្នកអាចគ្រប់គ្រងពាក្យសម្តី និងសកម្មភាពរបស់អ្នក ហើយជ្រើសរើសការឆ្លើយតបដោយមិនប្រើកំហឹង ព្រោះអ្នកដឹងថាវាបង្កអន្តរាយដល់គ្រួសាររបស់អ្នក។ នៅពេលអ្នកមានអារម្មណ៍ក្រេវក្រោធ សូមនិយាយប្រាប់ខ្លួនឯងថា “មិនមែនពេលនេះទេ, មិនមែនពេលនេះទេ" ។ អ្នកអាចពន្យារពេលសូម្បីតែ ១០វិនាទីមុននឹងប្រតិកម្ម។ អ្នកអាចផ្តល់ឱកាសឱ្យខ្លួនឯង ដោយមិនប្រើអំពើហិង្សា។
ទប់កំហឹងរបស់អ្នកមិនឲ្យកើតឡើង។ ជារឿយៗនៅពេលដែលអ្វីមួយធ្វើឱ្យយើងខឹងឬបាត់បង់ម្ចាស់ការ យើងមានអារម្មណ៍ជាមុនថាវានឹងកើតឡើង។ តើអ្នកមានអារម្មណ៍បែបណាមុននឹងអ្នកចាប់ផ្តើមខឹង? តើវាកើតឡើងក្នុងពេលជាក់លាក់ណាមួយ ឬបន្ទាប់ពីសកម្មភាពជាក់លាក់ណាមួយមែនទេ? ប្រសិនបើអ្នកអាចកត់សម្គាល់ពីអារម្មណ៍របស់អ្នកមុនពេលដែលអ្នកខឹង (ឧទាហរណ៍ នៅពេលអ្នកឃ្លាន ហត់ ឬពេលផឹកស្រា ។ល។ ) អ្នកអាចទប់ស្កាត់វាមិនឲ្យចាប់ផ្តើមបាន។ ប្រសិនបើកំហឹងរបស់អ្នកផ្ទុះឡើងនៅពេលអ្នកឃ្លានឬហត់ សូមចៀសវាងវាដោយការហូបអាហារ ឬសម្រាកបន្តិច។ ប្រសិនបើវាកើតឡើងនៅពេលផឹកស្រា ចូរកាត់បន្ថយការផឹកស្រា។ អ្នកអាចជួយមនុស្សនៅជុំវិញអ្នកបាន ប្រសិនបើអ្នកមើលថែខ្លួនឯងបានល្អ។
ចងចាំថាតើវាធ្វើឲ្យអ្នកមានអារម្មណ៍បែបណា។ មនុស្សជាច្រើនធំឡើងនៅក្នុងគ្រួសារដែលបុរសមានភាពហិង្សា។ វាអាចជាការលំបាកដែលយើងត្រូវព្យាយាមមិនចាប់យកឥរិយាបទហិង្សានោះមកបន្តនៅក្នុងគ្រួសាររបស់យើង។ បើអ្នកអាចចងចាំពីភាពឈឺចាប់ផ្លូវកាយឬផ្លូវចិត្តដែលកើតឡើងមកលើរូបអ្នកដោយសារអំពើហិង្សា នោះវាអាចបញ្ឈប់អ្នកមិនឲ្យធ្វើបាបគ្រួសាររបស់អ្នកជាបន្ត។ បើអ្នកអាចនិយាយអំពីបញ្ហានេះប្រាប់សមាជិកគ្រួសារឬមិត្តភក្តិបាន នោះការពន្យល់ប្រាប់ពីភាពឈឺចាប់ដែលអ្នកធ្លាប់បានទទួល អាចជួយអ្នកឲ្យចងចាំពីការបង្ហាញអារម្មណ៍របស់អ្នកដោយមិនប្រើហិង្សា។
ជួយថែទាំអ្នកដទៃ
យើងគ្រប់គ្នាអាចជួយនរណាម្នាក់ដែលកំពុងលំបាកក្នុងពេលធ្វើចត្តាឡីស័ក ឬរងអំពើហិង្សានៅក្នុងផ្ទះ។
ស្វែងរកការគាំទ្រតាមរយៈទូរស័ព្ទ ឬការសរសេរ។ វាអាចជាការពិបាកក្នុងការស្វែងរកការគាំទ្រ។ ចូរទូរស័ព្ទឬផ្ញើសារទៅឲ្យពួកគាត់ដឹងថាអ្នកនឹងជួយគាំទ្រដល់ពួកគាត់ក្នុងករណីគាត់កំពុងឈឺចាប់ ឬត្រូវការនរណាម្នាក់និយាយជាមួយ។ ជួយភ្ជាប់ទំនាក់ទំនងពួកគាត់ជាមួយនរណាម្នាក់ដែលអាចពិនិត្យមើលគាត់ជាប្រចាំ ឬអាចជួយគាត់បានក្នុងគ្រាអាសន្ន។
រៀនស្តាប់ឱ្យបានស៊ីជម្រៅនូវអ្វីដែលគាត់កំពុងនិយាយប្រាប់អ្នក ដើម្បីអាចវិនិច្ឆ័យថាតើគាត់មានការថប់បារម្ភឬការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរកម្រិតណា។ ភាគច្រើនគឺគ្រាន់តែជជែក រកនឹកអ្វីដែលនិយាយសើចបាន ហើយលើកទឹកចិត្តគាត់ឱ្យសម្រាក នោះវាជាការជួយគាំទ្រដ៏អស្ចារ្យទៅហើយ។ ប៉ុន្តែត្រូវយកចិត្តទុកដាក់លើចំណុចខ្លះដែលអាចបង្ហាញថាគាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដូចជាមានអាវុធនៅក្នុងផ្ទះ គាត់ត្រូវបានគេវាយដំ ឬគាត់អាចនឹងធ្វើបាបខ្លួនឯងឬអ្នកដទៃ។ ប្រសិនបើវាជាបញ្ហាអាសន្នផ្នែកផ្លូវចិត្ត ឬបើអ្នកមិនច្បាស់ថាគួរជួយតាមរបៀបណាទេ សូមទូរស័ព្ទទៅខ្សែទូរស័ព្ទបន្ទាន់ដើម្បីសុំដំបូន្មាន។
ធ្វើជា “អ្នកឧបត្ថម្ភ” ។ មនុស្សជាច្រើនដែលមានបញ្ហាដោយសារគ្រឿងស្រវឹង យល់ឃើញថាការដែលមាននរណាម្នាក់ដែលគាត់អាចហៅទូរស័ព្ទទៅបាន ហើយតែងតែឆ្លើយនិងជួយគាត់ឲ្យស្វែងរកការតាំងចិត្តមិនផឹកស្រាបាន គឺជាចំណុចសំខាន់ណាស់។ អ្នកឧបត្ថម្ភក៏អាចជួយអ្នកដទៃក្នុងការតាំងចិត្តមិនឲ្យក្រេវក្រោធ ឬប្រើហិង្សាផងដែរ ជាពិសេសប្រសិនបើអ្នកឧបត្ថម្ភនោះធ្លាប់ជួបប្រទះបញ្ហាទាំងនោះដូចគ្នា។
ជួយប្រជាជនឱ្យទទួលបានបរិក្ខារនិងសេវាមូលដ្ឋាន។ អ្នកអាចធ្វើឱ្យប្រាកដថាប្រជាជនទទួលបានទំនិញនិងសេវាដែលពួកគេត្រូវការក្នុងពេលនេះ។ ជួយប្រជាជនក្នុងការស្នើសុំការគាំទ្រពីរដ្ឋាភិបាល, ស្វែងរកកន្លែងផ្តល់ស្បៀងអាហារ និងក្រុមក្នុងសហគមន៍ដែលផ្តល់បរិក្ខារ, និងជួយធ្វើកិច្ចការប្រចាំថ្ងៃ ទិញឥវ៉ាន់ ទំនាក់ទំនងជាមួយអ្នកដទៃ ឬការទទួលដំបូន្មានវេជ្ជសាស្រ្ត។
ធ្វើការស្រាវជ្រាវដើម្បីពួកគេ។ ស្វែងរកធនធានដែលមាននៅក្នុងសហគមន៍របស់អ្នក រួចកត់ត្រាទុកព័ត៌មានទាំងនោះ។ ជាមួយគ្នានេះដែរ ចូរបិតបង្ហាញព័ត៌មានទាំងនេះនៅក្នុងសហគមន៍ សម្រាប់មនុស្សដែលត្រូវការជំនួយតែមិនបានស្នើសុំ។