Hesperian Health Guides
វ៉ាក់សាំង
ឥឡូវនេះមានវ៉ាក់សាំងជាច្រើនសម្រាប់ជំងឺកូវីដ-១៩ ។ វ៉ាក់សាំងទាំងអស់សុទ្ធតែបង្ការកុំឲ្យមានជំងឺធ្ងន់ធ្ងរ ឬកុំឲ្យស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយវ៉ាក់សាំងទាំងនេះមានសុវត្ថិភាពទាំងអស់។ អ្នកប្រហែលជាមិនអាចជ្រើសរើសយកវ៉ាក់សាំងណាមួយតាមដែលខ្លួនចង់បាននោះទេ ប៉ុន្តែប្រសិន បើអ្នកចាក់វ៉ាក់សាំងណាមួយឲ្យបានកាន់តែឆាប់ នោះអ្នកនឹងកាន់តែឆាប់ទទួលបានការការពារ។ ការចាក់វ៉ាក់សាំងក៏កាត់បន្ថយការឆ្លងរាលដាលនៃជំងឺផងដែរ។
វ៉ាក់សាំងប្រើប្រាស់វិធីជាច្រើនដើម្បីធ្វើឱ្យរាងកាយរបស់អ្នកស្គាល់វីរុសជំងឺកូវីដ-១៩ ហើយបន្ទាប់មកបង្កើតការការពារ (“អង្គបដិបក្ខ”) ដើម្បីប្រយុទ្ធនឹងវា។ ជាធម្មតា វ៉ាក់សាំងនេះត្រូវបានចាក់ទៅក្នុងសាច់ដុំ (ជាទូទៅ ងាយបំផុតគឺដើមដៃ) ។ ប្រសិនបើត្រូវការដូសមួយទៀតដើម្បីការពារឱ្យបានពេញលេញ នោះគួរចាក់ឡើងវិញនៅ ៣ ទៅ ១២សប្តាហ៍បន្ទាប់ អាស្រ័យលើប្រភេទវ៉ាក់សាំង។
គ្មានវ៉ាក់សាំងណាមួយដែលធ្វើឱ្យអ្នកកើតជំងឺកូវីដ-១៩ នោះទេ។
មាតិកា
- ១ វ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព
- ២ វ៉ាក់សាំងជំងឺកូវីដ-១៩ ត្រូវបានផលិតឡើងយ៉ាងឆាប់រហ័ស ដូច្នេះតើយើងធ្វើដូចម្តេចដឹងថាវាមានសុវត្ថិភាព?
- ៣ តើវ៉ាក់សាំងដំណើរការយ៉ាងដូចម្តេច? តើវាធ្វើឲ្យអ្នកមានជំងឺឬទេ? តើវាកែប្រែ DNA របស់អ្នកដែរឬទេ?
- ៤ តើធ្វើដូចម្តេចទើបយើងដឹងថាផលប៉ះពាល់ ឬបញ្ហា នឹងមិនកើតឡើងនៅថ្ងៃក្រោយ?
- ៥ សហគមន៍របស់ខ្ញុំរងគ្រោះយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ប៉ុន្តែមនុស្សមួយចំនួនមិនចង់ចាក់វ៉ាក់សាំងទេ។ តើខ្ញុំអាចលើកទឹកចិត្តពួកគាត់យ៉ាងដូចម្តេច?
- ៦ តើនរណាគួរទទួលវ៉ាក់សាំងជំងឺកូវីដ-១៩?
- ៧ តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំចាក់វ៉ាក់សាំង?
- ៨ វិសមភាព និងការរាតត្បាតជំងឺ
វ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធភាព
វ៉ាក់សាំងមានប្រសិទ្ធភាព។ អ្នក និងមនុស្សជាច្រើនដែលអ្នកស្គាល់ បានចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ការពារពីជំងឺជាច្រើនរួចមកហើយ។ ដោយសារតែវ៉ាក់សាំង ទើបជំងឺមួយចំនួនដែលធ្លាប់តែបង្កគ្រោះថ្នាក់ ឬសម្លាប់មនុស្ស ដូចជាជំងឺគ្រុនស្វិតដៃជើង និងជំងឺអុតស្វាយ ជាដើម ឥឡូវនេះកម្រឃើញមានណាស់ ឬបានបាត់អស់តែម្តង។
វ៉ាក់សាំងជំងឺកូវីដ-១៩ ត្រូវបានផលិតឡើងយ៉ាងឆាប់រហ័ស ដូច្នេះតើយើងធ្វើដូចម្តេចដឹងថាវាមានសុវត្ថិភាព?
វ៉ាក់សាំងទាំងអស់ត្រូវបានធ្វើតេស្តដើម្បីធ្វើឱ្យប្រាកដថាវាមិនមានគ្រោះថ្នាក់, ស្វែងរកកម្រិតដូសដែលត្រឹមត្រូវបំផុត, ប្រាកដថាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ, និងត្រូវប្រាកដថាវាមានប្រសិទ្ធភាព។ វ៉ាក់សាំងជំងឺកូវីដ-១៩ ត្រូវបានធ្វើតេស្ត៍លើមនុស្សជាង ២៥០.០០០ នាក់ក្នុងប្រទេសផ្សេងៗគ្នា - ជនជាតិផ្សេងៗគ្នា មនុស្សមានជំងឺផ្សេងៗស្រាប់ និងទៅតាមចន្លោះអាយុផ្សេងៗ។ អស់រយៈពេលជាច្រើនខែកន្លងមក ស្ទើរតែគ្មានការរាយការណ៍អំពីបញ្ហាសុខភាពដោយសារវ៉ាក់សាំងថ្មីៗណាមួយទេ។ ហេតុដូច្នេះហើយទើបវ៉ាក់សាំងជំងឺកូវីដ-១៩ ត្រូវបានអនុម័តយ៉ាងឆាប់រហ័ស។ ឥឡូវនេះវ៉ាក់សាំងត្រូវបានប្រើប្រាស់ដោយមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក ដោយមានការរាយការណ៍យ៉ាងតិចតួចបំផុតអំពីផលប៉ះពាល់ធ្ងន់ធ្ងរ ។
ការស្រាវជ្រាវភាគច្រើនក្នុងការផលិតវ៉ាក់សាំងទាំងនេះ ត្រូវបានធ្វើឡើងតាំងពីមុនពេលផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ ទៅទៀត។ ការផ្ទុះនៃវីរុសកូរ៉ូណាផ្សេងទៀតនៅឆ្នាំ២០០២ (SARS) និងឆ្នាំ២០១២ (MERS) បានជំរុញឲ្យមានការអភិវឌ្ឍវ៉ាក់សាំងថ្មីៗ និងបច្ចេកវិទ្យាវ៉ាក់សាំង ដើម្បីបញ្ឈប់ពួកវា។ ការស្រាវជ្រាវនេះ និងការស្រាវជ្រាវដទៃទៀតនៅទូទាំងពិភពលោក បានពន្លឿនការអភិវឌ្ឍវ៉ាក់សាំងជំងឺកូវីដ-១៩ នេះ។
តើវ៉ាក់សាំងដំណើរការយ៉ាងដូចម្តេច? តើវាធ្វើឲ្យអ្នកមានជំងឺឬទេ? តើវាកែប្រែ DNA របស់អ្នកដែរឬទេ?
មានវ៉ាក់សាំងជំងឺកូវីដ-១៩ ច្រើនជាង ៧០ ដែលកំពុងត្រូវបានអភិវឌ្ឍ ឬកំពុងប្រើប្រាស់រួចទៅហើយ ប៉ុន្តែវាទាំងអស់សុទ្ធតែដំណើរការដោយការបណ្តុះបណ្តាលរាងកាយរបស់យើងឱ្យស្គាល់វីរុស រួចបង្កើតអង្គបដិបក្ខដើម្បីប្រយុទ្ធនឹងវា។
- វ៉ាក់សាំងបែបវីរុសអសកម្ ម(inactivated virus)ប្រើប្រាស់ទម្រង់នៃវីរុសជំងឺកូវីដ-១៩ ដែលវាមិនអាចធ្វើឱ្យអ្នកមានជំងឺទេ ប៉ុន្តែវាអាចបង្ហាត់រាងកាយរបស់អ្នកដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ (Sinopharm,SinoVac, ផ្សេងទៀត)
- វ៉ាក់សាំងបែបភ្នាក់ងារវីរុស (viral vector)ប្រើប្រាស់តែផ្នែកមួយពីខាងក្រៅនៃវីរុសប៉ុណ្ណោះ (ដែលគេហៅថា “ប្រូតេអ៊ីនបន្លា, spike protein”) ប៉ុន្តែវាគ្រប់គ្រាន់ដើម្បីធ្វើឲ្យរាងកាយអាចស្គាល់វីរុស រួចរៀនប្រយុទ្ធប្រឆាំងនឹងវា។ (Johnson & Johnson, Sputnik V, AstraZeneca,ផ្សេងទៀត)
- វ៉ាក់សាំងបែបផ្គុំប្រូតេអ៊ីនឡើងវិញ (recombinant protein) ប្រើប្រាស់ការលាយផ្សំនៃបំណែកប្រូតេអ៊ីនតូចល្អិតចេញពីបន្លាវីរុស។ (Novavax)
- វ៉ាក់សាំងបែបmessenger RNA (mRNA) បង្រៀនកោសិកាអំពីវិធីបង្កើតប្រូតេអ៊ីនបន្លា រួចវានឹងធ្វើឲ្យរាងកាយចាប់ផ្តើមបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងនឹងវា។ mRNA មិនចូលទៅក្នុងផ្នែកណាមួយនៃកោសិការបស់អ្នកដែលមានហ្សែន ឬ DNA ទេ ដូច្នេះវាមិនអាចកែប្រែ DNA របស់អ្នកបានទេ។ តាមពិត mRNA មានភាពផុយស្រួយខ្លាំងណាស់ ព្រោះបន្ទាប់ពីវាបានបង្រៀនកោសិការួចហើយ វាក៏បែកបាក់យ៉ាងឆាប់រហ័ស។ (Moderna, Pfizer, ផ្សេងទៀត)
ដូចវីរុសដទៃទៀតដែរ វីរុសជំងឺកូវីដ-១៩ កំពុងតែប្លែងខ្លួន ដែលមានន័យថា មានកំណែផ្សេងៗជាច្រើន (variants) នៃជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅប្រទេសផ្សេងៗ។ វ៉ាក់សាំងជាច្រើនមានប្រសិទ្ធភាពប្រឆាំងនឹងកំណែផ្សេងៗនៃវីរុស។ ប៉ុន្តែចំពោះកំណែវីរុសមួយចំនួន វ៉ាក់សាំងត្រូវធ្វើការកែប្រែទើបមានប្រសិទ្ធភាពប្រសើរឡើង ក៏ដូចនឹងវ៉ាក់សាំងផ្តាសាយធំត្រូវបានកែប្រែរៀងរាល់ឆ្នាំផងដែរ។
តើធ្វើដូចម្តេចទើបយើងដឹងថាផលប៉ះពាល់ ឬបញ្ហា នឹងមិនកើតឡើងនៅថ្ងៃក្រោយ?
ផលរំខានទូទៅនៃវ៉ាក់សាំងជំងឺកូវីដ-១៩ គឺការឡើងក្រហម ហើម ឬឈឺចាប់នៅកន្លែងមុខម្ជុល ឈឺក្បាល ឈឺសន្លាក់ឬសាច់ដុំ អស់កម្លាំង ឬគ្រុនក្តៅតិចតួច (ដែលមានន័យថារាងកាយរបស់អ្នកកំពុងបង្កើតអង្គបដិបក្ខ ហើយវាគួរតែកើតឡើងបែបនេះ)។ វាជារឿងធម្មតាទេដែលមនុស្សខ្លះមានអារម្មណ៍មិនស្រួលខ្លួនរយៈពេល ១ ឬ ២ថ្ងៃ ខណៈដែលអ្នកខ្លះទៀតមិនមានផលរំខានអ្វីទាំងអស់នោះ។ ផលរំខានអាចនឹងកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីការចាក់លើកទី២ ។ មានមនុស្សតិចជាងម្នាក់ ក្នុងមួយលាននាក់ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវ៉ាក់សាំង ដូចជាបញ្ហាកំណកឈាម ជាដើម។ ដោយសារតែចំនួនជនដែលរងផលប៉ះពាល់ មានតិចតួចបំផុត ដូច្នេះការមិនចាក់វ៉ាក់សាំង ហើយកើតជំងឺកូវីដ-១៩ គឺមានគ្រោះថ្នាក់ធំធេងជាងការចាក់វ៉ាក់សាំងទៅទៀត។
វាជាករណីកម្រខ្លាំងណាស់ដែលអាចមានប្រតិកម្មអាល់ឡែហ្ស៊ីនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ។ ប៉ុន្តែអ្នកអាចនឹងត្រូវស្នើឱ្យរង់ចាំរយៈពេល ១៥ ទៅ ៣០នាទី ក្នុងករណីអ្នកត្រូវការការព្យាបាលប្រតិកម្មអាល់ឡែហ្ស៊ី។
តាមបទពិសោធន៍រាប់ទសវត្សរ៍នៃការចាក់វ៉ាក់សាំងថ្មីៗ បង្ហាញថាបញ្ហាណាមួយដែលអាចកើតឡើង ជាធម្មតាវាកើតឡើងក្នុងអំឡុង ២ខែដំបូងបន្ទាប់ពីចាក់ប៉ុណ្ណោះ។ ស្ទើរតែគ្មានបញ្ហាណាមួយសោះដែលបានរកឃើញបន្ទាប់ពីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ។
សហគមន៍របស់ខ្ញុំរងគ្រោះយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ប៉ុន្តែមនុស្សមួយចំនួនមិនចង់ចាក់វ៉ាក់សាំងទេ។ តើខ្ញុំអាចលើកទឹកចិត្តពួកគាត់យ៉ាងដូចម្តេច?
មនុស្សមានហេតុផលជាច្រើនដែលមិនចង់ចាក់វ៉ាក់សាំង។ បទពិសោធន៍មិនល្អកន្លងមក រួមទាំងការរើសអើងដោយប្រព័ន្ធសុខាភិបាល ឬការមិនទុកចិត្តបុគ្គលិកសុខាភិបាល ផ្តល់នូវហេតុផលជាច្រើនដែលធ្វើឲ្យពួកគេគ្មានទំនុកចិត្ត។ ហើយនៅពេលដែលព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមពោរពេញទៅដោយព័ត៌មានដែលខ្វែងគំនិតគ្នា នោះមនុស្សតែងតែស្វែងរក "ភស្តុតាង" ដើម្បីបញ្ជាក់ព័ត៌មានទាំងនោះ។ ដោយសារជំងឺកូវីដ-១៩ បង្កគ្រោះថ្នាក់ខ្លាំងបំផុតដល់អ្នកដែលមានធនធានតិច បញ្ហាសុខភាពច្រើន និងអ្នកដែលរស់នៅនិងធ្វើការក្នុងស្ថានភាពកុះករ ដូច្នេះវារឹតតែសំខាន់ណាស់ដែលមនុស្ស ប្រឈមនឹងហានិភ័យខ្ពស់ ត្រូវទទួលបានព័ត៌មានដ៏សុក្រិត ព្រមទាំងត្រូវចាក់វ៉ាក់សាំងផងដែរ។
- ស្តាប់ បញ្ជាក់ និងអះអាង។ ការស្តាប់និងឆ្លើយតបចំពោះបទពិសោធន៍របស់ជនដែលមានបញ្ហាសុខភាព និងជាពិសេសចំពោះអ្វីដែលពួកគេព្រួយបារម្ភអំពីវ៉ាក់សាំងជំងឺកូវីដ-១៩ អាចអនុញ្ញាតឱ្យអ្នកធ្វើការពន្យល់នូវអ្វីដែលជាការពិត និងមិនពិត ជាមួយគ្នានោះក៏អាចទទួលស្គាល់នូវកង្វល់ និងបទពិសោធន៍កន្លងមករបស់ពួកគេផងដែរ។
- និយាយផង ធ្វើសកម្មភាពផង។ ចូរចាក់វ៉ាក់សាំងដោយខ្លួនឯង រួចលើកទឹកចិត្តអ្នកដឹកនាំសហគមន៍ដទៃទៀតឱ្យធ្វើដូច្នេះដែរ។
- លើកបង្ហាញពីករណីប្រជាជននៅក្នុងប្រទេសរបស់អ្នក ឬតំបន់ណាផ្សេងទៀតដែលបានទទួលវ៉ាក់សាំង ថាពួកគេមិនកើតជំងឺទេ ហើយករណីជំងឺកូវីដ-១៩ កំឡុងធ្លាក់ចុះ។
- ពន្យល់ថា ទោះបីជាពួកគាត់នៅក្មេង និងរឹងមាំក៏ដោយ តែការចាក់វ៉ាក់សាំងនឹងជួយកាត់បន្ថយឱកាសដែលគ្រួសារ មិត្តភក្តិ និងអ្នករួមការងាររបស់គាត់ កើតជំងឺនេះ។
តើនរណាគួរទទួលវ៉ាក់សាំងជំងឺកូវីដ-១៩?
មនុស្សគ្រប់រូបគួរចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ។ នៅពេលដែលមិនមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នា ជាការប្រសើរគួរផ្តល់វ៉ាក់សាំងដល់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការកើតជំងឺនេះមុនគេ ៖
- បុគ្គលិកសុខាភិបាលដែលថែទាំ ឬចំណាយពេលជាមួយមនុស្សដែលកើតជំងឺកូវីដ-១៩
- កម្មករដែលការងាររបស់គាត់ធ្វើឱ្យគាត់ប៉ះពាល់ជាមួយមនុស្សជាច្រើន រៀងរាល់ថ្ងៃ ជាពិសេសប្រសិនបើពួកគាត់រស់នៅក្នុងស្ថានភាពកុះករផងដែរ
- មនុស្សវ័យចំណាស់ដែលទំនងជាវិវឌ្ឍន៍ទៅជាករណីធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ខ្ពស់ជាងមនុស្សវ័យក្មេង
- អ្នកដែលមានជំងឺ ឬពិការភាព ដូចជាជំងឺបេះដូង ជំងឺតម្រងនោម ឬសួត ជំងឺទឹកនោមផ្អែម ជំងឺធាត់ ជំងឺដោនស៊ីនដ្រូម និងផ្សេងទៀត
នៅមានការបន្តស្រាវជ្រាវអំពីផលប៉ះពាល់នៃវ៉ាក់សាំងជំងឺកូវីដ-១៩ មកលើកុមារតូចៗ ប៉ុន្តែវាមានសុវត្ថិភាពសម្រាប់កុមារអាយុ ១២ឆ្នាំឡើងទៅ។ ចំពោះការមានផ្ទៃពោះវិញ ការកើតជំងឺកូវីដ-១៩ ក្នុងពេលមានផ្ទៃពោះ គឺមានគ្រោះថ្នាក់ជាងការចាក់វ៉ាក់សាំង។
ប្រសិនបើមនុស្សម្នាក់មានជំងឺកូវីដ-១៩ រួចហើយ គាត់ក៏គួរនៅតែចាក់វ៉ាក់សាំងដដែល ប៉ុន្តែគួររង់ចាំរហូតដល់ ៣ខែបន្ទាប់ពីពួកគេបានឆ្លង។
តើមានអ្វីកើតឡើងបន្ទាប់ពីខ្ញុំចាក់វ៉ាក់សាំង?
បន្ទាប់ពីការចាក់វ៉ាក់សាំងរួច រាងកាយរបស់អ្នកចាប់ផ្តើមបង្កើតការការពារ ហើយប្រហែលពីរសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងចុងក្រោយ ការការពាររបស់អ្នកនឹងឡើងខ្លាំងបំផុត ដែលធ្វើឱ្យអ្នកទទួលបានវ៉ាក់សាំងពេញលេញ។ អ្នកនឹងលែងឈឺធ្ងន់ដោយសារជំងឺកូវីដ-១៩ ទៀតហើយ។
ប្រសិនបើមនុស្សគ្រប់គ្នានៅក្នុងក្រុមមួយ បានទទួលវ៉ាក់សាំងពេញលេញ នោះពួកគេមិនចាំបាច់ពាក់ម៉ាស់ ឬអនុវត្តការប្រុងប្រយ័ត្នផ្សេងៗទៀតនោះទេ នៅពេលស្ថិតនៅជុំគ្នាក្នុងក្រុមនេះ។ ម្យ៉ាងទៀត មនុស្សដែលបានទទួលវ៉ាក់សាំងពេញលេញ អាចប្រាស្រ័យទាក់ទងយ៉ាងមានសុវត្ថិភាពដោយមិនអនុវត្តការប្រុងប្រយ័ត្ន ជាមួយបុគ្គលឬក្រុមគ្រួសារមួយដែលមិនបានទទួលវ៉ាក់សាំង ប៉ុន្តែមានសុខភាពធម្មតា។
ប៉ុន្តែ លុះត្រាតែមនុស្សភាគច្រើននៅក្នុងសហគមន៍មួយ បានចាក់វ៉ាក់សាំងយ៉ាងពេញលេញរួច នោះទើបជំងឺកូវីដ-១៩ លែងបន្តឆ្លងរាលដាល និងបណ្តាលឱ្យមានជំងឺ។ ជាពិសេសនៅពេលចំណាយពេលជាមួយមនុស្សចាស់ អ្នកមានសុខភាពខ្សោយ ឬអ្នកមានជំងឺរ៉ាំរ៉ៃ ដូចជាទឹកនោមផ្អែម បញ្ហាដង្ហើម ជាដើម មនុស្សគ្រប់គ្នាគួរតែនៅអនុវត្តការប្រុងប្រយ័ត្នដើម្បីបង្កាការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៖ ពាក់ម៉ាស់ លាងសម្អាតដៃឱ្យបានញឹកញាប់ ចៀសវាងនៅក្នុងបន្ទប់ជាមួយមនុស្សដែលអ្នកមិនបានរស់នៅជាមួយ និងរក្សាចម្ងាយ ២ម៉ែត្រពីអ្នកដទៃ។
វិសមភាព និងការរាតត្បាតជំងឺ
ជំងឺកូវីដ-១៩ បានបង្ហាញឲ្យឃើញនូវវិសមភាពដ៏គួរឲ្យភ័យខ្លាច ក្នុងចំណោមប្រជាជន និងប្រជាជាតិនានានៅទូទាំងពិភពលោក។ ការធ្វើចត្តាឡីស័កដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុស បានប៉ះពាល់ដល់ប្រជាជនតាមបែបខុសៗគ្នា អាស្រ័យលើការរកប្រាក់ចំណូល ទីកន្លែងរស់នៅ និងលទ្ធភាពទទួលបានធនធានរបស់ពួកគេ។ មនុស្សជាច្រើនកំពុងជួបភាពអត់ឃ្លាន, បាត់បង់ការងារ និងប្រាក់ចំណូល, ត្រូវបានបណ្តេញចេញពីផ្ទះជួល និងទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត និងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងសុខភាពផ្លូវចិត្ត។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ មនុស្សនិងក្រុមជាច្រើនបានរួបរួមគ្នា ដើម្បីជួយគ្នាទៅវិញទៅមក និងដើម្បីទាមទារការជួយគាំទ្រពីអាជ្ញាធរក្នុងតំបន់និងថ្នាក់ជាតិ។
វិសមភាពដូចគ្នានេះកំពុងកើតឡើងជាអន្តរជាតិ ពាក់ព័ន្ធនឹងឱកាសទទួលបានវ៉ាក់សាំង។ បណ្តាប្រទេសអ្នកមានកំពុងប្រមូលទិញវ៉ាក់សាំង ខណៈរដ្ឋាភិបាលនៃប្រទេសក្រីក្រកំពុងឈរនៅក្រោយជួរដើម្បីទទួលបានវ៉ាក់សាំងចាក់ឲ្យប្រជាជនរបស់ខ្លួន។ នេះមានន័យថា ការរងទុក្ខ និងភាពក្រីក្រដែលបណ្តាលមកពីជំងឺរាតត្បាតនេះ នឹងមានរយៈពេលយូរនៅក្នុងប្រទេសទាំងនោះ។ ការឆ្លើយតបប្រកបដោយយុត្តិធម៌ ទៅនឹងជំងឺកូវីដ-១៩ ទាមទារឲ្យមាន ៖
- ការទទួលបានស្មើភាពគ្នានូវវ៉ាក់សាំងជំងឺកូវីដ-១៩ សម្រាប់ប្រទេសទាំងអស់ ដោយមិនគិតពីលទ្ធភាពចំណាយរបស់ពួកគេ។
- ក្រុមហ៊ុនផលិតឱសថត្រូវតែផ្ទេរបច្ចេកវិទ្យានេះ ដើម្បីឲ្យវ៉ាក់សាំងត្រូវបានផលិតនៅក្នុងតំបន់ដែលពួកគេត្រូវការ។
- អង្គការពាណិជ្ជកម្មពិភពលោក ត្រូវតែទទួលស្គាល់ថាការរាតត្បាតនៃជំងឺកូវីដ-១៩ គឺជាភាពអាសន្ន រួចលើកលែងនូវកិច្ចព្រមព្រៀងស្តីពីទិដ្ឋភាពពាក់ព័ន្ធនឹងពាណិជ្ជកម្មនៃសិទ្ធិអចលនទ្រព្យអន្តរជាតិ (TRIPS) ដើម្បីឱ្យប្រទេសនានាអាចផលិតវ៉ាក់សាំងដោយខ្លួនឯងបាន។