Hesperian Health Guides

ការកៀរគរដើម្បីសុខភាពបរិស្ថាន

នៅក្នុងជំពូកនេ:

បន្ទាប់ពីការរស់នៅក្នុងភាពក្រីក្រនិងដាច់ស្រយាលអស់ជាច្រើនឆ្នាំមក ប្រជាជននៅឆ្នេរអេខ្វាឌ័រដែលរស់នៅលើភ្នំតូចៗដែលសម្បូរទៅដោយភក់ ក៏បានបាត់បង់ក្តីសង្ឃឹម។ ពួកគេមិនដឹងថាគួរធ្វើឲ្យជីវភាពបានល្អប្រសើរដោយមធ្យោបាយណាទេ។ ជីវភាពប្រចាំថ្ងៃជួបការលំបាកជាខ្លាំង។ ប្រជាជនពិបាកនឹងជឿជាក់លើការរៀបចំផែនការសម្រាប់អនាគត ថាអាចបានល្អប្រសើរឡើយ។

តាមរយៈការធ្វើការងារដើម្បីដោះស្រាយបញ្ហាសុខភាពចំពោះមុខ(ជំងឺអាសន្នរោគ) មាលានិងបុគ្គលិកសុខាភិបាលនៃគម្រោង“សុខភាពសម្រាប់ប្រជាជន” បានជួយសង្គ្រោះជីវិតប្រជាជនជាច្រើននាក់។ ជោគជ័យរបស់អ្នកលើកកម្ពស់សុខភាព អង្គការក្នុងស្រុក និងអ្នកភូមិទាំងអស់ ក្នុងការបញ្ឈប់ការរាតត្បាតជំងឺ, បានជំរុញទឹកចិត្តនិងត្រៀមលក្ខណៈពួកគេឲ្យជំនះលើបញ្ហាដទៃទៀតផងដែរ។ នៅពេលព្យុះដ៏ធំបានបំផ្លាញសមិទ្ធិផលយ៉ាងច្រើនរបស់ខ្លួន ពួកគេអាចរៀបចំខ្លួននិងស្រោចស្រង់ឡើងវិញពីការបំផ្លាញរបស់ព្យុះនោះ។ បន្ទាប់មកពួកគេអាចបន្តសកម្មភាពរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាដទៃៗទៀត។ ការងាររបស់ពួកគេក្នុងការធ្វើឲ្យសហគមន៍មានសុខភាពល្អប្រសើរ គឺនៅតែបន្ត ព្រោះពួកគេកំពុងកែលម្អស្ថានភាពបច្ចុប្បន្ន និងប្រឹងប្រែងដើម្បីអនាគតរបស់ខ្លួន។

ការស្វែងយល់អំពីមូលហេតុឫសគល់

 Man and women asking and answering questions.

ហេតុអ្វីប្រជាជនជាច្រើនកើតជំងឺអាសន្នរោគ?
ព្រោះមានមេរោគនៅក្នុងទឹក
នេះគឺជាមូលហេតុរូបសាស្ត្រ
ប៉ុន្តែហេតុអ្វីមានមេរោគនៅក្នុងទឹក?
ព្រោះយើងគ្មានបង្គន់ដើម្បីកុំឲ្យមេរោគឆ្លងទៅក្នុងទឹក
នេះគឺជាមូលហេតុបរិស្ថាន
ប៉ុន្តែហេតុអ្វីយើងគ្មានបង្គន់ល្អ?
ព្រោះយើងគ្មានប្រាក់
នេះគឺជាមូលហេតុសេដ្ឋកិច្ច

បញ្ហាសុខភាពនានាអាចបណ្តាលមកពីមូលហេតុជាច្រើន ដូចជាមេរោគ សារធាតុគីមីពុល ឧប្បត្តិហេតុ ភាពអត់ឃ្លាន ការប្រឈមនឹងកម្ពៅខ្លាំងឬភាពត្រជាក់ខ្លាំង ។ល។ ទាំងនេះគឺជាមូលហេតុផ្ទាល់នៃជំងឺ។ ជំងឺអាចមានមូលហេតុផ្ទាល់ ប៉ុន្តែវាក៏អាចមានមូលហេតុឫសគល់របស់វាដែរ។

ការស្វែងរកមូលហេតុឫសគល់ អាចជួយយើងឲ្យកំណត់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីដោះស្រាយបញ្ហាក្នុងរយៈពេលវែងឆ្ងាយ។ សកម្មភាព “ប៉ុន្តែហេតុអ្វី...?” ដែលមាលាបានរៀបចំជាមួយអ្នកភូមិ អាចជួយប្រជាជនឲ្យយល់ថា បញ្ហាតែមួយអាចបណ្តាលមកពីមូលហេតុឫសគល់ជាច្រើនខុសៗគ្នា។

ការផ្លាស់ប្តូរត្រូវការពេលវេលា

ការកែលម្អសុខភាពបរិស្ថាន មិនមែនកើតឡើងយ៉ាងឆាប់រហ័សទេ។ នៅទីក្រុងមែនក្លារ៉ាល់តូ បុគ្គលិកសុខាភិបាលបានព្យាបាលជំងឺអាសន្នរោគដោយការផ្តល់ភេសជ្ជៈបង្គ្រប់ជាតិទឹកជាមុន និងក៏បានធ្វើការងារផ្សេងទៀតដើម្បីបង្ការជំងឺ តាមរយៈការធ្វើឲ្យទឹកមានសភាពស្អាត។ បន្ទាប់មកពួកគេបានរៀបចំចាត់ចែងសហគមន៍ឲ្យសាងសង់ប្រព័ន្ធទឹកស្អាតនិងបង្គន់ ដើម្បីការពារជំងឺអាសន្នរោគនៅថ្ងៃមុខទៀត។ ប៉ុន្តែជាអកុសល ពួកគេបានយល់ដឹងអំពីបញ្ហាសំណឹកដីនិងទឹកជំនន់ដែលបណ្តាលមកពីការបាត់បង់ដើមឈើ នៅក្រោយពេលដែលព្យុះដ៏ធំបានបំផ្លាញប្រព័ន្ធទឹកស្អាតនិងបង្គន់ខ្ទេចខ្ទីរួចអស់ទៅហើយ។ ពួកគេត្រូវយល់អំពីមូលហេតុឫសគល់របស់វា ទើបអាចធ្វើការផ្លាស់ប្តូរដែលស្ថិតស្ថេរបាន។

 woman speaking
ការកែលម្អសុខភាពបរិស្ថាន កើតឡើងមួយជំហានម្តង។ ត្រូវមានការអត់ធ្មត់។ ជួនកាលការផ្លាស់ប្តូរដែលកើតឡើងឆាប់រហ័ស ក៏រលាយបាត់ទៅវិញយ៉ាងឆាប់រហ័សដែរ។

ជួនកាលយើងត្រូវតែពុះពារ និងទទួលបរាជ័យជាច្រើនដង មុននឹងសម្រេចបានជោគជ័យ។ ធម្មតាយើងគ្រាន់តែសង្កេតមើលថាអ្វីមានប្រសិទ្ធភាព, អ្វីគ្មានប្រសិទ្ធភាព, ហើយវាមកពីមូលហេតុអ្វី។ ការកែលម្អសុខភាពបរិស្ថាន ត្រូវការពេលវេលា ព្រោះជាធម្មតាវាត្រូវការការផ្លាស់ប្តូរផ្សេងៗគ្នាចំនួនបួនយ៉ាង ៖

  • ការផ្លាស់ប្តូរដើម្បីកែលម្អប្រព័ន្ធទឹក, ផ្ទះសម្បែង, ឬអ្វីផ្សេងទៀតដែលយើងសាងសង់ដើម្បីខ្លួនយើង (រចនាសម្ព័ន្ធ)។
  • ការផ្លាស់ប្តូរលើអ្វីដែលយើងទិញ ដូចជាការបដិសេធមិនទិញអាហារសល់, ផលិតផលសម្អាតដែលមានជាតិពុល, ឬផលិតផលដែលវេចខ្ចប់ក្នុងថង់ប្លាស្ទិក (ការចំណាយលើការប្រើប្រាស់)។
  • ការផ្លាស់ប្តូរទម្លាប់ ដូចជាការលាងសម្អាតដៃទៀងទាត់, ការដាក់សំណល់ដាច់ដោយឡែកពីគ្នាដើម្បីអាចកែច្នៃឡើងវិញនូវកាកសំណល់មួយចំនួន, ឬការដាំដំណាំតាមវិធីថ្មីៗ (ការប្រព្រឹត្ត)។
  • ការផ្លាស់ប្តូរលើអំណាចដែលអ្នកភូមិ សាជីវកម្ម រដ្ឋាភិបាល និងមនុស្សដទៃទៀតអាចសម្រេចធ្វើអ្វីមួយដែលប៉ះពាល់ដល់បរិស្ថាន (នយោបាយ)។

ការផ្លាស់ប្តូរទាំងអស់នេះ ត្រូវការពេលវេលា, ហើយវាទទួលឥទ្ធិពលចំពោះគ្នាទៅវិញទៅមក។

 "យើងត្រូវតែធ្វើជាអ្នកផ្លាស់ប្តូរដែលយើងចង់ឃើញនៅក្នុងពិភពលោក។d"

ធ្វើការជាមួយមនុស្សវ័យក្មេង

វិធីមួយដើម្បីធានាថា ការផ្លាស់ប្តូរនឹងនៅស្ថិតស្ថេរយូរអង្វែង គឺត្រូវធ្វើការជាមួយមនុស្សវ័យក្មេង ព្រោះពួកគេនឹងនាំយកនូវអ្វីដែលបានរៀនសូត្រ ទៅថ្ងៃអនាគត។ យើងគ្រប់គ្នា ទោះជាមានអាយុប៉ុន្មានក្តី សុទ្ធតែអាចយកតម្រាប់តាមអាកប្បកិរិយារបស់មនុស្សវ័យក្មេង ពោលគឺពួកគេតែងតែមានឆន្ទៈរៀនសូត្រនិងសាកល្បងអ្វីៗដែលថ្មី។