Hesperian Health Guides

សកម្មភាពសម្រាប់ការរៀនសូត្រ និងការកៀរគរ

នៅក្នុងជំពូកនេ:

សកម្មភាពជាក្រុម អាចជួយប្រជាជនឲ្យយល់អំពីមូលហេតុឫសគល់នៃបញ្ហា រួចបង្កើតផែនការសម្រាប់ ការផ្លាស់ប្តូរ។ សកម្មភាពដែលអ្នកប្រើប្រាស់ នឹងអាស្រ័យលើអ្វីដែលអ្នកត្រូវដឹង, អ្វីដែលអ្នករំពឹងនឹងធ្វើ, និងលើធនធានដែលមាន។ សកម្មភាពនានាអាច ៖

  • ប្រមូលប្រជាជនឲ្យមកជួបជុំគ្នា ដើម្បីកំណត់អំពីបញ្ហារួម។
  • ស្វែងរកនូវអ្វីដែលប្រជាជនគិតថាពួកគេត្រូវការបំផុត។
  • ប្រមូលព័ត៌មានផ្សេងៗអំពីអ្វីដែលបណ្តាលឲ្យមានបញ្ហាសុខភាព។
  • វិភាគបញ្ហាទាំងឡាយ ដើម្បីរកឲ្យឃើញនូវមូលហេតុផ្ទាល់ និងមូលហេតុឫសគល់របស់វា។
  • ប្រមូលគំនិតយោបល់របស់ប្រជាជនទាំងអស់នៅក្នុងសហគមន៍។ គម្រោងមួយមិនអាចទទួលបានជោគជ័យទេ បើក្រុមខ្លះឬយោបល់មួយចំនួន មិនត្រូវបានរាប់បញ្ចូល។ ប្រជាជននឹងមិនចង់ជួយដោះស្រាយទេ ប្រសិនបើយោបល់របស់ពួកគេមិនត្រូវបានយកចិត្តទុកដាក់។


សុខភាពបរិស្ថាន គឺតែងតែជាបញ្ហារបស់សហគមន៍ទាំងមូល ដូច្នេះវាត្រូវការឲ្យប្រជាជនធ្វើការរួមគ្នាដើម្បីធ្វើការកែលម្អ។ មិនថាគោលបំណងគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការរាតត្បាតជំងឺ, ដើម្បីដាំដំណាំប្រចាំសហគមន៍, ដើម្បីកែលម្អសុខភាពនិងសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅក្បែររោងចក្រ ឬធ្វើការក្នុងអណ្តូងរ៉ែ, ឬដើម្បីគូសបញ្ជាក់អំពីបញ្ហាសុខភាពបរិស្ថានដទៃទៀតទេ, ដរាបណាប្រជាជនមានការយល់ដឹងដូចគ្នាអំពីបញ្ហានីមួយៗ និងមានការប្តេជ្ញារួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះ នោះពួកគេក៏នឹងកាន់តែមានជោគជ័យខ្លាំងឡើង។

ស្ត្រីត្រូវការបញ្ចេញយោបល់

នៅសហគមន៍ខ្លះ ស្ត្រីនិងក្មេងស្រីទំនងជានឹងចូលរួមក្នុងសកម្មភាពផ្សេងៗ បើសកម្មភាពទាំងនោះត្រូវបានរៀបចំដោយដាក់ដោយឡែកពីក្រុមបុរស។ បន្ទាប់មក ក្រុមរបស់ស្ត្រីនឹងបង្ហាញពីគំនិតរបស់ពួកគេទៅកាន់ក្រុមធំ។ តាមវិធីនេះ ស្ត្រីនិងក្មេងស្រីមានឱកាសបញ្ចេញយោបល់រួមគ្នាមួយ មុននឹងបញ្ចេញទៅកាន់សហគមន៍ទាំងមូល។ តាមរយៈការពង្រឹងសំឡេងរបស់ស្ត្រីនិងក្មេងស្រី និងការបង្កើតជំនាញភាពជាអ្នកដឹកនាំដល់ពួកគេ, សហគមន៍ទាំងមូលនឹងកាន់តែមានភាពរឹងមាំ។

 illustration of the below: 5 women gather for a group discussion next to a sign reading, "Toilets too far from my house. Safer to go in the bush. No way to wash."
បង្គន់គ្មានសុវត្ថិភាពចំពោះកុមារទេ។
នៅថ្ងៃមករដូវ ពួកយើងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បង្គន់ទេ។
ប្រសិនបើអ្នកចង់ដោះស្រាយបញ្ហាអ្វីមួយ អ្នកគួរធ្វើការជាមួយមនុស្សដែលរងផលប៉ះពាល់ពីបញ្ហានោះ។

ការពិភាក្សាដែលមានការណែនាំ

ដើម្បីឲ្យមានការយល់ដឹងដូចគ្នាលើបញ្ហាសុខភាពនានា ប្រជាជនត្រូវតែជជែកគ្នា។ ការពិភាក្សាដែលមានការណែនាំ គឺជាវិធីមួយដើម្បីឲ្យមនុស្សមួយក្រុមនិយាយជាមួយគ្នា និងដើម្បីសួរនិងឆ្លើយសំនួរជាក់លាក់មួយចំនួន។ សកម្មភាព “ប៉ុន្តែហេតុអ្វី...” គឺជាប្រភេទមួយនៃការពិភាក្សាដែលមានការណែនាំ។ គំនូរសម្រាប់ការពិភាក្សា និង ការគូសខ្សែបន្ទាត់រូបរាងមនុស្ស ក៏ជាប្រភេទនៃការពិភាក្សាដែលមានការណែនាំផងដែរ។

អ្នកដែលណែនាំការពិភាក្សា ជួនកាលត្រូវបានហៅថា អ្នកសម្របសម្រួល ឬអ្នកជីវចល។ សកម្មភាពភាគច្រើននៅក្នុងសៀវភៅនេះ តម្រូវឲ្យមានអ្នកសម្របសម្រួលម្នាក់ ដើម្បីធានាថាអ្នកចូលរួមគ្រប់គ្នាបានធ្វើការអស់ពីលទ្ធភាព និងដើម្បីធានាថាការពិភាក្សាឬសកម្មភាពនោះនឹងឈានដល់ការអនុវត្តជាក់ស្តែង។

ការគូរផែនទីសហគមន៍

 A group of men and women bend over to make a map.
គូរផែនទីដោយប្រើប៊ិចឬថ្នាំពណ៌នៅលើក្រដាស ឬនៅលើដី ដោយប្រើថ្ម ឈើ និងអ្វីផ្សេងទៀតដែលអាចរកបាន។

ការគូរផែនទីសហគមន៍ គឺជាសកម្មភាពមួយដែលប្រជាជននឹងធ្វើផែនទីមួយរួមគ្នា ដោយផ្អែកលើអ្វីដែលពួកគេមើលឃើញនិងយល់ដឹងនៅក្នុងសហគមន៍របស់ខ្លួន។ តាមរយៈការធ្វើផែនទីសុខភាពសហគមន៍ អ្នកអាចយល់ដឹងអំពី ៖

  • ទីកន្លែងដែលបញ្ហាសុខភាពផ្សេងៗបានកើតឡើង។
  • ជនដែលរងផលប៉ះពាល់ពីបញ្ហាទាំងនោះ។
  • របៀបដែលស្ថានភាពបរិស្ថានអាចបណ្តាលឲ្យមានបញ្ហាសុខភាពទាំងនោះ។


ការធ្វើផែនទី អាចជួយប្រជាជនឲ្យមើលឃើញពីលំណាំផ្សេងៗនៃបញ្ហាសុខភាព, ចាប់ផ្តើមស្វែងរកមូលហេតុឫសគល់នៃបញ្ហាទាំងនេះ, និងមើលឃើញពីរបៀបដែលស្ថានភាពក្នុងសហគមន៍បានប្រែប្រួលក្នុងពេលកន្លងមក។ ផែនទីក៏អាចជួយប្រជាជនឲ្យកំណត់អំពីធនធាន និងកម្លាំងសំខាន់ៗរបស់សហគមន៍ ដែលពួកគេប្រហែលជាមិនបានចាប់អារម្មណ៍។ ហើយការធ្វើផែនទី អាចជាជំហានមួយក្នុងការការពារទីកន្លែងប្រពៃណី ឬទីសក្តិសិទ្ធសំខាន់ៗផងដែរ។

ការស្វែងយល់អំពីអ្វីដែលសហគមន៍ត្រូវការ

ជាញឹកញាប់ ប្រជាជនមានគំនិតខុសៗគ្នាអំពីអ្វីដែលជាបញ្ហានៅក្នុងសហគមន៍ និងអំពីអ្វីដែលជាវិធីល្អបំផុតក្នុងការដោះស្រាយបញ្ហាទាំងនោះ។ ការធ្វើឲ្យប្រជាជនគ្រប់គ្នាយល់អំពីបញ្ហាផ្សេងៗដែលកំពុងកើតឡើង និងអំពីមូលហេតុផ្សេងៗនៃបញ្ហា, និងការជួយប្រជាជនឲ្យសម្រេចចិត្តថាគួរដោះស្រាយបញ្ហាណាខ្លះក្នុងរយៈពេលខ្លី និងបញ្ហាណាខ្លះក្នុងរយៈពេលវែង, ជួនកាលត្រូវបានហៅថា “ការវាយតម្លៃលើសេចក្តីត្រូវការ។ ការវាយតម្លៃលើសេចក្តីត្រូវការ ដែលប្រព្រឹត្តទៅបានល្អ អាចជួយធ្វើឲ្យប្រាកដថា តម្រូវការនិងសមត្ថភាពរបស់មនុស្សគ្រប់គ្នា ត្រូវបានពិចារណានៅក្នុងពេលរៀបចំផែនការ។

Men, women and children walk together through a village of thatched huts.

ការដើរសង្កេតមើលបញ្ហាសុខភាព

ក្នុងពេលដើរសង្កេតមើលបញ្ហាសុខភាព ប្រជាជនក្រឡេកមើលលើសហគមន៍របស់ពួកគេកាន់តែច្បាស់ថែមទៀត។ ពួកគេព្យាយាមស្វែងរកនូវអ្វីដែលអាចជាមូលហេតុនៃបញ្ហាសុខភាពផ្សេងៗ ដូចជាប្រភពទឹកដែលមិនស្អាត, ក្រុមហ៊ុនដែលបង្កការបំពុល, ឬការខ្វះខាតឧស។ នៅពេលប្រជាជនជាក្រុម ដើរសង្កេតមើលបញ្ហាសុខភាពរួមគ្នា ពួកគេអាចចែករំលែកគ្នានូវបញ្ហាខុសៗគ្នាដែលពួកគេបានយល់ដឹង។ បន្ទាប់មកពួកគេអាចធ្វើការជាមួយគ្នាដើម្បីរកដំណោះស្រាយផ្សេងៗដែលអាចធ្វើបាន។ ប្រជាជនចូលរួមជាមួយគ្នាកាន់តែច្រើន គំនិតក៏មានកាន់តែល្អ។

ការផ្លាស់ប្តូរតាមពេលវេលា

វិធីមួយទៀតដើម្បីស្វែងយល់ពីបញ្ហានិងតម្រូវការផ្សេងៗនៅក្នុងសហគមន៍ គឺការប្រៀបធៀបស្ថានភាពបច្ចុប្បន្ន ជាមួយនឹងស្ថានភាពអតីតកាល។ បន្ទាប់មក គិតអំពីស្ថានភាពនាពេលអនាគត ថាតើអ្នកចង់ឲ្យវាទៅជាបែបណា។ វិធីមួយក្នុងការធ្វើបែបនេះ គឺការប្រមូលរឿងរ៉ាវផ្សេងៗ ពីមនុស្សចាស់នៅក្នុងសហគមន៍របស់អ្នក។

ការជំរុញឲ្យមនុស្សវ័យក្មេងធ្វើជាអ្នកដឹកនាំសកម្មភាពទាំងនេះ ជួយធ្វើឲ្យមានការគោរពនិងយល់ចិត្តគ្នារវាងមនុស្សក្នុងជំនាន់មួយទៅជំនាន់មួយទៀត។ វាក៏ជួយអភិរក្សនូវប្រពៃណីផ្សេងៗដែលមនុស្សគ្រប់គ្នាចង់ឲ្យនៅស្ថិតស្ថិរគង់វង្សផងដែរ។

ពេលវេលាដែលកន្លងទៅនៅក្នុងសហគមន៍ អាចជួយប្រជាជនឲ្យយល់អំពីការផ្លាស់ប្តូរពីជំនាន់មួយទៅជំនាន់មួយ និងអាចពិចារណាលើព្រឹត្តិការណ៍សំខាន់ៗ ដូចជាការក្រាលផ្លូវ, ការបើកដំណើរការរោងចក្រ, ការសាងសង់ទំនប់ ។ល។ ការគូរផែនទីអំពីការផ្លាស់ប្តូរនៅក្នុងសហគមន៍ គឺជាវិធីមួយផ្សេងទៀតក្នុងការចែករំលែកនូវចំណេះដឹងអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រផ្សេងៗ តាមរយៈរូបគំនូរ ឬផែនទីដែលបង្ហាញពីការផ្លាស់ប្តូរកន្លងមកនៅក្នុងស្រែចម្ការ, កសិដ្ឋាន, ព្រៃឈើ, ផ្ទះសម្បែង, ទន្លេ, និងបឹងនានា។ (សូមមើលការរៀបចំគម្រោងទីជម្រាលសម្រាប់សហគមន៍)។

សកម្មភាពគូររូប

ការគូររូបនិងការសំឡឹងមើលរូបគំនូរ អាចជួយយើងឲ្យមើលឃើញនូវដំណោះស្រាយមួយចំនួនដែលយើងមិនធ្លាប់មើលឃើញ។ រូបគំនូរអាចត្រូវបានប្រើប្រាស់ដើម្បីចាប់ផ្តើមការពិភាក្សា ហើយវាក៏អាចជាវិធីមួយដែលអនុញ្ញាតឲ្យអ្នកមិនចេះអក្សរ បង្ហាញពីមតិយោបល់របស់ខ្លួន និងចូលរួមក្នុងការដឹកនាំក្រុមផងដែរ។ សូមមើល សូមមើលរបៀបឆ្លងរាលដាលនៃជំងឺរាក និងការគូររូបអំពីដំណោះស្រាយថ្នាំសម្លាប់សត្វល្អិត

Men and women make drawings.

សហគមន៍ខ្លះធ្វើការជាមួយគ្នាដើម្បីគូររូបនៅលើជញ្ជាំងអាគារ ដែលបង្ហាញពីបញ្ហារបស់ពួកគេ និងក្តីសង្ឃឹមរបស់ពួកគេនៅថ្ងៃអនាគត ថានឹងមានសុខភាពប្រសើរឡើង។ (សម្រាប់គំនិតផ្សេងៗក្នុងការបង្កើតនិងប្រើប្រាស់រូបគំនូរសម្រាប់ការអប់រំតាមសហគមន៍ សូមមើលសៀវភៅ Helping Health Workers Learn (ការជួយបុគ្គលិកសុខាភិបាលឲ្យរៀន) របស់អង្គការហេស្ពឺរៀន (Hesperian) ។ )

ការស្ទង់មតិក្នុងសហគមន៍

ការស្ទង់មតិក្នុងសហគមន៍ គឺជាវិធីមួយដែលត្រូវបានរៀបចំជាមុនដើម្បីប្រមូលព័ត៌មានផ្សេង។ វាអាចត្រូវបានប្រើប្រាស់ដើម្បីស្វែងយល់អំពីបញ្ហាសុខភាពរបស់ប្រជាជន, ដើម្បីពិចារណាលើភាពដូចគ្នានិងខុសគ្នាចំពោះអ្វីដែលប្រជាជនយល់ឃើញ, ឬដើម្បីវាស់ស្ទង់ពីការគាំទ្ររបស់ប្រជាជនទៅលើផែនការឬសកម្មភាពផ្សេងៗនៅក្នុងសហគមន៍។

A female survey worker visits at the doorway of a home and listens to a woman as two other women watch.

នៅក្នុងការស្ទង់មតិ ប្រជាជនទាំងអស់ដែលចូលរួម នឹងត្រូវបានសួរសំនួរដូចៗគ្នា ក្នុងរបៀបតែមួយ។ ការស្ទង់មតិអាចធ្វើឡើងនៅក្នុងផ្ទះ, កន្លែងធ្វើការ, សាលារៀន, ទីសក្ការៈ, កន្លែងដែលប្រជាជនជួបជុំគ្នា, ឬសូម្បីតែតាមការនិយាយទូរស័ព្ទ ឬផ្ញើតាមប្រៃសណីយ៍។

ការស្ទង់មតិអនុញ្ញាតឲ្យអ្នកចូលរួម ចែករំលែកនូវគំនិតយោបល់របស់ខ្លួនជាលក្ខណៈឯកជន ដោយមិនចាំបាច់ទៅចូលរួមក្នុងការប្រជុំ ឬក្នុងព្រឹត្តិការណ៍សារធារណៈដទៃទៀតទេ។ បែបនេះអាចជាវិធីមួយសម្រាប់មនុស្សមួយចំនួនដែលមានការភ័យខ្លាច ឬមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការសម្រេចចិត្តរបស់សហគមន៍ខ្លួន ដើម្បីឲ្យការបារម្ភនិងគំនិតរបស់ពួកគេត្រូវបានពិចារណា។ (សម្រាប់ឧទាហរណ៍អំពីការស្ទង់មតិផ្នែកសុខភាពក្នុងសហគមន៍, សូមមើ “សហគមន៍ដែលរងការប៉ះពាល់ពីប្រេង រៀបចំការសិក្សាផ្នែកសុខភាពមួយ” )។

ល្ខោន

ល្ខោនគឺជាវិធីមួយដើម្បីពិនិត្យរកមើលបញ្ហាផ្សេងៗ និងស្នើឡើងនូវដំណោះស្រាយមួយចំនួន ខណៈដែលផ្តល់ការកំសាន្តនិងសប្បាយរីករាយ។ ប្រជាជនអាចសម្តែងចេញនូវបទពិសោធន៍ផ្ទាល់ខ្លួន និងស្រមើស្រមៃពីបទពិសោធន៍របស់អ្នកដទៃ។ បញ្ហានិងជម្លោះមួយចំនួនអាចប្រែក្លាយជាងាយពិចារណា ប្រសិនបើវាត្រូវបានបង្ហាញនៅពេលវេលានិងទីកន្លែងដទៃវិញ។ (មើលទំព័របន្ទាប់ អំពីវិធីរៀបចំល្ខោន)។

ល្ខោនសង្គម

ល្ខោនសង្គមអនុញ្ញាតឲ្យប្រជាជនសម្តែងចេញនូវបញ្ហាមួយ រួចបង្ហាញពីមូលហេតុនិងផលប៉ះពាល់មួយចំនួននៃបញ្ហានោះ។ សូមមើលឧទាហរណ៍បង្ហាញពីរបៀបសម្តែង ល្ខោនសង្គម ដែលនិយាយអំពីជម្លោះលើធនធានព្រៃឈើ

រឿងរ៉ាវអ្វីក៏ដោយក៏អាចយកធ្វើជាល្ខោនសង្គមបានដែរ ដរាបណាវាមានតួអង្គក្នុងនោះ និងមានបញ្ហាដែលត្រូវដោះស្រាយ។
illustration of the above: People watch as 2 men and a woman act out a drama.

ល្ខោនសង្គមអាចបំផុសនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ អ្នករៀបចំសហគមន៍ខ្លះ ចូលចិត្តបញ្ចប់សាច់រឿងដោយឲ្យប្រជាជនច្រៀងចម្រៀងមួយបទរួមគ្នា ឬធ្វើសកម្មភាពដទៃទៀតដែលមានលក្ខណៈជាការ សហការគ្នា។

ល្ខោនអន្តរកម្ម គឺជាប្រភេទមួយនៃល្ខោនសង្គម ដែលមនុស្សគ្រប់គ្នាទស្សនាផង និងចូលរួមសម្តែងផង។ ទស្សនិកជនណាម្នាក់ ក៏អាចប្រាប់អ្នកសម្តែងឲ្យឈប់បានដែរ រួចគាត់អាចចូលសម្តែងជំនួសតួនោះ ដោយសម្តែងអំពីដំណោះស្រាយផ្សេងមួយទៀត។ បែបនេះមានប្រយោជន៍ជាពិសេសចំពោះស្ថានភាពខ្លះដែលប្រជាជនផ្លាស់ប្តូរវេនគ្នាសម្តែងតួរបស់មនុស្សម្នាក់ដែលមានអំណាចតិចតួចឬគ្មានសោះ។

ការសម្តែងតួ

ការសម្តែងតួមិនទាមទារឲ្យមានការរៀបចំច្រើនដូចល្ខោនសង្គមទេ ហើយវាអាចជួយពន្យល់អំពីគំនិតខុសៗគ្នា ឬជួយដោះស្រាយជម្លោះផ្សេង។ ប្រជាជនដើរតួខុសៗគ្នា ដោយសម្តែងពីស្ថានភាពក្នុងជីវិតពិត ដើម្បីបង្ហាញនូវអ្វីដែលពួកគេនឹងធ្វើ។ អ្នកអាចពិភាក្សានិងសម្តែងតួឡើងវិញ ដើម្បីស្វែងយល់ថាហេតុអ្វីបានជាប្រជាជនបញ្ចេញអាកប្បកិរិយាបែបនោះ។ នៅលើឆាកសម្តែង ការកែប្រែអាកប្បកិរិយារបស់មនុស្សម្នាក់ដែលមានអំណាច គឺជាការងាយស្រួលទេ ប៉ុន្តែការកែប្រែក្នុងជីវិតពិត គឺពិបាកណាស់។ ការអនុវត្តក្នុងឆាកល្ខោនអំពីរបៀបទំនាក់ទំនងជាមួយមនុស្សមានអំណាចលើយើង ជួយត្រៀមលក្ខណៈដល់ប្រជាជនឲ្យចេះប្រើវិធីផ្សេងៗក្នុងការឆ្លើយតបទៅកាន់អ្នកមានអំណាចក្នុងជីវិតពិត។

A child behind a table on its side performs a puppet show for 2 other children.

ការសម្តែងតុក្កតា

ការសម្តែងតុក្កតា គឺគេយកតុក្កតាមកសម្តែងជំនួសមនុស្ស ដើម្បីបង្ហាញអំពីសាច់រឿងនៃជម្លោះក្នុងសហគមន៍។ វាធ្វើឲ្យប្រជាជនសើច ហើយអាចជួយពួកគេឲ្យមើលឃើញនូវអ្វីដែលពួកគេមិនធ្លាប់មើលឃើញពីមុន។ មនុស្សខ្លះអាចនិយាយតាមរយៈតុក្កតាបានងាយជាងការសម្តែងនៅលើឆាក។