Hesperian Health Guides

ការបង្កើតស្ថាប័នក្នុងសហគមន៍

នៅក្នុងជំពូកនេ:

ការគ្រប់គ្រងធនធានធម្មជាតិដោយយុត្តិធម៌និងដោយស្មើភាពគ្នា មានន័យថាមនុស្សទាំងអស់អាចបញ្ចេញមតិយោបល់នៅក្នុងការសម្រេចអំពីការប្រើប្រាស់ និងចែករំលែកធនធានធម្មជាតិ។ ការគ្រប់គ្រងដោយយុត្តិធម៌និងដោយស្មើភាពគ្នា អាចមានជាច្រើនទម្រង់ ប៉ុន្តែទម្រង់ទាំងអស់សុទ្ធតែផ្អែកលើការអប់រំ និងការរៀបចំចាត់ចែងប្រជាជនឲ្យធ្វើការងាររួមគ្នាដើម្បីការផ្លាស់ប្តូរ។

សុខភាពបរិស្ថានតែងតែជាបញ្ហារបស់សហគមន៍។ ប្រជាជនត្រូវតែធ្វើការងាររួមគ្នាជាសហគមន៍មួយ ដើម្បីការពារនូវធនធានដែលពួកគេត្រូវការដូចគ្នា។ ដើម្បីធ្វើការងាររួមគ្នាយូរអង្វែង ជាទូទៅប្រជាជនបង្កើតជាក្រុមឬស្ថាប័នក្នុងសហគមន៍។

នៅពេលជំងឺអាសន្នរោគបានចាប់ផ្តើមរាតត្បាតនៅក្នុងប្រទេសអេខ្វាឌ័រ គម្រោង“សុខភាពសម្រាប់ប្រជាជន” បានរៀបចំជាគណៈកម្មាធិការសុខភាពសាធារណៈ ដើម្បីទទួលបន្ទុកលើការលើកកម្ពស់ការយល់ដឹងអំពីជំងឺនិងជំរុញឲ្យប្រជាជនធ្វើសកម្មភាពផ្សេង។ ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរទៅកាន់ការរាតត្បាតនៃជំងឺអាសន្នរោគ គណៈកម្មាធិការសុខភាពសាធារណៈបានផ្តល់នូវចំណេះដឹង(វិធីធ្វើភេសជ្ជៈបង្គ្រប់ជាតិទឹក) និងសេវាផ្សេង(សាងសង់បង្គន់ថ្មីៗនិងប្រព័ន្ធទឹកស្អាត)។ ពួកគេក៏បានជួយស្រោចស្រង់និងពង្រឹងសហគមន៍របស់ពួកគេឡើងវិញ តាមរយៈការថែទាំគ្លីនិកសុខភាព និងការផ្តល់សេវាអប់រំនិងបណ្តុះបណ្តាលនៅតាមសាលារៀន សួនច្បារ និងនៅតាមផ្ទះប្រជាជន។ ពួកគេបានធ្វើជាគំរូឲ្យប្រជាជនដទៃទៀត ដើម្បីបង្កើតជាក្រុមនិងស្ថាប័នផ្សេងៗ ដូចជាក្រុមអ្នកលើកកម្ពស់សុខភាពបរិស្ថាន និងកម្មវិធីកែច្នៃធនធានឡើងវិញ។

a man speaks

នៅពេលដែលភូមិនីមួយៗបានបង្កើតជាគណៈកម្មាធិការលើកកម្ពស់សុខភាពរួចមក ពួកគេក៏អាចសម្រេចថាបញ្ហាសុខភាពណាខ្លះដែលត្រូវដោះស្រាយមុនគេ។

គម្រោង“សុខភាពសម្រាប់ប្រជាជន” ក៏បានធ្វើការងារជាមួយអង្គការដទៃទៀតដែលនៅក្រៅសហគមន៍របស់ពួកគេ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ, ជំនាញវិស្វកម្ម, ថ្នាំពេទ្យ, និងធនធានដទៃទៀត។ ពួកគេបានធ្វើឲ្យប្រាកដថា ធនធានទាំងនេះត្រូវបានប្រើប្រាស់និងគ្រប់គ្រងដោយអ្នកភូមិផ្ទាល់។ សហគមន៍ទាំងនេះក៏បានចូលរួមនៅក្នុងការរៀបចំផែនការ និងការសម្រេចចិត្តអំពីការពង្រីកកម្មវិធីរបស់ពួកគេផងដែរ។

នៅពេលដែលរដ្ឋាភិបាលមិនផ្តល់ឲ្យប្រជាជនរបស់ពួកគេនូវតម្រូវការសំខាន់, ប្រជាជនត្រូវតែបង្កើតស្ថាប័នផ្សេងៗដោយខ្លួនឯង ដូចដែលគម្រោង“សុខភាពសម្រាប់ប្រជាជន” បានធ្វើដូច្នេះដែរ ដើម្បីធានាថាពួកគេនឹងមានសុខភាពល្អនៅថ្ងៃអនាគត។ ជារឿយៗនៅពេលដែលសហគមន៍រៀបចំសកម្មភាពរបស់ខ្លួន រដ្ឋាភិបាលក៏ចាប់ផ្តើមឆ្លើយតបដែរ ដោយបំពេញតាមការទទួលខុសត្រូវរបស់ខ្លួនដែលមានចំពោះប្រជាជន។

តម្រូវការធនធានខុសៗគ្នារវាងបុរសនិងស្ត្រី, រវាងកម្មករ កសិករ មេព្រៃ និងម្ចាស់កសិដ្ឋាន, រវាងឧស្សាហកម្ម អ្នកអភិវឌ្ឍន៍ដីធ្លី និងអ្នកដទៃទៀត, អាចនាំឲ្យមានជម្លោះនៅក្នុងសហគមន៍របស់អ្នក។ ជួនកាលបញ្ហាខ្លះអាចពិបាកនឹងដោះស្រាយខ្លាំងណាស់ ដូចជាការថ្លឹងថ្លែងរវាងតម្រូវការប្រាក់ចំណូលក្នុងរយៈពេលខ្លី និងតម្រូវការសុខភាពក្នុងរយៈពេលវែង។ ការបង្កើតស្ថាប័ននៅក្នុងសហគមន៍ឲ្យមានលក្ខណៈរឹងមាំ តែងតែត្រូវការពេលវេលាយ៉ាងយូរ ព្រោះការទទួលស្គាល់ភាពខុសគ្នា និងការព្យាយាមដោះស្រាយជម្លោះ គឺជាការងារដ៏លំបាក។ ការកំណត់គោលដៅដើម្បីសុខភាពយូរអង្វែង និងការស្វែងរកវិធីផ្សេងៗដើម្បីឲ្យមនុស្សគ្រប់គ្នាធ្វើការងារឆ្ពោះទៅរកគោលដៅនេះរួមគ្នា, អាចជួយដោះស្រាយជម្លោះដែលពិបាកៗ និងជួយបង្កើតស្ថាប័នដ៏រឹងមាំដែលការពារផលប្រយោជន៍រួមទៀតផង។