Hesperian Health Guides
ការធ្វើឲ្យសហគមន៍របស់យើងមានស្ថិរភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៣. ការការពារធនធានធម្មជាតិសម្រាប់មនុស្សគ្រប់គ្នា > ការធ្វើឲ្យសហគមន៍របស់យើងមានស្ថិរភាព
ស្ថិរភាពមានន័យថា លទ្ធភាពក្នុងការថែរក្សាអ្វីមួយឲ្យនៅគង់វង្សយូរអង្វែង។ ទោះជាយើងកំពុងនិយាយអំពីស្ថាប័នក្នុងសហគមន៍ ដូចជាគ្លីនិកសុខភាព ឬកម្មវិធីកែច្នៃធនធានឡើងវិញ ឬអំពីធនធានធម្មជាតិ ដូចជាព្រៃឈើ ស្រែចម្ការ ឬកន្លែងទឹកចេញក៏ដោយ, ប្រសិនបើវាមិនត្រូវបានអភិវឌ្ឍនិងប្រើប្រាស់ឲ្យមានស្ថិរភាពទេ នោះបញ្ហាសុខភាពបរិស្ថានធ្ងន់ធ្ងរនឹងអាចកើតឡើង។
ស្ថិរភាពក៏អាចមានន័យថា ជាការអាចបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនក្នុងពេលបច្ចុប្បន្ន ខណៈដែលកំពុងរៀបចំផែនការសម្រាប់តម្រូវការរបស់មនុស្សជំនាន់ក្រោយផងដែរ។ ឧបសគ្គចម្បងបំផុតមួយដែលប្រជាជនកំពុងប្រឈមសព្វថ្ងៃ គឺការព្យាយាមបំពេញនូវរាល់តម្រូវការរបស់យើងដោយមិនឲ្យបង្កគ្រោះថ្នាក់ដល់បរិស្ថានដែលជាអ្នកផ្តល់អាហារ ជម្រក និងសម្លៀកបំពាក់, ដែលផ្តល់ជាទឹក ថាមពល និងឱសថ, និងដែលជាប្រភពដ៏សំខាន់សម្រាប់ការរស់រានរបស់យើង។
នៅជុំវិញខ្លួនយើង យើងឃើញសញ្ញានៃការអភិវឌ្ឍន៍ដែលគ្មានស្ថិរភាព។ ភាពខ្វះខាតនៃអាហារសុខភាព ខ្យល់និងទឹកស្អាត និងការចិញ្ចឹមជីវិតប្រកបដោយសុវត្ថិភាព, មានកាន់តែច្រើនឡើង។ ការបំពុលបរិស្ថាន ការកាប់បំផ្លាញព្រៃឈើ និងជំងឺផ្សេង, ក៏មានច្រើនយ៉ាងខ្លាំងដែរ។ នៅពេលដែលសហគមន៍លូតលាស់ក្នុងរបៀបម្យ៉ាងដែលគ្មានស្ថិរភាព នោះពួកគេបង្កើតបញ្ហាយ៉ាងធំសម្រាប់ខ្លួនឯង និងសម្រាប់មនុស្សជំនាន់ក្រោយថែមទៀត។
នៅក្នុងសៀវភៅនេះ ជាពិសេសនៅក្នុងសាច់រឿងដែលយើងបានប្រមូលចងក្រង, យើងបានផ្តល់ឧទាហរណ៍អំពីគោលការណ៍មូលដ្ឋានមួយចំនួនស្តីអំពីស្ថិរភាព។ គោលការណ៍សំខាន់បំផុតមួយចំនួន ត្រូវបានរៀបរាប់នៅទំព័របន្តបន្ទាប់នេះ។
មាតិកា
ការគោរពសំណាញ់នៃជីវិត
ពិភពធម្មជាតិផ្សំឡើងពីវត្ថុមានជីវិតជាច្រើនប្រភេទផ្សេងៗគ្នា។ ពាក្យវិទ្យាសាស្ត្រដែលសំដៅលើប្រភេទផ្សេងៗគ្នាយ៉ាងច្រើននៃមនុស្ស រុក្ខជាតិ សត្វ និងសត្វល្អិតដែលរស់នៅលើផែនដីនេះ ហៅថា ជីវចម្រុះ។ កាលដើមឡើយ នៅមុនពេលដែលអ្នកវិទ្យាសាស្ត្រផ្តល់ពាក្យនេះទៅលើភាពសម្បូរបែបនៃវត្ថុមានជីវិត, មនុស្សជាច្រើនបានបង្រៀនកូនចៅរបស់ខ្លួនអំពីសំណាញ់នៃជីវិត។ ដូចគ្នានឹងសំណាញ់ពីងពាងដែលមានភាពរឹងមាំដោយសារសរសៃជាច្រើនតភ្ជាប់គ្នាដែរ, ជីវចម្រុះពឹងផ្អែកទៅលើសំណាញ់នៃជីវិតដែលតភ្ជាប់រវាងវត្ថុមានជីវិតទាំងឡាយនៅក្នុងលោកយើងនេះ។
ឧទាហរណ៍ ប្រជាជនបេះផ្លែឈើយកមកបរិភោគដែលមានសារជាតិចិញ្ចឹម ធ្វើឲ្យពួកគេមានសុខភាពល្អ។ ផ្លែឈើទាំងនេះដុះនៅលើដើមឈើឬគម្ពោតដែលសត្វល្អិតបានរោយលម្អងពីលើ។ បើគ្មានការរោយលម្អងទេ ផ្លែឈើមិនអាចលូតលាស់ធំបានទេ។ សត្វស្លាបស៊ីសត្វល្អិត, ហើយសត្វកញ្ជ្រោងស៊ីសត្វស្លាប។ តុល្យភាពក្នុងសំណាញ់នៃជីវិត មានន័យថា ផ្កា សត្វល្អិត សត្វស្លាប និងសត្វកញ្ជ្រោង គឺមានល្មមតែគ្រប់គ្រាន់ដែលអាចឲ្យវាទាំងអស់នេះរស់នៅក្នុងកន្លែងជាមួយគ្នា។ បើអ្នកសម្លាប់សត្វកញ្ជ្រោងច្រើនពេក (អាចដោយសារតែវាស៊ីមាន់របស់អ្នក) នោះចំនួនសត្វស្លាបអាចនឹងកើនឡើង ហើយពួកវានឹងស៊ីសត្វល្អិតយ៉ាងច្រើន។ ក្នុងឧទាហរណ៍នេះ ការសម្លាប់សត្វកញ្ជ្រោងច្រើនពេក អាចមានន័យថា អ្នកនឹងមានផ្លែឈើតិចដែរ។
ជាអកុសល ពិភពលោកនេះកំពុងតែប្រឈមនឹងការបាត់បង់ជីវចម្រុះយ៉ាងច្រើន ក្នុងនោះមានរុក្ខជាតិនិងសត្វជាច្រើនប្រភេទបានផុតពូជជារៀងរាល់ឆ្នាំ។ ជីវចម្រុះមានសារសំខាន់ណាស់ ហើយវាមានប្រយោជន៍ច្រើនយ៉ាងក្នុងការការពារសុខភាពមនុស្ស។
ការបំផ្លាញសំណាញ់នៃជីវិត នាំឲ្យកើតមានជំងឺថ្មីៗ
ការបាត់បង់ជីវចម្រុះ មានន័យថារុក្ខជាតិនិងសត្វប្រភេទខ្លះត្រូវបានបាត់បង់ ហើយតុល្យភាពធម្មជាតិក្នុងចំណោមរុក្ខជាតិ សត្វ និងមនុស្ស ក៏ត្រូវបានរំខាន។ បែបនេះអាចធ្វើឲ្យកើតមានជំងឺថ្មី។ ខាងក្រោមនេះគឺជាឧទាហរណ៍២យ៉ាងដែលបង្ហាញថា ការបាត់បង់ជីវចម្រុះដោយសារការកាប់បំផ្លាញព្រៃឈើ អាចធ្វើឲ្យកើតមានជំងឺបានយ៉ាងដូចម្តេច ៖
- នៅពេលប្រជាជនកាប់ព្រៃឈើត្រូពិកសម្រាប់ប្រើប្រាស់ក្នុងកសិដ្ឋាននិងក្នុងទីក្រុងនៅប្រទេសអាហ្វ្រិក, ជំងឺឡែសស្មានញ៉ា គ្រុនលឿង និងជំងឺងងុយដេក ក៏បានរាតត្បាត។ វាគឺជាជំងឺឆ្លងរាលដាលដោយសារសត្វល្អិតដែលបង្កកំណើតនៅពេលទឹកលិច ដែលទឹកនេះគួរតែជ្រាបចូលក្នុងដី, ហើយសត្វដែលស៊ីសត្វល្អិតទាំងនេះ បានបាត់បង់ជម្រករបស់វា។
- នៅពេលដើមឈើជាច្រើននៅក្នុងប្រទេសអាមេរិកខាងត្បូងត្រូវបានកាប់បំផ្លាញ, ចំនួនកណ្តុរជើងសបានកើនឡើងដោយសារអាហាររបស់វាមានកាន់តែច្រើន ហើយចំនួនសត្វដែលស៊ីកណ្តុរទាំងនេះ បានថយចុះ។ កណ្តុរទាំងនេះផ្ទុកជំងឺមួយដែលហៅថា ជំងឺប្រព័ន្ធទឹកឡាំ, បន្ទាប់មកវាចម្លងទៅមនុស្ស។
អ្នកដែលប្រើប្រាស់រុក្ខជាតិឱសថ ច្រើនតែដាំដុះនិងថែទាំរុក្ខជាតិទាំងនេះ ដូច្នេះពួកគេការពារទាំងជីវចម្រុះនិងប្រពៃណីរបស់ខ្លួន។ |
ឱសថរុក្ខជាតិពឹងផ្អែកលើជីវចម្រុះ
ឱសថស្ទើរតែទាំងអស់ត្រូវបានផលិតឡើងពីរុក្ខជាតិ។ នៅពេលដើមឈើត្រូវបានកាប់បំផ្លាញ ហើយទន្លេនិងដីល្បាយខ្សាច់បានស្ងួតអស់ នោះយើងនឹងបាត់បង់រុក្ខជាតិទាំងនេះជាច្រើន។ យើងក៏បាត់បង់ចំណេះដឹងបែបបុរាណអំពីវិធីប្រើប្រាស់រុក្ខជាតិទាំងនេះដើម្បីព្យាបាលជំងឺផងដែរ។ ការការពារជីវចម្រុះ និងសំណាញ់នៃជីវិត គឺការពារវប្បធម៌និងការព្យាបាលបែបបុរាណរបស់យើង។
របបអាហារសុខភាព ពឹងផ្អែកលើជីវចម្រុះ
សុខភាពល្អអាស្រ័យលើការបរិភោគអាហារចម្រុះ ដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ, និងអាហារក្នុងព្រៃដូចជា ផ្លែឈើតូចៗ ត្រី និងសត្វព្រៃ។ នៅពេលយើងបាត់បង់ជីវចម្រុះ យើងនឹងបាត់បង់អាហារជាច្រើនដែលចាំបាច់ក្នុងការធ្វើឲ្យរបបអាហាររបស់យើងមានសុខភាពល្អ។ បន្ទាប់មកសហគមន៍ទាំងមូលមានការប្រឈមនឹងបញ្ហាសុខភាពផ្សេងៗដែលបណ្តាលមកពីអាហារូបត្ថម្ភមិនល្អ។
មាលាដែលជាបុគ្គលិកសុខាភិបាលនៃគម្រោង“សុខភាពសម្រាប់ប្រជាជន” យល់យ៉ាងច្បាស់អំពីសំណាញ់នៃជីវិត។ ដោយសារឃ្មុំត្រូវការផ្កាដើម្បីផលិតទឹកឃ្មុំ ហើយដើមផ្កាត្រូវការឃ្មុំជួយវាឲ្យមានផ្លែ, ដូច្នេះទើបការដាំដើមឈើ និងការចិញ្ចឹមឃ្មុំ អាចជួយសហគមន៍ឲ្យមានអាហារ, ហើយក្នុងពេលជាមួយគ្នាក៏ជួយស្រោចស្រង់ឡើងវិញនូវសំណាញ់នៃជីវិតផងដែរ។
ជីវចម្រុះកែលម្អទិន្នផលដំណាំ
ដំណាំទាំងឡាយ រួមទាំងស្រូវ ពោត ស្រូវសាឡី សុទ្ធតែត្រូវបានដាំដុះពីរុក្ខជាតិក្នុងព្រៃរាប់ពាន់ឆ្នាំមកហើយ។ ដំណាំទាំងនេះនៅតែពឹងផ្អែកលើសត្វល្អិតមានប្រយោជន៍និងសត្វដទៃទៀតដើម្បីឲ្យលូតលាស់បានល្អ។
កសិកម្មទំនើប, ដោយមានម៉ាស៊ីនធំៗ និងសារធាតុគីមី, អាចផលិតបានទិន្នផលដំណាំយ៉ាងខ្ពស់។ ប៉ុន្តែសារធាតុគីមីទាំងនេះសម្លាប់រុក្ខជាតិនិងសត្វល្អិតមានប្រយោជន៍ និងបំផ្លាញដី។ ប្រសិនបើផលិតផលកើនឡើង ជាទូទៅវាកើនឡើងសម្រាប់ដំណាំតែមួយមុខ និងកើនឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប៉ុន្មានឆ្នាំក្រោយមក អាហារនឹងមានតិចតួច និងមិនមានច្រើនមុខ(ចម្រុះ)ដែលចាំបាច់សម្រាប់សុខភាពល្អនោះទេ។
កសិដ្ឋានអាចផ្តល់ទិន្នផលច្រើន និងរងការប៉ះពាល់ពីបញ្ហាសត្វល្អិតចង្រៃតិចតួច ប្រសិនបើប្រើប្រាស់មធ្យោបាយដែលមានស្ថិរភាព។ វិធីសាស្ត្រទាំងនេះលើកកម្ពស់ជីវិតសត្វ និងសត្វល្អិតមានប្រយោជន៍, បង្កើនជីជាតិដីដោយប្រើជីធម្មជាតិ, និងការពារដីដោយការដាំឈើនិងរុក្ខជាតិ។ ទិន្នផលដំណាំចម្រុះ កែលម្អអាហារូបត្ថម្ភនិងសុខភាព សម្រាប់មនុស្សទាំងអស់។
ជីវចម្រុះការពារប្រភពទឹក
ទាំងការកាប់បំផ្លាញព្រៃឈើ ទាំងកសិកម្មទំនើប ធ្វើឲ្យបាត់បង់សំណើមដី ហើយខ្សែទឹកទាំងឡាយរីងស្ងួតទឹកអស់នៅរដូវក្តៅ។ ជីគីមីនិងថ្នាំសម្លាប់សត្វល្អិត ផ្តល់ទិន្នផលដល់កសិកម្មទំនើប ប៉ុន្តែវាបំពុលទឹកទន្លេនិងបឹងនានា។
ជីវចម្រុះការពារសហគមន៍
ការចិញ្ចឹមជីវិតច្រើនបែបយ៉ាង តែងតែពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ។ នៅពេលដែលធនធានទាំងនោះត្រូវបានប្រើប្រាស់អស់ ភាពក្រីក្រនឹងកើនឡើង។ នៅក្នុងតំបន់កសិកម្ម កសិកម្មទំនើបបង្កើនបំណុលដល់មនុស្សខ្លះ និងបង្កើនភាពគ្មានដីធ្លីដល់មនុស្សជាច្រើន។
ការស្រោចស្រង់សំណាញ់នៃជីវិត
នៅក្នុងសំណាញ់នៃជីវិត នៅពេលវត្ថុមានជីវិតមួយបានស្លាប់ វាធ្វើឲ្យប៉ះពាល់ដល់វត្ថុមានជីវិតដទៃទៀតជាច្រើន រួមទាំងមនុស្សផងដែរ។ សាច់រឿងនៅក្នុងជំពូក១ នៅពេលប្រជាជននៃទីក្រុងមែនក្លារ៉ាល់តូ បានបាត់បង់ព្រៃឈើរបស់ខ្លួន ពួកគេក៏បាត់បង់ប្រភពអាហារ និងប្រាក់ចំណូលផងដែរ។ នៅពេលព្យុះបក់បោកនៅទីនោះ ពួកគេក៏បានបាត់បង់ផ្ទះសម្បែងថែមទៀត។ នៅពេលពួកគេចាប់ផ្តើមដាំដើមឈើឡើងវិញ អ្នកភូមិក៏បានយល់ឃើញថា ពួកគេកំពុងធ្វើការងារលើសពីការការពារសំណឹកដី ឬការផលិតទឹកឃ្មុំទៅទៀត។ ការងាររបស់ពួកគេក្នុងការស្រោចស្រង់ស្ថានភាពដីឲ្យមានជីជាតិឡើងវិញ បានធ្វើឲ្យមានរុក្ខជាតិនិងសត្វជាច្រើនដែលមានសារប្រយោជន៍ដល់សុខភាពរបស់សហគមន៍ទាំងមូល។
ការធ្វើការជាមួយធម្មជាតិ
នៅក្នុងធម្មជាតិ គ្មានអ្វីមួយដែលជាកាកសំណល់ទេ ព្រោះអ្វីៗទាំងអស់សុទ្ធតែអាចប្រើប្រាស់បាន។ វិធីមួយដែលធម្មជាតិប្រើប្រាស់ធនធានឡើងវិញដោយមិនមានសំណល់ គឺការធ្វើការនៅក្នុងវដ្តនៃធម្មជាតិ។ ជាអកុសល វដ្តធម្មជាតិត្រូវបានរំខានដោយសកម្មភាពមនុស្សនិងឧស្សាហកម្ម ហើយចំណុចនេះបាននាំឲ្យមានបញ្ហាសុខភាពបរិស្ថានធ្ងន់ធ្ងរ។ ឧទាហរណ៍នៃផលវិបាកដែលកើតឡើងនៅពេលវដ្តនៃធម្មជាតិត្រូវបានរំខាន គឺការឡើងកម្តៅផែនដី។
តើយើងអាចធ្វើតាមវដ្តធម្មជាតិបានយ៉ាងដូចម្តេច
អ្នកលើកកម្ពស់សុខភាពបរិស្ថាននៅក្នុងប្រទេសហ្វីលីពីន មានសុភាសិតមួយពោលថា ៖
តាមរយៈការយល់ដឹងពីសារសំខាន់នៃការវិលត្រឡប់ទៅដីវិញនូវអ្វីដែលចេញពីដី, យើងអាចធ្វើតាមធម្មជាតិ និងការពារធនធានធម្មជាតិ និងសុខភាពរបស់យើងបាន។ វដ្តទាំងឡាយដែលយើងបង្កើតឡើងនៅក្នុងផ្ទះ សហគមន៍ និងរោងចក្រ គឺជាជំហានតូចមួយឆ្ពោះទៅកាន់ការកែលម្អសុខភាពបរិស្ថាន។ ឧទាហរណ៍ ការធ្វើជីកំប៉ុស និងការប្រើប្រាស់ឡើងវិញឬកែច្នៃដបទឹកនិងកំប៉ុងផ្សេងៗ គឺជាវិធីដែលយើងធ្វើតាមគំរូរបស់ធម្មជាតិ ដោយការបង្កើតជាវដ្តមួយ ជាជាងការចាក់កាកសំណល់។
តើឧស្សាហកម្មអាចធ្វើតាមវដ្តធម្មជាតិបានយ៉ាងដូចម្តេច
អ្នកលើកកម្ពស់សុខភាពបរិស្ថាននៅក្នុងប្រទេសហ្វីលីពីនក៏មានសុភាសិតមួយទៀតដែរ ដែលពោលថា ៖
ឧស្សាហកម្មបង្កឲ្យមានការបំពុលដោយសារសារធាតុពុលយ៉ាងច្រើនបំផុត។ ប៉ុន្តែសូម្បីតែឧស្សាហកម្ម ក៏អាចរៀនតាមវដ្តធម្មជាតិដែរ គឺតាមរយៈការប្រើប្រាស់ឡើងវិញនូវថាមពលនិងសម្ភារៈផ្សេងៗ នៅក្នុងដំណើរការមួយដែលហៅថា ផលិតកម្មស្អាត។ ជំហានដំបូងគឺរោងចក្រត្រូវយកទៅវិញនូវសំណល់ទាំងអស់ដែលខ្លួនបានបង្កើត។ ប្រសិនបើសំណល់ ដូចជាសារធាតុគីមីពុល មិនអាចកែច្នៃឡើងវិញបានទេ, ឧស្សាហកម្មត្រូវតែបោះវាចោលឲ្យមានសុវត្ថិភាព, ហើយកាត់បន្ថយ, និងចុងក្រោយគឺលែងប្រើប្រាស់វាតែម្តង។ ប្រសិនបើឧស្សាហកម្មមានកន្លែងបោះចោលកាកសំណល់ក្នុងរយៈពេលយូរ កន្លែងនោះត្រូវតែផ្អែកលើការបង្ការ, ការប្រុងប្រយ័ត្ន, និងសិទ្ធិក្នុងការធ្វើឲ្យមនុស្សគ្រប់គ្នាមានសុខភាពល្អ, គឺមិនមែនសិទ្ធិក្នុងការរកប្រាក់ចំណេញពីឧប្បត្តិហេតុ, ការចាក់កាកសំណល់, និងជំងឺទេ។
តាមរយៈការកាត់បន្ថយធនធានដែលប្រើប្រាស់ និងការកែច្នៃនិងប្រើប្រាស់ឡើងវិញនូវអ្វីដែលប្រើរួច, ឧស្សាហកម្មអាចកាត់បន្ថយគ្រោះថ្នាក់ដែលពួកគេបង្កលើសុខភាពបរិស្ថានរបស់យើង។ |
ការបង្ការគ្រោះថ្នាក់ពីការបំពុលបរិស្ថាន
ការបំពុលបរិស្ថានគឺជាគ្រោះថ្នាក់សម្រាប់មនុស្សនិងបរិស្ថាន ដែលបណ្តាលមកពីភាពលើសលប់នៃសារធាតុពុលដែលជាលទ្ធផលនៃសកម្មភាពរបស់មនុស្ស ជាពិសេសកាកសំណល់ពីឧស្សាហកម្ម, ការដឹកជញ្ជូន, និងកសិកម្ម។ ការបំពុលនេះធ្វើដំណើរនៅក្នុងបរិស្ថាន នៅក្នុងខ្យល់ ទឹក និងដីរបស់យើង។
ការបំពុលបរិស្ថានភាគច្រើនបង្កឡើងដោយវត្ថុដែលយើងប្រើប្រាស់ ហើយមនុស្សប្រឈមនឹងការបំពុលនេះជារៀងរាល់ថ្ងៃ។ ស្ថានភាពញឹកញាប់បំផុតដែលមនុស្សប្រឈមនឹងការបំពុលដោយសារសារធាតុពុល មានដូចជា ៖
- ផ្សែងពីការដុត ជាពិសេសនៅពេលដុតប្លាស្ទិក។ យើងដកដង្ហើមចូលនូវផ្សែងពុលទាំងនេះ, ហើយផេះពុលធ្វើឲ្យកខ្វក់ដល់ទឹកនិងដីស្រែចម្ការរបស់យើង។
- ផ្សែងពីរោងចក្រដែលបំពុលខ្យល់ ទឹក និងដី។
- សារធាតុគីមីដែលបានប្រើប្រាស់នៅក្នុងរោងចក្រ, ការជីករករ៉ែ, និងការខួងយកប្រេង, ដែលត្រូវបានចាក់ទៅក្នុងប្រភពទឹក ហើយក៏បំពុលខ្យល់និងដីផងដែរ។
- ថ្នាំសម្លាប់សត្វល្អិតដែលត្រូវបានប្រើប្រាស់និងរៀបចំនៅក្បែរអាហារ ប្រភពទឹក និងនៅផ្ទះ។ នៅពេលបាញ់, ថ្នាំនេះរសាត់នៅក្នុងខ្យល់បានយ៉ាងឆ្ងាយ ដែលបង្កគ្រោះថ្នាក់ជាខ្លាំង។
- សារធាតុគីមីនៅក្នុងអាគុយនិងថ្មពិល ក្នុងថ្នាំលាប ក្នុងថ្នាំជ្រលក់ក្រណាត់ និងពីការធ្វើអគ្គិសនី,ដែលបង្កគ្រោះថ្នាក់ដល់មនុស្សដែលធ្វើការជាមួយរបស់ទាំងនេះ។
- ផ្សែងម៉ាស៊ីនពីរថយន្តដែលបំពុលខ្យល់ ទឹក និងដី។
ការបំពុលដោយសារសារធាតុពុល បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់មនុស្ស រុក្ខជាតិ និងសត្វ, មិនត្រឹមតែនៅកន្លែងដែលវាត្រូវបានបញ្ចេញប៉ុណ្ណោះទេ តែថែមទាំងនៅទីឆ្ងាយៗពីប្រភពរបស់វាទៀតផង។ ការការពារខ្លួនយើងពីគ្រោះថ្នាក់ដែលបង្កឡើងដោយការបំពុលបរិស្ថាន និងសារធាតុគីមីពុល គឺជាផ្នែកដ៏សំខាន់មួយនៃ ស្ថិរភាព (មើល ”ការធ្វើការងារដើម្បីការផ្លាស់ប្តូរ”, “សារធាតុពុលក្នុងផ្ទះ”, ”កាកសំណល់ពុល” និង “ការចោលកាកសំណល់គីមីដោយសុវត្ថិភាព” និងជំពូក ជំពូក១៤, ជំពូក១៦ និងជំពូក២ ០ ទៅជំពូក២៣)។
គោលការណ៍ប្រុងប្រយ័ត្ន
ក្នុងការស្រាវជ្រាវបង្កើតផលិតផលថ្មីៗ និងបង្កើនប្រាក់ចំណូលរបស់ខ្លួន, សាជីវកម្មនានាបានបង្កើតសារធាតុគីមីរាប់ពាន់មុខដែលមិនធ្លាប់មាននៅក្នុងធម្មជាតិ។ សារធាតុគីមីទាំងនេះភាគច្រើនមិនទាន់មានការពិសោធន៍អំពីសុវត្ថិភាពរបស់វានៅឡើយទេ។ ប៉ុន្តែវានៅតែបានប្រើប្រាស់នៅក្នុងផលិតផលផ្សេងៗដែលលក់ឲ្យយើងរាល់ថ្ងៃ។ សូម្បីតែនៅពេលប្រជាជនគិតថាសារធាតុគីមីទាំងនេះមួយចំនួន មានគ្រោះថ្នាក់ក៏ដោយ, បើពួកគេមិនអាចបញ្ជាក់ថាវាមានគ្រោះថ្នាក់ទេ នោះគេមិនអាចយកវាចេញពីទីផ្សារទេ - ឬយកវាចេញពីក្នុងខ្លួនយើងបានឡើយ។
អ្នកដឹកនាំប្រទេសនិងអ្នកវិទ្យាសាស្ត្រមួយចំនួន ប្រើប្រាស់គោលការណ៍ប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តលើអ្វីមួយ។ គោលការណ៍ប្រុងប្រយ័ត្ននិយាយថា ៖ ប្រសិនបើមានមូលហេតុដែលជឿជាក់ថាអ្វីមួយអាចបង្កគ្រោះថ្នាក់ បើទោះជាយើងមិនដឹងពិតប្រាកដក៏ដោយ, ជាការប្រសើរគឺត្រូវចៀសវាងវា ជាជាងការប្រថុយធ្វើអ្វីដែលគ្រោះថ្នាក់។.
គោលការណ៍នេះផ្ទុយគ្នាស្រឡះពីអ្វីដែលប្រទេសជាច្រើនកំពុងអនុវត្ត។ សព្វថ្ងៃអ្នកត្រូវបង្ហាញថាអ្វីមួយពិតជាមានគ្រោះថ្នាក់មែន ទើបពួកគេអាចបញ្ឈប់វា។ យើងហៅវាថា គោលការណ៍សាកសព។
ការឡើងកម្តៅផែនដី
នៅទូទាំងពិភពលោក សំណាញ់នៃជីវិតកំពុងត្រូវបានកាត់ផ្តាច់។ ការកាប់បំផ្លាញព្រៃឈើ, ការកើនឡើងនៃការបំពុលក្នុងទឹកនិងខ្យល់, និងការបាត់បង់សត្វព្រៃ, គឺជាឧទាហរណ៍ដែលមើលឃើញនឹងភ្នែក។ ផលវិបាកដែលមើលមិនឃើញ គឺការកើនឡើងនៃកម្តៅ ដែលបង្កឡើងដោយការបំពុលបរិស្ថាន។
បញ្ហានេះ, ដែលហៅថាការឡើងកម្តៅផែនដី, កំពុងតែផ្លាស់ប្តូរបរិយាកាស(លក្ខណៈនៃអាកាសធាតុនៅតំបន់មួយក្នុងរយៈពេលយូរមកហើយ) នៅស្ទើរគ្រប់ទីកន្លែងក្នុងពិភពលោក។ សីតុណ្ហភាពដែលហាក់ដូចជាកើនឡើងបន្តិចបន្តួច គឺកំពុងឈានទៅដល់ការប្រែប្រួលដ៏ធំ។ នៅកន្លែងខ្លះប្រជាជនជនកំពុងតែរងគ្រោះដោយទឹកជំនន់កាន់តែច្រើន និងព្យុះកាន់តែធ្ងន់ធ្ងរ, ហើយកន្លែងខ្លះទៀតកំពុងតែមានទឹកភ្លៀងតិចតួចនិងភាពរាំងស្ងួតជាច្រើន។ ពីមួយឆ្នាំទៅមួយឆ្នាំ ការប្រែប្រួលនៃបរិយាកាសដែលបណ្តាលមកពីការឡើងកម្តៅផែនដី កំពុងតែបង្កមហន្តរាយជាច្រើននៅទូទាំងពិភពលោក ដោយបង្កើតជាបញ្ហាធ្ងន់ធ្ងរជាច្រើនដល់សុខភាពរបស់មនុស្ស។
- ទឹកជំនន់ ព្យុះធ្ងន់ធ្ងរ និងភាពរាំងស្ងួត បណ្តាលឲ្យបាត់បង់ដំណាំ ភាពអត់ឃ្លាន បាត់បង់ផ្ទះសម្បែង ការហូរច្រោះយ៉ាងច្រើន របួស និងការស្លាប់។
- ជំងឺមានកាន់តែធ្ងន់ធ្ងរ ឬឆ្លងរាលដាលយ៉ាងឆាប់រហ័ស ព្រោះការប្រែប្រួលអាកាសធាតុធ្វើឲ្យមានសត្វល្អិតនិងសត្វដែលចម្លងជំងឺកាន់តែច្រើន ហើយធ្វើឲ្យពួកវាផ្លាស់ទៅរកកន្លែងថ្មី។
- ការឡើងសីតុណ្ហភាព ជួនកាលនាំឲ្យមានជំងឺនិងការស្លាប់កាន់តែច្រើន។
មូលហេតុឫសគល់នៃការឡើងកម្តៅផែនដី
បរិស្ថានមានសមត្ថភាពធម្មជាតិរបស់វាក្នុងការស្រូបយកនូវការបំពុល។ ប៉ុន្តែប្រសិនបើការបំពុលត្រូវបានចោលទៅក្នុងបរិស្ថានច្រើនពេក នោះផែនដីមិនអាចស្រូបយកវាបានទេ។ ជាង១០០ឆ្នាំចុងក្រោយនេះ នៅពេលមនុស្សចាប់ផ្តើមទាញយកឥន្ធនៈហ្វូស៊ីល(ដូចជាប្រេង និងធ្យូង) និងដុតវាក្នុងបរិមាណយ៉ាងច្រើន ទើបបរិមាណនៃការបំពុលដែលត្រូវបានបញ្ចេញទៅក្នុងបរិស្ថាន បានកើនឡើងយ៉ាងឆាប់រហ័សជាងពេលកន្លងមក។ នេះគឺជាមូលហេតុឫសគល់មួយនៃការឡើងកម្តៅផែនដី។ ម្យ៉ាងទៀត សារធាតុគីមីដែលបង្កើតឡើងសម្រាប់ប្រើប្រាស់នៅក្នុងផលិតកម្មផ្សេងៗ ធ្វើឲ្យពុលដល់ខ្យល់ ហើយផែនដីមិនអាចស្រូបយកវាបាន។ ចំណុចនេះក៏រួមចំណែកក្នុងការឡើងកម្តៅផែនដីដែរ។
មូលហេតុឫសគល់មួយទៀតនៃការឡើងកម្តៅផែនដី គឺការប្រើប្រាស់ធនធានធម្មជាតិដោយគ្មានយុត្តិធម៌, មិនស្មើភាពគ្នា, និងគ្មានស្ថិរភាព។ បណ្តាប្រទេសអ្នកមាន ដូចជាសហរដ្ឋអាមេរិក បានចាប់ផ្តើមការឡើងកម្តៅផែនដី ដោយការប្រើប្រាស់ធនធានច្រើនពេក និងបង្កឲ្យមានការបំពុលលើសលប់ ដើម្បីការស្វែងរកប្រាក់ចំណូលខ្ពស់ និងគុណភាពជីវិតយ៉ាងល្អ។ នៅពេលបណ្តាប្រទេសអ្នកក្រចាប់ផ្តើមដើរតាមផ្លូវដូចគ្នានៃការអភិវឌ្ឍន៍គ្មានស្ថិរភាពបែបនេះ ផែនដីកាន់តែមិនអាចទប់ទល់នឹងការបំពុលនេះថែមទៀត។ ដើម្បីបង្ការ
គ្រោះមហន្តរាយដែលបង្កដោយការឡើងកម្តៅផែនដីដូចរៀបរាប់ខាងលើ និងមហន្តរាយកាន់តែធ្ងន់ធ្ងរថែមទៀតដែលកំពុងរង់ចាំ, ទាំងប្រទេសអភិវឌ្ឍន៍ និង“អភិវឌ្ឍន៍ពុំពេញលេញ” ត្រូវតែផ្លាស់ប្តូរទៅរកការប្រើប្រាស់ធនធនប្រកបដោយស្ថិរភាពវិញ។ ជាការសំខាន់គឺយើងត្រូវឈប់ពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ហើយចាប់ផ្តើមប្រើប្រាស់ថាមពលស្អាតវិញ (មើល ជំពូក២០និង ជំពូក២៣)។