Hesperian Health Guides
មូលហេតុនៃបញ្ហាសុខភាពបរិស្ថាន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៣. ការការពារធនធានធម្មជាតិសម្រាប់មនុស្សគ្រប់គ្នា > មូលហេតុនៃបញ្ហាសុខភាពបរិស្ថាន
- ភាពខ្វះខាតនៃរបស់សំខាន់ៗដែលយើងត្រូវការដើម្បីជីវិតសុខភាព ដូចជាខ្យល់ និងទឹកស្អាត, ដីមានជីជាតិ, ព្រៃឈើច្រើន, ផ្ទះសម្បែងមានសុវត្ថិភាពនិងផាសុក, និងស្ថានភាពការងារមាន សុវត្ថិភាព។
- ភាពលើសលប់នៃរបស់មានគ្រោះថ្នាក់ដែលយើងមិនត្រូវការ ដូចជាសំរាម, សារធាតុគីមីពុល, ការបំពុលបរិស្ថាន, និងអាហារវេចខ្ចប់។
ក្នុងសាច់រឿងពីប្រទេសអេខ្វាឌ័រ បញ្ហាសុខភាពបានកើតឡើងដោយសារភាពខ្វះខាតនៃរបស់ចាំបាច់សំខាន់ៗ ដូចជា ទឹកស្អាត បង្គន់ និងដើមឈើ។ ក្នុងសាច់រឿងពីទីក្រុងបូប៉ាល់(Bhopal) នៃប្រទេសឥណ្ឌា បញ្ហាសុខភាពបានកើតឡើងដោយសារភាពលើសលុបនៃសារធាតុគីមីពុល។
ក្នុងរឿងនីមួយៗ ការកែលម្អសុខភាពបរិស្ថាន គឺអាស្រ័យលើប្រជាជន។ ពួកគេអាចបង្ការស្ថានភាពដែលបណ្តាលឲ្យមានភាពខ្វះខាតនៃធនធានសំខាន់ៗសម្រាប់ជីវិត និងភាពលើសលុបនៃការបំពុលបរិស្ថាន។ តាមរយៈការការពារសហគមន៍ និងធនធានធម្មជាតិ គឺយើងកំពុងការពារអនាគតរបស់កូនៗនិងចៅៗរបស់យើងទាំងអស់គ្នា។
មនុស្សច្រើនពេក ធនធានតិចពេក?
បរិមាណទឹក ដើមឈើ រ៉ៃ និងធនធានធម្មជាតិដទៃទៀតនៅលើផែនដី គឺមានកំណត់ ប៉ុន្តែចំនួនប្រជាជនដែលប្រើប្រាស់ធនធានទាំងនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស។ គ្រប់ពេលដែលមនុស្សម្នាក់ឬមនុស្សមួយក្រុម ប្រើប្រាស់ធនធានច្រើនលើសពីចំណែកសមរម្យរបស់ខ្លួន ឬធ្វើឲ្យមានការបំពុលបរិស្ថានច្រើនលើសលុប នោះអតុល្យភាពនេះអាចបណ្តាលឲ្យមានបញ្ហាសុខភាពដល់អ្នកដទៃ។
ការពន្យល់របស់អ្នកមាន អំពីភាពក្រីក្រនិងការបំផ្លាញបរិស្ថាន ៖ មនុស្សមានច្រើនពេក ប៉ុន្តែដីធ្លីនិងធនធានមានតិចពេក។ | ||
ការពន្យល់របស់ប្រជាជនក្រីក្រ អំពីភាពក្រីក្រនិងការបំផ្លាញបរិស្ថាន ៖ ការបែងចែកដីធ្លីនិងធនធាន គឺមិនស្មើភាពគ្នា ចំណែកភាគច្រើនបានធ្លាក់ទៅក្នុងដៃមនុស្សភាគតិច។ |
មនុស្សមួយចំនួនជឿថា វិធីដ៏ល្អបំផុតក្នុងការបង្ការគ្រោះថ្នាក់ដល់បរិស្ថាន គឺការកាត់បន្ថយចំនួនមនុស្ស។ គំនិតបែបនេះបានឈានទៅដល់កម្មវិធី “គ្រប់គ្រងចំនួនប្រជាជន។ កម្មវិធីនេះបានទទួលបរាជ័យគ្រប់កន្លែងក្នុងការកែលម្អជីវភាពរបស់មនុស្ស ព្រោះវាមិនបានគូសបញ្ជាក់អំពីមូលហេតុឫសគល់នៃការបំផ្លាញបរិស្ថាន ភាពក្រីក្រ និងសុខភាពមិនល្អទេ។ នៅពេលគ្រួសារខ្លះមានធនធានចាំបាច់គ្រប់គ្រាន់ក្នុងការរស់នៅប្រកបដោយសុខភាពល្អនិងមានកិត្តិយស, មនុស្សជាច្រើនបានជ្រើសរើសយកការមានកូនតិច។ លុះត្រាតែសហគមន៍ រដ្ឋាភិបាល និងកម្មវិធីអភិវឌ្ឍន៍នានា ធ្វើផែនការដើម្បីការរស់រានរបស់កុមារនិងដើម្បីការកែលម្អផ្នែកសង្គម នយោបាយ និងស្ថានភាពសេដ្ឋកិច្ចរបស់ស្ត្រី, នោះទើប “បញ្ហាចំនួនប្រជាជន” នេះអាចត្រូវបានដោះស្រាយរួច។
ប៉ុន្តែការកាត់បន្ថយចំនួនប្រជាជននៅក្នុងពិភពលោក នឹងមិនគូសបញ្ជាក់អំពីបញ្ហានៃការប្រើប្រាស់ធនធានមិនស្មើគ្នានោះទេ។ វិធីល្អបំផុតក្នុងការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន គឺត្រូវឲ្យអ្នកមានប្រើប្រាស់ ធនធានតិច ហើយប្រើប្រាស់វាក្នុងវិធីមួយដែលអភិរក្សនូវធនធាននេះសម្រាប់ពេលអនាគត ព្រមទាំងមិនធ្វើឲ្យមានការបំពុលបរិស្ថានយ៉ាងលើសលុបទៀតផង។ តាមរយៈការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកប្រើប្រាស់ធនធានភាគច្រើនជាមុន នោះយើងអាចចាប់ផ្តើមធ្វើឲ្យប្រាកដថា នឹងមានធនធានគ្រប់គ្រាន់ដើម្បីឲ្យមនុស្សគ្រប់គ្នាមានជីវិតប្រកបដោយសុខភាពល្អ។
ការគ្រប់គ្រងពីសាជីវកម្ម គឺមិនល្អសម្រាប់សុខភាពយើងទេ
វិបត្តិផ្នែកសុខភាពនៅលើឆ្នេរអេខ្វាឌ័រត្រូវបានបង្កឡើងដោយសាជីវកម្មធំមួយដែលបានចំណាយប្រាក់ឲ្យប្រជាជនក្នុងតំបន់នោះកាប់ព្រៃឈើ។ ប្រជាជនមិនត្រឹមតែបាត់បង់ដើមឈើដែលធ្វើឲ្យដីមានជីជាតិនិងការពារពីព្យុះប៉ុណ្ណោះទេ ពួកគេថែមទាំងបាត់បង់នូវធនធានសំខាន់ៗសម្រាប់ការរស់រានប្រចាំថ្ងៃទៀតផង ដែលមានដូចជា អាហារ ឧស ឱសថ អំបោះ និងរបស់ចាំបាច់ដទៃទៀត។ នៅពេលដែលធនធានទ្រង់ទ្រាយធំ, ដូចជាព្រៃឈើ, មិនអាចបំពេញមកវិញបាន នោះវាដូចជាត្រូវបានលួចទៅបាត់ដូច្នេះដែរ គឺលួចពីធម្មជាតិ, លួចពីសហគមន៍ដែលអាស្រ័យលើធនធាននោះ, និងលួចពីមនុស្សជំនាន់ក្រោយៗទៀត។
នៅពេលសាជីវកម្មគ្រប់គ្រងលើធនធាន(ទោះជាឈើ ប្រេង ទឹក គ្រាប់ពូជ ឬកម្លាំងពលកម្មរបស់ប្រជាជនក៏ដោយ) ពួកគេរកប្រាក់ចំណូលសម្រាប់ខ្លួនឯង ហើយពួកគេមិនសូវជាចង់ការពារឬកែលម្អជីវភាពរបស់ប្រជាជនដែលត្រូវការធនធានទាំងនោះដើម្បីរស់រានទេ។ សាជីវកម្មអាចផ្តល់ជាការងារឬប្រាក់ចំណូលក្នុងរយៈពេលខ្លី ប៉ុន្តែប្រសិនបើផលប្រយោជន៍របស់ពួកគេគឺដើម្បីនាំចេញនូវធនធានក្នុងស្រុក នោះពួកគេក៏នឹងចាកចេញទៅដែរនៅពេលដែលប្រើប្រាស់ធនធានទាំងនោះអស់។ បន្ទាប់មកប្រជាជននឹងស្ថិតក្នុងភាពក្រីក្រកាន់តែជ្រៅជាងមុន។