Hesperian Health Guides

មហន្តរាយឧស្ម័នពុលនៅក្រុងបូប៉ាល់

នៅក្នុងជំពូកនេ:

រហូតមកដល់សព្វថ្ងៃនេះ កន្លែងដែលធ្លាយឧស្ម័នពុលមិនទាន់មានការសម្អាតនៅឡើយទេ ហើយរោងចក្រដែលត្រូវបានបោះបង់ចោល នៅតែធ្វើឲ្យប្រជាជននឹកឃើញពីមហន្តរាយនេះនៅឡើយ។ គំនរសារធាតុគីមីពុលនៅតែស្ថិតក្នុងខ្យល់ដដែល ហើយទឹកក្នុងដីនៅខាងក្រោមទីក្រុងនេះ ត្រូវបានបំពុល។ មនុស្សជាច្រើនមិនដែលទទួលបានការព្យាបាលចាំបាច់លើបញ្ហាសុខភាពរបស់ខ្លួនទេ។ ដោយមូលហេតុទាំងនេះហើយ ទើបប្រជាជនក្នុងទីក្រុងបូប៉ាល់មិនគិតថាគ្រោះមហន្តរាយនេះជាអ្វីដែលកើតឡើងតែក្នុងអតីតកាលប៉ុណ្ណោះទេ។ ពួកគេមើលឃើញថា វាគឺជាមហន្តរាយដែលកើតឡើងជាបន្តដែលពួកគេត្រូវប្រឈមមុខរាល់ថ្ងៃ។

រោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនេះជាកម្មសិទ្ធិរបស់សាជីវកម្មពហុជាតិមួយ (ក្រុមហ៊ុនធំមួយដែលធ្វើការនៅក្នុងប្រទេសជាច្រើន) ដែលមានឈ្មោះថា យូញៀនខាបៃត៍ (Union Carbide)។ អ្នកនៅរស់រានពីមហន្តរាយ ដឹងថាវាពិតជាមិនត្រឹមត្រូវទេដែលជីវិតរបស់ពួកគេរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីមហន្តរាយបែបនេះ។ អ្នកដែលរងផលប៉ះពាល់មិនមានប្រាក់ដើម្បីព្យាបាលជំងឺរបស់ខ្លួន ឬថែទាំសមាជិកគ្រួសាររបស់ខ្លួនដែលមិនអាចធ្វើការងារទៀតបាន។ ពួកគេចង់ឲ្យក្រុមហ៊ុនទទួលខុសត្រូវលើបញ្ហានេះ។ ប៉ុន្តែក្រុមហ៊ុនយូញៀនខាបៃត៍បាននិយាយថា មហន្តរាយនោះបង្កឡើងដោយកម្មករម្នាក់នៅក្នុងរោងចក្រ ហើយបដិសេធមិនទទួលខុសត្រូវអ្វីទាំងអស់។

ក៏ដូចជាប្រជាជនដទៃទៀតដែលតស៊ូទាមទារសិទ្ធិនិងយុត្តិធម៌ដែរ ប្រជាជនដែលរងការប៉ះពាល់ពីមហន្តរាយក្នុងទីក្រុងបូប៉ាល់ បានដឹងថាភាពក្រីក្ររបស់ពួកគេមិនត្រឹមតែធ្វើឲ្យបញ្ហារបស់ពួកគេកាន់តែអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាផ្នែកដ៏ធំមួយនៃមូលហេតុដែលមហន្តរាយនេះកើតឡើង។

People in a city sit and speak by a fence on which are signs reading,"Justice for Bhopal: Bhopal, never again; and No more chemical disasters," as cameramen film them.

ហេតុអ្វីមហន្តរាយកើតឡើង?

មហន្តរាយក្រុងបូប៉ាល់គឺជាហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយដែលមិនគួរកើតឡើងទាល់តែសោះ។ ប៉ុន្តែទោះបីវាគួរឲ្យរន្ធត់យ៉ាងណាក៏ដោយ វាក៏មិនគួរឲ្យភ្ញាក់ផ្អើលដែរ។ សកម្មភាព "ប៉ុន្តែហេតុអ្វី...?" អាចជួយឲ្យយល់អំពីមូលហេតុឫសគល់នៃមហន្តរាយក្រុងបូប៉ាល់។

A small group of people sit and discuss.
ហេតុអ្វីប្រជាជនច្រើនម្ល៉េះដែលរងគ្រោះដោយមហន្តរាយសារធាតុគីមី?
ព្រោះរោងចក្រមានទីតាំងក្នុងតំបន់ប្រជាជនក្រីក្រនិងកុះករ។
ប៉ុន្តែហេតុអ្វីរោងចក្ររើសយកទីតាំងនៅទីនោះ?
ព្រោះក្រុមហ៊ុននិងរដ្ឋាភិបាលមិនបានគិតពីសុវត្ថិភាពរបស់ប្រជាជនក្រីក្រទេ។

នៅទូទាំងពិភពលោក សាជីវកម្មបានសាងសង់រោងចក្រដែលបំពុលបរិស្ថាន កាកសំណល់ពុល និងគម្រោងឧស្សាហកម្មដទៃទៀតដែលមានគ្រោះថ្នាក់ នៅក្នុងតំបន់ប្រជាជនដែលមានការគៀបសង្កត់បំផុតពីភាពក្រីក្រនិងឋានៈទាប។ តាមរបៀបនេះ ប្រទេសនិងសហគមន៍ក្រីក្រក្លាយទៅជាកន្លែងចោលសារធាតុពុល។ ហេតុដូច្នេះហើយបានជាការការពារសុខភាពបរិស្ថាន មិនមែនត្រឹមតែជាបញ្ហាដែលយើងត្រូវផ្លាស់ប្តូរផលិតផលប្រើប្រាស់ និងវិធីបោះវាចោលប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាដែលយើងត្រូវបញ្ជាក់អំពីការរំលោភអំណាចពីសំណាក់អ្នកមានអំណាច និងអំពីការប៉ះពាល់សុខភាពលើអ្នកងាយរងគ្រោះបំផុត។

A small group of people sit and discuss.
ប៉ុន្តែហេតុអ្វីក្រុមហ៊ុនអាមេរិកាំងផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងប្រទេសឥណ្ឌាទៅវិញ?
ព្រោះពួកគេអាចរកប្រាក់ចំណូលបានខ្ពស់ជាង។
ប៉ុន្តែហេតុអ្វីពួកគេអាចរកប្រាក់ចំណូលបានខ្ពស់ជាង?
ព្រោះពួកគេអាចចំណាយតិចលើកម្មករ និងមិនខ្វល់ពីសុខភាពនិងសុវត្ថិភាពរបស់កម្មករនិងប្រជាជនដែលរស់នៅក្បែរនោះ។
ប៉ុន្តែហេតុអ្វីរដ្ឋាភិបាលអាមេរិកនិងរដ្ឋាភិបាលឥណ្ឌា ឲ្យពួកគេរត់គេចខ្លួនបាន?

យុទ្ធនាការអន្តរជាតិដើម្បីយុត្តិធម៌សម្រាប់ក្រុងបូប៉ាល់

A man speaks as he sits on the side of a bed where a sick woman reclines; a sickly child sits next to him.
គ្មាន​លើក រោយ!

អ្នករស់រានពីការធ្លាយឧស្ម័នក្នុងក្រុងបូប៉ាល់ បានធ្វើការជាមួយគ្នាដើម្បីទាញចំណាប់អារម្មណ៍មកលើទុក្ខវេទនារបស់ខ្លួន និងដើម្បីឲ្យក្រុមហ៊ុនព្រមទទួលខុសត្រូវ។ ពួកគេបានរៀបចំបាតុកម្មអត់អាហារ និងមិនព្រមហូបរហូតទាល់តែអាជ្ញាធរឮពីការទាមទាររបស់ខ្លួន។ ពួកគេបានដើរដង្ហែរក្បួនចម្ងាយ៧៥០គីឡូម៉ែត្រដោយគ្មានអាហារនិងទឹក ទៅកាន់ទីក្រុង។ ពួកគេក៏បានដើរទៅរដ្ឋធានីផងដែរដើម្បីទាមទារយុត្តិធម៌។ ពួកស្ត្រីបានបោះតង់នៅខាងមុខការិយាល័យរបស់ចៅហ្វាយក្រុង។ ពួកគេបោះតង់នៅទីនោះរយៈពេល៣ខែ។ រៀងរាល់ថ្ងៃ តាំងពីព្រលឹមទល់ព្រលប់ ពួកគេស្រែកទាមទារយុត្តិធម៌របស់ខ្លួន។

ច្រើនឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយ តុលាការបានបញ្ជាឲ្យសាជីវកម្មយូញៀនខាបៃត៍ បង់ប្រាក់ចំនួន៤៧០លានដុល្លាអាមេរិកទៅឲ្យរដ្ឋាភិបាលឥណ្ឌា។ នេះគឺជាជ័យជំនះដ៏សំខាន់មួយ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ភាគច្រើននៃប្រាក់ទាំងនោះមិនបានដល់ដៃអ្នករស់រានពីមហន្តរាយនោះទេ។

បន្ទាប់មក យូញៀនខាបៃត៍ត្រូវបានលក់ទៅឲ្យសាជីវកម្មពហុជាតិមួយទៀតហៅថា ដូវឃែមីខល (Dow Chemical)។ ក្រុមហ៊ុនដូវឃែមីខល ក៏បដិសេធមិនទទួលខុសត្រូវ ឬជួយប្រជាជនដែលរងគ្រោះឲ្យទទួលការព្យាបាលដែរ។ ទាំងរដ្ឋាភិបាលឥណ្ឌានិងរដ្ឋាភិបាលសហរដ្ឋអាមេរិក សុទ្ធតែគ្មានឆន្ទៈក្នុងការនាំយកមន្ត្រីជាន់ខ្ពស់ដែលទទួលខុសត្រូវលើមហន្តរាយនោះ មកទទួលទោសឡើយ។

អ្នករស់រានទាំងនោះបានរៀបចំយុទ្ធនាការអន្តរជាតិមួយ ដើម្បីបន្តការតស៊ូទាមទារយុត្តិធម៌របស់ខ្លួន។ ពួកគេបានគៀងគរការគាំទ្រពីសំណាក់សិស្សនិស្សិត ក្រុមអ្នកបរិស្ថាន និងអង្គការសិទ្ធិមនុស្សនានា។ ដោយមានការគាំទ្រពីមនុស្សនៅទូទាំងពិភពលោក អ្នករស់រានក្នុងក្រុងបូប៉ាល់បានបញ្ជូនសំណើរទាមទារយុត្តិធម៌របស់ខ្លួនទៅទីស្នាក់ការធំរបស់ក្រុមហ៊ុនយូញៀនខាបៃត៍ និងក្រុមហ៊ុនដូវឃែមីខល។ អ្នករស់រានទាំងនេះបានជំរុញទឹកចិត្តអ្នកដទៃឲ្យបន្តបាតុកម្មអត់អាហារ និងធ្វើសកម្មភាពផ្សេងៗដើម្បីទាញចំណាប់អារម្មណ៍លើទុក្ខវេទនារបស់ពួកគេ។ នៅទីបំផុតពួកគេបានជួយទ្រទ្រង់គ្រួសាររបស់ខ្លួន, រៀបចំការថែទាំសុខភាពដោយខ្លួនឯង, ជួយគាំទ្រជនរងគ្រោះនៃមហន្តរាយសារធាតុពុលផ្សេងៗទៀត, និងបន្តរស់រានរហូតមក។

ពាក្យស្លោកដែលពួកគេប្រើនៅក្នុងយុទ្ធនាការយុត្តិធម៌ក្រុងបូប៉ាល់គឺ "គ្មានម្តងទៀតឡើយនៅក្រុងបូប៉ាល់!"។ គោលដៅរបស់ពួកគេគឺដើម្បីបង្ការគ្រោះមហន្តរាយបរិស្ថានស្រដៀងគ្នានេះ កុំឲ្យកើតឡើងនៅពេលអនាគតទៀត។ តាមរយៈការតស៊ូជាអន្តរជាតិ ពួកគេបានបង្រៀនមនុស្សនៅទូទាំងពិភពលោកនូវមេរៀនដ៏សំខាន់ស្តីពីផលប៉ះពាល់យូរអង្វែងនៃការប្រឈមនឹងសារធាតុពុល។ អ្នករស់រានក្នុងក្រុងបូប៉ាល់បានបង្ហាញថា គ្រោះថ្នាក់ពីឧស្សាហកម្មអាចកើតឡើងគ្រប់ពេល ហើយប្រជាជនក្រីក្រគឺជាអ្នករងការប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ការតស៊ូទាមទារសិទ្ធិនិងយុត្តិធម៌របស់ពួកគេ បានក្លាយជាគំរូដល់អ្នករៀបចំសហគមន៍ទាំងឡាយនៅក្នុងពិភពលោក។