Hesperian Health Guides

តើសារធាតុពុលអាចចូលក្នុងខ្លួនយើងដោយ របៀបណា

នៅក្នុងជំពូកនេ:

A woman drinking from a cup.
A man next to a can spewing toxic fumes.
A man scratching a rash on his arm.
ការបរិភោគនិងផឹក (លេប) ការដកដង្ហើម
(ស្រូប)
និង តាមស្បែក (ជ្រាប)

កាលណាមនុស្សម្នាក់ប្រឈមនឹង(ប៉ះពាល់ដោយផ្ទាល់)សារធាតុគីមីពុលកាន់តែយូរ នោះវាអាចបង្កគ្រោះថ្នាក់កាន់តែខ្លាំង។ ក្នុងក្រុងបូប៉ាល់ ប្រជាជនរាប់ពាន់នាក់បានប្រឈមនឹងឧស្ម័នមួយរំពេច ដោយការដកដង្ហើមចូលនិងការជ្រាបចូលតាមស្បែក។ នេះគឺជាមហន្តរាយបន្ទាន់។ ដោយសារសារធាតុគីមីមិនត្រូវបានសម្អាត ហើយវាសាយភាយយ៉ាងឆ្ងាយពាសពេញតំបន់ដែលនៅជុំវិញរោងចក្រ, ទើបសារធាតុពុលបានចូលទៅក្នុងដីនិងទឹកក្នុងដី។ ច្រើនឆ្នាំរហូតមកដល់សព្វថ្ងៃ ប្រជាជនកំពុងផឹកទឹកដែលមានសារធាតុពុលទាំងនេះ។ នេះគឺជាផ្នែកមួយនៃមហន្តរាយយូរអង្វែង។

ទោះបីការប្រឈមនឹងសារធាតុពុលមានទ្រង់ទ្រាយធំដូចក្នុងក្រុងបូប៉ាល់ ឬក៏ជាការប្រឈមដ៏សាមញ្ញដូចជាសារធាតុពុលក្នុងថ្នាំលាប ទឹករំលាយវត្ថុផ្សេងៗ ឬផលិតផលធម្មតាដទៃទៀតក៏ដោយ, កិច្ចការដំបូងដែលអ្នកត្រូវធ្វើ គឺនៅឲ្យឆ្ងាយពីសារធាតុគីមី ឬយកវាចេញឲ្យឆ្ងាយពីអ្នក ដើម្បីកុំឲ្យមានការប្រឈមតទៅទៀត។ បន្ទាប់មកត្រូវបង្ការការប្រឈមក្នុងពេលអនាគតថែមទៀត។ (សម្រាប់ព័ត៌មានបន្ថែមអំពីបញ្ហាសុខភាពបណ្តាលមកពីសារធាតុគីមីពុល សូមមើលជំពូកទី១៦)។

គ្លីនិកសុខភាពមួយដែលបង្កើតឡើងដើម្បីការពារបរិស្ថាន

ប្រជាជនក្នុងក្រុងបូប៉ាល់កំពុងតែតស៊ូដើម្បីយុត្តិធម៌ផ្នែកបរិស្ថាន។ ក្នុងពេលជាមួយគ្នា ពួកគេកំពុងព្យាយាមព្យាបាលពីមហន្តរាយ។ អ្នករស់រានពីមហន្តរាយនិងអ្នកស្ម័គ្រចិត្តដទៃទៀតបានបង្កើតគ្លីនិកមួយឈ្មោះថា សំបាវណា(Sambhavna) ដើម្បីផ្តល់ការថែទាំសុខភាពដល់សហគមន៍ទាំងមូល ដោយមិនប្រកាន់ថាមានលទ្ធភាពបង់ប្រាក់ឬអត់ មានសាសនាឬវណ្ណៈខុសៗគ្នាក៏ដោយ។ Sambhavna មានន័យថា "លទ្ធភាព" ជាភាសាសំស្ក្រឹត(Sanskrit) និងភាសាហិណ្ឌី(Hindi)។

គ្លីនិកសំបាវណា គឺជាគំរូនៃសុខភាពបរិស្ថាន។ វាត្រូវបានបង្កើតនិងដំណើរការឲ្យមានសុវត្ថិភាពនិងស្ថិរភាពខ្ពស់បំផុតតាមដែលអាចធ្វើបាន។ ឧទាហរណ៍ ៖

  • មានតែទឹកក្តៅនិងសាប៊ូប៉ុណ្ណោះដែលត្រូវបានប្រើក្នុងការសម្អាតគ្លីនិក ដើម្បីធានាថាគ្មាននរណាម្នាក់រងគ្រោះថ្នាក់ដោយសារសារធាតុពុលក្នុងផលិតផលសម្អាតឡើយ។
  • បុគ្គលិកគ្លីនិកបានសាងសង់សួនដំណាំមួយដើម្បីដាំរុក្ខជាតិឱសថ។ សារធាតុគីមីមិនត្រូវបានប្រើក្នុងសួនដំណាំនេះទេ។ ប្រជាជនដែលទទួលការព្យាបាលនៅគ្លីនិក ធ្វើការនៅសួនដំណាំ និងដកយកដើមថ្នាំរបស់ខ្លួនដើម្បីយកទៅព្យាបាល។
  • នៅពេលត្រូវការអាគារគ្លីនិកថ្មីៗ មានតែសម្ភារៈសំណង់ដែលគ្មានសារធាតុពុលប៉ុណ្ណោះដែលត្រូវបានប្រើប្រាស់។ អាគារទាំងនោះប្រើប្រាស់សម្ភារៈក្នុងស្រុក ហើយត្រូវបានសាងសង់ឡើងដោយឲ្យពន្លឺនិងខ្យល់ធម្មជាតិចេញចូលបាន។
  • ទឹកភ្លៀងត្រូវបានត្រងទុកពីដំបូលក្បឿងក្នុងរដូវវស្សា រួចរក្សាទុកក្នុងអាងសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។
  • ទឹកដែលប្រើសម្រាប់បោកគក់ ត្រូវបានបង្ហូរទៅក្នុងត្រពាំងមួយ បន្ទាប់មកវាត្រូវបានយកទៅស្រោចដី និងសួនរុក្ខជាតិឱសថ។
  • អគ្គិសនីត្រូវបានផលិតដោយបន្ទះស្រូបពន្លឺព្រះអាទិត្យដែលបង្កការបំពុលបរិស្ថានតិចតួចបំផុត។
People working and meditating in the garden outside the clinic.


គ្លីនិកសំបាវណាបានបង្ហាញអំពីមធ្យោបាយក្នុងការសម្រេចបាននូវសុខភាពសម្រាប់មនុស្សគ្រប់គ្នាដោយមិនព្យាបាលតែជំងឺទេ ប៉ុន្តែគឺបង្ការជំងឺតាំងពីដំបូង។ ឧទាហរណ៍របស់ពួកគេក្នុងការកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុពុល អាចត្រូវបានយកមកអនុវត្តតាម នៅក្នុងសាលារៀន, ក្រុមហ៊ុន, ការិយាល័យរដ្ឋាភិបាល, និងផ្ទះរបស់យើង។ ប៉ុន្តែទោះបីយើងខំកែប្រែផ្ទះនិងស្ថាប័នរបស់យើងឲ្យមានសុខភាពល្អប្រសើរនិងកាន់តែមានស្ថិរភាពយ៉ាងណាក៏ដោយ, យើងគ្រប់គ្នា ជាពិសេសអ្នកងាយរងគ្រោះបំផុត នៅតែស្ថិតក្នុងការប្រឈមគ្រោះថ្នាក់ដដែល ដរាបណាឧស្សាហកម្មនៅតែបន្តផលិត និងប្រើប្រាស់សារធាតុពុលនោះ។

ការធ្វើការងារដើម្បីការផ្លាស់ប្តូរ

តាមរយៈការចាត់ចែងសហគមន៍របស់ពួកគេ ឲ្យតស៊ូដើម្បីសុខភាពនិងសុខុមាលភាពយូរអង្វែង, អ្នករស់រានពីមហន្តរាយក្រុងបូប៉ាល់បានជំរុញទឹកចិត្តមនុស្សនៅជុំវិញពិភពលោក ឲ្យធ្វើសកម្មភាពផ្សេងៗដើម្បីសិទ្ធិនិងយុត្តិធម៌ផ្នែកបរិស្ថាន។ គោលការណ៍នៃការចាត់ចែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីសារធាតុគីមីពុល បានបង្ហាញថាមានប្រយោជន៍ ៖

  • ជៀសវាងសារធាតុពុលក្នុងជីវិតប្រចាំថ្ងៃ។ ប្រើប្រាស់សារធាតុគីមីមិនពុល សម្រាប់ការលាងសម្អាតនៅផ្ទះ, នៅស្ថាប័នក្នុងសហគមន៍, ឬនៅកន្លែងធ្វើការ។ មិនប្រើថ្នាំសម្លាប់សត្វល្អិត ឬជីគីមី នៅក្នុងសួនដំណាំ, បរិភោគអាហារដែលគ្មានជាតិគីមី, និងលាងសម្អាតបន្លែ ផ្លែឈើយ៉ាងប្រុងប្រយ័ត្នមុននឹងបរិភោគ។ ដោយហេតុថាយើងទំនងជាប្រឈមនឹង សារធាតុពុលក្នុងសហគមន៍ យើងត្រូវតែដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបញ្ឈប់សាជីវកម្មពីការបង្ក គ្រោះថ្នាក់ដល់ប្រជាជន ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត។
  • រៀបចំសកម្មភាពដើម្បីបង្ការការបំពុលបរិស្ថាន។ ប្រើប្រាស់សកម្មភាពផ្សេងៗដើម្បីបង្ការមហន្តរាយសារធាតុពុល ដែលមានដូចជាការធ្វើបាតុកម្មអត់អាហារ, បាតុកម្មអង្គុយនៅនឹងមួយកន្លែង, និងការដើរដង្ហែរក្បួន, ក៏ដូចជាការផ្សព្វផ្សាយតាមរោងកុន, ប្រព័ន្ធព័ត៌មាន, អ៊ីនធឺនែត, និងមធ្យោបាយទំនាក់ទំនងដទៃទៀត ដើម្បីអប់រំប្រជាជន។ ប្រសិនបើរោងចក្រកំពុងបំពុលបរិស្ថាន គួររិះរកមធ្យោបាយដទៃទៀតដែលកម្មករអាចចិញ្ចឹមជីវិតបាន ព្រោះប្រជាជនទាំងអស់ត្រូវការការងារនិងប្រាក់ចំណូល។
A woman speaking as she holds her child.
បើរដ្ឋាភិបាលរបស់យើងបានការពារយើងនិងបរិស្ថានរបស់យើង ដូចដែលខ្ញុំការពារគ្រួសាររបស់ខ្ញុំ នោះយើងទាំងអស់គ្នានឹងមានសុខភាពល្អប្រសើរជាងនេះមិនខាន។
  • បង្ខំឲ្យក្រុមហ៊ុនធ្វើការសម្អាត។ ទោះបីចំណុចនេះពិបាកនឹងសម្រេចក៏ដោយ ការទាមទារឲ្យក្រុមហ៊ុននានាធ្វើការសម្អាតសារធាតុពុលដែលរាយប៉ាយ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការតស៊ូទាំងឡាយដើម្បីសិទ្ធិផ្នែកបរិស្ថាន។ បើទោះជាក្រុមហ៊ុនមិនយល់ស្របក៏ដោយ ប្រជាជនទាំងអស់យល់ស្របថាក្រុមហ៊ុនត្រូវតែទទួលខុសត្រូវក្នុងការបង្ការគ្រោះថ្នាក់ និងជួសជុលរាល់ការខូចខាតទាំងឡាយដែលពួកគេបង្កឡើង។
  • ដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបង្កើនស្តង់ដារសុវត្ថិភាពសម្រាប់ប្រជាជន។ ជាអកុសល រដ្ឋាភិបាលជាច្រើនការពារផលប្រយោជន៍របស់ក្រុមហ៊ុន ច្រើនជាងការពារប្រជាជន។ ចំណុចនេះធ្វើឲ្យកាន់តែមានភាពអយុត្តិធម៌ផ្នែកបរិស្ថាន និងឈានទៅរកមហន្តរាយផ្សេងៗនៅពេលដែលក្រុមហ៊ុនមើលឃើញសុវត្ថិភាពប្រជាជន ថាជាការចំណាយដែលអាចចៀសវាងបាន គឺមិនមែនមើលឃើញថាជាការទទួលខុសត្រូវរបស់ខ្លួន។ រដ្ឋាភិបាលទាំងឡាយត្រូវតែផ្លាស់ប្តូរអាទិភាពរបស់ខ្លួនដើម្បីការពារប្រជាជនគ្រប់រូប ជាពិសេសអ្នកដែលងាយរងគ្រោះបំផុត។
  • ផ្លាស់ប្តូរមធ្យោបាយផលិតរបស់ឧស្សាហកម្ម។ រោងចក្រយូញៀនខាបៃត៍ក្នុងក្រុងបូប៉ាល់ ផលិតថ្នាំសម្លាប់សត្វល្អិតដើម្បីការពារដំណាំពីសត្វល្អិត។ ប៉ុន្តែមានវិធីល្អជាងនេះក្នុងការបញ្ឈប់សត្វល្អិតចង្រៃដោយមិនប្រើសារធាតុគីមី។ ជាការពិត អ្វីៗទាំងអស់សុទ្ធតែមានវិធីរបស់វាដោយបង្កគ្រោះថ្នាក់តិច និងមានស្ថិរភាពខ្ពស់។ ហេតុអ្វីគេអនុញ្ញាតឲ្យឧស្សាហកម្មបំពុលពួកយើង ប៉ុន្តែគេមិនអនុញ្ញាតឲ្យយើងសម្រេចចិត្តអំពីមធ្យោបាយផលិតរបស់អ្វីមួយ?

ការប្រឈមគ្រោះថ្នាក់ដែលអាចទទួលបាន? សម្រាប់អ្នកណា?

ជារឿយៗឧស្សាហកម្មនិងរដ្ឋាភិបាលនិយាយដោះសារពីការប្រឈមនឹងការបំផ្លាញបរិស្ថាន (សូម្បីតែមហន្តរាយធ្ងន់ធ្ងរដូចក្រុងបូប៉ាល់) ថាការប្រឈមនឹងគ្រោះថ្នាក់មួយចំនួន អាចទទួលយកបាន គឺដូចជា "ការចំណាយលើការអភិវឌ្ឍន៍" ដែរ។ ជាទូទៅវាមានន័យថា ប្រជាជនដែលងាយរងគ្រោះបំផុតដូចជាពួកយើង ត្រូវបានលះបង់ដើម្បីឲ្យមុខជំនួញក្រុមហ៊ុនមានដំណើរការ។ សម្រាប់ពួកយើងភាគច្រើន គឺមិនអាចទទួលយកបានទេ។ ការស្វែងរកផលប្រយោជន៍ មិនអាចយកមកទូរទាត់នឹងការបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងការរំលោភសិទ្ធិក្នុងការទទួលបានសុខភាពល្អនិងបរិស្ថានល្អបានឡើយ។ ប្រសិនបើក្រុមហ៊ុនយូញៀនខាបៃត៍ឬរដ្ឋាភិបាលឥណ្ឌាបានអនុវត្តតាមគោលការណ៍ប្រុងប្រយ័ត្នោះប្រហែលជាមហន្តរាយឧស្ម័នពុលក្នុងក្រុងបូប៉ាល់ មិនបានកើតឡើងទេ។

ការទាមទារឲ្យមានការប្រុងប្រយ័ត្ន

វិធានការសុវត្ថិភាពអាចកាត់បន្ថយគ្រោះថ្នាក់បាន។ ប៉ុន្តែសូម្បីតែវិធានការសុវត្ថិភាពត្រូវបានអនុវត្តក៏ដោយ ក៏ការប្រឈមគ្រោះថ្នាក់តែងតែមានខ្លះជានិច្ចនៅក្នុងរោងចក្រឧស្សាហកម្ម។ ប្រសិនបើមិនអាចជៀសវាងការប្រឈមគ្រោះថ្នាក់បានទេ យ៉ាងហោចណាស់ក៏គ្រោះថ្នាក់នេះត្រូវបានចែករំលែកស្មើគ្នា និងមិនប៉ះពាល់តែប្រជាជននិងសហគមន៍ក្រីក្រដែរ។

សម្រាប់ពេលយូរអង្វែង ដើម្បីឲ្យមានប្រសិទ្ធភាពបំផុតតាមដែលអាច ឧស្សាហកម្មត្រូវតែបានរៀបចំឡើងក្នុងរបៀបម្យ៉ាងដែលផ្តល់តម្លៃដល់សុវត្ថិភាពនិងស្ថិរភាព ជាជាងប្រាក់ចំណូលខ្ពស់។ ដើម្បីសម្រេចបញ្ហានេះបាន យើងគួរទាមទារឲ្យសាជីវកម្មទាំងឡាយធ្វើការអភិវឌ្ឍប្រកបដោយសុវត្ថិភាព ហើយរដ្ឋាភិបាលត្រូវធ្វើឲ្យក្រុមហ៊ុនទាំងនោះទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន តាមរយៈការបង្កើតនិងអនុវត្តច្បាប់ដែលការពារសុខភាពនិងបរិស្ថាន។ វិធីមួយក្នុងការលើកកម្ពស់យុត្តិធម៌ផ្នែកបរិស្ថានសម្រាប់មនុស្សគ្រប់គ្នា គឺការទាមទារឲ្យអ្នកដឹកនាំ និងអ្នកមានអំណាចទាំងឡាយ ធ្វើការសម្រេចចិត្តលើបញ្ហាបរិស្ថានដោយផ្អែកលើគោលការណ៍ប្រុងប្រយ័ត្ន។

Illustration of the following: The shape of the factory turned sideways becomes a gun.
ទាមទារឲ្យមានការប្រុងប្រយ័ត្ន!
EHB Ch4 Page 43-2.png
រោងចក្រដែលបញ្ចេញផ្សែង ...អាចបង្វិលទៅជាកាំភ្លើង(មូលហេតុនៃមហន្តរាយ)។