Hesperian Health Guides
៤. សិទ្ធិ និងយុត្តិធម៌ផ្នែកបរិស្ថាន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៤. សិទ្ធិ និងយុត្តិធម៌ផ្នែកបរិស្ថាន
មនុស្សគ្រប់រូបនៅក្នុងសហគមន៍នានា មានសិទ្ធិទទួលបាននូវសុខភាពល្អ និងបរិស្ថានល្អប្រសើរនិងដែលមានសុវត្ថិភាព។ ជាអកុសល សិទ្ធិទាំងនេះច្រើនតែមិនមានការគោរពទេ។ មនុស្សជាច្រើនរងគ្រោះដោយសារបញ្ហាសុខភាពធ្ងន់ធ្ងរដែលបង្កឡើងដោយការខ្វះខាតនូវតម្រូវការចាំបាច់ និងភាពលើសលុបនៃសារធាតុគ្រោះថ្នាក់។ មនុស្សដែលងាយរងគ្រោះបំផុត គឺអ្នកដែលមានឋានៈទាប ដោយសារពូជសាសន៍ ជាតិពន្ធុ សាសនា ភេទ វណ្ណៈ ភាពក្រីក្រ ឬមូលហេតុដទៃទៀត។ ជាទូទៅពួកគេទាំងនេះរងគ្រោះមុនគេ និងធ្ងន់ធ្ងរជាងគេ។
ការតស៊ូដើម្បីរស់នៅក្នុងបរិស្ថានល្អប្រសើរ មានសុវត្ថិភាព ផលិតភាព និងភាពសប្បាយរីករាយ ពីសំណាក់សហគមន៍ទាំងឡាយដែលសិទ្ធិរបស់ខ្លួនមិនទទួលបានការគោរពពីក្រុមអ្នកមានអំណាច ជួនកាលគេហៅថា ការតស៊ូទាមទារយុត្តិធម៌ផ្នែកបរិស្ថាន។
នៅជុំវិញពិភពលោកមានសាច់រឿងជាច្រើននិយាយអំពីសហគមន៍ផ្សេងៗដែលបានរងគ្រោះដោយមិនសមហេតុផលពីមហន្តរាយនៃសុខភាពបរិស្ថាន ក៏ដូចជាសាច់រឿងជាច្រើនដែលនិយាយអំពីការរៀបចំសកម្មភាពផ្សេងៗរបស់ប្រជាជនដើម្បីការពារសិទ្ធិរបស់ខ្លួនក្នុងការទទួលបានសុខភាពល្អនិងយុត្តិធម៌ផ្នែកបរិស្ថាន ក្នុងពេលដែលគ្រោះមហន្តរាយបានចាប់ផ្តើម។ ជំពូកនេះនឹងនិយាយពីសាច់រឿងទាំងនេះ។