Hesperian Health Guides
ការប្រើប្រាស់ច្បាប់អន្តរជាតិ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ខ ៖ ការប្រើប្រាស់ច្បាប់ដើម្បីទាមទារសិទ្ធិផ្នែកបរិស្ថាន > ការប្រើប្រាស់ច្បាប់អន្តរជាតិ
ច្បាប់និងអនុសញ្ញាជាច្រើនដែលបានព្រមព្រៀងដោយប្រជាជនសមាជិកនៃអង្គការសហប្រជាជាតិ(ស្ទើរតែគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោក) ការពារសិទ្ធិផ្នែកបរិស្ថានសម្រាប់មនុស្សគ្រប់រូប។ សិទ្ធិមនុស្សជាកម្មសិទ្ធិរបស់មនុស្សគ្រប់គ្នានិងសហគមន៍ទាំងឡាយ ហើយមិនអាចដកយកវិញបានឡើយ។ សិទ្ធិទាំងនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែដើម្បីឲ្យសិទ្ធិទាំងនេះមានប្រសិទ្ធភាព ប្រជាជនត្រូវតែយល់ដឹងពីវាឲ្យបានច្បាស់ ព្រមទាំងអនុវត្តសិទ្ធិរបស់ខ្លួន។ បើគ្មានការធ្វើសកម្មភាពដើម្បីប្រាកដថាសិទ្ធិទាំងនេះត្រូវបានអនុវត្តនៅថ្នាក់ជាតិទេ ច្បាប់និងអនុសញ្ញាអន្តរជាតិមិនមានប្រសិទ្ធភាពឡើយ។
កិច្ចព្រមព្រៀងអន្តរជាតិ
កិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ការពារសិទ្ធិមនុស្ស និងបរិស្ថាន។ ជាអកុសល មនុស្សម្នាក់ឬមនុស្សមួយក្រុម មិនអាចប្តឹងបានទេនៅពេលកិច្ចព្រមព្រៀងទាំងនេះត្រូវបានរំលោភ។ មានតែប្រទេសហត្ថលេខីប៉ុណ្ណោះ ដែលអាចប្តឹងបាន ហើយពួកគេកម្រនឹងធ្វើបែបនេះណាស់។ ម្យ៉ាងទៀត កិច្ចព្រមព្រៀងទាំងនេះអាចអនុវត្តប្រឆាំងនឹងរដ្ឋាភិបាលប៉ុណ្ណោះ គឺមិនមែនប្រឆាំងនឹងសាជីវកម្មពហុសាសន៍ទេ។ នៅប្រទេសជាច្រើន ច្បាប់អន្តរជាតិអាចត្រូវបានប្រើប្រាស់នៅក្នុងតុលាការប្រទេសនោះ។ ការស្វែងយល់អំពីអ្វីដែលកិច្ចព្រមព្រៀងអន្តរជាតិបានចែង ក៏អាចជួយអ្នកផងដែរឲ្យយល់អំពីឥរិយាបទនៃសហគមន៍អន្តរជាតិចំពោះបញ្ហាជាក់លាក់មួយ ព្រមទាំងអាចជួយបង្កើតយុទ្ធនាការផ្សេងៗដើម្បីការពារសិទ្ធិមនុស្ស។
ប្រសិនបើប្រជាជនយល់ដឹងច្បាស់ពីសិទ្ធិរបស់ខ្លួន និងពីកិច្ចព្រមព្រៀងដែលប្រទេសជាច្រើនបានឯកភាពក្នុងការការពារពួកគេ នោះពួកគេអាចអនុវត្តសិទ្ធិរបស់ខ្លួនកាន់តែប្រសើរ និងទាមទារឲ្យរដ្ឋាភិបាលមានភាពទទួលខុសត្រូវ។
នេះគឺជាបញ្ជីដែលរៀបរាប់ពីកិច្ចព្រមព្រៀងអន្តរជាតិដែលការពារសិទ្ធិមនុស្ស និងបរិស្ថាន រួមជាមួយគេហទំព័រដែលអ្នកអាចស្វែងរកព័ត៌មានអំពីកិច្ចព្រមព្រៀងទាំងនោះ និងអំពីរបៀបប្រើប្រាស់វា។ (មើលការបរិយាយអំពីកិច្ចព្រមព្រៀងមួយចំនួនដែលទាក់ទងនឹងសារធាតុពុល)។
វេទិកាអន្តរជាតិ និងទម្រង់ការពិសេស
ដើម្បីទាញចំណាប់អារម្មណ៍មកលើការតស៊ូដើម្បីសិទ្ធិមនុស្ស ប្រជាជនក្នុងប្រទេសជាច្រើនបានស្វែងរកយុត្តិធម៌នៅតាមវេទិការផ្លូវច្បាប់អន្តរជាតិ ដូចជាអង្គការសហរដ្ឋអាមេរិកនៃតុលាការអន្តរអាមេរិកាំង តុលាការពិភពលោក និងគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។ ចំណាប់អារម្មណ៍អន្តរជាតិនៅក្នុងវេទិការទាំងនេះ អាចដាក់សម្ពាធលើប្រទេសទាំងនោះឲ្យចរចាររកដំណោះស្រាយ ឬបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនសាជីវកម្មដែលបង្កការខូចខាតដល់បរិស្ថាន និងរំលោភសិទ្ធិមនុស្ស។
វាអាចជាការចាំបាច់ដែលត្រូវបង្ហាញថា ការឡើងទៅតុលាការនៅក្នុងប្រទេសដែលការរំលោភសិទ្ធិមនុស្សបានកើតឡើង គឺមិនបាននាំឲ្យមានដំណោះស្រាយអ្វីទេ, ឬពន្យល់ថាហេតុអ្វីច្បាប់ជាតិ និងប្រព័ន្ធយុត្តិធម៌ជាតិ មិនមានភាពយុត្តិធម៌ ឬនឹងមិនអាចទទួលជោគជ័យដោយមូលហេតុផ្សេង។
អង្គការសហប្រជាជាតិក៏បានបង្កើត "ទម្រង់ការពិសេស" សម្រាប់ជជែកអំពីការរំលោភសិទ្ធិមនុស្សផងដែរ។ ទម្រង់ការពិសេសទាំងនេះអាចត្រូវបានប្រើប្រាស់ដោយក្រុមមនុស្ស និងបុគ្គល ដោយមិនចាំបាច់មានការយល់ព្រមពីរដ្ឋាភិបាល និងមិនពឹងផ្អែកលើកតិកាសញ្ញា ឬអនុសញ្ញាផ្សេងឡើយ។ បុគ្គលម្នាក់ ឬសហគមន៍មួយ អាចប្រើប្រាស់ទម្រង់ការពិសេស តាមរយៈការទាក់ទងអ្នកជំនាញសិទ្ធិមនុស្ស ដែលហៅថា "អ្នកបញ្ជូនរបាយការណ៍ពិសេស"។
ពួកគេស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សដែលកើតឡើងក្នុងតំបន់ការងាររបស់ពួកគេ(ហៅថា "អាណត្តិ") ដូចជាសិទ្ធិទទួលបានអាហារ សិទ្ធិទទួលបានសុខភាពល្អ ការចាក់កាកសំណល់ពុល ។ល។ អ្នកអាចទាក់ទងអ្នកបញ្ជូនរបាយការណ៍ពិសេសទាំងនេះ ដោយសរសេរលិខិតសាមញ្ញមួយ ភ្ជាប់ជាមួយរបាយការណ៍ព័ត៌មាន ឯកសារ ឬព័ត៌មានជាលាយលក្ខអក្សរផ្សេងទៀតដែលទាក់ទងនឹងបញ្ហានោះ។ អ្នកទាំងនេះ រាយការណ៍ពីបញ្ហាទាំងនេះទៅកាន់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងជួនកាលទៅកាន់មហាសន្និបាតនៃអង្គការសហប្រជាជាតិ។
ឈ្មោះរបស់អ្នកបញ្ជូនរបាយការណ៍, អាណត្តិ, និងព័ត៌មានទាក់ទងរបស់ពួកគេ អាចរកបាននៅក្នុងគេហទំព័ររបស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅក្នុងផ្នែកដែលមានចំណងជើងថា "Human Rights by Issue"។
វេទិកាអន្តរជាតិផ្សេងទៀតដូចជា Inter-American Human Rights Commission និង African Commission on Human and Peoples’ Rights ជួនកាល អាចប្រើប្រាស់ងាយស្រួលជាង ដោយក្រុមមនុស្ស និងសហគមន៍ ។