Hesperian Health Guides

ការចោលកាកសំណល់ពុលដោយគ្មានសុវត្ថិភាព

នៅក្នុងជំពូកនេ:

ក្រុមហ៊ុនដែលមិនប្រើប្រាស់មធ្យោបាយផលិតកម្មស្អាត ច្រើនតែបង្កើតកាកសំណល់ពុលយ៉ាងច្រើន។ ចំពោះឧស្សាហកម្មខ្លះ ដូចជាឧស្សាហកម្មគីមី និងឧស្សាហកម្មរ៉ែនិងប្រេង, កាកសំណល់ពុលអាចជាផលិតផលដ៏ធំបំផុតរបស់ពួកគេ!

ដោយសារកាកសំណល់ពុលពិបាកនឹងបោះចោលឲ្យមានសុវត្ថិភាពនិងត្រូវការចំណាយយ៉ាងច្រើន ដូច្នេះទើបការចាក់ចោលកាកសំណល់គ្រោះថ្នាក់ កើតមានជាញឹកញាប់។ ហើយម្យ៉ាងទៀត ការចាក់ចោលកាកសំណល់ក៏បន្ថែមប្រភពនៃជំងឺមួយទៀតដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍ក្រីក្រ។

ក្រុមហ៊ុនកាន់តែច្រើនត្រូវបានណែនាំឲ្យរក្សាផលិតផលពុលរបស់ខ្លួនកុំឲ្យទៅជាកាកសំណល់ តាមរយៈការកែច្នៃកាកសំណល់ផ្នែកខ្លះឡើងវិញឬផ្នែកទាំងមូល។ ប៉ុន្តែសូម្បីតែសកម្មភាពមិនបំផ្លាញបរិស្ថាន ដូចជាការកែច្នៃធនធាន ក៏ត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នដែរ ដើម្បីបង្ការសារធាតុពុលកុំឲ្យបង្កគ្រោះថ្នាក់ដល់កម្មករនិងបរិស្ថាន។

ការធ្វើឲ្យប្រាកដថាឧស្សាហកម្មបោះចោលកាកសំណល់របស់ខ្លួនដោយមានការទទួលខុសត្រូវ គឺគ្រាន់តែជាផ្នែកមួយនៃដំណោះស្រាយប៉ុណ្ណោះ។ ដើម្បីបញ្ឈប់បញ្ហានៃកាកសំណល់ពុលយ៉ាងពិតប្រាកដ យើងត្រូវតែផ្លាស់ប្តូររបៀបធ្វើការរបស់ឧស្សាហកម្ម។ វិធីសុវត្ថិភាពតែមួយគត់ក្នុងការបោះចោលកាកសំណល់ពុល គឺត្រូវបញ្ឈប់ការបង្កើតកាកសំណល់នេះតាំងពីទីដំបូងមក។

គម្រោងស្តុកទុកកាកសំណល់នៃបណ្តាប្រទេសអាហ្វ្រិក

ច្រើនទសវត្សរ៍មកហើយ សាជីវកម្មនិងភ្នាក់ងារអភិវឌ្ឍនានា បានលើកកម្ពស់ថ្នាំសម្លាប់សត្វល្អិតដល់កសិករ ដែលចាត់ទុកវាជាផ្នែកមួយនៃដំណោះស្រាយភាពអត់ឃ្លាន។ ប៉ុន្តែ ឥឡូវនេះអ្នកវិទ្យាសាស្ត្រនិងកសិករជាច្រើនបានដឹងថា ថ្នាំសម្លាប់សត្វល្អិតបង្កបញ្ហាច្រើនជាងអ្វីដែលវាដោះស្រាយទៅទៀត។ តើនរណានឹងបោះចោលសារធាតុគីមីពុលដល់ជីវិតទាំងនេះ? តើវាត្រូវបោះចោលឲ្យមានសុវត្ថិភាពយ៉ាងដូចម្តេច?

នៅតាមប្រទេសនានាក្នុងទ្វីបអាហ្វ្រិក មានថ្នាំសម្លាប់សត្វល្អិតដែលមិនប្រើប្រាស់និងមិនចង់បាន ជាង៥០.០០០តោន និងកាកសំណល់ពុលដទៃទៀត ត្រូវបានរក្សាទុកក្នុងធុងធ្លាយ។ ដើម្បីសម្អាតសារធាតុពុលទាំងនេះ និងដើម្បីបង្ការការចាក់ចោលកាកសំណល់ពុលបន្ថែមទៀត ភ្នាក់ងាររដ្ឋាភិបាលនិងអង្គការអន្តរជាតិមួយក្រុម បានបង្កើតកម្មវិធីស្តុកទុកកាកសំណល់នៃបណ្តាប្រទេសអាហ្វ្រិក(ASP)។

A man shrugs near 2 oil drums.

ក្រុមទាំងឡាយនៅក្នុងកម្មវិធីASP មានគំនិតខុសៗគ្នាអំពីវិធីសម្អាតកាកសំណល់។ អ្នកខ្លះនិយាយថា វិធីដែលងាយបំផុត និងចំណាយតិចបំផុត គឺត្រូវដុតវាចោល។ ធនាគារពិភពលោក និងរដ្ឋាភិបាលមួយចំនួន កំពុងសាងសង់ឡសម្រាប់ដុតកាកសំណល់ទាំងនេះ។ ក្រុមដទៃទៀតនៅក្នុងកម្មវិធីASP និយាយថា ការដុតកាកសំណល់ទាំងនេះនឹងបញ្ចេញធាតុពុលទៅក្នុងខ្យល់និងទឹក ហើយក៏បានលើកឡើងនូវមធ្យោបាយផ្សេងៗទៀត។ រហូតមកទល់ពេលនេះ គ្មានវិធីសុវត្ថិភាពពិតប្រាកដក្នុងការបំផ្លាញសារធាតុគីមីទាំងនេះទេ។ ការបង្កើតមធ្យោបាយសុវត្ថិភាព នឹងត្រូវចំណាយច្រើនជាងការដុត ហើយនឹងចំណាយពេលយូរ។

ខណៈដែលកម្មវិធីASP ធ្វើការងារដើម្បីដោះស្រាយបញ្ហានេះ កាកសំណល់ពុលបានហើរទៅក្នុងខ្យល់ និងជ្រាបទៅក្នុងទឹកក្រោមដី។ ការបំពុលនិងជំងឺផ្សេងៗដែលកាកសំណល់បង្កឡើង គឺជាផ្នែកមួយនៃកេរដំណែលគ្រោះថ្នាក់ដល់ជីវិត ដែលក្រុមហ៊ុនគីមីនិងភ្នាក់ងារអភិវឌ្ឍបានផលិតនិងលើកកម្ពស់ការប្រើប្រាស់វា។

ការកែច្នៃអាគុយ/ថ្មពិល

អាគុយជាតិសំណដែលយកពីរថយន្ត ជាញឹកញាប់ត្រូវបានកែច្នៃយកជាតិលោហៈដែលមានក្នុងនោះ។ នៅកន្លែងភាគច្រើន វាមិនមែនជាដំណើរការឧស្សាហកម្មទេ ប៉ុន្តែវាត្រូវបានធ្វើនៅក្នុងផ្ទះនិងក្រោយផ្ទះ។ ការកែច្នៃអាគុយ បង្កើតការបំពុលដោយជាតិសំណយ៉ាងធ្ងន់ធ្ងរ ដែលបំផ្លាញដល់សុខភាពមនុស្សនិងបរិស្ថាន។ ការប្រឈមនឹងជាតិសំណកម្រិតខ្ពស់ក្នុងរយៈពេលខ្លី អាចបណ្តាលឲ្យក្អួត រាក ប្រកាច់ សន្លប់យូរ ឬថែមទាំងស្លាប់ទៀតផង។

នៅកន្លែងខ្លះ ថ្មពិលតូចៗត្រូវបានគេផ្តាច់ចេញពីគ្នា ដើម្បីយកម្សៅពណ៌ខ្មៅនៅខាងក្នុងធ្វើជាថ្នាំជ្រលក់ពណ៌ ថ្នាំពណ៌ និងផលិតផលសម្អាង។ ម្សៅនេះមានជាតិពុលខ្លាំងណាស់ និងមិនគួរយកមកប្រើក្នុងគោលបំណងទាំងនេះឡើយ។ វាត្រូវបានផលិតចេញពីកាតមីញ៉ូម សំណ ស័ង្កសី បារត និងលោហៈធ្ងន់ពុលផ្សេងទៀត។ ប្រសិនបើប្រើម្សៅនេះ ត្រូវតែរៀបចំវាដោយពាក់ស្រោមដៃនិងម៉ាស់ ហើយបោះចោលវាឲ្យមានសុវត្ថិភាព។

ការកាត់បន្ថយគ្រោះថ្នាក់

វិធីល្អបំផុតក្នុងការកាត់បន្ថយការប្រឈមនឹងសារធាតុពុលក្នុងអាគុយនិងថ្មពិល គឺត្រូវឲ្យអ្នកផលិតរបស់ទាំងនេះជាអ្នកប្រមូលអាគុយនិងថ្មពិលដែលប្រើរួច ហើយប្រាកដថាវាត្រូវបានកែច្នៃដោយស្ថិតក្នុងស្ថានភាពសុវត្ថិភាព។ ប្រទេសខ្លះមានច្បាប់ដាក់កម្រិតលើការកែច្នៃអាគុយនិងថ្មពិលដោយសុវត្ថិភាព។

ការកែច្នៃឧបករណ៍អេឡិចត្រូនិច

EHB Ch20 Page 464-1.png
ការពាក់ម៉ាស់ ស្រោមដៃ និងឧបករណ៍ការពារដទៃទៀត នឹងជួយការពារប្រជាជនដែលធ្វើការងារកែច្នៃគ្រឿងកុំព្យូទ័រ។

ការបង្កើតឧបករណ៍អេឡិចត្រូនិច ដូចជាកុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទដៃ និងវិទ្យុ ទាមទារធនធានយ៉ាងច្រើន។ ឧបករណ៍អេឡិចត្រូនិចក៏ផ្ទុកសារធាតុពុលជាច្រើនផងដែរ ដូចជាសំណ កាតមីញ៉ូម បារីយ៉ូម បារត សារធាតុពន្យឺតអណ្តាតភ្លើង PCBs និង ប្លាស្ទិកPVC

ជាញឹកញាប់ ឧបករណ៍អេឡិចត្រូនិចត្រូវបានបោះចោលនៅក្នុងរណ្តៅសំរាមដែលសារធាតុពុលនៅក្នុងនោះ ជ្រាបចូលទៅក្នុងទឹកក្រោមដី។ ឬមួយវាត្រូវបានបំបែកចេញពីគ្នា ហើយសារធាតុដែលមានក្នុងនោះ ត្រូវបានកែច្នៃឡើងវិញ(ដែលច្រើនតែធ្វើដោយដៃ)ដោយប្រើសារធាតុរំលាយ។ បែបនេះបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់មនុស្សដែលធ្វើការងារកែច្នៃ និងយកសារធាតុពុលទៅបញ្ចូលក្នុងផលិតផលដទៃទៀតដែលនឹងធ្វើឲ្យមានបញ្ហាសុខភាពនៅថ្ងៃក្រោយ។

ដំណោះស្រាយសុវត្ថិភាពបំផុត គឺត្រូវតម្រូវឲ្យក្រុមហ៊ុនដែលផលិតឧបករណ៍អេឡិចត្រូនិច ទទួលខុសត្រូវលើការកែច្នៃឡើងវិញដោយសុវត្ថិភាព និងរៀបចំបង្កើតឡើងវិញនូវផលិតផលដែលប្រើប្រាស់សារធាតុគ្រោះថ្នាក់តិចតួច និងដែលប្រើបានយូរ។ ចំណែកឯប្រជាជនដែលទិញនិងប្រើប្រាស់ផលិផលអេឡិចត្រូនិក អាចកាត់បន្ថយកាកសំណល់គ្រោះថ្នាក់ ដោយយកវាទៅជួសជុលនៅពេលខូច ជាជាងបោះវាចោល។

ពាណិជ្ជកម្មកាកសំណល់ពុល

ពាណិជ្ជកម្មកាកសំណល់ពុលគឺជាការនាំចេញពីប្រទេសមួយទៅប្រទេសមួយ នូវកាកសំណល់ពុល និងសារធាតុគ្រោះថ្នាក់។ ដោយសារប្រទេសអ្នកមានច្រើនតែព្យាយាមចាក់កាកសំណល់របស់ខ្លួនទៅឲ្យឆ្ងាយ ហើយដោយសាររដ្ឋាភិបាលនៃប្រទេសក្រីក្រ មិនសូវមានអំណាចក្នុងការបញ្ឈប់វា, ទើបពាណិជ្ជកម្មកាកសំណល់ពុលភាគច្រើនបំផុតមានន័យថា ប្រទេសអ្នកមាននិងសហគមន៍អ្នកមាន ចាក់កាកសំណល់ទៅក្នុងប្រទេសក្រីក្រនិងសហគមន៍ក្រីក្រ។

នូវកាកសំណល់ពុល និងសារធាតុគ្រោះថ្នាក់។ ដោយសារប្រទេសអ្នកមានច្រើនតែព្យាយាមចាក់កាកសំណល់របស់ខ្លួនទៅឲ្យឆ្ងាយ ហើយដោយសាររដ្ឋាភិបាលនៃប្រទេសក្រីក្រ មិនសូវមានអំណាចក្នុងការបញ្ឈប់វា, ទើបពាណិជ្ជកម្មកាកសំណល់ពុលភាគច្រើនបំផុតមានន័យថា ប្រទេសអ្នកមាននិងសហគមន៍អ្នកមាន ចាក់កាកសំណល់ទៅក្នុងប្រទេសក្រីក្រនិងសហគមន៍ក្រីក្រ។

ពាណិជ្ជកម្មកាកសំណល់ពុលខ្លះត្រូវបានហាមឃាត់ដោយច្បាប់អន្តរជាតិ។ ប៉ុន្តែដូចសកម្មជនផ្នែកសុខភាពនិងសិទ្ធិមនុស្សជាច្រើន បានដឹងរួចហើយថា ច្បាប់អាចការពារប្រជាជនតែនៅពេលដែលប្រជាជនរៀបចំសកម្មភាពទាមទារឲ្យមានការអនុវត្តច្បាប់ប៉ុណ្ណោះ។

យកកាកសំណល់ពុលរបស់អ្នក ទៅផ្ទះវិញទៅ

ឃានស៊ី គឺជាកប៉ាល់មួយដែលផ្ទុកទៅដោយផេះពុលចេញពីឡសំរាម ចំនួន១៤.០០០តោន មកពីទីក្រុងហ្វីឡាដែលហ្វៀ នៃសហរដ្ឋអាមេរិក ដើម្បីយកទៅចាក់ចោលនៅទីណាផ្សេងក្រៅពីសហរដ្ឋអាមេរិក។ ប៉ុន្តែទោះបីកប៉ាល់នេះទៅទីណា ក៏ប្រជាជនបដិសេធមិនទទួលយកដែរ។

ដំបូង កប៉ាល់នេះធ្វើដំណើរទៅប្រទេសបាហាម៉ា បន្ទាប់មកទៅសាធារណរដ្ឋដូមីនិកកាំង ប៉ុន្តែប្រទេសទាំងពីរមិនទទួលយកកាកសំណល់នេះទេ។ គេបន្តដំណើរទៅប្រទេសហុងឌូរ៉ាស់, ប៊ឺមូដា, ហ្គីនីប៊ីសាវ និងប្រទេសនីឌ័រលែនអាន់ធីលី។ ប៉ុន្តែគ្មានប្រទេសណាមួយចង់បានផេះពុលនេះទេ។

ដោយអស់សង្ឃឹមនឹងការចាក់ផេះពុលនេះ ក្រុមនាវិកបានកុហកពីកប៉ាល់នេះ។ ជួនកាលពួកគេនិយាយថា ផេះពុលនេះគឺជាសម្ភារៈសំណង់ ឬសម្ភារៈសម្រាប់ចាក់បំពេញផ្លូវ។ ប៉ុន្តែពួកសកម្មជនផ្នែកបរិស្ថាន បានដើរមុនកប៉ាល់មួយជំហានរួចហើយ ដោយបានប្រាប់ប្រទេសទាំងឡាយឲ្យដឹងថាតើអ្វីពិតប្រាកដដែលមាននៅក្នុងផេះនោះ។ គ្មាននរណាម្នាក់ទទួលយកវាទេ រហូតទាល់តែទៅដល់ប្រទេសហៃទី។ នៅទីនោះ រដ្ឋាភិបាលហៃទីដែលមានអាមេរិកជាអ្នកគាំទ្រ បានអនុញ្ញាតឲ្យផេះ(ឥឡូវត្រូវបានហៅថា “ជី”) នេះចូលក្នុងប្រទេសរបស់ខ្លួន។ ផេះចំនួន៤០០០តោនត្រូវបានចាក់ទៅលើឆ្នេរខ្សាច់មួយនៅក្នុងក្រុងហ្គោណាយ នៃប្រទេសហៃទី។

មុនយូរប៉ុន្មាន ការប្រឆាំងជំទាស់ជាសាធារណៈ បានបង្ខំឲ្យមន្ត្រីហៃទី សារភាពថាវាមិនមែនជាជីទេ។ ពួកគេបញ្ជាឲ្យយកកាកសំណល់នោះទៅកប៉ាល់វិញ។ ប៉ុន្តែកប៉ាល់ឃានស៊ីបានគេចទៅឆ្ងាយតាំងពីយប់ម្ល៉េះ។

ក្នុងរយៈពេល២ឆ្នាំ កប៉ាល់ឃានស៊ីបានធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ព្យាយាមចាក់ចោលផេះដែលនៅដល់១០.០០០តោនទៀត។ ក្រុមនាវិកត្រូវបានបញ្ជាឲ្យលាបពណ៌ប្តូរឈ្មោះកប៉ាល់។ ប៉ុន្តែនៅតែគ្មានប្រទេសណាចាញ់បោកពួកគេដែរ។ ក្រោយមកទៀត នាវិកម្នាក់បានធ្វើសាក្សីក្នុងតុលាការថា ភាគច្រើននៃកាកសំណល់ត្រូវបានចាក់ចូលទៅក្នុងសមុទ្រឥណ្ឌា។ នៅចុងបញ្ចប់ ផេះ២០០០តោនត្រូវបានជញ្ជូនត្រឡប់ទៅចាក់ក្នុងរណ្តៅក្នុងក្រុងហ្វីឡាដែលហ្វៀវិញ។ លទ្ធផលនេះគួរតែអរគុណដល់ការខំប្រឹងប្រែងជាច្រើនឆ្នាំរបស់សកម្មជនផ្នែកបរិស្ថាន។

ការសាងសង់ក្នុងទីក្រុង អាចគាស់កកាយកាកសំណល់ពុល

ជាអកុសល ការព្រងើយកន្តើយនឹងកាកសំណល់ពុល មិនធ្វើឲ្យវាបាត់ទៅណាទេ។ នៅពេលគម្រោងអភិវឌ្ឍថ្មីៗចាប់ផ្តើមក្នុងទីក្រុង ជាទូទៅប្រជាជនមានការសប្បាយចិត្តនឹងផ្សារថ្មីៗ លំនៅដ្ឋាន ទីកំសាន្ត និងការងារដែលបានបង្កើតសម្រាប់ប្រជាជន។ ប៉ុន្តែនៅពេលគម្រោងទាំងនេះត្រូវបានសាងសង់នៅលើទីកន្លែងដែលធា្លប់សង់រោងចក្រឬមូលដ្ឋានយោធា នោះប្រជាជនត្រូវតែប្រុងប្រយ័ត្នថា ដីនៅទីនោះមិនមែនធ្លាប់ជាកន្លែងចាក់កាកសំណល់ពុលទេ។ ហើយប្រសិនបើវាធ្លាប់ជាកន្លែងចាក់កាកសំណល់ពុលមែន វាត្រូវតែបានចាក់ដោយសុវត្ថិភាព។

កីឡាបេសបលដើម្បីសុខភាព

A stadium.

នៅពេលទីក្រុងស៊ែនឌីអីហ្គោ នៃសហរដ្ឋអាមេរិក ចាប់ផ្តើមសាងសង់ស្តាតថ្មី អ្នកគាំទ្រក្រុមបេសបល(baseball) San Diego Padres មានភាពរីករាយជាខ្លាំង។ ស្តាតថ្មីនេះនឹងធ្វើឲ្យអាចទស្សនាកីឡាបេសបលបានកាន់តែស្រួល ហើយការសាងសង់ស្តាតនឹងបង្កើតការងារសម្រាប់សហគមន៍។ ប៉ុន្តែការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន(EIA) បានបង្ហាញថា គម្រោងនេះនឹងមានផលប៉ះពាល់យ៉ាងអាក្រក់មកលើបរិស្ថាននិងសុខភាពមនុស្ស។

ទីតាំងដែលបានស្នើសុំសង់ស្តាតនេះ មានភាពកខ្វក់ដោយសារសារធាតុគីមីពុល។ គម្រោងនេះបានស្នើសុំឲ្យជីកស្រទាប់ដីពុល រួចដុតវានៅកណ្តាលក្រុងតែម្តង។ សមាជិកនៃក្រុមសហពលកម្មដើម្បីសុខភាពបរិស្ថាន(EHC) ដឹងថាបែបនេះនឹងបង្កបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះពួកគេក៏បានរៀបចំសកម្មភាពដើម្បីឲ្យសហគមន៍ទាមទារមធ្យោបាយជំនួសវិញ។

ក្រុមEHC និងសមាជិកសហគមន៍បានស្នើសុំឲ្យមន្ត្រីក្រុងបដិសេធគម្រោងដុតដីកខ្វក់ ប៉ុន្តែក្រុងបានបដិសេធសំណើររបស់ពួកគេ។ បន្ទាប់មកសហគមន៍បានប្រមូលអ្នករស់នៅជាង១០០នាក់ មកប្រឆាំងតវ៉ានៅលើផ្លូវនៃទីតាំងសំណង់។ នៅពេលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ពីបញ្ហានេះ ក្រុមកីឡាបេសបល San Diego Padres ហាក់ដូចជាមិនយកចិត្តទុកដាក់នឹងអ្នកគាំទ្ររបស់ខ្លួនទេ។ មិនយូរប៉ុន្មាន ម្ចាស់ក្រុមកីឡានេះបានយល់ព្រមស្វែងរកមធ្យោបាយផ្សេងដើម្បីដោះស្រាយស្រទាប់ដីពុលនេះ។

ក្រុមEHC ក៏បានបង្ហាញពីរបៀបដែលស្តាតថ្មីនឹងបង្កការស្ទះចរាចរ ការបំពុលខ្យល់ និងជំងឺហឺតក្នុងចំណោមកុមារនៅជុំវិញតំបន់នេះផងដែរ។ បន្ទាប់ពីការប្រជុំជាច្រើនដង ក្រុមEHCបានជួយបង្កើតផែនការសាងសង់ថ្មីដែលមិនសូវប៉ះពាល់សុខភាព។

ទោះបីមានការប្រជុំជាសាធារណៈ និងមានការវាយតម្លៃផលប៉ះពាល់លើបរិស្ថានក៏ដោយ ក៏មិនមែនមានន័យថាគម្រោងមួយនឹងមិនបង្កគ្រោះថ្នាក់ដែរ។ ដូចក្នុងករណីស្តាតស៊ែនឌីអីហ្គោ នេះជាដើម អ្នកអភិវឌ្ឍចេះតែចង់ចាប់ផ្តើមគម្រោងរបស់ខ្លួន ទោះបីបានដឹងពីគ្រោះថ្នាក់នៃការដុតស្រទាប់ដីពុល និងបញ្ហាផ្សេងៗទៀតចេញពីផែនការស្តាតនេះហើយក៏ដោយ។ បន្ទាប់ពីមានក្រុមប្រជាជនដែលមានការប្តេជ្ញាចិត្តខ្ពស់ បានធ្វើការសិក្សាលើរបាយការណ៍ ចូលរួមការប្រជុំ និងតវ៉ាប្រឆាំងនៅតាមផ្លូវ ទើបរដ្ឋាភិបាលព្រមកាត់បន្ថយគ្រោះថ្នាក់។

មនុស្សជាច្រើននៅស៊ែនឌីអីហ្គោយកចិត្តទុកដាក់លើការលេងរបស់ក្រុមPadres រៀងរាល់ពេលប្រកួត។ ឥឡូវនេះពួកគេអាចគាំទ្រក្រុមរបស់ខ្លួន និងដឹងថាវាមិនទាន់ធ្វើឲ្យពួកគេមានជំងឺនៅឡើយទេ។

កិច្ចព្រមព្រៀងអន្តរជាតិស្តីអំពីការបោះចោលកាកសំណល់ពុល

ជាច្រើនឆ្នាំកន្លងទៅ ពួកប្រទេសអ្នកមាននៅទ្វីបអាមេរិកខាងជើង និងអឺរ៉ុប បានប្រើប្រាស់ទ្វីបអាហ្វ្រិក អាស៊ី អាមេរិកឡាទីន និងអឺរ៉ុបខាងកើត ធ្វើជាកន្លែងចាក់កាកសំណល់របស់ខ្លួន ដោយមិនមានសម្ពាធផ្លូវច្បាប់ណាមួយបញ្ឈប់ពួកគេឡើយ។ នៅចុងក្រោយ សកម្មភាពក្នុងសហគមន៍នៃប្រទេសក្រីក្រ រួមជាមួយនឹងសម្ពាធពីអ្នកបរិស្ថាននៅទូទាំងពិភពលោក បានឈ្នះកិច្ចព្រមព្រៀងអន្តរជាតិមួយដែលចាត់ទុកពាណិជ្ជកម្មកាកសំណល់ពុលថាខុសច្បាប់។

កិច្ចព្រមព្រៀងដំបូងគឺ អនុសញ្ញាក្រុងបាហ្សែល ស្តីអំពីការគ្រប់គ្រងចលនាឆ្លងប្រទេសនៃកាកសំណល់ឆ្លងរោគនិងការបោះចោលវា(ឆ្នាំ១៩៩២)។ កិច្ចព្រមព្រៀងបានឈ្នះភាគច្រើនគឺដោយសារសកម្មជនទាំងឡាយដែលតាមដានកប៉ាល់ឃានស៊ីដែលធ្វើដំណើរជុំវិញពិភពលោកដើម្បីព្យាយាមចាក់ចោលផេះពុលរបស់ខ្លួន។ បណ្តាប្រទេសដែលចុះហត្ថលេខាលើអនុសញ្ញាក្រុងបាហ្សែល យល់ព្រមថានឹងរម្ងាប់មេរោគ ប្រើប្រាស់ឡើងវិញ និងបោះចោលកាកសំណល់ពុលឲ្យនៅជិតបំផុតពីកន្លែងដែលបង្កើតវាចេញមក ជាជាងដឹកជញ្ជូនយកទៅចាក់ចោលនៅប្រទេសដទៃ។

នៅឆ្នាំ២០០១ ប្រទេសចំនួន៩២ បានចុះហត្ថលេខាលើអនុសញ្ញាក្រុងស្តុកខុម ស្តីអំពីPOP(សារធាតុសរីរាង្គពុលអូសបន្លាយ0)។ អនុសញ្ញានេះហាមឃាត់ការផលិតនិងការប្រើប្រាស់POPដែលគ្រោះថ្នាក់បំផុតចំនួន១២មុខ (ហៅថា “វត្ថុកខ្វក់ទាំង១២”) ហើយចាត់ទុកការធ្វើពាណិជ្ជកម្មPOPទាំងនេះជាការខុសច្បាប់ លើកលែងតែការប្រើប្រាស់សារធាតុគីមីពុលជាក់លាក់ណាមួយនឹងបង្ការគ្រោះថ្នាក់បានច្រើនជាងអ្វីដែលវាបង្កឡើង (ដូចជាការប្រើDDTដើម្បីគ្រប់គ្រងជំងឺគ្រុនចាញ់0)។

កិច្ចព្រមព្រៀងលើកទី៣ត្រូវបានអនុម័តនៅឆ្នាំ២០០៤ គឺអនុសញ្ញាក្រុងរ៉ុតធឺដាំ ស្តីអំពីការអនុញ្ញាតជាមុន។ អនុសញ្ញានេះតម្រូវឲ្យប្រទេសមួយជូនដំណឹងនិងទទួលការអនុញ្ញាតពីប្រទេសមួយទៀតសិន មុននឹងនាំចេញសារធាតុគីមីគ្រោះថ្នាក់ទៅប្រទេសនោះ។

នៅពេលប្រជាជនដឹងអំពី និងប្រើប្រាស់កិច្ចព្រមព្រៀងទាំងនេះ នោះវាក្លាយជាឧបករណ៍សំខាន់មួយដើម្បីធ្វើឲ្យពិភពលោករបស់យើងមានសុខភាពប្រសើរនិងកាន់តែមានយុត្តិធម៌។ ប៉ុន្តែមានវិធីជាច្រើនដែលប្រទេសនិងសាជីវកម្មទាំងនោះអាចគេចវេះពីច្បាប់បាន។ សម្រាប់ព័ត៌មានបន្ថែមអំពីវិធីប្រើប្រាស់ច្បាប់ទាំងនេះ និងច្បាប់ជាតិនិងអន្តរជាតិដទៃទៀត ក្នុងការតស៊ូដើម្បីសុខភាពបរិស្ថានរបស់អ្នក សូមមើលសេចក្តីបន្ថែម ខ

People hold a sign reading "Don't Dump on Us."
ល្បែងពស់ និងជណ្តើរ

EHB Ch20 Page 468-1.png
EHB Ch20 Page 468-2.png

ល្បែងពស់និងជណ្តើរគឺជាល្បែងលើក្តារមួយដ៏មានប្រជាប្រិយនៅក្នុងការអប់រំអំពីសុខភាព។ ល្បែងក្នុងទំព័រនេះអាចបង្ហាញពីរបៀបផ្សេងៗដែលសារធាតុពុលបង្កគ្រោះថ្នាក់មកលើយើង និងពីរបៀបបង្ការនិងកាត់បន្ថយគ្រោះថ្នាក់។ អ្នកអាចបង្កើតល្បែងនេះដោយខ្លួនឯង ដោយចម្លងតាមវាខាងក្រោម ទៅលើផ្ទាំងក្រដាសធំ ក្រដាសឡាំង ឬបន្ទះក្តារ។

សម្ភារៈ ៖ គ្រាប់ឡុកឡាក់, និងគ្រាប់ពូជ ដុំថ្ម ឬសម្បកលៀស ដើម្បីធ្វើគ្រាប់ដើរ, និងបន្ទះក្តារមួយ។

ក្បួន ៖ ល្បែងនេះអាចលេងបានចំពោះមនុស្សពី២ទៅ៤នាក់ ឬលេងជាក្រុម។ អ្នកលេងម្នាក់ៗមានគ្រាប់ដើរមួយ(គ្រាប់ពូជ ដុំថ្ម ឬសម្បកលៀស) ដើម្បីបង្ហាញពីទីតាំងដែលគាត់ស្ថិតនៅលើបន្ទះក្តារ។

អ្នកលេងទី១បោះគ្រាប់ឡុកឡាក់ រួចដើរគ្រាប់របស់គាត់តាមលេខដែលបោះបាន ដោយចាប់ផ្តើមពីក្រឡាការេទី១ដែលមានសរសេរថា “ចាប់ផ្តើម។

EHB Ch20 Page 468-3.png

ប្រសិនបើបោះគ្រាប់ឡុកឡាក់បានលេខ៦ នោះគាត់ដើរបាន៦ក្រឡា រួចអាចបោះបានម្តងទៀត។ បើខុសពីលេខ៦ អ្នកលេងបន្ទាប់ត្រូវបោះម្តង។

ប្រសិនបើគ្រាប់ដើរត្រូវក្រឡាដែលមានរូបក្បាលពស់ នោះអ្នកលេងម្នាក់នេះត្រូវអានអក្សរក្នុងប្រឡោះនោះឲ្យឮ បន្ទាប់មកលើកគ្រាប់ដើរទៅត្រង់កន្ទុយពស់វិញ ហើយអានអក្សរនៅលើប្រអប់កន្ទុយពស់នេះ។ អ្នកត្រូវចាប់ផ្តើមពីក្រឡានេះឡើងវិញ។

EHB Ch20 Page 468-4.png

ប្រសិនបើដើរចំជើងជណ្តើរ ត្រូវអានអក្សរនៅប្រឡោះនោះឲ្យឮ បន្ទាប់លើកគ្រាប់ដើរទៅចុងជណ្តើរ ហើយអានអក្សរនៅប្រឡោះចុងជណ្តើរ។ អ្នកត្រូវចាប់ផ្តើមពីក្រឡានេះឡើងវិញ។

អ្នកណាដែលដើរដល់ក្រឡាចុងក្រោយគេ គឺជាអ្នកឈ្នះ។ អ្នកលេងត្រូវតែបោះគ្រាប់ឡុកឡាក់រហូតទាល់តែបានលេខដែលត្រូវការដើម្បីដើរទៅក្រឡាចុងក្រោយ។

ល្បែងនេះមានប្រសិទ្ធភាពបំផុតនៅពេលអ្នកកែតម្រូវព័ត៌មាននៅក្នុងក្រឡាពស់ ឲ្យត្រូវនឹងបញ្ហាសុខភាពនិងសារធាតុពុលដែលមាននៅក្នុងសហគមន៍របស់អ្នក។ ដូចគ្នាដែរ គួរកែតម្រូវព័ត៌មាននៅក្នុងក្រឡាជណ្តើរទៅជាសកម្មភាពនានាដើម្បីកាត់បន្ថយការប្រឈមសារធាតុពុល និងដំណោះស្រាយផ្សេងៗដែលពាក់ព័ន្ធនឹងសហគមន៍របស់អ្នក។

ជំរុញឲ្យអ្នកលេងទាំងអស់ ពិភាក្សាអំពីបញ្ហា(ពស់)និងដំណោះស្រាយ(ជណ្តើរ)ទាំងឡាយក្នុងពេលលេងល្បែងនេះ។ នៅពេលចប់ សួរពួកគេថាតើមានបញ្ហាសារធាតុពុលផ្សេងទៀតដែលមិនបានលើកឡើងនៅក្នុងល្បែងដែរឬទេ ហើយបើមាន តើសកម្មភាពអ្វីខ្លះដែលប្រជាជនអាចធ្វើបាន ដើម្បីការពារសុខភាពរបស់ខ្លួន។

Snakes and Ladders board.
Women sit and play Snakes and Ladders.

សម្រាប់ព័ត៌មានបន្ថែមអំពីការបង្កើតនិងប្រើប្រាស់ល្បែងបន្ទះក្តារ សូមមើលជំពូក១១នៃសៀវភៅ Helping Health Workers Learn (ការជួយបុគ្គលិកសុខាភិបាលឲ្យរៀន) របស់អង្គការហេស្ពឺរៀន។