Hesperian Health Guides

បណ្តឹងផ្លូវច្បាប់

នៅក្នុងជំពូកនេ:

មធ្យោបាយមួយដែលសិទ្ធិនិងយុត្តិធម៌ផ្នែកបរិស្ថាន អាចទទួលបានជ័យជំនះ គឺតាមរយៈការឡើងតុលាការប្តឹងក្រុមហ៊ុនដែលបានរំលោភលើច្បាប់ជាតិឬអន្តរជាតិ។ បណ្តឹងផ្លូវច្បាប់ជោគជ័យប្រឆាំងនឹងឧស្សាហកម្មឬក្រុមហ៊ុនដែលបំពុល មិនត្រឹមតែការពារប្រជាជនដែលរងផលប៉ះពាល់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានការពារប្រជាជននៅទីកន្លែងផ្សេងទៀតនិងប្រជាជនក្នុងជំនាន់ក្រោយផងដែរ។

A man with a briefcase and a woman speak.
ដើម្បីការពារសិទ្ធិរបស់យើង យើងត្រូវតែប្រើច្បាប់។
ប៉ុន្តែដើម្បីឲ្យច្បាប់មានប្រសិទ្ធភាព យើងត្រូវតែតស៊ូទាមទារសិទ្ធិរបស់យើង!

តើបណ្តឹងផ្លូវច្បាប់នឹងជួយសហគមន៍ឬទេ?

បណ្តឹងផ្លូវច្បាប់ត្រូវបានប្រើប្រាស់យ៉ាងជោគជ័យក្នុងការតស៊ូជាច្រើនដើម្បីយុត្តិធម៌ផ្នែកបរិស្ថាន។ ប៉ុន្តែបណ្តឹងផ្លូវច្បាប់ត្រូវការចំណាយប្រាក់យ៉ាងច្រើន ហើយជាញឹកញាប់វាត្រូវការពេលវេលាជាច្រើនឆ្នាំ។

សូម្បីតែប្រទេសមួយដែលមានច្បាប់សម្រាប់ការពារសុខភាពនិងបរិស្ថានក៏ដោយ ការយកឈ្នះនៅក្នុងតុលាការអាចជាការពិបាក។ ប្រសិនបើច្បាប់នោះមិនត្រូវបានប្រើប្រាស់ញឹកញាប់ទេ ចៅក្រមនិងមេធាវីប្រហែលជាមិនយល់ដឹងពីវាច្បាស់។ ហើយនៅក្នុងប្រទេសជាច្រើន ជាពិសេសប្រទេសដែលក្រុមហ៊ុនមានអំណាចខ្លាំង អំពើពុករលួយក្នុងចំណោមចៅក្រមនិងអ្នកនយោបាយ ធ្វើឲ្យសហគមន៍ក្រីក្រពិបាកនឹងទាមទារសិទ្ធិរបស់ខ្លួនណាស់។ ជាអកុសល បណ្តឹងផ្លូវច្បាប់ដែលបរាជ័យ មានច្រើនជាងបណ្តឹងផ្លូវច្បាប់ដែលជោគជ័យ។

មុននឹងចាប់ផ្តើមបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនសាជីវកម្មឬរដ្ឋាភិបាល គួរពិចារណាលើចំណុចទាំងនេះ។

គិតអំពីគោលដៅរបស់អ្នក

ជាការសំខាន់គឺអ្នកត្រូវដឹងឲ្យច្បាស់ថា តើអ្នកចង់ឲ្យបណ្តឹងផ្លូវច្បាប់នោះសម្រេចបានអ្វី។ បន្ទាប់មក សម្រេចចិត្តថាតើបណ្តឹងផ្លូវច្បាប់ពិតជាមធ្យោបាយល្អបំផុតក្នុងការឈានដល់គោលដៅនោះមែនឬ។ តើអ្នកចង់ឲ្យក្រុមហ៊ុន ៖

  • សម្អាតប្រេងកំពប់ ឬការបំពុលដោយសារធាតុពុលផ្សេងទៀតឬ?
  • បង់ប្រាក់សំណងលើការខូចខាតលើសុខភាព ដីធ្លី ឬធនធាន?
  • បិទ និងចេញពីតំបន់ឬប្រទេសរបស់អ្នក?


ការតស៊ូផ្លូវច្បាប់អាចបង្កើតចលនានិងអប់រំសហគមន៍។ ប៉ុន្តែសកម្មភាពដូចជា ការធ្វើពហិការ អង្គុយមួយកន្លែង បាតុកម្ម ឬយុទ្ធនាការព័ត៌មានសាធារណៈ អាចនាំឲ្យមានការចរចារ ឬការដោះស្រាយផ្នែកនយោបាយ ឆាប់រហ័សជាងនិងងាយជាងការតស៊ូផ្លូវច្បាប់ដ៏យូរអង្វែង។ គួរពិចារណាមើលថា សម្រាប់សហគមន៍របស់អ្នក តើសកម្មភាពទាំងនេះងាយជាងនិងមានប្រសិទ្ធភាពជាងបណ្តឹងផ្លូវច្បាប់ឬទេ។ ម្យ៉ាងទៀត គួរពិចារណាផងដែរ ថាតើការប្រើប្រាស់ទាំងសកម្មភាពផ្លូវច្បាប់ និងសកម្មភាពដោយផ្ទាល់ ព្រមគ្នា នឹងជួយសហគមន៍របស់អ្នកឲ្យទទួលបានជោគជ័យដែរឬយ៉ាងណា។

តើបណ្តឹងផ្លូវច្បាប់មានប្រយោជន៍ឬទេ ប្រសិនបើវាមិនទទួលបានជោគជ័យក្នុងតុលាការ?

ជាការពិត អ្នកចង់ឈ្នះលើបណ្តឹងផ្លូវច្បាប់របស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនប្រាកដថាអ្នកនឹងទទួលបានជោគជ័យទេ គួរពិចារណាថា តើវានឹងជួយឬផ្តល់គ្រោះថ្នាក់ថែមទៀតប្រសិនបើវាមិនឈ្នះ។ ជួនកាល បណ្តឹងផ្លូវច្បាប់ដែលបរាជ័យ អាចទាញចំណាប់អារម្មណ៍ពីសាធារណៈជនឲ្យពិចារណាទៅលើបញ្ហារបស់សហគមន៍។ ប្រសិនបើបណ្តឹងផ្លូវច្បាប់ដែលទាក់ទងនឹងការបំផ្លាញបរិស្ថាន និងការរំលោភសិទ្ធិមនុស្ស មិនបានទទួលជោគជ័យនៅក្នុងតុលាការប្រទេសអ្នកទេ អ្នកអាចប្តឹងបន្តទៅអង្គការអន្តរជាតិ ដូចជា គណៈកម្មការសិទ្ធិមនុស្សអន្តរអាមេរិកាំង ឬអង្គការសហប្រជាជាតិ។ បែបនេះអាចនៅតែដោះស្រាយបញ្ហាមិនបានដដែល ប៉ុន្តែវាអាចទាញចំណាប់អារម្មណ៍នៃពិភពលោកមកលើបញ្ហារបស់អ្នក។ ប៉ុន្តែវាក៏ត្រូវការពេលវេលានិងធនធានកាន់តែច្រើនថែមទៀត។

ជួនកាល បណ្តឹងផ្លូវច្បាប់ដែលបរាជ័យ អាចធ្វើឲ្យមានបញ្ហាកាន់តែធំ។ លទ្ធផលមិនល្អ អាចនាំឲ្យចៅក្រមនិងមេធាវីគិតថា បណ្តឹងផ្លូវច្បាប់នៅថ្ងៃមុខទៀត មិនគួរទទួលជ័យជំនះដូចគ្នា។ ការផ្សព្វផ្សាយជាសារធារណៈអំពីចំណុចអវិជ្ជមាន អាចធ្វើឲ្យប្រជាជនគិតថា សហគមន៍នោះទាមទារប្រាក់ឬរង្វាន់ដទៃទៀតដោយមិនយុត្តិធម៌។ បណ្តឹងផ្លូវច្បាប់ដែលបរាជ័យ អាចធ្វើឲ្យសហគមន៍មួយបាត់បង់ភាពថ្លៃថ្នូរ និងបែកបាក់គ្នា។

តើនរណានឹងនាំយកបណ្តឹងផ្លូវច្បាប់ទៅតុលាការ?

ជនរងគ្រោះ មិនថាជាមនុស្សម្នាក់ គ្រួសារមួយ ឬសហគមន៍ទាំងមូលទេ ត្រូវតែមានឆន្ទៈទទួលយកកិច្ចការនេះ ព្រមទាំងការប្រឈមគ្រោះថ្នាក់ពីបណ្តឹងនេះ។ ជាធម្មតា អង្គការមួយមិនអាចនាំយកបណ្តឹងផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនមួយ ជំនួសជនរងគ្រោះទេ ប៉ុន្តែអាចជំនួសជនដែលគ្មានឆន្ទៈចូលរួមក្នុងបណ្តឹងនោះ។

តើមានភស្តុតាងនៃការបង្កគ្រោះថ្នាក់ឬទេ?

ដើម្បីឲ្យបណ្តឹងមួយទទួលជោគជ័យ អ្នកត្រូវតែអាចបញ្ជាក់ថា ៖

  • ជនរងគ្រោះបានរងគ្រោះថ្នាក់ផ្លូវកាយឬផ្នែកសេដ្ឋកិច្ច។
  • ក្រុមហ៊ុនសាជីវកម្មបានបង្កគ្រោះថ្នាក់ ឬជាអ្នកទទួលខុសត្រូវលើគ្រោះថ្នាក់នោះ។


ប្រសិនបើគ្មានភស្តុតាងគ្រប់គ្រាន់សម្រាប់បញ្ជាក់លើចំណុចនេះទេ បណ្តឹងផ្លូវច្បាប់អាចផ្តល់ផលអាក្រក់ច្រើនជាងល្អ។ សូម្បីតែថាក្រុមហ៊ុនមួយបានរំលោភច្បាប់យ៉ាងច្បាស់មែន ប៉ុន្តែប្រសិនបើគ្មានភស្តុតាងបញ្ជាក់ថាពួកគេបង្កគ្រោះថ្នាក់ទេ អ្នកប្រហែលជាមិនត្រូវបានអនុញ្ញាតឲ្យនាំយកករណីនេះទៅតុលាការទេ ហើយប្រសិនបើអ្នកធ្វើដូច្នេះ នោះអ្នកប្រហែលជាមិនទទួលបានជ័យជំនះឡើយ។

តើមានភស្តុតាងឬទេ?

មានតែភស្តុតាងណាដែលអាចនាំយកទៅតុលាការទេ ដែលជាភស្តុតាងមានប្រយោជន៍នៅក្នុងតុលាការ។ ប្រជាជនដែលនាំយកបណ្តឹងផ្លូវច្បាប់ដោយសារតែពួកគេបានរងគ្រោះថ្នាក់ ត្រូវតែមានឆន្ទៈនិងអាចនិយាយនៅក្នុងតុលាការ ហើយពួកគេត្រូវតែមានសាក្សីដែលមានឆន្ទៈនិយាយផងដែរ។ ពួកគេត្រូវតែអាចបង្ហាញភស្តុតាងតាមរយៈរូបភាព ការសិក្សា កំណត់ត្រាពេទ្យ ឬភស្តុតាងដទៃទៀតដែលបញ្ជាក់ថាក្រុមហ៊ុននោះពិតជាបានបង្កគ្រោះថ្នាក់មែន។ ការបញ្ជាក់អំពីគ្រោះថ្នាក់ អាចជាការពិបាកណាស់។ឧទាហរណ៍ ក្រុមហ៊ុនអាចជួលគ្រូពេទ្យម្នាក់ឲ្យនិយាយថា ជំងឺមហារីកដែលកើតឡើងក្នុងចំណោមកម្មករ គឺមិនមែនមកពីសារធាតុគីមីដែលក្រុមហ៊ុនបានប្រើប្រាស់ទេ ប៉ុន្តែដោយសារកម្មករខ្លួនឯងមានទម្លាប់មិនល្អ ដូចជាការជក់បារី ការបរិភោគរបបអាហារមិនល្អ ឬសំណាងអាក្រក់។ ការបញ្ជាក់ឲ្យត្រឹមត្រូវតាមផ្លូវច្បាប់អំពី "ហេតុ និងផល" អាចជាការពិបាកណាស់ បើទោះជាយើងមើលទៅឃើញថាច្បាស់ណាស់ទៅហើយ។

តើនរណា ឬអ្វី ដែលបង្កគ្រោះថ្នាក់?

បណ្តឹងផ្លូវច្បាប់អាចត្រូវបានធ្វើឡើងប្រឆាំងនឹងប្រជាជន ក្រុមហ៊ុនសាជីវកម្ម និងរដ្ឋាភិបាល ថាបានបំផ្លាញបរិស្ថាន។

តើបណ្តឹងផ្លូវច្បាប់នេះប្រឆាំងនឹងសាជីវកម្មពហុសាសន៍ឬ?

As a man and woman sit having a meal together, she reads a newspaper with the headline "Workers demand Justice from Factory

សាជីវកម្មពហុសាសន៍ ភាគច្រើនមានការិយាល័យនៅក្នុងប្រទេសជាច្រើន។ ដើម្បីប្តឹងសាជីវកម្មពហុសាសន៍ឲ្យបានជោគជ័យ អ្នកចាំបាច់ត្រូវធ្វើការទាំងនៅក្នុងប្រទេសដែលរងគ្រោះ និងប្រទេសកំណើតនៃសាជីវកម្មនោះ។ បែបនេះអាចត្រូវចំណាយយ៉ាងច្រើន និងពិបាកខ្លាំងណាស់ ប៉ុន្តែវាអាចធ្វើទៅរួច(មើលសាច់រឿងុងបញ្ចប់កម្មកររ៉ែអាបែស្តូឈ្នះក្តីក្នុងតុលាការបណ្ត និងប្រឆាំងនឹងក្រុមហ៊ុនតិចសាកូ)។

ក្រុមហ៊ុនពហុសាសន៍ ភាគច្រើនមានសាខាជាច្រើននៅប្រទេសផ្សេងៗដែលពួកគេធ្វើការ។ ការប្តឹងសាខាក្រុមហ៊ុននៅក្នុងប្រទេសមួយ អាចមានភាពងាយស្រួលជាងការប្តឹងម្ចាស់ក្រុមហ៊ុនដែលនៅក្រៅប្រទេស។ ឧទាហរណ៍ នៅពេលក្រុមហ៊ុនអាមេរិក ឆេវរ៉ុន បានបំពុលដែនដីសណ្តរនីហ្សេក្នុងប្រទេសនីហ្សេរីយ៉ា សកម្មជនក្នុងតំបន់បានប្តឹងសាខាក្រុមហ៊ុនឆេវរ៉ុនដែលមានទីតាំងក្នុងប្រទេសនីហ្សេរីយា ជាជាងប្តឹងក្រុមហ៊ុនអាមេរិកធំ។ ក្នុងពេលជាមួយគ្នា សកម្មជននៅតាមប្រទេសខាងក្រៅ បានចាប់ផ្តើមយុទ្ធនាការមួយដើម្បីអប់រំប្រជាជននៅជុំវិញពិភពលោក អំពីការរំលោភសិទ្ធិមនុស្សរបស់ក្រុមហ៊ុនឆេវរ៉ុន ដើម្បីដាក់សម្ពាធលើក្រុមហ៊ុននេះឲ្យផ្លាស់ប្តូរការអនុវត្តរបស់ខ្លួន។

ចំណុចផ្សេងៗទៀតដែលគួរពិចារណា

  • តើគ្រោះថ្នាក់ ឬការរំលោភ ទើបបានប្រព្រឹត្តឡើងថ្មីៗនេះឬ? បណ្តឹងផ្លូវច្បាប់ត្រូវតែធ្វើឡើងក្នុងអំឡុងពេលជាក់លាក់មួយបន្ទាប់ពីគ្រោះថ្នាក់បានកើតឡើង(ជាធម្មតាមិនលើសពី១០ឆ្នាំ)។ បែបនេះធ្វើឲ្យអ្នកពិបាកនឹងយកឈ្នះក្តីពាក់ព័ន្ធនឹងជំងឺដែលត្រូវការពេលវេលាច្រើនឆ្នាំក្នុងការវិវឌ្ឍន៍ ដូចជាជំងឺមហារីកជាដើម ទោះបីវាជាជំងឺដែលធ្ងន់ធ្ងរបំផុតក៏ដោយ។
  • តើប្រជាជនដែលនាំយកបណ្តឹងផ្លូវច្បាប់ សាក្សីរបស់ពួកគេ និងមេធាវីរបស់ពួកគេ ពិតជាមានឆន្ទៈប្រថុយនឹងសុវត្ថិភាពរបស់ខ្លួនឬទេ? សាជីវកម្មនិងរដ្ឋាភិបាលជាច្រើន នឹងមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួនឡើយ ក្នុងការការពារអំណាចរបស់ខ្លួន ទោះបីត្រូវប្រើអំពើហឹង្សា ឬឃាតកម្មក៏ដោយ។ អ្នកដែលតស៊ូនឹងអំណាចរបស់ពួកគេ អាចប្រឈមគ្រោះថ្នាក់ដល់ជីវិត។
  • តើមានប្រាក់សម្រាប់ចំណាយក្នុងបណ្តឹងផ្លូវច្បាប់នេះឬទេ? ចំណាយក្នុងតុលាការ ការចំណាយលើមេធាវី ការធ្វើដំណើរឆ្លងប្រទេស ទូរស័ព្ទ ការប្រមូលភស្តុតាង និងការចំណាយដទៃទៀត បូកសរុបទៅនឹងមានតម្លៃយ៉ាងខ្ពស់។
  • តើអ្នកអាចធ្វើការងារជាច្រើនឆ្នាំ ទាក់ទងនឹងបណ្តឹងនេះឬទេ? បណ្តឹងផ្លូវច្បាប់មួយអាចត្រូវការពេលវេលាពី៣ទៅ១០ឆ្នាំ ឬច្រើនជាងនេះទៀត។ ជួនកាល ជនរងគ្រោះបានស្លាប់រួចទៅហើយ នៅពេលករណីច្បាប់ត្រូវបានដោះស្រាយ។