Hesperian Health Guides
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ខ ៖ ការប្រើប្រាស់ច្បាប់ដើម្បីទាមទារសិទ្ធិផ្នែកបរិស្ថាន > ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន រៀបរាប់អំពីរបៀបដែលគម្រោងមួយ (ដូចជាការសាងសង់ផ្លូវ ការដ្ឋានរ៉ែ អាកាសយានដ្ឋាន ឬការអភិវឌ្ឍន៍ផ្សេងៗទៀតរបស់ឧស្សាហកម្ម) នឹងប៉ះពាល់ដល់ប្រជាជន សត្វ ដី ទឹក និងគុណភាពខ្យល់ក្នុងតំបន់មួយ យ៉ាងដូចម្តេច។ ការវាយតម្លៃនេះក៏អាចក្រឡេកមើលទៅលើបញ្ហាសង្គមនានា ដូចជាការជម្លៀសប្រជាជន និងការបាត់បង់ធនធានវប្បធម៌ ដូចជាការចិញ្ចឹមជីវិតបែបបុរាណ ទីតាំងប្រវត្តិសាស្ត្រ ឬទីសក្ការៈ ។ល។ ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ក៏ត្រូវតែផ្តល់យោបល់អំពីមធ្យោបាយដែលមិនសូវបង្កគ្រោះថ្នាក់ផងដែរ ប្រសិនបើគម្រោងមួយនេះត្រូវដំណើរការទៅមុខ។ ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន អាចត្រូវបានបង្កើតឡើងដោយសាជីវកម្មតែឯង ឬអាចបង្កើតដោយសហការជាមួយសហគមន៍ និងមន្ត្រីរដ្ឋាភិបាល។ (សម្រាប់ព័ត៌មានអំពីសហគមន៍ចំនួន២ដែលបានប្រើប្រាស់ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន សូមមើលកីឡាបេសបលដើម្បីសុខភាព និងសហគមន៍ប្រឆាំងនិងការជីករ៉ែ)។
មាតិកា
តើការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន មានដំណើរការយ៉ាងដូចម្តេច
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន មានសកម្មភាពសំខាន់២យ៉ាង ៖
- ១. រៀបរាប់អំពីផលប៉ះពាល់ទាំងនេះ។ ជាធម្មតាវាគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលគ្រប់គ្រងគម្រោង ហើយវាអាចមិនទាមទារការចូលរួមពីសហគមន៍។
- ២. ការជួបប្រជុំជាសាធារណៈដើម្បីអនុញ្ញាតឲ្យសហគមន៍ដែលរងផលប៉ះពាល់ ធ្វើការវាយតម្លៃលើគម្រោងមុននឹងវាចាប់ផ្តើម។
ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន មានប្រសិទ្ធភាពបំផុតនៅពេលអនុវត្តតាមគោលការណ៍ប្រុងប្រយ័ត្នជាមុន។ ប្រសិនបើការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន បង្ហាញពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយសារគម្រោង នោះគម្រោងនោះគួរត្រូវបានបញ្ឈប់ឬកែប្រែ។ ប៉ុន្តែជាញឹកញាប់ ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើឲ្យគម្រោងមួយមើលទៅមិនឃើញថាមានគ្រោះថ្នាក់ ទោះបីគម្រោងនោះនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជននិងបរិស្ថានក្នុងពេលបច្ចុប្បន្នឬពេលអនាគតក៏ដោយ។
ក្រុមហ៊ុនជាច្រើនបានសរសេររបាយការណ៍នៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថានរួចជាស្រេច មុននឹងអញ្ជើញសហគមន៍ឲ្យចូលរួម, ជាជាងការសរសេររបាយការណ៍ដោយមានការចូលរួមពីសហគមន៍។ ជួនកាលក្រុមហ៊ុនទាំងនោះមិនបើកការប្រជុំជាសាធារណៈអំពីការវាយតម្លៃផលប៉ះពាល់លើបរិស្ថានទេ ឬមួយពួកគេរៀបចំការប្រជុំមួយដែលធ្វើឲ្យសហគមន៍ពិបាកនឹងចូលរួម។ នៅពេលដំណើរការនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ត្រូវបានធ្វើដោយមិនយុត្តិធម៌ ហើយត្រូវបានឆ្លងការសម្រេចយ៉ាងប្រញាប់ប្រញាល់, នោះភាគច្រើនវាតែងតែនាំឲ្យមានស្ថានភាពមួយដែលគម្រោងនោះអាចចាប់ផ្តើមដំណើរការបាន ប៉ុន្តែសហគមន៍បានធ្វើយុទ្ធនាការទាមទារឲ្យបញ្ឈប់គម្រោងនោះ។ ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន អាចជាឧបករណ៍ដ៏សំខាន់មួយសម្រាប់សហគមន៍និងរដ្ឋាភិបាល ក្នុងការវាយតម្លៃនិងកែលម្អលើគម្រោងអភិវឌ្ឍន៍ដែលបានស្នើសុំនោះ។
តើសហគមន៍អាចមានឥទ្ធិពលលើការវាយតម្លៃផលប៉ះពាល់លើបរិស្ថានដោយរបៀបណា
ការស្វែងរកព័ត៌មានពីប្រភពផ្សេងៗទៀត(មិនមែនយកតែមកពីក្រុមហ៊ុន) និងការចំណាយពេលចាំបាច់ដើម្បីស្វែងយល់អំពីផលប៉ះពាល់ដែលអាចកើតមានឡើង គឺជាផ្នែកដ៏សំខាន់ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួនដើម្បីចូលរួមនៅក្នុងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន។ ជាធម្មតា ការសម្រេចចិត្តជាច្រើនត្រូវបានធ្វើឡើងរួចទៅហើយ នៅពេលប្រជាជនដែលរងផលប៉ះពាល់ច្រើនបំផុត មានមតិចង់បញ្ចេញ។
ការចូលរួមនៅក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន អាចជួយអប់រំនិងរៀបចំចាត់ចែងសហគមន៍របស់អ្នក ឲ្យកាន់តែមានសមត្ថភាពក្នុងការការពារសុខភាពនិងធនធានរបស់ខ្លួនក្នុងពេលយូរអង្វែង។ បើទោះជាអ្នកមិនអាចបញ្ឈប់គម្រោងដ៏គ្រោះថ្នាក់បានជានិច្ចក៏ដោយ ការអប់រំ និងការរៀបចំសកម្មភាពទាក់ទងនឹងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន អាចជួយការពារសហគមន៍របស់អ្នកបាន។
ទាមទារឲ្យមានការចូលរួម
សហគមន៍នានាអាចទាមទារឲ្យមានសំឡេងរបស់ខ្លួននៅក្នុងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន។ ជួនកាលតុលាការ រដ្ឋាភិបាល ឬទីភ្នាក់ងារអភិវឌ្ឍន៍ នឹងអនុញ្ញាតិឲ្យតំណាងសហគមន៍ចូលរួមក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថានដែរ។ ប្រជាជនក្នុងសហគមន៍អាចចូលរួម ឬអាចស្នើសុំសម្ព័ន្ធមិត្ត ដូចជាអង្គការមិនមែនរដ្ឋាភិបាល ឬមេធាវី ឲ្យធ្វើជាអ្នកតំណាងពួកគេ។ ប្រសិនបើតំណាងសហគមន៍បានចូលរួមក្នុងដំណើរការនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន នោះពួកគេអាចរាយការណ៍ប្រាប់សហគមន៍វិញអំពីអ្វីដែលក្រុមហ៊ុនមានគម្រោងធ្វើនិងកំពុងធ្វើ។ ការចូលរួមនេះក៏អាចជួយបង្កើនការយល់ដឹងអំពីសិទ្ធិនិងការទទួលខុសត្រូវរបស់សហគមន៍ ព្រមទាំងអំពីមធ្យោបាយដែលពួកគេអាចបង្ការគ្រោះថ្នាក់ពីគម្រោងមួយ ឬបង្ការមិនឲ្យគម្រោងមួយកើតឡើង។
ទទួលរបាយការណ៍អំពីការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន
សហគមន៍ទាំងឡាយមានសិទ្ធិមើលឯកសារទាំងមូលអំពីការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន គឺមិនមែនគ្រាន់តែជារបាយការណ៍សង្ខេប ឬមានតែផ្នែកណាមួយទេ។ ជាទូទៅ របាយការណ៍នៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន រួមបញ្ចូលនូវផ្នែកមួយចំនួនដែលមានដូចជា "ការប្រឈមគ្រោះថ្នាក់ផ្នែកសន្តិសុខ" "ការប្រឈមគ្រោះថ្នាក់ផ្នែកសង្គម" "ការប្រឈមគ្រោះថ្នាក់ផ្នែកសុខភាព" និង "តម្លៃនៃការសម្អាត"។ ផ្នែកទាំងនេះអាចរៀបរាប់អំពីបញ្ហានានាដែលក្រុមហ៊ុនអាចនឹងលាក់កំបាំង ជាពិសេស នៅក្នុងការប្រជុំជាសាធារណៈ។
បញ្ហាដែលត្រូវបានរៀបរាប់នៅក្នុងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ក៏ដូចជាបញ្ហាដែលមិនត្រូវបានបញ្ចូលនៅក្នុងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន, អាចត្រូវបានចែករំលែកជាមួយប្រព័ន្ធព័ត៌មាន មន្ត្រីរដ្ឋាភិបាល និងសាធារណជន ដើម្បីជួយបង្កើនការប្រឆាំងនឹងគម្រោងគ្រោះថ្នាក់។ អ្នកក៏អាចចែករំលែកជាមួយអង្គការជាតិនិងអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ ដែលអាចដាក់សម្ពាធលើក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋាភិបាលឲ្យឆ្លើយតបចំពោះការបារម្ភរបស់សហគមន៍។
សហគមន៍ប្រឆាំងនិងការជីករ៉ែ
កសិដ្ឋានតូចមួយក្នុងតំបន់ជូនីន(Junin) មានទេសភាពស្រស់ត្រកាល ដែលស្ថិតនៅក្នុងព្រៃពពកមួយនៃចំណោតភ្នំAndes ក្នុងប្រទេសអេក្វាឌ័រ។ ប្រជាជននៅទីនេះមានជីវភាពក្រីក្រ ប៉ុន្តែពួកគេបានប្រកបរបរចិញ្ចឹមជីវិតដោយសារដីរាប់រយឆ្នាំមកហើយ។ ថ្មីៗនេះ ប្រជាជនក្នុងតំបន់ជូនីន បានប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ គឺក្រុមហ៊ុនមួយមានគម្រោងជីករណ្តៅរ៉ែស្ពាន់ដ៏ធំបំផុតមួយនៅក្នុងទ្វីបអាមេរិគខាងត្បូង។
នៅពេលក្រុមហ៊ុនជីករ៉ែរបស់ជប៉ុនមួយបានមកដល់តំបន់នេះដើម្បីរុករករ៉ែ ប្រជាជនដឹងថាការជីករ៉ែអាចនាំឲ្យមានការបំពុល។ ប៉ុន្តែក្រុមហ៊ុនរ៉ែបានសន្យាថានឹងសាងសង់ផ្លូវថ្នល់ គ្លីនិកសុខភាព និងសាលារៀន ដូច្នេះប្រជាជនក៏បានអនុញ្ញាតឲ្យពួកគេរុករករ៉ែ។ មិនយូរប៉ុន្មាន ក្រុមហ៊ុននោះបានរកឃើញរ៉ែស្ពាន់ក្នុងបរិមាណដ៏ច្រើន ហើយប្រព័ន្ធទឹករបស់ប្រជាជនក៏ត្រូវបានបំពុលដោយកាកសំណល់រ៉ែ។ ក្នុងពេលដ៏ខ្លី ប្រជាជនបានរងគ្រោះពីការឡើងកន្ទួលស្បែក និងបញ្ហាសុខភាពដទៃទៀត។
សហគមន៍បានទាមទារឲ្យក្រុមហ៊ុនរ៉ែនេះបញ្ឈប់ការបំពុល។ ក្រុមហ៊ុនមិនបានឈប់ទេ ដូច្នេះប្រជាជនក្នុងតំបន់ជូនីនក៏បានធ្វើសកម្មភាពរបស់ខ្លួន។ នៅពេលដែលក្រុមហ៊ុនរ៉ែបានចេញទៅសម្រាកលំហែកាយ អ្នកភូមិរាប់រយនាក់បានចូលទៅក្នុងជំរុំជីករ៉ែ ហើយនាំយកឧបករណ៍ គ្រឿងសង្ហារឹម និងវត្ថុមានតម្លៃដទៃទៀត ទៅទុកឲ្យអាជ្ញាធរ។ បន្ទាប់មកពួកគេក៏ដុតបំផ្លាញជំរុំជីករ៉ែនោះ។ ដោយបានទទួលមេរៀននេះ ក្រុមហ៊ុនក៏បានដកចេញ ប៉ុន្តែក្រោយមកក៏លក់រ៉ែឲ្យទៅក្រុមហ៊ុនមួយទៀតដែលមកពីប្រទេសកាណាដា។
ក្រុមហ៊ុនកាណាដានេះបានធ្វើការងារដើម្បីបំបែកបំបាក់សហគមន៍។ ពួកគេទិញដីប្រជាជនក្នុងតម្លៃថ្លៃ។ ប្រជាជនខ្លះយល់ព្រមលក់ដីរបស់ខ្លួន រីឯខ្លះទៀតមិនព្រម។ ក្រុមហ៊ុនដឹងថាធ្វើបែបនេះពួកគេនឹងឈ្លោះប្រកែកគ្នា។ ក្រុមហ៊ុនក៏បានបញ្ជូនគ្រូពេទ្យឲ្យមកផ្តល់ការថែទាំសុខភាពដល់ប្រជាជនណាដែលចុះហត្ថលេខាលើលិខិតមួយដែលបញ្ជាក់ថាពួកគេគាំទ្រសកម្មភាពរបស់ក្រុមហ៊ុនរ៉ែ។ បន្ទាប់ពីភាពអយុត្តិធម៌នេះត្រូវបានឮទៅដល់ក្រៅប្រទេសអេក្វាឌ័រ សហគមន៍អន្តរជាតិបានបញ្ជូនបុគ្គលិកសុខាភិបាលមកផ្តល់ការថែទាំជូនប្រជាជនគ្រប់គ្នាដែលមានជំងឺ។
ដោយសារច្បាប់ក្នុងប្រទេសអេក្វាឌ័រទាមទារឲ្យមានការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន មុននឹងគម្រោងមួយអាចដំណើរការបាន ដូច្នេះប្រជាជនក្នុងតំបន់ជូនីនបានយកការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ធ្វើជាផ្នែកមួយនៃផែនការការពារដីធ្លីរបស់ពួកគេ។ អ្នកភូមិបានដឹងថា ប្រសិនបើការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ត្រូវបានធ្វើឡើងមិនបានត្រឹមត្រូវទេ រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យសាងសង់ការដ្ឋានរ៉ែឡើយ។ ពួកគេក៏ដឹងដែរថា ការវាយតម្លៃផលប៉ះពាល់លើបរិស្ថានដោយស្មោះត្រង់ នឹងបង្ហាញពីការបណ្តេញប្រជាជនចេញពីដីធ្លី, ការបំពុលខ្យល់, សំណឹកដី និងនាំដីល្បាប់មកចាក់, និងការបំពុលទឹកដោយសារការបង្ហូរលោហៈធ្ងន់ និងកាកសំណល់ពុលដទៃទៀត។
ប្រជាជនក្នុងតំបន់ជូនីនបានរៀនពីរបៀបប្រើប្រាស់ច្បាប់ដើម្បីការពារខ្លួន។ បន្ទាប់ពីក្រុមហ៊ុនអះអាងថាខ្លួនបានបញ្ចប់របាយការណ៍នៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថានរួចហើយ រដ្ឋាភិបាលបានបដិសេធដោយនិយាយថារបាយការណ៍នោះមិនទាន់ពេញលេញ។
ប្រជាជនក៏បានធ្វើសកម្មភាពដោយផ្ទាល់ផងដែរ ដូចជារារាំងមិនឲ្យក្រុមហ៊ុនចូលមកក្នុងតំបន់ តាមរយៈការបិទផ្លូវ។ អ្នកដឹកនាំសហគមន៍ទាំងឡាយបានប្រកាសថា ទីក្រុងទាំងមូលមិនមែនជាតំបន់ជីករ៉ែឡើយ។ តាមរយៈការប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗជាច្រើន ប្រជាជនក្នុងតំបន់ជូនីនបានបង្ការមិនឲ្យរណ្តៅរ៉ែស្ពាន់នេះបំផ្លាញផ្ទះសម្បែង ព្រៃឈើក្រាស់ឃ្មឹក និងប្រភពទឹករបស់ពួកគេឡើយ។
ការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន
ការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន អាចជួយប្រជាជននៅក្នុងភូមិ ទីក្រុង ឬតំបន់មួយ ឲ្យមានការយល់ដឹងរួមគ្នាអំពីមធ្យោបាយដែលពួកគេប្រើប្រាស់, ការពារ, និងអាស្រ័យលើធនធាននានា ដូចជាខ្យល់ អាហារ ទឹក សត្វ ផលិតផលព្រៃឈើ ឱសថរុក្ខជាតិ ទីសក្ការៈ ។ល។ បែបនេះអាចបង្កើតជាដំណើរការមួយដើម្បីដោះស្រាយជម្លោះនិងការយល់ច្រឡំចំពោះគ្នាទាក់ទិននឹងការប្រើប្រាស់ធនធាន។ ដំណើរការនេះអាចជួយបង្កើតសាមគ្គីភាពចាំបាច់ក្នុងការតតាំងជាមួយក្រុមហ៊ុនឬរដ្ឋាភិបាល។ វាក៏អាចជួយរៀបចំសកម្មភាពប្រជាជនឲ្យប្រឆាំងនឹងឧស្សាហកម្មដែលយកចំណេញលើការបែកបាក់គ្នារវាងប្រជាជន ដើម្បីឆ្លៀតឱកាសកេងប្រវ័ញ្ចលើទឹក ឈើ ដីធ្លី ឬធនធានផ្សេងៗរបស់ពួកគេ។
ការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន អាចជាការពិភាក្សាយ៉ាងសាមញ្ញអំពីធនធានដែលសហគមន៍ប្រើប្រាស់ រួចឈានដល់ការព្រមព្រៀងមួយលើរបៀបការពារធនធានរបស់ខ្លួនឲ្យបានល្អបំផុត។ ការវាយតម្លៃដ៏ស្មុគស្មាញថែមទៀត អាចរួមបញ្ចូលទាំងផែនទីលម្អិត ការស្ទង់មតិប្រជាជន ព្រមទាំងការចងសម្ព័ន្ធភាពជាមួយសហគមន៍ជិតខាងនិងអង្គការនានាដែលគាំទ្រពួកគេ។
ការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន មានលក្ខណៈខុសគ្នាពីការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ដែលត្រូវបានសិក្សាដោយក្រុមហ៊ុនឬរដ្ឋាភិបាល។ វាអាចមិនបំពេញគ្រប់តម្រូវការផ្លូវការនៃ ការវាយតម្លៃផលប៉ះពាល់លើបរិស្ថានទេ ប៉ុន្តែវាមានបន្ថែមនូវចំណុចសំខាន់ៗផ្សេងទៀត ដូចជា គំនិតរបស់សហគមន៍ ព្រមទាំងសុខភាពនិងវប្បធម៌របស់ប្រជាជន ជាជាងការទាញយកធនធាន។ ការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន សម្គាល់ឃើញថា រចនាសម្ព័ន្ធដ៏ពិបាកយល់ និងភាសាវិទ្យាស្ត្រដ៏ស្មុគស្មាញ ដែលត្រូវបានទាមទារនៅក្នុងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន គឺមិនត្រឹមតែធ្វើឲ្យប្រជាជនភាគច្រើនភ័ន្តច្រឡំប៉ុណ្ណោះទេ ប៉ុន្តែគឺវាត្រូវបានទាមទារយ៉ាងដូច្នេះដោយមានចេតនា ព្រោះដើម្បីផាត់ចោលពួកគេចេញពីក្នុងដំណើរការនេះ។
ការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន គឺជាវិធីមួយនៃក្នុងការនិយាយថា "មធ្យោបាយមួយទៀតក្នុងការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន គឺជាដំណើរការដែលអាចធ្វើទៅរួច"។
សកម្មភាពជាច្រើននៅក្នុងសៀវភៅនេះ ដូចជាការគូរផែនទី, ល្ខោនសង្គម, ការស្ទង់មតិផ្នែកសុខភាព, សកម្មភាពការពារទីជម្រាល, ការដើរសង្កេតមើលសំរាម ឬសកម្មភាពផ្សេងៗទៀតដែលបានបង្កើតឡើងនៅក្នុងសហគមន៍របស់អ្នក អាចរួមចំណែកក្នុងការវាយតម្លៃក្នុងសហគមន៍ពីផលប៉ះពាល់លើបរិស្ថាន។