Hesperian Health Guides
ប្រេង និងច្បាប់
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២២. ប្រេង ជំងឺ និងសិទ្ធិមនុស្ស > ប្រេង និងច្បាប់
ប្រទេសជាច្រើនបង្កើតច្បាប់ដើម្បីការពារប្រជាជន ទឹក និងសត្វព្រៃ ពីការបំពុល, និងដើម្បីទទួលបានលក្ខខណ្ឌការងារសុវត្ថិភាព។ ច្បាប់និងកិច្ចព្រមព្រៀងក្នុងភូមិភាគនិងអន្តរជាតិ ក៏ត្រូវបានបង្កើតឡើងដើម្បីចាត់ឲ្យក្រុមហ៊ុនប្រេងទទួលខុសត្រូវលើការកំពប់នានា។ ប៉ុន្តែច្បាប់ទាំងនេះមានប្រសិទ្ធភាព លុះត្រាតែប្រជាជនធ្វើការរួមគ្នាដើម្បីប្រាកដថាច្បាប់ត្រូវបានអនុវត្តប៉ុណ្ណោះ។
របៀបចាត់ឲ្យក្រុមហ៊ុនទទួលខុសត្រូវ
ក្រុមហ៊ុនប្រេងគួររៀបចំឯកសារនៃការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន(EIA) មុននឹងការខួងប្រេងចាប់ផ្តើម។ ឯកសារEIA បញ្ជាក់ប្រាប់ថាតើក្រុមហ៊ុនត្រូវទទួលខុសត្រូវលើអ្វីខ្លះក្នុងករណីមានការកំពប់ប្រេង។ ពិភាក្សាថាតើសហគមន៍របស់អ្នកអាចប្រើប្រាស់ឯកសារEIA ដើម្បីចាត់ក្រុមហ៊ុនឲ្យទទួលខុសត្រូវចំពោះគ្រោះអាសន្នយ៉ាងដូចម្តេច។ ឧទាហរណ៍ តើអ្នកអាចទាមទារឲ្យពួកគេបិទបំពង់បង្ហូរប្រេងរហូតសម្អាតប្រេងកំពប់រួច បានឬទេ? តើក្រុមហ៊ុនអាចផ្គត់ផ្គង់សហគមន៍នូវទឹកផឹក ឬបង់ថ្លៃសេវាសុខភាពនិងការខូចខាតទ្រព្យសម្បត្តិឬទេ?
បណ្តឹងប្រឆាំងនឹងក្រុមហ៊ុនតិចសាកូ
នៅពេលក្រុមហ៊ុនតិចសាកូបានមកខួងប្រេងនៅប្រទេសអេក្វាឌ័រ ជនជាតិដើមខូហ្វាន នៅទីនោះ មិនដឹងថាក្រុមហ៊ុនប្រេងអាមេរិកនឹងបំផ្លាញជីវិតរបស់ពួកគេទេ។ រយៈពេលជាង២០ឆ្នាំ ក្រុមហ៊ុនបានចាក់ប្រេងនិងទឹកសំណល់ពុលជាច្រើនលានលីត្រទៅក្នុងបរិស្ថាន។
ទន្លេដែលធ្លាប់តែទ្រទ្រង់ជនជាតិខូហ្វានជាច្រើនជំនាន់មកហើយ បានក្លាយជាប្រភពអាហារដែលគ្មានប្រយោជន៍។ រៀងរាល់ថ្ងៃប្រជាជនចំណាយពេលជាច្រើនម៉ោងដើម្បីស្វែងយកទឹកដែលអាចផឹកបាន និងបរបាញ់សត្វ។ ប្រជាជនជាច្រើនបានរត់ចេញពីតំបន់នេះ ដោយសារការបំផ្លាញបរិស្ថាន។ អ្នកដឹកនាំរបស់ជនជាតិខូហ្វាន និយាយថាក្រុមហ៊ុនតិចសាកូបានបំផ្លាញរបៀបរស់នៅបែបបុរាណរបស់ពួកគេ និងបង្កឲ្យមានជំងឺដល់ប្រជាជនរាប់ពាន់នាក់។ អាត្រាជនជាតិខូហ្វានបានធ្លាក់ពី១៥.០០០នាក់ មកត្រឹមប្រហែល៥០០នាក់ប៉ុណ្ណោះ។
ជនរងគ្រោះពីការបំពុលរបស់ក្រុមហ៊ុនតិចសាកូ បានបង្កើតជារណសិរ្សការពារព្រៃអាម៉ាហ្សូន។ ពួកគេ រៀបចំការថែទាំសុខភាពសម្រាប់ប្រជាជនដែលមានជំងឺធ្ងន់ធ្ងរ។ ពួកគេបានជួយរៀបចំការសិក្សាអំពីផលប៉ះពាល់លើសុខភាពពីប្រតិបត្តិការប្រេងរបស់ក្រុមហ៊ុនតិចសាកូ។ ពួកគេបានជជែកជាមួយសកម្មជនផ្នែកបរិស្ថានពីរដ្ឋធានីគីតូ រហូតដល់មេធាវីក្នុងសហរដ្ឋអាមេរិក។ ពួកគេបានបង្កើតផែនការមួយ។ អ្នកដឹកនាំនិងសកម្មជនបានធ្វើដំណើរថ្មើជើង តាមទូក និងយន្តហោះ ទៅក្រុងញូយ៉កដើម្បីដាក់ពាក្យប្តឹងក្រុមហ៊ុនតិចសាកូ នូវទឹកប្រាក់មួយកោដិដុល្លា។
ក្រុមហ៊ុនតិចសាកូបានព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យមានការលើកបណ្តឹងចោល។ ក្រុមហ៊ុននេះបានអះអាងថាបណ្តឹងនេះគួរធ្វើឡើងនៅតុលាការអេក្វាឌ័រ ព្រោះការបំពុលបានកើតឡើងនៅទីនោះ។ សកម្មជនទាំងឡាយបារម្ភថាពួកគេពិបាកនឹងទទួលបានយុត្តិធម៌នៅក្នុងប្រទេសអេក្វាឌ័រ។ ពួកគេពន្យល់ចៅក្រមថា ការសម្រេចចិត្តឲ្យបំពុលព្រៃអាម៉ាហ្សូន គឺត្រូវបានធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក។ ចៅក្រមក៏យល់ព្រមស្តាប់ពួកគេ។ នេះគឺជាលើកទីមួយដែលបណ្តឹងអន្តរជាតិត្រូវបានទទួលនៅក្នុងតុលាការអាមេរិក! អ្នកដឹកនាំជនជាតិខូហ្វាន សប្បាយរីករាយជាខ្លាំង។
រយៈពេល១០ឆ្នាំ ក្រុមហ៊ុនតិចសាកូបានតស៊ូដើម្បីលើកបណ្តឹងចោល។ ចៅក្រមថ្មីម្នាក់បានសម្រេចថា បណ្តឹងនេះគួរជំនំជំរះនៅក្នុងប្រទេសអេក្វាឌ័រ ប៉ុន្តែប្រសិនបើគ្មានលទ្ធផលយុត្តិធម៌ទេ បណ្តឹងនេះអាចជំនំជំរះឡើងវិញនៅក្រុងញូយ៉ក។ រឿងក្តីនេះមិនទាន់ចប់នៅឡើយទេ។ ប្រជាជននៅតែបន្តរងគ្រោះដោយសារការចាក់ប្រេងនៅខាងក្រៅព្រៃទឹកភ្លៀង។ ការតស៊ូទាមទារយុត្តិធម៌យ៉ាងស្វិតស្វាញរបស់ពួកគេ បានបង្រៀនប្រជាជនជាច្រើនអំពីការបំផ្លាញដោយសារប្រេង និងបានបង្ខំឲ្យក្រុមហ៊ុនតិចសាកូនិងក្រុមហ៊ុនប្រេងដទៃទៀត ប្រើប្រាស់មធ្យោបាយខួងប្រេងដែលមានសុវត្ថិភាពជាងមុន។