Hesperian Health Guides
អាហារបង្កាត់ពូជត្រូវបានប្រើជាជំនួយអាហារ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៣. សន្យាមិនពិតនៃអាហារបង្កាត់ពូជ > អាហារបង្កាត់ពូជត្រូវបានប្រើជាជំនួយអាហារ
មានប្រទេសជាច្រើនមិនអនុញ្ញាតឲ្យអាហារបង្កាត់ពូជដាំដុះឬនាំចូលទៅក្នុងប្រទេសឡើយ។ ប៉ុន្តែសូម្បីតែក្នុងប្រទេសទាំងនេះក៏ដោយ ក៏អាហារបង្កាត់ពូជអាចរកវិធីចូលទៅក្នុងការផ្គត់ផ្គង់អាហារបានដែរ។ នៅប្រទេសក្រីក្រ វិធីមួយដែលអាហារបង្កាត់ពូជចូលទៅក្នុងទីផ្សារនិងស្រែចម្ការ គឺតាមរយៈជំនួយអាហារ។
នៅពេលប្រទេសជួបភាពអត់ឃ្លានធ្ងន់ធ្ងរ ពួកគេច្រើនតែទទួលជំនួយក្នុងទម្រង់ជាធញ្ញជាតិពីអង្គការសហប្រជាជាតិឬពីប្រទេសដាច់ដោយឡែកដទៃទៀត។ ប្រទេសដែលផលិតធញ្ញជាតិបង្កាត់ពូជ ច្រើនតែផ្តល់វាជាជំនួយអាហារ។ បញ្ហានេះបង្ខំឲ្យកសិករ ប្រជាជនអត់ឃ្លាន និងរដ្ឋាភិបាលរបស់ពួកគេ ឲ្យជ្រើសរើសរវាងអាហារបង្កាត់ពូជ និងការដាច់ពោះ។
ប៉ុន្តែជួនកាល, សូម្បីតែក្នុងស្ថានភាពគ្រោះមហន្តរាយក្តី, រដ្ឋាភិបាលខ្លះបានប្រកាន់ជំហររបស់ខ្លួន។ ឧទាហរណ៍ ប្រទេសហ្សាមបៀ និងហ្សីមបាវី ត្រូវបានផ្តល់ជំនួយអាហារជាពោតបង្កាត់ពូជ នៅរដូវរងារក្នុងឆ្នាំ២០០២ដែលជាពេលវេលានៃភាពអត់ឃ្លានដ៏ធ្ងន់ធ្ងរ។ ប្រទេសហ្សាមបៀបានបដិសេធជំនួយអាហារបង្កាត់ពូជ។ បន្ទាប់ពីការសម្រេចរបស់ពួកគេ អ្នកផ្តល់ជំនួយអន្តរជាតិបានផ្តល់ឲ្យប្រទេសហ្សាមបៀនូវប្រាក់សម្រាប់ទិញអាហារពីប្រទេសដទៃក្នុងទ្វីបអាហ្វ្រិកដែលបានផលិតអាហារលើសធម្មតា។ ប្រទេសអឺរ៉ុបខ្លះដែលអាហារបង្កាត់ពូជជាការខុសច្បាប់ បានឆ្លើយតបដោយការផ្តល់ជំនួយអាហារដែលគ្មានធញ្ញជាតិបង្កាត់ពូជ។
រដ្ឋាភិបាលហ្សីមបាវី ក៏មានសម្ពាធពីប្រជាជនអត់ឃ្លានជាច្រើនដែរ។ ហ្សីមបាវីបានទទួលជំនួយអាហារបង្កាត់ពូជ ប៉ុន្តែបានធ្វើកិច្ចព្រមព្រៀងថា ពោតត្រូវកិន(ក្នុងរោងម៉ាស៊ីន)ឲ្យហើយ ដើម្បីកុំឲ្យវាអាចដាំឡើងវិញបាន និងបង្កបញ្ហាទៅថ្ងៃក្រោយ។
អ្នកសន្សំគ្រាប់ពូជក្នុងសហគមន៍
នៅទូទាំងពិភពលោក សហគមន៍កំពុងឆ្លើយតបទៅនឹងការគំរាមកំហែងនៃដំណាំបង្កាត់ពូជ។ ប្រជាជនខ្លះទាមទារឲ្យរដ្ឋាភិបាលបិទស្លាកសញ្ញាសម្គាល់ថាជាអាហារបង្កាត់ពូជ ដើម្បីឲ្យគេអាចចៀសវាងទិញឬបរិភោគវាបាន។ អ្នកខ្លះទៀតបដិសេធមិនឲ្យមានដាំដំណាំបង្កាត់ពូជនៅក្នុងភូមិភាគរបស់ខ្លួនឡើយ។ សហគមន៍ជាច្រើនបានត្រឡប់ទៅរកវិធីបុរាណគឺការសន្សំគ្រាប់ពូជ និងការកាន់កាប់គ្រាប់ពូជក្នុងសហគមន៍។
ការកាន់កាប់គ្រាប់ពូជក្នុងសហគមន៍ គឺនៅពេលដែលសហគមន៍គ្រប់គ្រងគ្រាប់ពូជដែលខ្លួនមាន, សន្សំគ្រាប់ពូជចម្រុះសម្រាប់ដាំនៅថ្ងៃមុខ, នឹងកត់ត្រាច្បាស់លាស់អំពីគ្រាប់ពូជទាំងនេះ។ តាមរបៀបនេះ សហគមន៍ថែរក្សាធនធានគ្រាប់ពូជសំខាន់ៗឲ្យនៅមានជីវិត និងការពារជីវចម្រុះ។ ម្យ៉ាងទៀត ពួកគេអាចបង្ការមិនឲ្យមានអ្នកខាងក្រៅមកទាមទារកម្មសិទ្ធិលើគ្រាប់ពូជបុរាណរបស់ពួកគេ។
រដ្ឋាភិបាលអាចនិងគួរតែរក្សាឲ្យបាននូវឃ្លាំងគ្រាប់ពូជជាតិ ដើម្បីធានាថាប្រជាជនមានដំណាំខុសៗគ្នាយ៉ាងច្រើន និងដើម្បីបង្ការរុក្ខជាតិនីមួយៗមិនឲ្យខ្វះខាតឬបាត់បង់។ ការគ្រប់គ្រងលើការផ្គត់ផ្គង់គ្រាប់ពូជ គឺជាចំណុចសំខាន់សម្រាប់សន្តិសុខអាហារ និងអធិបតេយ្យភាពអាហារ។
អ្នកភូមិរៀបចំការដោះដូរគ្រាប់ពូជ
អ្នកភូមិវីសិនទីហ្គឺរេរ៉ូ(Vicente Guerrero) នៃប្រទេសម៉ិកស៊ីកូ មានការបារម្ភជាខ្លាំងអំពីការបាត់បង់គ្រាប់ពូជបុរាណរបស់ខ្លួន។ មនុស្សចាស់នៅក្នុងភូមិនៅចាំថាកាលពីមុនមានពោតជាច្រើនប្រភេទខុសៗគ្នា ហើយសណ្តែកមានរឹតតែច្រើន។ ឥឡូវនេះមានពោតតែ២ប្រភេទ និងសណ្តែក៤ប្រភេទប៉ុណ្ណោះ។ ពួកគេដឹងថាក្រុមហ៊ុនលក់គ្រាប់ពូជ កំពុងផលិតគ្រាប់ពូជថ្មីៗដែលអាចប្រើប្រាស់តែ១ឆ្នាំប៉ុណ្ណោះ ឬត្រូវការជីគីមីថ្លៃៗដើម្បីឲ្យវាលូតលាស់។ ដូច្នេះអ្នកភូមិបានសម្រេចចិត្តធ្វើអ្វីមួយ។
អ្នកភូមិបានអញ្ជើញប្រជាជននៅក្នុងភូមិភាគ ឲ្យចូលរួមពិធីជប់លៀងដ៏ធំមួយ ហើយប្រាប់អ្នកទាំងអស់គ្នាឲ្យយកអាហារមកចម្អិន និងគ្រាប់ពូជដែលពួកគេចូលចិត្តមកជាមួយផង។ ប្រជាជននឹងដោះដូរគ្រាប់ពូជទៅវិញទៅមក, ចម្អិនអាហារដោយប្រើដំណាំដែលខ្លួនចូលចិត្ត, និងនិយាយរឿងរ៉ាវប្រាប់គ្នាអំពីទីកន្លែងដែលគេយកដំណាំនេះមក និងថាតើគេដាំវាដោយរបៀបណា។ ការប្រជុំនេះ ហៅថា ការដោះដូរគ្រាប់ពូជ។
កសិករខ្លះបានយកពោតនិងសណ្តែកយ៉ាងច្រើនប្រភេទដែលអ្នកដទៃមិនដែលឃើញសោះច្រើនឆ្នាំមកហើយ។ ពួកគេចែកគ្រាប់ពូជឲ្យអ្នកដទៃយកទៅដាំ។ នៅឆ្នាំនោះ មានពោត៥ប្រភេទ និងសណ្តែក៨ប្រភេទ នៅកន្លែងដោះដូរគ្រាប់ពូជ។ នៅឆ្នាំបន្ទាប់ ព័ត៌មានអំពីការដោះដូរគ្រាប់ពូជ បានផ្សព្វផ្សាយនៅទូទាំងភូមិភាគ ហើយកសិករខ្លះបាននាំយកគ្រាប់ពូជខ្លះដែលសូម្បីតែជីដូនជីតារបស់ពួកគេមិនធ្លាប់ឃើញសោះតាំងពីក្មេងមក។
ពីរបីឆ្នាំក្រោយមក ភូមិនេះប្រមូលបានពោតជាង២០ប្រភេទ និងសណ្តែកជាង៤០ប្រភេទ។ ភាពចម្រុះនៃដំណាំនេះ ធ្វើឲ្យប្រាកដថាពោតនិងសណ្តែកនឹងលូតលាស់ជារៀងរាល់ឆ្នាំ ព្រោះពោតនិងសណ្តែកខ្លះអាចលូតលាស់ល្អបំផុតនៅជាយភ្នំស្ងួតៗ ខ្លះទៀតត្រូវការជ្រលងសើមៗ និងខ្លះទៀតត្រូវការដីរាប ។ល។ និង ។ល។ ប្រជាជនជាច្រើននៅក្នុងភូមិវីសិនទីហ្គឺរេរ៉ូ បានចាប់ផ្តើមដាំដំណាំទាំងនេះ ហើយសព្វថ្ងៃអ្នកភូមិមិនបារម្ភពីការបាត់បង់ការគ្រប់គ្រងលើគ្រាប់ពូជរបស់ខ្លួនឡើយ។ តាមរយៈការបរិភោគរុក្ខជាតិចម្រុះ ពួកគេក៏បានកែលម្អរបបអាហាររបស់ខ្លួនផងដែរ។
សព្វថ្ងៃ ភូមិដទៃៗទៀតនៅក្នុងភូមិភាគ កំពុងតែដោះដូរគ្រាប់ពូជ ហើយដំណាំចាស់ៗជាច្រើនកំពុងត្រឡប់មកវិញ។ កសិករក្នុងភូមិវីសិនទីហ្គឺរេរ៉ូ និយាយថា ការដាំដំណាំចាស់ៗមិនត្រឹមតែកែលម្អសន្តិសុខអាហាររបស់ពួកគេ ប៉ុន្តែវាក៏ជាមូលហេតុដ៏សំខាន់នៃការប្រារព្ធពិធីជប់លៀងដ៏ធំ!