Hesperian Health Guides
១៣. សន្យាមិនពិតនៃអាហារបង្កាត់ពូជ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៣. សន្យាមិនពិតនៃអាហារបង្កាត់ពូជ
ផ្លែប៉េងប៉ោះដែលមិនខូចបន្ទាប់ពីបេះរួច... ស្រូវសាឡី សណ្តែកសៀង និងពោតដែលអាចធន់នឹងថ្នាំសម្លាប់សត្វល្អិតយ៉ាងច្រើន... គ្រាប់ពូជដែលសម្លាប់សត្វល្អិតនៅក្នុងដី។ ទាំងអស់នេះមិនមែនជាវត្ថុធម្មជាតិទេ។ ប៉ុន្តែវាបែរជាមាននៅក្នុងលោកយើងនេះ។
រុក្ខជាតិប្រភេទថ្មីៗទាំងនេះត្រូវបានហៅថា អាហារបង្កាត់ពូជ(GE: genetically engineered foods) ឬអាហារកែច្នៃពូជ(GM: genetically engineered foods)។ មិនមែនមនុស្សទាំងអស់យល់ស្របថាដំណាំថ្មីនេះមានសុខភាពទេ។ ក្រុមហ៊ុនសាជីវកម្មទាំងឡាយដែលផលិតអាហារនេះ និយាយថាវានឹងកែលម្អសន្តិសុខអាហារ, ជួយផ្គត់ផ្គង់អាហារដល់ពិភពលោក, ហើយក្នុងករណីជីវឥន្ធនៈ វាបញ្ចប់ភាពពឹងផ្អែកលើប្រេង។ មនុស្សខ្លះទៀតនិយាយថា វាបង្កគ្រោះថ្នាក់ដល់ប្រជាជននិងបរិស្ថាន។ ទោះបីអ្នកជឿលើអ្វីមួយក៏ដោយ ក៏កសិកម្មបច្ចុប្បន្ននិងអនាគត និងសន្តិសុខអាហារសម្រាប់យើងទាំងអស់គ្នា គឺកំពុងត្រូវបានផ្លាស់ប្តូរដោយដំណាំថ្មីៗទាំងនេះ។ .
ដំណាំបង្កាត់ពូជភាគច្រើនមិនផ្តល់ទិន្នផលដំណាំច្រើន សារធាតុចិញ្ចឹមប្រសើរ ឬផលប្រយោជន៍សុខភាពដែលអ្នកវិនិយោគបានអះអាងនោះទេ។ ហើយមកដល់ពេលនេះ ដំណាំបង្កាត់ពូជមិនបានជួយដល់អ្នកក្រីក្រឬដោះស្រាយបញ្ហាអត់ឃ្លាននៅឡើយទេ។ ដំណាំបង្កាត់ពូជភាគច្រើនត្រូវបានបង្កើតឡើងដើម្បីលក់ថ្នាំសម្លាប់សត្វល្អិតនិងជីគីមីបន្ថែមដែលផលិតដោយក្រុមហ៊ុនដូចគ្នាដែលផលិតនិងលក់គ្រាប់ពូជបង្កាត់។
អាហារបង្កាត់ពូជផ្តល់ដំណោះស្រាយបច្ចេកទេសមួយ(គ្រាប់ពូជផលិតដោយមនុស្ស មានតម្លៃថ្លៃ) សម្រាប់បញ្ហាសង្គម ៖ ភាពអត់ឃ្លាន។ ប៉ុន្តែនៅពេលកសិករពឹងផ្អែកលើការទិញគ្រាប់ពូជទាំងនេះ ព្រមទាំងថ្នាំសម្លាប់សត្វល្អិតនិងជីគីមីដែលត្រូវការផលិតដំណាំទាំងនេះ ភាពអត់ឃ្លានបែរជាកាន់តែកើនឡើង គឺមិនមែនថយចុះទេ។ សន្តិសុខអាហារមានទាប ហើយអធិបតេយ្យភាពអាហារក៏មានទាបដែរ។
មាតិកា
កសិករប្រឆាំងនឹងកប្បាសបង្កាត់ពូជ
បាសាន់ណា គឺជាកសិករដាំកប្បាសម្នាក់ រស់នៅក្នុងរដ្ឋកាណាតាកា នៃប្រទេសឥណ្ឌា។ ប៉ុន្មានឆ្នាំមុន នៅពេលដំណាំបង្កាត់ពូជទើបតែមានថ្មីៗ មានបុរសមួយក្រុមមកពីសាជីវកម្មម៉ុនសាន់តូ បានមកជួបគាត់ ហើយផ្តល់គ្រាប់ពូជកប្បាសថ្មីៗជាច្រើនឲ្យគាត់។ ពួកគេផ្តល់គ្រាប់ពូជដល់គាត់ដោយមិនយកប្រាក់ ថែមទាំងជីសម្រាប់ជួយឲ្យវាលូតលាស់ទៀតផង។ ពួកគេប្រាប់គាត់ថា ពួកគេនឹងត្រឡប់មកវិញពីរបីសប្តាហ៍ម្តងដើម្បីពិនិត្យមើលដំណាំនិងបាញ់ថ្នាំលើចម្ការរបស់គាត់។ សម្រាប់បាសាន់ណា វាហាក់ដូចជាជំនួញដ៏ល្អមួយ។ គាត់នឹងទទួលបានទិន្នផលកប្បាសដោយមិនអស់ប្រាក់ ហើយក្រុមហ៊ុននឹងធ្វើការងារស្ទើរតែទាំងអស់។
បាសាន់ណាមិនបានដឹងថាវាជាផ្នែកមួយនៃការពិសោធន៍លើការបង្កាត់ពូជដំណាំរបស់ក្រុមហ៊ុនម៉ុនសាន់តូទេ។ បុគ្គលិកក្រុមហ៊ុនម៉ុនសាន់តូ បានមកបាញ់ថ្នាំលើចម្ការរបស់គាត់ជាប្រចាំ ប៉ុន្តែដំណាំនៅតែមានដង្កូវកប្បាស និងសត្វល្អិតដទៃទៀត។ បាសាន់ណាឆ្ងល់ថាវាជាកប្បាសប្រភេទអ្វីបានជាបាញ់ថ្នាំសម្លាប់សត្វល្អិតច្រើនយ៉ាងនេះហើយ នៅតែមិនលូតលាស់ល្អ។
បាសាន់ណាបានដឹងថាកសិករដទៃទៀតកំពុងដាំកប្បាសថ្មីដូចគាត់ដែរ។ គាត់ក៏ដឹងដែរថា សមាគមកសិករក្នុងរដ្ឋកាណាតាកា មិនចូលចិត្តកប្បាសថ្មី ឬក្រុមហ៊ុនដែលផ្សព្វផ្សាយវាទេ។ បាសាន់ណាបានទៅចូលរួមការប្រជុំជាមួយកសិករទាំងនោះដើម្បីឲ្យយល់បន្ថែម។
បាសាន់ណាបានស្វែងយល់ថា កប្បាសថ្មីនេះត្រូវការជីគីមីច្រើនជាងកាលពីមុន ហើយជីគីមីទាំងនេះនឹងកាត់បន្ថយជីជាតិរបស់ដី។ គាត់ក៏បានស្វែងយល់ទៀតថា កប្បាសថ្មីនេះអាចនឹងមិនផ្តល់ទិន្នផលច្រើនជាងកប្បាសចាស់របស់គាត់ទេ។ បាសាន់ណាបានឮថា គាត់នឹងមិនត្រូវបានអនុញ្ញាតឲ្យដាំកប្បាសឡើងវិញទេ ព្រោះក្រុមហ៊ុនមានសិទ្ធិលើកប្បាសនេះ។ អាក្រក់បំផុតនោះគឺគាត់ស្វែងយល់ថា លម្អងកប្បាសអាចហោះហើរតាមខ្យល់ រួចប៉ះពាល់ដំណាំរបស់អ្នកជិតខាង។ ប្រសិនបើដំណាំអ្នកជិតខាងត្រូវបានរោយលម្អងកប្បាសថ្មីនេះ នោះពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យដាំដំណាំរបស់ខ្លួនឡើងវិញនៅឆ្នាំក្រោយទេ។
នៅពេលបាសាន់ណាដឹងថា កប្បាសបង្កាត់ពូជគឺជាការគំរាមកំហែងដល់កសិដ្ឋានគាត់ និងដល់សហគមន៍ទាំងមូល គាត់ក៏បានចូលរួមជាមួយសមាគមកសិករក្នុងរដ្ឋកាណាតាកា។ ពេលរួបរួមគ្នាហើយ កសិកររាប់ពាន់នាក់បានលើកផែនការមួយដើម្បីប្រាប់ពិភពលោកអំពីអ្វីដែលពួកគេយល់ឃើញចំពោះកប្បាសបង្កាត់ពូជ។ ពួកគេបានធ្វើផែនការសកម្មភាព បន្ទាប់មក, មួយថ្ងៃមុនពេលជួបជុំគ្នា, ពួកគេបានផ្ញើលិខិតមួយទៅឲ្យសារព័ត៌មានទាំងឡាយទូទាំងប្រទេស ដែលនិយាយថា ៖
ថ្ងៃបន្ទាប់មក ពួកគេបានធ្វើតាមអ្វីដែលបានសន្យា។ ចម្ការទីមួយដែលត្រូវបានដុត គឺជារបស់បាសាន់ណា។ គាត់គាំទ្រការដុតចម្ការនេះ ព្រោះគាត់ខឹងថាក្រុមហ៊ុនម៉ុនសាន់តូមិនស្មោះត្រង់ជាមួយគាត់ ហើយថាកប្បាសបង្កាត់ពូជនឹងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ចម្ការនិងអ្នកជិតខាងរបស់គាត់។ ប្រាក់ដែលសមាគមកសិករបង់សងចម្ការរបស់គាត់ គាត់បានយកទៅទិញគ្រាប់ពូជកប្បាសបុរាណ ហើយត្រឡប់ទៅដាំដំណាំចម្រុះដែលធ្លាប់បានផ្តល់ផលល្អដល់គាត់។
សំនួរសម្រាប់ការពិភាក្សា
- តើអ្នកធ្លាប់ដឹងថាមានកសិករបំផ្លាញដំណាំខ្លួនឯងទេ? តើអ្វីទៅដែលធ្វើឲ្យគាត់ឬអ្នក ធ្វើដូច្នេះ?
- តើអ្នកអាចគិតអំពីមធ្យោបាយដទៃទៀតដែលកសិករក្នុងរដ្ឋកាណាតាកាអាចធ្វើ ដើម្បីបង្ហាញពីការប្រឆាំងរបស់អ្នកចំពោះដំណាំបង្កាត់ពូជ?
- តើផលប្រយោជន៍នៃការដាំដំណាំបង្កាត់ពូជ"ដែលបានកែលម្អ" មានអ្វីខ្លះ?
- តើការចំណាយ"មើលមិនឃើញ" នៃដំណាំបង្កាត់ពូជ មានអ្វីខ្លះ?
- តើមានអ្វីខ្លះទៀតដែលអ្នកដឹងពីដំណាំបង្កាត់ពូជ?
តាមរយៈការជ្រើសរើសគ្រាប់ពូជល្អៗ អ្នកអាចជួយឲ្យដំណាំនៅរដូវក្រោយកាន់តែរឹងមាំ។ |
ការចិញ្ចឹម(បណ្តុះ)រុក្ខជាតិតាមបែបបុរាណ
វត្ថុមានជីវិតទាំងអស់មានផ្នែកតូចល្អិតៗហៅថា ហ្សែន(ពូជ)។ ហ្សែនកំណត់ពីរបៀបលូតលាស់របស់រុក្ខជាតិ សត្វ ឬមនុស្សម្នាក់ៗ និងពីអ្វីដែលវានឹងក្លាយជា ៖ ពីគ្រាប់ពូជទៅរុក្ខជាតិ, ពីស៊ុតទៅមាន់, ពីកុមារទៅមនុស្សធំ។
ដោយសារហ្សែនមានទំនាក់ទំនងជាមួយលក្ខខណ្ឌមួយចំនួន ដូចជាកម្តៅ ភាពត្រជាក់ ខ្យល់ គុណភាពដី ។ល, ទើបហ្សែននៅក្នុងរុក្ខជាតិកំណត់ថាតើរុក្ខជាតិនឹងលូតលាស់ដោយរបៀបណា។ ហ្សែននៅក្នុងរុក្ខជាតិនីមួយៗ កំណត់អំពីគុណភាព(ពណ៌ ទ្រង់ទ្រាយ និងទំហំ), ល្បឿននៃការលូតលាស់(យឺតឬឆាប់), ពេលវេលាដែលវាចេញផ្កានិងផ្លែ, ឬសារធាតុចិញ្ចឹមអ្វីខ្លះដែលវាមាន។
នៅពេលកសិករជ្រើសរើសនិងសន្សំទុកនូវពូជពោតដែលធំបំផុតបន្ទាប់ពីប្រមូលផលរួច សម្រាប់ដាំនៅឆ្នាំក្រោយ, ហ្សែនរបស់ពូជធំៗត្រូវបានផ្ទេរពីដំណាំមួយទៅដំណាំមួយទៀតជាច្រើនឆ្នាំ ហើយហ្សែនរបស់ពូជតូចៗនឹងបាត់បង់។ នេះគឺជាដំណើរការនៃការចិញ្ចឹមរុក្ខជាតិ។ វាគឺជាដំណើរការយឺតៗនៃការជ្រើសរើស(និងជួយឲ្យមាន)លក្ខណៈរបស់រុក្ខជាតិមួយដែលកសិករចង់បាន។
តើរុក្ខជាតិបង្កាត់ពូជខុសពីការចិញ្ចឹមរុក្ខជាតិតាមបែបបុរាណយ៉ាងដូចម្តេច?
ការបង្កាត់ពូជខុសពីការចិញ្ចឹមរុក្ខជាតិ។ អ្នកវិទ្យាសាស្ត្រប្រើវិធីសាស្ត្រក្នុងមន្ទីរពិសោធន៍ដើម្បីកែប្រែហ្សែនរបស់រុក្ខជាតិឬសត្វ ក្នុងវិធីដ៏ស្មុគស្មាញ ជាងការចិញ្ចឹមរុក្ខជាតិតាមបែបបុរាណ។ ដើម្បីទទួលបានគុណភាពរុក្ខជាតិដែលខ្លួនចង់បាន ពួកគេអាចយកហ្សែនរបស់រុក្ខជាតិ២ខុសគ្នាស្រឡះ(ដូចជាស្រូវ និងពោត) មកបញ្ចូលគ្នា។ ពួកគេក៏អាចរួមបញ្ចូលគ្នារវាងហ្សែនរុក្ខជាតិនិងហ្សែនសត្វផងដែរ។ ដោយមូលហេតុនេះហើយ ទើបគេហៅវិធីនេះថា "ការបង្កាត់ពូជ" ។ ក៏ដូចជាវិស្វករដែរ អ្នកវិទ្យាសាស្ត្រផ្នែករុក្ខជាតិ "សាងសង់" រុក្ខជាតិនិងសត្វប្រភេទថ្មីៗដែលធម្មជាតិមិនអាចបង្កើតបានឡើយ។
រុក្ខជាតិបង្កាត់ពូជ មិនមែនគ្រាន់តែជាភាពចម្រុះថ្មីៗជាមួយនឹងគុណភាពប្រសើរទេ។ វាគឺជារុក្ខជាតិប្រភេទថ្មីដែលមិនធ្លាប់មានពីមុនមក។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនសាជីវកម្មនានាចំណាយប្រាក់រាប់កោដិដុល្លាក្នុងការច្នៃប្រឌិតការបង្កាត់ពូជថ្មីៗ ដូចជាដើមឈើដែលលូតលាស់ឆាប់រហ័ស និងមានឈើទន់ៗសម្រាប់ធ្វើក្រដាស, ផ្លែប៉េងប៉ោះដែលរក្សាភាពស្រស់នៅពេលរក្សាទុករយៈពេលយូរ, សណ្តែកសៀង ស្រូវសាឡី និងកប្បាសដែលអាចស៊ូទ្រាំនឹងថ្នាំសម្លាប់សត្វល្អិតយ៉ាងច្រើន, និងសត្វដូចជាត្រីនិងជ្រូកដែលលូតលាស់ធំជាងធម្មតាយ៉ាងខ្លាំង។
ការចំណាយខ្ពស់លើដំណាំបង្កាត់ពូជ
ការដាំដំណាំបង្កាត់ពូជ មានតម្លៃថ្លៃជាងការដាំដំណាំបុរាណក្នុងវិធីមានស្ថិរភាព។ ជំនួសឲ្យការសន្សំគ្រាប់ពូជពីដំណាំមុនៗ កសិករត្រូវតែទិញគ្រាប់ពូជដែលបានបង្កាត់ជារៀងរាល់ឆ្នាំ ព្រមទាំងជីគីមីនិងថ្នាំសម្លាប់សត្វល្អិតដែលមានតម្លៃថ្លៃ។ ដំណាំបង្កាត់ពូជក៏អាចមានការចំណាយ"មើលមិនឃើញ"ជាច្រើនផងដែរ។ វាអាចមិនសូវមានសារធាតុចិញ្ចឹម និងអាចបំផ្លាញបរិស្ថាន។ មុននឹងដាំដំណាំបង្កាត់ពូជ សូមពិចារណាលើការចំណាយដទៃទៀតដែលភាគច្រើនគឺ"មើលមិនឃើញ"។