Hesperian Health Guides

១៤. ថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល

នៅក្នុងជំពូកនេ:

Farm workers in a crop field leaning over, coughing, grimacing, and holding their bellies.

ថ្នាំសម្លាប់សត្វល្អិតគឺជាសារធាតុគីមីដែលប្រើសម្រាប់សម្លាប់សត្វល្អិត ពពួកសត្វកកេរ ព្រមទាំងរុក្ខជាតិរំខានដែលអាចបំផ្លាញដំណាំ និងសុខភាពរបស់យើង។ ប៉ុន្តែថ្នាំសម្លាប់សត្វល្អិតក៏ជាថ្នាំពុលដែរ ហើយសម្លាប់វត្ថុមានជីវិតដទៃទៀត រួមទាំងរុក្ខជាតិនិងសត្វល្អិតមានប្រយោជន៍ និងសត្វចតុប្បាទនិងមនុស្ស។ ថ្នាំសម្លាប់សត្វល្អិតអាចរសាត់អណ្តែតឆ្ងាយពីកន្លែងប្រើប្រាស់ រួចបំពុលដី ទឹក និងខ្យល់។

នៅក្នុងជំពូកនេះ យើងប្រើប្រាស់ពាក្យ ថ្នាំសម្លាប់សត្វល្អិត ដើម្បីរៀបរាប់ពីសារធាតុគីមីទាំងអស់ដែលគ្រប់គ្រងសត្វល្អិត។ វារួមមាន ៖

  • ថ្នាំសម្លាប់សត្វល្អិត។
  • ថ្នាំសម្លាប់រុក្ខជាតិរំខាន និងរុក្ខជាតិមិនចង់បានផ្សេងទៀត។
  • ថ្នាំសម្លាប់មេរោគផ្សិតរបស់រុក្ខជាតិ។
  • ថ្នាំសម្លាប់សត្វកកេរ ដូចជាកណ្តុរ និងសត្វកកេរដទៃទៀត។

កសិករមិនមែនតែងតែប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតទេ ហើយកសិករជាច្រើនបានទទួលជោគជ័យដ៏អស្ចារ្យដោយមិនប្រើប្រាស់វា។ ប្រសិនបើអ្នកមានជម្រើស គួរជ្រើសរើសយកការមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដើម្បីសុវត្ថិភាពសម្រាប់សុខភាពអ្នក និងដីរបស់អ្នក។ ថ្នាំសម្លាប់សត្វល្អិតមិនដែលមានសុវត្ថិភាពឡើយ។ ប៉ុន្តែសម្រាប់កសិករ កម្មករចម្ការកូនឈើ និងនរណាម្នាក់ដែលគិតថាគាត់ត្រូវតែប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត នោះយើងមានវិធីមួយចំនួនក្នុងការកាត់បន្ថយគ្រោះថ្នាក់និងដើម្បីឲ្យមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើបាន។

ហេតុអ្វីថ្នាំសម្លាប់សត្វល្អិតត្រូវបានប្រើប្រាស់?

ថ្នាំសម្លាប់សត្វល្អិតមិនល្អសម្រាប់អាហារ កសិដ្ឋាន កសិករ កម្មករ ឬបរិស្ថានទេ។ ដូច្នេះហេតុអ្វីបានជាមនុស្សប្រើប្រាស់វា?

3 women picking flowers talk together.
ម្ចាស់កសិដ្ឋានហៅថ្នាំសម្លាប់សត្វល្អិតថា “ឱសថ។ ប៉ុន្តែវាពិតជាឱសថមែនឬ?
ទេ! វាគឺជាថ្នាំពុលដែលសម្លាប់រុក្ខជាតិរំខាននិងសត្វល្អិត។ វាថែមទាំងអាចសម្លាប់មនុស្សទៀតផង។

ថ្នាំសម្លាប់សត្វល្អិតច្រើនតែត្រូវបានប្រើប្រាស់ជាមួយនឹងគ្រឿងម៉ាស៊ីនធ្វើកសិកម្ម ប្រព័ន្ធធារាសាស្ត្រធំៗ កម្មករប្រាក់កំរ៉ៃទាប និងជំនួយពីរដ្ឋាភិបាលដើម្បីផលិតដំណាំដែលអាចលក់ក្នុងតម្លៃថោក។ ថ្នាំសម្លាប់សត្វល្អិតអាចសម្លាប់អ្វីទាំងអស់ដែលអាចធ្វើឲ្យទិន្នផលដំណាំធ្លាក់ចុះ ឬធ្វើឲ្យអាហារមិនសូវមានភាពទាក់ទាញ ដូច្នេះសាជីវកម្មកសិកម្មធំៗប្រើវាជាផ្នែកមួយនៃប្រព័ន្ធ ដើម្បីលក់អាហារឲ្យបានច្រើន។

ចំពោះកសិករក្នុងគ្រួសារដែលចង់ប្រកួតប្រជែងជាមួយកសិដ្ឋានរបស់សាជីវកម្ម ពួកគេច្រើនជឿជាក់ថាខ្លួនត្រូវតែប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែរ។ នៅពេលកសិករដែលមានជីវភាពខ្វះខាត ត្រូវការចិញ្ចឹមគ្រួសារនៅថ្ងៃនេះ នោះគាត់ប្រហែលមិនគិតអំពីអ្វីដែលនឹងកើតឡើងចំពោះសុខភាពគាត់ឬគ្រួសារគាត់នៅថ្ងៃមុខទេ។ ប៉ុន្តែការផលិតដំណាំតាមរបៀបនេះ តម្រូវឲ្យចំណាយលើសុខភាពប្រជាជននិងបរិស្ថានយ៉ាងច្រើន។

ពេលវេលាកន្លងទៅ ថ្នាំសម្លាប់សត្វល្អិតបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ បន្ទាប់ពីបានបាញ់ថ្នាំជាច្រើនឆ្នាំមក សត្វល្អិតអាចក្លាយជាធន់នឹងសារធាតុគីមី។ ថ្នាំសម្លាប់សត្វល្អិតក៏សម្លាប់សត្វល្អិតដទៃនិងសត្វស្លាបដែលមិនមែនជាសត្វចង្រៃ ហើយដែលជាអ្នកគ្រប់គ្រងសត្វល្អិតចង្រៃពិតប្រាកដ។ នៅពេលបញ្ហានេះកើតឡើង ថ្នាំសម្លាប់សត្វល្អិតលែងកាត់បន្ថយដំណាំដែលបាត់បង់ដោយសារសត្វល្អិតចង្រៃទៀតហើយ, លែងកាត់បន្ថយការធ្លាក់ចុះនៃទិន្នផលដំណាំ, ហើយសមាជិកគ្រួសារត្រូវបានរុញច្រានឲ្យធ្លាក់ក្នុងភាពក្រីក្រ។ កាន់តែអាក្រក់ថែមទៀត ថ្នាំសម្លាប់សត្វល្អិតសម្លាប់មនុស្សរាប់ពាន់អ្នករៀងរាល់ឆ្នាំ ហើយធ្វើឲ្យមនុស្សជាច្រើនទៀតមានជំងឺ។

ក្រុមហ៊ុនផលិតថ្នាំសម្លាប់សត្វល្អិត និយាយថាផលិតផលរបស់ពួកគេនឹងជួយកសិករឲ្យ"ចិញ្ចឹមពិភពលោក"។ ប៉ុន្តែអ្វីដែលក្រុមហ៊ុនទាំងនេះចង់បានពិតប្រាកដគឺដើម្បីចិញ្ចឹមពួកគេទៅវិញទេ ដោយមិនបានពិចារណាលើគ្រោះថ្នាក់យូរអង្វែងរបស់វាឡើយ។ ថ្នាំសម្លាប់សត្វល្អិតគឺជាផ្នែកមួយនៃប្រព័ន្ធដែលគ្មានយុត្តិធម៌និងគ្មានសុខភាព ដែលធ្វើឲ្យមនុស្សមួយភាគតូចកាន់តែមានទ្រព្យសម្បត្តិ និងធ្វើឲ្យមនុស្សគ្រប់គ្នាក្រៅពីនេះ កាន់តែមានជំងឺ។

ថ្នាំសម្លាប់សត្វល្អិតមានច្រើនប្រភេទ

ថ្នាំសម្លាប់សត្វល្អិតមានច្រើនប្រភេទនិងច្រើនម៉ាក ហើយវាត្រូវបានហៅឈ្មោះខុសៗគ្នា នៅប្រទេសផ្សេង។ ថ្នាំសម្លាប់សត្វល្អិតខ្លះអាចត្រូវបានហាមឃាត់នៅក្នុងប្រទេសមួយដោយសារតែមានគ្រោះថ្នាក់ខ្លាំងពេក ប៉ុន្តែវានៅតែត្រូវបានលក់នៅក្នុងប្រទេសដទៃៗទៀត។

Different containers of poisons, weed killers and pesticides.

ថ្នាំសម្លាប់សត្វល្អិតត្រូវបានផលិតក្នុងទម្រង់ផ្សេងៗ ៖ ជាម្សៅសម្រាប់លាយជាមួយទឹក រួចបាញ់, គ្រាប់ល្អិតៗនិងលម្អងសម្រាប់បង្ហើរ, សារធាតុរាវសម្រាប់បាញ់, លាបលើគ្រាប់ពូជ, គ្រាប់ដុំៗដើម្បីសម្លាប់សត្វកកេរ, និងទម្រង់ផ្សេងៗទៀត។ ធូបមូសនិងថ្នាំកណ្តុរ គឺត្រូវបានប្រើញឹកញាប់ដើម្បីសម្លាប់សត្វល្អិតនៅក្នុងផ្ទះ។

ថ្នាំសម្លាប់សត្វល្អិតត្រូវបានវេចខ្ចប់ខុសៗគ្នាដូចជា ៖ ជាកំប៉ុង ដប ធុង បាវ និងផ្សេងៗទៀត។ គេច្រើនតែវេចខ្ចប់ថ្នាំសម្លាប់សត្វល្អិតខុសពីការវេចខ្ចប់ដើមរបស់វា។ ទោះបីវាជាប្រភេទអ្វីក៏ដោយ ទោះបីវាមានទម្រង់ជាអ្វីក៏ដោយ ទោះបីវាត្រូវបានវេចខ្ចប់ក្នុងអ្វីក៏ដោយ ថ្នាំសម្លាប់សត្វល្អិតទាំងអស់គឺជាថ្នាំពុល!

A man speaking.
ខ្ញុំយល់ ថាថ្នាំសម្លាប់សត្វល្អិតគឺជាថ្នាំពុល។ ប៉ុន្តែខ្ញុំនៅតែត្រូវទៅធ្វើការនៅចម្ការចេកដែរ។ ជួនកាលខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនពេលទៅផ្ទះ។ តើខ្ញុំធ្វើដូចម្តេចទើបដឹងថាវាមកពីថ្នាំសម្លាប់សត្វល្អិតដែលយើងប្រើ?