Hesperian Health Guides
អាហារបង្កាត់ពូជ និងសុខភាព
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៣. សន្យាមិនពិតនៃអាហារបង្កាត់ពូជ > អាហារបង្កាត់ពូជ និងសុខភាព
ផលប៉ះពាល់មួយចំនួនពីដំណាំបង្កាត់ពូជមកលើសុខភាព ត្រូវបានគេដឹងព្រោះប្រជាជនបានធ្លាក់ខ្លួនឈឺនៅពេលបរិភោគវា។ បញ្ហាសុខភាពដទៃទៀតត្រូវបានគេសង្ស័យ ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលផលិតដំណាំបង្កាត់ពូជ បដិសេធមិនព្រមធ្វើតេស្ត៍លើផលប៉ះពាល់សុខភាពដែលអាចមានឡើយ។ សាជីវកម្មដែលបង្កើតដំណាំទាំងនេះ ធ្វើអ្វីគ្រប់យ៉ាងដើម្បីកុំឲ្យមានការធ្វើតេស្ត៍លើដំណាំនេះ។ ដំណាំបង្កាត់ពូជនិងអាហារផលិតពីដំណាំនេះ ភាគច្រើនមិនមានបិទស្លាកសញ្ញាទេ ហើយដាក់លក់ឡូកឡំជាមួយដំណាំនិងអាហារធម្មតា។ របៀបនេះធ្វើឲ្យយើងពិបាកដឹងថាអាហារបង្កាត់ពូជមានគ្រោះថ្នាក់ឬអត់ ឬនរណាម្នាក់ធ្លាក់ខ្លួនឈឺដោយសារបរិភោគដំណាំបង្កាត់ពូជឬក៏អត់។
មាតិកា
បញ្ហាសុខភាពបណ្តាលមកពីដំណាំបង្កាត់ពូជ
ដើម្បីឲ្យដឹងអំពីបញ្ហាសុខភាពនៃដំណាំបង្កាត់ពូជ ទាមទារឲ្យមានការសិក្សាច្រើនឆ្នាំ។ អ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាខ្លះៗរួចមកហើយដែលបង្ហាញថាដំណាំបង្កាត់ពូជប្រហែលជាបណ្តាលឲ្យមានបញ្ហាសុខភាពពិតមែន ៖
អាល់ឡែស៊ី
អាហារដែលផលិតមកពីដំណាំបង្កាត់ពូជ មានផ្ទុកសារធាតុដែលមនុស្សមិនធ្លាប់បរិភោគកន្លងមក។ នេះអាចធ្វើឲ្យរាងកាយរបស់មនុស្សមានប្រតិកម្មអាក្រក់ទៅនឹងអាហារទាំងនេះ។ ដោយសារតែយើងមិនដឹងជាមុន ថាសារធាតុអ្វីនៅក្នុងដំណាំបង្កាត់ពូជ ធ្វើឲ្យមានអាល់ឡែស៊ី នោះទើបប្រជាជនអាចមានអាល់ឡែស៊ីនឹងអាហារជាច្រើនដែលពួកគេបរិភោគញឹកញាប់។
ការកើនឡើងនៃការពុលថ្នាំសម្លាប់សត្វល្អិត
ដំណាំបង្កាត់ពូជភាគច្រើន លូតលាស់បានល្អតែនៅពេលដែលបន្ថែមសារធាតុគីមីយ៉ាងច្រើនប៉ុណ្ណោះ។ គ្រាប់ពូជបង្កាត់ខ្លះថែមទាំងត្រូវបានបង្កើតឡើងឲ្យមានផ្ទុកជាតិថ្នាំសម្លាប់សត្វល្អិតទៀតផង។ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតមានកំណត់ អាចផ្តល់ប្រយោជន៍ដល់កសិករ។ ប៉ុន្តែការប្រើប្រាស់ច្រើនពេក បណ្តាលឲ្យមានការពុលថ្នាំសម្លាប់សត្វល្អិតកាន់តែច្រើន ទាំងចំពោះមនុស្សនិងបរិស្ថាន។
ជំងឺមហារីក និងការខូចសរីរាង្គ
សត្វដែលស៊ីដំឡូងនិងប៉េងប៉ោះបង្កាត់ពូជ មានការផ្លាស់ប្តូរនៅក្នុងក្រពះរបស់ពួកវា ដែលនាំឲ្យមានជំងឺមហារីក, ខូចតម្រងនោម និងសរីរាង្គដទៃទៀត, និងខួរក្បាលលូតលាស់ខ្សោយ។ ប៉ុន្តែនៅពេលគ្មានការធ្វើតេស្ត៍ឬបិទស្លាកសញ្ញានៅលើអាហារបង្កាត់ពូជទេ នោះវេជ្ជបណ្ឌិតមិនអាចដឹងថាជំងឺមហារីកឬការខូចសរីរាង្គរបស់មនុស្សម្នាក់ គឺបណ្តាលមកពីអាហារបង្កាត់ពូជពិតមែនឬអត់នោះទេ។
ការស៊ាំនឹងថ្នាំអង់ទីប៊ីយោទិក
អាហារបង្កាត់ពូជខ្លះបានដាក់បញ្ចូលនូវហ្សែនដែលស៊ាំនឹងថ្នាំអង់ទីប៊ីយោទិក។ អ្នកវិទ្យាសាស្ត្រខ្លះជឿថា នៅពេលប្រជាជនបរិភោគអាហារដែលមានហ្សែនបែបនេះ នោះមេរោគដែលស៊ាំនឹងថ្នាំអង់ទីប៊ីយោទិកនឹងមាននៅក្នុងក្រពះពួកគេ។ បន្ទាប់មក ប្រសិនបើអ្នកនោះត្រូវការប្រើថ្នាំអង់ទីប៊ីយោទិកដើម្បីព្យាបាលជំងឺ នោះថ្នាំនេះអាចលែងមានប្រសិទ្ធភាពតទៅទៀត។
ស្រូវមាសនៅអាស៊ី
នៅជុំវិញពិភពលោក មនុស្សរាប់លាននាក់រងគ្រោះពីភាពពិការភ្នែក ដោយសារខ្វះវីតាមីនអានៅក្នុងរបបអាហារបស់ខ្លួន។ ដើម្បីជាដំណោះស្រាយចំពោះបញ្ហានេះ ស្រូវបង្កាត់ពូជថ្មីមួយប្រភេទដែលមានវីតាមីនអា ត្រូវបានបង្កើតឡើងនិងដាក់ឈ្មោះថា "ស្រូវមាស"។ ក្រុមហ៊ុនដែលផលិត"ស្រូវមាស" មានគម្រោងលក់ស្រូវនេះទៅកសិករនៅទូទាំងទ្វីបអាស៊ីដែលជាប្រទេសបរិភោគស្រូវចម្បងគេ និងជាប្រទេសដែលភាពពិការភ្នែកគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ។ ក្រុមហ៊ុននេះសង្ឃឹមថាកសិករនឹងដាំ"ស្រូវមាស"ជំនួសស្រូវបុរាណដែលមានភាពចម្រុះ។
ប៉ុន្តែ "ស្រូវមាស"មិនបានបង្ការមិនឲ្យប្រជាជនពិការភ្នែកទេ។ ភាពពិការភ្នែកដែល"ស្រូវមាស"កំពុងព្យាយាមដោះស្រាយ គឺមិនមែនបណ្តាលមកពីកង្វះវីតាមីនអាតែមួយមុខទេ។ វាបណ្តាលមកពីកង្វះអាហារសុខភាពចម្រុះ ដែលមានវីតាមីនអាពីធម្មជាតិ។
បើទោះជាមនុស្សម្នាក់បរិភោគ"ស្រូវមាស"ក៏ដោយ ក៏វីតាមីនអាមិនអាចចិញ្ចឹមគាត់ឡើយ លុះត្រាតែមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីអាហារដទៃទៀតដែលបរិភោគក្នុងពេលជាមួយគ្នា។
មធ្យោបាយល្អប្រសើរក្នុងការបញ្ចប់បញ្ហាផ្សេងៗដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ
"ស្រូវមាស"គឺជាឧទាហរណ៍មួយនៃការព្យាយាមដោះស្រាយបញ្ហាសង្គម (ភាពពិការភ្នែកដែលបណ្តាលមកពីភាពក្រីក្រនិងកង្វះអាហារូបត្ថម្ភ) ដោយប្រើដំណោះស្រាយបច្ចេកទេស ៖ ដំណាំបង្កាត់ពូជ។ ប៉ុន្តែយើងមានដំណោះស្រាយមួយផ្សេងទៀត។
វីតាមីនអាមានយ៉ាងច្រើននៅក្នុងផ្លែឈើថ្មីស្រស់ បន្លែស្លឹកពណ៌បៃតងចាស់ និងអាហារដទៃទៀត។ (សម្រាប់ព័ត៌មានបន្ថែមអំពីអាហារូបត្ថម្ភល្អ សូមអានសៀវភៅសុខភាពទូទៅ ដូចជា ទីណាគ្មានវេជ្ជបណ្ឌិត ជាដើម)។ បន្លែបៃតងធ្លាប់បានដុះយ៉ាងច្រើនក្រៃលែងនៅក្នុងស្រែនិងចម្ការរបស់កសិករ ប៉ុន្តែវាបាត់ទៅវិញដោយសារតែការកើនឡើងនៃការប្រើប្រាស់ថ្នាំសម្លាប់រុក្ខជាតិ។
នៅប្រទេសបង់ក្លាដេស ប្រជាជនបានរៀបចំដាំសួនដំណាំតាមផ្ទះ ដើម្បីប្រាកដថាកុមារទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។ ដោយមានជំនួយពីអង្គការហេលេនខិល័រអន្តរជាតិ(Helen Keller International) ប្រជាជនបានដាំសួនដំណាំតាមផ្ទះចំនួន៦០០.០០០សួន ដើម្បីជួយបង្ការភាពពិការភ្នែក និងបញ្ហាសុខភាពដទៃទៀតដែលបណ្តាលមកពីកង្វះអាហារូបត្ថម្ភ។ សួនដំណាំតាមផ្ទះ គឺជាមធ្យោបាយមួយក្នុងការកែលម្អអាហារូបត្ថម្ភ និងសន្តិសុខអាហារ ដោយមិនចាំបាច់រកមើលដំណោះស្រាយបច្ចេកទេសដែលមានតម្លៃថ្លៃ ដូចជាអាហារបង្កាត់ពូជ ដែលអាចនឹងគ្មានប្រសិទ្ធភាពសោះ។