Hesperian Health Guides
បញ្ហាបរិស្ថានបណ្តាលមកពីដំណាំបង្កាត់ពូជ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៣. សន្យាមិនពិតនៃអាហារបង្កាត់ពូជ > បញ្ហាបរិស្ថានបណ្តាលមកពីដំណាំបង្កាត់ពូជ
ការបាត់បង់ការគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិ។ ដំណាំបង្កាត់ពូជខ្លះ ត្រូវបានផលិតឡើងដោយមានថ្នាំសម្លាប់សត្វល្អិតនៅក្នុងនោះ។ នៅពេលថ្នាំសម្លាប់សត្វល្អិតត្រូវបានប្រើប្រាស់ដោយគ្មានការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន នោះសត្វល្អិតដែលធម្មតាគេអាចសម្លាប់វាបាន អាចស៊ាំនឹងថ្នាំទាំងនេះ។
ការបង្កគ្រោះថ្នាក់ដល់សត្វព្រៃនិងដី។ ថ្នាំសម្លាប់សត្វល្អិតដែលមាននៅក្នុងដំណាំបង្កាត់ពូជ សម្លាប់សត្វល្អិតនិងបាក់តេរីមានប្រយោជន៍ដែលរស់នៅក្នុងដី។ វាក៏អាចបង្កគ្រោះថ្នាក់ដល់សត្វស្លាប ប្រចៀវ និងសត្វដទៃទៀត ដែលជួយរោយលម្អងរុក្ខជាតិនិងគ្រប់គ្រងសត្វល្អិត។
ផលប៉ះពាល់លើរុក្ខជាតិជិតខាង។ លម្អងចេញពីដំណាំបង្កាត់ពូជ ហើរនៅក្នុងខ្យល់ និងរាយប៉ាយទៅលើរុក្ខជាតិដទៃទៀតដែលស្រដៀងនឹងវា។ ប៉ុន្តែដោយសាររុក្ខជាតិបង្កាត់ពូជទើបបានបង្កើតថ្មី ទើបគ្មាននរណាម្នាក់ដឹងច្បាស់ទេថាផលប៉ះពាល់យូរអង្វែងនៃការសាយលម្អងនេះមានអ្វីខ្លះ។
កសិករទទួលរងគ្រោះនៅពេលដំណាំបង្កាត់ពូជបង្កគ្រោះថ្នាក់ដល់បរិស្ថាន។ |
សុវត្ថភាពប្រសើរជាងការសោកស្តាយ
សុភាសិតអាហ្វ្រិកមួយពោលថា "ប្រសិនបើអ្នកត្រូវវាស់ជម្រៅទន្លេ ចូរលូកតែជើងម្ខាងចូលសិន។ ធ្វើរបៀបនេះអ្នកមិនប្រថុយនឹងការលង់ទឹកទេ"។ នេះគឺជារបៀបម្យ៉ាងទៀតក្នុងការនិយាយថា ជាការប្រសើរត្រូវធ្វើអ្វីមួយដោយមានការប្រុងប្រយ័ត្ន និងត្រូវធ្វើតាមគោលការណ៍ប្រុងប្រយ័ត្នជាមុន។ នៅពេលយើងពិចារណាលើការប្រើប្រាស់ការបង្កើតថ្មីនិងសារធាតុថ្មីៗ ល្អបំផុតគឺយើងត្រូវដឹងថាវាមានសុវត្ថិភាព ជាជាងការប្រថុយនឹងគ្រោះថ្នាក់ដែលមិនចាំបាច់។
ប៉ុន្តែសាជីវកម្មនិងរដ្ឋាភិបាលកំពុងធ្វើតេស្ត៍លើអាហារបង្កាត់ពូជមកលើពួកយើងរាល់ថ្ងៃ តាមរយៈការបង្គាប់ឲ្យយើងដាំនិងបរិភោគវា ដោយមិនដឹងពីគ្រោះថ្នាក់ដែលវាអាចកើតមានទេ។ ពួកគេកំពុងតែបង្ខំពួកយើងឲ្យ "វាស់ជម្រៅទន្លេ" ដោយលូកជើងទាំងពីរចូលតែម្តង!
តើធ្វើដូចម្តេចទើបអ្នកដឹងថាគ្រាប់ពូជនិងអាហារគឺជាការបង្កាត់ពូជឬក៏មិនមែន?
គ្រាប់ពូជបង្កាត់ភាគច្រើន មិនមានរូបរាង ក្លិន ឬរសជាតិខុសគ្នាពីគ្រាប់ពូជធម្មតានោះទេ ដូច្នេះវាអាចត្រូវបានដាំដោយកសិករដែលមិនដឹងថាវាជាអ្វីឡើយ។ ម៉ុនសាន់តូ, ដែលជាក្រុមហ៊ុនផលិតអាហារបង្កាត់ពូជភាគច្រើន, បានបដិសេធមិនព្រមបិទស្លាកសញ្ញាថាជាអាហារបង្កាត់ពូជទេ ដូច្នេះប្រជាជនដែលបរិភោគវា មិនអាចដឹងថាវាជាអាហារបង្កាត់ពូជទេ។ វិធីតែមួយគត់ដើម្បីឲ្យដឹងថាគ្រាប់ពូជនិងអាហារជាការបង្កាត់ពូជឬក៏មិនមែន គឺត្រូវធ្វើតេស្ត៍លើរចនាសម្ព័ន្ធនៃហ្សែនរបស់វា។ ឧបករណ៍សម្រាប់ធ្វើតេស្ត៍នេះ មានលក់នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប ប៉ុន្តែវាមានតម្លៃថ្លៃ។
គ្រាប់ពូជមេរឹងមាំ
នៅជាប៉ាស នៃប្រទេសម៉ិកស៊ីកូ កសិករមានការបារម្ភជាខ្លាំងអំពីលម្អងរបស់ដំណាំបង្កាត់ពូជដែលអាចប៉ះពាល់ដល់ដំណាំពោតរបស់ខ្លួន។ ដោយមានជំនួយពីអ្នកគាំទ្រអន្តរជាតិ ពួកគាត់បានរកឃើញវិធីមួយក្នុងការធ្វើតេស្ត៍ដំណាំរបស់ខ្លួន ថាតើវារងការប៉ះពាល់ឬទេ។ គម្រោងនេះហៅថា "គ្រាប់ពូជមេរឹងមាំ"។
គ្រាប់ពូជត្រូវបានធ្វើតេស្ត៍ដោយឧបករណ៍ដែលទិញមកពីក្រុមហ៊ុនក្នុងប្រទេសអឺរ៉ុបឬសហរដ្ឋអាមេរិក។ តាមរយៈការស្វែងយល់ថាតើដំណាំរបស់ពួកគាត់មានការប៉ះពាល់ពីពោតបង្កាត់ពូជឬអត់ ពួកគាត់អាចប្រាប់សហគមន៍និងអាជ្ញាធររបស់ខ្លួនអំពីបញ្ហានេះ ហើយធ្វើការងាររួមគ្នាដើម្បីបង្ការបញ្ហានេះមិនឲ្យរាលដាលតទៅទៀត។ ដោយសារតែពួកគាត់ធ្វើតេស្ត៍លើគ្រាប់ពូជដោយខ្លួនឯង ទើបកសិករអាចគ្រប់គ្រងលើដំណើរការនេះ — ជាការគ្រប់គ្រងមួយប្រភេទដែលបានបាត់បង់ដោយការមិនបានដឹងថាមានអ្វីខ្លះនៅក្នុងដំណាំដែលខ្លួនកំពុងដាំ។
តាមរយៈការគ្រប់គ្រងលើដំណាំរបស់ខ្លួនឡើងវិញ កសិករនៅជាប៉ាសកំពុងតែការពារសន្តិសុខអាហាររបស់ខ្លួន ខណៈដែលអនុវត្តអធិបតេយ្យភាពអាហារយូរអង្វែង។