Hesperian Health Guides
រណ្តៅសំរាមអនាម័យ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន > រណ្តៅសំរាមអនាម័យ
រណ្តៅសំរាមអនាម័យ គឺជារណ្តៅដែលមានការការពារនៅបាត ដែលសំរាមត្រូវបានដុតជាស្រទាប់ៗ បង្ហាប់ និងគ្រប។ រណ្តៅសំរាមអនាម័យ អាចកាត់បន្ថយគ្រោះថ្នាក់ចេញពីកាកសំណល់ដែលបានប្រមូល និងមានសុវត្ថិភាពជាងរណ្តៅសំរាមបើកចំហរ។ ប៉ុន្តែសូម្បីតែរណ្តៅសំរាមអនាម័យដ៏ល្អបំផុត នឹងពេញនៅថ្ងៃមួយ ហើយជាច្រើនឆ្នាំកន្លងទៅ វាអាចនឹងជ្រាប។ ដើម្បីដោះស្រាយបញ្ហាកាកសំណល់របស់យើង យើងនៅតែត្រូវការបង្ការកាកសំណល់តាំងពីទីដំបូងដដែល។
រណ្តៅបើកចំហរ អាចប្រែក្លាយទៅជារណ្តៅសំរាមអនាម័យបាន។ ឬមួយសហគមន៍អាចជីករណ្តៅសំរាមអនាម័យថ្មីមួយ និងសម្អាតកន្លែងចាស់ដោយដឹកជញ្ជូនសំរាមទៅកន្លែងថ្មី។ រណ្តៅសំរាមអនាម័យ ការពារសុខភាពសហគមន៍នៅពេលដែល ៖
- វាត្រូវបានជីកនៅឆ្ងាយពីកន្លែងរស់នៅរបស់ប្រជាជន។
- វាត្រូវបានគ្របដើម្បីការពារសត្វល្អិត និងសត្វចម្លងជំងឺដទៃទៀត មិនឲ្យបង្កកំណើតនៅទីនោះ។
- វាមានទ្រនាប់ដែលធ្វើពីដីឥដ្ឋបង្ហាប់ឬប្លាស្ទិក ដើម្បីបង្ការសារធាតុគីមីនិងមេរោគមិនឲ្យចម្លងភាព កខ្វក់ទៅទឹកក្រោមដី។
ដោយសារការជីកនិងថែទាំរណ្តៅសំរាមអនាម័យ គឺជាការងារច្រើន ដូច្នេះជាទូទៅគេជីកវាដោយសហការ ជាមួយសហគមន៍ អាជ្ញាធរ និងអង្គការដទៃទៀត ដូចជាវិហារសាសនាគ្រឹស្តឬក្រុមហ៊ុនជំនួញផ្សេង។
រណ្តៅសំរាមអាចការពារសុខភាពសហគមន៍ លុះត្រាតែវាត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ការគ្រប់គ្រងល្អ រួមមានការបណ្តុះបណ្តាល និងគាំទ្រកម្មកររណ្តៅសំរាម, និងការសហការជាមួយមណ្ឌលកែច្នៃធនធាន អ្នកប្រមូលកាកសំណល់ពុល និងអាជ្ញាធរ។
មាតិកា
ការជ្រើសរើសទីតាំង
ជំហានទីមួយក្នុងការធ្វើផែនការរណ្តៅសំរាម គឺការជ្រើសរើសទីតាំង។ នៅកន្លែងជាច្រើន រដ្ឋាភិបាលទាមទារឲ្យធ្វើការវាយតម្លៃលើទីតាំង(ការពិនិត្យម៉ត់ចត់លើស្ថានភាពនៃទីតាំង)មុនពេលជីក។ នេះមានន័យថា ការសិក្សាលើប្រភេទដីនិងថ្ម, ប្រភេទរុក្ខជាតិដែលដុះនៅទីនោះ, ចម្ងាយពីប្រភពទឹកនិងផ្ទះប្រជាជន។ ដើម្បីសុខភាពនិងសុវត្ថិភាព រណ្តៅសំរាមគួរស្ថិតនៅយ៉ាងតិច ៖
- ១៥០ម៉ែត្រពីទឹកឆ្នេរ។
- ២៥០ម៉ែត្រពីទឹកសាប ដូចជាខ្សែទឹក ស្រះ ឬវាលភក់ល្បាប់។
- ២៥០ម៉ែត្រពីព្រៃឈើការពារ។
- ៥០០ម៉ែត្រពីផ្ទះប្រជាជន និងពីអណ្តូងទឹកឬទឹកផឹកដទៃទៀត។
- ៥០០ម៉ែត្រពីស្នាមប្រេះនៃស្រទាប់ផែនដី។
បាតរណ្តៅត្រូវតែខ្ពស់ជាងកម្រិតខ្ពស់បំផុតនៃទឹកក្រោមដី យ៉ាងតិច២ម៉ែត្រ។
ការសង់រណ្តៅសំរាមអនាម័យ
ទំហំនៃរណ្តៅសំរាម អាស្រ័យលើបរិមាណសំរាមដែលនឹងចាក់ក្នុងរណ្តៅ។ រណ្តៅទាំងអស់គួរមានបាតតូចជាងមាត់រណ្តៅ ដើម្បីបង្ការកុំឲ្យបាក់ស្រុត។ ទម្រង់បែបនេះក៏ជួយធ្វើឲ្យសំរាមហាប់ដែរ ព្រោះសំរាមនៅខាងលើធ្ងន់ជាងនៅខាងក្រោម។
ស្លាកសញ្ញាដែលបិទនៅរបងរណ្តៅ ដោយមានសរសេរម៉ោងធ្វើការផង ជួយកម្មករឲ្យគ្រប់គ្រងរណ្តៅបានល្អប្រសើរនូវអ្វីដែលត្រូវចាក់ ចាក់ពេលណា និងចាក់ដោយរបៀបណា។
រណ្តៅសំរាមដែលជីកបានល្អ និងមានបំពាក់បរិក្ខារយ៉ាងល្អ
ទ្រនាប់រណ្តៅមាន៣ស្រទាប់ ៖
ការរៀបទ្រនាប់រណ្តៅ
ដើម្បីការពារទឹកក្រោមដី រណ្តៅសំរាមត្រូវមានទ្រនាប់ការពារនៅបាតក្រោម។ ទ្រនាប់រណ្តៅដែលល្អ អាចធ្វើពីស្រទាប់ដីឥដ្ឋហាប់ គ្រួស និងដី។ ការសង់រណ្តៅចាក់សំរាមនៅកន្លែងដែលមានដីឥដ្ឋរឹង នឹងធ្វើឲ្យងាយរៀបទ្រនាប់អណ្តូង។
ប្រសិនបើមានធនធានសម្រាប់ធ្វើទ្រនាប់ការពារល្អប្រសើរ ផ្ទាំងកៅស៊ូក្រាស់ៗនិងក្រណាត់ក្រាស់ៗជាច្រើនស្រទាប់នឹងផ្តល់ការការពារបន្ថែមទៀត ហើយអាចសង់ប្រព័ន្ធបំពង់បូមដើម្បីបូមយកទឹកចេញ។
ការចាក់សំរាមក្នុងរណ្តៅ
របៀបដែលអ្នកចាក់សំរាមក្នុងរណ្តៅ អាស្រ័យលើបរិមាណសំរាម, ពេលវេលាដែលប្រជាជនត្រូវធ្វើការងារ, និងបរិយាកាសក្នុងតំបន់។
នៅកន្លែងដែលមានទឹកភ្លៀងខ្ពស់ និងសំរាមតិច ដូចជាទីក្រុងដែលអនុវត្តកាកសំណល់កម្រិតសូន្, រៀងរាល់សប្តាហ៍ឬរាល់ខែអ្នកអាចជីកប្រហោងថ្មីមួយដែលមានទ្រនាប់ដីឥដ្ឋនិងគ្រួស(ទ្រនាប់ស្តើងជាងទ្រនាប់រណ្តៅធំ)។
នរណាម្នាក់ទទួលខុសត្រូវលើការនាំយកសំរាម ចាក់ក្នុងប្រហោង បង្ហាប់សំរាម និងចាក់ដីគ្របវា។ ការកប់សំរាមម្តងបន្តិចៗ បង្ការកុំឲ្យទឹកមានក្នុងរណ្តៅ។
សម្រាប់សហគមន៍ដែលមានសំរាមច្រើន ដើម្បីងាយស្រួលគួរជីករណ្តៅធំវិញ។ កម្មកររណ្តៅសំរាម ចាក់សំរាមទៅក្នុងរណ្តៅនៅពេលគេយកមកដល់។ រាល់ពេលចាក់កាកសំណល់ កម្មករបង្ហាប់វាចុះក្រោមឲ្យមានគំនរស្មើគ្នា បន្ទាប់មកគ្របស្លឹកឈើធំ(ដូចជាស្លឹកដូង ឬស្លឹកចេក) និងដីមួយស្រទាប់ ឬដី ផេះ និងខ្សាច់។ បែបនេះនឹងបង្ការក្លិនកខ្វក់ និងបញ្ឈប់សត្វល្អិតមិនឲ្យបង្កកំណើត។ ការធ្វើដំបូលធំបាំងពីលើរណ្តៅ នឹងការពារមិនឲ្យចូលទឹកភ្លៀង។
ការកប់រណ្តៅសំរាម
នៅពេលរណ្តៅពេញ គួរកប់វាដោយស្រទាប់ដីកម្រាស់យ៉ាងតិច៩០ស.ម។ អាចដាំស្មៅព្រៃឬស្មៅនៅពីលើនោះបាន ប៉ុន្តែកុំដាំរុក្ខជាតិដែលនឹងហូប ដូចជាបន្លែឬដើមឈើហូបផ្លែ។ ល្អបំផុត កុំឲ្យសត្វគោក្របីចូលស៊ីនៅទីនោះ រហូតទាល់តែដុះរុក្ខជាតិជុំជិតពីលើ។
បន្ទាប់ពីដុះរុក្ខជាតិជុំជិតពីលើ រណ្តៅសំរាមដែលគ្រប់គ្រងបានល្អ អាចក្លាយទៅជាតំបន់បៃតងនិងគួរឲ្យរីករាយ។ |
ភាពលំបាកនៃរណ្តៅសំរាមអនាម័យ
រណ្តៅដែលបានចាក់សំរាមរួចចាក់ដីគ្របពីលើ អាចថែទាំយ៉ាងមានប្រសិទ្ធភាពដោយមានបញ្ហាបន្តិចបន្តួច។ ប៉ុន្តែវាអាចមានបញ្ហាបើកាកសំណល់រាវ និងឧស្ម័ន(មេតាន) មាននៅក្នុងរណ្តៅ។
កាកសំណល់រាវ
ប្រសិនបើទឹកភ្លៀងហូរចូលក្នុងរណ្តៅយ៉ាងជោគជាំ វាបង្កើតជាកាកសំណល់រាវដែលមានក្លិនអាក្រក់ ដែលអាចនាំយកជាតិពុលពីក្នុងសំរាម ទៅក្នុងទឹកក្រោមដី។ ហេតុដូច្នេះហើយ ជាការសំខាន់គឺត្រូវធ្វើទ្រនាប់រណ្តៅសំរាមឲ្យបានល្អ និងមិនសង់វានៅក្បែរទន្លេ ខ្សែទឹក ឬបឹង។
វិធីល្អបំផុតក្នុងការបង្ការកាកសំណល់រាវ គឺត្រូវសង់ដំបូលពីលើរណ្តៅសំរាម ឬគម្របក្រណាត់ឬប្លាស្ទិក រហូតដល់ពេលកប់ចោល។
ឧស្ម័នគ្រោះថ្នាក់
ក្នុងរណ្តៅដែលមានកាកសំណល់លាយគ្នា បាក់តេរីអាចលូតលាស់ និងបង្កើតឧស្ម័នមេតាន។ មេតានអាចផ្ទុះ ឬឆាបភ្លើង ប្រសិនបើគ្រប់គ្រងមិនប្រុងប្រយ័ត្ន ហើយចូលរួមក្នុងការឡើងកម្តៅផែនដី ។ នៅកន្លែងជាច្រើន មេតានត្រូវបានស្រូបទុកសម្រាប់ផលិតអគ្គិសនី។ ប្រសិនបើអ្នកគ្មានធនធានសម្រាប់ធ្វើដូចនេះទេ វិធីល្អបំផុតគួរចោះរន្ធខ្យល់មួយដើម្បីឲ្យមេតានចេញរួច។
រន្ធបញ្ចេញឧស្ម័នពីក្នុងរណ្តៅសំរាម |
រន្ធខ្យល់សាមញ្ញត្រូវបានធ្វើដោយប្រើបំពង់ខ្យល់និងថ្មតូចៗគរជុំវិញនិងសំណាញ់លួស ឬអ្នកអាចប្រើធុងទឹកចំណុះ២០០លីត្រ ដែលកាត់គម្របបាតក្រោមចេញ។ កម្ពស់នៃរន្ធខ្យល់កើនឡើង នៅពេលរណ្តៅកើនឡើងដែរ។ ចំនួនរន្ធខ្យល់អាស្រ័យលើទំហំរណ្តៅ និងប្រភេទសំរាមដែលចាក់ក្នុងរណ្តៅ។
រណ្តៅសំរាមដែលត្រូវបានកប់ចោល និងមានស្មៅឬរុក្ខជាតិដុះលើវា ក៏នៅតែអាចបញ្ចេញមេតាន។ ប្រសិនបើមានបំណែកស្មៅងាប់ ជាពិសេសបើវាមានរាងដូចរង្វង់ នោះគឺជាសញ្ញាប្រាប់ថាមេតានកំពុងហើរចេញពីរណ្តៅសំរាម។ គួរដាក់ស្លាកសញ្ញាឲ្យគេដឹង និងហាមប្រជាជនឲ្យនៅឲ្យឆ្ងាយយ៉ាងតិច១០ម៉ែត្រ ព្រោះវាអាចផ្ទុះដោយចៃដន្យ។ អ្នកជំនាញដែលឆ្លងកាត់ការបណ្តុះបណ្តាល គួរត្រួតពិនិត្យមើលរណ្តៅសំរាមដើម្បីសម្រេចថាគួរបង្ការការផ្ទុះឲ្យបានល្អបំផុតដោយរបៀបណា។