Hesperian Health Guides
កម្មវិធីកាកសំណល់រឹង ក្នុងសហគមន៍
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១៨. កាកសំណល់រឹង ៖ ប្រែក្លាយការប្រឈមគ្រោះថ្នាក់នៃសុខភាព ទៅជាធនធាន > កម្មវិធីកាកសំណល់រឹង ក្នុងសហគមន៍
នៅពេលសហគមន៍មួយមានការយល់ដឹងដូចគ្នាអំពីបញ្ហាដែលបង្កឡើងដោយកាកសំណល់ នោះពួកគេអាចចាត់វិធានការដោះស្រាយបញ្ហាទាំងនេះ ដោយចាប់ផ្តើមជាមួយនឹងគម្រោងផ្សេងៗដែលបំពេញតម្រូវការនិងលទ្ធភាពរបស់សហគមន៍បានល្អបំផុត។
កម្មវិធីកាកសំណល់រឹងក្នុងសហគមន៍ដែលមានលក្ខណៈពេញលេញ ត្រូវរួមបញ្ចូលនូវជំហានអស់ទាំងនេះ (ស្វែងយល់អំពីជំហាននីមួយៗនៅទំព័របន្ទាប់) ៖
- កាត់បន្ថយបរិមាណកាកសំណល់ដែលបង្កើតដោយមនុស្ស ជាពិសេសផលិតផលពុល និងផលិតផលដែលមិនអាចកែច្នៃឡើងវិញបាន។
- ដាក់កាកសំណល់ដាច់ដោយឡែកពីគ្នា ដើម្បីងាយរៀបចំ។
- ធ្វើជីកំប៉ុសពីកាកសំណល់អាហារ និងកាកសំណល់សារធាតុសរីរាង្គដទៃទៀត។
- ប្រើប្រាស់សម្ភារៈឡើងវិញនៅពេលដែលអាច។
- កែច្នៃសម្ភារៈឡើងវិញ និងរៀបចំសកម្មភាពទាមទាររដ្ឋាភិបាលនិងឧស្សាហកម្មឲ្យបង្កើតកម្មវិធីកែច្នៃធនធាននៅក្នុងសហគមន៍។
- ប្រមូល ដឹកជញ្ជូន និងទុកដាក់កាកសំណល់ឲ្យមានសុវត្ថិភាព។ ផ្តល់ការគោរពនិងផ្តល់ប្រាក់ពលកម្មសមរម្យសម្រាប់អ្នកដែលធ្វើការងារនេះ។
- បោះចោលឲ្យមានសុវត្ថិភាពនូវកាកសំណល់ទាំងឡាយដែលមិនអាចប្រើប្រាស់ឬកែច្នៃឡើងវិញបាន។
មាតិកា
ការកាត់បន្ថយកាកសំណល់
កាកសំណល់ដែលស្ថិតនៅតាមផ្លូវថ្នល់ ផ្ទះសម្បែង និងស្រែចម្ការ ចាប់ផ្តើមមាននៅពេលឧស្សាហកម្មផលិតផលិតផលដែលមិនអាចប្រើប្រាស់ឬកែច្នៃឡើងវិញបាន។ គោលដៅមួយរបស់កម្មវិធីកាកសំណល់ក្នុងសហគមន៍ គឺដើម្បីកាត់បន្ថយកាកសំណល់ក្នុងរយៈពេលយូរ ដោយការជួយប្រជាជនឲ្យប្រើប្រាស់ឲ្យបានតិចបំផុតនូវសម្ភារៈដែលក្លាយជាកាកសំណល់នៅលើកទី។
- កុំទិញផលិតផលដែលវេចខ្ចប់ច្រើនជាន់។
- ជ្រើសរើសយកកញ្ចក់ឬក្រដាសរឹង ជំនួសប្លាស្ទិកនិងលោហៈ។
- ប្រើប្រាស់ថង់ឬកន្ត្រកផ្ទាល់ខ្លួន និងកុំយកថង់ប្លាស្ទិកពីកន្លែងលក់។
- ទិញអាហារឲ្យច្រើនដើម្បីកាត់បន្ថយបរិមាណថង់ដែលអ្នកយកទៅផ្ទះ។
សហគមន៍នានាអាចធ្វើការងារជាមួយម្ចាស់ហាងឬអាជ្ញាធរ ដើម្បីបង្ការសម្ភារៈដែលបង្កបញ្ហាសុខភាពនិងបញ្ហានៃការបោះចោល មិនឲ្យចូលមកក្នុងសហគមន៍តាំងពីដើមដំបូង។ ការរៀបចំសកម្មភាពរបស់សហគមន៍ អាចដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបង្កើតច្បាប់នានាដែលបង្ខំឲ្យក្រុមហ៊ុនពាណិជ្ជកម្ម ទទួលខុសត្រូវលើកាកសំណល់ដែលពួកគេបង្កើតឡើង។
ការហាមឃាត់ថង់ប្លាស្ទិក
នៅក្រៅភូមិអីុម៉ូណាក នៃរដ្ឋអាឡាស្កា ថង់ប្លាស្ទិកច្រើនតែហើរតាមខ្យល់ ចេញពីរណ្តៅសំរាមក្នុងទីក្រុង។ វាហើរទៅទើលើដើមឈើ ឬធ្លាក់ទៅក្នុងទន្លេយូកុន ក្នុងទីក្រុងក្បែរនោះ ឈ្មោះថាហ្គែលីនែ។
នៅឯក្រុងខត់លីក ដែលជាកន្លែងទន្លេហូរចូលសមុទ្ធ គេឃើញថង់ប្លាស្ទិករុំព័ទ្ធសាកសពសត្វហ្វូក(សត្វម្យ៉ាងប្រហែលនឹងផ្សោត) និងត្រីសូម៉ុង។
ចាប់តាំងពីមានភូមិចំនួន៣បានហាមឃាត់ថង់ប្លាស្ទិកនៅឆ្នាំ១៩៩៨មក បញ្ហានេះលែងកើតមានទៀតហើយ។ បន្ទាប់ពីភូមិ៣នេះ សហគមន៍៣០ទៀតនៅក្នុងរដ្ឋអាឡាស្កា ក៏បានហាមឃាត់ថង់ប្លាស្ទិកដែរ ហើយការហាមឃាត់បែបនេះបានផុសផុលឡើង។ នៅក្នុងទីក្រុងនិងភូមិនានា ប្រជាជនត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់ថង់ក្រដាស ឬថង់ក្រណាត់សម្រាប់ដាក់ទំនិញ ដែលអាចប្រើប្រាស់ឡើងវិញជាយូរឆ្នាំ។
បែងចែកប្រភេទកាកសំណល់នៅប្រភពរបស់វា
ការដាក់កាកសំណល់អាហារមិនឲ្យឡូកឡំគ្នាជាមួយកាកសំណល់ក្រដាស ឬកញ្ចក់ ។ល។ ធ្វើឲ្យងាយស្រួលក្នុងការប្រើប្រាស់ឡើងវិញ កែច្នៃ ឬបោះចោលសម្ភារៈនោះ និងជួយបង្ការបញ្ហាសុខភាពដែលបណ្តាលមកពីការដាក់កាកសំណល់រួមគ្នា។ ការដាក់កាកសំណល់ដាច់ដោយឡែកពីគ្នា គឺជាជំហានទី១ក្នុងការគ្រប់គ្រងកាកសំណល់យ៉ាងល្អប្រសើរ ទោះបីវាអាចដោះស្រាយបញ្ហាបានលុះត្រាតែមានវិធីល្អក្នុងការរៀបចំកាកសំណល់បន្ទាប់ពីដាក់ដោយឡែកហើយ។ ការបែងចែកប្រភេទកាកសំណល់ គឺជាផ្នែកមួយនៃប្រព័ន្ធ ដែលរួមមានការប្រើប្រាស់ឡើងវិញ ការធ្វើជីកំប៉ុស ការប្រមូលកាកសំណល់ជាប្រចាំ និងការចោលកាកសំណល់ប្រកបដោយសុវត្ថិភាព។ វិធីបែងចែកប្រភេទកាកសំណល់
វិធីបែងចែកប្រភេទកាកសំណល់
ផ្នែកដ៏ធំបំផុតនៃកាកសំណល់ដែលបានបង្កើតនៅក្នុងទីក្រុងនិងជនបទ គឺជាកាកសំណល់សារធាតុសរីរាង្គ ឬកាកសំណល់សើម (កាកសំណល់អាហារ និងកាកសំណល់នៅសួនដំណាំ ដូចជារុក្ខជាតិនិងស្លឹកងាប់)។ កាកសំណល់សារធាតុសរីរាង្គត្រូវបានបំបែកដោយពន្លឺថ្ងៃនិងទឹក ឬត្រូវបានស៊ីដោយវត្ថុមានជីវិត(ដង្កូវ សត្វល្អិត និងបាក់តេរី) រួចក្លាយទៅជាជីកំប៉ុស។
ជាធម្មតាមានក្រដាស កញ្ចក់ លោហៈ និងប្លាស្ទិក ជាច្រើននៅក្នុងកាកសំណល់។ ផ្នែកដ៏ធំនៃកាកសំណល់នេះត្រូវបានបោះចោលជាកញ្ចប់។ កាកសំណល់តាមផ្ទះ អាចមានរួមបញ្ចូលសារធាតុពុល ដូចជាថ្នាំលាប ថ្មពិល ខោទឹកនោមកុមារធ្វើពីប្លាស្ទិក ប្រេងម៉ាស៊ីន ថ្នាំសម្លាប់សត្វល្អិតចាស់ៗ និងប្រដាប់ដាក់ផលិតផលសម្អាត។
កាកសំណល់សើមក្លាយទៅជាជីកំប៉ុស | កាកសំណល់ស្ងួតត្រូវបានបែងចែកនិងប្រើប្រាស់ឡើងវិញ, កែច្នៃ, ឬបញ្ជូនទៅរណ្តៅចាក់សំរាម |
កាកសំណល់សើមក្លាយទៅជាជីកំប៉ុស | សម្ភារៈដែលស្ងួត, ដែលអាចប្រើប្រាស់ឡើងវិញ, និងដែលអាចកែច្នៃ ត្រូវបានបែងចែកនិងប្រើប្រាស់ឡើងវិញ, កែច្នៃ, ឬបញ្ជូនទៅរណ្តៅចាក់សំរាម | កាកសំណល់ពុលត្រូវការរៀបចំនិងបោះចោលយ៉ាងពិសេស។ |
តើនរណាជាអ្នកទទួលខុសត្រូវលើការបែងចែកប្រភេទកាកសំណល់?
ផ្ទះសម្បែងនិងក្រុមហ៊ុនជំនួញដែលជាអ្នកបង្កើតកាកសំណល់ អាចបែងចែកកាកសំណល់បាន ឬបែងចែកដោយប្រជាជនដែលប្រមូលវា។ ទោះបីសហគមន៍របស់អ្នក ប្រើប្រាស់ប្រព័ន្ធអ្វីក៏ដោយក្នុងការបែងចែកនិងប្រមូលកាកសំណល់សម្រាប់ប្រើប្រាស់ឡើងវិញ កែច្នៃ ឬបោះចោល, ការសំខាន់គឺអ្នកដែលធ្វើការងារនេះទទួលបានការគោរពនិងប្រាក់ឈ្នួលពលកម្មសមរម្យ។
អ្នកប្រមូលកាកសំណល់អាចរកប្រាក់តាមរយៈការបែងចែកប្រភេទវា ហើយលក់វត្ថុដែលមានតម្លៃ និងយកកាកសំណល់នៅសល់ទៅមណ្ឌលកែច្នៃធនធាន។ អ្នកប្រមូលកាកសំណល់ខ្លះ ជូនប្រាក់បន្តិចបន្តួចដល់ម្ចាស់ផ្ទះណាដែលបែងចែកប្រភេទកាកសំណល់រួចជាស្រេច ឬគិតប្រាក់បន្តិចបន្តួចពីម្ចាស់ផ្ទះចំពោះកាកសំណល់ដែលមិនបានបែងចែក។
ប្រសិនបើបែងចែកកាកសំណល់នៅផ្ទះ នោះកាកសំណល់ស្ងួត អាចទុកដាក់នៅក្នុងធុងមួយនៅក្នុងផ្ទះបាន រហូតអ្នកប្រមូលមកដល់។ ធុងដាក់កាកសំណល់សើម អាចដាក់នៅក្រៅផ្ទះ ហើយកាកសំណល់សើមនេះអាចធ្វើជាជីកំប៉ុសសម្រាប់សួនដំណាំនៅផ្ទះ ឬប្រមូលទៅឲ្យគម្រោងជីកំប៉ុសរបស់អ្នកជិតខាង។
ការបែងចែកប្រភេទកាកសំណល់បន្ទាប់ពីវាបានទៅដល់រណ្តៅសំរាមរួចហើយ គឺជាការងារដ៏គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាពដូចការបែងចែកនៅផ្ទះឬក្រុមហ៊ុនជំនួញ។ |
ជីកំប៉ុសដែលរួចរាល់ត្រឹមត្រូវ មានក្លិនល្អ និងមានសភាពទន់ដូចដីក្នុងព្រៃដែលមានពណ៌ខ្មៅនិងមានជីជាតិ។ |
ការធ្វើជីកំប៉ុស ៖ ប្រែក្លាយកាកសំណល់សារធាតុសរីរាង្គឲ្យទៅជាជី
ដោយសារសារធាតុសរីរាង្គជាទូទៅគឺជាផ្នែកដ៏ច្រើនបំផុតនៃកាកសំណល់ភាគច្រើន ដូច្នេះការបែងចែក និងធ្វើជីកំប៉ុសនូវកាកសំណល់អាហារ ជួយកាត់បន្ថយកាកសំណល់បានយ៉ាងច្រើន។ ការដាក់ជីកំប៉ុសទៅឲ្យដី គឺជាវិធីមួយក្នុងការផ្តល់សារធាតុចិញ្ចឹមរបស់ដំណាំ ឲ្យត្រឡប់ទៅផែនដីវិញ។
វិធីធ្វើជីកំប៉ុសដែលល្អបំផុត គឺអាស្រ័យលើទីធ្លាដែលមាន។ អាចធ្វើជីកំប៉ុសតិចតួចនៅក្នុងសម្ភារៈដាក់របស់របរនៅតាមផ្ទះឬក្រុមហ៊ុនជំនួញ។ កន្លែងធ្វើជីកំប៉ុសធំៗ អាចបង្កើតឡើងនៅក្នុងទីក្រុង និងនៅកសិដ្ឋាន ដែលមានទីធ្លាសម្រាប់ជីករណ្តៅកាកសំណល់ធំ។ (សូមមើលកំប៉ុសអាចត្រូវបានប្រើប្រាស់ក្នុងរបៀបជាច្រើន)។
វិធីធ្វើជីកំប៉ុសដោយប្រើប្រាស់ជន្លេន
ធុងជន្លេនអាចធ្វើយ៉ាងងាយដូចនេះ... |
...ឬស្មុគស្មាញដូចនេះ |
ជន្លេនគឺជាសត្វធម្មជាតិមួយដែលអាចធ្វើជីកំប៉ុសបានយ៉ាងល្អ។ធុងតូចដែលមានជន្លេនល្អៗ នឹងស៊ីកាកសំណល់នៅផ្ទះ និងប្រែក្លាយកាកសំណល់ឲ្យទៅជាដីមានជីជាតិសម្រាប់សួនដំណាំរបស់អ្នក។ ធុងជន្លេនគឺជាវិធីមួយក្នុងការធ្វើជីកំប៉ុសកាកសំណល់អាហារ នៅពេលអ្នកគ្មានដីសម្រាប់រណ្តៅជីកំប៉ុស។
- ១. ចោះរន្ធនៅបាតធុងឈើឬប្លាស្ទិកដើម្បីឲ្យខ្យល់ចូល ហើយទឹកនិងដីចេញ។
- ២. ដាក់ធុងទី២ឬថាសទម្រ នៅខាងក្រោមធុងដែលមានរន្ធ។ ថាសនេះនឹងត្រងដីមានជីជាតិដែលជន្លេនបង្កើត។
- ៣. ចាក់ចូលធុងខាងលើនូវកំទេចក្រដាស ចំបើង និងកាកសំណល់អាហារ។ យកជន្លេនល្អៗមួយប៉ែលពីមណ្ឌលសួនដំណាំ ឬពីកសិករដទៃ រួចដាក់វាទៅក្នុងធុង។
- ៤. បន្ថែមកាកសំណល់អាហារញឹកញាប់ និងរក្សាធុងឲ្យមានសំណើមជានិច្ច ប៉ុន្តែកុំឲ្យសើមពេក។ គ្របធុងដើម្បីការពារជន្លេនពីកម្តៅថ្ងៃ។ នៅពេលជន្លេនស៊ីអ្វីដែលអ្នកបានដាក់នៅក្នុងធុង វានឹងបង្កើតដីដ៏មានជីជាតិ ហើយក្រុមជន្លេននឹងកើនឡើង។ ជន្លេនខ្លះអាចនឹងធ្លាក់ចុះតាមរន្ធបាតធុង ទៅលើថាសទម្រឬធុងខាងក្រោម។ អ្នកអាចចាប់វាមកដាក់លើធុងខាងលើវិញ ឬដាក់វាទៅក្នុងសួនដំណាំជាមួយនឹងដីថ្មីដែលជន្លេនផលិត។
ការធ្វើជីកំប៉ុស និងការកែច្នៃធនធាននៅក្នុងសហគមន៍
រដ្ឋធានីព័រតូណូវ៉ូ នៃប្រទេសប៊ីនីន ធ្លាប់មានគំនរសំរាមកម្ពស់ស្មើនឹងអាគារ៤ជាន់ ហើយស្អុយរលួយនៅលើផ្លូវ។ ដូចអ្នកអាចស្រមៃមើល វាបណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើន។ ហើយក្លិនស្អុយធ្វើឲ្យកន្លែងនេះពិបាករស់នៅ។ ប្រជាជនមួយចំនួនសម្រេចចិត្តចាប់ផ្តើមមណ្ឌលធ្វើជីកំប៉ុសមួយ ដើម្បីកែប្រែកាកសំណល់ឲ្យទៅជាជីមានប្រយោជន៍។
ដោយមានមូលនិធិពីអង្គការសេវាសង្គមមួយ ពួកគេបានរកឃើញទីតាំងដ៏ធំមួយសម្រាប់បង្កើតរោងចក្រកែច្នៃធនធាន និងធ្វើជីកំប៉ុស។ អង្គការបារាំងមួយបានផ្តល់ឲ្យក្រុមព័រតូណូវ៉ូ នូវត្រាក់ទ័រ១ និងរ៉ឺម៉ក។ ពួកគេចតរ៉ឺម៉កនៅក្បែរស្ថានីយរថភ្លើង និងកីឡាដ្ឋានបាល់ទាត់ ហើយជំរុញទឹកចិត្តប្រជាជនឲ្យដាក់សំរាមនៅក្នុងរ៉ឺម៉កទាំងនេះ។ បច្ចុប្បន្ន រៀងរាល់ល្ងាចត្រាក់ទ័រតែងតែទៅសណ្តោងរ៉ឺម៉កដែលពេញទៅដោយកាកសំណល់ ទៅកាន់មណ្ឌលកែច្នៃធនធានដែលកុមារតូចៗធ្វើការងារបែងចែកសំរាមនៅទីនោះ។
កាកសំណល់សារធាតុសរីរាង្គត្រូវបានចោលទៅក្នុងរណ្តៅ រួចគ្របដោយស្លឹកដូងដើម្បីធ្វើជីកំប៉ុស។ "ចុងភៅ"ជីកំប៉ុស ត្រួតពិនិត្យមើលសំណើម លំហូរខ្យល់ និងកម្តៅជាប្រចាំ ដើម្បីប្រាកដថាកាកសំណល់រលួយបានឆាប់រហ័ស។ បន្ទាប់ពីពេល២ខែ ជីកំប៉ុសរួចរាល់សម្រាប់ប្រើប្រាស់។
ប្រជាជនវ័យក្មេងខ្លះនៅក្នុងគម្រោង បានចាប់ផ្តើមប្រើប្រាស់ជីកំប៉ុសនៅក្នុងសួនដំណាំសម្រាប់ទីផ្សារ។ ដោយមានមូលនិធិពីកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP) មណ្ឌលនេះបានទិញគ្រាប់ពូជ និងដីស្រែចម្ការដើម្បីដាំដំណាំ។ នៅក្នុងភូមិភាគប្រទេសប៊ីនីន ដីមិនដែលមានជីជាតិទេ និងកាន់តែមិនល្អដោយសារការប្រើប្រាស់លើសលុប។ ប៉ុន្តែដោយមានជីកំប៉ុសសម្រាប់បង្កើនជីជាតិដី អ្នកធ្វើដំណាំវ័យក្មេងទាំងនេះអាចដាំបន្លែថ្មីស្រស់និងមានសារធាតុចិញ្ចឹម។ អ្នកភូមិក៏ទិញជីកំប៉ុសយកទៅបង្កើនជីជាតិសួនដំណាំផ្ទាល់ខ្លួនដែរ។
ប្រាក់ដែលមណ្ឌលជីកំប៉ុសរកបានពីការលក់បន្លែនិងជីកំប៉ុស ត្រូវបានប្រើប្រាស់ដើម្បីទិញឧបករណ៍បន្ថែមទៀត និងជួលកម្មករដែលជាយុវវ័យមិនទាន់មានការងារ ឲ្យធ្វើជាអ្នកបែងចែកប្រភេទកាកសំណល់ និងអ្នកធ្វើដំណាំសម្រាប់ទីផ្សារ។ តាមរបៀបនេះ គម្រោងគាំទ្រខ្លួនឯង និងបន្តលូតលាស់ជាលំដាប់។
វិធីធ្វើជីកំប៉ុសយឺត
ការធ្វើជីកំប៉ុសតាមរបៀបនេះ ត្រូវការទីធ្លាតូច និងកម្លាំងតិច ហើយផលិតជីកំប៉ុសក្នុងរយៈពេលប្រហែល៦ខែ។
- ១ . ជីករណ្តៅមួយដែលមានទទឹង៦០ស.ម បណ្តោយ៦០ស.ម និងជម្រៅ១ម៉ែត្រ។
- ២. ចាក់ល្បាយកាកសំណល់សារធាតុសរីរាង្គដែលស្ងួតនិងសើម ទៅក្នុងរណ្តៅ។
- ៣. រៀងរាល់សារធាតុសរីរាង្គកម្រាស់២០ស.ម ចូរក្រាលស្រទាប់ដីកម្រាស់៣ស.ម រួចស្រោចទឹកលើវា (គ្រាន់តែឲ្យសើម, មិនមែនជោគជាំ)។
- ៤. គ្របរណ្តៅដើម្បីកុំឲ្យទឹកភ្លៀងចូល។ បន្ទាប់ពី១សប្តាហ៍ ជីកំប៉ុសគួរចាប់ផ្តើមបំបែក។ គំនរកាកសំណល់នឹងមានកម្តៅ ហើយស្រកចុះនៅពេលវាបំបែក។
វិធីធ្វើជីកំប៉ុសឆាប់
នេះគឺជាវិធីផលិតជីកំប៉ុសឲ្យបានច្រើនក្នុងរយៈពេល១ទៅ៤ខែ ប្រសិនបើអ្នកមានទីធ្លាធំ។
- ១. ជ្រើសរើសទីធ្លារាបស្មើដែលមានទទឹង១,៥ម៉ែត្រ និងបណ្តោយ៤ម៉ែត្រ។ ដៅទីតាំងនេះដោយឈើបង្គោល។ ជ្រោយដីជម្រៅ៣០ស.ម។ បែបនេះនឹងជួយឲ្យគំនរជីកំប៉ុសហូរទឹកចេញ និងជួយឲ្យជន្លេនចូលទៅក្នុងគំនរ និងបំបែកកាកសំណល់។ ប្រសិនបើដីស្ងួតខ្លាំង ត្រូវស្រោចទឹកវា។
- ២. រកបង្គោលធំ២ដែលមានកម្ពស់ប្រហែលមនុស្សធំ។ ដោតបញ្ឈរវាទៅកណ្តាលដីដែលបានជ្រោយ។ កុំដោតវាចុះជ្រៅពេក ព្រោះអ្នកនឹងដកវាចេញនៅពេលក្រោយ។
- ៣ . គូសចំណាំលើបង្គោលឈើត្រង់កម្ពស់២០ស.មពីដី បន្ទាប់មក៥ស.ម និង២ស.មទៀត។ គូសបន្តទៀតចំនួន៧ឬ៨ដង រហូតគូសចំណាំពេញបង្គោលទាំងពីរ។
- ៤. ចាក់គរកាកសំណល់អាហារនិងរុក្ខជាតិ(ល្អបំផុតគឺល្បាយសម្ភារៈស្ងួតនិងសើម) រហូតបានកម្ពស់២០ស.មត្រឹមគំនូសទី១លើបង្គោល។ គំនរនេះគួរគ្របលើទីតាំងទាំងមូលនៃដីដែលបានជ្រោយ និងមានកម្ពស់រាបស្មើ។ ប្រសិនបើវាស្ងួតខ្លាំង ត្រូវស្រោចទឹករហូតទាល់តែមានសំណើម ប៉ុន្តែមិនសើមជោគជាំ។
- ៥. រាយលាមកសត្វមួយស្រទាប់ពីលើ រហូតកម្ពស់គំនរកើនឡើងដល់គំនូសបន្ទាប់លើបង្គោល(៥ស.ម)។ ល្អបំផុតគឺលាមកសត្វថ្មីៗ ព្រោះវាក្តៅ និងជួយឲ្យជីកំប៉ុសបំបែកយ៉ាងឆាប់រហ័ស។ នៅលើស្រទាប់លាមកសត្វ ចូររាយស្រទាប់ដី ឲ្យបានកម្ពស់ដល់គំនូសបន្ទាប់(២ស.ម)។ បន្តបន្ថែមស្រទាប់គំនរតាមលំដាប់លំដោយដដែល។ ចាក់ទឹកបន្ថែមលើស្រទាប់នីមួយៗ ដើម្បីឲ្យគំនរទាំងមូលមានសំណើម។ រហូតដល់ពេលមួយ អ្នកនឹងចាក់គរឡើងកម្ពស់២ម៉ែត្រឬប្រហាក់ប្រហែលនេះ។ បន្ទាប់មកគ្របគំនរទាំងមូលដោយដីមួយស្រទាប់ រួចចាក់ទឹកបន្ថែម។
- ៦. នៅពេលបាន២ថ្ងៃ ចូរដកបង្គោលឈើចេញ។ វានឹងបន្សល់រន្ធពីរសម្រាប់ឲ្យខ្យល់ចូលទៅក្នុងគំនរ និងជួយឲ្យជីកំប៉ុសបំបែក។ បន្ទាប់ពី៣សប្តាហ៍ ចូរយកប៉ែលទៅចូកត្រឡប់ជីកំប៉ុសចុះឡើង។ ធ្វើបែបនេះរៀងរាល់សប្តាហ៍។ បើអ្នកចូកត្រឡប់វាកាន់តែច្រើនដង វានឹងកាន់តែឆាប់បំបែក។ គំនរនឹងមានកម្តៅ ហើយស្រុតចុះនៅពេលវាបំបែក។ បន្ទាប់ពី១ទៅ៤ខែ គំនរគួរត្រឡប់ទៅជាដីមានជីជាតិ ពណ៌ខ្មៅ និងមានក្លិនល្អ។
ដើម្បីដឹងថាតើជីកំប៉ុសកំពុងធ្វើការឬអត់
មិនថាអ្នកប្រើប្រាស់មធ្យោបាយណាទេ អ្នកតែងតែមានវិធីពិនិត្យមើលថាតើកាកសំណល់កំពុងប្រែក្លាយទៅជាជីកំប៉ុសដ៏ល្អ និងមិនមែនគ្រាន់តែជាគំនរធំដែលមានក្លិនអាក្រក់ទេ។
- ដើម្បីអាចបំបែក ជីកំប៉ុសត្រូវការទាំងកាកសំណល់សើម ដូចជាកាកសំណល់អាហារ និងទាំងកាកសំណល់ស្ងួត ដូចជាចំបើង ស្លឹកឈើងាប់ អង្កាម ឬកំទេចក្រដាស។ ប្រសិនបើគំនរនៅតែជាគំនរអាហាររលូយ គឺមិនក្តៅនិងប្រែទៅជាដី នោះវាប្រហែលជាត្រូវការឲ្យស្ងួតជាងនេះ និងបន្ថែមសារធាតុរុក្ខជាតិងាប់។
គំនរជីកំប៉ុសដែលមានដំណើរការ គឺមានកម្តៅនៅពេលកាកសំណល់កំពុងបំបែក។ |
- ប្រសិនបើគំនរមានក្លិនអាក្រក់ និងមិនស្រុតចុះ គឺវាត្រូវការខ្យល់ថែមទៀត។ យកប៉ែលជីកត្រឡប់គំនរ ឬបង្កើនរន្ធខ្យល់ដោយយកឈើទៅចាក់លើគំនរ។
- ប្រសិនបើគំនរមិនឡើងកម្តៅ វាអាចបណ្តាលមកពីទឹកច្រើនពេកឬតិចពេក។ ជីកត្រឡប់គំនរ។ ប្រសិនបើវាស្ងួតខ្លាំង ចូរបន្ថែមទឹក។ ការគ្របគំនរដោយផ្ទាំងប្លាស្ទិកពណ៌ខ្មៅ នឹងជួយវាឲ្យរក្សាកម្តៅ។
- ប្រសិនបើជីកំប៉ុសមានស្រមោច ត្រូវបន្ថែមទឹក។
- ប្រសិនបើរុយរោមគំនរ នោះត្រូវគ្របស្រទាប់ដីឲ្យបានល្អជាងនេះ។
បន្ទាប់ពីមួយរយៈ ជីកំប៉ុសគួរប្រែទៅជាដីខ្មៅ មានជីជាតិ និងមានក្លិនល្អ។ (ដើម្បីស្វែងយល់អំពីវិធីដាក់ ជីកំប៉ុសលើរុក្ខជាតិ សូមមើលកំប៉ុសអាចត្រូវបានប្រើប្រាស់ក្នុងរបៀបជាច្រើន)។
អ្វីដែលមិនអាចចូលទៅក្នុងជីកំប៉ុស?
កុំដាក់វត្ថុទាំងនេះទៅក្នុងជីកំប៉ុស។ |
មនុស្សមានគំនិតខុសៗគ្នាអំពីអ្វីដែលអាចធ្វើជីកំប៉ុសបានល្អ និងអ្វីដែលមិនអាច។ ឧទាហរណ៍ អ្នកខ្លះមិនដាក់កាកសំណល់សាច់ ឬក្រដាសទេ។ មនុស្សជាច្រើនយល់ស្របថា លាមករបស់សេះនិងគោ គឺល្អសម្រាប់ជីកំប៉ុស ប៉ុន្តែលាមកឆ្កែនិងឆ្មារ គឺមិនល្អទេ។
មែកឈើធំៗ ឬស្លឹកឈើក្រាស់ៗ នឹងបំបែកយឺត។ ប្រសិនបើដាក់ក្រដាសឬក្រដាសកាតុង ល្អបំផុតគឺត្រូវកាត់បំបែកវាជាកំទេច និងចាក់ទឹកលើវាជានិច្ច ដើម្បីឲ្យវាបំបែកកាន់តែងាយ។ សាច់ ឆ្អឹង និងកាកសំណល់ជាប់ខ្លាញ់ពីផ្ទះបាយ ទាក់ទាញសត្វល្អិតចង្រៃ និងបំបែកកាន់តែយឺត។
មានវត្ថុមួយចំនួន គឺមិនអាចល្អសម្រាប់ជីកំប៉ុសឡើយ។ ប្លាស្ទិក លោហៈ កញ្ចក់ និងអ្វីផ្សេងទៀតដែលមិនមែនចេញពីដីដោយផ្ទាល់ នឹងមិនបំបែកទេ។ រុក្ខជាតិដែលបំពុលមនុស្ស ឬរុក្ខជាតិដទៃទៀតដូចជាគ្រាប់ល្ហុង នឹងមិនអាចធ្វើជាជីល្អទេ។
ប្រើប្រាស់ឡើងវិញតាមដែលអាចធ្វើបាន
សំរាមរបស់មនុស្សម្នាក់ ច្រើនតែមានប្រយោជន៍សម្រាប់មនុស្សម្នាក់ទៀត។ នៅទូទាំងពិភពលោក មនុស្ស សន្សំសំចៃប្រាក់ និងការពារបរិស្ថាន ដោយការច្នៃ ប្រឌិតមធ្យោបាយផ្សេងៗដើម្បីប្រើប្រាស់ឡើងវិញយ៉ាងមានសុវត្ថិភាពនូវសម្ភារៈដែលបានបោះចោល។
ចំពោះកង់ឡាន អ្នកអាចធ្វើជាស្បែកជើងសង្រែក ធុង និងផើងដាំរុក្ខជាតិ។
ចំពោះសំបកកំប៉ុង អ្នកធ្វើអំពូល ផើងដាំរុក្ខជាតិ និងប្រដាប់ដាក់ទៀន។
ចំពោះប្រអប់អាហាររលោងៗ អ្នកអាចធ្វើជាថង់ដាក់ទំនិញពេលទៅផ្សារ។
ចំពោះសម្បកដូង អ្នកអាចធ្វើពែង សម និងស្លាបព្រា។
ចំពោះស្លឹកចេក អ្នកអាចធ្វើចានទាបនិងចានក្រឡូម។
ចំពោះលោហៈសំណល់ អ្នកអាចធ្វើចង្ក្រាន អំពូល និងវត្ថុសិល្បៈ។
អ្នកអាចកាត់ក្រដាសជាកំទេចតូចៗ និងសង្កត់បង្ហាប់វាធ្វើជាអីុសូឡង់នៅជញ្ជាំងផ្ទះ ឬសង្កត់បង្ហាប់ធ្វើដុំរមូរសម្រាប់ដុត។
អ្នកអាចប្រើប្រាស់អាចម៍រណានៅក្នុងជីកំប៉ុស ក្នុងបង្គន់ស្ងួត ឬសង្កត់បង្ហាប់វាជាមួយលាមកសត្វ និងសារធាតុសរីរាង្គស្ងួតដទៃទៀត និងដុតជាឥន្ធនៈ។
ការកែច្នៃកាកសំណល់ឲ្យទៅជាធនធាន
ការកែច្នៃកំប៉ុងអាលុយមីញ៉ូមតែ៦ អាចសន្សំសំចៃថាមពលគ្រប់គ្រាន់សម្រាប់បើកទូរទស្សន៍បាន១៨ម៉ោង! |
នៅក្នុងការកែច្នៃ គេយកផលិតផលដែលលែងមានប្រយោជន៍ រួចប្រែក្លាយវាទៅជាវត្ថុធាតុដើម ដើម្បីបង្កើតផលិតផលមានប្រយោជន៍ថ្មី។ ការកែច្នៃសម្ភារៈខ្លះ (ដូចជាលោហៈ និងកៅស៊ូ) ត្រូវតែធ្វើនៅក្នុងរោងចក្រ។ សម្ភារៈដទៃទៀតដូចជាក្រដាស និងកញ្ចក់ មិនសូវទាមទារឧបករណ៍និងទីធ្លាទេ និងអាចត្រូវបានកែច្នៃនៅក្នុងរោងជាងតូចៗឬក្នុងផ្ទះប្រជាជន។
ការកែច្នៃគឺជាវិធីដ៏សំខាន់មួយក្នុងការកាត់បន្ថយកាកសំណល់។ ប៉ុន្តែការកែច្នៃត្រូវការការគាំទ្រពីរដ្ឋាភិបាលនិងឧស្សាហកម្ម ក៏ដូចជាការប្តេជ្ញាចិត្តពីសំណាក់សហគមន៍និងប្រជាជន។ ប្រសិនបើគ្មានទីផ្សារសម្រាប់ផលិតផលកែច្នៃ ឬបើផលិតផលនោះត្រូវបានកែច្នៃដោយគ្មានសុវត្ថិភាព នោះការកែច្នៃគឺមិនមែនជាដំណោះស្រាយឡើយ។
ការកែច្នៃ កាត់បន្ថយកាកសំណល់ដោយការប្រែក្លាយវាឲ្យទៅជាផលិតផលថ្មីៗ និងក៏សន្សំសំចៃថាមពលសម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រដែរ។ ឧទាហរណ៍ ការកែច្នៃក្រដាសត្រូវការថាមពលតែ២ភាគ៣នៃការផលិតក្រដាសថ្មី, ឬការផលិតដែកពីលោហៈសំណល់ ត្រូវការថាមពល២ភាគ៣នៃការផលិតចេញពីរ៉ែដែកឆៅ។ ការផលិតអាលុយមីញ៉ូមចេញពីកាកសំណល់ ត្រូវការថាមពលតិចតួចបំផុត ខុសពីការផលិតចេញពីរ៉ែបុកស៊ីតឆៅ។
ការកែច្នៃ ៖
- កាត់បន្ថយបរិមាណនៃកាកសំណល់រឹងដែលបំពុលបរិស្ថានរបស់យើង។
- កាត់បន្ថយបរិមាណនៃកាកសំណល់រឹងដែលយើងត្រូវបោះចោល, ទូលាយទីធ្លា, និងសន្សំសំចៃប្រាក់។
- កាត់បន្ថយការប្រើប្រាស់ធនធាន តាមរយៈការប្រើប្រាស់ធនធានលើសពីមួយដង។
- ជួយសេដ្ឋកិច្ចក្នុងតំបន់ឬជាតិ ព្រោះយើងត្រូវការនាំចូលវត្ថុធាតុដើមតិចជាងមុន។
- ផ្តល់ការងារសម្រាប់ប្រជាជន។
តើសម្ភារៈអ្វីខ្លះដែលអាចកែច្នៃបាន?
សម្ភារៈដែលអាចកែច្នៃបាន គឺអាស្រ័យលើឧស្សាហកម្មកែច្នៃក្នុងស្រុក។
កញ្ចក់ត្រូវបានផលិតចេញពីខ្សាច់ ម្សៅសូដា និងក្រូចឆ្មារ។ នៅពេលបោះចោល វាអាចសឹកដាច់ ប៉ុន្តែមិនបំបែកទៅជាវត្ថុធាតុដើមវាវិញទេ។ ដើម្បីកែច្នៃកញ្ចក់ គេបែងចែកវាតាមពណ៌ រួចដុតរំលាយទៅជាទឹក ហើយចាក់ទៅជាក្នុងពុម្ពផ្សេង។ កញ្ចក់ខ្លះត្រូវបានកែច្នៃទៅជាសម្ភារៈដែលប្រើប្រាស់ក្នុងផ្លូវថ្នល់ឬសំណង់អាគារ។
អាលុយមីញ៉ូមត្រូវបានផលិតចេញពីរ៉ែបុកស៊ីតដែលខួងចេញពីដី។ វាមិនបំបែកទៅជាវត្ថុធាតុដើមវាវិញទេ ប៉ុន្តែសឹកដាច់ដូចកញ្ចក់ដែរ។ អាលុយមីញ៉ូមត្រូវបានកែច្នៃដោយការដុតរំលាយ រួចចាក់ក្នុងពុម្ពកំប៉ុងនិងវត្ថុថ្មីៗផ្សេងទៀត។
សំណប៉ាហាំងដែលគេយកមកស្រោបកំប៉ុងដែក ដូចជាកំប៉ុងស៊ុបនិងផ្លែឈើ ត្រូវបានកែច្នៃដោយការញែកវាចេញពីដែកវិញ។ បន្ទាប់មក ដែកនិងសំណប៉ាហាំងត្រូវបានសម្អាតនិងលក់ ដើម្បីផលិតកំប៉ុងថ្មីៗឬផលិតផលផ្សេងៗទៀត។
កៅស៊ូត្រូវបានផលិតចេញពីជ័រឈើ និងប្រេងកាត។ ជួនកាល កៅស៊ូត្រូវបានកែច្នៃដោយការដុតរំលាយ ឬចាំងវាជាកំទេច រួចចាក់ទៅក្នុងពុម្ពវត្ថុថ្មីៗទៀត។
ក្រដាសត្រូវបានផលិតចេញពីឈើ កប្បាស និងរុក្ខជាតិដទៃទៀតដែលមានសរសៃមាំ។ ក្រដាសគឺជាសម្ភារៈមួយក្នុងចំណោមសម្ភារៈភាគតិចដែលអាចកែច្នៃទៅជាសម្ភារៈដើមឡើងវិញ។ ក្រដាសផ្នែកជំនួញច្រើនតែបានកែច្នៃនៅក្នុងរោងចក្រឧស្សាហកម្ម។ ក្រដាសក៏អាចត្រូវបានកែច្នៃដោយដៃ ដើម្បីបង្កើតជាផលិតផលក្រដាសស្អាតៗសម្រាប់ប្រើក្នុងផ្ទះឬសម្រាប់លក់។
ផលិតផលដែលមានសារធាតុពុល ដូចជាកុំព្យូទ័រ, ថ្មពិល/អាគុយ, ផលិតផលអេឡិចត្រូនិក, ថ្នាំលាប, ទឹករំលាយ និងថ្នាំសម្លាប់សត្វល្អិត, និងប្រដាប់ដាក់ផលិតផលទាំងនេះ ត្រូវការការរៀបចំដោយប្រុងប្រយ័ត្ន ដើម្បីកុំឲ្យកម្មកររោងចក្រកែច្នៃ ប្រឈមនឹងសារធាតុគីមីពុល។ ផលិតផលទាំងនេះមួយចំនួន មិនអាចកែច្នៃបានឡើយ ដូច្នេះហើយជាការប្រសើរគឺត្រូវផលិតវាតែបន្តិចបន្តួចតាំងពីដំបូង។
បញ្ហានៃការកែច្នៃប្លាស្ទិក
នៅពេលប្លាស្ទិកត្រូវបានកែច្នៃ គុណភាពរបស់វាធ្លាក់ចុះ។ ដបប្លាស្ទិកមិនត្រូវបានកែច្នៃទៅជាដបប្លាស្ទិកថ្មីទេ ប៉ុន្តែត្រូវបានផលិតទៅជាវត្ថុផ្សេងដែលមានគុណភាពទាបជាង។ ដោយហេតុនេះហើយ ប្លាស្ទិកអាចត្រូវបានកែច្នៃតែពីរបីដងប៉ុណ្ណោះ មុននឹងបោះចោល។
ការកែច្នៃប្លាស្ទិកខ្លះធ្វើឲ្យបញ្ចេញឧស្ម័នពុលដែលបង្កគ្រោះថ្នាក់ដល់កម្មករនិងសហគមន៍ (មើលទំព័រ409ទៅ423)។ ហើយប្លាស្ទិកជាច្រើនដែលអាចកែច្នៃបាន បែរជាត្រូវបោះចោលក្នុងរណ្តៅសំរាមទៅវិញ។ ដូច្នេះហើយ ល្អបំផុតគឺត្រូវប្រើប្រាស់ប្លាស្ទិកឲ្យបានតិចបំផុតតាមដែលអាចធ្វើបាន។
ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់
ប្រសិនបើសហគមន៍របស់អ្នកមិនមានសេវាប្រមូលសំរាមដែលទុកចិត្តបានទេ អ្នកអាចរៀបចំសេវានេះដោយខ្លួនឯងដែលមានជំនួយពីអាជ្ញាធរនិងក្រុមហ៊ុនជំនួញ។ នៅពេលអ្នករៀបចំផែនការ ត្រូវគិតអំពីអ្វីដែលនឹងត្រូវប្រមូល និងថាតើវានឹងយកទៅលក់ឲ្យក្រុមហ៊ុនកែច្នៃធំៗ ឬកម្មវិធីកែច្នៃក្នុងសហគមន៍។
ចម្ងាយដែលកាកសំណល់ត្រូវបានដឹកជញ្ជូន បើកាន់តែជិត កាន់តែប្រសើរ។ ប៉ុន្តែសហគមន៍ជាច្រើនមិនអាចកែច្នៃដោយខ្លួនឯងទេ ដូច្នេះពួកគេត្រូវរកដំណោះស្រាយលើបញ្ហានេះ។
ររៀបរៀបចំកាកសំណល់
របៀបរៀបចំកាកសំណល់សម្រាប់ការប្រមូល ដឹកជញ្ជូន និងរក្សាទុក គឺអាស្រ័យលើទំហំទីកន្លែងដែលអ្នកមាន, អ្នកដែលនឹងធ្វើការនេះ, អ្នកដែលនឹងទិញសំរាម, និងថាតើវានឹងប្រើប្រាស់សម្រាប់អ្វី។ ដើម្បីបង្ការក្លិនអាក្រក់ និងការចម្លងមេរោគ គួររៀបចំសម្ភារៈឲ្យស្អាត ស្ងួត និងមានផ្ទៃរាបឬតម្រៀបលើគ្នាដើម្បីចំណេញកន្លែង និងដើម្បីកាត់បន្ថយឱកាសនៃឧប្បត្តិហេតុផ្សេង។
កុំព្យូទ័រ វិទ្យុ និងទូរទស្សន៍ មានផ្នែកជាច្រើនដែលអាចលក់ និងកែច្នៃបាន ប៉ុន្តែភាគច្រើនវាមានសារធាតុពុល។ បន្ទាប់ពីទទួលការបណ្តុះបណ្តាលលើផលិតផលនីមួយៗ ល្អបំផុតគួរដោះវាចេញជាផ្នែកៗ និងប្រើប្រាស់ឧបករណ៍ការពារខ្លួន និងមានខ្យល់ចេញចូលល្អ។ រាល់ប្រដាប់ដាក់សម្ភារៈពុលទាំងអស់ ត្រូវការ ការរៀបចំពិសេស។
សុខភាព និងសុវត្ថិភាព សម្រាប់អ្នកប្រមូលកាកសំណល់
អ្នកប្រមូលកាកសំណល់ ប្រឈមនឹងបញ្ហាសុខភាពទាំងឡាយដែលបង្កឡើងដោយកាកសំណល់។ ដើម្បីបង្ការគ្រោះថ្នាក់ អ្នកប្រមូលកាកសំណល់ចាំបាច់ទទួលការបណ្តុះបណ្តាលអំពីវិធីបង្ការបញ្ហាសុខភាព និងពីកន្លែងដែលត្រូវទៅរកការព្យាបាលប្រសិនបើមានបញ្ហាអ្វីមួយ។
ប្រសិនបើអ្នកប្រមូលកាកសំណល់ រៀបចំជាសហករណ៍ឬមុខជំនួញតូចៗ នោះប្រហែលជាងាយស្រួលក្នុងការប្រមូលធនធាន ផ្តល់ការបណ្តុះបណ្តាល និងទាញការគាំទ្រពីអាជ្ញាធរឬសហគមន៍ដទៃទៀតឲ្យឧបត្ថម្ភជាឧបករណ៍សុវត្ថិភាព និងធ្វើឲ្យការងារនេះកាន់តែមានសុវត្ថិភាពខ្លាំងឡើង។
ការចាប់ផ្តើមមណ្ឌលកែច្នៃធនធានតាមសហគមន៍
មណ្ឌលកែច្នៃធនធាន គឺជាទីន្លែងដែលសម្ភារៈប្រើប្រាស់ឡើងវិញបាននិងកែច្នៃបាន ត្រូវបានប្រមូលសម្រាប់លក់ឬប្រើឡើងវិញ។ វាក៏អាចជាកន្លែងសម្រាប់ចាប់ផ្តើមគម្រោងធ្វើជីកំប៉ុសក្នុងសហគមន៍ និងសួនដំណាំសម្រាប់ទីផ្សារ, បង្កើតផលិតផលថ្មីចេញពីសម្ភារៈចាស់, និងផ្លាស់ប្តូរទំនិញផ្សេងៗ ដូចជាសម្លៀកបំពាក់ វាំងនន ប្រដាប់ប្រដាអគ្គិសនីប្រើក្នុងផ្ទះ គ្រឿងសង្ហារឹម ស្បែកជើង ដបកញ្ចក់ ឆ្នាំង ប្រដាប់ប្រដាផ្ទះបាយ សម្ភារៈសាងសង់ ។ល។
ប្រជាជនសហការគ្នាដើម្បីធ្វើឲ្យសហគមន៍មានសោភ័ណភាពគួរឲ្យចង់រស់នៅ។ |
មណ្ឌលកែច្នៃធនធាន
សហគមន៍ជាច្រើននៅក្នុងប្រទេសហ្វីលីពីន មានមណ្ឌលកែច្នៃធនធានដែលបង្កើតឡើងដោយអាជ្ញាធរ និងអង្គការមួយឈ្មោះថាមូលនិធិដីម្តាយ។ មណ្ឌលកែច្នៃធនធានទាំងនេះ បានផ្តល់កម្លាំងចិត្តដល់កម្មវិធីកាកសំណល់រឹងជាច្រើននៅទូទាំងប្រទេស និងបានជួយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងកាកសំណល់ទាំងមូល។
ផ្ទះសម្បែងនានាត្រូវបានលើកទឹកចិត្តឲ្យបែងចែកប្រភេទសំណល់ដោយខ្លួនឯង និងសម្អាតសម្ភារៈទាំងឡាយណាដែលអាចប្រើប្រាស់ឡើងវិញនិងកែច្នៃបាន។ សហគមន៍ខ្លះបានបង្កើតច្បាប់កាត់បន្ថយក្លិនអាក្រក់ តាមរយៈការហាមមិនឲ្យប្រជាជនចាក់កាកសំណល់គរនៅក្រៅផ្ទះ។
ប្រជាជនទុកដាក់កាកសំណល់សារធាតុសរីរាង្គនៅក្នុងធុងបិទជិតនៅក្នុងផ្ទះ ឬយកវាទៅដាក់ក្នុងធុងកាកសំណល់ជីកំប៉ុសដែលបានដាក់នៅពាសពេញសហគមន៍។ រៀងរាល់ថ្ងៃ កម្មករនៃមណ្ឌលកែច្នៃធនធាន ធ្វើដំណើរពេញសហគមន៍តាមរទេះកង់បី ដើម្បីប្រមូលកាកសំណល់សារធាតុសរីរាង្គ កាកសំណល់ដែលអាចកែច្នៃបាន និងកាកសំណល់ដែលនឹងបោះចោល។ ជួនកាលប្រជាជនទទួលបានប្រាក់ពីកាកសំណល់ដែលអាចកែច្នៃបានរបស់ខ្លួន។ កាកសំណល់គ្រប់ប្រភេទត្រូវបាននាំយកទៅមណ្ឌលកែច្នៃធនធាន ដែលមាន២ផ្នែក ៖
- សួនដំណាំអេកូឡូហ្ស៊ី ជាកន្លែងដែលធ្វើជីកំប៉ុស រួចដាំបន្លែសម្រាប់លក់ឲ្យសហគមន៍។
- ឃ្លាំងកាកសំណល់ ជាកន្លែងរក្សាទុកកាកសំណល់ស្អាតដែលអាចកែច្នៃបាន មុននឹងលក់ទៅឲ្យហាងលក់វត្ថុចាស់ៗ ក្រុមហ៊ុនកែច្នៃ ឬរោងចក្រ។
មណ្ឌលខ្លះក៏ផ្តល់ទីកន្លែងធ្វើការសម្រាប់ប្រជាជនដែលបង្កើតផលិតផលថ្មីៗចេញពីសម្ភារៈចាស់។ ក្រដាសប្រអប់ទឹកផ្លែឈើ ត្រូវបានពង្រាបនិងដេរភ្ជាប់គ្នាធ្វើជាកាបូបយួរ។ ដបកញ្ចក់ត្រូវបានធ្វើជាកែវទឹក។ ក្រដាសកាសែតចាស់ៗត្រូវបានកាត់ច្រៀក រួចត្បាញចូលគ្នាធ្វើជាកន្ត្រក និងកាបូប ដែលមានបិទកាវថ្លាឬជ័រឈើពីលើ ដើម្បីឲ្យរឹងនិងប្រើបានយូរ។ វត្ថុទាំងនេះត្រូវបានលក់ដើម្បីផ្តល់ប្រាក់ចំណូលដល់ប្រជាជនដែលផលិតវា និងសម្រាប់បង់ថ្លៃដំណើរការមណ្ឌលកែច្នៃធនធាន។
មណ្ឌលបានកាត់បន្ថយបរិមាណសំរាមនៅក្នុងសហគមន៍បានយ៉ាងច្រើន។ ផ្ទុយពីការរស់នៅជាមួយគំនរកាកសំណល់ក្លិនអាក្រក់ ឥឡូវនេះប្រជាជនរកប្រាក់ចំណូលបន្ថែមពីសម្ភារៈដែលអាចប្រើប្រាស់ឡើងវិញ និងអាចកែច្នៃបាន, និងដាំបន្លែបានច្រើនទៀតដោយប្រើជីកំប៉ុសដែលធ្វើពីកាកសំណល់អាហារ។