Hesperian Health Guides

ភាពស្រើបស្រាលជាបញ្ហាសំខាន់

នៅក្នុងជំពូកនេះ ៖

ការដឹងខ្លួនច្បាស់ថាអ្នកមិនចង់ឆ្លងជំងឺកាមរោគ និងការដឹងច្បាស់ពីរបៀបបង្ការវា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកសុខភាពផ្លូវភេទ។ រួចចុះការដឹងច្បាស់ពីអ្វីដែលអ្នកចង់បាន និងដឹងពីរបៀបទទួលបានវាវិញ? នៅពេលស្ត្រីម្នាក់ទទួលស្គាល់ថាគាត់មានសិទ្ធិទទួលបានភាពស្រើបស្រាល នោះវាជួយឲ្យគាត់យល់កាន់តែច្បាស់អំពីចំណូលចិត្តផ្លូវភេទរបស់គាត់។ មនុស្សគ្រប់គ្នាអាចទទួលបានផលប្រយោជន៍ជាច្រើនពីចំណូលចិត្តផ្លូវភេទ និងសម្រើបផ្លូវភេទ។ ការរួមភេទធ្វើឲ្យកម្រិតស្ត្រេសថយចុះ ពង្រឹងប្រព័ន្ធការពាររាងកាយ និងធ្វើឲ្យយើងរីករាយ។ វាអាចធ្វើឲ្យយើងមានអារម្មណ៍កាន់តែជិតស្និទ មានអារម្មណ៍ជាមនុស្សពេញលេញ និងបង្ហាញពីតម្រូវការរបស់យើងនៅក្នុងសម្ពន្ធមេត្រីមួយ។ ស្ត្រីម្នាក់ដែលទទួលស្គាល់ និងទទួលបាននូវសម្រើបផ្លូវភេទ អាចមានអារម្មណ៍រុញច្រានឲ្យគាត់សម្រេចបាននូវសិទ្ធិដទៃទៀតនៅក្នុងជីវិតនិងសុខភាពរបស់គាត់។ គាត់នឹងមើលទៅខ្លួនគាត់ថា សក្តិសមនឹងទទួលបាននូវតម្រូវការជាមូលដ្ឋាននេះ និងជាមនុស្សដែលអាចការពារខ្លួនឯងបាន ហើយជាមួយគ្នានេះដែរ គឺគាត់អាចទទួលបានអារម្មណ៍ស្រើបស្រាលកាន់តែខ្លាំង។

3 women having a conversation.
ជារៀងរាល់ថ្ងៃ មានមនុស្សស្លាប់ដោយសារការរំលូតកូនគ្មានសុវត្ថិភាព និងជំងឺអេដស៍។ ខ្ញុំយល់ថាការដែលនាំគ្នាជជែកអំពីការសម្រេចកាមដោយខ្លួនឯង និងការឈានដល់ចំណុចកំពូលនៅក្នុងនាទីសុខភាព គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ!
ខ្ញុំយល់ស្រប។ តើគេនឹងគិតថាខ្ញុំកំពុងធ្វើអ្វី? ពួកគេនឹងនិយាយថា ខ្ញុំកំពុងជំរុញឲ្យមនុស្សមិនរៀបការ ធ្វើការរួមភេទ។
ខ្ញុំយល់ ថាហេតុអ្វីអ្នកនិយាយដូច្នេះ។ ប៉ុន្តែបើយើងអាចជួយឲ្យពួកគេពិភាក្សាគ្នាពីភាពស្រើបស្រាលក្នុងផ្លូវភេទ នោះពួកគេអាចនឹងសាកល្បងរបៀបថ្មីដែលមានសុវត្ថិភាព!

សកម្មភាពនៅក្នុងផ្នែក “វិសមភាពជាកត្តាមិនល្អនៅក្នុងសុខភាពផ្លូវភេទ” និង “ការប្រាស្រ័យទាក់ទងដើម្បីសម្ពន្ធកាន់តែប្រសើរ” អាចជួយឲ្យស្ត្រីនិងបុរស ពិភាក្សាគ្នាពីរបៀបដែលធ្វើឲ្យការរួមភេទរបស់ពួកគេកាន់តែមានសុវត្ថិភាព មានសុខភាព និងកាន់តែពេញចិត្ត។ អ្នកអាចត្រៀមរៀបចំការពិភាក្សាទាំងនេះនៅក្នុងសកម្មភាពជាក្រុម “ចំពោះបុរស តើការរួមភេទគឺជាអ្វី? ចំពោះស្ត្រី តើការរួមភេទគឺជាអ្វី?”

ការស្ទាបអង្អែលខ្លួនឯង ជាការសម្រេចកាមប្រកបដោយសុវត្ថិភាព

ការសម្រេចកាមដោយខ្លួនឯង មានន័យថាស្ទាបអង្អែលខ្លួនឯងដោយអារម្មណ៍ស្រើបស្រាល។ ជាធម្មតា បុរសនិងស្ត្រីចេះសម្រេចកាមដោយខ្លួនឯង នៅពេលពួកគេចាប់ផ្តើមមានអារម្មណ៍ស្រើបស្រាលនៅក្នុងវ័យជំទង់។ ប៉ុន្តែមនុស្សជាច្រើនគិតថា ការសម្រេចកាមដោយខ្លួនឯង គឺជារឿងអាម៉ាស់ ខុសឆ្គង និងប៉ះពាល់ដល់សុខភាព។ តាមពិតវាគឺជារបៀបមួយដ៏មានសុវត្ថិភាព ហើយវាមិនបង្កគ្រោះថ្នាក់ដល់សុខភាពឡើយ។

ការស្ទាបអង្អែលខ្លួនឯង ក៏អាចជួយប្តីប្រពន្ធឲ្យមានសម្ពន្ធកាន់តែពេញចិត្ត ព្រោះវាអាចជួយឲ្យស្ត្រីដឹងថាធ្វើដូចម្តេចទើបគាត់មានអារម្មណ៍ល្អ។ វាក៏អាចជួយបុរសឲ្យរៀនពីរបៀបគ្រប់គ្រងការបញ្ចេញទឹកកាមផងដែរ។ ក្នុងពេលរួមភេទ វាក៏អាចជួយឲ្យបុរសឬស្ត្រីឡើងដល់ចំណុចកំពូលផងដែរ។

សកម្មភាព ចំណុចត្រង់ណាដែលធ្វើឲ្យមានសម្រើប?

អ្នកអាចប្រើប្រាស់សកម្មភាពគូររូបរាងកាយ ដើម្បីពិភាក្សាពីផ្នែកផ្សេងៗនៃរាងកាយបុរសនិងស្ត្រីដែលមានសម្រើប។

របៀបគូររូបរាងកាយ:

  1. ប្រសិនជាក្រុមចម្រុះ ចូរបែងចែកជាក្រុមដែលមានតែបុរសនិងស្ត្រីដាច់ដោយឡែកពីគ្នា។ អ្នកក៏អាចអនុវត្តសកម្មភាពនេះតែមួយក្រុមដែលមានតែបុរសឬស្ត្រីក៏បាន។
  2. ប្រាប់ក្រុមនីមួយៗឲ្យគូររូបរាងកាយបុរសឬស្ត្រី ជាខ្សែបន្ទាត់ខាងក្រៅ នៅលើដី ឬលើផ្ទៃក្រដាសធំ។
  3. a group of women drawing the pleasure areas of a woman's body; 2 women speak.
    ប្រហែលជាស្បែកយើងជាសរីរាង្គភេទទេដឹង? ព្រោះពេលអង្អែល វាធ្វើឲ្យយើងស្រើបស្រាល។
    ឆ្តេញជាចំណុចងាយនឹងស្រើបខ្លាំងណាស់។ បើត្រដូសវា អាចធ្វើឲ្យឈានដល់ចំណុចកំពូលបាន។

  4. ប្រាប់ពួកគេឲ្យគូសដៅនៅត្រង់ផ្នែកទាំងឡាយនៃរាងកាយដែលធ្វើឲ្យបុរសឬស្ត្រីមានអារម្មណ៍ស្រើបស្រាល។ រំឮកពួកគេថាមនុស្សមានចំណុចស្រើបស្រាលខុសៗគ្នា ដូច្នេះពួកគេអាចបន្ថែមផ្នែកណាមួយនៃរាងកាយដែលពួកគេគិតថាផ្តល់ភាពស្រៀបស្រើប។
  5. ឲ្យក្រុមទាំង២រួមបញ្ចូលគ្នាវិញដើម្បីធ្វើការពិភាក្សា។ ឲ្យពួកគេចែករំលែកនូវអ្វីដែលទើបរៀនអំពីភាពខុសគ្នារវាងរាងកាយបុរសនិងស្ត្រី។

    បើមានក្រុមមួយជាបុរស និងក្រុមមួយទៀតជាស្ត្រី ចូរប្រាប់ឲ្យពួកគេប្រៀបធៀបរូបភាពជាមួយគ្នា។ តើពួកគេបានគូសដៅផ្នែកនៃរាងកាយខុសគ្នាឬទេ? សួរពួកគេថាតើបានរៀនអ្វីខ្លះពីរបៀបផ្តល់និងទទួលភាពស្រើបស្រាល។

ការរួមភេទដោយសុវត្ថិភាព អាចបង្កើនអារម្មណ៍ស្រើបស្រាលដល់បុរសនិងស្ត្រី

a woman speaking while holding a condom.
ខ្ញុំកាន់តែមានអារម្មណ៍សប្បាយនៅពេលប្រើស្រោមអនាម័យ ព្រោះខ្ញុំមិនសូវព្រួយបារម្ភ។

ការរួមភេទដោយសុវត្ថិភាព មានន័យថាការរួមភេទដែលជួយបង្ការពីជំងឺកាមរោគនានា រួមទាំងមេរោគអេដស៍ផងដែរ។ ព័ត៌មានអំពីអំពីការរួមភេទដោយសុវត្ថិភាព សង្កត់ធ្ងន់លើការប្រើប្រាស់ស្រោមអនាម័យ ព្រោះវាជាវិធីដ៏ប្រសើរបំផុតក្នុងការបង្ការជំងឺកាមរោគក្នុងពេលរួមភេទដែលដាក់លិង្គបញ្ចូល។ ប៉ុន្តែការរួមភេទដោយសុវត្ថិភាព ក៏អាចមានន័យផងដែរថា ការធ្វើឲ្យមានអារម្មណ៍ស្រើបស្រាល ដោយមិនសូវប្រឈមគ្រោះថ្នាក់ដូចនឹងការរួមភេទដោយដាក់លិង្គបញ្ចូលដែរ។ នេះជាឧទាហរណ៍ខ្លះ៖

  • ការជជែកអំពីទង្វើផ្លូវភេទ និងការស្រមើស្រមៃផ្លូវភេទ
  • ការប្រើបបូរមាត់និងអណ្តាត ទៅលើផ្នែកនៃរាងកាយដែលផ្តល់អារម្មណ៍ស្រើបស្រាល
  • ការថើបនិងស្ទាបអង្អែលលើផ្នែកផ្សេងៗនៃរាងកាយ
  • ការប្រើម្រាមដៃស្ទាបអង្អែលលើប្រដាប់ភេទ
  • ការស្ទាបអង្អែលខ្លួនឯង

អំពើហិង្សា ភាពអាម៉ាស់ និងទុក្ខព្រួយ អាចប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ

មានមូលហេតុជាច្រើនដែលស្ត្រីម្នាក់មិនចង់ចូលរួមពិភាក្សាអំពីអារម្មណ៍ស្រើបស្រាល ឬអាចមានអារម្មណ៍ថាបទពិសោធន៍របស់គាត់ មិនត្រូវគេបានអើពើឡើយ។ ស្ត្រីត្រូវការពេលវេលាដើម្បីព្យាបាលភាពឈឺចាប់ពីការរំលោភផ្លូវភេទ ឬរបួសផ្លូវភេទផ្សេងៗទៀត។ ស្ត្រីដែលធ្លាប់ទទួលភាពអាម៉ាស់ផ្លូវភេទ ត្រូវការពេលវេលា មុននឹងអាចទទួលយកថា ការមានអារម្មណ៍ស្រើបស្រាលគឺជារឿងល្អមួយ។

a woman speaking.
ម្តាយរបស់ខ្ញុំបានដាក់ទណ្ឌកម្មខ្ញុំនៅពេលឃើញខ្ញុំស្ទាបអង្អែលខ្លួនឯង។ ខ្ញុំពិតជាអាម៉ាស់ខ្លាំងណាស់។
a woman speaking.
ក្នុងពេលសង្គ្រាម ខ្ញុំត្រូវបានគេចាប់រំលោភ។ ខ្ញុំមិនអាចសូម្បីតែគិតដល់ការរួមភេទ។
a woman speaking.
ប្រដាប់ភេទរបស់ខ្ញុំត្រូវបានកាត់ កាលពីខ្ញុំនៅក្មេង។ ខ្ញុំមិនអាចមានអារម្មណ៍ស្រើបស្រាលត្រង់ចំណុចហ្នឹងទេ ហើយការរួមភេទតែងតែមានភាពឈឺចាប់ស្ទើរគ្រប់ពេល។
a woman speaking.
ខ្ញុំចង់បានកូន ប៉ុន្តែខ្ញុំរៀបការ៥ឆ្នាំហើយ មិនទាន់មានផ្ទៃពោះទេ។ ឥឡូវនេះខ្ញុំមិនសប្បាយចិត្តទេ នៅពេលរួមភេទម្តង។

ក្រុមមិត្តជួយមិត្ត អាចជួយឲ្យស្ត្រីគ្រង់គ្រងលើទំនាក់ទំនងផ្លូវភេទរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានព្យាបាលរបួស។

ការជួយប្តីប្រពន្ធឲ្យមានសម្ពន្ធផ្លូវភេទកាន់តែប្រសើរ

មជ្ឈមណ្ឌលអន្តរជាតិសម្រាប់សុខភាពបន្តពូជនិងសិទ្ធិផ្លូវភេទ ឬហៅកាត់ថា INCRESE (International Centre for Reproductive Health and Sexual Rights) គឺជាអង្គការសហគមន៍មួយនៅប្រទេសនីហ្សេរីយ៉ា ដែលធ្វើការងារជាមួយនឹងប្តីប្រពន្ធនៅតាមសហគមន៍អំពីបញ្ហាផ្លូវភេទ។ ពួកគេបានចាប់ផ្តើមការងារនេះបន្ទាប់ពីការស្ទង់មតិនៅក្នុងតំបន់នេះបង្ហាញថា ប្រជាជនមានការព្រួយបារម្ភអំពីកង្វះសុខដុមរវាងប្តីប្រពន្ធ និងអំពីអត្រាលែងលះខ្ពស់។ អង្គការ INCRESE មានការភ្ញាក់ផ្អើលនៅពេលរកឃើញថាប្រជាជននៅទីនោះមានចំណាប់អារម្មណ៍ពិភាក្សាអំពីបញ្ហាផ្លូវភេទ។

នៅមជ្ឈមណ្ឌលគាំទ្រប្តីប្រពន្ធ អង្គការមានបំណងជួយឲ្យស្ត្រីទទួលបានអារម្មណ៍ផ្លូវភេទកាន់តែប្រសើរ។ នៅពេលចាប់ផ្តើមដំបូង ពួកគេពិបាកក្នុងការបញ្ចុះបញ្ចូលឲ្យបុរសមកចូលរួមការប្រជុំ ហើយស្ត្រីមកតែខ្លួនឯងប៉ុណ្ណោះ។ ប៉ុន្តែក្រោយៗមកទៀត ប្តីប្រពន្ធកាន់តែច្រើនបានមកចូលរួមការពិភាក្សាជាមួយគ្នា។


ការបណ្តុះបណ្តាលធ្វើឡើងជាដំបូងដោយការផ្តល់ព័ត៌មានមូលដ្ឋានអំពីផ្នែកផ្សេងៗនៃរាងកាយ ជាពិសេសផ្នែកដែលផ្តល់សម្រើប។ បន្ទាប់មកពួកគេជួយឲ្យអ្នកចូលរួមនិយាយពីអ្វីដែលធ្វើឲ្យនិងមិនធ្វើឲ្យមានអារម្មណ៍ល្អ។ ពួកគេបានដាក់កិច្ចការផ្ទះឲ្យគូស្វាមីភរិយា, ឧទាហរណ៍ ឲ្យប្តីប្រពន្ធអនុវត្តការបបោសអង្អែលទៅវិញទៅមក និងនិយាយប្រាប់គ្នាពីអ្វីដែលខ្លួនចូលចិត្តនិងមិនចូលចិត្ត។


a woman speaking.
តាមរយៈការធ្វើការងារជាមួយគូស្វាមីភរិយា យើងបានជួយឲ្យស្ត្រីបញ្ចេញយោបល់ក្នុងសម្ព័ន្ធមេត្រីភាពរបស់ពួកគេ។ មិនយូរប៉ុន្មាន គូស្វាមីភរិយាខ្លះសម្រេចបានសម្ព័ន្ធដែលស្មើភាព ដែលមិនមែនត្រឹមតែក្នុងផ្លូវភេទ ប៉ុន្តែក្នុងផ្នែកផ្សេងៗទៀតនៃជីវិតរបស់ពួកគេ។

នៅពេលអង្គការ INCRESE សួរអ្នកចូលរួមថា តើការបណ្តុះបណ្តាលបានផ្លាស់ប្តូរទំនាក់ទំនងរបស់ពួកគេដូចម្តេចខ្លះ គូស្វាមីភរិយាមួយចំនួននិយាយថា ស្ត្រីអាចនិយាយពីអារម្មណ៍របស់ខ្លួនបានកាន់តែច្រើន។ គូខ្លះនិយាយថាពួកគេកាន់តែយកចិត្តទុកដាក់ក្នុងការបង្ការការមានផ្ទៃពោះដែលមិនចង់បាន, ហើយខ្លះទៀតនិយាយថាពួកគេមិនសូវមានអំពើហិង្សាដូចមុនទេ។ ជារួម គូស្វាមីភរិយាដែលបានចូលរួមក្នុងការបណ្តុះបណ្តាល និយាយថាពួកគេមានអារម្មណ៍កាន់តែស្និតស្នាលជាមួយគ្នា។

a man speaking.
ដំបូងខ្ញុំគិតថាខ្ញុំមិនត្រូវការការបណ្តុះបណ្តាលអ្វីទេ តែតាមពិតខ្ញុំបានរៀនសូត្រច្រើនណាស់។ ការរួមភេទជាមួយប្តីប្រពន្ធខ្ញុំធ្វើឲ្យមានអារម្មណ៍ល្អជាងមុន ហើយយើងកាន់តែស្និតស្នាលឡើង។ ខ្ញុំមិនដែលដឹងសោះថាស្ត្រីអាចមានអារម្មណ៍ស្រើបស្រាលខ្លាំងដែរនោះទេ!


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨