Hesperian Health Guides
ការប្រាស្រ័យទាក់ទងដើម្បីសម្ពន្ធកាន់តែប្រសើរ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ > ការប្រាស្រ័យទាក់ទងដើម្បីសម្ពន្ធកាន់តែប្រសើរ
មាតិកា
ការពិភាក្សាជាក្រុម ជួយឲ្យស្ត្រីនិងបុរសយល់ដឹងពីភាពខុសគ្នាក្នុងចំណូលចិត្តផ្លូវភេទ
អង្គការមួយដែលមានឈ្មោះថា យុទ្ធសាស្ត្រដើម្បីក្តីសង្ឃឹម (Strategies for Hope) បានដឹកនាំសិក្ខាសាលា “ពេលវេលាដែលត្រូវជជែកគ្នា” ដើម្បីជួយឲ្យស្ត្រីនិងបុរសជជែកគ្នាយ៉ាងស្មោះត្រង់អំពីការរំពឹងទុករបស់ខ្លួននៅក្នុងសម្ពន្ធប្តីប្រពន្ធ។ ជាដំបូង ស្ត្រីនិងបុរសជួបប្រជុំក្នុងក្រុមដាច់ដោយឡែកពីគ្នា ហើយពិភាក្សាពីការចូលចិត្តរបស់ខ្លួនក្នុងសម្ពន្ធផ្លូវភេទ។ បន្ទាប់មកក្រុមទាំងនោះចូលរួមគ្នាវិញដើម្បីផ្លាស់ប្តូរគំនិតយោបល់ និងស្វែងយល់ពីភាពខុសគ្នារបស់ពួកគេ។
មនុស្សម្នាក់ក្នុងក្រុមនីមួយៗ កត់ត្រានូវគំនិតនានាដែលបុរសនិងស្ត្រីលើកឡើងនៅក្នុងក្រុមរៀងៗខ្លួន។ បន្ទាប់ពីក្រុមនីមួយៗបង្ហាញពីគំនិតរបស់ក្រុមរួចមក ស្ត្រីអាចបញ្ចេញមតិយោបល់ចំពោះការយល់ឃើញរបស់បុរស ហើយបុរសអាចបញ្ចេញយោបល់ចំពោះការយល់ឃើញរបស់ស្ត្រី។ ខាងក្រោមនេះជាចំណុចខ្លះៗដែលស្ត្រីនិងបុរសបាននិយាយប្រាប់គ្នា នៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅក្នុងប្រទេសម៉ាឡាវី និងប្រទេសហ្សាមប៊ី៖
បុរសចង់ឲ្យស្ត្រីដឹងថា៖
- ការរួមភេទដ៏ល្អ ជារឿងសំខាន់បំផុត។ ការស្រឡាញ់ដោយយកចិត្តទុកដាក់ និងកាយវិការល្អៗ មិនសំខាន់ស្មើនឹងការរួមភេទទេ។
- ប្តីចង់ទទួលបានការស្វាគមន៍ ពេលត្រឡប់មកផ្ទះវិញ។ គាត់ក៏ចង់បានការសរសើរនិងអរគុណ ចំពោះអ្វីដែលគាត់បានធ្វើត្រឹមត្រូវ។
- បុរសចូលចិត្តឲ្យស្ត្រីរក្សាភាពស្អាតផ្ទាល់ខ្លួន និងសម្អាតផ្ទះសម្បែង។
- បុរសចង់រក្សាការសម្ងាត់ខ្លះពីប្រពន្ធ រួមទាំងប្រាក់ចំណូល និងសម្ពន្ធផ្ទាល់ខ្លួនផ្សេងទៀត។
- បុរសភ័យខ្លាចពីការមិនឡើងរឹងនៃលិង្គ និងពីស្ត្រីលួចមានស្នេហាដទៃ។
- បុរសភ័យខ្លាចការមើលឃើញថាខ្សោយជាង បើស្ត្រីមានតួនាទីធំជាង ឬដែលបង្ហាញភាពដាច់ខាតចំពោះគាត់។
ស្ត្រីចង់ឲ្យបុរសដឹងថា៖
- ការស្រឡាញ់ដោយយកចិត្តទុកដាក់ និងកាយវិការល្អៗ គឺរឿងសំខាន់បំផុត។
- ស្ត្រីចង់ឲ្យប្តីជាមនុស្សដែលផ្គត់ផ្គង់ប្រកបដោយភាពជឿជាក់។
- ស្ត្រីចង់ឲ្យប្តីត្រឡប់មកផ្ទះពេលល្ងាច និងជជែកជាមួយគាត់ពីអ្វីៗដែលសំខាន់ចំពោះប្តី។
- ស្ត្រីភ័យខ្លាចការវាយដំ និងការបោះបង់ចោល។ ពួកគេភ័យខ្លាចប្តីរបស់ខ្លួន យកប្រពន្ធទី២, ធ្វើឲ្យគាត់អាម៉ាស់នៅមុខអ្នកដទៃ, ឬបង្កើតច្បាប់ដែលមិនសមហេតុផល។
នៅក្នុងក្រុមពិភាក្សាធំ បុរសបានរៀនដឹងថា ស្ត្រីមានអារម្មណ៍ស្រើបស្រាលតាមរយៈការបបោសអង្អែល ច្រើនជាងការមើលឃើញ ហើយភាពស្រើបស្រាលរបស់ស្ត្រីមានរយៈពេលយូរជាងបុរស។ ពួកគេមិនបានដឹងពីចំណុចនេះពីមុនមកទេ។ ក្រុមបុរសនិយាយថា ពួកគេមិនដែលគិតថាត្រូវធ្វើឲ្យស្ត្រីមានអារម្មណ៍ស្រើបស្រាលទេ ប៉ុន្តែពួកគេនឹងរៀន។
ទាំងបុរសនិងស្ត្រីយល់ឃើញថា ការរួមភេទនឹងកាន់តែប្រសើរសម្រាប់ដៃគូទាំង២ នៅពេលដែលសិទ្ធិនិងការទទួលខុសត្រូវរបស់បុរសនិងស្ត្រី មានតុល្យភាពនឹងគ្នា។ ពួកគេចង់ឲ្យមានការជជែកគ្នាពីអ្វីដែលធ្វើឲ្យដៃគូទាំង២ទទួលបានភាពស្រើបស្រាល។ ប៉ុន្តែទាំងបុរសនិងស្ត្រី ភ័យខ្លាចភាពអាម៉ាស់ចំពោះការបំពានលើការរំពឹងទុកនៃវប្បធម៌ ឬត្រូវបានគិតថាជាទង្វើអាស។ សិក្ខាសាលានេះក៏បានបង្ហាញដែរថា ស្ត្រីអាចទទួលបានការគាំទ្រពីមិត្តភក្តិរបស់ខ្លួន។ រីឯបុរសនិយាយថា ពួកគេមានអារម្មណ៍ឯកានិងគ្មានការគាំទ្រ ដោយគ្មាននរណាដែលពួកគេអាចពិភាក្សាពីបញ្ហាជាមួយបានទេ។
ទទួលបានភាពជឿជាក់ដើម្បីជជែកជាមួយដៃគូអំពីការរួមភេទ
ជារឿយៗ ស្ត្រីត្រូវបានបង្រៀនតាំងពីក្មេងមក ឲ្យទទួលយកនូវអ្វីដែលបានផ្តល់ឲ្យ និងមិនត្រូវទាមទារនូវអ្វីដែលពួកគេចង់បាននោះទេ, មិនថានោះជាប្រភេទអាហារដែលចូលចិត្ត ការចង់ទៅរៀននៅសាលា ឬការងារផ្ទះដែលត្រូវបានដាក់ឲ្យឡើយ។ ជាញឹកញាប់ ក្មេងស្រីនិងស្ត្រី មិនត្រូវបានរំពឹងថាយល់ដឹងអំពីការរួមភេទសោះឡើយ ដែលនេះធ្វើឲ្យកាន់តែពិបាកសម្រាប់ពួកគេ ក្នុងការស្នើសុំពីប្តី នូវអ្វីដែលខ្លួនចង់បានក្នុងពេលរួមភេទ។ ប្រសិនបើស្ត្រីមិនទាន់រៀបការ ចង់រួមភេទ គាត់អាចនឹងមានអារម្មណ៍ថា ត្រូវធ្វើពើថាវាកើតឡើងដោយការបង្ខំ ឬមិនបានព្រាងទុក ដែលស្ថានភាពនេះរឹតតែមិនអាចឲ្យគាត់ចរចារពីអ្វីដែលគាត់ចង់បានទៅទៀត។
ការរៀនសូត្រនិងអនុវត្តការប្រាស្រ័យទាក់ទងបែបដាច់ខាត អាចជួយឲ្យស្ត្រីធ្វើការចរចារនូវអ្វីដែលពួកគេត្រូវការឬចង់បាន ជាពិសេសនៅក្នុងសម្ពន្ធផ្លូវភេទរបស់ខ្លួន។ សូមមើលទំព័រ 100 អំពីរបៀបផ្សេងៗដែលស្ត្រីអាចអនុវត្ត ដើម្បីបង្ហាញពីអ្វីដែលខ្លួនចង់បាន។ ទំព័របន្ទាប់នេះ ផ្តល់ជូននូវគំនិតខ្លះៗសម្រាប់ត្រៀមលក្ខណៈជជែកដោយភាពជឿជាក់ ជាមួយដៃគូ អំពីការរួមភេទ។
សកម្មភាព
អនុវត្តការជជែកជាមួយដៃគូ អំពីការរួមភេទ
សកម្មភាពសម្តែងតួនេះ អាចជួយឲ្យស្ត្រីកាន់តែងាយនិយាយចេញនូវអ្វីដែលពួកគេចង់បានឬត្រូវការ។ វាក៏អាចជួយឲ្យពួកគេចរចារទាមទារនូវការគោរពសិទ្ធិក្នុងការទទួលបានសុខមាលភាព និងភាពស្រើបស្រាលផងដែរ។ (សូមមើលសេចក្តីណែនាំសម្រាប់ការសម្តែងតួ)។
-
ឲ្យក្រុមពិចារណាបង្កើតស្ថានភាពមួយដែលដៃគូធ្វើការប្រាស្រ័យទាក់ទងគ្នាអំពីតម្រូវការឬការរំពឹងទុកខុសៗគ្នារវាងប្តីនិងប្រពន្ធ។ ឧទាហរណ៍៖
- ស្ត្រីចង់ឲ្យការរួមភេទប្រព្រឹត្តយូរជាងធម្មតា ហើយបុរសមិនចង់ប្រើកាយវិការផ្សេងៗខុសប្លែកពីអ្វីដែលគាត់យល់ថាត្រូវតាមធម្មជាតិសម្រាប់គាត់ទេ។
- ស្ត្រីចង់រួមភេទដើម្បីឲ្យមានផ្ទៃពោះ ប៉ុន្តែបុរសចង់ប្រើស្រោមអនាម័យ។
- ឲ្យក្រុមធ្វើការសម្តែងតួទៅតាមស្ថានភាពឬសាច់រឿងទាំងនេះ។
-
បន្ទាប់ពីការសម្តែងតួរួចរាល់អស់ហើយ អ្នកអាចដឹកនាំការពិភាក្សាថាតើប្តីប្រពន្ធនៅក្នុងស្ថានភាពនីមួយៗ ធ្វើការប្រាស្រ័យគ្នាយ៉ាងដូចម្តេចខ្លះ អំពីការរួមភេទ។ នេះជាសំនួរពិភាក្សាមួយចំនួនដែលអាចប្រើបាន៖
- តើការសម្តែងតួ សមឬទេ? តើក្នុងជីវិតជាក់ស្តែង ប្តីប្រពន្ធធ្វើការចរចារដូចក្នុងការសម្តែងនោះឬទេ?
- តើចំណុចត្រង់ណាខ្លះដែលពិបាកនឹងនិយាយ? ហេតុអ្វី?
- តើរបៀបដែលបុរសនិងស្ត្រីធ្វើការចរចារគ្នា មានភាពខុសគ្នាដូចម្តេចខ្លះ?
- តើតួនាទីយេនឌ័រ មានឥទ្ធិពលបែបណាខ្លះទៅលើរបៀបដែលស្ត្រីនិងបុរសធ្វើការចរចារ?
- តើយេនឌ័រ អាយុ ជាតិសាសន៍ ឬពិការភាព តើតួនាទីសំខាន់នៅក្នុងការចរចារទាំងនោះឬទេ? ហេតុអ្វី?
- ដើម្បីបញ្ចប់សកម្មភាពនេះ ចូរសួរក្រុមថាតើពួកគេបានរៀនសូត្រអ្វីខ្លះពីសកម្មភាពនេះ និងថាតើពួកគេមានចំណុចដែលនឹងយកទៅសាកល្បងធ្វើការផ្លាស់ប្តូរនៅក្នុងសម្ពន្ធមេត្រីរបស់ខ្លួនដែរឬទេ។
ស្ត្រីបង្កើនភាពជឿជាក់ឲ្យគ្នា ក្នុងការជជែកអំពីការរួមភេទ
នៅប្រទេសប៉ាគីស្ថាន អង្គការសុខភាពគ្រួសារមួយដែលមានឈ្មោះថា រ៉ានុម៉ា (Rahnuma) បានរៀបចំគម្រោងមួយនៅក្នុងក្រុងឡាហ៊រ (Lahore) ដើម្បីជួយដល់ស្ត្រីរៀបការរួច ឲ្យធ្វើការឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្លូវភេទនិងតួនាទីយេនឌ័ររបស់ពួកគេ, និងថាតើវាអាចមានឥទ្ធិពលបែបណា ទៅលើលទ្ធភាពរបស់ពួកគេក្នុងការចរចារអំពីការរួមភេទ។
នៅពេលដែលអ្នករៀបចំគម្រោង សួរស្ត្រីថាតើហេតុអ្វីទើបពួកគាត់មិនអាចជជែកអំពីការរួមភេទជាមួយប្តីរបស់ខ្លួនបាន ពួកគាត់និយាយថា គឺដោយសារតែភាពរមទម កង្វះភាពជឿជាក់ និងមិនមានអ្វីត្រូវនិយាយ។ ស្ត្រីក៏បារម្ភផងដែរពីអ្វីដែលអាចកើតឡើង ប្រសិនបើគាត់ព្យាយាមសុំឲ្យប្តីប្រើស្រោមអនាម័យ។ ពួកគាត់ភ័យខ្លាចប្តីរបស់គាត់ខឹង ឬគិតថាគាត់មានលួចរួមភេទជាមួយបុរសដទៃ ឬផ្តាច់ប្រាក់ឧបត្ថម្ភដោយប្រការណាមួយ។
ទោះជាយ៉ាងនេះក្តី ស្ត្រីទាំងនេះបានធ្វើការជាមួយគ្នាដោយប្រើប្រាស់ការពិភាក្សា និងការសម្តែងតួ, ហើយអាចបង្កើតមូលហេតុវែកញែក និងអ្វីដែលត្រូវនិយាយនៅក្នុងការចរចារអំពីការរួមភេទទៀតផង។ មុនដំបូង វាហាក់ដូចជាមិនអាចទៅរួចឡើយសម្រាប់ពួកគាត់ ប៉ុន្តែបន្ទាប់ពីការជួបពិភាក្សាគ្នារយៈពេល២ខែក្រោយមក ពួកគេយល់ដឹងពីរាងកាយរបស់ខ្លួនកាន់តែច្រើន និងអាចជជែកយ៉ាងងាយស្រួលជាមួយប្តី អំពីការរួមភេទ។ ពួកគេក្លាយជាមានភាពជឿជាក់ក្នុងការចរចារតាមរបៀបសន្តិភាព ដូចជាពេលវេលានៃការរួមភេទ ឬការប្រើស្រោមអនាម័យជាដើម។
មុនពេលចូលរួមសិក្ខាសាលា ស្ត្រីជាច្រើនគិតថាការរួមភេទគឺជាកាតព្វកិច្ច។ បន្ទាប់ពីមើលឃើញថាខ្លួនអាចពិភាក្សាអំពីបញ្ហាផ្លូវភេទជាមួយប្តីបាន ពួកគេចាប់ផ្តើមមានអារម្មណ៍ថា ទំនាក់ទំនងរបស់ពួកគេគួរតែផ្អែកលើសេចក្តីរីករាយ និងការគោរពគ្នាទៅវិញទៅមក, ហើយពួកគេមើលឃើញថាវាពិតជាអាចទៅរួចមែន។
ចាប់ពីពេលនោះមក មានស្ត្រីជាច្រើនបាននិយាយថា សម្ពន្ធផ្លូវភេទរបស់ពួកគេ កាន់តែមានភាពពេញចិត្តចំពោះទាំងប្តីនិងប្រពន្ធ, ជីវិតរៀបការរបស់ពួកគេកាន់តែរីករាយ, ហើយគ្រួសារកាន់តែមានភាពស្និទស្នាល។
សកម្មភាព
ចង់, មានឆន្ទៈ, មិនឡើយ៖ ការស្វែងយល់អំពីចំណង់ផ្លូវភេទ និងព្រំដែនកំណត់របស់វា
សកម្មភាពនេះជំរុញឲ្យអ្នកចូលរួម ធ្វើការត្រិះរិះ បន្ទាប់មកពិភាក្សាអំពីចំណង់ផ្លូវភេទ និងព្រំដែនកំណត់របស់វា។ ការស្វែងយល់ពីប្រធានបទទាំងនេះ គឺជាមធ្យោបាយដ៏សំខាន់មួយដើម្បីពង្រឹងសមត្ថភាពរបស់ក្មេងស្រីឬស្ត្រី ក្នុងការចរចារនៅក្នុងសម្ពន្ធផ្លូវភេទ។ សកម្មភាពនេះមានលទ្ធផលល្អបំផុត ជាមួយនឹងក្រុមស្ត្រីវ័យក្មេងដែលជឿទុកចិត្តគ្នាទៅវិញទៅមក។ មុននឹងចាប់ផ្តើមសកម្មភាព ចូរបង្កើតកិច្ចព្រមព្រៀងរបស់ក្រុមសិន ដែលសម្រេចថាអ្វីៗដែលបាននិយាយគ្នានៅទីនេះ នឹងមិនលេចឮទៅអ្នកដទៃទៀតឡើយ (មើល
កិច្ចព្រមព្រៀងសម្រាប់ក្រុមពិភាក្សា)។ ដើម្បីរៀបចំ៖ ផ្តល់ក្រដាស៣សន្លឹកទៅឲ្យអ្នកចូលរួមម្នាក់៖ សន្លឹកទី១ មានរូបមុខញញឹម (ចង់), សន្លឹកទី២ មានរូបមុខមាំ (មានឆន្ទៈ), និងសន្លឹកទី៣ រូបមុខជ្រួញចិញ្ចើម (មិនឡើយ)។ ផ្តល់សណ្តែកស្ងួតមួយក្តាប់ដល់អ្នកចូលរួមម្នាក់។
ដើម្បីរៀបចំ៖ ផ្តល់ក្រដាស៣សន្លឹកទៅឲ្យអ្នកចូលរួមម្នាក់៖ សន្លឹកទី១ មានរូបមុខញញឹម (ចង់), សន្លឹកទី២ មានរូបមុខមាំ (មានឆន្ទៈ), និងសន្លឹកទី៣ រូបមុខជ្រួញចិញ្ចើម (មិនឡើយ)។ ផ្តល់សណ្តែកស្ងួតមួយក្តាប់ដល់អ្នកចូលរួមម្នាក់។
- ពន្យល់ថា អ្នកចូលរួមគ្រប់គ្នាត្រូវគិតអំពីអ្វីដែលពួកគេចង់ធ្វើ តាំងចិត្តធ្វើ និងមិនធ្វើឡើយ។ មធ្យោបាយដ៏ល្អមួយដើម្បីបង្ហាញ គឺឲ្យក្រុមនិយាយឮៗ ពីអាហារដែលពួកគេចង់បរិភោគ អាហារដែលតាំងចិត្តហូប និងអាហារដែលនឹងមិនហូបឡើយ។ (អ្នកអាចរកឧទាហរណ៍កំប្លែងៗដើម្បីឲ្យពួកគេសើចសប្បាយ)។
-
បែងចែកអ្នកចូលរួមជាក្រុមតូចៗដែលមានគ្នា៣ទៅ៤នាក់។ ពន្យល់ថា គ្រប់គ្នានឹងគិតអំពីសកម្មភាពផ្លូវភេទ ទោះជាធ្លាប់មានបទពិសោធន៍ឬមិនធ្លាប់ក៏ដោយ។ ពួកគេនឹងគិតអំពីសកម្មភាពផ្លូវភេទដែល៖
- ពួកគេចង់បាន ឬគិតថានឹងធ្វើដោយរីករាយ។
- ពួកគេមានឆន្ទៈនឹងធ្វើ ប្រសិនបើដៃគូរបស់គាត់ចាប់អារម្មណ៍។
- ពួកគេនឹងមិនធ្វើឡើយ ហើយនឹងបដិសេធប្រសិនបើដៃគូស្នើសុំ។
- បន្ទាប់មកឲ្យអ្នកចូលរួម ពិចារណារយៈពេលពីរបីនាទី។ ឲ្យស្ត្រីទាំងអស់ដាក់សន្លឹករូបទឹកមុខទាំង៣ នៅពីមុខពួកគេ រួចគិតអំពីសកម្មភាពផ្លូវភេទផ្សេង។ ចំពោះសកម្មភាពនីមួយៗ គាត់នឹងដាក់គ្រាប់សណ្តែកទៅលើសន្លឹករូបទឹកមុខនោះឲ្យត្រូវគ្នានឹងអ្វីដេលគាត់នឹងធ្វើដោយរីករាយ មានឆន្ទៈធ្វើ ឬនឹងមិនធ្វើឡើយ។
- ឲ្យអ្នកចូលរួមម្នាក់ៗចែករំលែកជាមួយក្រុមរបស់ខ្លួន នូវសកម្មភាពមួយចំនួនដែលខ្លួនបានគិត។ ពួកគេគួរជ្រើសរើសតែអ្វីដែលខ្លួនអាចចែករំលែកជាមួយអ្នកដទៃដោយងាយស្រួលប៉ុណ្ណោះ។ ផ្តល់ពេលពីរបីនាទីដល់ក្រុមនីមួយ។
-
បន្ទាប់មកឲ្យក្រុមនីមួយៗពិភាក្សាលើសំណួរដូចខាងក្រោម៖
- តើពិបាកដែរឬទេ ក្នុងការគិតអំពីសកម្មភាពជាក់លាក់មួយដែលខ្លួនចង់បាន និងមិនចង់បាន នៅក្នុងសម្ពន្ធផ្លូវភេទ? តើវាលំបាកដូចម្តេចខ្លះ?
- ដើម្បីសួរពីអ្វីដែលអ្នកចង់ធ្វើ គួរតែធ្វើដូចម្តេចទើបងាយស្រួលជាងនេះ?
- ដើម្បីកំណត់ព្រំដែនមួយ តើគួរធ្វើដូចម្តេចទើបងាយស្រួល ហើយឲ្យដៃគូដឹងថាអ្នកនឹងមិនធ្វើវាឡើយ?
- តើអ្នកមានអារម្មណ៍បែបណាចំពោះសកម្មភាពដែលស្ថិតក្នុងបញ្ជី ”មានឆន្ទៈធ្វើ” របស់អ្នក? តើអ្នកចង់បង្កើតតុល្យភាពរវាង ”ចង់ធ្វើ” និង ”មានឆន្ទៈធ្វើ” តាមរបៀបណា?
-
បន្ទាប់មកឲ្យអ្នកចូលរួមទាំងអស់ចូលក្នុងក្រុមធំវិញ។ សួរសំណួរដូចជា៖
- តើការយល់ដឹងពីការចង់បាននិងព្រំដែនកំណត់របស់អ្នក អាចជួយឲ្យអ្នកមានសុខភាពឬអំណាចកាន់តែប្រសើរដូចម្តេច?
- តើការជជែកជាមួួយដៃគូអំពីការចង់បាននិងព្រំដែនកំណត់របស់អ្នក អាចធ្វើឲ្យសម្ពន្ធមេត្រីកាន់តែល្អប្រសើរដូចម្តេច?
មធ្យោបាយ “ថ្មជណ្តើរ” ធ្វើឲ្យមានការផ្លាស់ប្តូរយូរអង្វែងក្នុងសម្ពន្ធមេត្រី
“ថ្មជណ្តើរ” គឺជាកម្មវិធីបណ្តុះបណ្តាលមួយដែលជួយអ្នកអប់រំសុខភាពឲ្យដឹកនាំសិក្ខាសាលាក្នុងសហគមន៍ អំពីបញ្ហានានានៅក្នុងជីវិតនិងសម្ពន្ធមេត្រី។ សិក្ខាសាលាជួយឲ្យសមាជិកសហគមន៍ ពិភាក្សាអំពីយេនឌ័រ និងចំណូលចិត្តផ្លូវភេទ, និងថាតើជំនឿ និងគុណតម្លៃ ប៉ះពាល់ដូចម្តេចខ្លះទៅលើសម្ពន្ធមេត្រីរបស់ពួកគេ។ កម្មវិធីបណ្តុះបណ្តាល មានរយៈពេល ១០ ទៅ១២សប្តាហ៍ ហើយវាជួយឲ្យបុរសនិងស្ត្រីគ្រប់វ័យ ផ្លាស់ប្តូរឥរិយាបថ និងការគិត នៅក្នុងទំនាក់ទំនងរបស់ពួកគេ។
ក្នុងវគ្គដំបូង អ្នករៀបចំដឹកនាំការពិភាក្សាបើកចំហរជាមួយនឹងសហគមន៍ទាំងមូល អំពីទំនាក់ទំនងរវាងបុរសនិងស្ត្រី។ បន្ទាប់មក អ្នកដែលចង់ពិភាក្សាពីបញ្ហានេះបន្តទៀត អាចបង្កើតក្រុមតូចៗដែលមានគ្នា១០ ទៅ២០នាក់។ ក្រុមតូចៗទាំងនេះជាក្រុមដែលមានស្ត្រីចំណាស់ ស្ត្រីវ័យក្មេង បុរសចំណាស់ និងបុរសវ័យក្មេងដាច់ដោយឡែកពីគ្នា។ ការនៅជាមួយក្រុមដាច់ដោយឡែកនេះ ជួយឲ្យពួកគេជជែកគ្នាកាន់តែស្មោះត្រង់ជាងនៅក្នុងក្រុមធំដែលមានមនុស្សគ្រប់វ័យនិងគ្រប់ភេទ។
ក្រុមដាច់ដោយឡែកនេះ ជួបពិភាក្សាគ្នាជាច្រើនលើក។ ដោយមានជំនួយពីអ្នកសម្របសម្រួលដែលឆ្លងកាត់ការបណ្តុះបណ្តាល ក្រុមនីមួយៗពិភាក្សាពីបញ្ហានានាដែលបានជួបប្រទះនៅក្នុងទំនាក់ទំនងរបស់ខ្លួន ព្រមទាំងមូលហេតុរបស់វា។ បន្ទាប់មកពួកគេជួបជុំគ្នានៅក្នុងក្រុមទាំងមូលឡើងវិញ។ ក្រុមដាច់ដោយឡែកនីមួយៗ ធ្វើបទបង្ហាញពីគំនិតសំខាន់ៗនិងការសន្និដ្ឋាននានាដែលពួកគេបានពិភាក្សាកន្លងមក។
ដំណើរការនេះបន្តធ្វើឡើង២ ឬ៣ដងទៀត ហើយក្រុមដាច់ដោយឡែកនីមួយៗ កាន់តែយល់ដឹងស៊ីជម្រៅអំពីបញ្ហានានាដែលមានសារសំខាន់សម្រាប់ពួកគេ។ ពួកគេក៏រិះរកវិធីពិភាក្សាអំពីបញ្ហាទាំងនេះជាមួយដៃគូ និងក្រុមដទៃទៀតផងដែរ។ រាល់ពេលដែលក្រុមទាំងអស់ជួបប្រជុំគ្នាឡើងវិញ ពួកគេទទួលបានព័ត៌មាននិងគំនិតបន្ថែមកាន់តែច្រើន។ នៅក្នុងការប្រជុំធំ ពួកគេយល់ដឹងពីបញ្ហាមួយចំនួនដែលមិនធ្លាប់ដឹងពីមុនមក ពាក់ព័ន្ធនឹងអារម្មណ៍និងបទពិសោធន៍របស់មនុស្សនៅក្រុមដទៃពីខ្លួន។ ជាចុងក្រោយ មនុស្សគ្រប់គ្នានៅក្នុងសហគមន៍ ត្រូវបានអញ្ជើញឲ្យចូលរួមការប្រជុំ។ ក្នុងពេលនេះ ក្រុមដាច់ដោយឡែកនីមួយៗ ធ្វើការបង្ហាញពីបញ្ហានានាដែលពួកគេគិតថាមានសារសំខាន់បំផុតដែលត្រូវដោះស្រាយនៅក្នុងសម្ពន្ធរបស់ខ្លួន។ ពួកគេក៏បានស្នើសុំដល់សហគមន៍ទាំងមូលផងដែរ ឲ្យជួយដោះស្រាយបញ្ហានោះ។
ដោយបានចំណាយពេល និងការយកចិត្តទុកដាក់ជាច្រើនទៅក្នុងដំណើរការនេះ ក្រុមជាច្រើនបានទទួលការគាំទ្រយ៉ាងរឹងមាំពីសហគមន៍ ដើម្បីការផ្លាស់ប្តូរពិតប្រាកដ និងយូរអង្វែង នៅក្នុងទំនាក់ទំនងរវាងបុរសនិងស្ត្រី។
កម្មវិធី “ថ្មជណ្តើរ” ត្រូវបានអនុវត្តនៅក្នុងប្រទេសជាច្រើន នៅទូទាំងពិភពលោក ដែលមានមនុស្សជាង១០០០នាក់ មកពី១០០ប្រទេស។ ពួកគេជាបណ្តាញនៃអ្នកសម្របសម្រួលនិងអ្នកគាំទ្រ ដែលមានឈ្មោះថា “សហគមន៍អនុវត្តកម្មវិធីថ្មជណ្តើរ” (Stepping Stones Community of Practice)។