Hesperian Health Guides

វិសមភាពជាកត្តាមិនល្អនៅក្នុងសុខភាពផ្លូវភេទ

នៅក្នុងជំពូកនេះ ៖

នៅជំពូកទី៣ យើងបានពិភាក្សាអំពីតួនាទីយេនឌ័រខុសៗគ្នារវាងមនុស្សដែលមានរាងកាយជាស្រី និងមនុស្សដែលមានរាងកាយជាប្រុស។ ស្ទើរតែគ្រប់កន្លែងទាំងអស់ តួនាទីយេនឌ័ររបស់បុរស ត្រូវបានចាត់ទុកថាសំខាន់ជាងតួនាទីយេនឌ័ររបស់ស្ត្រី។ ហេតុដូច្នេះហើយ ជាទូទៅបុរសមានតួនាទីខ្ពស់ជាង។ ហើយវាមានន័យថា ជាធម្មតានៅក្នុងទំនាក់ទំនងរវាងបុរសនិងស្ត្រី រួមទាំងផ្លូវភេទ បុរសមានអំណាច និងធនធានច្រើនជាងស្ត្រី។ វិសមភាពរវាងបុរសនិងស្ត្រី គឺជាមូលហេតុឫសគល់នៃបញ្ហាសុខភាពជាច្រើនដែលបានពិភាក្សានៅក្នុងសៀវភៅនេះ ហើយបញ្ហាសុខភាពពាក់ព័ន្ធនឹងផ្លូវភេទ ក៏មិនខុសគ្នាដែរ។

សិទ្ធិក្នុងផ្លូវភេទ និងការទទួលខុសត្រូវ

តួនាទីយេនឌ័ររបស់ស្ត្រីដែលមានលក្ខណៈសាមញ្ញបំផុត គឺតួនាទីបន្តពូជ ពោលគឺការរំពឹងទុកដែលថាគាត់នឹងមានកូនយ៉ាងតិចម្នាក់។ នៅក្នុងសង្គមជាច្រើន តួនាទីនេះធ្វើឲ្យស្ត្រីមានការទទួលខុសត្រូវជាច្រើនក្នុងផ្លូវភេទ និងមានសិទ្ធិក្នុងផ្លូវភេទតិចតួច។ ឧទាហរណ៍ ៈ

a tired-looking woman breastfeeding a baby while 3 older children cling to her.
a man standing with arms folded while a woman with a child holds out her hand to him.
ស្ត្រីមានការទទួលខុសត្រូវលើការបង្កើតកូន និងមើលថែកូន ប៉ុន្តែពួកគេប្រហែលជាគ្មានសិទ្ធិសម្រេចចិត្តថាត្រូវយកកូននៅពេលណានោះទេ។ ស្ត្រីធ្វើការងារយ៉ាងច្រើនដើម្បីទ្រទ្រង់គ្រួសារ (ចម្អិន សម្អាត មើលថែកូន) ប៉ុន្តែមិនទទួលបានប្រាក់កំរៃទេ។ ពួកគេពឹងផ្អែកលើប្តីដែលរកប្រាក់ចំណូល ដូច្នេះពួកគេអាចនឹងមានអារម្មណ៍ថាគ្មានជម្រើស ហើយចេះតែធ្វើតាមការចង់បានរបស់ប្តីទៅ។
a man lying on top of a woman in bed.
ស្ត្រីត្រូវធ្វើឲ្យប្តីសប្បាយ ប៉ុន្តែពួកគេប្រហែលជាគ្មានសិទ្ធិសម្រេចថាគួររួមភេទនៅពេលណា និងតាមរបៀបណាដែលធ្វើឲ្យខ្លួនគាត់សប្បាយនិងពេញចិត្តនោះទេ។
a woman holding a condom while a man stands with his arm around her.
a woman trying to push away a man who is on top of her.
ស្ត្រីអាចសុំឲ្យប្តីប្រើប្រាស់ស្រោមអនាម័យដើម្បីបង្ការជំងឺកាមរោគ ប៉ុន្តែគាត់ប្រហែលជាគ្មានសិទ្ធិបដិសេធមិនរួមភេទបានទេ ប្រសិនបើប្តីមិនព្រមប្រើស្រោមអនាម័យនោះ។ ស្ត្រីត្រូវរក្សាកេរ្តិ៍ឈ្មោះឲ្យល្អ ប៉ុន្តែជាញឹកញាប់ពួកគេមានអំណាចតិចតួចក្នុងការការពារខ្លួនពីការបំពានផ្លូវភេទ ឬការរួមភេទដោយបង្ខំ។


ជំនឿដ៏គ្រោះថ្នាក់បំផុតមួយអំពីស្ត្រីនិងសុខភាពផ្លូវភេទ គឺគំនិតដែលថាស្ត្រីជាអ្នកទទួលខុសត្រូវលើបញ្ហាសុខភាពផ្លូវភេទភាគច្រើន។ ជាញឹកញាប់ស្ត្រីត្រូវបានស្តីបន្ទោសដោយបានឆ្លងជំងឺកាមរោគ មានភាពអារ និងការមិនឡើងរឹងនៃលិង្គបុរស។ បញ្ហាទាំងនេះអាចមានមូលហេតុជាច្រើនផ្សេងៗ ហើយវាជារឿងអយុត្តិធម៌ដែលតែងតែបន្ទោសលើស្ត្រី ឬធ្វើឲ្យស្ត្រីមានអារម្មណ៍អាម៉ាស់នៅពេលខ្លួនគាត់ឬប្តីមានបញ្ហាសុខភាពផ្លូវភេទណាមួយនោះ។

ការកែល្អសុខភាពផ្លូវភេទ ទាមទារឲ្យមានការផ្លាស់ប្តូរនូវតួនាទីយេនឌ័រដ៏គ្រោះថ្នាក់ទាំងឡាយ ដើម្បីឲ្យស្ត្រីគ្រប់គ្នាអាចទទួលបាននូវការរួមភេទទៅតាមចំណូលចិត្តរបស់គាត់ ដោយមិនមានភាពអាម៉ាស់ ឬភ័យខ្លាចអំពើហិង្សា។ ការផ្លាស់ប្តូរទាំងនេះគឺជាដំណើរការដ៏វែងឆ្ងាយមួយ។ វិធីមួយដើម្បីចាប់ផ្តើមគឺតាមរយៈការជួបប្រជុំគ្នា ដើម្បីធ្វើការឆ្លុះបញ្ចាំងនិងជជែកអំពីបញ្ហាទាំងនេះជាមួយស្ត្រីនៅក្នុងសហគមន៍របស់យើង។

HAW Ch4 Page 93-3.png

នៅពេលដែលស្ត្រីម្នាក់មិនចាំបាច់លាក់ពីចំណូលចិត្តផ្លូវភេទរបស់ខ្លួន នោះគាត់អាចជជែកជាមួយប្តីអំពីបញ្ហាផ្លូវភេទដោយភាពជឿជាក់។ បើស្ត្រីត្រូវមានភាពអាម៉ាស់ដោយសារការយល់ដឹងអំពីផ្លូវភេទឬការរីករាយក្នុងផ្លូវភេទ នោះវានឹងពិបាកក្នុងការណែនាំអំពីវិធីសុវត្ថិភាពផ្សេងៗ ដើម្បីឲ្យពួកគេរីករាយក្នុងការរួមភេទ ហើយដែលបង្ការជំងឺកាមរោគ ឬការមានផ្ទៃពោះមិនចង់បាន។

សកម្មភាពនៅទំព័របន្ទាប់ អាចជួយឲ្យក្រុមស្ត្រីស្វែងយល់ថា តើតួនាទីយេនឌ័រនៅក្នុងសហគមន៍របស់ពួកគេ មានឥទ្ធិពលបែបណាខ្លះទៅលើសម្ពន្ធផ្លូវភេទរវាងបុរសនិងស្ត្រី។

សកម្មភាព សម្រាប់បុរស តើអ្វីទៅជាការួមភេទ? រួចចុះសម្រាប់ស្ត្រី?

ការពិភាក្សាអំពីការរំពឹងទុករបស់បុរសនិងស្ត្រីចំពោះការរួមភេទ គឺជាមធ្យោបាយដ៏ល្អមួយដើម្បីបង្ហាញថា តើតួនាទីយេនឌ័រមានឥទ្ធិពលបែបណាខ្លះទៅលើទំនាក់ទំនងផ្លូវភេទ។

  1. ឲ្យក្រុមធ្វើការពិចារណាថាតើបុរសនិងស្ត្រីគួរធ្វើអ្វីខ្លះនៅក្នុងទំនាក់ទំនងផ្លូវភេទ។ តើពួកគេគួរមានឥរិយាបថបែបណា? ផ្តល់ពេលពីរបីនាទីឲ្យពួកគេគិតអំពីទំនាក់ទំនងផ្ទាល់ខ្លួន និងទំនាក់ទំនងនៃអ្នកដទៃដែលពួកគេស្គាល់។
  2. ពិភាក្សាពីការរំពឹងទុកខុសៗគ្នាសម្រាប់បុរសនិងស្ត្រី។ ឧទាហរណ៍៖
    • តើស្ត្រីត្រូវបានរំពឹងថា រួមភេទតែដើម្បីមានកូនឬ? តើការរំពឹងទុកនេះខុសគ្នាចំពោះបុរសឬទេ? បើខុស តើបុរសត្រូវបានរំពឹងដូចម្តេច?
    • តើបុរសនិងស្ត្រីមានឱកាសជជែកអំពីបញ្ហាផ្លូវភេទដោយបើកចំហរដែរឬទេ? បើមាន តើជជែកជាមួយនរណា?
    • តើភាពស្រើបស្រាលសម្រាប់បុរសនិងសម្រាប់ស្ត្រី សុទ្ធតែមានសារសំខាន់ដូចគ្នាដែរឬទេ? តើបុរសមានអារម្មណ៍អាម៉ាស់ឬទេចំពោះការមានអារម្មណ៍ស្រើបស្រាល? រួចចុះស្ត្រីវិញ?
    • តើស្ត្រីអាចជ្រើសរើសបានទេ ថាគាត់និងប្តីត្រូវធ្វើដូចម្តេចក្នុងពេលរួមភេទ?
    • តើការរំពឹងទុកក្នុងផ្លូវភេទរបស់ស្ត្រីវ័យក្មេង ប្រែប្រួលដូចម្តេចនៅពេលគាត់រៀបការ? ហើយវាប្រែប្រួលបែបណាដែរសម្រាប់បុរសវ័យក្មេង?
    • តើមនុស្សគិតដូចម្តេចប្រសិនបើបុរសម្នាក់មានដៃគូរួមភេទច្រើន? ចុះប្រសិនបើស្ត្រីវិញ?


    សួរថាតើបុរសនិងស្ត្រីវ័យក្មេង យល់ដឹងពីការរំពឹងទុកទាំងនេះដោយរបៀបណា។ តើឪពុកម្តាយ សមាជិកគ្រួសារ មិត្តភក្តិ គ្រូបង្រៀន ឬប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីបែបណា? តើការរំពឹងទុកទាំងនេះបានប្រែប្រួលដូចម្តេចខ្លះ ចាប់ពីសម័យកាល យាយតារបស់អ្នកមក?

  3. a discussion leader speaking to a group of women.
    តើបុរសនិងស្ត្រីរៀនសូត្រពីផ្លូវភេទតាមរបៀបណា? តើពួកគេរៀនសូត្រខុសគ្នាឬទេ?

  4. ដើម្បីបញ្ចប់សកម្មភាពនេះ ចូរសួរអ្នកចូលរួមម្នាក់ៗឲ្យជ្រើសរើសយកចំណុចមួយ ដែលពួកគេចង់ឲ្យមានការផ្លាស់ប្តូរនៅក្នុងការរំពឹងទុកខុសៗគ្នាក្នុងផ្លូវភេទ រវាងបុរសនិងស្ត្រីនេះ។


សកម្មភាពទាំងឡាយដែលសួរអំពីចំណូលចិត្តផ្លូវភេទ អាចធ្វើឲ្យអ្នកចូលរួមមិនស្រួលចិត្ត។ ចូររកវិធីបិទការប្រជុំរបស់អ្នក ដោយធ្វើឲ្យទំនាក់ទំនងរវាងអ្នកចូលរួម កាន់តែរឹងមាំ។ វិធីដ៏ងាយមួយគឺឲ្យអ្នកចូលរួមគ្រប់គ្នានិយាយពីអ្វីដែលពួកគេកោតសរសើរដល់មនុស្សដែលអង្គុយជិតខ្លួន។

2 women speaking to each other.
ខ្ញុំសរសើរបងត្រង់ថា បងស្តាប់អ្នកដទៃនិយាយដោយយកចិត្តទុកដាក់ខ្លាំងណាស់។
ខ្ញុំរីករាយណាស់ដែលបានស្តាប់រឿងរ៉ាវរបស់បង និងប្តីរបស់បង។ ពីមុនខ្ញុំគិតថាមានតែខ្ញុំទេដែលមានបញ្ហានេះ។

សាច់រឿង និងការសម្តែង ដើម្បីពិភាក្សាអំពីសុខភាពផ្លូវភេទ

មានមូលហេតុជាច្រើនដែលស្ត្រីមួយចំនួនមិនទទួលបានសម្ពន្ធផ្លូវភេទដែលមានសុវត្ថិភាព និងមានភាពពេញចិត្ត។ អ្នកអាចប្រើប្រាស់សាច់រឿង ឬការសម្តែង ដើម្បីពិភាក្សាអំពីបញ្ហានានាដែលពាក់ព័ន្ធនឹងចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ, មូលហេតុរបស់វា, និងដំបូន្មានផ្សេង។ នេះគឺជាសាច់រឿងមួយជាគំរូ៖

ការរួមភេទ និងកូនក្រមុំដែលមិនសប្បាយចិត្ត

នៅពេលដែល អ៊ីម៉ា មានអាយុ១៧ឆ្នាំ, នាងនិង រ៉ូបឺត មិត្តប្រុសរបស់នាង បានរៀបការ។ អ៊ីម៉ារួមភេទលើកដំបូងនៅរាត្រីអាពាហ៍ពិពាហ៍នោះ។ រ៉ូបឺតផ្តល់ការគោរពដល់អ៊ីម៉ាជានិច្ច ហើយមិនដែលដាក់សម្ពាធឲ្យអ៊ីម៉ារួមភេទជាមួយខ្លួនមុនពេលរៀបការនោះទេ។ អ៊ីម៉ាពេញចិត្តខ្លាំងណាស់ដែលរ៉ូបឺតចង់ឲ្យនាងរក្សាភាពបរិសុទ្ធរហូតដល់ថ្ងៃរៀបការ។ ឥឡូវនេះ បន្ទាប់ពីរៀបការបាន៣ខែ ពួកគេរួមភេទជាមួយគ្នារៀងរាល់ថ្ងៃ ប៉ុន្តែអ៊ីម៉ាមិនបានរីករាយនឹងការរួមភេទនេះសោះ។

Emma and Roberto standing next to their bed.


រ៉ូបឺតធ្វើការនៅកសិដ្ឋានដំណាំចេក ហើយអ៊ីម៉ានៅផ្ទះម្នាក់ឯងរៀងរាល់ថ្ងៃ។ គ្រួសាររបស់នាងមិនរស់នៅជិតគ្នានោះទេ ដូច្នេះនាងធ្វើការងារផ្ទះតែម្នាក់ឯង។ នាងត្រូវមើលសត្វចិញ្ចឹម ដងទឹក រកឧស បោកគក់ ទៅផ្សារ និងចម្អិនអាហារ។ នៅពេលយប់ នាងអស់កម្លាំងជាខ្លាំង ដែលធ្វើឲ្យនាងចង់តែដេកតែក្នុងដៃរបស់រ៉ូបឺតប៉ុណ្ណោះ។ រ៉ូបឺតក៏ធ្វើការសកម្មដែរ ប៉ុន្តែគាត់តែងតែចង់រួមភេទនៅពេលដេក ហើយអ៊ីម៉ាមិនអាចប្រាប់ពីអារម្មណ៍របស់ខ្លួនទេ។

មុនពេលរៀបការ បងស្រីរបស់អ៊ីម៉ា បានប្រាប់នាងថា តួនាទីរបស់ប្រពន្ធគឺត្រូវផ្គាប់ចិត្តប្តីនៅលើគ្រែ ប៉ុន្តែគាត់មិនបានពន្យល់ថាតើ “ផ្គាប់ចិត្ត” នោះមានន័យដូចម្តេចឡើយ។ អ៊ីម៉ាស្រឡាញ់រ៉ូបឺត ហើយពិតជាចង់ផ្គាប់ចិត្តប្តីណាស់ ប៉ុន្តែអ្វីៗដែលរ៉ូបឺតធ្វើនៅលើគ្រែ ធ្វើឲ្យនាងមានអារម្មណ៍អាម៉ាស់ និងមិនស្រណុកចិត្តឡើយ។ នាងចង់ឲ្យមានផ្ទៃពោះឆាប់ៗ ប៉ុន្តែនាងក៏បារម្ភខ្លាចនៅពេលមានផ្ទៃពោះ រ៉ូបឺតនឹងស្វែងរកការរួមភេទនៅក្រៅផ្ទះ។

សកម្មភាព កែប្រែសាច់រឿង កែប្រែឆាកជីវិត

ជាទូទៅ ការពិភាក្សាអំពីសាច់រឿងរបស់នរណាម្នាក់ មានភាពងាយស្រួលជាងការពិភាក្សាអំពីសម្ពន្ធមេត្រីរបស់យើងផ្ទាល់ ជាពិសេសអំពីបទពិសោធន៍នៃការរួមភេទ។ សកម្មភាពនេះនឹងមានលទ្ធផលល្អបំផុតប្រសិនបើអនុវត្តជាមួយក្រុមដែលមានតែស្ត្រី។ អ្នកអាចអនុវត្តជំហានទី១ ជាមួយក្រុមទាំងមូល ឬបែងចែកស្ត្រីជាក្រុមតូចៗដែលមានគ្នា២ទៅ៤នាក់។

សម្រាប់សកម្មភាពនេះ អ្នកអាចប្រើប្រាស់សាច់រឿងរបស់អ៊ីម៉ា អំពីការរួមភេទ និងកូនក្រមុំដែលមិនសប្បាយចិត្ត ឬប្រើឧទាហរណ៍ផ្សេងទៀតដែលបង្ហាញថាស្ត្រីទទួលបានបទពិសោធន៍ពិបាកក្នុងការរួមភេទ។ ឧទាហរណ៍៖

  • ស្ត្រីវ័យក្មេងម្នាក់ទើបតែចាប់ផ្តើមរួមភេទជាមួយមិត្តប្រុស ហើយគិតថាគាត់កំពុងមានផ្ទៃពោះ។ នាងភ័យខ្លាចមិនហ៊ានប្រាប់មិត្តប្រុសរបស់នាង ឬគ្រួសារទេ។
  • ស្ត្រីម្នាក់សង្ស័យថាប្តីរបស់ខ្លួនបានរួមភេទជាមួយស្ត្រីដទៃ។ គាត់បារម្ភខ្លាចប្តីរបស់គាត់ឆ្លងមេរោគអេដស៍ ឬជំងឺកាមរោគផ្សេងទៀត។ គាត់ចង់ប្រាប់ប្តីឲ្យប្រើស្រោមអនាម័យនៅពេលរួមភេទជាមួយគាត់ ប៉ុន្តែគាត់ខ្លាចប្តីខឹង។
  • ស្ត្រីម្នាក់មិនដែលឈានដល់ចំណុចកំពូលទេ នៅពេលរួមភេទជាមួយប្តីរាល់លើក។

  1. ឲ្យក្រុមរៀបចំធ្វើការបង្ហាញពីបញ្ហារបស់ពួកគេ ដោយប្រើប្រាស់ការសម្តែងតួ ឬការនិទានរឿង។ (មើល សេចក្តីណែនាំសម្រាប់ការសម្តែងតួ)។
  2. បន្ទាប់ពីការសម្តែងតួ ឬនិទានរឿងនីមួយៗ ចូរពិភាក្សាថាតើស្ថានភាពនោះប៉ះពាល់ដល់ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទរបស់ស្ត្រីយ៉ាងដូចម្តេច។ ឧទាហរណ៍ តើស្ថានភាពនេះប៉ះពាល់ដូចម្តេចខ្លះដល់ ៖
    • សុខភាពរបស់ស្ត្រី? តើបញ្ហាសុខភាពអ្វីខ្លះដែលគាត់កំពុងតែមាន? តើបញ្ហាសុខភាពអ្វីខ្លះទៀតដែលអាចកើតមាននៅពេលក្រោយ?
    • បទពិសោធន៍ផ្លូវភេទ ឬភាពស្រើបស្រាលរបស់ស្ត្រី?
    • អារម្មណ៍របស់ស្ត្រីអំពីជីវិតនិងអនាគតរបស់គាត់?
    • ទំនាក់ទំនងរបស់ស្ត្រីជាមួយនឹងប្តីរបស់គាត់? តើវាប៉ះពាល់ដូចម្តេចខ្លះដល់ទំនាក់ទំនងរបស់គាត់ជាមួយគ្រួសារ អ្នកជិតខាង មិត្តរួមថ្នាក់ ឬអ្នករួមការងារ?
  3. 1 woman speaking to 3 others.
    ហេតុអ្វីទើបស្ត្រីពិបាកនឹងនិយាយជាមួយប្តីអំពីបញ្ហានេះ?
  4. 3. ចូរពិភាក្សាផងដែរថាហេតុអ្វីទើបស្ថានភាពនេះកើតឡើង។ តើមានមូលហេតុអ្វីខ្លះ? តើការរំពឹងទុកផ្នែកយេនឌ័រសម្រាប់បុរសនិងស្ត្រី ពាក់ព័ន្ធនឹងបញ្ហានេះដែរឬទេ? តើនរណាជាអ្នកមានអំណាចជាងក្នុងការសម្រេចចិត្ត?
  5. បន្ទាប់ពីពិភាក្សាពីសាច់រឿង ឬការសម្តែងតួរួចមក ចូរប្រាប់ក្រុមឲ្យពិចារណាថាតើស្ថានភាពនីមួយៗអាចត្រូវបានកែប្រែយ៉ាងដូចម្តេចដើម្បីឲ្យស្ត្រីមានជីវិតប្រសើរឡើង។ ឧទាហរណ៍ តើឆាកជីវិតរបស់អ៊ីម៉ា អាចមានភាពប្រសើរឡើងយ៉ាងដូចម្តេចខ្លះ? កត់ត្រានូវការផ្លាស់ប្តូរឬកែលម្អទាំងនោះ។
  6. ពិភាក្សាជាមួយក្រុម អំពីការផ្លាស់ប្តូរឬការកែលម្អទាំងនោះ។ អ្នកអាចសួរថា៖
    • តើអ្នកអាចធ្វើការផ្លាស់ប្តូរទាំងនេះនៅក្នុងជីវិតជាក់ស្តែងរបស់អ្នកដែរឬទេ? នៅក្នុងជីវិតកូនៗរបស់អ្នក? ហេតុអ្វីអាច ហេតុអ្វីមិនអាច?
    • តើយើងអាចធ្វើការផ្លាស់ប្តូរទាំងនេះនៅក្នុងក្រុមគ្រួសារនិងសហគមន៍របស់យើងបានយ៉ាងដូចម្តេច? តើអ្នកនឹងត្រូវការអ្វីខ្លះ, ឬតើក្រុមរបស់យើងត្រូវការអ្វី, ដើម្បីធ្វើឲ្យការផ្លាស់ប្តូរកើតឡើងពិតប្រាកដ?
    • ការផ្លាស់ប្តូរខ្លះអាចនឹងត្រូវការការរៀបចំខុសៗគ្នា។ ឧទាហរណ៍ សហគមន៍របស់អ្នកអាចនឹងត្រូវការឱកាសបន្ថែមទៀតសម្រាប់ការអប់រំផ្នែកផ្លូវភេទ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨