Hesperian Health Guides
ឧបសម្ព័ន្ធ ខ ៖ កិច្ចប្រជុំដំណើរការល្អ ចាប់ពីពេលចាប់ផ្តើម*រហូតដល់ចប់ (Annex B)
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ឧបសម្ព័ន្ធ ខ ៖ កិច្ចប្រជុំដំណើរការល្អ ចាប់ពីពេលចាប់ផ្តើម*រហូតដល់ចប់ (Annex B)
ការរៀបចំផែនការសម្រាប់កិច្ចប្រជុំនីមួយៗ
ការបណ្តុះបណ្តាលឬកិច្ចប្រជុំដែលបានត្រៀមលក្ខណៈល្អប្រសើរ អាចដំណើរការទៅដោយរលូន និងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបបានចូលរួមសកម្មភាពក្នុងកិច្ចប្រជុំ។ កិច្ចប្រជុំដែលបង្កការភាន់ច្រឡំ គ្មានគោលដៅ ដំណើរការយូរពេក ឬមានមនុស្សតែម្នាក់លេចធ្លោ អាចធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ធុញទ្រាន់ និងគ្មានឆន្ទៈចង់ត្រឡប់មកចូលរួមម្តងទៀតឡើយ។ ក៏ប៉ុន្តែកិច្ចប្រជុំដែលបានត្រៀមលក្ខណៈល្អប្រសើរ ផ្តល់ឲ្យអ្នកចូលរួមនូវថាមពល ទឹកចិត្តចង់ចូលរួម និងការជំរុញទឹកចិត្ត។
ជំហានៗសម្រាប់រៀបចំកិច្ចប្រជុំឬការបណ្តុះបណ្តាល រួមមាន ៖
- អញ្ជើញអ្នកចូលរួម ណាដែលនឹងទទួលរងឥទ្ធិពលពីការសម្រេចចិត្តនានាដែលត្រូវធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំ។
- រៀបចំផែនការផ្តល់ការថែទាំដល់កុមារ និងបើចាំបាច់ផ្តល់អាហារនិងភេសជ្ជៈសម្រាប់អ្នកចូលរួម។
- បង្កើតរបៀបវារៈមួយដោយផ្អែកលើប្រធានបទដែលអ្នកចូលរួមចង់ពិភាក្សា។
- ប្រើប្រាស់សកម្មភាពដែលធ្វើឲ្យក្រុមមានផាសុកភាព និងរីករាយក្នុងការធ្វើការងារជាមួយគ្នា។
- គិតអំពីបញ្ហាដែលអាចនឹងកើតឡើង និងហាត់សមរបៀបដោះស្រាយបញ្ហាទាំងនោះ។
បង្កើតរបៀបវារៈ
ការបង្កើតរបៀបវារៈ (ផែនការសម្រាប់កិច្ចប្រជុំ) ជាមុន នឹងជួយឲ្យកិច្ចប្រជុំដំណើរការទៅយ៉ាងរលូន។ នៅមុនកិច្ចប្រជុំ ចូរសាកសួរអ្នក ចូលរួម អំពីប្រធានបទ ដែលពួកគេចង់ពិភាក្សារួចព្យាយាមបញ្ចូលវាទៅក្នុងរបៀបវារៈ។ សម្រេចចិត្តថាតើកិច្ចប្រជុំនឹងចាប់ផ្តើម ហើយបញ្ចប់នៅម៉ោងប៉ុន្មាន។ រៀបចំផែនការកិច្ចប្រជុំឲ្យស្របតាមម៉ោងពេលទាំងនោះ ដើម្បីជាការគិតគូរដល់អ្នកចូលរួម។
ចំពោះចំណុចនីមួយៗក្នុងរបៀបវារៈ ចូរ សម្រេចចិត្ត ឬកំណត់លទ្ធផលដែលចង់បាន ដោយសួរថាតើអ្នកចូលរួមនឹងរៀនសូត្របានអ្វីខ្លះពីចំណុចនីមួយៗ ហើយតើវានឹងជួយជំរុញគោលបំណងរបស់ក្រុមឲ្យរីកចម្រើនទៅមុខដោយរបៀបណា? បន្ទាប់មក ចូរកំណត់រយៈពេលដែលនឹងត្រូវចំណាយលើចំណុចនីមួយៗទាំងនោះ។ របៀបវារៈដែលល្អ អនុញ្ញាត អ្នកចូលរួមមានពេលវេលាគ្រប់គ្រាន់ក្នុងការពិចារណា និងស្ថាបនាដោយប្រើបទពិសោធន៍ ផ្ទាល់ខ្លួន ស្របពេលដែលពួកគេរៀនសូត្រពីព័ត៌មានថ្មី។
គេអាចបំបែកចំណុចតូចៗក្នុងរបៀបវារៈដើម្បីជួយ កុំឲ្យក្រុមមានភាពហត់នឿយបានផងដែរ។ ប្រសិនបើអ្នកចាប់ផ្តើមជាមួយនឹងចំណុចតូចៗក្នុងរបៀបវារៈ ឬប្រធានបទដែលអាចឲ្យសម្រេចចិត្តដោយងាយស្រួល នោះក្រុមនឹងមានអារម្មណ៍ជោគជ័យតាំងពីពេលចាប់ផ្តើម! រក្សាទុកការសន្ទនាធំៗនៅពេលក្រោយ ប៉ុន្តែមិនត្រូវរក្សាទុកយូរពេករហូតធ្វើឲ្យអ្នកចូលរួមនឿយណាយនោះដែរ។ បង្កើតឱកាសឲ្យអ្នកចូលរួមធ្វើការចែករំលែកគំនិតរបស់ពួកគេនៅក្នុងក្រុមតូចនិងក្រុមធំ ធ្វើចលនារាងកាយ និងបង្កើតគំនិតច្នៃប្រឌិត។ ត្រៀមសម្រាប់ការសម្រាករយៈពេលខ្លី និងសកម្មភាពបន្ថែមថាមពលដល់ក្រុមរៀងរាល់មួយម៉ោងម្តង។
ការសរសេរផែនការសម្រាប់កិច្ចប្រជុំ រួមបញ្ចូលទាំងគោលដៅ កំណត់សម្គាល់ និងសម្ភារដែលត្រូវការចាំបាច់ អាចជួយឲ្យអ្នកប្រមើមើលពីដំណើរប្រព្រឹត្តទៅនៃកិច្ចប្រជុំនោះ។ វាក៏នឹងជួយឲ្យអ្នកចងចាំពីផែនការនោះខណៈដែលកិច្ចប្រជុំកំពុងដំណើរការផងដែរ!
រៀបចំខ្លួនដើម្បីជជែកអំពីប្រធានបទពិបាក
គិតជាមុន ថាតើអ្នកបានត្រៀមខ្លួនគ្រប់គ្រាន់ហើយឬនៅដើម្បីពិភាក្សាពីចំណុចក្នុងរបៀបវារៈដែលបានរៀបចំនោះ។ ជាធម្មតា អ្នកអាចនឹងជួបប្រធានបទពិបាក មិនស្រួល ឬមិនសប្បាយចិត្តក្នុងការពិភាក្សា ប៉ុន្តែក្នុងនាមជាអ្នកសម្របសម្រួល ជាការសំខាន់ណាស់ដែលអ្នកត្រូវមានអារម្មណ៍ល្អគ្រប់គ្រាន់ជាមួយនឹងប្រធានបទដែលអ្នកអាចជួយក្រុមនៅក្នុងការពិភាក្សារបស់ពួកគេ។
ខណៈដែលអ្នកកំពុងត្រៀមរៀបចំកិច្ចប្រជុំ ចូរសួរខ្លួនឯងថា ៖
- តើខ្ញុំគិតយ៉ាងណាអំពីប្រធានបទនេះ?
- តើខ្ញុំមានអារម្មណ៍ ឬការវិនិច្ឆ័យខ្លាំងអ្វីខ្លះដែលអាចប៉ះពាល់ដល់ធ្វើ អ្នកចូលរួមក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ? តើខ្ញុំអាចធ្វើអ្វី ខ្លះដើម្បីធានាថា ចំណុចនេះនឹងមិនកើតឡើងនោះទេ?
- តើនេះគឺជាប្រធានបទដែលខ្ញុំមិនមានអារម្មណ៍ងាយស្រួលក្នុងការសម្របសម្រួលឬ? តើអារម្មណ៍នេះនឹងធ្វើឲ្យអ្នកដទៃមានអារម្មណ៍មិនងាយស្រួលដូចគ្នាក្នុងការពិភាក្សាដោយបើកចំហដែរឬទេ? តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីឲ្យអ្នកដទៃមានអារម្មណ៍ល្អក្នុងការពិភាក្សាដោយបើកចំហ?
ស្វែងរកការគាំទ្រពីអ្នកដទៃដើម្បី អ្នកអាចត្រៀមខ្លួនសម្រាប់ប្រធានបទដែលពិបាក។ អ្នកក៏អាចស្នើឲ្យអ្នកដទៃជួយដឹកនាំការពិភាក្សាបានផងដែរ ប្រសិនបើអ្នកគិតថាអ្នកនឹងមិនមានអារម្មណ៍ល្អជាមួយនឹងទស្សនៈដែលអាចនឹងលើកឡើងនោះ។
សូមមើល អំពីដំបូន្មានបន្ថែមសម្រាប់ការត្រៀមខ្លួនធ្វើការ ពិភាក្សាដែលមិនងាយស្រួលឬពិបាក។