Hesperian Health Guides
កិច្ចព្រមព្រៀងសិទ្ធិមនុស្សអន្តរជាតិ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > កិច្ចព្រមព្រៀងសិទ្ធិមនុស្សអន្តរជាតិ
ខាងក្រោមនេះគឺជាកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗស្តីពីសិទ្ធិស្ត្រីដែលទទួលស្គាល់ទំនាក់ទំនងរវាងសុខភាពបន្តពូជ និងសិទ្ធិមនុស្ស ៖
អនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រីភេទ (CEDAW) ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ១៩៧៩ តម្រូវឲ្យរដ្ឋាភិបាលថ្នាក់ជាតិចាត់ “រាល់វិធានការសមស្របទាំងឡាយ រួមទាំងការធ្វើច្បាប់ផងដែរ” ដើម្បីធានាថាស្ត្រី “ទទួលបានសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ដោយផ្អែកលើមូលដ្ឋានសមភាពជាមួយបុរស។ មាត្រា១២ចែងថា រដ្ឋភាគីត្រូវធានាថាស្ត្រីទទួលបានសេវាថែទាំសុខភាព និងផែនការគ្រួសារដោយស្មើភាព ព្រមទាំងអាហារូបត្ថម្ភ និងការថែទាំសុខភាពគ្រប់គ្រាន់ ក្នុងអំឡុងនិងក្រោយពេលមានផ្ទៃពោះ និងសម្រាលកូន។ សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបប្រើប្រាស់អនុសញ្ញា CEDAW។
សេចក្តីប្រកាស និងកម្មវិធីសកម្មភាពទីក្រុងវ្យែន ដែលអនុម័តនៅក្នុងឆ្នាំ១៩៩៣ បានជំរុញ “ការលប់បំបាត់ហិង្សាលើស្ត្រីភេទនៅក្នុងជីវិតសាធារណៈនិងឯកជន, ការលប់បំបាត់ភាពលម្អៀងផ្នែកយេនឌ័រនៅក្នុងការផ្តល់យុត្តិធម៌, និងការលប់បំបាត់រាល់ជម្លោះដែលអាចកើតឡើងរវាងសិទ្ធិស្ត្រី និងឥទ្ធិពលដ៏គ្រោះថ្នាក់នៃការអនុវត្តបែបប្រពៃណីឬទម្លាប់មួយចំនួន បុរេនិច្ឆ័យផ្នែកវប្បធម៌ និងភាពជ្រុលនិយមផ្នែកសាសនា។
សេចក្តីប្រកាសស្តីពីការលប់បំបាត់ហិង្សាប្រឆាំងនឹងស្ត្រីភេទ ដែលអនុម័តនៅក្នុងឆ្នាំ១៩៩៣ កំណត់និយមន័យហិង្សាលើស្ត្រីថា ជា “សកម្មភាពហិង្សាផ្អែកលើយេនឌ័រ ដែលបង្ក ឬអាចបង្កឲ្យមានគ្រោះថ្នាក់ ឬការរងគ្រោះផ្នែករាងកាយ ផ្លូវភេទ ឬផ្លូវចិត្ត ចំពោះស្ត្រី រួមបញ្ចូលទាំងការគំរាមកំហែងនៃសកម្មភាពទាំងនេះ ការបង្ខិតបង្ខំ ឬការដកហូតសេរីភាពតាមអំពើចិត្ត មិនថាកើតមានឡើងនៅក្នុងជីវិតសាធារណៈ ឬឯកជនឡើយ។
កម្មវិធីសកម្មភាព ICPD ដែលអនុម័តនៅក្នុងឆ្នាំ១៩៩៤ បានកំណត់ឡើងវិញនូវគោលដៅសុខភាពរបស់ស្ត្រីដើម្បីរួមបញ្ចូលផងដែរនូវសិទ្ធិទទួលបានជាសកលនូវសេវាសុខភាពបន្តពូជនិងផែនការគ្រួសារ សេវាអប់រំសម្រាប់ស្ត្រីនិងក្មេងស្រីគ្រប់រូប និងការបង្ការមរណភាពមិនចាំបាច់របស់ស្ត្រីនិងកុមារ។
កម្មវិធីសកម្មភាពទីក្រុងប៉េកាំង ដែលអនុម័តក្នុងឆ្នាំ១៩៩៥ នៅក្នុងសន្និសីទពិភពលោកលើកទី៤ ស្តីពីស្ត្រី បានផ្តោតសំខាន់លើបញ្ហាគ្រួសារសង្គម និងនយោបាយជាច្រើន ដែលបង្ការស្ត្រីមិនឲ្យចូលរួមយ៉ាងពេញលេញនៅក្នុងសហគមន៍របស់ពួកគេ។ កម្មវិធីនេះអំពាវនាវសុំឲ្យមានការបញ្ចប់ហិង្សាប្រឆាំងនឹងស្ត្រី សមភាពរវាងក្មេងប្រុសនិងក្មេងស្រី ការទទួលបានការអប់រំនិងការថែទាំសុខភាពដោយស្មើភាព ការចែករំលែកការទទួលខុសត្រូវក្នុងគ្រួសារ និងសេរីភាពក្នុងការបន្តពូជ។
មាតិកា
ការប្រើប្រាស់អនុសញ្ញា CEDAW
ក្រុមអង្គការស្ត្រី និងអង្គការសិទ្ធិមនុស្ស ជារឿយៗបានធ្វើការជាមួយគ្នាដើម្បីទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវនៅចំពោះមុខអនុសញ្ញាCEDAW តាមរយៈការដាក់របាយការណ៍ស្រមោល ឬការដាក់ពាក្យបណ្តឹងក្រោមពិធីសារបន្ថែម ឬតាមរយៈការទាក់ទងអ្នករាយការណ៍ពិសេសទទួលបន្ទុកហិង្សាលើស្ត្រីភេទ។
របាយការណ៍ស្រមោល
រដ្ឋាភិបាលដែលបានចុះហត្ថលេខាក្លាយជារដ្ឋភាគីនៃអនុសញ្ញា CEDAW (សូមមើលទំព័រ 301) ត្រូវដាក់របាយការណ៍តាមកាលកំណត់ទៅកាន់គណៈកម្មាធិការអង្គការសហប្រជាតិមួយ ដែលទទួលបន្ទុកសិទ្ធិស្ត្រីនៅក្នុងប្រទេសរបស់ពួកគេ។ ជារឿយៗរបាយការណ៍ទាំងនេះមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយទេ ដោយរាយការណ៍ថា “ពិតជាមានបញ្ហា ប៉ុន្តែអ្វីៗកំពុងតែប្រសើរឡើង។ អង្គការមិនមែនរដ្ឋាភិបាលអាចដាក់របាយការណ៍ជំនួសមួយដែលគេឲ្យឈ្មោះថារបាយការណ៍ស្រមោល ដែលរាយការណ៍អំពីការរំលោភបំពាននានា។ ជារឿយៗ របាយការណ៍ស្រមោលទាំងនេះ គឺជាមធ្យោបាយតែមួយគត់ដែលគណៈកម្មាធិការ CEDAW អាចទទួលស្គាល់ថាសិទ្ធិស្ត្រីកំពុងទទួលរងការរំលោភបំពានពិតប្រាកដមែន។ ការបោះពុម្ពផ្សាយរបាយការណ៍ទាំងនេះ អាចជួយទាក់ទាញចំណាប់អារម្មណ៍ពីអន្តរជាតិទៅលើបញ្ហាដែលកំពុងកើតឡើងនោះ។
ពិធីសារបន្ថែម
ពិធីសារបន្ថែមនៃអនុសញ្ញា CEDAW ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០០០ ផ្តល់នូវមធ្យោបាយចំនួន ២ ដើម្បីជាជំនួយដល់ស្ត្រីក្នុងការដាក់សម្ពាធលើរដ្ឋាភិបាល។ យន្តការដោះស្រាយវិវាទបុគ្គលអនុញ្ញាតឲ្យស្ត្រីឬក្រុមស្ត្រី ដាក់ “ពាក្យបណ្តឹងអំពីការរំលោភបំពាន” ក្រោយពីព្យាយាមមិនបានសម្រេចក្នុងការស្វែងរកយុត្តិធម៌ដោយប្រើប្រាស់ប្រព័ន្ធច្បាប់របស់ប្រទេសខ្លួន។ យន្តការស៊ើបអង្កេត អនុញ្ញាតឲ្យគណៈកម្មាធិការ CEDAW បើកការស៊ើបអង្កេតលើ “អំពើរំលោភសិទ្ធិស្ត្រីធ្ងន់ធ្ងរដែលមានលក្ខណៈជាប្រព័ន្ធ។
អ្នករាយការណ៍ពិសេសទទួលបន្ទុកហិង្សាប្រឆាំងនឹងស្ត្រីភេទ
អ្នករាយការណ៍ពិសេស គឺជាបុគ្គលដែលទទួលខុសត្រូវលើការស៊ើបអង្កេតស្ថានភាពហិង្សាលើស្ត្រីនៅក្នុងប្រទេសមួយ។ គេអាចទាក់ទងអ្នករាយការណ៍ពិសេស តាមរយៈការផ្តល់លិខិត អមជាមួយរបាយការណ៍ព័ត៌មាន ឯកសារ ឬភស្តុតាងជាលាយលក្ខណ៍អក្សរ បង្ហាញពីបញ្ហាដែលកើតឡើង។ អ្នករាយការណ៍ពិសេសនឹងធ្វើការស៊ើបអង្កេត រួចធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ អមជាមួយនឹងអនុសាសន៍ផងដែរ។
នៅពេលខ្លះ អ្នករាយការណ៍នឹងចុះធ្វើទស្សនកិច្ចដល់សហគមន៍ដែលដាក់ពាក្យបណ្តឹង ហើយ ទស្សនកិច្ចនេះនឹងជួយទាក់ទាញចំណាប់អារម្មណ៍ពីសារព័ត៌មាន និងផ្តល់នូវភាពជឿជាក់លើការទាមទាររបស់អ្នក។ ប្រសិនបើអ្នកគិតថាដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស នឹងជួយដល់ការតស៊ូរបស់អ្នកដើម្បីសិទ្ធិស្ត្រី អ្នកគួរដាក់លិខិតអញ្ជើញគាត់ទៅធ្វើទស្សនកិច្ចនៅកន្លែងដែលកើតមានអំពើរំលោភបំពាន ។
លោកអ្នកអាចស្វែងរកឈ្មោះរបស់អ្នករាយការណ៍ពិសេសបច្ចុប្បន្នដែលទទួលបន្ទុកហិង្សាប្រឆាំងនឹងស្ត្រីភេទ អាណត្តិ និងព័ត៌មានទំនាក់ទំនងរបស់គាត់នៅត្រង់នេះ ៖ www.ohchr.org/EN/Issues/ Women/SRWomen/Pages/SRWomenIndex.aspx
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីគណៈកម្មាធិការទទួលបន្ទុកលប់បំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីភេទ សូមចូលទៅកាន់ www.ohchr.org/EN/HRBodies/CEDAW/Pages/CEDAWIndex.aspx
អនុសញ្ញា CEDAW ការពារសិទ្ធិស្ត្រីនិងកុមារនៅក្នុងប្រទេសនេប៉ាល់
វេទិកាដើម្បីស្ត្រី ច្បាប់ និងការអភិវឌ្ឍ (FWLD) គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយនៅប្រទេសនេប៉ាល់ ដែលធ្វើការ “ដើម្បីការការពារការលើកកម្ពស់និងការទទួលបានសិទ្ធិមនុស្ស។ វេទិកា FWLD ខិតខំលប់បំបាត់រាល់ទម្រង់នៃការរើសអើងដោយប្រើប្រាស់ “ច្បាប់ជាលិខិតូបករណ៍មួយដើម្បីធានានូវសិទ្ធិរបស់ស្ត្រី កុមារ ជនជាតិភាគតិច និងក្រុមដែលនៅឆ្ងាយពីសង្គមផ្សេងៗទៀតទាំងអស់។ វេទិកា FWLD ក៏ផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ពីការរើសអើងផងដែរ។
វេទិកា FWLD បានដាក់របាយការណ៍ស្រមោលទៅកាន់គណៈកម្មាធិការ CEDAW ។ ជាដំបូង វេទិកា FWLD បានបង្កើត “សម្ព័ន្ធរៀបចំរបាយការណ៍ស្រមោល” មួយរបស់ក្រុមស្ត្រីក្នុងស្រុកចំនួន៤៥ ដោយបានផ្សាយពាណិជ្ជកម្មនៅលើទំព័រសារព័ត៌មានក្នុងស្រុក។ សម្ព័ន្ធនេះបានកំណត់បញ្ហាសំខាន់ៗដែលប៉ះពាល់ដល់សិទ្ធិ របស់ក្មេងស្រី ស្ត្រី និងចាស់ជរា ហើយបានរៀបចំរបាយការណ៍ស្រមោលទីមួយរបស់ពួកគេ។ តំណាងពីសម្ព័ន្ធនេះបានចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យរបស់គណៈកម្មាធិការ CEDAW ។ ក្រោយពីគណៈកម្មាធិការបានចេញរបាយការណ៍ទីមួយរបស់ខ្លួនមក ក្រុមសិទ្ធិស្ត្រីបានប្រើប្រាស់របាយការណ៍នេះដើម្បីធ្វើយុទ្ធនាការទាមទារឲ្យមានការលុបចោលនូវច្បាប់ជាច្រើនដែលមានលក្ខណៈរើសអើង និងអនុម័តច្បាប់ថ្មីៗដែលមានលក្ខណៈការពារ។ ជាឧទាហរណ៍ ច្បាប់ស្តីពីសញ្ជាតិនេប៉ាល់ (ឆ្នាំ២០០៦) បានផ្តល់ឲ្យកុមារគ្រប់រូបនូវសិទ្ធិទទួលបានសញ្ជាតិតាមរយៈម្តាយរបស់ពួកគេ។ លើសពីនេះទៀត ច្បាប់ស្តីពីសមភាពយេនឌ័រ (ឆ្នាំ២០០៦) បានផ្តល់ឲ្យស្ត្រីដែលរៀបការរួច នូវសិទ្ធិរក្សាទ្រព្យមត៌ករបស់ខ្លួន និងប្រើប្រាស់ទ្រព្យសម្បត្តិដោយគ្មានការយល់ព្រមពីសាច់ញាតិជាបុរស។ ច្បាប់នេះក៏បានពង្រីកសិទ្ធិលែងលះ និងបញ្ញតិ្តថា ហិង្សាក្នុងគ្រួសារ និងហិង្សាផ្លូវភេទ រួមទាំងអំពើរំលោភសេពសន្ថវៈរវាងប្តី/ប្រពន្ធជាបទល្មើសព្រហ្មទណ្ឌផងដែរ។
គេអាចប្រើប្រាស់កិច្ចព្រមព្រៀងសិទ្ធិមនុស្សអន្តរជាតិទាំងនេះ ដើម្បីគាំទ្រយុទ្ធនាការក្នុងស្រុក និងអន្តរជាតិជាច្រើន។ គេអាចប្រើប្រាស់កិច្ចព្រមព្រៀងទាំងនេះដើម្បីគាំទ្រការបង្កើតនូវប្រព័ន្ធវេជ្ជសាស្ត្រកាន់តែប្រសើរ ដូចដែលស្ត្រីនៃតំបន់វីលកាសបានធ្វើ នៅក្នុងប្រទេសប៉េរូដើម្បីបង្កើតសម្ព័ន្ធអន្តរជាតិប្រយុទ្ធប្រឆាំងនឹងហិង្សាលើស្ត្រី ដូចដែលបុរសនៃយុទ្ធនាការបូរពណ៌សបានធ្វើនៅក្នុងប្រទេសកាណាដា ឬដើម្បីជំរុញការអនុម័តច្បាប់ជាតិថ្មីៗដូចដែលក្រុមអង្គការនៅក្នុងទ្វីបអាហ្វ្រិកបាននិងកំពុងធ្វើដើម្បីបញ្ចប់អាពាហ៍ពិពាហ៍កុមារនៅប្រទេសម៉ាឡាវី និងការពារសិទ្ធិស្ត្រីមេម៉ាយនៅក្នុងប្រទេសកេនយ៉ា។
កិច្ចព្រមព្រៀងថ្នាក់តំបន់
អង្គការថ្នាក់តំបន់នៃបណ្តារដ្ឋាភិបាលជាតិក៏បានអនុម័តកិច្ចព្រមព្រៀងផ្សេងៗដែលចែងអំពីសិទ្ធិរបស់ស្ត្រីភេទផងដែរ។ ក្នុងករណីមួយចំនួន អ្នកអាចងាយស្រួលក្នុងការនាំយកពាក្យបណ្តឹងទៅដាក់នៅស្ថាប័នដែលត្រួតពិនិត្យកិច្ចព្រមព្រៀងថ្នាក់តំបន់ទាំងនេះ ក្នុងតំបន់របស់អ្នក ជាជាងដាក់ពាក្យបណ្តឹងទៅកាន់អង្គការសហប្រជាជាតិផ្ទាល់តែម្តង។
អនុសញ្ញាអន្តរទ្វីបអាមេរិកស្តីពីការបង្ការការដាក់ទោសទណ្ឌនិងការលប់បំបាត់ហិង្សាប្រឆាំងនឹងស្ត្រីភេទ (The Belém do Pará Convention) ត្រូវបានអនុម័តដោយអង្គការរដ្ឋអាមេរិក (OAS) ក្នុងឆ្នាំ១៩៩៤ ដើម្បីបង្កើតនីតិវិធីច្បាប់សំដៅលប់បំបាត់ហិង្សាប្រឆាំងនឹង “សុច្ចរិតភាពផ្នែករាងកាយផ្លូវភេទនិងផ្លូវចិត្តរបស់ស្ត្រីទាំងក្នុងជិវិតសាធារណៈនិងជីវិតឯកជន” ។
ពិធីសារនៃធម្មនុញ្ញសិទ្ធិមនុស្សអាហ្វ្រិកស្តីពីសិទ្ធិស្ត្រីក្នុងទ្វីបអាហ្វ្រិក ត្រូវបានអនុម័តដោយសហភាពអាហ្វ្រិក (AU) ក្នុងឆ្នាំ២០០។ ពិធីសារនេះរួមបញ្ចូលការការពារសម្រាប់ស្ត្រីវ័យចំណាស់ ស្ត្រីពិការ និងស្ត្រីផ្ទុកមេរោគអេដស៍ ព្រមទាំងលើកស្ទួយសិទ្ធិទទួលបានសេវាសុខភាព រួមទាំងសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជផងដែរ។
អនុសញ្ញាទីក្រុងអ៊ីស្តង់ប៊ុល (អនុសញ្ញាស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងហិង្សាលើស្ត្រីភេទ និងហិង្សាក្នុងគ្រួសារ) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអឺរ៉ុបនៅក្នុងឆ្នាំ២០១។ អនុសញ្ញានេះប្រកាសថារដ្ឋាភិបាលជាតិមានកាតព្វកិច្ចបង្ការនិងដោះស្រាយហិង្សាប្រឆាំងនឹងស្ត្រីភេទគ្រប់ទម្រង់ទាំងអស់ និងអំពាវនាវឲ្យមានការកាត់ទោសអ្នកប្រព្រឹត្តបទល្មើស។
នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានអង្គការមួយដែលមានឈ្មោះថា អង្គការឃ្លាំមើលសកម្មភាពសិទ្ធិស្ត្រីអន្តរជាតិ (IWRAW) កំពុងធ្វើសកម្មភាពត្រួតពិនិត្យសិទ្ធិមនុស្ស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ www.iwraw-ap.org.
កិច្ចព្រមព្រៀងអន្តរជាតិផ្តល់ឲ្យក្រុមស្ត្រីនូវឧបករណ៍សំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងការតស៊ូទាមទារសិទ្ធិ និងសមភាពសម្រាប់ស្ត្រី។ ប៉ុន្តែ ជារឿយៗរដ្ឋាភិបាលមិនបានឆ្លើយតប និងមិនព្រមផ្លាស់ប្តូរទេ ហើយគណៈកម្មាធិការ CEDAW ក៏ពុំមានអំណាចចាប់បង្ខំឲ្យអនុវត្តនោះដែរ។ ការព្យាយាមប្រើប្រាស់កិច្ចព្រមព្រៀងទាំងនេះដើម្បីទាមទារឲ្យរដ្ឋាភិបាលទទួលខុសត្រូវ អាចជាដំណើរការមួយដែលមានសភាពយឺតយ៉ាវនិងខកចិត្ត។ ប៉ុន្តែ វាអាចជាផ្នែកដ៏សំខាន់មួយនៃការរៀបចំចលនាដើម្បីសុខភាពស្ត្រី បើបានផ្គួបផ្សំជាមួយសកម្មភាពនិងយុទ្ធនាការក្នុងស្រុក។
យុទ្ធនាការមនុស្សមួយប៊ីលាននាក់ ក្រោកឈរទាមទារយុត្តិធម៌ គឺជាឧទាហរណ៍មួយនៃយុទ្ធនាការជាអន្តរជាតិដែលបានកៀរគរការគាំទ្រសម្រាប់សិទ្ធិស្ត្រីនៅជុំវិញពិភពលោក។ |