Hesperian Health Guides

រក្សាកិច្ចប្រជុំឲ្យដំណើរការទៅមុខជានិច្ច!

នៅក្នុងជំពូកនេះ ៖

ក្នុងនាមជាអ្នកសម្របសម្រួលម្នាក់ អ្នកមានតួនាទីសម្របសម្រួលធ្វើយ៉ាងណាឲ្យក្រុមស្ថិតនៅលើផ្លូវឆ្ពោះទៅសម្រេចនូវគោលបំណងរបស់ក្រុម។ អ្នកជាអ្នកជួយឲ្យកិច្ចប្រជុំដំណើរការទៅមុខ ខណៈដែលក្រុមជា អ្នកផ្តល់នូវមាតិកានៃកិច្ចប្រជុំ។ ក្នុងនាមជាអ្នកបណ្តុះបណ្តាលម្នាក់ អ្នកក៏អាចចែករំលែកព័ត៌មាន និងបន្តផ្តល់ឱកាសឲ្យក្រុមបង្ហាញនូវគំនិតរបស់ពួកគេផងដែរ។ ខាងក្រោមនេះយើងនឹងលើកយកគំនិតមួយចំនួនអំពីវិធីជួយឲ្យក្រុមបញ្ចេញសកម្មភាពក្នុងដំណាក់កាលផ្សេងៗនៃកិច្ចប្រជុំ។

ការចាប់ផ្តើមកិច្ចប្រជុំ

ចូរពិចារណាចាប់ផ្តើមកិច្ចប្រជុំដោយប្រើវិធីឆ្លុះបញ្ចាំង ឬសកម្មភាពបើកកិច្ចប្រជុំណាមួយដែលបង្កើតបរិយាកាសជារួមសម្រាប់កិច្ចប្រជុំ។ វាអាចជាកំណាព្យ បទចម្រៀង ពិធីសាសនា ពិធីរក្សាភាពស្ងប់ស្ងាត់ ពិធីបួងសួង ឬហ្គេមដ៏ខ្លីមួយ ដែលជួយឲ្យអ្នកចូលរួមបានពិចារណានូវអ្វីដែលពួកគេនឹងត្រូវធ្វើ។ សកម្មភាពដែលជួយឲ្យពួកគាត់ស្គាល់គ្នា ដែលពេលខ្លះ ហៅថា “ហ្គេមបំបែកទឹកកក” ជួយឲ្យអ្នកចូលរួមមានអារម្មណ៍កាន់តែធូរចិត្ត និងត្រៀមខ្លួនចូលរួមក្នុងកិច្ចពិភាក្សាជាក្រុម។

សម្រាប់ឧទាហរណ៍នៃសកម្មភាពហ្គេមបំបែកទឹកកកមួយ សូមមើលសកម្មភាព “ខ្យល់ខ្លាំងបោកបក់”

នៅពេលចាប់ផ្តើមកិច្ចប្រជុំ ៖

  • ស្នើឲ្យអ្នកស្ម័គ្រចិត្តម្នាក់កត់ត្រាកំណត់ហេតុកិច្ចប្រជុំអំពីអ្វីដែលក្រុមបានពិភាក្សានិងព្រមព្រៀងគ្នា។
  • ពិនិត្យមើលរបៀបវារៈជាមួយនឹងក្រុម រួចសួរថាតើមានចំណុចណាមួយដែលចាំបាច់ត្រូវបន្ថែមលើរបៀបវារៈដែរឬយ៉ាងណា។ ប្រសិនបើមាន ចូរកែសម្រួលរបៀបវារៈ និងរយៈពេល ដើម្បីបញ្ចូលចំណុចថ្មីនោះទៅក្នុងរបៀបវារៈ។ មុននឹងបន្តដំណើរការទៅមុខ ចូរស្នើសុំការយល់ព្រមពីក្រុមថាតើរបៀបវារៈនោះ ពេញលេញហើយឬនៅ។
  • ពិនិត្យរកមើល “បញ្ហាសេសសល់” ឬអារម្មណ៍ឬសំណួរដែលបន្សល់ទុកពីកិច្ចពិភាក្សាលើកមុន មុននឹងចាប់ផ្តើមកិច្ចប្រជុំថ្មី។ ស្នើឲ្យអ្នកចូលរួមធ្វើការចែករំលែកពីការយល់ឃើញរបស់ពួកគេចាប់តាំងពីកិច្ចប្រជុំលើកមុនមក រួចសួរថាតើមានអ្វីប្រែប្រួលជាដុំកំភួនដែរឬទេ។ សួរថាតើពួកគេមានបាននិយាយទៅកាន់អ្នកណាម្នាក់អំពីបញ្ហារបស់ក្រុម និងអ្វីដែលបានកើតឡើងដែរឬទេ។ ចំណាយពេលដោះស្រាយបញ្ហាសេសសល់ ទោះបីជាវាពន្យារពេលការចាប់ផ្តើមរបៀបវារៈថ្មីក៏ដោយ។
a woman speaking.
ខ្ញុំធ្លាប់តែជួបការលំបាកក្នុងការស្វែងយល់ថាតើក្រុមត្រូវការពេលវេលាដើម្បីនិយាយអំពីអារម្មណ៍ខ្លួនពីកិច្ចពិភាក្សាមុនដែរឬយ៉ាងណា។ ខ្ញុំបានដឹងថាភាពស្ងាត់ស្ងៀមមិនមែនសុទ្ធតែមានន័យថាពួកគេគ្មានអ្វីនិយាយនោះទេ គ្រាន់តែថាពេលខ្លះពួកគេត្រូវការពេលវេលាប៉ុន្មាននាទីដើម្បីគិតប៉ុណ្ណោះ។

បង្កើតការព្រមព្រៀងជាក្រុម

ប្រសិនបើនេះជាកិច្ចប្រជុំលើកដំបូង ចូរចងចាំពីការកំណត់ពេលវេលានៅពេលចាប់ផ្តើមកិច្ចប្រជុំដើម្បីបង្កើតការព្រមព្រៀងជាក្រុមសម្រាប់អ្នកចូលរួមគ្រប់រូបអនុវត្ត។ តាមរយៈវិធីនេះ ប្រសិនបើមាននរណាម្នាក់និយាយច្រើនពេក ឬរិះគន់ជាលក្ខណៈបុគ្គលចំពោះអ្នកចូលរួមម្នាក់ទៀត អ្នកអាចរំលឹកគាត់អំពីការព្រមព្រៀងដែលក្រុមបានបង្កើតឡើង។

អនុវត្តតាមរបៀបវារៈ និងដោះស្រាយបញ្ហាមិនបានត្រៀមទុកជាមុន

ក្នុងនាមជាអ្នកសម្របសម្រួល អ្នកមានតួនាទីជួយឲ្យក្រុមអនុវត្តតាមរបៀបវារៈដែលបានត្រៀមទុក និងជួយពួកគេមិនឲ្យជាប់គាំង ឬចាកប្រធានបទ។ មុននឹងបន្តទៅប្រធានបទថ្មីមួយ ឬជំហានបន្ទាប់នៅក្នុងរបៀបវារៈ ចូរប្រាកដថាបានធ្វើការសង្ខេបអំពីកិច្ចពិភាក្សា និងការសម្រេចនានាដែលបានធ្វើឡើង។ សួរក្រុមថាតើពួកគេមានកង្វល់ ឬសំណួរណាមួយដែលចាំបាច់ត្រូវដោះស្រាយ ឬរក្សាទុកសម្រាប់កិច្ចពិភាក្សាខាងមុខដែរឬយ៉ាងណា។

សូម្បីតែរបៀបវារៈដែលបានត្រៀមយ៉ាងល្អឥតខ្ចោះក៏ដោយ បញ្ហាដែលមិនបានត្រៀមទុកតែងតែកើតឡើង ឬចំណុចណាមួយក្នុងរបៀបវារៈត្រូវការរយៈពេលយូរជាងការគ្រោងទុក។ ប្រសិនបើមានរឿងនេះកើតឡើង ក្នុងនាមជាអ្នកសម្របសម្រួល អ្នកអាចលើកសំណើសុំកែប្រែរបៀបវារៈទៅកាន់ក្រុម ឬសុំការយល់ព្រមពីពួកគេអំពីការកែប្រែនេះ។ អ្នកក៏អាចសួរក្រុមថាតើពួកគេចង់កែប្រែរបៀបវារៈដោយផ្អែកលើអ្វីដែលពួកគេយល់ថាជាចំណុចដែលមានសារៈសំខាន់បំផុតដែរឬយ៉ាងណា។

ការធ្វើសេចក្តីសម្រេចចិត្ត

នៅក្នុងអំឡុងកិច្ចប្រជុំ ក្រុមត្រូវធ្វើការសម្រេចចិត្តលើអ្វីដែលចាំបាច់ តើត្រូវធ្វើនៅពេលណា ហើយនរណាជាអ្នកធ្វើ។ ជួយក្រុមក្នុងការព្រមព្រៀងគ្នាអំពីរបៀបដែលក្រុមនឹងធ្វើសេចក្តីសម្រេចចិត្ត ថាតើត្រូវប្រកាន់យកគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទ ឬគោលការណ៍មតិភាគច្រើន?

ការបោះឆ្នោតអាចជាដំណើរការដែលប្រើរយៈពេលយូរ ហើយពេលខ្លះ អ្នកចូលរួមមានភាពស្ទាក់ស្ទើរក្នុងការបោះឆ្នោត ជាពិសេសប្រសិនបើពួកគេនៅមិនទាន់សម្រេចចិត្តនៅឡើយ។ ដើម្បីវាស់វែងថាតើពួកគេបានត្រៀមលក្ខណៈបោះឆ្នោតដែរឬយ៉ាងណា ចូរអនុវត្ត “ការដើរជុំវិញ” ក្នុងរង្វង់មួយ ហើយឲ្យគ្រប់គ្នាចែករំលែកមតិរបស់ពួកគេ ឬប្រើ “ការបោះឆ្នោតចំបើង” (ការបោះឆ្នោតបឋមក្រៅផ្លូវការ) ដោយលើកដៃ ដូច្នេះអ្នកចូលរួមទាំងអស់អាចមើលដឹងថានរណាជាអ្នកគាំទ្រ ឬជាអ្នកប្រឆាំង និងថាតើក្រុមបានឈានដល់ការព្រមព្រៀងគ្នាកម្រិតណាហើយ។ នៅពេលធ្វើសេចក្តីសម្រេចចិត្តដោយការបោះឆ្នោត ជាការប្រសើរបំផុតអ្នកត្រូវព្យាយាមសម្រេចឲ្យបាននូវសេចក្តីសម្រេចចិត្តមួយដែលគ្រប់គ្នាអាចទទួលយកបាន។ ប្រសិនបើមានសំឡេងស្មើគ្នា ឬសំឡេងភាគច្រើនបន្តិចបន្តួច ក្រុមអាចប្រើពេលពិភាក្សាគ្នាបន្ថែមទៀតមុនពេលឈានទៅបោះឆ្នោត។

ការងារជាច្រើនរបស់ក្រុមនីមួយៗកើតឡើងនៅចន្លោះកិច្ចប្រជុំនីមួយ។ ដូច្នេះវាក៏អាចផ្តល់សារៈសំខាន់សម្រាប់ក្រុមផងដែរក្នុងការសម្រេចថាតើសេចក្តីសម្រេច នឹងត្រូវធ្វើឡើងតាមវិធីណានៅចន្លោះកិច្ចប្រជុំ។ តើនឹងត្រូវមានគណៈកម្មាធិការសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត ឬថាតើនឹងត្រូវចាត់តាំងនរណាម្នាក់ឲ្យទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្ត?

ការបិទកិច្ចប្រជុំ

ចូរព្យាយាមបិទបញ្ចប់កិច្ចប្រជុំនីមួយៗតាមវិធីណាដែលពង្រឹងការពិចារណានិងការវាយតម្លៃ។

វាពិតជាមានតម្លៃខ្លាំងណាស់ក្នុងការស្នើឲ្យអ្នកចូលរួមចែករំលែកនូវអ្វីដែលពួកគេបានរៀនសូត្រនៅក្នុងអំឡុងកិច្ចប្រជុំ ថាតើពួកគេមានអារម្មណ៍យ៉ាងណា និងឆ្លុះបញ្ចាំងពីរបៀបដែលវាមានទំនាក់ទំនងទៅនឹងជីវិតរបស់ពួកគេ។ ប្រសិនបើពួកគេមានអារម្មណ៍ងាយស្រួលក្នុងការចែករំលែកនូវការយល់ឃើញទាំងនេះជាមួយគ្នា ទៅវិញទៅមក វាអាចជួយក្រុមទាំងមូលឲ្យដំណើរការពីការយល់ឃើញឆ្ពោះទៅកាន់ការអនុវត្តជាក់ស្តែង។ ក្បាល បេះដូង ដៃ គឺជាឧទាហរណ៍មួយនៃសកម្មភាពដែលជួយឲ្យក្រុមធ្វើការងារនេះ។

ការវាយតម្លៃកិច្ចប្រជុំ ក៏មានសារៈសំខាន់ផងដែរ។ ប្រសិនបើអ្នកចូលរួម អាចផ្តល់មតិត្រឡប់ដោយស្មោះត្រង់អំពីអ្វីដែលពួកគេគិត អំពីការធ្វើការងារជាមួយគ្នានិងផ្តល់នូវគំនិត និងយុទ្ធសាស្ត្រថ្មីៗដែលកើតមានឡើង នោះពួកគេអាចកំណត់នូវជំហានបន្ទាប់កាន់តែប្រសើរសម្រាប់អនុវត្តក្នុងការងាររៀនសូតនិងចាត់ចែងរបស់ពួកគេ។

a woman speaking.
នៅពេលប្រជុំចប់ម្តងៗខ្ញុំសួរថា ៖ តើចំណុចណាដែលមានប្រសិទ្ធភាព? ចំណុចណាមិនមានប្រសិទ្ធភាព? តើអាចកែលម្អចំណុចទាំងនោះតាមវិធីណាបាន?

រំលឹកអ្នកចូលរួមគ្រប់រូបអំពីដំណើរការដែលវិលវល់ចុះឡើងនេះ និងរបៀបដែលទស្សនៈយល់ឃើញរបស់ក្រុម និងការវិភាគបទពិសោធន៍របស់យើង ផ្តល់នូវសារៈសំខាន់ក្នុងការរៀបចំផែនការសម្រាប់សកម្មភាពថ្មី (សូមមើលការចាត់ចែងជាដំណើរការមួយ)។

ការបិទបញ្ចប់

មានវិធីជាច្រើនសម្រាប់បិទបញ្ចប់ និងពង្រឹងសាមគ្គីភាពរបស់ក្រុមនៅពេលចប់សិក្ខាសាលាឬកិច្ចប្រជុំ។ អ្នកអាចលើកទឹកចិត្តឲ្យអ្នកចូលរួម ធ្វើការចែករំលែកការថ្លែងអំណរគុណចំពោះគ្នាទៅវិញទៅមក និងអ្វីដែលពួកគេបានរៀនសូត្រ។ ឬពិចារណាបិទបញ្ចប់ដោយប្រើកំណាព្យ ទស្សនៈយល់ឃើញ ឬបទចម្រៀងបិទ ឬអ្វីផ្សេងទៀតដែលសមស្របនឹងតម្រូវការរបស់ក្រុម។

a woman speaking to a group of women who hold candles while sitting in a circle.
ចូរនិយាយពីវិធីមួយដែលអ្នកត្រូវបានផ្លាស់ប្តូរដោយការពិភាក្សារបស់យើង ហើយបន្ទាប់មកចូរអុចទានរបស់អ្នក។ យើងទាំងអស់គ្នានឹងផ្លាស់វេណគ្នានិយាយ រហូតដល់ទានរបស់យើងទាំងអស់គ្នាត្រូវបានអុចបំភ្លឺអស់។ តើការចែករំលែកពន្លឺទានរបស់យើង ស្រដៀងគ្នាទៅនឹងអ្វីដែលយើងបានធ្វើនៅថ្ងៃនេះយ៉ាងដូចម្តេច?


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨