Hesperian Health Guides
តួនាទីរបស់អ្នកសម្របសម្រួល
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ឧបសម្ព័ន្ធ ខ ៖ កិច្ចប្រជុំដំណើរការល្អ ចាប់ពីពេលចាប់ផ្តើម*រហូតដល់ចប់ (Annex B) > តួនាទីរបស់អ្នកសម្របសម្រួល
អ្នកសម្របសម្រួលមានតួនាទី ៖
- ជួយក្រុមឲ្យធ្វើសេចក្តីសម្រេចចិត្តដែលល្អបំផុតតាមដែលអាចធ្វើទៅបាន។
- រក្សាការសន្ទនាកុំឲ្យប្រាសចាកពីប្រធានបទ។
- ដោះស្រាយវិវាទឬការរាំងស្ទះដល់របៀបវារៈរបស់ក្រុម។
- ជួយឲ្យអ្នកចូលរួមស្តាប់ឮ និងកាន់តែយល់គ្នាទៅវិញទៅមក។
អ្នកសម្របសម្រួលត្រូវយល់ពីរបៀបដែលភាពខុសគ្នាខាងអំណាច អាចកើតមានក្នុងក្រុម។ គាត់គួរកត់សម្គាល់ពេលណាដែលអ្នកចូលរួមមិនបានគោរពតាមការព្រមព្រៀងអំពីឥរិយាបទក្រុមដែលសមាជិកបានធ្វើឡើង។
ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនពីអ្នកអប់រំល្បីៗអំពីការដឹកនាំកិច្ចពិភាក្សាជាក្រុម ៖
ខ្ញុំចង់ឲ្យអ្នកចូលរួមទាំងអស់យល់ពីអ្វីដែលកំពុងកើតមានឡើង ដូច្នេះខ្ញុំប្រើភាសាសាមញ្ញៗ និងពន្យល់ពីមូលហេតុដែលខ្ញុំកំពុងធ្វើអ្វីមួយ។ |
ខ្ញុំលើកទឹកចិត្តឲ្យក្រុមគិតអំពីដំណោះស្រាយដោយរំលឹកពួកគេអំពីគំនិតដែលពួកគេបានលើកឡើងនៅពេញមួយកិច្ចប្រជុំ។ |
ជំនួសឲ្យការកែតម្រូវពួកគេ ឬនិយាយតែពីគំនិតរបស់ខ្ញុំ ខ្ញុំបាននិយាយឡើងវិញនូវអ្វីដែលពួកគេនិយាយ ហើយក៏សួរថា “ហេតុអ្វីបានជាអ្នកជឿយ៉ាងដូច្នោះ?” ឬក៏ “តើអ្នកអាចពន្យល់បន្ថែមបានដែរឬទេ?” ដើម្បីបង្ហាញថាខ្ញុំផ្តល់តម្លៃដល់អ្វីដែលពួកគេចង់និយាយ។ |
ការឃ្លាំមើលភាសាកាយវិការបស់អ្នកចូលរួម អាចឲ្យខ្ញុំដឹងអំពីតម្រូវការរបស់ក្រុម។ ប្រសិនបើអ្នកចូលរួមមើលទៅអ្នកផ្សេងជ្រួញចិញ្ចើម ឬងងុយគេង ខ្ញុំស្នើឲ្យក្រុមប្រាប់ខ្ញុំពីអារម្មណ៍របស់ពួកគេ ឬថាតើពួកគេកំពុងមានបញ្ហាអ្វី។ បន្ទាប់មក យើងទាំងអស់គ្នាអាចជជែកអំពីអ្វីដែលត្រូវធ្វើ។ |
ប្រសិនបើអ្នកមិនដឹងពីចម្លើយចំពោះសំណួរណាមួយទេ នោះគឺគ្មានបញ្ហាអ្វីចោទទេ! ចូរប្រាប់ពួកគេថាអ្នកនឹងព្យាយាមស្វែងរកចម្លើយនៅក្នុងអំឡុងពេលសម្រាក ឬនៅពេលក្រោយ ឬក៏អ្នកអាចអញ្ជើញនរណាម្នាក់ដែលដឹងពីព័ត៌មាននោះមកចូលរួមប្រជុំនៅក្នុងកិច្ចប្រជុំបន្ទាប់។ |
មាតិកា
ជំរុញការចូលរួម
ការពិភាក្សាជាក្រុម ដំណើរការល្អបំផុតនៅពេលដែលគ្រប់គ្នាចូលរួមពិភាក្សាដោយពេញលេញ និងស្មើភាពបំផុតតាមដែលអាចធ្វើទៅបាន ទោះបីជាពួកគេជួបការលំបាកក្នុងការចូលរួមពិភាក្សាក៏ដោយ។ អ្នកសម្របសម្រួលដែលល្អ រំលឹកអ្នកចូលរួមថា គំនិតរបស់អ្នកទាំងអស់គ្នាសុទ្ធតែមានតម្លៃ និងគួរតែចែករំលែក មិនថាពួកគេមានឱកាសបានចូលសាលាឬអត់ ឬមានអារម្មណ៍ហាក់ដូចជាពួកគេមានអំណាចតិចជាងអ្នកដទៃទៀតក៏ដោយ។ ការជំរុញការចូលរួមគឺជាតួនាទីដ៏សំខាន់បំផុតមួយរបស់អ្នក ជាពិសេសនៅពេលធ្វើការជាមួយមនុស្សដែលមិនចេះអាន ឬមានអារម្មណ៍មិនស្រួលក្នុងការនិយាយក្នុងក្រុម ឬជាសមាជិកថ្មីនៃក្រុម។
មានវិធីជាច្រើនសម្រាប់ជំរុញការចូលរួមក្នុងក្រុម ដូចជា ៖
រៀបចំកន្លែងអង្គុយប្លែកៗ ដូចបានបង្ហាញនៅក្នុងសកម្មភាពកែវចិញ្ចឹមត្រី។ សម្រាប់ការពិភាក្សាជាក្រុម ចូររៀបចំឲ្យអ្នកចូលរួមអង្គុយទល់មុខគ្នា មិនមែនតែទល់មុខអ្នកនោះទេ ដោយរៀបចំពួកគេឲ្យអង្គុយជារង្វង់ ឬជាជួរទល់មុខគ្នា។
ផ្តល់ពេលវេលាឲ្យអ្នកចូលរួមរៀបចំគំនិតរបស់ពួកគេដោយទុកពេលឲ្យគិតស្ងាត់ៗមុននឹងចាប់ផ្តើមការពិភាក្សាអំពីបញ្ហា ឬសេចក្តីសម្រេចចិត្តសំខាន់ណាមួយ។ នៅពេលពួកគេនិយាយ ពួកគេនឹងត្រៀមខ្លួនបានល្អ និងមានទំនុកចិត្តក្នុងការបញ្ចេញមតិយោបល់របស់ពួកគេ។
បង្កើតក្រុម “បំបែក” ដើម្បីពិភាក្សាពីបញ្ហាជាក្រុមតូចដែលមានគ្នាពីរឬបីនាក់ ដែលបន្ទាប់មកត្រូវរាយការណ៍ត្រឡប់ទៅកាន់ក្រុមធំវិញ។ ជារឿយៗ មនុស្សមានអារម្មណ៍ងាយស្រួលក្នុងការចែករំលែកគំនិតរបស់ក្រុម ជាជាងនិយាយពីគំនិតរបស់ខ្លួនឯងផ្ទាល់។
ការសំដែងសិល្បៈ ការសំដែងរឿង ការធ្វើចលនា និងការចាក់តន្ត្រីនៅក្នុងអំឡុងកិច្ចប្រជុំ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្តល់ថាមពលច្នៃប្រឌិតដល់អ្នកចូលរួម និងទាក់ទាញឲ្យពួកគេនិយាយ។ ទាំងនេះក៏ជាមធ្យោបាយដ៏អស្ចារ្យសម្រាប់ផ្សព្វផ្សាយសារទៅកាន់អ្នកដទៃផងដែរ។ អ្នកអាចបង្កើតជញ្ជាំងផ្ទាំងគំនូរតាមសហគមន៍, ផ្ទាំងផ្សព្វផ្សាយ, ផ្ទាំងផ្សព្វផ្សាយ, វីដេអូ និងការសំដែងរឿង.
អ្នកចូលរួមម្នាក់ៗមានអ្វីមួយសម្រាប់ផ្តល់ដល់កិច្ចប្រជុំ ហើយការអនុញ្ញាតឲ្យពួកគេអនុវត្តតួនាទីផ្សេងៗអាចជួយឲ្យក្រុមកំណត់បានថាតើអ្នកណាពូកែខាងអ្វី។ អ្នកចូលរួមគ្រប់គ្នាអាចប្តូរវេណគ្នាសម្របសម្រួល កត់ត្រាកំណត់ហេតុកិច្ចប្រជុំ រំលឹកគ្នាអំពីកិច្ចប្រជុំបន្ទាប់ រៀបចំម្ហូបអាហារ ឬប្រមូលសម្ភារផ្គត់ផ្គង់។ ចូរប្រើប្រាស់ភាពខ្លាំងរបស់អ្នកចូលរួម និងទទួលស្គាល់ការខិតខំបំពេញការងាររបស់អ្នកចូលរួមគ្រប់រូប មិនថាពួកគេបំពេញកិច្ចការណាមួយល្អក្នុងកម្រិតណាក៏ដោយ។
ដោះស្រាយបញ្ហាដែលកើតឡើងក្នុងអំឡុងកិច្ចប្រជុំ
ទោះបីជាបានរៀបចំផែនការល្អបំផុតក៏ដោយ ក៏បញ្ហាអាចនឹងកើតឡើងដោយមិនរំពឹងទុកជាមុនដែរ ដែលបង្កការរាំងស្ទះដល់កិច្ចប្រជុំ។ អ្នកចូលរួមអាចនឹងបញ្ចេញអាកប្បកិរិយាដែលបង្កជាបញ្ហាប្រឈមសម្រាប់អ្នកសម្របសម្រួល ឬសម្រាប់អ្នកចូលរួមដទៃទៀត។ ប្រធានបទមួយចំនួនអាចនឹងញ៉ាំងឲ្យអ្នកចូលរួមមានអារម្មណ៍មិនល្អ ឬបង្កជម្លោះក្នុងក្រុមបាន។
នៅពេលនរណាម្នាក់បង្ហាញភាពសោកសៅក្នុងអំឡុងកិច្ចប្រជុំ ចូរបង្ហាញសមានចិត្ត ការគោរព និងផ្តល់ជំនួយដល់គាត់។ អ្នកខ្លះអាចនឹងបញ្ចេញប្រតិកម្ម ឬភាពសោកសៅដោយសារតែបញ្ហាដែលគាត់កំពុងជួបនាពេលបច្ចុប្បន្ន ឬបញ្ហាអ្វីមួយដែលបង្កភាពឈឺចាប់កាលពីអតីតកាល។ ឧទាហរណ៍ ប្រសិនបើអ្នកណាម្នាក់បានរងគ្រោះពីហិង្សាប្រព្រឹត្តិដោយប៉ូលីស នោះកិច្ចពិភាក្សាអំពីហិង្សាក្នុងសហគមន៍អាចនឹងបង្កឲ្យគាត់មានអារម្មណ៍ភ័យខ្លាចឬខឹងសម្បា។ គាត់អាចនឹងចង់ពន្យល់ពីមូលហេតុដែលគាត់សោកសៅ និងចង់ឲ្យក្រុមបានដឹងពីអារម្មណ៍របស់គាត់។ ចូរអនុញ្ញាតឲ្យគាត់និយាយប៉ុន្មាននាទី។ អ្នកអាចស្នើសុំនិយាយជាមួយគាត់ជាលក្ខណៈឯកជនក្រោយចប់កិច្ចប្រជុំ ហើយបន្ទាប់មក ប្រសិនបើចាំបាច់អ្នកអាចបញ្ជូនគាត់ទៅជួបនរណាម្នាក់ដែលអាចផ្តល់ជំនួយជាបន្តបន្ទាប់ដល់គាត់។
នៅពេលមាននរណាម្នាក់ក្នុងក្រុមនិយាយច្រើនពេក វាអាចធ្វើឲ្យអ្នកដទៃមិនអាចចែករំលែកគំនិតរបស់ខ្លួនបាន។ ប្រសិនបើអ្នកយល់ថាការនិយាយច្រើនរបស់បុគ្គលម្នាក់កំពុងបង្អាក់អ្នកដទៃមិនឲ្យនិយាយបាន អ្នកអាចស្នើឲ្យបុគ្គលរូបនោះគោរពពេលវេលាកំណត់ ឬពន្យល់ថាអ្នកដទៃត្រូវការឱកាសនិយាយដែរ។
ធ្វើការដោះស្រាយពេលមានជម្លោះ
ជួនកាលមាននរណាម្នាក់ក្នុងក្រុមអាចនឹងបញ្ចេញប្រតិកម្មខឹងសម្បា ឬមិនគោរពដល់អ្នកដទៃ ឬនិយាយអ្វីមួយដែលធ្វើឲ្យអ្នកដទៃអន់ចិត្ត ដូចជានិយាយអ្វីមួយដែលប៉ះពាល់ដល់សុខភាពនិងសិទ្ធិស្ត្រី។ ការជួយក្រុមឲ្យដោះស្រាយជម្លោះប្រភេទទាំងនេះ អាចជាការពិបាក ប៉ុន្តែវាក៏ចាំបាច់ផងដែរក្នុងការជួយឲ្យក្រុមដំណើរការបានល្អ និងសម្រេចនូវគោលបំណងក្រុម។
នៅពេលមាននរណាម្នាក់និយាយអ្វីមួយដែលខ្វះការគោរពឬចាប់ផ្តើមដេញដោលជាមួយនរណាម្នាក់ ក្នុងនាមអ្នកសម្របសម្រួលអ្នកត្រូវតែព្យាយាមរក្សាភាពស្ងៀមស្ងាត់ និងរក្សាទឹកមុខនិងកាយវិកាអព្យាក្រឹត្យ។ សង្កេតមើលអ្នកដទៃក្នុងក្រុម ដើម្បីដឹងពីរបៀបដែលពួកគេកំពុងឆ្លើយតបនឹងស្ថានភាពនេះ។ ប្រសិនបើពួកគេមិនមើលទៅអន់ចិត្ត ឬគ្មានប្រតិកម្មអ្វីទេ នោះអ្នកអាចអនុញ្ញាតឲ្យបញ្ហានេះបន្តទៅមុខ ជាពិសេសប្រសិនបើវាមិនពាក់ព័ន្ធនឹងប្រធានបទដែលកំពុងពិភាក្សានោះទេ។
ប្រសិនបើអ្នកចូលរួមដទៃទៀតមើលទៅដូចជាមិនសប្បាយចិត្ត អ្នកត្រូវស្វែងយល់ពីប្រធានបទនោះ មុននឹងបន្តទៅរបៀបវារៈបន្ទាប់។ អ្នកអាចស្នើឲ្យបុគ្គលដែលលើកឡើងនោះ ធ្វើការបកស្រាយដោយសួរថា “តើអ្នកជួបរឿងអ្វីបានជាអ្នកនិយាយយ៉ាងដូច្នេះ?” ចូរព្យាយាមស្វែងយល់ពីមូលហេតុដែលនាំឲ្យបុគ្គលរូបនោះមានគំនិតដូច្នោះ។ ថាឡើងវិញនូវអ្វីដែលគាត់បាននិយាយដើម្បីបង្ហាញថាអ្នកកំពុងស្តាប់គាត់។ ជារឿយៗនៅពេលមនុស្សម្នាក់ខឹង អ្នកអាចរំងាប់កំហឹងរបស់គាត់ដោយបង្ហាញថាអ្នកបានយល់ពីអ្វីដែលគាត់លើកឡើង។ ប្រសិនបើគាត់មិនស្ងប់ចិត្តក្រោយពីអ្នកបានធ្វើដូច្នេះ អ្នកអាចស្នើឲ្យគាត់ផ្តល់ឱកាសឲ្យអ្នកដទៃបាននិយាយតាមវេណរបស់ពួកគេផង។
នៅពេលដែលគាត់ស្ងប់អារម្មណ៍ហើយ ចូរស្វែងយល់ពីគំនិតរបស់អ្នកចូលរួមដទៃដោយសួរថា “តើមានអ្នកណាចង់ចូលរួមយោបល់អំពីបញ្ហានេះដែរឬទេ? ទោះបីជាមានអារម្មណ៍ដូចជាពិបាកក៏ដោយ អ្នកមិនត្រូវបង្ហាញគំនិតផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងអំឡុងពេលនេះឡើយ។
បន្ទាប់ពីបានពិភាក្សាពីបញ្ហានោះប៉ុន្មាននាទីមក ចូរសួរអ្នកចូលរួមថាតើពួកគេចង់បន្តទៅប្រធានបទបន្ទាប់ដែរឬអត់ ដោយរំលឹកពួកគេអំពីរបៀបវារៈ និងកាលវិភាគដែលបានព្រមព្រៀងគ្នារួច។ ផ្តល់ពេលវេលាបន្ថែមដល់ក្រុមដើម្បីជជែកអំពីបញ្ហានោះ ប្រសិនបើចាំបាច់ ហើយឲ្យក្រុមដឹងថា ពួកគេក៏អាចជជែកបន្តក្រោយចប់កិច្ចប្រជុំ ឬបញ្ចូលបញ្ហានោះទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំខាងមុខ។
ជួលកាល នៅក្នុងកិច្ចប្រជុំមានអ្នកដែលចូលចិត្តបង្កបញ្ហា ឬធ្វើឲ្យអ្នកដទៃអន់ចិត្ត។ ប្រសិនបើក្រុមរបស់អ្នកមានគោលការណ៍អំពីការចូលរួមប្រជុំ អ្នកអាចនិយាយថា បុគ្គលរូបនោះកំពុងបំពានលើការព្រមព្រៀងរបស់ក្រុម។ អ្នកក៏អាចប្រើប្រាស់អំណាចដាច់ខាតផងដែរ។ អ្នកអាចនិយាយថា អ្នកចូលរួមដទៃហាក់ដូចជាកំពុងអន់ចិត្ត ហើយថា ក្នុងនាមជាអ្នកសម្របសម្រួល អ្នកយល់ថា ជាការប្រសើរគួរបន្តការសន្ទនានេះនៅក្រោយកិច្ចប្រជុំចប់។
នៅពេលដែលមានជម្លោះ ឬការមិនឯកភាពគ្នាធំដុំណាមួយកើតឡើងក្នុងក្រុម អ្នកប្រហែលជាពិបាកដោះស្រាយបញ្ហានោះនៅក្នុងកិច្ចប្រជុំតែមួយលើក។ ប្រសិនបើចាំបាច់ ត្រូវពិភាក្សាបន្ថែម ឬប្រសិនបើមានរបៀបវារៈគ្រោងទុកណាមួយមិនទាន់លើកមកជជែកនៅឡើយដោយសារតែការពិភាក្សាដទៃទៀតអូសបន្លាយពេលយូរជាងការគ្រោងទុក ចូរបិទបញ្ជីប្រធានបទទាំងនោះនៅលើជញ្ជាំង ដើម្បីឲ្យគ្រប់គ្នាដឹងថានឹងមានឱកាសសម្រាប់ពិភាក្សាពីប្រធានបទទាំងនោះនៅពេលខាងមុខ។ ការធ្វើដូច្នេះអាចជួយឲ្យអ្នកសម្រេចបាននូវគោលដៅនៃកិច្ចប្រជុំបច្ចុប្បន្នរបស់អ្នក ប៉ុន្តែនៅតែយកចិត្តទុកដាល់លើកង្វល់សំខាន់ៗដែលកើតមានឡើង។
នៅក្នុងកិច្ចប្រជុំបន្ទាប់របស់អ្នក អ្នកអាចនឹងចង់លើកឡើងពីជម្លោះដែលបានកើតឡើង និងសួរថា តើមានអ្នកណាមានទស្សនៈ គំនិត ឬប្រតិកម្មថ្មីៗចំពោះអ្វីដែលបានលើកឡើងនោះទេ។ ការណ៍នេះអាចជួយឲ្យអ្នកចូលរួមរំសាយអារម្មណ៍មិនល្អ ឬធូរចិត្ត ដែលពួកគេអាចនៅមានដោយសារតែជម្លោះនោះនិងជួយឲ្យក្រុម “បិទបញ្ចប់” អារម្មណ៍អាក្រក់ៗជាស្ថាពរ។
ធ្វើការដើម្បីជួយឲ្យអ្នកចូលរួមទាំងអស់មានអារម្មណ៍ថាខ្លួនមានអំណាច
ការធ្វើការងារដើម្បីបម្លាស់ប្តូរសង្គម ជារឿយៗមានន័យស្មើនឹងការប្រមូលផ្តុំមនុស្សមកជួបជុំគ្នាក្នុងចំណោមនោះមានអ្នកខ្លះមានស្ថានភាព ឬឋានៈខ្ពង់ខ្ពស់ជាងអ្នកខ្លះទៀត។ ក្រុមមួយអាចនឹងប្រឈមចំពោះបញ្ហាច្រើនដែលពួកគេកំពុងព្យាយាមផ្លាស់ប្តូរនៅក្នុងពិភពលោកនៅក្នុងការទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក។ នៅពេលធ្វើការជាមួយក្រុមដែលមានសមាសភាពចម្រុះដូចជាធ្វើការជាមួយបុរសនិងស្ត្រីឬជាមួយក្មេងនិងមនុស្សធំ នោះបុរសឬមនុស្សធំទាំងនោះដែលជាប្រពៃណី ពួកគេមានអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តខ្លាំងជាង អាចនឹងនិយាយច្រើនទាំងមិនដឹងខ្លួន។ មនុស្សអាចនឹងមានអារម្មណ៍ភ័យខ្លាចឬខ្មាសអៀសក្នុងការនិយាយនៅពេលដែលពួកគេមានអារម្មណ៍ថាខ្លួនក្មេងជាងគេ កម្រិតអប់រំទាបជាងគេ និងមានអំណាចតិចជាងគេ។
វិធីមួយដើម្បីដោះស្រាយបញ្ហានេះគឺបំបែកពួកគេជាក្រុមតូចៗ ដូចជាបែងចែកឲ្យក្មេងជំទង់ស្ថិតក្នុងក្រុមតូចមួយ ហើយមនុស្សធំស្ថិតនៅក្នុងក្រុមតូចមួយផ្សេងទៀត ដើម្បីពិភាក្សាដាច់ដោយឡែកពីគ្នា ហើយបន្ទាប់មក ឲ្យពួកគេបញ្ចូលគ្នាជាក្រុមធំដើម្បីចែករំលែកនូវមតិយោបល់ដែលពួកគេទទួលបានពីការពិភាក្សាដាច់ដោយឡែកទាំងនេះ។ តំណាងម្នាក់អាចសង្ខេបការពិភាក្សានោះ និងបង្ហាញសេចក្តីសម្រេចចិត្តរបស់ក្រុមនីមួយ។
ដើម្បីកសាងក្រុមមួយឲ្យកាន់តែខ្លាំងដែលអាចធ្វើការជាមួយគ្នាបានល្អ ជាការសំខាន់ផងដែរដែលអ្នកចូលរួមគួរស្វែងយល់ឲ្យបានច្រើនអំពីកម្រិតខុសៗគ្នានៃអំណាច និងបុព្វសិទ្ធិដែលមាននៅក្នុងក្រុម។ សកម្មភាព “ការរៀបចំឲ្យមានតុល្យភាពអំណាច” និងសាលរូបភាព គឺជាមធ្យោបាយដែលជួយឲ្យក្រុមគិត និងពិភាក្សាអំពីថាមវន្តនៃអំណាច។ សំណួរពិភាក្សាអាចជួយឲ្យអ្នកចូលរួមគិតគូរអំពីភាពខុសគ្នានៃអំណាចក្នុងក្រុម និងរបៀបដែលវាអាចជះឥទ្ធិពលទៅលើបទពិសោធន៍របស់បុគ្គលម្នាក់ៗ និងភាពងាយស្រួលរបស់ពួកគេក្នុងការចូលរួមជាមួយសកម្មភាពក្រុម។ ជាឧទាហរណ៍ អ្នកអាចនឹងសួរថា ៖
- តើក្នុងក្រុមយើងមានភាពខុសគ្នាយ៉ាងណាខ្លះ បើនិយាយពីអាយុ ភេទ ពណ៌សម្បុរស្បែក និងលទ្ធភាពផ្នែកធនធាន ដូចជាកម្រិតវប្បធម៌ ប្រាក់កាស និងអំណាច?
- តើភាពខុសគ្នាទាំងនេះអាចនឹងប៉ះពាល់ដល់ការពិភាក្សា និងការធ្វើការងារជាមួយគ្នាយ៉ាងដូចម្តេច?
- តើយើងអាចធ្វើអ្វីបានខ្លះដើម្បីធានាថា គ្រប់គ្នាមានសិទ្ធិបញ្ចេញយោបល់ និងធានាថា យោបល់របស់យើងគ្រប់គ្នាសុទ្ធតែមានតម្លៃ?
តាមរយៈការប្រើប្រាស់វិធីសាស្ត្រសម្របសម្រួលដែលជំរុញឲ្យសមាជិកគ្រប់រូបចូលរួមសកម្មភាពប្រកបដោយអត្ថន័យ អ្នកដឹកនាំកិច្ចប្រជុំអាចជួយឲ្យក្រុមជម្នះបានលើភាពខុសៗគ្នាដែលមានក្នុងចំណោមអ្នកចូលរួម និងជួយធ្វើឲ្យការសម្រេចចិត្តបានល្អប្រសើរ។